ភាគ១៥:គ្រប់យ៉ាង ព្រោះនាង តែម្នាក់!
ថេយ៉ុងត្រលប់មកដល់ក្នុងបន្ទប់សម្រាកព្យាបាលរបស់នាងវិញ ដោយគេក៏ប្រញាប់ដោះអាវក្រៅចេញ រួចក៏មកថើបថ្ងាសនាង មិនដឹងថាក្នុងខ្លួនគេនៅពេលនេះកើតអ្វីនោះទេ ទើបបានជានឹកនាងខ្លាំង ចម្លែកឬក៏មកពីនាងសន្លប់ដេកធ្មឹង គ្មានអ្នកឲ្យគេជេរស្តី ទើបគេហាក់បីដូចនៅមិនសុខដូច្នេះ។ ម្រាមដៃរបស់គេដាក់អង្អែលលើពោះនាង រឭកដល់កូនដែលរលូតនោះទៅ ប្រសិនបើនាងដឹងខ្លួនមក ដឹងថាខ្លួនមានកូន ហើយក៏ស្រាប់តែរលូតទៅទាំងមិនទាន់ដឹងថាមានវត្តមានកូនក្នុងពោះផងនោះ នាងនឹងមានអារម្មណ៍យ៉ាងណាទៅ។
នាយដាក់គូទអង្គុយលើកៅអី ក្បែរគ្រែរបស់នាង ដោយទាញដៃនាងមកកាន់ សម្លឹងមើលសភាពស្លេកស្លាំងរបស់នាង ធ្វើឲ្យគេកាន់តែពិបាកចិត្តលើសដើម គេខ្លាចថានាងដេកលែងភ្ញាក់ លែងអើពើជាមួយគេ ទៅចោលគេជារៀងរហូត តើគិតយ៉ាងម៉េច គេទម្លាប់នៅជាមួយនាង ដេកប្រឡែង ឱបថើបគ្នា បេះសឹងមិនចង់ចេញ តើគេអាចធ្វើចិត្តបានទេ បើនាងទៅចោលគេទាំងបែបនេះ ចោលគេត្រឹមរយះពេលខ្លីបាន តែសុំកុំចោលគេអស់មួយជីវិតអី។
"នាងដឹងឬអត់ថាយើងពិបាកទ្រាំខ្លាំងកម្រិតណា! ព្រោះនាង! យើងបានលូកដៃប្រឡូកដើរផ្លូវចាស់វិញ ព្រោះនាង យើងជិតក្លាយជាមនុស្សឆ្កួតហើយ យើងមិនធ្លាប់បែបនេះឡើយ យើងជាមនុស្សចិត្តដាច់ធ្មឹងៗមិនងាយស្រក់ទឹកភ្នែក ប៉ុន្តែពេលនាងនឹងកូនទៅចោលយើង យើងក៏ចេះស្រក់ទឹកភ្នែកព្រោះតែនាង យើងសុខចិត្តដើរលើផ្លូវចាស់មួយនេះ" សម្តីរបស់គេនិយាយមកធ្វើឲ្យក្នុងទ្រូងក៏ចាប់ផ្តើមឈឺខ្ទោកៗទៀតហើយ គេទើបតែដឹងច្បាស់ពីចិត្តខ្លួនឯងនៅខណៈពេលដែរនាងលែងចេះនិយាយស្តី គេពិតជាស្រឡាញ់នាងណាស់ ទោះពេលវេលាខ្លី ក្បែរគ្នាមិនដល់ប្រាំខែផងក៏មានចិត្តលើនាងទៅហើយ គេគិតថាយកនាងត្រឹមការកំដរលើគ្រែមួយពេលៗប៉ុណ្ណោះ ប៉ុន្តែគេជ្រុលចិត្តថែមឲ្យស្រឡាញ់នាងទៀត។ ពេលនេះដឹងហើយថាអត់ពីនាង គ្មានអ្នកណាចាំយកចិត្តទុកដាក់នឹងគេនោះទេ គ្មានអ្នកសួរនាំបាយទឹក ទម្លាប់តែមានគ្នា ទោះឈ្លោះប្រកែកក៏មិនដូចពេលនេះ ពេលនេះគឺស្ងាត់សំឡេងនាងចរចា ស្ងាត់អ្នកហៅថា លោកៗ ស្ងាត់សំឡេងមនុស្សស្រីយំរំអួយឲ្យគេក្តៅស្លឹកត្រចៀក ស្ងាត់មនុស្សស្រីដែលធ្វើឲ្យគេចេះអៀន។
"យើងហត់នឿយណាស់ដឹងទេ?យើងហត់ដែលរង់ចាំនាងដឹងខ្លួន ប៉ុន្តែយើងក៏មិនបញ្ឈប់ឡើយ យើងនឹងបន្តរង់ចាំទាល់តែនាងដឹងខ្លួនរស់នៅក្បែរយើងដូចដើម" គេហើបគូទពីកៅអីទៅថើបថ្ពាល់នាងមួយខ្សឺត ភ្នែករបស់គេចាប់ផ្តើមរលីងរលោង ប្រែជាទោរទន់ លែងដូចពីមុនដែលធ្លាប់តែជាមនុស្សប្រុសនឹងធឹងមិនចេះចុះចាញ់នឹងរឿងអ្វីមួយដោយងាយៗឡើយ ប៉ុន្តែក្នុងពេលនេះគេសុំចុះចាញ់នាងហើយ ប្រសិនបើនាងដឹងខ្លួនមកវិញគេនឹងព្រមគ្រប់យ៉ាង។
•••
នាពេលរាត្រីចរ...
គេជូតខ្លួនឲ្យនាងរួចរាល់ហើយ ក៏ឡើងមកដេកលើគ្រែជាមួយនាង ព្រមទាំងយកសៀវភៅមកទុកអាននិទានឲ្យនាងស្តាប់ទៀតផង គេដាក់នាងឲ្យដេកកើយទ្រូងគេ ទើបចាប់ផ្តើមបើកទំព័រសៀវភៅ។
"យើងទិញសៀវភៅនិទានរឿងស្នេហាសង្ឃឹមថានាងនឹងចូលចិត្តស្តាប់យើងនិទាន" គេបែរមកសម្លឹងនាងបន្តិច ដោយចាប់ផ្តើមអានតួអក្សរដែលនៅលើក្រដាសសៀវភៅយ៉ាងយកចិត្តទុកដាក់សម្រាប់នាង។
"ស្នេហាមួយដែលផ្តើមឡើងដោយការស្អប់ ស្នេហាដែលនាងផ្តល់ឲ្យតួប្រុសជាស្នេហាដ៏បរិសុទ្ធចេញពីបេះដូង ប៉ុន្តែខាងប្រុសក៏យកបេះដូងនាងមកជាន់ឈ្លី ខាងប្រុសធ្វើបាបនាងរហូតដល់ថ្ងៃមួយ នាងក៏មានកូនហើយក៏..."គេអួលដើមកត្រង់ប្រយោគមួយនេះ ព្រោះប្រយោគទៅខាងមុខទៀតគឺកូនរបស់តួអង្គទាំងពីរក៏មិនបាននៅជាមួយនឹងពួកគេដែរ កូនតួអង្គទាំងពីរក៏ត្រូវរលូតដូចជាកូនរបស់គេ ទើបគេអួលដើមកបែរមកសម្លឹងមុខនាងដែលធ្មេចភ្នែកជិតឈឹងកើយទ្រូងគេ
"កូនរបស់អ្នកទាំងពីរក៏ត្រូវស្លាប់ព្រោះតែខាងប្រុសធ្វើបាបផ្លូវចិត្តផ្លូវកាយនាងម្តងហើយម្តងទៀត ហើយនៅទីបំផុតពួកគេក៏ត្រូវបែកគ្នាព្រោះតែខាងប្រុសបញ្ចប់ជីវិតខ្លួនឯងនឹងមានវិប្បដិសារីដែលខ្លួនបានសាង...ចប់!យើងអានឲ្យស្តាប់ចប់ហើយ រាត្រីសួស្តី" គេបិទសៀវភៅក្រឹបរួចក៏បែរមកឱបនាង ទាំងសន្សើមជាប់រោមភ្នែក គេផ្អឹបបបូរមាត់លើថ្ងាសរបស់នាង ដោយទប់ទឹកភ្នែកលែងបាន ក៏ត្រូវបង្ហូរវាចេញមកស្រក់លើមុខនាងតក់ៗ ហេតុអ្វីក៏ឈឺចាប់ម៉្លេះ ស្នេហាគេប្រៀបដូចជារឿងនិទាន អម្បាញ់មិញនេះតើមែនទេ ប្រសិនបើដូចក្នុងរឿងនិទាន គេសុំឲ្យស្នេហារបស់គេជាស្នេហាដែលបញ្ចប់ទៅដោយ Happy Ending មិនមាននរណាត្រូវចាកចេញដោយការបាត់បង់ជីវិតឡើយ។
•••
"អ្ហឹម!" ថេយ៉ុង ដេកគ្រហឹមតិចៗ ព្រោះគេមានអារម្មណ៍ថាក្នុងរង្វង់ដៃដូចជាស្រាលយ៉ាងម៉េចក៏មិនដឹង ដូចជាបាត់នាង ក៏ត្រូវស្ទុះក្រោកយ៉ាងលឿន គេបែរសម្លឹងមើលកន្លែងដេកក្បែរខ្លួន មិនបានឃើញនាងនោះទេ គេបែកញើសហូរតាមជើងសក់ ចុះពីលើគ្រែស្រែកហៅនាង។
"រ៉ូឃី! រ៉ូឃី" គេរត់ទៅបើកទ្វារបន្ទប់ទឹកក្រាក ក៏សឹងតែគាំងបេះដូង នេះគេមិនបានស្រវាំងភ្នែកអ្វីទេឬ?
"លោក"
"រ៉ូឃី" គេរំភើបហួសថ្លែងដោយបានឃើញនាងនៅក្នុងបន្ទប់ទឹកដូច្នេះ ទើបចូលទៅស្រវាទាញនាងយកមកឱបយ៉ាងណែន ដោយក្តីស្រឡាញ់នឹងការនឹកនាអស់រយះពេលជាច្រើនថ្ងៃកន្លងមកនេះ។
"ខ្ញុំនឹកនាង"
"ខ្ញុំក៏នឹកលោកដែរ អ្ហឹកៗ! ខ្ញុំស្រឡាញ់លោក លោកដឹងទេ? លោកដឹងទេ? ខ្ញុំស្រឡាញ់លោក លោកៗ" ថេយ៉ុង រុញនាងចេញពីការឱបនាងនេះថ្នមៗ ដោយភាំងនឹងមុខរបស់នាងជាខ្លាំង នាងយំដល់ថ្នាក់ទឹកភ្នែកហូរក្លាយជាឈាម មុខរបស់នាងក៏ចាប់ផ្តើមប្រែប្រួលពីធម្មតា ក្លាយជាសភាពដូចជាខ្មោច។
"រ៉ូឃី"
"ខ្ញុំស្រឡាញ់លោក ខ្ញុំស្រឡាញ់លោក ពួកយើងទៅរស់នៅជាមួយគ្នាទៅណា?"
"អ្អាក៎! រ៉ូ-រ៉ូឃី" នាងលើកដៃមកច្របាច់រឹតកគេ ដោយស្រែកយំទាមទារសុំឲ្យគេទៅនៅជាមួយនាង គេក៏ប្រឹងចាប់ទាញដៃនាងចេញពីក ប៉ុន្តែកម្លាំងនាងដូចជាខ្លាំងជាងគេឆ្ងាយណាស់។
"ពួកយើងទៅនៅទីនោះជាមួយគ្នា ខ្ញុំស្រឡាញ់លោក"
"អ្អឺ!!!រ៉ូ-រ៉ូឃី" គេលូកដៃមកត្រង់ចង្កេះ ដោយប្រឹងទាញយកកាំភ្លើងដែលសៀតទុកនោះមកកាន់ រ៉ូឃី ក្នុងពេលនេះគឺមិនមែនមនុស្សទេ នាងច្របាច់កគេដល់ថ្នាក់គេក្រហមមុខច្រាលហើយក៏មិនព្រមលែងឡើយ។
"បាន!ពួកយើងទៅនៅជាមួយគ្នា យើងនៅបីនាក់ប៉ាម៉ាក់ហើយនឹងកូន" គេយកកាំភ្លើងមកភ្ជង់ក្បាលខ្លួនឯង ទើបនាងព្រមដកដៃចេញពីករបស់គេ ហូរទឹកភ្នែកមកតក់ៗកាត់លើឈាមដែលកំពុងហូរចេញពីភ្នែកដូចគ្នា គេទាញប្រអប់ដៃនាងមកកាន់ ដោយមិនខ្វល់ថានាងជាខ្មោចឬក៏ជាអ្វីឡើយ គេដឹងត្រឹមតែថាចង់នៅជាមួយនាងប៉ុណ្ណោះ។
"ផាំង!!!" កៃកាំភ្លើងគេកេះបាញ់ក្បាលខ្លួនឯង ក្រោមស្នាមញញឹមទាំងទឹកភ្នែករបស់ប្រពន្ធគេ រាងកាយរបស់គេក៏ដួលគ្រាំងទៅលើឥដ្ឋ។
•••
"បងប្រុសៗ! បងប្រុស!" ថេយ៉ុងភ្ញាក់ក្រញាងពេលត្រូវបើកភ្នែកមកឃើញប្អូន នៅចំពីមុខដោយអង្រួនដាស់គេឲ្យភ្ញាក់ពីដំណេក ពីការយល់សប្តិដ៏សែនអាក្រក់មួយនេះ គេបែកញើសសើមអាវដូចកំពុងងូតទឹក កែវភ្នែករបស់គេបែរសម្លឹងមកអ្នកដែលដេកនៅក្បែរខ្លួន ដោយស្រវាលើកកាយនាងមកដាក់ភ្លៅ ក្រសោបឱបនាងខ្លាំងៗ ខាំបបូរមាត់សម្រក់ទឹកភ្នែកម្តងហើយម្តងទៀតក៏ព្រោះតែនាង ព្រោះនាង ជាអ្នកបង្កឡើង។