រីករាយថ្ងៃនៃក្ដីស្រឡាញ់ 🤍
ត្រឡប់បន្តសន្យា
ភាគ៧៨+៧៩ហ៊ឹកហ៊ឺ...
សំឡេងយំនៅតែបន្តរហូតចាប់ពីថ្ងៃដែលអ្នកអង្គម្ចាស់មេគ៌បានលាចាកពិភពលោកមួយនេះ រាងកាយតូចស្រឡូនស្ថិតក្នុងឈុតរ៉ូបសក្បុសក៏បានមកជាន់ប្រទេសកំណើតជាថ្មីម្ដងទៀត មកលើកនេះមិនមែនព្រោះតែរឿងដែលល្អតែនាងមកជូនដំណើរបុរសម្នាក់ដែលបានជួយជីវិតនាងដោយការលះបង់របស់ទ្រង់ទៅនោះ។
អ្នកអង្គម្ចាស់ជុងហ្គុក ព្រះនាងហ្វីលីណានឹងខ្សែស្រឡាយរាជវង្សផ្សេងទៀតក៏មានវត្តមាននៅទីនោះផងដែរ គ្រប់គ្នាក៏ងាកព្រះនេត្រទតមើលទៅអ្នកដែលអង្គុយយំនៅពីមុខផ្នូររបស់អ្នកអង្គម្ចាស់មេគ៌យ៉ាងសោកស្ដាយជាទីបំផុត ទាំងដែលនាងជាជនរងគ្រោះរបស់អ្នកអង្គម្ចាស់មេគ៌ពីអតីតកាល ហើយនាងក៏គួរតែសប្បាយចិត្តដែលទ្រង់បានសងគ្រប់យ៉ាងទៅនាងបែបនេះ...
តែអែលលីណាមិនបានគិតបែបនឹងឡើយ..
«អែល..» សំឡេងគ្រលរបន្លឺពីក្រោយខ្នងអែលលីណាស្របនឹងដៃមាំទាំលូកកាន់ស្មានាងច្របាច់តិចៗហើយម្នាក់នោះគ្មានអ្នកណាឡើយក្រៅពីជុននីអូ បុរសជាទីស្រឡាញ់របស់នាងនឹងឯង។
«នែលមកដល់ហើយ..អូនក្រោកសិនមកណា៎ ហ៊ឹម» ជុននីអូនិយាយប្រាប់នាងស្របនឹងទម្លាក់បបូរមាត់ថើបសក់នាងតិចៗរួចជួយលើករាងកាយអែលលីណាឡើងនឹងអោបនាងជាប់ណែន។
វត្តមានម្ដាយកូនទាំង២នាក់ដើរចូលមកស្របនឹងជាមួយនឹងការសំឡឹងមើលរបស់អ្នកគ្រប់គ្នា ត្បិតថាអ្នកខ្លះក៏ដឹង អ្នកខ្លះក៏មិនដឹងថាពួកនាងមានអីជាប់ទាក់ទងជាមួយនឹងអ្នកអង្គម្ចាស់មេគ៌។
«នែលឡា..ទៅជាមួយម៉ាក់នែលកូនទៅ» ព្រះនាងហ្វីលីណាដែលកាន់ដៃនែលឡាជាប់មុននោះក៏ព្រលែងដៃកូនឲ្យនាងទៅជាមួយនឹងម្ដាយបង្កើត នែលឡាក៏ងាកមើលមាតាហ្វីលីណាបន្តិចរួចងាកហួសទៅមើលដេវីននៀដែលនៅក្បែរនោះ ទ្រង់ក៏ញញឹមរួចងក់ក្បាលប្រាប់នាងឲ្យទៅចុះ។ «ម៉ាក់..» នែលឡាក៏ចូលមករកម្ដាយរួចញញឹមកាន់ដៃម្ដាយទាំងស្នាមញញឹមបរិសុទ្ធនឹងស្រស់ស្អាត នែលលីកាលបើបានឃើញកាយវិការនឹងអត្តចរិកកូនរម្យទម្យបែបនេះនាងក៏ងាកមើលទៅស្រីម្នាក់ដែលបានចិញ្ចឹមបីបាច់កូននាងកន្លងមកប្រកបដោយគន្លងធម៌រួចក៏អោនក្បាលគោរពទៅទ្រង់។
«អរគុណព្រះនាងហ្វីលីណាណាស់..»
«នែលឡាក៏ដូចជាកូនបង្កើតខ្ញុំ យើងជាមិត្តនឹងគ្នាណា៎ហេតុអីក៏ឯងចាំមិនបាននែល?!» ព្រះនាងហ្វីលីណាមានបន្ទូលទន់ភ្លន់ដូចដើម នែលលីក៏ញញឹមរួចដឹកដៃនាំកូនទៅខាងមុខបន្តទៀត អ្នកអង្គម្ចាស់ជុងហ្គុកក៏លូកដៃកាន់ស្មាមហេសីបន្តិចរួចឆ្មក់ថើបថ្ពាល់ទ្រង់រួចបែរធ្វើមុខស្មើបែបមិនដឹងអីសោះ ព្រះនាងក៏គក់ទ្រូងទ្រង់បន្តិចរួចក្រវីក្បាល។
«នែលឡា..សំពះផ្នូរប៉ាទៅកូន» មកដល់កន្លែងបញ្ចុះសពនែលលីលូកដៃកាន់អង្អែលស្មាកូនស្រីជាទីស្រឡាញ់ស្រាលៗ កែវភ្នែកងាកសំឡឹងមើលទៅផ្នូរបុរសដែលមិនធ្លាប់សូម្បីតែមានព្រះទ័យស្រឡាញ់មកលើនាង ពួកគេមានកូនជាមួយគ្នាព្រោះតែវាជាផែនការនៃការសងសឹក តែយ៉ាងណាក៏គេនៅតែមានឈ្មោះជាប៉ារបស់កូននាង។
«អ្នកម៉ាក់..» នែលឡាពោលទាំងរលីងរលោងរួចក្រាបក្បាលដល់ដី គោរពផ្នូរបុរសដែលនាងចង់ចួបមកជាយូរ បុរសម្នាក់ដែលនាងប៉ងចង់និយាយថា«ប៉ា» ដូចជាអ្នកអង្គម្ចាស់ជុងដែរ តែពេលនេះនាងបានត្រឹមតែក្រាបក្បាលសុំខមាទោសដែលនាងធ្វើវាមិនបាន។
«ចប់រួចរាល់ពួកយើងទៅនគររបស់លោកប៉ាទៅ ម្ចាស់តាគាត់ចង់ចួបទាយាទថ្មីរបស់គាត់ នែលឡា» នែលលីក៏ពោលនូវប្រយោគមួយដែលនាំឲ្យអ្នកគ្រប់គ្នានៅទីនោះភ្ញាក់មិនស្ទើរលើកលែងតែព្រះនាងហ្វីលីណាដែលញញឹមត្បិតទ្រង់ក៏ដឹងថាថ្ងៃនេះក៏គង់តែនឹងមកដល់ នែលឡាគង់តែមានថ្ងៃបានទៅរស់នៅចួបជុំនឹងគ្រួសារដើមរបស់នាងវិញ ការចួប ការបែកវាជារឿងធម្មតាប៉ុណ្ណោះ។
«ម៉ាក់ចង់និយាយពីអីទៅ?!» នែលលីមិនទាន់បាននិយាយអីតែក៏បែរមើលទៅម្ខាង វត្តមានរបស់ព្រះរាជាវ័យចំណាស់ដែលមានមុខមាត់ស្រដៀងនឹងអ្នកអង្គម្ចាស់មេគ៌ ទ្រង់យាងចូលមកស្របនឹងវត្តមានគ្រប់គ្នាក្រាបបង្គំទ្រង់ត្បិតថាទ្រង់ជាស្ដេចដែលមានវ័យចំណាស់ជាងគេប្រចាំទស្សវត្សមួយនេះ នែលលីនឹងនែលឡាក៏បន្ទន់ជង្គង់ចុះបង្គំដល់ទ្រង់ដូចគ្នាដែរ ទ្រង់ក៏ញញឹមរួចយាងហួសចូលមករកនែលឡាឯណេះ ទ្រង់លូកដៃព្រះហស្ថចាប់កាន់ស្មាព្រះទាយាទដែលទ្រង់ប៉ងចួបជាយូរតែក៏មិនមានឱកាសព្រោះតែទ្រង់ប្រឈួនមកជាច្រើនឆ្នាំទៅហើយ។
«នែលឡាពិតទេ?! មេគ៌តែងតែនិយាយពីចៅពេលដែលតាទៅមើលទ្រង់នៅគុកឯណោះ មេគ៌គេស្រឡាញ់នែលឡាខ្លាំងណាស់ កុំគិតថាបិតាមិនដែលស្រឡាញ់ចៅអីណា៎ មុននឹងគេសម្រេចធ្វើបែបនេះគេក៏បានសុំតាថាបើសិនជាតំណែងទាយាទថ្មីចាត់តាំងសុំឲ្យជាចៅ ហើយតាក៏មកធ្វើតាមបំណងរបស់ទ្រង់ហើយ» កាន់តែស្ដាប់នែលឡាកាន់តែលឺចុកទ្រូង នាងលូកដៃម្ខាងខ្ទប់ទ្រូងខ្លួនឯងរួចងាកមើលទៅផ្នូររបស់បិតា បុរសតែម្នាក់ដែលនាងតែងគិតកន្លងមកថាមិនបានស្រឡាញ់នាងនឹងបោះបង់នាង តែអត់ទេ! ទ្រង់មិនដែលភ្លេចនាងសូម្បីមួយវិនាទីណា គ្រាន់តែថាទ្រង់គ្មានភាពក្លាហាននឹងប្រឈមមុខជាមួយកូនប៉ុណ្ណោះ ព្រោះទ្រង់ជាបិតាមិនល្អ។
«តែមាតាហ្វីលីណា..» នែលឡាក៏មិនទាន់គិតអ្វីចេញក្រៅពីឧទានហៅមាតាចិញ្ចឹមដែលមើលថែនាងតាំងពីបាតជើងក្រហមរងាលឯណោះ ព្រះនាងហ្វីលីណាក៏ចេញពីការអោបរបស់អ្នកអង្គម្ចាស់ជុងហ្គុករួចចូលមកអោបនែលឡាជាប់ដៃនឹងគោះអង្អែលនាងស្រាលៗ។
«បុត្រីមាតាធំហើយ កូនក៏មានតួនាទីត្រូវបំពេញ មើលថែនគរបិតាកូនឲ្យបានល្អណា៎ កុំគិតថាកូនម្នាក់ឯងទៀតអី កូនមានអ្នកគ្រប់គ្នា មាតា បិតា ដេវីននៀ ម្ចាស់តា នឹងអ្នកម៉ាក់នែលលីគួរឲ្យស្រឡាញ់ម្នាក់នេះ..» ព្រះនាងហ្វីលីណាមានបន្ទូលស្របនឹងព្រះនេត្រសំឡឹងចំនែលលីដែលនៅពីក្រោយកូនឯណោះ ព្រះនាងហ្វីលីណាញញឹមរួចលូកដៃម្ខាងកាន់ដៃនែលលីជាប់ ក្រោយឆ្លងកាត់ភ្លើងចំប៉ើងនឹងរឿងរកាំរកូសជាច្រើន មិត្តភាពពួកទ្រង់ក៏មិនអាចកាត់ផ្ដាច់បាន នៅតែរឹងមាំដូចដើម។
គ្រប់គ្នាក៏ឈរសំឡឹងមើលទៅការចួបជុំមួយនោះ សូម្បីតែអែលលីណានឹងជុននីអូដែលចាកចេញពីទីវាលនោះក៏ដោយ អែលលីណាលើកដៃជូតទឹកភ្នែកបន្តិចទាំងសប្បាយចិត្ត យ៉ាងហោចក៏អង្គម្ចាស់មេគ៌បន្សល់ទុកទាយាទម្នាក់ជាសាច់ឈាមនៅលើលោកនេះដែរ។
«ព្រះនាងអែលលី..ព្រះនាង» ភាពស្ងប់ស្ងាត់មុននោះក៏បែរជាត្រូវបានសំឡេងអ៊ូអរមួយចូលមកជំនួស គ្រប់គ្នាដែលនៅទីនោះក៏ងាកទៅមើល អែលលីណានឹងជុននីអូក៏ងាកទៅមើល មានក្រុមប្រជាជនជាច្រើននាំគ្នាដង្ហែគ្នាចូលមក សម្ដៅមករកអែលលីណា ក្រុមការពាររបស់សេតវិមានទាំងអស់ក៏នាំគ្នាឈររាំងពីអែលលីណានឹងជុននីអូព្រោះក្រែងថាពួកគេនឹងមកធ្វើបាបអែលលីណាទៀត អ្នកអង្គម្ចាស់ជុងឯណោះក៏យាងនាំព្រះកាយទៅរកម្ចាស់ប្អូនភ្លាមមិនបង្អង់តែបានតែប៉ុន្មានជំហានទ្រង់ក៏ឈប់កាលបើប្រជាជនទាំងនោះក៏លុតជង្គង់ពីមុខអែលលីណានឹងជុននីអូ ក្បាលពួកគេក៏ក្រាបដល់ដីតែម្ដង។
«ពួកយើងមកក្រាបសុំខមាទោសពីព្រះនាង ពួកយើងត្រចៀកស ពួកយើងជាមនុស្សវិបល្លាសដែលមិនបានគិតជ្រៅជ្រះនឹងថ្លើមធំហ៊ានធ្វើបាបព្រះនាង..សូមព្រះរាជទានទោសឲ្យពួកយើងផងព្រះនាង ពួកយើងសុំខមាទោស» ពួកគេនិយាយឡើងព្រមៗគ្នា ជុននីអូក៏ភាំងនឹងងាកមើលទៅអែលលីណាបន្តិច នាងងាកមើលពួកគេម្ដងម្នាក់ៗរួចក៏បិទភ្នែកសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ នាងក៏នឹកឃើញដល់រឿងដែលបានកើតឡើង គ្រាដែលនាងយំនឹងលើកដៃសំពះឲ្យពួកគេឈប់តែពួកគេនៅតែបន្តព្រោះតែកំហឹងនឹងការការពារព្រះនាងអែលឡាឯណោះ នាងយល់..
«អ្នកទាំងអស់គ្នាក្រោកឡើងមក..» អែលលីណាក៏និយាយឡើងស្របនឹងឡានប៉ុន្មានគ្រឿងបើកចូលមកដែលវាជាឡានរបស់ជុននីអូ អែលលីណាក៏បន្តបោះជំហានចូលទៅមុខតិចៗរួចទម្លាក់ជង្គង់ចុះនៅចំពោះមុខពួកគេនាំឲ្យគ្រប់គ្នាក្រាបក្បាលដល់ដីលែងហ៊ានងើបតែម្ដង។
«ខ្ញុំអរគុណសម្រាប់ការសុំខមាទោសរបស់អ្នកគ្រប់គ្នា ហើយក៏អរគុណដែលអ្នកគ្រប់គ្នាស្មោះត្រង់នឹងជាបញ្ញើដល់អែលឡាកន្លងមក តែខ្ញុំ..ខ្ញុំមិនមែនជាព្រះនាងរបស់អ្នកគ្រប់គ្នាទៀតឡើយ..»
«អែល..» អ្នកអង្គម្ចាស់ជុងហ្គុកដែលនៅក្បែរនោះក៏ឧទានឡើងទាំងភ្នែករលីងរលោងកាលបើលឺម្ចាស់ប្អូនប្រកាសបែបនេះតែទ្រង់ក៏មិនបានឃាត់ ទ្រង់គោរពតាមការសម្រេចរបស់នាងជានិច្ច។
«ព្រះនាងអែលលីទ្រង់បានសោយទិវង្គតបាត់ទៅហើយ វិញ្ញាណនឹងរាងកាយទ្រង់បានសម្រាកស្រួលទៅហើយ ទីនេះសល់តែអែលលីណា..ក្មេងស្រីធម្មតាម្នាក់ដែលកើតមកជាក្មេងកំព្រា ក្មេងដែលមានលោកប៉ា២ដែលប្រកបដោយគន្លងធម៌ រស់នៅក្នុងជីវិតដ៏សាមញ្ញមួយ ខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងយល់ណា៎ អរគុណណាស់» អែលលីណាក៏អោនក្បាលគោរពពួកគេបន្តិចរួចក៏លូកដៃឲ្យជុននីអូជួយលើកនាងឡើង ជុននីអូក៏គ្រានាងរួចនាំនាងទៅកាន់ឡាន អែលលីណាក៏បានត្រឹមងាកមើលទៅអ្នកអង្គម្ចាស់ជុងហ្គុក ម្ចាស់បងកាលពីអតីតជាតិរបស់នាងរួចក៏ញញឹម។
«តែព្រះនាងនឹងយាងមករស់នៅក្នុងប្រទេសវិញទេ? ពួកយើងសុំអង្វរព្រះនាង..លោកប្រធានាធិបតីនឹងមើលថែព្រះនាងមែនទេ? ពួកយើងសុំអង្វរ..» ក្រុមប្រជាជននោះក៏និយាយឡើងនាំឲ្យអែលលីណាងើបមើលទៅជុននីអូបន្តិចរួចញញឹមស្ងួតរួចចូលទៅអង្គុយក្នុងឡានបាត់ទៅ។
អ្នកអង្គម្ចាស់ជុងហ្គុកក៏ឈរសំឡឹងមើលអែលលីណានឹងជុននីអូចាកចេញទៅយ៉ាងស្ងប់ស្ងាត់ ព្រះនាងហ្វីលីណាក៏ចូលទៅអោបកាន់ស្មាស្វាមីជាប់នឹងប៉ះច្របាច់ស្មាទ្រង់។
«ចុះព្រះនាងអែលឡាទ្រង់យាងទៅណាហើយក្រាបទូល?!» លូសុីដែលនៅឈរក្បែរបុត្រាដេវីននៀក៏សួរនាំទ្រង់ បុត្រាក៏ងាកសំឡឹងទៅឆ្ងាយបន្តិចរួចព្រលែងខ្យល់ដង្ហើមធំបន្តិច។
«ម្ចាស់មីងអែលឡានឹងម្ចាស់សូរិកបាននារទេះខ្លួនចេញពីប្រទេសទៅហើយព្រោះតែទ្រង់ដឹងខុសនឹងរឿងដែលបានធ្វើលើម្ចាស់មីងអែលលី ទ្រង់មិនបានយកអ្វីទៅឡើយពោលគឺពួកទ្រង់ទៅរស់នៅក្នុងនាមជាអ្នកស្រែចម្ការធម្មតាប៉ុណ្ណោះ» លូសុីក៏ភាំងបន្តិចពីដំណឹងមួយនេះ បុត្រាដេវីននៀក៏ងាកមើលទៅបិតារួចរលីងរលោងបន្តិច។
«បិតាពេលនេះលែងសល់អ្នកណាទៀតហើយ..»
![](https://img.wattpad.com/cover/296815668-288-k79404.jpg)
YOU ARE READING
ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]
Fanfiction- ជុននីអូ ហ្វាល់លីដា x អែលលីណា ប៉ីអាន់ហ្ស៉ី