តុក! តុក!
សម្លេងគោះទ្វាបន្លឺឡើងដាស់ថេយ៉ុងឱ្យភ្ញាក់ពីដំណេក ថេយ៉ុងងើបអង្គុយរួចទាញទូរសព្ទមើល វាទើបតែម៉ោង6ប៉ុណ្ណោះ តើអ្នកណាមករកអីទាំងព្រឹកហ្នឹង?
ក្រាក!
"អា៎វ! ជីមីន មករកអីទាំងព្រឹកហ្នឹង!" ថេយ៉ុងនិយាយសម្លេងស្អកៗទាំងមិនទាន់បាត់ងងុយនៅឡើយ។
ជីមីនមិនបានតបនឹងសំណួរមិត្តឡើយ តែទឹកមុខបញ្ជាក់ថាគេមិនសូវសប្បាយចិត្ត ប្រហែលជាមានរឿងនៅផ្ទះហើយ មិនចឹង!សង្ស័យឈ្លោះគ្នាជាមួយយ៉ុនហ្គី។
"មើល៎...ឯងសាកនិយាយទៅមើល មានរឿងអី! ឈ្លោះជាមួយលោកយ៉ុនហ្គីមែនទេ?" ពួកគេដាក់ខ្លួនអង្គុយព្រមគ្នា បន្ទាប់មកថេយ៉ុងក៏សួរមូលហេតុដែលសម្លាញ់តែម្នាក់មកដល់ខនដូររបស់គេ។
"គឺយើងសុំគាត់ទៅធ្វើការវិញ! យើងមិនចង់ឱ្យអ្នកណានិយាយថាយើងដេកស៊ីចាយលុយប្ដីនោះទេ តែបងយ៉ុនគាត់មិនព្រម!" ជីមីនទាំងទឹកមុខតានតឹង។
"ហើយក៏រត់មកទីនេះ...ម៉េចមិននិយាយជាមួយគាត់ឱ្យច្បាស់ទៅ!" ថេយ៉ុងតប។
"ហ៉ើយ!យើងនិយាយច្បាស់ហើយ គាត់ទៅវិញទេដែលមិនព្រមឱ្យយើងទៅធ្វើនៅទីនោះ ព្រោះហេតុផលមិនចូលចិត្តលោកជុង!" ជីមីនដកដង្ហើមធំព្រោះមិនពេញចិត្តហេតុផលដែលយ៉ុនហ្គីលើកមក។
ថេយ៉ុងសាកគិតតិចក៏តសម្ដីមិត្ត...
"អ្ហឹម!យើងថាមិនចម្លែកទេដែលគាត់មិនចូលចិត្តលោកជុងនោះ! ឯងដឹងច្បាស់ហើយថាគេគិតបែបណាចំពោះឯង..."
"តែយើងនឹងគាត់ត្រឹមជាចៅហ្វាយនិងកូនចៅប៉ុណ្ណោះ មិនបានគិតអីលើសពីនេះទេ"
"ឯងមិនគិត...តែប្រាកដឬអត់ថាគេមិនគិតនោះ! ជីមីនបើឯងពិតជាចង់ទៅធ្វើការនៅទីនោះមែន គួរតែទៅនិយាយជាមួយគាត់ហើយលើកហេតុផលសមស្របមួយ យើងគិតថាលោកយ៉ុនមិនចិត្តអាក្រក់នោះទេ" ថេយ៉ុងនិយាយត្រូវ។ ជីមីនគួរតែទៅនិយាយរឿងនេះជាមួយយ៉ុនហ្គីម្ដងទៀត បើមានបញ្ហាគួរតែឆាប់ដោះស្រាយ កុំយូរព្រោះវាគ្មានផលល្អចំពោះពួកគេទាំងពីរនោះទេ។
ក្រោយពីពិភាក្សាគ្នាចប់ហើយថេយ៉ុងក៏ចូលទៅងូតទឹកបាត់ ដោយទុកឱ្យជីមីនអង្គុយតែម្នាក់ឯងនៅក្នុងបន្ទប់ទទួលភ្លៀវ។ រយៈពេលថេយ៉ុងកំពុងតែងូតទឹក ជីមីនឆ្លៀតជួយរៀបចំបន្ទប់ឱ្យថេយ៉ុង មិនតែប៉ុណ្ណោះថែមទាំងធ្វើអាហារពេលព្រឹកឱ្យគេទៀតផង ពិតជាមិត្តល្អកំររកបានមែន។
យ៉ុនហ្គីរៀបចំខ្លួនរួចរាល់ក៏ចុះទៅខាងក្រោមទាំងទឹកញញឹមញញែម ដោយរំពឹងថាប្រពន្ធជាទីស្រឡាញ់ប្រាកដជានៅខាងក្រោមហើយ តែផ្ទុយទៅវិញជីមីនមិនបាននៅទីនេះទេ ដូច្នេះយ៉ុនហ្គីក៏សួរអ៊ំស្រីមេផ្ទះ៖
"អ៊ំស្រីមានឃើញប្រពន្ធខ្ញុំឬអត់?"
"ចាស៎ អ្នកប្រុសចេញទៅតាំងពីព្រឹកម្ល៉េះ តែគាត់មិនប្រាប់ថាទៅណាទេ!" អ៊ំស្រីតប
"បាទ" យ៉ុនហ្គីកំពុងគិតថាតើជីមីនទៅណា ការងារក៏មិនទាន់មាន ឬមួយខឹងនាយទេដឹង?
"គ្មានសុជីវធម៌ ចង់ទៅណាមកណាតាមតែចិត្តឯង..." ស្ងាត់បានបន្តិចលោកមីនក៏តទាំងមិនពេញចិត្ត ពេលដឹងថាកូនប្រសារចេញទៅខាងក្រៅដោយមិនប្រាប់អ្នកផ្ទះឱ្យដឹង។
"បង...បានហើយ! ឆាប់ពិសារបាយទៅប្រយ័ត្នទៅធ្វើការយឺត" លោកស្រីកាត់សម្ដីស្វាមីព្រោះមិនចង់ធ្វើឱ្យកូនប្រុសពិបាកចិត្ត។ ក្រោយពីញុំាអាហារពេលព្រឹករួចយ៉ុនហ្គីនិងលោកមីនក៏ទៅក្រុមហ៊ុន រីឯលោកស្រីនៅជួយរៀបចំផ្ទះបាយសិន ថ្ងៃបន្ដិចបានចេញទៅខាងក្រៅជួបមិត្ត។
នៅលើឡានកំពុងតែធ្វើដំណើរទៅក្រុមហ៊ុន យ៉ុនហ្គីព្យាយាមទាក់ទងទៅជីមីនដែរ តែគេមិនលើកទូរសព្ទតតែសោះ មិនតែប៉ុណ្ណោះនៅចុចបិទទៀតផង ជីមីនលេងមួយក្បាច់នេះយ៉ុនហ្គីទោលតម្រិះហើយ។
ថេយ៉ុងអង្គុយញុំាបណ្ដើរក្រវីក្បាលបណ្ដើរ ព្រោះដឹងថាជីមីនកំពុងតែធ្វើបាបយ៉ុនហ្គី។ មើលចុះគេខលច្រើនដងហើយតែមិត្តសម្លាញ់គេនៅវាយរឹកមិនខ្ខីទទួលហើយថែមទាំងបិទទៀត មិនដឹងថាអ្នកខាងនោះក្ដៅចិត្តប៉ុណ្ណាទេ។
រសៀលម៉ោង៣យ៉ុនហ្គីកំពុងតែអង្គុយធ្វើការ ជីមីនក៏ទាក់ទងមក ដោយខលបបួលយ៉ុនហ្គីញុំាអាហារពេលល្ងាចនៅភោជនីដ្ឋានមាត់ទឹក។ យ៉ុនហ្គីដាក់ទូរសព្ទចុះទាំងទឹកមុខញញឹម ទីបំផុតជីមីនទាក់ទងមកហើយថែមទាំងបបួលទៅញុំាអីទៀត សប្បាយចិត្តជាងត្រូវឆ្នោត១០០លានទៀត។
ឌីហ្សីកាន់ឯកសារចូលមកក៏លួចញញឹមតិចៗពេលឃើញចៅហ្វាយសើចសប្បាយរីករាយ។
"ឯកសារដែលចៅហ្វាយត្រូវការ ខ្ញុំទុកនៅទីនេះ"
"អ្ហឹម! អរគុណ អស់កិច្ចការឯងចេញទៅវិញចុះ"
"បាទចៅហ្វាយ" ដាក់ឯកសារនៅលើតុរួចឌីហ្សីក៏ទៅធ្វើការរបស់គេបន្ដ។
....
នៅភោជនីដ្ឋាននៅលើទឹកមួយដែលកំពុងតែទទួលបានភាពល្បីល្បាញជាងគេ គឺមានវត្តមានកម្លោះសង្ហាអង្គុយរង់ចាំមនុស្សជាទីស្រឡាញ់ទាំងទឹកមុខញញឹម តាមកែវភ្នែកនឹងកាយវិការគេដូចជាសប្បាយចិត្តខុសធម្មតា តែបន្ទាប់ពីមានមនុស្សម្នាក់បង្ហាញខ្លួននៅចំពោះមុខគេស្នាមញញឹមនោះក៏បាត់ជំនួសឱ្យការភ្ញាក់ផ្អើលវិញ។
"សួស្ដីលោក!" ម៉ូម៉ូនិយាយទាំងញញឹមទៅកាន់យ៉ុនហ្គី មិននឹកស្មានថាបានជួបគ្នាម្ដងទៀតសោះ។
"បាទ សួស្ដី!" គ្រាន់តែស្រីស្អាតនិយាយពាក្យគួរសមយ៉ុនហ្គីរហ័សតប។
"ចៃដន្យមែន! នេះមកតែម្នាក់ឯងទេហេស៎!" នាងនៅតែសួរបន្ដខណៈឃើញគេអង្គុយតែម្នាក់ឯង។
"អត់ទេ! ចុះអ្នកនាង?" យ៉ុនហ្គីតបរួចក៏សួរទៅវិញ។
"ខ្ញុំមកជាមួយមិត្តរៀបនឹងទៅវិញហើយ បើអ៊ីចឹងខ្ញុំសុំលាសិនហើយខ្លាចមិត្តចាំយូរ" នាងតប។
យ៉ុនហ្គីញញឹមរួចនាងក៏ចាកចេញ បន្ទាប់មកជីមីនក៏ដើរចូលមកដោយជ្រួសផ្លូវគ្នាជាមួយម៉ូម៉ូ តែវត្តមានរបស់គេមិនអាចគេចពីក្រសែភ្នែករបស់នាងឡើយ។
"ចាំយូរទេ?" ជីមីនសួរខណៈពេលដាក់ខ្លួនអង្គុយ។
"អត់ទេ!" យ៉ុនហ្គីក្រវីក្បាលតិចៗបញ្ជាក់ចាមិនយូរទេ សម្រាប់ជីមីនទោះបីជាយូរជាងនេះក៏នាយអាចចាំបានដែរ។
ពេលមកដល់ភ្លាមពួកគេមិនទាន់និយាយរឿងរបស់ជីមីនឡើយ គឺនាំគ្នាកម្មង់អីញុំាជាមុនសិនព្រោះម្នាក់ៗមើលទៅឃ្លានដែរ។ មិនដល់១០នាទីបុគ្គលិកក៏លើកអាហារដែលពួកគេបានកម្មង់មក ហើយពួកគេក៏ចាប់ផ្ដើមញុំាវាដោយស្ងៀមស្ងាត់។ អាហារមួយពេលបានបញ្ចប់ពួកគេក៏រកកន្លែងគួរសមមួយដើម្បីនិយាយគ្នារឿងកាលពីម្សិលមិញ ដោយសារតែជីមីនមានហេតុផលល្អមួយទើបយ៉ុនហ្គីព្រមឲ្យប្រពន្ធត្រឡប់ទៅធ្វើការជាមួយជុងហ្គុកវិញ ទោះបីជាគេមិនសូវពេញចិត្តក៏ដោយឲ្យតែជីមីនសប្បាយចិត្តគេព្រមគ្រប់យ៉ាង។
......
ព្រឹកថ្ងៃថ្មីថ្មិចៗបើកកន្លងទៅមួយសប្ដាហ៍បាត់។ ហើយថ្ងៃនេះដែលជាថ្ងៃដែលជីមីននឹងចូលទៅធ្វើការនៅក្រុមហ៊ុន ចនគ្រុបម្ដងទៀតដោយមានការទទួលស្វាគមន៍ពីម្ចាស់ក្រុមហ៊ុននិងមិត្តរួមការងារ។ ជីមីនពិតជាសប្បាយចិត្តណាស់ដែលទទួលបានការស្វាគមន៍ពីអ្នកគ្រប់គ្នា តាំងពីឈានជើងចូលមកដល់គេញញឹមឥតដាច់ព្រោះភាពរួសរាយរាក់ទាក់ពីពួកគេ។
"តុធ្វើការថ្មីរបស់ជីមីន ពេញចិត្តទេ?" ជុងហ្គុកឃើញជីមីនសម្លឹងយូរពេកក៏សួរ។
"បាទពេញចិត្ត អរគុណលោកហើយ" ជីមីនញញឹមរួចតប។
"ដោយក្ដីរីករាយ អ៊ីចឹងធ្វើការចុះខ្ញុំមិនរំខានទេ! បើមិនយល់ត្រង់ណាអាចសួរខ្ញុំបាន!"
"បាទ លោកប្រធាន!" ជុងហ្គុងញញឹមបិទមាត់មិនជិតពេលឮជីមីនហៅខ្លួនថាលោកប្រធានម្ដងទៀត បន្ទាប់មកនាយក៏ចូលទៅខាងក្នុងដើម្បីពិនិត្យមើលការងារ។ ចំណែកឯជីមីនវិញរៀបចំរបស់របររួចរាល់ក៏ចាប់ផ្ដើមមើលឯកសារដែលមាននៅលើតុស្រាប់ គឺជុងហ្គុករៀបទុកឲ្យកាលពីល្ងាចមិញ។
ពេលចេញពីធ្វើការជីមីនត្រូវធ្វើដំណើរទៅកន្លែងធ្វើការរបស់យ៉ុនហ្គី ព្រោះគាត់បានណាត់ជេហូបនិយាយរឿងខ្លះ តែបើចាំមិនខុសទេប្រហែលទាក់ទងរឿងកាលពីប៉ុន្មានខែមុនដែលជីមីនជួបគ្រោះថ្នាក់ចរាចរណ៍។ អំឡុងពេលកំពុងរៀបចំតុធ្វើការថេយ៉ុងក៏ខល រ៉ឺងៗ ជីមីនទទួករួចនិយាយ៖
"អាឡូ! ថេយ៉ុងមានការអីឬ?"
(អាឡូ! ជីមីនល្ងាចឯងទំនេរឬអត់? យើងចង់បបួលឯងទៅផ្សារ)
"សុំទោសផងថេយ៍! យើងមិនបានទៅទេមានណាត់ជាមួយបងយ៉ុន"
(អ្ហឹម! មិនអីទេ)
"ប៉ុណ្នឹងសិនចុះថេយ៍"
បញ្ចប់ការសន្ទនាម្នាក់ក៏ដាក់ទូរសព្ទចុះព្រោះមានធុរៈរៀងៗខ្លួនដែលត្រូវធ្វើ។ មូលហេតុដែលជីមីនមិនអាចទៅជាមួយមិត្តសម្លាញ់បានព្រោះត្រូវទៅក្រុមហ៊ុនស្វាមី ព្រោះគេខានជួបគ្នាពីរបីថ្ងៃហើយ រីឯថេយ៉ុងកាលបើមិត្តរវល់ហើយមានតែទៅម្នាក់ឯងប៉ុណ្ណោះ។
"អា៎វ! អ្នកប្រុសមីនសូមអញ្ជើញចៅហ្វាយចាំនៅខាងក្នុង" ឌីហ្សីនិយាយប្រាប់ចៅហ្វាយតូចរួចក៏បើកទ្វាឲ្យ
"បាទ អរគុណ" ជីមីននិយាយអរគុណហើយក៏ចូលទៅខាងក្នុង ឃើញស្វាមីនិងបុរសសង្ហាសាច់សម៉ត់រលោងអង្គុយនៅលើសាឡុងទល់មុខយ៉ុនហ្គី។
ជេហូបញញឹមរួចក៏អញ្ជើញប្រពន្ធមិត្តសម្លាញ់អង្គុយទាំងដែលទីនេះជាការិយាល័យរបស់យ៉ុនហ្គីសោះ។ ជីមីនញញឹមរួចក៏ដាក់ខ្លួនអង្គុយក្បែរស្វាមី មិនជាវែងឆ្ងាយពួកគេក៏ចាប់ផ្ដើមចូលសាច់ការតែម្ដង ភ្លាម២នោះជេហូបក៏ដករូបមួយសន្លឹកហុចឲ្យសម្លាញ់មើល រួចនិយាយ៖
"យើងរកឃើញឡានដែលបើកបុកប្រពន្ធឯងកាលពី២ថ្ងៃមុននៅក្រាសមួយកន្លែងដែលមិនឆ្ងាយពីកន្លែងកើតហេតុទេ យើងបានសួរម្ចាស់លក្រាសនោះគេបាននិយាយថា មុនថ្ងៃកើតហេតុមួយថ្ងៃមានបុរសម្នាក់ពាក់មួយខ្មៅមកជួលឡាននេះយកទៅប្រើប្រាស់ពីរបីថ្ងៃ ដោយសារតែគេឲ្យតម្លៃជួលខ្ពស់ទើបម្ចាស់យល់ព្រម ហើយយើងបានសុំឆែកកាមេរ៉ាសុវត្ថិភាពក៏ឃើញបុរសនៅក្នុងរូបនេះ...." ជេហូបនិយាយដល់ត្រឹមនេះយ៉ុនហ្គីនិងជីមីនក៏លើករូបនោះមកមើល ជីមីនឧទានទាំងភ្ញាក់ផ្អើល៖
"គឺជាគេ...បុរសអាថ៌កំបាំងដែលអូនប្រាប់ថាអូនឃើញមុខគេមុននឹងអូនសន្លប់នោះអី!" គ្រាន់តែឮដូច្នេះជេហូបនិងយ៉ុនហ្គីមើលមុខគ្នា។
"ប្រាកដហើយ?" ជេហូបសួរបញ្ជាក់ម្ដងទៀត បើបុរសម្នាក់នេះជាជនបង្កហេតុពិតមែនខាងប៉ូលីសកាន់តែងាយស្រួលស៊ើបអង្កេត។ មិនតែប៉ុណ្ណោះពួកគេនឹងបានដឹងពីបំណងពិតប្រាកដរបស់ជនល្មើស។
"បាទ ប្រាដកណាស់!" ជីមីនតបទាំងមិនស្ទាក់ស្ទើ ព្រោះគេច្បាស់ថាជាបុរសនៅក្នុងរូបនេះមួយរយភាគរយ។
"បើចឹងល្អណាស់ ចឹងនៅសល់ចាំខ្ញុំចាត់ការកុំបារម្ភអី!" ជេហូបតប។
"អរគុណឯងហើយដែលជួយកន្លងមក ជេហូប!" យ៉ុនហ្គីពិតជាអរគុណជេហូបណាស់ដែលតែងតែជួយគេកន្លងមក មិនថាគេនៅក្នុងស្ថានភាពបែបណាឡើយ នេះហើយពាក្យថាមិត្ត គឺមិនមិនបោះបង់គ្នាចោលក្នុងគ្រាលំបាក។
"អ្ហឹម! បើមានអារម្មណ៍មិនស្រួលអាចទាក់ទងទៅយើងបានគ្រប់ពេល អស់ធុរៈហើយយើងសុំលាទៅសិនហើយ លាហើយជីមីន!" ជេហូបលាមិត្តសម្លាញ់ហើយក៏មិនភ្លេចលាជីមីនដូចគ្នា ដោយសារនាយមានកិច្ចការត្រូវធ្វើបន្ដទៀត ទើបមិនអាចទៅញុំាអាហារពេលល្ងាចជាមួយពួកគេបាន យ៉ុនហ្គីយល់ច្បាស់ណាស់ការងារដូចជាជេហូបរវល់ណាស់ ពេលខ្លះមិនបានសម្រាកផងក៏មាន។
"បាទ" ជីមីនញញឹមតប។ ចំណែកឯយ៉ុនហ្គីជូនដំណើរមិត្តត្រឹមជណ្ដើរយន្ដក៏ត្រូវជេហូបដេញឲ្យមកមើលប្រពន្ធវិញ តែរឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះប៉ូលីសសង្ហារបស់យើងក៏ឆ្លៀតប្រាប់ដំណឹងអាក្រក់មួយគឺបុរសដែលជាជនបង្កជាកូនចៅលោកហ្វាងជាអតីតប៉ាក្មេករបស់យ៉ុនហ្គី។ នាយក្រាសហួសចិត្តមិនស្ទើនោះកាលបើដឹងថាមនុស្សដែលខ្លួនធ្លាប់គោរពស្រឡាញ់មានចិត្តកាចសាហាវដល់ថ្នាក់នេះ។ តេបើគាត់ប្រកាសជាសត្រូវក្រតូលមីនហើយ នាយនឹងកំដរគាត់ ដូច្នេះកុំចោតថាក្មេងឈ្លើយឲ្យសោះ។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (Complete)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023