Sugar Daddy🔥
Ep24អ្នកសង្ហាស្លុងអារម្មណ៍សម្លឹងមុខមាឌតូចដោយមិនព្រិចភ្នែក មិននិយាយអ្វីសោះ អារម្មណ៍របស់ហាក់ហោះហើរមិននៅក្នុងខ្លួនសោះ ធ្វើឱ្យមាឌតូចចាប់ផ្តើមជ្រួញចិញ្ចឹមមិនពេញចិត្ត តើកំពុងគិតអ្វីមិនស្តាប់សម្តីខ្លួននិយាយទេឬ?
“សម្លឹងមុខយើងធ្វើអី? យើងនិយាយអីថាអីឱ្យឯងខុសមែនទេ?” ជីមីន ប្រញាប់ប្រញាល់សួរបញ្ជាក់បន្ថែម កាលបើរាងសង្ហាឈរធ្វើដូចជាគ្មានអារម្មណ៍ស្តាប់សម្តីខ្លួន
“...ក៏កំពុងតែមើលមុខ កុំឱ្យលោកប៉ាថាខ្ញុំគេចមុខ” ជុងហ្គុក ញោចស្នាមញញឹមខ្សោះដាក់ម្ខាងទៀត ខណៈដែលខួរក្បាលគិតផ្តេសផ្តាសថាខ្លួនឱនទៅថើបបបូរមាត់តូចច្រមិចមិនខ្វល់ពីអ្នកជុំវិញខ្លួន បើទង្វើដូចការគិតវិញ ប្រហែលជាមានរឿងមិនគួរកើត កើតមិនខានទេ
“តែឯងគេចមុខយើងពិតមែន” ជីមីន ពើងទ្រូងងើយកនិយាយជាមួយបុរសខ្ពស់ស្រឡះរាងសង្ហាដោយមិនហ៊ានដកក្រសែភ្នែកចេញទៅណា ព្រោះខ្លួនមិនត្រូវការឱ្យកូនចិញ្ចឹមម្នាក់នេះប្រើលេសដោះសា
“ខ្ញុំមិនចង់ឃើញសង្សាររបស់លោកប៉ាទៅវិញទេ យល់បាននៅលោកប៉ាចិញ្ចឹម?” ជុងហ្គុក ប្រើសព្វនាមហៅមាឌតូចប្លែកពីកន្លងមក តាំងពីពួកគេផ្តើមសន្ទនាលើកដំបូង ធ្វើឱ្យមាឌតូចមានអារម្មណ៍ថាមិនសូវស្រួលក្នុងចិត្ត
“ប៉ា? ប៉ាចិញ្ចឹម? មិនមែនហៅបញ្ជោះយើងទេណា៎” ជីមីន ខំប្រឹងញញឹមញញែមទាំងមិនសូវសម ចិត្តប្រាថ្នាឱ្យឆាប់កាត់ចិត្តពីគ្នាបាន ប៉ុន្តែទង្វើជាក់ស្តែងធ្វើឱ្យទ្រូងឆ្វេងចាប់ផ្តើមចុកខ្ទោកទៅវិញ
“មិនមែនឌឺ មិនមែនបញ្ជោះ ខ្ញុំគួរតែហៅបែបនេះតាំងពីយូរហើយ... បើចិត្តលោកប៉ាស្រឡាញ់ម្នាក់នោះពិតមែនរៀបការចុះ ខ្ញុំសុខចិត្តដើរចេញ តែមិនមានន័យថាខ្ញុំឈប់ស្រឡាញ់នោះទេ ប៉ុន្តែមកពីខ្ញុំមិនចង់បង្ខំ.. បង្ខំឱ្យប៉ាទ្រាំរស់នៅជាមួយមនុស្សអត់បានការ មានតែសំបកខ្លួនដូចជាខ្ញុំ ទាំងដែលចិត្តស្រឡាញ់.. មិនអាចលើសពី..ប៉ាកូនចិញ្ចឹម” ជុងហ្គុក ខំប្រឹងនិយាយប្រយោគដ៏គ្រោតគ្រាតទាំង អួលដើមក ណែនថប់ក្នុងទ្រូង សឹងតែនិយាយមិនចប់ប្រយោគ ចាប់ពីពេលនេះទៅ នាយឈប់ទាមទារក្តីស្រឡាញ់ទៀតហើយ ព្រោះច្បាស់ក្នុងចិត្តថាមិនអាចបង្ខំ អារម្មណ៍ដែលគិតថាមាឌតូចក៏ស្រឡាញ់ខ្លួនឯងដែរវាគ្រាន់តែជាការរវើរវាយតែម្នាក់ឯងប៉ុណ្ណោះ ដល់ដំណាក់កាលនេះហើយគួរតែល្មមយល់ហើយ មិនមែនកូនក្មេងទៀតទេ
“យើងគង់តែរៀបការទេ.. មកនេះគ្រាន់តែចង់ហៅឯងឱ្យត្រឡប់ទៅផ្ទះវិញព្រោះទំនួលខុសត្រូវជាប៉ាចិញ្ចឹមប៉ុណ្ណោះ ឯងគួរតែយល់ពីទំនាក់ទំនងរបស់ពួកយើងតាំងពីដំបូង” ជីមីន ធ្វើទឹកមុខមាំទាំនិយាយប្រយោគច្បាស់ការពីទំនាក់ទំនង ហើយក៏តាំងចិត្តថាមិនត្រូវស្តាយក្រោយជាមួយជម្រើសដែលប្រល័យបេះដូងមួយនេះ យ៉ាងណាខ្លួនក៏ត្រូវតែរៀបការជាមួយ ឆេយ៉ុង ជាកំហិត
“ខ្ញុំយល់ហើយ កន្លងមកគ្រាន់តែវង្វេងមួយគ្រាប៉ុណ្ណោះ លាហើយ.. មានអារម្មណ៍ល្អកាលណាខ្ញុំទៅនៅជាមួយប៉ាវិញ” ជុងហ្គុក បែរមុខចេញលើកជើងមាំទាំបោះជំហានដើរចេញពីទីនេះបម្រុងនឹងជិះឡានក្រុងទៅសាលារៀនវិញ
“ហេតុអីទៅនៅពេលនេះមិនបាន?” ជីមីន ក៏មិនយល់ពីខ្លួនឯង ដែលសំណួររបស់ខ្លួនហាក់ឱ្យន័យដល់ការឃាត់រាងសង្ហាឱ្យរស់នៅជាមួយខ្លួនដោយមិនឱ្យទៅនៅណាផ្សេង
“បើជាប៉ាវិញ.. ពេលឃើញមនុស្សដែលខ្លួនស្រឡាញ់ផ្អែមល្ហែមស្និទ្ធស្នាលជាមួយអ្នកផ្សេង តើប៉ាមានអារម្មណ៍យ៉ាងណា?” ជុងហ្គុក ទច់ដំណើរដោយសួរប្រយោគដែលជាអារម្មណ៍ពិតរបស់ខ្លួនទាំងមិនងាកក្រោយ ពេលដែលឃើញមាឌតូចនៅក្បែរស្រីផ្សេង មើលថែស្រីផ្សេង គេសឹងតែស្ទះទ្រូងស្លាប់នៅនឹងកន្លែង ចុះទម្រាំតែមាឌតូចទៅក្បែរឬស្និទ្ធស្នាលនឹងប្រុសផ្សេងក្នុងន័យស្នេហាទៀត តើគេនឹងឈឺចាប់កម្រិតណាទៅ?
“យើងគ្រាន់តែសួរយកគួរ បើឯងមិនមកនៅវិញ យើងក៏មានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត” ជីមីន ព្យាយាមនិយាយប្រយោគចិត្តដាច់ឱ្យសមបំផុត ក៏ដឹងហើយថានាយតូចពូកែលាក់អារម្មណ៍យ៉ាងណាខ្លះ បែបនេះរាងសង្ហាមិនអាចស្មានដឹងឬក៏យល់ពីអារម្មណ៍របស់រាងតូចបានសូម្បីបន្តិច គេយល់និងដឹងតែត្រឹមថាមាឌតូចមិនបានស្រឡាញ់គេក្នុងន័យស្នេហាទាំងដែលការពិតមាឌតូចជ្រើសរើសអ្នកផ្សេងព្រោះមិនចង់ឱ្យលោកប៉ាខកបំណងជាលើកទីពីរ
“មានន័យថាកន្លងមកខ្ញុំរំខានប៉ាទាំងផ្លូវកាយនិងផ្លូវចិត្តមែនទេ?” និយាយចប់ប្រយោគនេះ ជុងហ្គុក ក៏ស្រក់ទឹកភ្នែកម៉ាត់ៗ ចិត្តខំទប់និងព្យាយាមថាមិនយំហើយ ប៉ុន្តែស្តាប់សម្តីរបស់មាឌតូចចុះ ដូចចង់ប្រហារគេឱ្យស្លាប់ទាំងរស់
“យើងមិនចង់និយាយការពិតទេ” មួយម៉ាត់ឬមួយឃ្លាណាក៏ ជីមីន និយាយវាយប្រហារផ្លូវចិត្តរាងសង្ហាឱ្យស្អប់ខ្លួនដែរ មាឌតូចមានបំណងឱ្យរាងក្រាស់ស្អប់សូម្បីតែដានជើងរបស់ខ្លួន ប៉ុន្តែមើលទៅគេដូចមិនកែប្រែចិត្តស្រឡាញ់សោះ មានតែស្រឡាញ់លើសមុន
“សុំទោសដែលកន្លងមកធ្វើជាមេបញ្ហា.. ខ្ញុំចង់ប្រាប់ថាពេលនេះខ្ញុំមានការងារធ្វើហើយ ប្រហែលជាគ្មានបញ្ហាបង្កឱ្យឈឺក្បាលទៀតទេ” ជុងហ្គុក ចង់និយាយប្រាប់ថាខ្លួនមិនចាំបាច់ត្រូវចាយលុយមាឌតូចទៀតទេ ពេលនេះគេក៏ប្រហែលជាលែងមានអីពឹងពាក់មាឌតូចទៀតហើយ គេអាចរស់ដោយខ្លួនឯងបាន
“ល្អហើយ.. រៀនជិតចប់ហើយ ទាក់ទងនារីដែលយើងឱ្យទាក់ទងបានឬនៅ? ប្រញាប់ប្រញាល់ទាក់ទងឱ្យលឿនទៅ រៀនចប់ឯងអាចរៀបការទៅប្រើជីវិតរស់នៅស្រុកកំណើតរបស់ឯងបានហើយ បំណងល្អពីប៉ាចិញ្ចឹមដែលចូលចិត្តរអ៊ូធ្វើឱ្យឯងធុញ” ក្នុងចិត្តបារម្ភពីរាងសង្ហាស្ទើរស្លាប់ហើយ ចង់ដឹងណាស់ថា ធ្វើការអី? លុយចាយគ្រាន់ទេ? ស្នាក់នៅកន្លែងណា? ល្អដែរទេ? ញ៉ាំឆ្ញាញ់ គេងស្រួលទេ? ប៉ុន្តែមិនហ៊ានសួរបានត្រឹមតែនិយាយពង្វាងដេញរាងសង្ហាឱ្យកាន់តែទៅឆ្ងាយពីខ្លួន
“បើមិនស្រឡាញ់ខ្ញុំ ក៏មិនអី.. តែកុំដេញខ្ញុំឱ្យទៅស្រឡាញ់អ្នកផ្សេង” និយាយប្រយោគដ៏គ្រោតគ្រាតមួយនេះចប់ ជុងហ្គុក ក៏ដាច់ចិត្តដើរចេញពីកន្លែងនេះទាំងដែលទឹកភ្នែកចេះតែបន្តហូរដោយហាមមិនបាន.....
សុំ 150like 50share មកណា៎ ស្រឡាញ់អ្នកអាន 💜 💜❥ជូប៊ីនシ

YOU ARE READING
Sugar Daddy🔥
Actionជុងហ្គុក លេកហ្វ្រីក / គីម ជីមីន 💕រឿងរ៉ាវរវាងប៉ាចិញ្ចឹមនិងកូនចិញ្ចឹម💕 By Jubin-