Sugar Daddy 🔥
Ep10តើឱ្យគេនៅបន្តដើរលេងនៅ ចិន បានយ៉ាងម៉េចទៅ? បើអារម្មណ៍របស់គេមិននៅក្នុងខ្លួនផង គ្រប់គ្នាអាចនឹងសប្បាយរីករាយនឹងបរិយាកាសបែបនេះ ប៉ុន្តែគេមិនអាចទេ គេមិនអាចលាក់អារម្មណ៍ មិនអាចនៅមានមន្ទិលសង្ស័យពេញខួរក្បាលបានទេ ទីបំផុតគេក៏សុំជិះយន្តហោះត្រឡប់មក សេអ៊ូល វិញទាល់តែបាន មកដល់ព្រលានយន្តហោះភ្លាមគេក៏ចុចតេរទៅមាឌតូច ប៉ុន្តែមិនមានការឆ្លើយតបសោះ ទឹកចិត្តដែលគេមានហាក់ធ្លាក់ដល់បាតជ្រៅ ភ្នែករបស់គេច្រាលក្រហមរន្ទាល ទោះបីគេខំងើយកកុំឱ្យទឹកភ្នែកហូរយ៉ាងណា វាក៏នៅតែហូរដដែល មនុស្សប្រុសយំ ទន់ជ្រាយណាស់មែនទេ? គេមិនចង់បែបនេះ មិនចង់យំសូម្បីតែបន្តិច តើឱ្យធ្វើម៉េចបើគេជាមនុស្សភ្នែកទន់តាំងពីកំណើត។
ជុងហ្គុក អូសវ៉ាលិសដើរយឺតៗចេញពីព្រលានយន្តហោះមកកាន់ដងផ្លូវដែលមិនដឹងទិសដៅនៅឯណា អារម្មណ៍សោកសៅ ល្ហល្ហេវ ហេងហាង សោះកក្រោះ កំពុងតែកើតមានចំពោះរូបគេ ខណៈនេះក្នុងចិត្ដចង់ជួបប៉ាម៉ាក់បង្កើតវិញខ្លាំងណាស់ ចិត្តមួយវិញទៀតចង់និយាយជាមួយ ជីមីន ឱ្យដឹងរឿង ឱ្យដឹងថាអារម្មណ៍របស់គេបែបណា គេចង់ដឹងប្រតិកម្មរបស់មាឌតូច ខណៈដែលគេសារភាពថា‘ស្រឡាញ់’ជាលើកដំបូង តើបែបណា? គ្រលីងគ្រលោងចង់យំព្រោះរំភើបមែនទេ? ស្នេហានេះជានៅបន្តជាអាថ៌កំបាំងឬមិនមែន?
“ជាតារាប្រចាំប្រទេស ជាមនុស្សរបស់មហាជន បើសិនលេចឮដំណឹងថាទាក់ទងជាមួយកូនចិញ្ចឹមខ្លួនឯង តើគ្រប់គ្នានឹងគិតបែបណា? ចិញ្ចឹមកូនទុកស៊ីមែនទេ? មិនហួសហេតុពេកទេហ្អេ៎? ជីមីន ប្រាកដជាទទួលយកមិនបានទេ ខ្ញុំមិនអាចឱ្យ ជីមីន ដើរផ្លូវទាល់នោះទេ ជាប៉ានិងកូនចិញ្ចឹមគឺល្អបំផុតហើយ អ៊ំថេយ៍និយាយត្រូវ” ជុងហ្គុក រៀបរាប់ស្ងាត់ៗយល់តែខ្លួនឯង ខណៈដែលរូបរាងដ៏សង្ហារួមជាមួយវ៉ាលិសដ៏ថ្លៃកំពុងតែបោះដំណើរលើដងផ្លូវដូចមនុស្សខ្ចាត់ព្រាត់ម្នាក់ ទោះគេខ្វល់អារម្មណ៍ខ្លួនឯងខ្លាំងយ៉ាងណាក៏នៅចាញ់អារម្មណ៍របស់មាឌតូច គេមិនអាចឱ្យមាឌតូចអាក្រក់ក្នុងក្រសែភ្នែកគ្រប់គ្នាបានទេ ហើយកាន់តែមិនអាចឱ្យអ្នកផ្សេងវាយតម្លៃ គេសុខចិត្តលាក់អារម្មណ៍ស្រឡាញ់ ធ្វើដូចធម្មតា ទាំងដែលមិនមែនស្រឡាញ់ទុកដូចជាប៉ា តែស្រឡាញ់ទុកប្រពន្ធ
"គ្រប់យ៉ាងសុទ្ធតែមានព្រំដែនរបស់វា ជាប៉ានិងកូនចិញ្ចឹមមិនអាចហួសព្រំដែនទេ បើហួសនឹងឈឺចាប់ដូចជាពេលនេះយ៉ាងអ៊ីចឹង ឈឺណាស់អ្នកណាជួយ? អ្នកណាដឹង? អ្នកណាយល់? អ្នកណារំលែក? មានតែខ្លួនឯងទេ.." ជុងហ្គុក ស្រែកដង្ហោយក្នុងចិត្តដែលឈឺស្ពឹកស្រពន់ ខណៈដែលប្រអប់ដៃមាំទាំលើកទៅដាក់លើទ្រូងឆ្វេង វាអួលណែនខ្លាំងណាស់ អ្នកណាអាចយល់ពីគេក្នុងខណៈពេលនេះ? គេធំហើយ មិនចាំបាច់ត្រូវការជំនួយមិននរណាម្នាក់នោះទេ គេត្រូវធ្វើខ្លួនឱ្យរឹងមាំ អាចឱ្យ ជីមីន ពឹងផ្អែកបាន ព្រោះតទៅស្នេហារបស់ពួកគេនៅមានឧបសគ្គច្រើនទៀតណាស់ គ្រួសាររបស់មាឌតូចអាចគាំទ្រស្នេហាពួកគេទេ? មហាជនទទួលយកស្នេហាពួកគេទេ? ប៉ះពាល់ដល់ការងាររបស់មាឌតូចយ៉ាងណាខ្លះ? មានន័យថាគេមិនបោះបង់គំនិតយក ជីមីន ជាប្រពន្ធ តើមែនទេ? ព្រំដែនប៉ាកូនគ្រាន់តែរនាំងដ៏តូចមួយប៉ុណ្ណោះ ព្រោះចិត្តគេចង់ហួសតាំងពីដើម ឈឺចាប់ របួសផ្លូវចិត្តតិចតួច ក៏មិនថ្វីដែរ យ៉ាងណាគេត្រូវតែតស៊ូជំនះគ្រប់យ៉ាង
រីង! រីង!
ទូរស័ព្ទនៅក្នុងដៃរោទ៍ឡើង ក៏បណ្តាលឱ្យដឹងដល់សតិញាណរបស់រាងសង្ហា គេលើកទូរស័ព្ទមកមើលលេខមុននឹងចុចទទួលទាំងញញឹមពព្រាយ
(ក្រែងទៅ ចិន ហី? ឬកុហកដើម្បីយកលុយចាយ កុំក្បាលខូចពេក ប្រយ័ត្នមួលដាច់ស្លឹកត្រចៀក) គ្រាន់តែលើកមកដាក់ក្បែរត្រចៀកភ្លាមក៏ទទួលបានពាក្យរអ៊ូរទាំដែលតែងតែឮជារឿយៗ រហូតក្លាយជាទម្លាប់ទៅហើយ
“នឹកខ្លាំងពេកទើបត្រឡប់មកវិញ នៅឯណា? គេទៅរក” ជុងហ្គុក តបដោយសម្លេងផ្អែមល្ហែមយ៉ាងខ្លាំង ទោះជាអ្នកម្ខាងទៀតមិនសូវជារៀបសម្តីដាក់ខ្លួន
(ក្មេងមិនចេះធំមែនឯងនេះ បើរវល់តែនឹក រវល់តែចង់ជួបមុខ ដឹងបានអង្ករណាច្រកឆ្នាំងទេ) តាមទំនៀមទម្លាប់មិនលស់ថ្ងៃគឺប្រៀនប្រដៅដូចជាមនុស្សចាស់ជំនាន់ដើម គេដឹងហើយ ឮហើយនៅតែនិយាយដដែល
“ខ្ញុំធំហើយ ជីមីន ទេទើបតូច.. មិនមែនតូចទេ គឺតូចញិបតែម្តង” ជុងហ្គុក ក៏តែងតែសម្តីរអិលប៉ប៉ិលប៉ប៉ូចតាមទម្លាប់ដដែល ទោះបីជាមុននេះគេមានវិបត្តិផ្លូវចិត្តបន្តិចបន្តួច
(តូចញិបក៏តូចញិបចុះ យើងរវល់ណាស់មិនបាននិយាយទូរស័ព្ទជាមួយឯងយូរទេ ថ្ងៃត្រង់ហើយ ញ៉ាំបាយផង ) ជីមីន មមាញឹកក្នុងការថតជាមួយក្រុមការងារខ្លាំងណាស់ ទើបមិនបានលើកទូរស័ព្ទរាងសង្ហាមុននេះ ទើបតែពេលទំនេរញ៉ាំអាហារថ្ងៃត្រង់ទើបតេរត្រឡប់
“ចុះ*..” ជុងហ្គុក បម្រុងនឹងសួរបន្ត ប៉ុន្តែឮសម្លេងមួយហោះកាត់ចូលក្នុងទូរស័ព្ទ៖
(ញើសហូរច្រើនណាស់ ប្រហែលជាហត់ណាស់ហើយ ចាំខ្ញុំជួយជូតឱ្យ) សម្លេងមនុស្សស្រីរាងតូចច្រឡឹងល្មមស្តង់ដារស្រីស្អាត ដើរមកជិត ជីមីន មុននឹងដាក់បង្គុយក្បែរហើយក៏លើកកន្សែងជូតញើសឱ្យ ទីនេះក្តៅបន្តិចដោយសារជាតំបន់ដាច់ស្រយាលពីទីក្រុង ហើយនារីស្រស់ស្អាតម្នាក់នេះក៏ជាមិត្តរួមការងារដែលជាអ្នកចម្រៀងនៅក្នុងផលិតកម្មជាមួយគ្នា ហើយវាក៏ជាលើកដំបូងសម្រាប់ការរួមការងារជាមួយគ្នា
(ប៉ុណ្ណឹងសិនហើយ) ជុងហ្គុក មិនទាន់សួរអ្វីផង ជីមីន ក៏និយាយបញ្ចប់ការសន្ទនា ធ្វើឱ្យរាងសង្ហាខកចិត្តបន្តិច គេប្រចណ្ឌមាឌតូចជាមួយស្រី តើមែនទេ? ឆ្គួតហើយ វាគួរតែមាឌតូចប្រចណ្ឌគេជាមួយស្រី ទើបត្រូវ.. គេស្រឡាញ់ជ្រុលហួសហេតុពេកមែនទេ? ឬក៏គេបារម្ភខ្លាចស្រីម្នាក់នោះប្លន់មាឌតូចចេញពីគេ ? ទាំងដែលមាឌតូចកំពុងតែមានចិត្តឱ្យគេ
“ស្នេហាធ្វើឱ្យមនុស្សឆ្គួត ចេះតែប្រចណ្ឌទៅកើត យ៉ាប់មែនអាហ្គុកអើយ!!” ជុងហ្គុក ជេរប្រទិចខ្លួនឯង ទាំងចិត្តហួសចិត្តហួសថ្លើម
“អ្ហើយ!!! ដើរដល់ណាហើយវ៉ើយ?” ជុងហ្គុក ទើបតែភ្ងាក់ផ្អើល កាលបើខ្លួនឯងចេះតែដើរមិនដឹងថាជាផ្លូវទៅណា ដើរឡើងភ្លេចខ្លួនថាចុកជើង ខូចចិត្តហើយមកខូចជើងទៀត ប្រហែលមិនកើតទេ គួរតែហៅឡានតាក់ស៊ីជិះទៅផ្ទះ
ជុងហ្គុក បក់ដៃហៅឡានតាក់ស៊ីមុននឹងឡើងជិះធ្វើដំណើរទៅភូមិគ្រឹះម៉ោង៧ៈ១០នាទីយប់..
ជុងហ្គុក អង្គុយធ្វើលំហាត់ អានសៀវភៅ ដេកលក់ពីរបីដងទៅហើយ ខណៈដែលរង់ចាំមាឌតូចនៅក្នុងបន្ទប់តាំងពីថ្ងៃត្រង់រហូតដល់យប់ទៅហើយមិនទាន់ឃើញមកទៀត វាធ្វើឱ្យគេធុញទ្រាន់យ៉ាងខ្លាំង ពេលវេលាដែលគ្មានអ្នកជាទីស្រឡាញ់នៅក្បែរវាពិតជាដើរយឺតខ្លាំងណាស់ វាកាន់តែដើរយឺតថែមទៀតបើនៅចិញ្ចឹមចិត្តរង់ចាំ ខណៈនេះគេចង់ស្រែកប្រាប់ពិភពលោកថា ធុញៗៗៗៗ ធុញស្ទើរតែលោតទឹកឱ្យស្លាប់ទៅហើយ
“ហ៊ើយ..!!!!!!” ជុងហ្គុក បម្រះខ្លួនននៀលលើពូកទៅមកៗ ខណៈដែលជុំវិញខ្លួនមាន កំព្យូទ័រ និង សៀវភៅនៅរញ៉េរញ៉ៃពាសពេញពូក ទើបធ្វើឱ្យកាន់តែស៊ាំញ៉ាំនិងឈឺក្បាលខ្លាំងឡើងៗ
ក្រាក!!!
សម្លេងរុញទ្វារបើកចូលមកខាងក្នុងធ្វើឱ្យរាងសង្ហាងើបពីពូកទាំងមានស្នាមញញឹមលើផ្ទៃមុខយ៉ាងលឿន កាលបើមាឌតូចដើរចូលមកខាងក្នុងគេកាន់តែសប្បាយចិត្តថែមទៀត ទើបរត់ទៅឱបយ៉ាងណែនដូចខ្លាចបាត់ទៅណា
“យ៉ាងម៉េចហ្នឹង? ទៅក្រៅប្រទេសហើយមកវិញក៏ប្លែកៗ” អាការៈរបស់រាងសង្ហាមើលទៅប្លែកៗ រាល់ដងមិនសូវជាបែបនេះនោះទេ ចម្លែកតែពេលនេះ ដូចមានអ្វីលាក់បាំងឬក៏មន្ទិលនៅក្នុងចិត្ត តែមិនហ៊ាននិយាយឬសួរ
“ជីមីន ចាត់ទុកខ្ញុំជាក្មេងរហូតមែនទេ?” ជុងហ្គុក មិនឆ្លើយតបនឹងសំណួររបស់មាឌតូច តែបែរជាសួរបកទៅវិញ គេចង់ដឹងខ្លាំងណាស់ តើ ជីមីន នឹងឆ្លើយតបបែបណា?
“មកពីស្រឡាញ់ទើបទុកជាកូនក្មេង.. យល់ទេក្មេងក្បាលខូច?” ជីមីន ដកខ្លួនចេញពីការឱបបន្តិចមុននឹងឆ្លើយសំណួរព្រមទាំងលើកទៅអង្អែលក្បាលរាងសង្ហាទាំងដែលខ្លួនឯងមានកម្ពស់ទាបជាង
“ចុះបើខ្ញុំស្រឡាញ់ ជីមីន ទុក ជីមីន ជាកូនក្មេងបានឬអត់?” ជុងហ្គុក សួរសំណួរដែលស្តាប់មើលទៅឆោតល្ងង់ ប៉ុន្តែគិតន័យឱ្យដល់ទៅទើបដឹងថាវាមិនមែន
“មិនបាន! យើងអាយុបងឯង ជាប៉ាចិញ្ចឹមឯង ត្រូវហៅប៉ាយល់ទេ?” ជីមីន លើកចិញ្ចឹមឱ្យរាងសង្ហាសម្របតាមប្រយោគរបស់ខ្លួន
“ប៉ា..” ជុងហ្គុក ហៅពាក្យប៉ាបង្អូសយ៉ាងវែង ធ្វើឱ្យមាឌតូចញោចស្នាមញញឹមចុងមាត់យ៉ាងមានក្តីសុខ
“....ប៉ា...អូន” ជុងហ្គុក បង្អូសបន្ថែមប្រយោគធ្វើឱ្យមាឌតូចកើតអការៈហួសចិត្តភ្លាមៗ ប៉ាអូនហ្អេ៎ស? ក្មេងក្បាលខូចនេះលេងសើចទៀតហើយ...
❥ជូប៊ីនシ

YOU ARE READING
Sugar Daddy🔥
Actionជុងហ្គុក លេកហ្វ្រីក / គីម ជីមីន 💕រឿងរ៉ាវរវាងប៉ាចិញ្ចឹមនិងកូនចិញ្ចឹម💕 By Jubin-