ភរិយាអេតាស៊ីវិល - ភាគ៥៨+៥៩
ក្រលេកមកកាន់ ស៊ូយ៉ុង , នាងដើរចូលក្នុងសណ្ឋាគារដល់បន្ទប់ទទួលក៏ប្រទះនឹងក្មេងៗរត់លេងដេញគ្នាពេញហ្នឹង ចំណែកម៉ាក់ៗរបស់ពួកគេកំពុងអង្គុយជជែកគ្នាលេងលើសាឡុង ក្រោមពន្លឺភ្លើងនាពេលរាត្រី
“ក្មេងៗ មិនទាន់ចូលគេងទៀតឬ?” ស៊ូយ៉ុង ដើរទៅសួរក្មេងៗតាមទម្លាប់ចូលចិត្តក្មេង ទាំងក្មេងប្រុសក្មេងស្រី
“មីងជាប្រពន្ធពូហ្គុកឬ? ខ្ញុំចាំបាន” ជីនហ៊ីយ៉ុង ដែលជាកូនស្រីរបស់ ស៊ុកជីន និង ជេយ៉ុង បញ្ឈប់ការលេងសប្បាយជាមួយក្មេងឯទៀតបណ្តោះអាសន្នសិន ងាកទៅនិយាយជាមួយអ្នកមីងស្អាត
“មីងស៊ូ..?! មីងស៊ូ..?! មកលេងជាមួយពួកយើងមក” រកតែ ស៊ូយ៉ុង ឆ្លើយមិនបាន ជីម៉ូន ក៏ដើរទៅចាប់អូសដៃអ្នកមីងឱ្យរត់លេងជាមួយកូនភ្លោះស្រីប្រុសពីរនាក់ទៀតដែលជាកូនរបស់ យ៉ុនហ្គី និង ជូយ៉ុង គឺ អូនម៉ាល៍ និង អូនមេល៍ នោះអី។
“មីងត្រូវលេងដែរឬ?” ស៊ូយ៉ុង សួរបញ្ជាក់
“ត្រូវហើយ ឆាប់ដេញចាប់ពួកយើងមក” ក្មេងៗឆ្លើយឡើងស្រុះគ្នា ធ្វើឱ្យ ស៊ូយ៉ុង ប្រកែកលែងបាន
“មីងដេញចាប់ហើយណា៎ កុំឱ្យមីងចាប់បាន បើមីងចាប់បាន មីងនឹងចាប់ថើបគ្រប់ៗគ្នាមិនខាន” និយាយរួច ស៊ូយ៉ុង ក៏ចាប់ផ្តើមប្រតិបត្តិការ រត់គេងក្មេងៗជុំវិញសាឡុង ក្មេងៗរត់ចុះឡើងលើសាឡុង គេចពីការចាប់របស់នាង
“ដេញមក ហិហិ”
“រត់តាមពួកយើងមិនទាន់ទេ ហិហិ” ក្មេងៗរត់លេងសប្បាយនិងកាន់តែសើចសប្បាយ កាលបើអ្នកមីងដេញចាប់ខ្លួនមិនបាន
“យេ! ចាប់បានអូនជី...មួយហើយ ថើបសិនៗ សឺតៗ..” រត់មិនប៉ុន្មានជុំ ស៊ូយ៉ុង ស្រាប់តែដេញចាប់ ជីម៉ូន បាន រួចបង្ទន់ជង្គង់ចុះ មុននឹងលើកដៃទាំងគូក្តោបមុខក្មេងតូចថើបញីញក់តាមភាពក្នក់ក្នាញ់ ធ្វើឲ្យ ជីម៉ូន សើចរលាក់តាមភាពរីករាយ
“ថើប មេល៍ ដែរមក មេល៍ ច្រណែន” អូនរត់ទៅចូលរង្វង់ដៃអ្នកមីង ទាមទារការថើប ភ្លាមនោះ ស៊ូយ៉ុង ក៏ថើបក្មេងតូចថ្នមៗបញ្ជក់ក្តីស្រឡាញ់ចំពោះក្មេងៗ
“ថើបអូនដែរមក” ក្មេងស្រីពីរនាក់ទៀតរហ័សរត់ទៅរក ស៊ូយ៉ុង ទាមទារការឱបថើប
“សឺតៗ ថ្ពាល់ក្រមុំៗក្រអូបណាស់នៀក៎” ស៊ូយ៉ុង ថើបក្មេងស្រីៗរួចក៏សរសើរ ទាំងញោចស្នាមញញឹមស្រទន់ៗ
“ហិហិ ម៉ាមីជូ..លាបម្សៅក្រអូបឱ្យ” ម៉ាល៍ សើចតិចៗលិបភ្នែក
“ចុះ ជីនហ៊ីយ៉ុង វិញ?”
“ប៉ាជីនលាបម្សៅឱ្យ” ជីនហ៊ីយ៉ុង ឆ្លើយត្រង់ៗ ព្រោះធម្មតាមិនសូវត្រូវរ៉ូវជាមួយអ្នកម៉ាក់ទេ
“ចុះម៉ាក់?”
“ស្រីកន្ធាត់ម្នាក់ហ្នឹងមិនដែលត្រូវជាមួយខ្ញុំទេ” ជីនហ៊ីយ៉ុង និយាយបណ្តើរងាកទៅមើលមុខអ្នកម៉ាក់បង្កើតបណ្តើរ
“ជីនហ៊ី និយាយអីបែបនេះ? ក្មេងល្អ មិនហៅម៉ាក់បែបហ្នឹងទេ បើអ្នកផ្សេងឮគេនឹងគិតថាក្មួយគ្មានពូជមិនខានទេ” ស៊ូយ៉ុង តាំងចិត្តនិយាយល្អៗប្រៀនប្រដៅដល់ក្មួយស្រី
“ហេតុអីទៅអ្នកមីង?”
“បែបនោះគឺមិនល្អទេ អ្នកដទៃនឹងមិនចូលចិត្តក្មួយទេ ពួកគេប្រាកដជាមិនលេងជាមួយក្មួយឡើយ” ស៊ូយ៉ុង បញ្ជាក់មួយៗឱ្យក្មេងតូចបានយល់បន្តិច
“មែនហើយ មេល៍ គោរពម៉ាមីជូ.. ដេតឌីយ៉ុន និងបងម៉េល៍ណាស់ ព្រោះមេល៍ជាក្មេងល្អ” មេល៍ បន្ថែមប្រយោគ ធ្វើឱ្យ ជីនហ៊ីយ៉ុង ងក់ក្បាលយល់សម្ដី
“ជី ក៏ដូចគ្នា” ជីម៉ូន ក៏បន្ទរម្នាក់ទៀត
“ពួកយើងរត់លេងទៀតទៅ” ម៉ាល៍ នាំមិត្តៗទៅរត់លេងជាមួយគ្នាតាមទម្លាប់ក្មេងៗ
កាលបើក្មេងៗរត់លេងអស់ ស៊ូយ៉ុង ក៏ដើរតម្រង់ទៅដាក់បង្គុយលើសាឡុងក្បែរអ្នកបងថ្លៃក៏ដូចជាមិត្ត
“មើលទៅដូចចូលចិត្តក្មេងដល់ហើយ កាលណាយកកូន?” ជេយ៉ុង សួរឡើង កាលបើឃើញប្អូនថ្លៃដើរមកអង្គុយក្បែរ
“គឺមិនទាន់មានហ្នឹងណា” ស៊ូយ៉ុង ឆ្លើយទាងញញឹមមិនសូវសម
“មិនមែនមិនស្រឡាញ់ប្ដី អត់ចង់យកកូនណាអ្ហី?” ម៉ូនយ៉ុង តាមទាន់ជាន់កែងមិត្ត ព្រោះតែងតែឮថាមិនស្រឡាញ់ៗ
“មិនស្រឡាញ់ រៀបការជាមួយគ្នាបានយ៉ាងម៉េច?” ជូយ៉ុង សួរឡើង
“គឺ.. ទំនាក់ទំនងពួកខ្ញុំយ៉ាប់ណាស់” ស៊ូយ៉ុង ស្ទាក់ស្ទើនឹងសារភាពត្រង់ៗ
“យ៉ាប់យ៉ាងម៉េច? មកពីប្ដីឬមកពីឯង?” ជូយ៉ុង បន្ដសួរ
“គឺ..”
“និយាយមក កុំនៅអេះអុញ” ជេយ៉ុង ម្នាក់ទៀតបន្ទរឡើង កាលបើ ស៊ូយ៉ុង នៅស្ទាក់ស្ទើរ
“ពួកបងជម្រិតសួរខ្ញុំមែនទេ? ខ្ញុំនិយាយមិនចេញទេ”
“បង?! ឯងហៅយើងបងឬ? យើងថារាប់គ្នាជា Best friend តែម្តងទៅ” ជេយ៉ុង ស្រដីឡើង
“អ្ហឹម..មែនតើ អាយុពួកយើងលើសខ្វះគ្នា១ឬ២ឆ្នាំហ្នឹង” ម៉ូនយ៉ុង យល់ស្រប
“ខ្ញុំយល់ស្រប” ជូយ៉ុង ក៏សម្រេចតាម
“អ្ហ៎”
“អ្ហឹម..ពេលនេះពួកយើងជាមិត្តល្អហើយ ឆាប់និយាយរឿងឯងឱ្យពួកយើងស្ដាប់ភ្លាមមក”
“ខ្ញុំមិនដឹងថាផ្ដើមនិយាយពីពេលណាទេ”
“តាប៉ែដាក់ដូងណាស់ យើងថាដាក់ស្រាទើបនិយាយចេញ ចាំបន្ដិច ខលហៅបុគ្គលិកសណ្ឋាគារសិន” និយាយរួច ជេយ៉ុង ក៏ចុចតេរហៅបុគ្គលិកសណ្ឋាគារ បន្តិចក្រោយមកស្រានិងសាច់ក្លែមក៏បានមកដល់ទីនេះ
“ផឹកមែនឬ? ចុះក្មេងៗបានអ្នកណាមើល?” ស៊ូយ៉ុង ស្ទាក់ស្ទើ
“អីយ៉ាកុំបារម្ភ! ជល់មួយមិត្តភាពយូរអង្វែង”
ទីង!
សម្លេងជល់កែវរបស់ស្រីៗទាំង៤នាក់លាន់ឮឡើងកណ្ដាលរាត្រី ម្នាក់ៗលើកដាច់ៗ
“ម៉ោះ លើកដាច់សាច់ស្អាត” ពួកគេបន្តផឹកជល់ៗ និយាយរឿងក្នុងចិត្តបណ្តើររហូតដល់ស្រវឹងរៀងៗខ្លួនដាក់ស្រាទៅមុខលែងរួច លើកលែងតែ ជូយ៉ុង ដែលពូកែផឹក ផឹកមិនចេះស្រវឹង ទើបចាប់ទាញទូរស័ព្ទហៅប្តីរបស់មិត្តឲ្យយកប្រពន្ធចូលបន្ទប់សម្រាក
“ជូ?! នេះពួកគេស្រវឹងអស់ហើយឬ?” យ៉ុនហ្គី ដើរមកដល់ឃើញម្នាក់ៗស្រវឹងឡើងទន់ខ្លួនទើបសួរប្រពន្ធបញ្ជាក់
“ចាស៎ បងឯងយកកូនទៅគេងមុនទៅណា ចាំអូនទៅតាមក្រោយ”
“អូខេ”
“ជេយ៍?! ហេតុអីផឹកដល់ថ្នាក់នេះ?” មិនប៉ុន្មាននាទី ស៊ុកជីន ក៏បានមកដល់ ចាប់លើកគ្រាហ៍ប្រពន្ធឱ្យក្រោកចេញពីសាឡុងទាំងលំបាកលំបិន
“តាប៉ិជីន! មើលកូន យកកូនទៅដេក អូននៅផឹកបន្ត” ជេយ៉ុង ស្រែកឡូឡា តាមបែបអ្នកស្រវឹង
“កូននៅទីនេះម៉ាក់” ជីនហ៊ីយ៉ុង បំបែកគ្នារត់មកក្បែរអ្នកម៉ាក់
“ហឺសៗ ថ្ងៃនេះហៅយើងម៉ាក់ផងឬស្រីជើងល្អ”
“មីងស៊ូ..ប្រាប់ឱ្យកូនធ្វើក្មេងល្អ”
“ល្អៗ ទៅគេង គ្រួសាររីករាយ ថើបមួយកូនសម្លាញ់ សឺត”
“ស្អុយស្រាណាស់ម៉ាក់”
“បងជីន អូនថើបមួយ” ជេយ៉ុង ធ្វើមាត់ស្រួច បម្រុងនឹងថើបប្តី តែប្ដីងាកមុខចេញ
“មិនបាច់ថើបទេ ដើរឱ្យត្រង់ខ្លួនទៅ” ស៊ុកជីន បន្តគ្រាហ៍ប្រពន្ធ នាំកូនដើរចេញទៅ ដើម្បីសម្រាក
“លួចមានស្រីឬតាប៉ិកញ្ចាស់?”
“គ្មានទេ ដើរទៅ កុំនិយាយច្រើនពេក”
បន្ទាប់ពី ស៊ុកជីន នាំប្រពន្ធចេញទៅបាត់មួយ ជីមីន និង ជីម៉ូន ក៏មកដល់ នាំ ម៉ូនយ៉ុង ដែលផឹកស្រវឹងឡើងលែងនិយាយស្ដី ចេញទៅបាត់មួយទៀត នៅសល់តែ ស៊ូយ៉ុង ដែល ជុងហ្គុក មិនទាន់មកយក
“ស៊ូ..?! យ៉ាងម៉េចហើយ?” ជូយ៉ុង លើកដៃកេះអ្នកដែលក្រាបមុខលើសាឡុងតិចៗ
“មាត់ថាស្រឡាញ់យើង ចុះពេលនេះគេនៅឯណា?” ស៊ូយ៉ុង ងើបមុខឡើងស្រែកសួរមិត្តមិត្តបកវិញ
“ចន ជុងហ្គុក?! ខ្ញុំនៅទីនេះ លោកនៅឯណា?” ស៊ូយ៉ុង អង្គុយបិទភ្នែកស្រែកហៅឈ្មោះប្ដី ខណៈដែលរាងសង្ហាដើរមកដល់ឈរនៅចំមុខនាង
“ខ្ញុំទៅបន្ទប់ហើយ តាមសម្រួលចុះ” ជូយ៉ុង ប្រាប់ ជុងហ្គុក រួចក៏ក្រោកដើរចេញទៅបាត់
“មនុស្សកុហក! មកហើយឬ?” ស៊ូយ៉ុង បិទភ្នែកម្ខាង បើកភ្នែកម្ខាង សម្លឹងមើលទៅស្វាមី ស្របពេលដែលគេឈរសម្លឹងមកកាន់នាងដោយក្រសែភ្នែកសោះកក្រោះ
“នែ៎.. នៅឈរធ្វើអី? ឆាប់បីខ្ញុំទៅបន្ទប់ឱ្យលឿនឡើង” ស៊ូយ៉ុង ត្រដាងដៃបំណងឱ្យអ្នកសង្ហាឆាប់លើកបីខ្លួនទៅបន្ទប់ ភ្លាមនោះអ្នកសង្ហាដើរទៅចាប់ត្រកងបីកាយប្រពន្ធចេញពីសាឡុង ដើរយឺតៗចេញពីទីនេះ ទាំងទឹកមុខស្មើធេងដោយមិននិយាយស្ដីមួយម៉ាត់សោះ
“លោកដឹងទេហេតុអីខ្ញុំមិនស្រឡាញ់លោក?” ស៊ូយ៉ុង បើកភ្នែកភ្លឹមៗសម្លឹងមើលសង្ហា រីដៃលើកគោះទ្រូងគេតិចៗឱ្យគេដឹងពីនាង
“មិនបាច់ឆ្លើយទេ ខ្ញុំប្រាប់លោកចុះ គឺមកពីលោក! លោកធ្វើឱ្យខ្ញុំមានអារម្មណ៍ថាគ្មានអ្វីជាភាពពិតប្រាកដ លោកកុហកខ្ញុំ លោកអាត្មានិយម!!” ស៊ូយ៉ុង ស្រែកឮៗ ស្របពេលដែលលើកដៃគោះទ្វារអ្នកសង្ហាជារឿយ ខណៈដែលគេធ្វើខ្លួនដូចដុំថ្មឱ្យនាយវាយ ឱ្យនាងស្ដីថាតាមចិត្ត។
ដើរមិនរំលងប៉ុន្មានបន្ទប់ក៏ដល់បន្ទប់ដែលពួកគេត្រូវគេងជាមួយគ្នា ដៃមាំលូកយកសោរចាក់មុននឹងបើកទ្វារចូលខាងក្នុង រួចទម្លាក់ប្រពន្ធឱ្យគេងលើគ្រែ បន្ទាប់មកដើរទៅបិទទ្វារចាក់គន្លឹះឱ្យត្រឹមត្រូវ រួចទើបដើរទៅទាញភួយដណ្តប់ឱ្យប្រពន្ធ
“ស្អុះណាស់ មិនបាច់ដណ្ដប់ទេ” ស៊ូយ៉ុង បោចភួយបោចខ្នើយរុញទម្លាក់ចេញពីលើគ្រែអស់ រួចសម្ងំបិទភ្នែកគេង។ ជុងហ្គុក ដើរទៅរើសខ្នើយភួយដែលធ្លាក់រាយប៉ាយទាំងនោះដាក់ផ្តុំគ្នានៅលើឥដ្ឋ រួចដាក់ក្បាលគេងលើឥដ្ឋ គេងផ្អៀងខ្លួនសម្លឹងមើលអ្នកដែលគេងលើគ្រែដោយស្ងាត់ស្ងៀម ស្របពេលដែលក្នុងចិត្តកំពុងតែគិតច្រើន។
YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺