ព្រឹកថ្ងៃថ្មី
ផូស!! ផូស!!
សំឡេងពុះឧសបន្លឺឡើងទ្រហឹងអឺងកងនៅឯរោងចង្ក្រានខាងក្រោយផ្ទះ។ ព្រឹកព្រលឹមភ្លាមថ្ងៃក៏មិនទាន់រះផុតចុងកំពូលដែរ ប៉ុន្តែអ្នកកំលោះដែលមានទឹកមុខនឿយណាយជោកជាំទៅដោយញើសជ្រាំពពិចពេញថ្ងាសឯណេះ មកអង្គុយដោះអាវកាន់ពូថៅច្រៀកកាប់ឧសបញ្ចេញសាច់ខ្លួនប្រាណសខ្ចីញ៉េញដូចបណ្តូលចេក សាច់ដុំហាប់ណែន ក្បាលចងទៅដោយក្រណាត់បាំងសក់កុំឱ្យធ្លាក់ចូលភ្នែក ភ្ញាក់ក្រោកមកជួយធ្វើការស្ត្រីចំណាស់ ដេហា ចំណាប់ណាស់។ គេពុះឧសបានគំនរគដី ទុកសម្រាប់ឱ្យម៉ែដោះបានដុតកំឡុងពេលចម្អិនអាហារ។ បន្ទាប់មកទៅជួយឈូសឆាយស្មៅ កាប់ដីធ្វើរងទុកដាំបន្លែបង្កាហូប ព្រមទាំងជួយស្រោចផ្កាក្នុងសួនបន្ថែមទៀត។
«ស្លាប់ហើយក្មួយ ក្រោកមកមិនទាន់បានបាយទឹកចូលពោះផង សំងំធ្វើការឱ្យតត្រុកឈប់..ឈប់ប៉ុណ្ណឹងបានហើយ!» លោកស្រី ថេរីណា ម្នីម្នារត់ទៅតាមឃាត់អ្នកកំលោះដែលឈរបាញ់ទឹកស្រោចផ្កា កាលបើឃើញគាត់យកចិត្តទុកដាក់យ៉ាងនេះអ្នកកំលោះយើងស្រាប់តែញោចស្នាមញញិមរឹងមាំឡើង។
«មិនអីទេអ្នកមីង ខ្ញុំនៅឯបន្ទាយធ្វើការបែបហ្នឹងរាល់ថ្ងៃបានហាត់ប្រាណបញ្ចេញញើសអ៊ីចឹងធូរក្នុងខ្លួនណាស់!» ជុងហ្គុក ថាចប់លីអម្រែកទឹកស្រោចផ្កាបន្តរីឯលោកស្រី ថេរីណា ឯណេះក្រឡេកទៅសម្លឹងមើលទឹកក្នុងពាងក៏ត្រូវបានគេរែកទឹកពីស្រះទឹកដាក់ចូលពេញៗពាងទាំងអស់ នៅឆ្លៀតកាប់រងដាំបន្លែ ឆាយស្មៅ កាប់ដី សម្អាតភូមិដ្ឋានស្អាតបាតគ្រប់សព្វបែបយ៉ាងទៀត។ និយាយពីកូនប្រុសគាត់វិញ ឥឡូវនេះថ្ងៃរះផុតកម្ពស់ណាណីទៅហើយនៅឡើយមិនទាន់ភ្ញាក់ទៀត បើមើលទៅកូនអនាគតប្រសារប្រុសវិញធ្វើការឥតដាក់ដៃចុះសស្រាក់សស្រាំញើសហូរជោកខ្លួនទទឹកសើមជោក។
«អ្នកម៉ាក់!» ថេរីន សន្សឹមដើរចូលមកឈរជិតម្តាយ រួចសម្លឹងមើល សកម្មភាព ជុងហ្គុក ដែលមមាញឹកធ្វើការមិនទម្រុឌសោះ។
«ប្អូនភ្ញាក់ហើយឬនៅកូន? ចុះរឿងបាយទឹកវិញនោះ?»
«បាយទឹកខ្ញុំដាំស្លរឆ្អិនរួចរាល់អស់ហើយ ចំណែកឯប្អូនឮថាថ្ងៃនេះចង់ទៅវត្តអារាម ទើបតែក្រោកងូតទឹកស្លៀកពាក់!»
«ប្អូនទៅវត្តធ្វើអ្វីកូន?» គាត់ឆ្ងល់ណាស់ រាល់ដង ថេយ៉ុង មិនសូវមានចំណូលចិត្តដើរហើរទៅណាឬទៅវត្តអារាមក្រៅពីសាលារៀននិងផ្ទះឡើយ ប៉ុន្តែថ្ងៃនេះបែរជាឃើញថាកូនចង់ដើរលេងគាត់នឹកប្លែកក្នុងចិត្តណាស់ដែរ។
«ឮថាទៅថ្វាយផ្កាព្រះ!» ថេរីន ឆ្លើយបញ្ចប់សម្តី ចំណែកឯលោកស្រី ថេរីណា ក៏ទម្លាក់ទឹកមុខងឿងឆ្ងល់មួយស្របក់ធំអម្បាញ់មិញចុះវិញ។
«ប្លែកៗមែនកូននេះ!» ខណៈសន្ទនាគ្នាមិនទាន់បានប៉ុន្មាន កំលោះតូចក្នុងឈុតសម្លៀកបំពាក់សមសួនស្រាប់តែបានបង្ហាញខ្លួនឡើងជាមួយនឹងអាវកាត់ដៃវែងសម្រុងចុះពណ៌ផ្ទៃមេឃខ្ចី ខោកាត់ពណ៌ស និងមួកឆាងម៉ាងពណ៌ទឹកសណ្តែកស អមទៅដោយស្បែកជើងស៊កពណ៌ត្នោតក្រម៉ៅ ក្នុងដៃមានកាន់កន្ត្រកផ្កា សំដៅទៅរកយាន្តជំនិះតូចរបស់ខ្លួនគឺ កង់។
«ថេយ៍ អូនចង់ទៅណា?» ជុងហ្គុក ព្យាយាមរត់ចូលមកឈរនៅខាងមុខ ថេយ៉ុង ដែលត្រៀមចាកចេញដំណើរទៅណាទាំងព្រឹកព្រលឹម។
«ខ្ញុំចង់ទៅវត្តអារាមបង!»
«បងជូនទៅបានជាគ្នាណា ថេយ៍ ចាំបងនៅត្រង់នេះហើយបងទៅរៀបចំខ្លួនបន្តិច!» អ្នកកំលោះហៀបនឹងហើបប្រអប់ជើងរត់ចេញទៅ ប៉ុន្តែបែរជាត្រូវរាងតូចហាមឃាត់។
«មិនអីទេបង ខ្ញុំទៅម្នាក់ឯងបាន បងមិនបាច់តាមទៅទេ!» គេហាមយ៉ាងនេះទៅហើយ ប៉ុន្តែអ្នកកំលោះយើងបែរជាលាន់មាត់ប្រកែក។
«ទេ!បងត្រូវតែទៅជាមួយនឹងអូនដែរ ចាំបងមួយភ្លែតណា តែមួយអន្លើទេ បងមកវិញហើយ!» ថេយ៉ុង ដាច់ចិត្តផ្ទាត់ចន្ទល់កង់ចុះ ឈររង់ចាំ ជុងហ្គុក ដោយសុទ្ធចិត្តព្រោះដឹងមកថាទោះបីជាហាមឃាត់នាយខ្លាំងយ៉ាងណាក៏សម្តីទាំងអម្បាល់ម៉ានរបស់ខ្លួនមិនអាចជ្រាបចូលក្នុងខួរក្បាលរបស់នាយបាននោះដែរ។ អ្នកកំលោះក្រោយពីបានងូតទឹកតុបតែងខ្លួនស្អាតបាតសង្ហាទាក់ទាញកែវភ្នែករួចមកហើយ ក៏ប្រញាប់ប្រញាល់បោះជំហ៊ានឈានជើងដើរចូលទៅរកកំលោះតូចដែលឈររង់ចាំខ្លួនរួចជាស្រេច ដោយនាយច្រកអាវសាច់គគីពណ៌ទឹកដោះគោនិងខោកាត់ខ្មៅ អមទៅដោយមួកម៉ូត ប៊ូនី (Boonie) ដែលមានលក្ខណៈពិសេសនៅក្នុងឯកសណ្ឋានជួរកងទ័ពដែលនាយទាហ៊ានកូរ៉េភាគច្រើនអាចប្រើប្រាស់សម្រាប់ពាក់ប្រចាំថ្ងៃបាន។
«តស់បងឌុប!» ជុងហ្គុក ចាប់ទាញបង្វិលកង់ពណ៌ខ្មៅមួយគ្រឿងនេះបង្វែរទៅរកច្រកផ្លូវមាត់របងចេញទៅខាងក្រៅ មុនពេលឡើងជិះធ្វើជាអ្នកឌុប ចំណែកឯ ថេយ៉ុង ឡើងជិះអង្គុយច្រកគៀវពីក្រោយនាយកំលោះ។
«រួចហើយឬនៅ? បងចេញដំណើរទៅហើយណា?»
«បាទ ! រួចរាល់ហើយ..» ជើងមាំជាន់ធាក់ឈ្នាន់បង្អូសល្បឿនកង់ចាកចេញទៅ។
នៅតាមដងផ្លូវមានបរិយាកាសបរិសុទ្ធណាស់ ធម្មជាតិបៃតងលាស់ខ្ចី រំលេចឱ្យយើងចាប់ជំពប់កែវភ្នែកនឹងផ្ទៃមេឃពណ៌សក្បុស ខណៈជំនោខ្យល់បក់ចុះមកល្វើយៗផាត់ផើយរាំរេក្រសោបរាងកាយតូចធំទាំងពីរនាក់អមត្រសងគ្នាមិនស្ងប់មួយចង្វាក់។ តាមផ្លូវសម្បូរទៅដោយជើងភ្នំដុះខ្ពស់ធំៗចង្គ្រោង ផ្លូវលំបន្សល់ទុកនូវដីហ៊ុយទ្រលោមពីក្រោយយាន្តជំនិះតូច កាលបើកម្លាំងធាក់ឈ្នាន់បំបោលជើងកង់ពីមួយចង្វាក់ទៅមួយចង្វាក់ទៀតកាន់តែលឿនទៅៗ។
«ហត់ទេបង?» នឹកឃើញនាយខំប្រឹងធាក់កង់ណាស់ទើបឆ្លៀតសួរនាំដោយដៃចាប់នេះនោះបន្តិចខុសបន្តិចត្រូវ ពេលខ្លះសឹងតែជ្រលរឱបចង្កេះនាយពីខាងក្រោយទៀត។
«មិនអីទេអូន!» ជុងហ្គុក តបក្នុងសំឡេងដង្ហក់ ហត់ស្ទើរតែដាច់ខ្យល់ ស្លាប់ ម្យ៉ាងវិញទៀតកង់នេះតឹងណាស់ ធាក់មិនចង់ទៅមុខទេ តែគេក៏ខំព្យាយាមឱ្យអស់ពីកម្លាំងជើងរហូតដល់បែកញើសជោកថ្ងាសដែរ។
«បើហត់ឈប់សម្រាកសិនក៏បាន!»
«បងថាហើយបងមិនអីទេពិតទេ បន្តិចទៀតដល់វត្តហើយ បងខ្លាចតែអូនតោងមិនទាប់!» បើគេធាក់កង់លឿនម្លឹងៗមិនខ្លាចកំលោះតូចធ្លាក់បាក់គ្រិចចង្កេះស្លាប់ទៀតចប់ហើយ ទើបចេះតែងាកៗក្រោយមកសម្លឹងមើលរាងតូចដែលអង្គុយតោងពីក្រោយ មិនហ៊ានរបេះដៃប៉ះចង្កេះគេម្តងសោះ។
«ខ្ញុំតោងជាប់មិនអីទេបង!»
«ឱបចង្កេះបងមក បើអូនខ្លាចធ្លាក់!» ថេយ៉ុង អេះអុញៗសម្លឹងមើលចង្កេះនាយពីខាងក្រោយ បានត្រឹមលួចលេបដង្ហើមញាប់ស្អេក មិនហ៊ានប៉ះពាល់ដ្បិតមិនទាន់រៀបការរួចផង ឱបរឹតគ្នាតាមផ្លូវបែបនេះខ្មាសញាតិផៅណាស់ ទើបចេះតែមិនហ៊ាន មិនប្រហើនល្មើសនឹងពាក្យទូន្មានម្តាយឪពុក។
«មិនអីទេបង..អាយ!» ថេយ៉ុង ស្រែកភ្លាត់មាត់ជ្រុលដៃទាំងគូលូកចូលទៅឱបចង្កេះនាយក្រសោបពីក្រោយយ៉ាងណែនណាន់។ ដ្បិតស្រាប់តែធាក់កង់ធ្លាក់គន្លុកទើបជ្រុលចង្វាក់ល្បឿនបណ្តាលឱ្យ ថេយ៉ុង ត្រៀមខ្លួនពុំទាន់រួចរាល់ស្ទុះទាំងបង្ខំទៅឱបក្រសោបនាយពីខាងក្រោយយ៉ាងណែនដូច្នេះ។
«អូនយ៉ាងម៉េចទៅហើយ?»
«មិនអីទេបង..» ថេយ៉ុង តបទាំងទឹកមុខស្លក់ស្លើត ជុងហ្គុក ពេលបានដឹងថាគេមិនបានកើតអី ទើបបន្តដំណើរទៅមុខបន្តរហូតដល់ទីវត្តអារាម។

YOU ARE READING
💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓
Romanceគ្រប់យ៉ាងឈរនៅចំប្រយោគថា ស្រលាញ់!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM