សម្លេងគ្រាប់កាំភ្លើងបន្លឺឡើងឥតស្រាកស្រាន្ត បង្កជាការភ័យខ្លាចដល់មនុស្សក្នុងវិមាន រត់រកកន្លែងគេចខ្លួនលាក់បំពួនពីសេចក្ដីស្លាប់ ។
Jungkook បាននាំក្មួយនិងបងស្រីភៀសខ្លួនមកខាងក្នុងវិញ តែក៏មិនប្រាកដថាអាចស្ងប់សុខដរាបណា បើ ChangSoo នៅតែបន្តមិនព្រមចុះចាញ់ អាចនឹងមិនមែនត្រឹមគ្រាប់កាំភ្លើងឡើយ។
«ធ្វើយ៉ាងម៉េចទៅ Jungkook!! ពួកយើងអស់ផ្លូវរត់ហើយ ពួកគេឡោមព័ទ្ធទីនេះជិតអស់ទៅហើយ»
«បងមិនបាច់បារម្ភទេ ខ្ញុំនឹងរកវិធីជម្លៀសបងនិង Elia ចេញពីវិមាន»
«មិនបានទេ ពួកយើងមិនអាចចោលម្ចាស់ពូក្នុងស្ថានភាពបែបនេះបានឡើយ»Elia ស្រែកញ៉ាញប្រកែកដាច់អហង្ការ នាងម្ដេចនឹងអាចរត់យករួចខ្លួនតែឯង ខណៈដែលគ្រប់គ្នាកំពុងតែជ្រួលច្របល់នៅទីនេះ ។
«មែនហើយ Jungkook បើឯងនៅ បងក៏នៅ គ្រប់គ្នានៅទីនេះនឹងនៅប្រឈមជាមួយឯង...»
«ប៉ុន្តែវាគ្រោះថ្នាក់ណាស់»នាយដឹងថាពួកគេបារម្ភ ស្មោះត្រង់ ហើយចង់បន្តជាមួយនាយនៅទីនេះ តែគេមិនអាចឈរមើលនរណាម្នាក់ស្លាប់ជាបន្តបន្ទាប់បានទេ គេបាត់បង់មកច្រើនហើយ ។
«ពួកយើងមិនខ្លាចទេ ពួកយើងនៅទីនេះដើម្បីសាមគ្គីភាព បើសិនជាត្រូវស្លាប់ ក៏ពួកយើងស្លាប់ក្បែរគ្នាបានដែរ បងមិនអាចបណ្ដោយឲ្យឯងទៅចោលបងម្នាក់ទៀតទេ Jungkook ហ្ហឹកៗ»Sierra ស្រាប់តែហូរទឹកភ្នែក សួរថានាងខ្លាចទេ ប្រាកដណាស់ថានាងខ្លាច នាងពិតជាស្អប់សម្លេងគ្រាប់កាំភ្លើងទាំងនេះណាស់ នាងទន់ខ្សោយលើសពីអ្វីដែលអាចឃើញ ប៉ុន្តែវាមិនស្មើរនឹងភាពភ័យខ្លាចនៃការបាត់បង់សាច់ញាតិរបស់នាងឡើយ ប៉ា ម៉ាក់ កូន តើនាងនៅសល់អ្វីទៀត? នាងនៅសល់តែ Jungkook ម្នាក់ជាខ្នងបង្អែកប៉ុណ្ណោះ ។
«មែនហើយ ទោះខ្ញុំមិនអាចជួយអ្វីបាន ប៉ុន្តែខ្ញុំសុខចិត្តស្លាប់នៅទីនេះជាង...»Elia ស្រាប់តែស្រក់ទឹកភ្នែកតាមម្ដាយដោយហាមពុំជាប់ ត្បិតខ្លួនក៏ខ្លាចមិនស្ទើរដែរ តែបើអោយនាងទៅឆ្ងាយ នាងកាន់តែនៅមិនស្ងប់។
«បាន ខ្ញុំសន្យាថានឹងការពារអ្នកទាំងពីរដល់ទីបញ្ចប់»Jungkook មិនអាចធ្វើអ្វីបានក្រៅពីដកដង្ហើមធំទាញបងស្រីនិងក្មួយមកអោបជាប់នឹងទ្រូងផ្ដល់ជាភាពកក់ក្ដៅអោយបេះដូងគេស្ងប់ ។ កាយតូចទាំងពីរយប់សស្រាក់អោបកាយមាំដោយការភិតភ័យ ។
