ព្រឹកថ្ងៃថ្មី~
នៅក្នុងបន្ទប់តូចល្មមក៏បង្ហាញឱ្យឃើញមនុស្សពីរនាក់កំពុងតែគេងឱបគ្នាយ៉ាងល្អិតរមួតដូចជាស្ករតាំងម៉ែយ៉ាងអញ្ចឹង នាយក្រាស់បើកភ្នែកសន្សឹមប៉ះនឹងផ្ទៃមុខសរលោងស្អាតគ្មានកន្លែងទាស់ ដោយទ្រាំនឹងថ្ពាល់ប៉ោងៗមិនបាននាយក៏ឆក់យកស្នាមថើបមួយខ្សឺត។ ពេលទទួលបានស្នាមថើបពីស្វាមីរាងតូចក៏មានអារម្មណ៍ដឹងថានរណាម្នាក់កំពុងតែរំខានដំណេកខ្លួន ដៃតូចស្រឡូនលើកញីភ្នែករួចត្របកភ្នែកតូចស្ដើងក៏បើកភ្នែកសន្សឹមៗប្រទះនឹងសាច់មុខម៉ដ្ឋសខ្ចីដូចបន្ដូរចេក ស្នាមញញឹមនៅលើផ្ទៃមុខនាយតូចខណៈពេលគយគន់មុខដ៏ស្រស់សង្ហារបស់ស្វាមី។
« ឈប់មើល...ល្មមងើបបានហើយ! អូនត្រូវទៅធ្វើការណា៎! »កាលបើនាយក្រាស់សម្លឹងខ្លួនមិនព្រិចភ្នែកសោះ ជីមីន អៀនមុខឡើងក្រហម សុំឱ្យស្វាមីឈប់សម្លក់សម្លឹងខ្លួនហើយឆាប់ងើបព្រោះគេត្រូវទៅធ្វើការ។
« បាទ ចឹងអូនទៅងូតទឹកមុនចុះបងសុំគេងបន្ដិចទៀតសិន »នាយក្រាស់ដេញឱ្យប្រពន្ធទៅងូតទឹករីឯនាយសុំគេងបន្ដទៀតសិន ព្រោះនាយមិនប្រញាប់ដូចជារាងូចឡើយ ចង់ទៅលើសកន្លះម៉ោងក៏គ្មានអ្នកណាហ៊ានថាអោយដែរ។
« ហឹម...ល្មោបគេងមែន! »ជីមីន ងើបអង្គុយមុននឹងថាឱ្យស្វាមីទាំងលួចសើចតិចៗ រីឯនាយក្រាស់គេងសម្លក់ប្រពន្ធឱ្យថ្លែរព្រោះតែរាងតូចហ៊ានលេងសម្ដីដាក់ខ្លួន អាងតែនាយក្រាស់ស្លូតមិនហ៊ានស្ដីបន្ទោសទើបគេបានដៃ សង្ស័យលើកក្រោយត្រូវប្រើធម៌ក្ដៅបន្ដិចហើយ កុំឱ្យក្មេងបានចិត្ត។
ពេលរាងតូចចូលបន្ទប់ទឹកបាត់ យ៉ុនហ្គី ក៏ទម្រេតខ្លួនបិទភ្នែកគេងបន្ដ តែមិនទាន់នឹងបិទភ្នែកបាន៥នាទីផងសម្លេងទូរសព្ទក៏រោទ៍។
រីង! រីង!
យ៉ុនហ្គី យកទូរសព្ទមកមើលក៏ឃើញថាលេខរបស់ ឌីហ្សី ក៏ប្រញាប់ចុចទទួលក្រែងគេមានការងារអីជាបន្ទាន់ នាយក្រាស់លើកទូរសព្ទមកផ្អឹមនឹងត្រចៀករួចឧទាន៖
« ហាឡូ! »
« បាទ ចៅហ្វាយ...គឺលោកម្ចាស់ឱ្យខលតាមចៅហ្វាយជាបន្ទាន់ទាន »
« ហើយលោកប៉ារកយើងមានការអី? »
« ខ្ញុំក៏មិនដឹងដែរ តែតាមមើលទឹកមុខគាត់មិនសូវល្អប៉ុន្មានទេ ចៅហ្វាយឆាប់មកឥឡូវនេះមកគាត់កំពុងតែចាំ »
« អឹម យើងទៅហើយប៉ុណ្ណឹងសិនចុះ »និយាយជាមួយកូនចៅរួចនាយដាក់ទូរសព្ទចុះហើយងើបទៅប្ដូរសម្លៀកបំពាក់ទាំងមិនទាន់សម្អាតខ្លួន នាយក្រាស់ស្រែកប្រាប់ប្រពន្ធថាខ្លួនមានការត្រូវទៅជាបន្ទាន់មិនបានជូនទៅធ្វើការឡើយ រីឯ ជីមីន ក៏តបពីក្នុងបន្ទប់ទឹកវិញ ប្រាប់ឱ្យនាយទៅចុះគេអាចទៅដោយខ្លួនឯងបាន។ យ៉ុនហ្គី ចេញទៅបានមួយសន្ទុះរាងតូចក៏ចេញពីបន្ទប់ទឹកវិញហើយរុំកន្សែងត្រឹមចង្កេះហើយដើរសំដៅទៅទូរដាក់សម្លៀកបំពាក់យកខោអាវមួយឈុតដែលត្រូវពាក់ទៅធ្វើការថ្ងៃនេះ ក្រោយពីរៀបចំខ្លួនស្អាតបាតហើយរៀបនឹងចេញទៅហើយស្រាប់តែឃើញកាបូបលុយនាយក្រាស់ភ្លេចនៅលើតុ ជីមីន ក៏ដើរយកមកមើលឃើញរូបខ្លួននិងស្វាមីថតកាលពី២ឆ្នាំមុន នាយតូចលើកដៃហើយស្ទាបលើរូបនោះទាំងសប្បាយរីករាយ ពិតជាត្រេកអរខ្លាំងណាស់ដែលតែងតែទុកគេជាមនុស្សសំខាន់នៅក្នុងជីវិតរបស់គាត់។
ជើងមាំក្រាស់សម្បូរទៅដោយកម្លាំងក៏ឈានចុះពីលើឡានហើយដើរចូលទៅខាងក្នុងដោយមានប៉ាម៉ាក់ លោកប៉ាក្មេក និងមនុស្សស្រីម្នាក់ទៀតដែលមាននាមជាភរិយាក្លែងក្លាយ។ គ្រាន់តែ យ៉ុនហ្គី បង្ហាញខ្លួននៅចំពោះមុខក៏មានកែវភ្នែកជាច្រើនងាកមកសម្លក់នាយទាំងខឹងសម្បារ នាយក្រាស់ហាក់មានចម្ងល់ជាខ្លាំងពេលឃើញពួកគាត់នៅជុំគ្នា។
« បងកូនយ៉ុនមកហើយ... »លោកស្រីនិយាយតិចៗក្បែរត្រចៀកស្វាមីប្រាប់គាត់ឱ្យបានដឹង ពេលកូនប្រុសជាទីស្រឡាញ់កំពុងតែបោះដំណើរសំដៅមកទីនេះ។ លោកយ៉ុនមិនតបគិតតែអង្គុយសម្លឹងកូនទាំងក្នុងចិត្តក្ដៅដូចបាយពុះ តាមចិត្តគាត់ចង់តែចូលទៅដាល់កូនឱ្យបាត់ល្ងង់ទេ ពេញមួយយប់គាត់សម្រានមិនលក់បាយមិនពិសារ ព្រោះតែគិតដល់រឿងដែល ជីមីន បានប្រាប់។
« លោកប៉ា! មានការអីជាមួយខ្ញុំ? »យ៉ុនហ្គី ទ្រាំមើលក្រសែភ្នែកដែលមើលមកនាយដូចជាមនុស្សចម្លែកមិនបាន នាយក៏សួរពីបំណងដែលលោកប៉ាហៅមកប្រញាប់បែបនេះ ហើយកាន់តែចម្លែកនោះក៏មានវត្តមានលោកហ្វាងនៅទីនេះដែរ។
« អាកូនជើងល្អ ឯងធ្វើបែបនេះបានដោយរបៀបណា? ហាស៎!? »ភ្លាមៗលោកមីនស្រែកសួរកូនខណៈពេលលោកកាន់អេតាសុីវិលមួយច្បាប់នៅក្នុងដៃហើយបោះទៅលើតុទាំងកំរោល។
ប្រាវ!!
យ៉ុនហ្គី ហាក់ស្រឡាំងកាំងជាខ្លាំងពេលឃើញបែបនេះ ព្រោះមិននឹកស្មានថាគាត់ដឹងរឿងលឿនដល់ថ្នាក់នេះ ប៉ុន្ដែគាត់ដឹងបានដោយរបៀបណា? អ្នកណាជាអ្នកប្រាប់? នាយគិតបានត្រឹមនេះក៏ងាកទៅសម្លឹង ជីនហ៊ី ដែលឈរនៅក្បែរប៉ារបស់នាងយ៉ាងស្ងៀមស្ងាត់ ជានាងមែនទេ? រីឯនាងគ្រាន់តែមើលក៏ដឹងថា យ៉ុនហ្គី គិតបែបណាចំពោះខ្លួនដែរ គេប្រហែលជាគិតថានាងជាអ្នកប្រាប់លោកមីនហើយមើលទៅ បើអាចនាងចង់ប្រាប់នាយថាខ្លួនមិនបានធ្វើឡើយតែមិនអាចបានត្រឹមតែឈរស្ងៀមមួយកន្លែង។
« លោកប៉ាខ្ញុំសុំទោស...រួមទាំងលោកផងដែរ! »យ៉ុនហ្គី ឱនគោរពជាការសុំអភ័យទោស ជាពិសេសលោកហ្វាងមើលទៅគាត់មិនលើកលែងឱ្យនាយឡើយ ហើយមនុស្សដែលនាយបារម្ភជាងគេនៅពេលនេះគឺប្រពន្ធជាទីស្រឡាញ់។
« ទុកពាក្យសុំទោសរបស់ឯងវិញចុះយើងមិនត្រូវការទេ អាមនុស្សរមើលគុណ...»លោកមីន ឧទានទាំងមិនសុខចិត្ត គិតថាថាសុំទោសហើយគ្រប់យ៉ាងនឹងចប់មែនទេ! មនុស្សដូចគាត់មិនព្រមដោះលែងនរណាឡើយ ជាពិសេសមនុស្សដូចជា យ៉ុនហ្គី ដែលហ៊ានប្រមាថជាន់ឈ្លីបុគ្គលដែលមានអំណាចដូចជាគាត់។
« លោកប៉ា!វាជាកំហុសរបស់ខ្ញុំទេ គឺខ្ញុំសុំឱ្យគាត់ធ្វើបែបនេះ កុំបន្ទោសលោកយ៉ុនអី! លោកប៉ាកូន... »ជីនហ៊ី ឃើញក្រសែភ្នែកលោកប៉ាដែលសម្លឹងមើល យ៉ុនហ្គី នាងដឹងថាគាត់កំពុងតែគិតមិនល្អលើគេ ដូច្នេះបើនាយមិនហាមឬគិតតែឈរស្ងៀមមិនព្រមធ្វើអ្វីសោះ អ្នកដែលស៊យគឺ យ៉ុនហ្គី និងគ្រួសាររបស់នាយ។
« កូនហ៊ី...!! ហ៊ឹស! យើងពិតជាខកបំណងចំពោះឯងណាស់ យើងខំទុកចិត្តប្រគល់កូនឱ្យឯងមើលថែព្រមជួយឯងគ្រប់យ៉ាង នេះឬជាការតបស្នង?! ចាប់ពីថ្ងៃនេះទៅត្រកូលហ្វាងនិងត្រកូលមីនចប់គ្នាត្រឹមនេះសូម្បីពាក្យថាមិត្ត ចំណែកឯង! រឿងមិនចប់ត្រឹមនឹងឡើយ...កូនហ៊ីទៅផ្ទះ »លោកហ្វាង ក្រោកឈរចាប់ដៃរបស់កូនហើយបញ្ជាកូនឱ្យត្រឡប់ទៅវិញ ទំនាក់ទំនងគាត់និងលោកមីនគឺចប់ត្រឹមនេះទោះបីពួកគាត់ធ្លាប់ជាមិត្តនឹងគ្នាជាង10ឆ្នាំក៏ដោយ។
« លោកប៉ា... »នាងតូចហៅលោកប៉ាតែភ្នែកសម្លឹងនាយក្រាស់ នាងចង់បញ្ជាក់គ្រប់យ៉ាងតាមក្រសែភ្នែក នាងចង់ឱ្យគេជឿថានាងមិនបានធ្វើឡើយ។ យ៉ុនហ្គី តាមមើលនាងតូចដែលត្រូវលោកប៉ាចាប់អូសទៅរហូតដល់ចេញទៅផុតទើបនាយចបែរមករកប៉ាម៉ាក់វិញ លោកមីនងើបឈរហើយសន្ទុះទៅទះកូនមួយកំផ្លៀងទាំងកំហឹង។
ផាច់!!
« អាកូនអកត្តញូ! យើងខំរកមនុស្សល្អៗសមនឹងឋានៈរបស់ឯងហើយតែឯងបែរជាបំផ្លាញវាហើយទៅរកអាក្មេងល្ងង់ម្នាក់នោះ តើវាល្អត្រង់ណាបានជាឯងពេញចិត្តពេញថ្លើមនឹងវាខ្លាំងម្ល៉េះ? »
« បាទ ល្អ! ល្អខ្លាំងណាស់ ជីមីនជាមនុស្សឆ្លាត ពូកែ ក្លាហាន តស៊ូ និងមានភាពស្មោះត្រង់ ទោះគេជាក្មេងកំព្រាក៏ពិតមែនតែគេមិនដែលរុញរានឹងចុះចាញ់អ្វីដោយងាយឡើយ គេអាចមិនល្អនៅក្នុងក្រសែភ្នែកលោកប៉ា តែគេជាមនុស្សល្អបំផុតសម្រាប់ខ្ញុំ ខ្ញុំស្រឡាញ់គេ!ស្រឡាញ់ជាងជីវិតខ្ញុំទៅទៀត សូមលោកប៉ាមេត្តា...យល់ដល់ស្នេហារបស់ពួកខ្ញុំផង! »
« ទេ...បិទមាត់របស់ឯងទៅយើងមិនចង់ស្ដាប់ទេ យើងសុំដាស់តឿនឯងឱ្យលែងលះជាមួយក្មេងម្នាក់ឱ្យឆាប់បំផុត បើមិនដូច្នេះទេយើងនឹងចាត់ការវាដោយផ្ទាល់ដៃរបស់យើង »ស្នេហាអញ្ចឹងឬ? ហ៊ឹស!គាត់មិនព្រមជាដាច់ខាត ហើយក៏គ្មានថ្ងៃគាត់ទទួលមនុស្សឋានៈតូចទាបដូចជា ជីមីន មកធ្វើជាកូនប្រសារគាត់ដែរ គាត់បានដាស់តឿនហើយតែបើ យ៉ុនហ្គី មិនព្រមធ្វើតាម អ្នកដែលសំណាងអាក្រក់គឺរាងតូច។
« បើប៉ាហ៊ានតែប៉ះគេតែបន្ដិចខ្ញុំក៏មិនព្រមឈរមើលដូចគ្នា ប៉ាកុំស្មានថាខ្ញុំមិនដឹងឱ្យសោះប៉ាបានធ្វើស្អីខ្លះ! »សម្ដី យ៉ុនហ្គី ធ្វើឱ្យលោកមីនចាប់ផ្ដើមភ័យព្រួយភ្នែកក្រឡាបចាក់ពេលប្រសព្វនឹងកែវភ្នែកសង្ស័យរបស់ភរិយា លោកមីនសម្រួលអារម្មណ៍ប្រែជាទឹកមុខធម្មតាហើយបកសួរកូនវិញ៖
« យើងបានធ្វើអីទៅ? »លោកចង់ចិញ្ចើមសួរទាំងទឹកមុខរាបស្មើរធ្វើដូចជាគ្មានមិនដឹងរឿងអីចឹង ទាំងដែលក្នុងចិត្តកំពុងតែភ័យមិនស្ទើរទេ។
« ប៉ាប្រាកដចិត្តទេដែលឱ្យខ្ញុំនិយាយត្រង់នេះ!? »យ៉ុនហ្គី ក៏មិនណយដែលលេងខ្លាំងដាក់លោកប៉ាគ្មានខ្លាចគាត់សូម្បីបន្ដិច ពីមុននាយអាចខ្លាចហើយព្រមធ្វើតាមគាត់គ្រប់យ៉ាងព្រោះនាយត្រូវបំពេញតួនាទីជាកូនកត្តញូ ប៉ុន្តែពេលដឹងថាគាត់កុហករឿងជំងឺនិងកេងប្រវ័ញ្ចលុយក្រុមហ៊ុនទើបនាយហ៊ានតតាំងជាមួយគាត់។
« បង! តើមានរឿងអី? »
« គ្មាន! គ្មានទេ...បងហត់ចង់សម្រាក »លោកមីនតបទាំងមិនហ៊ានសម្លឹងភ្នែកប្រពន្ធ ហើយក៏គេចមុខប្រពន្ធដោយយកលេសថាហត់។ លោកស្រីដឹងត្រឹមតែគាត់កុហកថាមានជំងឺប៉ុណ្ណោះព្រោះគាត់ក៏មានចំណែកដែរ ប៉ុន្ដែរឿងទាក់ទងនឹងការកេងប្រវ័ញ្ចលុយក្រុមហ៊ុនលោកស្រីមិនដឹងឡើយ។ បន្ទាប់ពីលោកមីនឡើងទៅខាងលើបាត់នាយក្រាស់ក៏ចូលអង្គុយនៅលើសាឡុងទាំងយកដៃច្បូតសក់ហើយឱនមុខចុះទាំងទឹកមុខក្រៀមក្រំ លោកស្រីឃើញកូនប្រុសបែបនេះគាត់ក៏ចូលទៅក្បែរអង្អែកខ្នងកូនថ្នមៗជាការលួងលោម គាត់ដឹងច្បាស់កូនកំពុងតែស្មុគស្មាញរឿងអម្បាញ់មិញនេះតែគាត់ចង់ឱ្យកូនគិតសន្សឹមៗសិន។

YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (Complete)
Romansa"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023