🌼 ចាប់អារម្មណ៍ 🌼
ពេលវេលាចេះតែដើរទៅមុខគ្មានថ្ងៃបញ្ចប់ ធ្មេចបើកធ្មេចបើក អាន់ណា បានមកធ្វើជាអ្នកបម្រើនៅផ្ទះរបស់ ណាមជុន បានពីរខែទៅហើយ។
ពីរខែកន្លងមកនេះ ណាមជុន ចេះតែមករកឈ្លោះជាមួយនាងមិនឈប់មិនឈរ ជាពិសេសរាល់ពេលដែល យ៉ុនជូ ជូននាងត្រលប់មកផ្ទះ ត្រូវរាងក្រាស់ថាឲ្យមួយកប់មាត់តែម្តង។
ទង្វើរបស់គេបានធ្វើឲ្យ អាន់ណា គិតផ្តេសផ្តាស បើសិនជា ណាមជុន នៅតែបន្តធ្វើសកម្មភាពអស់ទាំងនេះទៀត នាងនឹងគិតថាគេស្រលាញ់នាងមិនខានទេ។
ឲ្យតែពេលនាងនៅជិតមនុស្សប្រុស មិនថាជាលោកពូ ចាង ដែលជាតៃកុងឡានរបស់គេ ក៏អ្នកកម្លោះស្តីឲ្យនាងដែរ ធ្វើដូចកំពុងប្រច័ណ្ឌជាមួយនាងយ៉ាងចឹង។
ថ្ងៃនេះក៏ដូចគ្នាដែរ នាងត្រូវបានគេហៅឲ្យទៅជួបនៅក្នុងបន្ទប់ទទួលភ្ញៀវភ្លាម បន្ទាប់ពីត្រលប់មកពីរៀនវិញ។
អាន់ណា ចូលមកឈរលំទោនខ្លួនក្នុងបន្ទប់ទទួលភ្ញៀវ សួរទៅកាន់ ណាមជុន ដោយសម្លេងតិចៗថា៖
" អ្នកប្រុសមានអ្វីឲ្យនាងខ្ញ៉ំបម្រើចា៎! "
" ស្អែកនេះរៀនឬអត់ "
" ចាស៎អត់រៀនទេ "
ក៏ព្រោះតែស្អែកនេះជាថ្ងៃអាទិត្យ ទើបនាងអាចសម្រាកនៅផ្ទះបាន។
ណាមជុន ចេញបញ្ជា និងនិយាយកាត់ជាមុន ក៉ំឲ្យក្មេងស្រីបានសួរដេញដួលច្រើន ព្រោះគេខ្ជិលបកស្រាយ៖
" ចឹងស្អែកនេះទៅជាមួយខ្ញ៉ំ ហាមសួរនាំអ្វីទាំងអស់ "
" ចា "
" ទៅធ្វើម្ហូបបានហើយ "
" ខ្ញ៉ំមិនទាន់បានរៀបចំបន្ទប់អ្នកប្រុសទេ "
" បញ្ជាអ្វីក៏ទៅធ្វើហ្នឹងទៅ "
" ចា "
នាងចេញទៅធ្វើម្ហូបតាមបញ្ជារបស់រាងក្រាស់ទាំងឆ្ងល់ក្នុងចិត្ត មិនយល់ពីគំនិតរបស់ប្រុសម្នាក់នេះថាកំពុងតែចង់ធ្វើអ្វីឲ្យប្រាកដ ជួបពេលណាក៏ធ្វើមុខកាចដាក់នាងរហូត។
តែមុខកាចរបស់ និងកែវភ្នែករឹងមាំគេប្រៀបបាននឹងថ្នាំសណ្តំបង្កប់ដោយអាថ៌កំបាំង និងមានមន្តស្នេហ៍គួរឲ្យស្វែងរក។
