ភាគ៣៧:វាជាកំហុសរបស់នាងដែលស្រឡាញ់គេ

269 12 0
                                    


ភាគ៣៧:វាជាកំហុសរបស់នាងដែលស្រឡាញ់គេ

ទឹកភ្នែកនាងហូរ បេះដូងនាងឈឺ ពេលគេមានមនុស្សដែលស្រឡាញ់មិនមែនជានាង ចុះហេតុអ្វីក៏នាងត្រូវចង់ស្លាប់ដែរនោះ នាងអន់ខ្លាំងម៉្លេះចង់ស្លាប់ព្រោះតែមនុស្សប្រុសដែលមិនឲ្យតម្លៃដល់នាង មិនយល់សូម្បីតែបន្តិចសោះ គិតហើយក៏ភ្ញាក់ខ្លួនមកវិញក៏ដល់ជ្រៅល្មម នាងសម្លឹងមើលខ្លួនឯងដែលត្រូវទឹកលិចដល់ត្រឹមទ្រូង ដោយយំចេញមកខ្លាំងៗក្នុងទឹកសមុទ្រដ៏សែនធំល្វឹងល្វើយមួយនេះ សូម្បីតែបាត់នាងក៏គេមិនខ្វាយខ្វល់មករកផង ចុះហេតុអ្វីក៏នាងត្រូវខ្វល់ពីគេដែរនោះ។ នាងដើរត្រលប់មកមាត់ឆ្នេរវិញដោយខ្លួនសើមជោក រួចក៏ដាក់គូទអង្គុយចុះលើដីខ្សាច់ ទ្រោបមុខមកលើក្បាលជង្គង់យំខ្លាំងៗម្តងទៀត វាឈឺបែបនេះមែនទេ? វាជាស្នេហាតែម្ខាងរបស់នាងដែលមានចំពោះគេ ព្រោះគ្រប់យ៉ាងកើតឡើងពីនាង ព្រោះនាង ដែលងប់ងល់ស្រឡាញ់គេ បណ្តោយឲ្យបេះដូងស្រឡាញ់ មិនខ្វល់ថាត្រូវឈឺចាប់។
"អ្ហឹកៗ! វាឈឺ ឈឺណាស់" នាងយំញ័រខ្លួនទទ្រើកតែម្នាក់ឯងកណ្តោចកណ្តែងលើវាលខ្សាច់ ប្រៀបដូចគ្មានមនុស្សរស់នៅ ម្តេចក៏នាងត្រូវឈឺចាប់តែម្នាក់ឯង ចុះគេវិញ ហេតុអ្វីក៏រីករាយ។
នាងយំអស់ចិត្តហើយ ក៏ក្រោកដើរត្រលប់ទៅផ្ទះវិញ ទាំងបេះដូងឈឺខ្ទោកៗ ពេលចូលដល់ខាងក្នុង សម្លឹងឃើញពួកគេទាំងពីរកំពុងតែផ្អែមល្ហែមជាមួយគ្នា នាងរលីងរលោងទឹកភ្នែកមកម្តងទៀតទាល់តែបាន។
"នាងមកវិញហើយ ហេតុអីក៏ខ្លួនសើមជោកបែបនេះ? មានរឿងអីឬអត់?" រ៉ូរ៉េន សួរមកកាន់នាងដោយបង្ហាញការព្រួយបារម្ភ ព្រោះដឹងតាមថេយ៉ុង ថានាងជាមនុស្សនៅក្នុងផ្ទះរបស់គេ។ ប៉ុន្តែគេវិញឃើញនាងហើយ ក៏ធ្វើមិនដឹង មិនសួរនាំ មិនចង់យកភ្នែក អង្គុយគងអន្ទាក់ខ្លា កៀកកសង្សារយ៉ាងទំនង។
"ខ្ញុំលេងទឹកជាមួយក្មេងៗ" នាងឆ្លើយទាំងឆែតឆតមកវិញ ដូចជាតឹងច្រមុះហើយ ត្រាំទឹកយូរគួរសមដែរ អង្គុយយំក៏ក្រែលក្រាស់ដែរហើយ ទើបសំឡេងក៏ប្តូរ ច្រមុះក៏វាតឹង។
"ឆាប់ទៅងូតទឹកប្តូរសម្លៀកបំពាក់ទៅ ហើយពេលចេញមកវិញយើងញ៉ាំបាយជុំគ្នា"
"ចាស៎" រ៉ូឃី ងក់ក្បាលដាក់នាងរួចក៏បម្រុងដើរចូលទៅក្នុងបន្ទប់ ប៉ុន្តែក៏ត្រូវងាកមុខមកវិញ ពេលឮគេប្រាប់មកកាន់នាងដូច្នេះ។
"រ៉េនមកនៅទីនេះដែរ គេងក្នុងបន្ទប់ជាមួយនាង យើងដេកលើសាឡុង"
"ចាស៎" នាងចេះតែឆ្លើយៗ ឲ្យរួចពីមាត់ នឹងឆាប់បានដើរចេញពីពួកគេ មិនចង់ទ្រាំនៅមើលពួកគេស្អិតល្មួតជាមួយគ្នាឡើយ នាងឈឺចាប់ នាងស្អប់ខ្លួនឯងដែលស្រឡាញ់គេ នាងស្អប់ដែលគេមិនអើពើជាមួយនាង។
•••
ខណៈពេលដែលអង្គុយញ៉ាំបាយទល់មុខគ្នា សាច់ក្តាមបង្គារ ដែលធ្លាប់តែបកសម្បកឲ្យនាង ក៏ត្រូវផ្ទេរឲ្យអ្នកផ្សេង គេបកសម្បកយកសាច់ឲ្យសង្សារគេ នាងអង្គុយទាំងឈឺបេះដូង បាយក៏លេបមិនចូល ពីម្សិលគេនៅល្អជាមួយនាង យកចិត្តទុកដាក់និងគ្នាសោះ ប៉ុន្តែថ្ងៃនេះក៏ផ្លាស់ប្រែ ប្រែដល់ថ្នាក់នាងត្រៀមខ្លួនមិនទាន់ ទទួលយកមិនបាន ទឹកភ្នែកស្រក់ប៉ក់លើគ្រាប់បាយ នាងក្តាបជាយរ៉ូបយ៉ាងណែន ប្រឹងទប់ទឹកភ្នែកមិនឲ្យវាស្រក់ចុះមកទៀត ដោយប្រញាប់ក្រោកចេញពីតុយ៉ាងលឿន។
"នាងទៅណានឹង?" រ៉ូរ៉េន ស្រែកសួរពីក្រោយ ក៏នាងមិនបានឆ្លើយតបឡើយ ថេយ៉ុង ដកដង្ហើមធំសម្លឹងមើលទង្វើរដ៏សែនអសីលធម៌របស់នាង ទាំងទឹកមុខមិនសូវជាល្អប៉ុន្មានឡើយ។
"កុំទៅ​ខ្វល់ពីនាងអី នាងតែងតែបែបហ្នឹង ទាក់ទាញចំណាប់អារម្មណ៍" មិនខ្វល់ហើយ នៅថាឲ្យនាងទៀត ឃើញឬអត់ថាមនុស្សដូចជាគេមិនដែលគិតថានឹងស្រឡាញ់នាងស្មោះត្រង់ឡើយ មើលលែងឃើញនាង លែងបារម្ភពីនាង ស្រវាឱបអ្នកចាស់របស់គេនោះទេ។
"បងទៅតាមមើលនាងបន្តិចទៅ ក្រែងនាងជាមនុស្សក្នុងផ្ទះបងមែនទេ?"
"បងចង់ញ៉ាំបាយ"
"ទៅមើលនាងសិន ហើយចាំមកញ៉ាំបាយវិញ" រ៉ូរ៉េនដេញទាល់តែគេព្រមក្រោកចេញទៅតាមនាង ដោយក្នុងអារម្មណ៍មិនចង់សូម្បីតែឲ្យឃើញមុខនាង។
រ៉ូឃី អន់ចិត្តនឹងទង្វើររបស់គេក៏រត់មកឈរយំនៅមាត់ឆ្នេរ ប្រសិនបើនាងចាកចេញប្រហែលជាល្អ នាងមិនចង់រស់នៅរួមគ្នាជាមួយពួកគេ មិនចង់មើលពួកគេធ្វើបែបនេះដាក់គ្នាឡើយ។
"អ្ហឹកៗ" ថេយ៉ុង ដើរមករកនាង ដោយឱបដៃសម្លឹងនាងយំ គេចំពោះនាងគឺមិនចេះញញឹមឡើយ មានតែធ្វើស្មើតានតឹងដាក់នាង មកដល់ហើយក៏ឱបដៃសម្លឹង ដោយការមិនពេញចិត្ត។
"និស្ស័យរបស់នាងបែបហ្នឹងមែនទេ? ធ្វើស្អីមិនគិតពីអ្នកណាទេ? យើងនិងរ៉េនមានអាយុបងនាង ម្តេចក៏រត់ចេញមកឆ្កុយៗបែបនេះ? គ្មានមារយាទទាល់តែសោះ" ស្តីបន្ទោសឲ្យនាង ប៉ុន្តែមិនខ្វល់ពីចិត្តនាង ក្រែងថានាំនាងមកដើរលេងសប្បាយ ចុះឥឡូវម្តេចក៏ផ្លាស់ប្តូរទៅហើយ។
"ខ្ញុំសុំទោស ខ្ញុំចង់ក្អួតទើបរត់ចេញមក" លេសរបស់នាងបោកគេមិនបានទេ ចង់ក្អួត ប៉ុន្តែពេលគេមកឃើញនាងយំនោះទេ មិនបានឃើញក្អួតឡើយ គេញញឹមហួសចិត្តចំពោះសម្តីកុហកបត់បែនមិនសមគួររបស់នាង។
"យើងប្រាប់នាងឲ្យដឹងណា៎ ហាមយករឿងយើងនិងនាងទៅប្រាប់រ៉េនឲ្យសោះ បើរ៉េនដឹង នាងទក់សាច់របស់យើងមិនខានទេ" គេលើកដៃទៅច្របាច់ចង្កានាងខ្លាំងៗ និយាយគំរាមនាង ខ្លាចដឹងឮដល់សង្សារថាគេនិងនាងត្រូវជាអ្វីនិងគ្នា ចាំបាច់ខ្លាចដឹងធ្វើអី បើគេប្រព្រឹត្តិមិនដែលឈប់ផងនឹង។
"ចាស៎ ខ្ញុំមិនហ៊ានទេ" គេរុញមុខនាងចេញ ដោយដើរត្រលប់ទៅវិញ មិនខ្វល់ថានាងទៅតាមឬក៏អត់ឡើយ អ្នកដែលគេខ្វល់គឺសង្សាររបស់គេតែម្នាក់ប៉ុណ្ណោះ។
•••
នៅក្នុងបន្ទប់តែពីរនាក់ រ៉ូរ៉េនដែលទើបតែចេញពីបន្ទប់ទឹកមក ឃើញរ៉ូឃី បម្រុងនឹងទាញភួយដណ្តប់ដេកទៅហើយនោះ ក៏មកក្បែរសួរនាំនាងពីរឿងរបស់ថេយ៉ុងក្នុងរយះពេលកន្លងមកនេះ។
"រ៉ូឃី នាងនិងថេយ៉ុងស្គាល់គ្នាយូប៉ុណ្ណាហើយ?"
"ទើបតែប្រាំខែទេ" នាងឆ្លើយដោយសម្លឹងមើលរ៉ូរ៉េនមិនដាក់ភ្នែក នាងចង់ប្រាប់ ថានាងច្រណែនដែលបានបុរសម្នាក់នោះនៅក្បែរ ញញឹមដាក់ ប្រឡែងលេង ថ្នាក់ថ្នម និយាយស្តីល្អៗដាក់ ប៉ុន្តែនាងវិញគេមិនធ្វើដាក់ឡើយ។
"ហេតុអីក៏សម្លឹងខ្ញុំបែបនេះ?មុខខ្ញុំប្រឡាក់អី?" រ៉ូរ៉េនសួរដោយរត់ទៅឆ្លុះកញ្ចក់មើល ក្រែងមានប្រឡាក់អីនឹងបានជូតចេញ។
"នាងស្អាតទើបខ្ញុំមើលដូច្នេះ" អ្នកដែលកំពុងតែឆ្លុះកញ្ចក់នោះក៏បែរមកញញឹមដាក់ទាំងហួសចិត្តតែម្តង។
"នាងអាយុប៉ុន្មានហើយ"
"២០ឆ្នាំ"
"អូហ៍!អាយុប្អូនខ្ញុំដល់ទៅប្រាំឆ្នាំ អញ្ចេះទៅ ឯងហៅខ្ញុំថាបងស្រីទៅពិរោះស្តាប់ជាង ណាមួយខ្ញុំក៏ចង់មានប្អូនដែរ" រ៉ូរ៉េនញញឹមបែបមនុស្សគ្មានទុក្ខកង្វល់ដាក់នាង ចុះហេតុអ្វីក៏នាងត្រូវមានទុក្ខកង្វល់តែម្នាក់ឯងដូច្នេះ ព្យាយាមធ្វើអីបើគេមិនខ្វល់ផងនោះ។
"ចាស៎ បងស្រី"
"ឆ្លាតណាស់ តោះគេងបានហើយ" រ៉ូរ៉េនឡើងទៅគ្រែដេក ដោយចុចបិទភ្លើងក្បែរក្បាលដំណេក រ៉ូឃី ដណ្តប់ភួយដេកបែរខ្នងដាក់ នាងសម្រក់ទឹកភ្នែកតក់ៗ វាហូរចុះមកទៀតហើយ ម្តេចក៏តែងតែបែបនេះ។
ក្រឹក! សំឡេងបើកទ្វារបន្លឺមក បណ្តាលឲ្យអ្នកដែលដេកមិនលក់នោះប្រឹងឡើងរឹងខ្លួន។ ថេយ៉ុងចូលមកក្នុងបន្ទប់ដោយដាស់ សង្សារឲ្យចេញពីក្នុងបន្ទប់ នាំចេញមកជាមួយគេ។
ពេលសំឡេងទាញទ្វារបិទ នាងបើកភ្នែកបែរសម្លឹងមកខាងក្រោយខ្នង បាត់រ៉ូរ៉េនហើយ នាងក្រោកអង្គុយបញ្ឈរជង្គង់ យកដៃឈ្លីសក់ក្បាល ដោយចង់ដឹងថាពួកគេចេញទៅថ្មើរនេះទៅធ្វើអ្វី។ ទើបនាងចុះពីលើគ្រែ មកឈរនៅមាត់ទ្វារ បង្ហើបបើកទ្វាតិចៗ ហើយអ្វីដែលនាងបានឃើញ គឺពួកគេទាំងពីរកំពុងតែពពាក់ពពួនគ្នានៅលើសាឡុង ដោយសារបន្ទប់ទទួលភ្ញៀវនេះនេះគឺនៅមុខបន្ទប់ដេកតែម្តង ទើបគ្រាន់តែបើកទ្វារក៏មើលឃើញទៅហើយ។ នាងលើកដៃមកខ្ទប់មាត់ ហូរទឹកភ្នែកឥតល្ហែ រូបភាពរបស់មនុស្សប្រុសដែលនាងស្រឡាញ់ កំពុងតែរង្គើរតាមកម្លាំងអុករបស់អ្នកដែលនៅពីលើ នាងទន់ជង្គង់ចុះ អង្គុយលើឈើរលោងស្រិលនេះ ដោយមានអារម្មណ៍ថាឈឺក្នុងទ្រូងជាខ្លាំង។ អ្នកដែលនៅលើសាឡុង សម្លឹងឃើញមាត់ទ្វារបង្ហើប បន្តិចគេក៏ដឹងភ្លាមថានាងប្រាកដជាបានឃើញទិដ្ឋភាពទាំងអស់នេះ។

_____

រឿង: ព្រោះនាងWhere stories live. Discover now