ភាគ៣៤: មនុស្សស្រីដំបូង...
ខណៈពេលនេះ អ្នកទាំងពីរក៏បានធ្វើដំណើរមកដល់ទីតាំងដែលខ្លួនចង់មកហើយ ផ្ទះមួយខ្នងដែលធ្វើឡើងពីឈើប្រណិត មើលតែពីខាងក្រៅក៏គួរឲ្យចង់រស់នៅដែរ ចុះទម្រាំតែចូលដល់ខាងក្នុងទៀតនោះ។ ថេយ៉ុង អូសវ៉ាលិសរបស់ខ្លួនឯងនិងនាង យកទៅចូលខាងក្នុង ដោយឡែកនាងដើរតាមពីក្រោយសម្លឹងមើល ផ្ទៃបន្ទប់ គ្រាន់ចូលដល់ឃើញការរៀបចំដាក់សុទ្ធតែរបស់ធ្វើអំពីឈើសឹងតែទាំងអស់តែម្តង។
ថេយ៉ុង បើកទ្វារដើរចូលដល់ក្នុងបន្ទប់គេង នាងដើរតាមពីក្រោយ ក៏បុកក្បាលជាមួយនិងខ្នងរបស់គេឌឹប ទើបគេត្រូវបែរមកមើល ក្មេងដែលរំជើបរំជួលដើរភ្លេចមើលមុខមើលក្រោយ ទាល់តែមកបុកគេដូច្នេះ។
"សុំទោស ខ្ញុំភ្លឹកមើលរបស់របរក្នុងផ្ទះពេកទើបដើរមិនបានមើលលោក សុំទោស" ថេយ៉ុង សម្លឹងមុខដោយឫកពាធម្មតា ទឹកមុខស្មើ មិនដឹងថាជក់មើលអ្វីដល់ម្លឹងនោះទេ គេក៏មិនបានស្តីបន្ទោសអ្វីចំពោះនាងដូចគ្នា គ្រាន់តែសម្លឹងមុខ រួចក៏ឱនបើកវ៉ាលិសយកសម្លៀកបំពាក់ទៅរៀបចំដាក់ក្នុងទូ រ៉ូឃី ចូលទៅជួយគេ ដោយទាញវ៉ាលិសមកក៏រអិលដួលប្រូស ដួលទាំងមនុស្សទៀត ថាមិនចង់និយាយស្តីទេ ប៉ុន្តែនាងរឡាក់រឡើកពិតមែន។
"នាងជើងល្អ! បើថាមិនចង់ធ្វើមិនបាច់ធ្វើ ចេញទៅដើរហើរចុះទឹកសិនទៅ ទុកឲ្យយើងជាអ្នកធ្វើ ឃើញថាចង់លេងទឹកណាស់មិនចឹង? ឆាប់ទៅៗ យើងធ្វើម្នាក់ឯងបានហើយ" រ៉ូឃី សម្លឹងមើលគេដោយនឹកស្មានមិនដល់ព្រោះគេមើលទៅដូចជាចម្លែកខ្លាំងណាស់ ស្ម័គ្រចិត្តជាអ្នកធ្វើដោយដេញនាងឲ្យទៅដើរលេងអ៊ីចឹងមែនទេ នាងរំភើបពេកក៏ក្រោករត់ទៅឱបគេ រួចក៏ថើបមួយខ្សឺត ទើបរត់ចេញពីក្នុងបន្ទប់ យកតែម្តងមិនជួយពិតមែន បើចង់ធ្វើក៏ធ្វើម្នាក់ទៀតចុះ។ ឃើញនាងរហេរហន់គេគ្រវីក្បាលហួសចិត្ត ដោយបន្តរៀបចំសម្លៀកបំពាក់ដាក់ក្នុងទូបន្ត មកទីនេះគឺចង់ស្វែងយល់ពីចិត្តខ្លួនឯងដែលមានចំពោះនាង ព្រមទាំងសាងអនុស្សាវរីយ៍ល្អៗជាមួយគ្នាឲ្យមានខ្លះ បើនៅផ្ទះមានតែរឿងស្មុគស្មាញគេអាចនឹងរករឿងនាងបានគ្រប់ពេលវេលា។
រ៉ូឃី រត់លេងនៅលើឆ្នេរខ្សាច់តែម្នាក់ឯង បង្វិលខ្លួនរេរាំតាមស្នូរសំឡេងទឹករលក នាងសប្បាយចិត្តខ្លាំងណាស់ដែលបានចេញក្រៅផ្ទះមកលេងនៅទីកន្លែងអស់នេះតែពីរនាក់ជាមួយមនុស្សដែលខ្លួនស្រឡាញ់ នាងធ្មេចភ្នែកស្រូបទទួលយកខ្យល់អាកាសបរិសុទ្ធដែលបក់មកកាត់។
សុខៗក៏មានដៃមួយគូលោមកឱបចង្កេះនាង ក្លិនក្រអូបប្រហើររបស់គេសាយភាយចូលច្រមុះនាង គឺដឹងច្បាស់តែម្តងថាម្នាក់នោះគឺជាអ្នកណា។
នាងលើកដៃអង្អែលដៃមួយគូនោះថ្នមៗ រួចក៏បែរមុខមកសម្លឹងគេវិញ ដោយស្នាមញញឹមដែលកំពុងមានក្តីសុខដែលនឹងរត់មករកនាង។
"ចូលចិត្តទីនេះឬអត់?" គេសួរទាំងធ្វើមុខស្មើ បើញញឹមបន្តិចដាក់នាងប្រេះដើមទ្រូងស្លាប់តើមែនទេ ទើបចេះតែធ្វើមុខស្មើអ៊ីចឹងដាក់នាងបែបនេះ។
"ចូលចិត្ត ប៉ុន្តែចូលចិត្តពេលនៅជាមួយលោកតែពីរនាក់ច្រើនជាង" នាងតបវិញ ធ្វើឲ្យបេះដូងគេញាប់ញ័រ លើកម្រាមដៃច្បូតចុងច្រមុះរបស់នាង ទើបទាញនាងមកឱបខ្ទប់មុខនិងដើមទ្រូងរបស់គេ ទទួលយកអារម្មណ៍ថ្មីប្លែកមួយទៀតដែលគេមិនធ្លាប់ដឹងនឹងប្រើវាដាក់នាងឡើយ ប៉ុន្តែក្នុងស្ថានភាពទៅពេលខាងមុខគេនឹងធ្វើវាដាក់នាងឲ្យច្រើនៗ ឲ្យនាងទទួលយកអារម្មណ៍ល្អៗ នឹងត្រៀមខ្លួនធ្វើជាមនុស្សពិសេសរបស់គេរហូតតទៅអស់មួយជីវិត។
នាពេលរាត្រី អ្នកទាំងពីរអង្គុយនៅចំពីមុខផ្ទះដែលរៀបម្ហូបញ៉ាំបាយ នឹងគយគន់មើលទៅទឹករលកនាពេលរាត្រីដែលបក់បោកមកខ្លាំងៗជាងពេលថ្ងៃត្រង់ រ៉ូឃី បកសម្បកបង្គាររួចក៏ហុចចានដែលមានដាក់បង្គារបេះរួចរាល់នោះទៅឲ្យគេ ទាំងដែលគេមិនបានសុំផងនឹង។
"ញ៉ាំទៅ"
"នាងញ៉ាំខ្លួនឯងទៅ យើងមិនញ៉ាំទេ" និយាយរួចក៏លើកចានដែលមានសុទ្ធតែសាច់ក្តាមដាក់ចំពីមុខនាងវិញ នេះប្តូរគ្នាមែនទេ នាងបកបង្គារឲ្យគេ គេវិញបកក្តាមឲ្យនាងញ៉ាំឬ?
"អរគុណចាស៎" នាងយកចានដែលមានសាច់ក្តាមនោះមកញ៉ាំ ដោយញញឹមដាក់គេដូចមនុស្សឆ្កួត ថេយ៉ុង ឱនញ៉ាំអាហាររបស់គេវិញ ទាំងមិនយល់ពីនាង ឡប់ៗចឹងតើមានប្រុសណាយកទេនៀក៎។
បន្ទាប់ពីញ៉ាំបាយរួចរាល់ រៀបចំទុកដាក់មួយស្អាតអស់ហើយ ទើបនាំគ្នាចូលទៅគេង រ៉ូឃី ឡើងលើគ្រែដេកមុនគេ ដោយទាញភួយមកដណ្តប់ត្រឹមទ្រូង នៅជាប់ឆ្នេរសមុទ្រអ៊ីចឹង ខ្យល់បោកបក់រងាខ្លាំងណាស់ នាងបម្រុងនឹងធ្មេចភ្នែកទៅហើយ ប៉ុន្តែគេក៏ឡើងមកលើគ្រែ ដោយចូលក្នុងភួយជាមួយនាង ព្រមទាំងទាញចង្កេះនាងមកឱប ដោយថើបថ្ងាសនាងមួយខ្សឺត។
"រាត្រីសួស្តី" នាងនិយាយទាំងអឹមអៀនដាក់គេ ប៉ុន្តែគេក៏លូកដៃទាញស្រាយខ្សែរ៉ូបរបស់នាងទៅវិញ មិនបាច់ប្រាប់ក៏ដឹងថាចង់ធ្វើស្អី។
"យើងចង់ញ៉ាំបង្អែមលាងមាត់"
"ប្រយ័ត្នលើសជាតិស្ករណា៎" គេគញឹមចុងបបូរមាត់ដាក់នាង ដោយស្រាយខ្សែរ៉ូបនាងរួចអស់ហើយក៏ទាញសម្រាតយករ៉ូបនាងបោះមកខាងក្រោម ទើបឡើងទ្រោបពីលើនាង ដោយទាញភួយយកមកឃ្លុំជិតក្បាលឈឹងតែម្តង។
•••
នាពេលព្រឹកព្រលឹម អាហារពេលព្រឹកក៏រៀបចំរួចរាល់ ដោយគេក៏ចេញពីក្នុងបន្ទប់មក ឃើញនាងកំពុងតែអង្គុយរង់ចាំ ដោយឱនមកថើបនាងមួយខ្សឺតសិនទើបអង្គុយញ៉ាំអាហារពេលព្រឹកជាមួយគ្នា។
ញ៉ាំអាហារពេលព្រឹករួចរាល់ នាងក៏ទៅរត់លេងនៅលើឆ្នេរខ្សាច់ ហើយចុះទឹកលេង ចៃដន្យចួបនឹងអ្នកភូមិដែលនៅទីនេះក៏ទៅជាមួយពួកគេ ដោយអ្នកភូមិនាំចាប់ត្រីនឹងនឹងមឹក យករបស់ស្រួចៗដេញចាក់ត្រី នាងក៏ចូលរួមជាមួយដោយគិតថាវាសប្បាយពិតមែន។ ថេយ៉ុងតាមទៅមើលនាងមួយសន្ទុះទើបត្រលប់មកផ្ទះវិញ បណ្តោយឲ្យនាងលេងតាមតែចិត្តចុះ គេក៏ចង់ឲ្យនាងសប្បាយចិត្តដោយមិនមានការបង្ខិតបង្ខំ។
•••
"លោក លោកហ្អា៎" សំឡេងនាងស្រែកហៅឲ្យគេប្រញាប់ប្រញាល់ចេញពីក្នុងបន្ទប់មកទាំងភ័យស្លន់ស្លោ ចេញមកក៏ចាប់ដៃបង្វិលខ្លួននាងមើល កើតអ្វីឬអត់ទើបស្រែកហៅគេខ្លាំងៗដូច្នេះ។
"កើតអីឬអត់?"
"អត់កើតអីទេ! ប៉ុន្តែខ្ញុំចាប់បានត្រីនឹងមឹកច្រើនណាស់ អ្នកភូមិក៏ឲ្យមកថែមទៀត ឡើងច្រើនតែម្តង សប្បាយខ្លាំងណាស់លោកដឹងឬអត់? ខ្ញុំដេញចាប់មឹកឡើងដួលផ្ងាប់មុខក្នុងទឹកតែម្តង" ស្តាប់នាងរៀបរាប់ហើយធ្វើឲ្យគេស្រងាកចិត្តតែម្តង ខំតែគិតថានាងមានបញ្ហាអីទៅហើយ ប៉ុន្តែអត់នោះទេ គឺនាងសប្បាយលេង រួចក៏មករៀបរាប់ប្រាប់គេឲ្យបានដឹងអ៊ីចឹងទៅ។
"ចំមែន!"
"ហ៊ិហ៊ិ! វាសប្បាយពិតមែន" គេទទួលយករបស់ពីក្នុងដៃនាង ហើយសម្លឹងមើលសម្លៀកបំពាក់ដែលសើមនោះទាំងហួសចិត្ត។
"ហត់ឬអត់?"
"ហត់តិចៗ តែសប្បាយ"
"ទៅងូតទឹកកក់សក់ទៅចឹង" រ៉ូឃី ញញឹមងក់ក្បាលចូលទៅខាងក្នុង ដោយគេក៏យករបស់ដែលនាងចាប់បានទៅទុកនៅក្នុងផ្ទះបាយ ទើបទៅបន្ទប់ដេកវិញ។
ថេយ៉ុង ចូលដល់ក្នុងបន្ទប់ដេក ឃើញសម្លៀកបំពាក់នាងសុទ្ធតែខ្សាច់ររប៉ាត់រប៉ាយពេញមុខបន្ទប់ទឹក ទើបរើសយកមកដាក់ក្នុងកន្រ្តក។ គេដាក់គូទអង្គុយលើសាឡុងទាញទូរស័ព្ទមកមើលរូបភាព មនុស្សស្រីក្នុងរូបទាំងនេះគឺជាសង្សារដែលបានស្លាប់ទៅអស់រយះពេល៥ឆ្នាំហើយ គេក៏នឹកនាងក្នុងអំឡុងពេលចាប់ផ្តើមមានចិត្តស្រឡាញ់រ៉ូឃីដូចគ្នា។
______
