សូសៀងនៃសម្លេងសត្វបន្លឺឡើងនៅលើមេឃឈើដ៏ត្រឈឹងត្រឈៃដែលកំពុងតែរេរាំទង្គិចគ្នាបង្កជាសម្លេងយ៉ាងពិរោះ ។
ត្របកភ្នែកធ្ងន់កណ្ដុកចាប់បើកឡើងម្ដងបន្តិច ទទួលយកនូវថ្ងៃថ្មីនៃអរុណរះ ។ Jungkook យកដៃស្ទាបក្បាលដែលឈឺខ្ទោកៗ ប្រឹងក្រោកទាំងលំបាក ។
«............»Jungkook ហាក់ល្ហិតល្ហៃព្យាយាមនឹកគិតពីសុបិនដែលខ្លួនបានឃើញកាលពីយប់ ។ វាជាហេតុការណ៍ដដែលៗដែលតែងតែលងបន្លាចនាយមិនលុះ រហូតធ្វើឱ្យដិតដាមសតិអារម្មណ៍ ធ្វើឱ្យនាយខ្លាចមិនហ៊ានប្រឈម ។
Jungkook រេភ្នែកមើលទៅដៃទាំងទ្វេដែលមានបិទបង់រុំរបួស ព្រោះតែការវាយជញ្ជាំងកាលពីយប់មិញ ។ ក្រលេកមើលទៅជុំវិញបន្ទប់ដែលរញ៉េរញ៉ៃក៏បែរជារៀបចំមានសណ្ដាប់ធ្នាប់ ស្របពេលដែលខួរក្បាលក៏នឹកគិតដល់សម្ដីស្រទន់ដែលលួងលោមខ្លួនកាលពីយប់មិញ ។
ក្រាក! ភ្លាមនោះដែរទ្វារស្រាប់តែបើកឡើង បង្ហាញអោយឃើញនារីតូចច្រឡឹងកំពុងតែកាន់ថាសអាហារសំដៅចូលមក ។
«លោកក្រោកហើយឬ? យប់មិញលោកមិនស្រួលខ្លួន ខ្ញុំបានប្រាប់មេផ្ទះអោយគាត់រំងាស់ស៊ុប និងអាហារប៉ូវសម្រាប់លោក»Tae ដាក់អាហារទៅសាឡុងម្ខាងទាំងមិនបានចាប់អារម្មណ៍ពីក្រសែភ្នែកអ្នកម្ខាងទៀតដែលតាមសម្លឹងខ្លួន ។
«នាងជាអ្នកណា? ហេតុអីចូលមកមិនគោះទ្វារ?»Jungkook ជ្រួញចិញ្ចើមចោទសំណួរទៅកាន់ Tae ។.
«aww ក៏ខ្ញុំស្មានថាលោកមិនទាន់ក្រោកទើបចូលមកទាំងមិនបានសុំការអនុញ្ញាត ហើយបើលោកមិនពេញចិត្តខ្ញុំទៅវិញក៏បាន»Tae មុខខ្មូរទាំងខឹងចិត្ត ដើរបកក្រោយចេញពីបន្ទប់វិញ សង្ឃឹមថាគេនឹងហៅឃាត់ តែមិនលឺសម្ដីនាយសូម្បីមួយម៉ាត់ ។
«អាឆ្កួត! មនុស្សខំមានចិត្ត មិនគួរធ្វើបុណ្យខុសមនុស្សសោះ»Tae ខាំមាត់ទន្រ្ទាំជើងដើរចេញ ។ យប់មិញខំរវៀសរវៃលាងរបួស រៀបចំបន្ទប់អោយមួយចប់ទាំងដែលគេនេះជាមនុស្សមហាសែនខ្ជិល តែបណ្តាក់ទុនព្រោះអាណិត ។
«Tae ទំនេរទេចូលទៅមើលអ្នកនាងតូចបន្តិចទៅ ខ្ញុំទៅប្រាប់គេអោយរៀបចំអាហារតាមគាត់កុម្មង់សិន»