ភាគទី៣៥៖មនុស្សពូកែរបស់បង

791 69 1
                                    

     មួយខែបន្ទាប់
     មុខរបួសជាសះស្បើយសឹងតែប្រក្រតីមួយរយភាគរយជុងហ្គុកក៏អាចប្រមូលកម្លាំងកំហែងទាំងអម្បាល់ម៉ានបានមកហ្វឹកហ្វឺនដល់កងទ័ពក្នុងតំបន់ពិសេសវិញហើយ ស្របនឹងពេលដែល ជេហ៊ុន ក៏បានត្រៀមខ្លួនបង្ហាញពីភាពម៉ឺងម៉ាត់ដូច្នោះដែរ។ ថ្វីដ្បិតតែជើងរបស់គេត្រូវការប្រើប្រាស់ពេលវេលាថែមបន្តិចទៀតដើម្បីទទួលបានការព្យាបាលចេញលទ្ធផលជាសះស្បើយទាំងស្រុងក៏ដោយក្តី ប៉ុន្តែគេនៅតែបានប្តេជ្ញាចិត្តចូលមកបំពេញកាតព្វកិច្ចក្នុងនាមជាអ្នកផ្តល់យោបល់យ៉ាងខ្នះខ្នែងផងដែរ។
    «សម្រាក!» រាងកាយទទឹកជោកទៅដោយដំណក់ញើសហូរស្រក់ជោកក្រណាត់អាវ បោះជំហ៊ានដើរបែរក្រោយទៅរកជុំរំសម្រាកដែលមានអ្នកកំលោះមានផ្ទៃមុខមាំទាំអង្គុយសំកុកដោយអារម្មណ៍ល្ហល្ហេវសឹងតែគ្មាននៅនឹងខ្លួន។ ជេហ៊ុន ស្ថិតលើរទេះរុញមិនទាន់អានដើរបានទេ គេអាចប្រើប្រាស់មធ្យោបាយធ្វើដំណើរបានដោយសារតែរទេះកង់វិលតែប៉ុណ្ណោះ។ ជុងហ្គុក អាចដឹងអំពីជីវប្រវិត្តរបស់នាយខ្លះៗហើយគេបានស៊ើបអង្កេតស្វែងរកភស្តុតាងជាច្រើនដែលទាក់ទងនឹងថ្ងៃឆ្នាំកំណើតរបស់ ជេហ៊ុន។
     ជេហ៊ុន កើតនៅថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ១៩៥៣ មានឪពុកជាមន្ត្រីរាជការផ្កាយមាសមួយនិងម្តាយជាអ្នកប្រកបមុខរបររកស៊ីលក់ដូរស្រូវអង្ករក្នុងខេត្តប៊ូសាន។ ជេហ៊ុន ជាក្មេងដែលត្រូវបានអតីតមន្ត្រីរាជការ ឆយ ទទួលយកទៅបីបាច់ចិញ្ចឹមមើលថែរក្សាបន្ទាប់ពីឪពុកម្តាយរបស់គេកំពុងមានបញ្ហាវិបត្តិហិរញ្ញវត្ថុនិងបញ្ហារកាំរកូសចាក់ស្រេះជាច្រើនរាប់មិនអស់ទៀតដែលមិនអាចមើលថែគេពេញលេញបានទេ។ លុះដល់ថ្ងៃមួយម្តាយឪពុករបស់គេបានទទួលយកគេមកចិញ្ចឹមមើលថែរក្សាវិញមិនបានប៉ុន្មាន ស្រាប់តែគេមានជំងឺរលាកទងសួតជាជំងឺឈឺថ្កាត់ប្រចាំកាយធ្ងន់ ម្តាយឪពុករបស់គេមានការព្រួយបារម្ភពន់ពេក បានយកគេទៅពិនិត្យព្យាបាលស្ថិតក្នុងមន្ទីពេទ្យសង្គ្រោះព្យាបាលមួយកន្លែងនៅក្នុងទីក្រុងសែលអ៊ូល។ ប៉ុន្តែជាអកុសលមានរឿងរ៉ាវមិនអាចនឹកស្មានដល់បានកើតឡើង ដំណឹងដ៏សោកសៅធ្វើឱ្យស្ត្រីចំណាស់ជាម្តាយមានទុក្ខធំធេងស្ទើរពេញមួយជីវិតមិនលុះថ្ងៃ ការបាត់បង់កូនប្រុសជាទីស្រលាញ់ធ្វើឱ្យគាត់ដូចស្លាប់ទាំងរស់ត្រូវទ្រាំរស់ទាំងបៀមទុក្ខសោកសៅនិងឈឺចាប់រកទីបំផុតគ្មាន។ ការបាត់ខ្លួនគ្មានដំណឹងវិលវិញសូម្បីតែស្រមោលនិងសំឡេងក៏មិនបានស្តាប់ឮឬប្រទះចួបអាចជាសារហេតុដែលធ្វើឱ្យម្តាយឪពុកសន្មតបានថាកូនប្រុសខ្លួនប្រហែលជាអាចស្លាប់បាត់បង់ជីវិងឬមួយក៏ត្រូវបានគេលួចយកទៅ។ នៅទីបំផុតការទន្ទឹងរង់ចាំអស់រយៈពេលជាយូរឆ្នាំនៅតែទទួលបានលទ្ធផលអាសាបង់ដដែល ហើយពួកគាត់ក៏មិនអាចមានសូម្បីតែសង្ឃឹមមួយដង្ហើមណាដែលអាចគិតបានថាកូនប្រុសរបស់គាត់អាចនឹងនៅមានជីវិតរស់ម្តងទៀតដែរ។ ម្រាមដៃញ័រទទ្រើក ចាប់លើករូបថតមួយសន្លឹក មកសម្លឹងមើលដោយទឹកមុខសៅហ្មង។
     ជេហ៊ុន ដកដង្ហើមធំៗលួចអង្គុយបែរខ្នងសម្លឹងមើលរូបថតម្តាយឪពុកនិងប្អូនប្រុសពៅខ្លួនទាំងអារម្មណ៍ស្រងេះស្រងោចរីងរៃក្នុងចិត្ត។ ដ្បិតគេអាចនឹងមិនចងចាំអ្វីបានច្រើនតែគេអាចចងចាំបានរឿងយោធាកូរ៉េខាងជើងម្នាក់បាននិយាយប្រាប់គេកាលពីគេនៅមានអាយុ ១០ ឆ្នាំ។
    កាលណោះ..
    ឆ្នាំ ១៩៦៣..
    ខ្ពោក! រូបថតមួយសន្លឹកធ្លាក់ជ្រុះចំផ្ទៃមុខកុមារជំទង់ក្នុងទឹកមុខក្រៀមក្រោះគួរឱ្យសង្វេគដំណក់ទឹកភ្នែកហូរស្រក់ចុះគ្មានទីបញ្ចប់ កែវភ្នែកដែលអាចសម្លឹងមើលឃើញមានត្រឹមតែកែវភ្នែកមួយចំហៀងតែប៉ុណ្ណោះដែលអាចប្រទះឃើញអំពីសមាជិកនៅក្នុងរូបថតនោះទាំងអារម្មណ៍ក្តុកក្តួលក្រៃលែង។
     «រូបថតគ្រួសារអាក្មេងចង្រៃឯង..ម៉ែឯង នាង យ៉ុងសាន ជាស្រីភិតប្តី លួចមានប្រុសសាហាយស្មន់ ជាស្រីផ្កាមាស ស្រីសោភិនី ចំណែកឯឪឯងជាមន្ត្រីរាជការពុករលួយ កឹបកេង ប្រវញ្ច លួចលាក់រកស៊ីជាមួយពួកឈ្មួញជួញដូរខុសច្បាប់។ ពួកគេជាម្តាយឪពុកអាត្មានិយមបង្កើតកូនមក ស្រលាញ់កូនមិនស្មើគ្នា ពួកគេនិន្ទាថាឯងជាក្មេងចង្រៃ កើតមកធ្វើឱ្យរលំរលាយទ្រព្យសម្បត្តិ មានតែរឿងឧបទ្រពចង្រៃនាំចូលគ្រួសារ ទើបពួកគេដាច់ចិត្តបោះបង់ឯងចោល ដោយគ្មានប្រយោជន៍អ្វី មិនដឹងចិញ្ចឹមដើម្បីអីទៀត!» សម្តីដ៏កោងកាចរបស់មេបញ្ជាការ ជុនវ៉ូ ជាមន្ត្រីរាជការកូរ៉េខាងជើងបានអះអាងនិយាយប្រាប់ទៅកាន់ ជេហ៊ុន ដែលបានសម្រក់ទឹកភ្នែកហូរចុះមករហាមក្នុងគុកងងឹតដែលត្រូវបានពួកគេចាប់ឃុំនៅទីនោះប្រៀបដូចជាសត្វអានាថាម្នាក់អ៊ីចឹង។ គេស្រវ៉ាចាប់រូបថតមកកាន់ ទាំងទឹកមុខកម្សត់ជូរចត់ល្វីងក្នុងពេលតែមួយ ខណៈមេបញ្ជាការ ជុនវ៉ូ ក៏បានដើរចាកចេញទៅ ដោយគេពួនសំងំសំដែងការសោកស្តាយនឹងឈឺចាប់ចំពោះរូបថតមួយសន្លឹកនោះយ៉ាងខ្លោចផ្សារចិត្តពេញក្រអួនក្រអៅបេះដូង។
      «តើខ្ញុំពិតជាបានផ្តល់ផលវិបាកឱ្យប៉ាម៉ាក់ដល់ថ្នាក់នេះផងតើមែនទេ? ខ្ញុំពិតជាឈឺចាប់ណាស់ខ្ញុំមិនសមណាកើតមកក្នុងគ្រួសាររបស់អ្នកទាំងពីរទេ។ ហ៊ឹកៗ..រស់នៅទីនេះខ្ញុំឈឺចាប់ណាស់ ខ្ញុំត្រូវរស់នៅទទួលបានទារុណកម្មរាល់ថ្ងៃ តើនេះជាជីវិតដែលម៉ាក់ប៉ាបានផ្តល់ឱ្យខ្ញុំរស់នៅក្នុងពិភពលោកដ៏សែនព្រៃផ្សៃមួយនេះដើម្បីអ្វីមក? ខ្ញុំមិនចង់បានជីវិតបែបនេះទេ..ហ៊ឹកៗ..ខ្ញុំមិនចង់រស់នៅបែបនេះទេ! ខ្ញុំស្អប់..ស្អប់គ្រប់គ្នាខ្លាំងណាស់!» ជេហ៊ុន ផ្តួលរាងកាយស្គមស្គាំងទៅលើសាបក្នុងគុកស្រែកទ្រហោយំទាំងមិនអស់ចិត្ត រំពេចនោះខួរក្បាលរបស់គេបាននឹកឃើញដល់រឿងរ៉ាវកាលពី ៣ ឆ្នាំមុនធ្វើឱ្យសំណើមទឹកភ្នែករបស់គេស្រោចហូរចុះកាន់តែខ្លាំង។
      «ភ្នែករបស់ឯងមិនសមនឹងទុកនៅទៀតទេ!» មេបញ្ជាការ ជុនវ៉ូ បញ្ចេញកំហឹងដោយគ្មានសតិសម្បជញ្ញៈ ប្រើម្រាមដៃខាងស្តាំរបស់គាត់បុកទម្លុះលូកចាប់ខ្វេះយកកែវភ្នែកខាងឆ្វេងក្មេងប្រុសអាយុ ៧ ឆ្នាំដោយគ្មានភាពញញើត បើទោះបីជាសេចក្តីឈឺចាប់ដំណក់ឈាមហូរស្រោចយ៉ាងណាក៏គាត់ពុំយកចិត្តទុកដាក់យោគយល់ផ្តល់ក្តីមេត្តាមិនខ្ចីស្តាប់ពីសំឡេងស្រែកទ្រហោយំលាន់ឮសូរគ្រលួចដែលក្មេងប្រុសបានទួញស្រែកអង្វរករឡើយ។
      «ហ៊ឹកៗ..អូយ..ឈឺណាស់...ហិហិ..ឈឺ...ហ៊ឺៗឈឺណាស់ព្រះអើយ!» កុមារជំទង់ផ្តួលខ្លួនននៀលដី ស្រែកទ្រហោយំអស់ពីខ្លួនប្រាណ ព្រោះតែភាពឈឺចាប់បុកម្នេញ។
      «នេះជាមេរៀន..បើឯងកាន់កាប់សព្វាវុធមិនបានទៀត កុំថាត្រឹមកែវភ្នែកតែម្ខាង សូម្បីតែដៃជើងរបស់ឯងយើងអាចនឹងកាច់បំបាក់ចោលមិនឱ្យឯងរស់នៅស្រួលអស់ពេញមួយជីវិត!» ភាពឈឺចាប់នៅតែអន្ទោលតាមប្រាណក្មេងប្រុសអស់ពេលពេញមួយជីវិត បើទោះបីជាព្យាយាមបំភ្លេច តែគ្មានវិនាទីណាដែលអាចលុបរឿងរ៉ាវអតីតកាលដ៏ឈឺចាប់មួយនេះបានទេ។
      ◉◉◉
      ជេហ៊ុន ដកខ្លួនបង្វែរគំនិតចេញពីការគិតរឿងរ៉ាវដ៏ឈឺចាប់ទាំងអស់នោះមុនពេលក្រឡេកទៅសម្លឹងមើលឃើញវត្តមានរបស់ ចេយ៉ុង ដែរឈរឱបដបទឹកសម្លឹងមកកាន់ខ្លួនជាមួយទឹកមុខច្រម៉ក់ៗគួរឱ្យស្រឡាញ់។
     «អ៊ំប្រុសពិសាទឹកទេ?» ចេយ៉ុង និយាយទាំងខាំបបូរមាត់តិចៗធ្មេចច្របក់ភ្នែកម៉ក់ៗចោលខ្សែភ្នែកឡិងឡង់ក្រឡង់ៗសម្លឹងមើលផ្ទៃមុខ ជេហ៊ុន។
     «អ៊ឹម!» ជេហ៊ុន ងក់ក្បាលផ្ងក់ៗ ចំណែកឯ ចេយ៉ុង ក៏ប្រញាប់ឱបដបទឹកធំជាងខ្លួននោះដើរចូលទៅរក ជេហ៊ុន ដែលប្រញាប់ប្រញាល់ស្រវ៉ាចាប់ដបទឹកមកកាន់ដោយខ្លាចថាក្មេងក៏ធ្ងន់នឹងទម្ងន់ទឹកនោះដែរ។
     «មិនខ្លាចប៉ាធំឯងបន្ទោសទេអ្ហេស?»
     «អត់ទេ..ប៉ាធំឱ្យយកមកឱ្យអ៊ំប្រុសដោយខ្លួនឯង!» និយាយដល់រឿងនេះ ជេហ៊ុន រៀងភ្ញាក់ក្នុងចិត្តបន្តិចប៉ុន្តែគេក៏អត់ញញិមមិនបាន ចេយ៉ុង មានមុខមាត់ដូច ជុងហ្គុក ណាស់ កែវភ្នែក ច្រមុះ បបូរមាត់ ចិញ្ចឹម រាងកាយ ដូចទាំងអស់ ខុសតែវ័យប៉ុណ្ណោះដែលមានភាពខុសគ្នាដាច់ឆ្ងាយ។ ជេហ៊ុន មិនសូវមានសកម្មភាពស្និទ្ធស្នាលជាមួយក្មេងក្មាងអ្វីប៉ុន្មានទេ ដោយសារតែគេរស់នៅក្នុងរបត់ជីវិតដែលដើរតាមតួនាទីការងារយោធាមកចាប់តាំងពីតូចក្រូចឆ្មាម្លេ៉ះដូច្នេះទើបតែមានពេលវេលានេះទេដែលគេអាចបានពេលសំណេះសំណាលជាមួយនឹងកូនក្មេងបាន។
     «អ៊ំប្រុសដូចប៉ាណាស់» ចេយ៉ុង លាន់មាត់និយាយមិនបានដឹងមូលហេតុថាខ្លួនឯងបានគិតអ្វីទេដឹងត្រឹមតែថាគេមានអារម្មណ៍សម្លឹងមើលមុខ ជេហ៊ុន មានភាពស្រដៀងនឹងប្រហាក់ប្រហែលជាមួយ ជុងហ្គុក ណាស់។ ជេហ៊ុន ស្ងាត់មាត់បន្តិច រួចលូកដៃចូលទៅចាប់ក្រសោបលើកខ្លួនអាល្អិតមកដាក់លើភ្លៅខ្លួនឱបគេយ៉ាងណែន ហាក់ដូចជាយល់ថា ចេយ៉ុង ជាសាច់ឈាមរបស់ខ្លួនបង្កើតពីពេលណាមកអ៊ីចឹង។
      «អ៊ំប្រុសធ្លាប់ឈ្លោះគ្នាជាប៉ាដែរមែនទេ?» ចេយ៉ុង ងើយសម្លឹងមុខ ជេហ៊ុន ព្រមប្រដេញសំណួរទៅកាន់នាយហើយនាយក៏ងក់ក្បាលនឹងបានឆ្លើយ។
      «ធ្លាប់តើស!»
      «ឈ្លោះគ្នាធ្វើអ្វី? មិនល្អទេ!»
      «នរណាប្រាប់?»
      «ប៉ាធំ!»
      «តែគេក៏មកឈ្លោះនឹងយើង?»
      «ប៉ាប្រហែលជាគិតថាអ៊ំប្រុសជាមនុស្សមិនល្អព្រោះមនុស្សដែលមកពីកូរ៉េខាងជើងសុទ្ធសឹងជាក្រុមប្រកាន់ភ្ជាប់របបកុម្មុយនីស ទើបគាត់ខ្លាចមិនចង់ឱ្យ ចេយ៉ុង មកលេងស្និទ្ធស្នាលជាមួយនឹងអ៊ំ!» ក្មេងប្រុសតូចបានប្រាប់ពីមូលហេតុដែលធ្វើឱ្យ ជេហ៊ុន ស្តាប់ចប់ ទឹកមុខនាយប្រែប្រួលតាមរបៀបមនុស្សយល់ពីគំនិតវែងឆ្ងាយទាំងនោះ តាំងតែពីបានផ្លាស់ទីតាំងមកពីច្រកព្រំដែនខាងកើតមកដល់ទឹកដីប៊ូសាននេះមក ទំនាក់ទំនងរវាងគេនិងជុងហ្គុក ហាក់មិនសូវស៊ាំញ៉ាំមានភាពច្របូកច្របល់ដូចមុនទេ ជួនកាលពេលខ្លះអាចនឹងនិយាយត្រូវរូវគ្នាខ្លាំងទៀតផង។ ជេហ៊ុន ងក់ក្បាលសន្សឹមៗរួចលើកដៃច្បិចលើថ្ពាល់ច្រម៉ក់បន្តិច ចេយ៉ុង លោតចុះពីលើភ្លៅនាយរួចក៏បន្តរត់លេងជាមួយនឹងក្មេងក្មាងដទៃទៀតយ៉ាងក្អាកក្អាយជាមួយគ្នាដូចមានក្តីសុខក្នុងជីវិតវ័យកុមារភាព។
     
     ៨ ខែក្រោយមក
     ថេយ៉ុង រស់នៅក្នុងបន្ទាយដោយស្ពាយកូនក្នុងផ្ទៃជាប់ខ្លួនរយៈពេល ៩ ខែមកហើយ រង់ចាំតែថ្ងៃវះកាត់មកដល់នោះទេ ដោយសារតែគេច្រកអាវយោធាធំៗទើបមិនសឹងមើលដឹងថាគេកំពុងមានផ្ទៃពោះ។ ម្យ៉ាងវិញទៀតកំណើតកូនទីពីនេះពោះរបស់គេមិនសូវធំប៉ុន្មានទេដោយសារតែកង្វះចំណីអាហារផងទើបកូនអាចនឹងមានសុខភាពមិនសូវគ្រាន់បើអ្វីណាស់ណា។
     សម្រាក!!!
     ជេហ៊ុន ប្រកាសដល់ម៉ោងសម្រាកភ្លាម ថេយ៉ុង ក៏ទម្លាក់កាំភ្លើងចុះដោយក្បាលហូរញើសទទឹកថ្ងាសជោក គេអាចមើលដឹងថា ថេយ៉ុង កំពុងតែពិបាកក្នុងខ្លួនប៉ុណ្ណា គេអាចដឹងថា ថេយ៉ុង ឈឺចាប់ណាស់ ប៉ុន្តែអ្វីដែលគេអាចជួយបាននោះគឺមានតែខំស្នើលិខិតទៅកាន់ថ្នាក់លើដើម្បីយោគយល់ដល់ ថេយ៉ុង ដោយអះអាងថា ថេយ៉ុង មានសុខភាពខ្សោយ ឧស្សាហ៍ឈឺថ្កាត់ពិបាករៀងរាល់ថ្ងៃ ចំណែកថ្នាក់លើក៏បានអនុញ្ញាតឱ្យ ថេយ៉ុង មានពេលសម្រាកបាន តែវាតិចតួចណាស់ បើធៀបនឹងការសម្រាកគេអាចមានរយៈពេលត្រឹមតែ ១ ម៉ោងអីតែប៉ុណ្ណោះកំឡុងពេលហ្វឹកហ្វឺន។ មកដល់ទីកន្លែងសម្រាកភ្លាមថេយ៉ុង អង្គុយចុះលើគ្រែបង្ហាញពីសភាពដង្ហក់ដែលសល់ពីការហត់នឿយផងពិបាកផងគ្រាន់តែចប់ម៉ោងការងារភ្លាមគេសឹងតែមិនអាចទ្រាំរស់នៅក្នុងវិនាទីខណៈនេះបានឡើយមុខមាត់របស់គេស្លេកខ្លាំងណាស់ស្លេករហូតដល់ស្រវាំងភ្នែក ទើបជេហ៊ុន ឆាប់យកទឹកមកឱ្យគេផឹកណាមួយ ជុងហ្គុក មិននៅទៀត ដោយសារតែគេត្រូវមានកិច្ចការធំឡើងទៅប្រជុំជាមួយថ្នាក់លើទើបត្រូវផ្ញើ ថេយ៉ុង ឱ្យនាយមើលថែជំនួសមួយរយៈ។
     «ប៉ាតូច..ប៉ាតូច..ពិបាកក្នុងខ្លួនខ្លាំងណាស់មែនទេ?» ចេយ៉ុង មិនរង់ចាំយូរឆាប់រត់ចូលទៅឈរក្បែរ ថេយ៉ុង ដោយសំដែងនូវអាការៈបារម្ភ។
     «ពិបាកណាស់កូន..ប៉ាហត់ណាស់!» ថេយ៉ុង តបមិនទាន់បានប៉ុន្មានទឹកភ្នែកហូរស្រក់ម៉ាត់ៗ ហេតុអីជីវិតចាប់ផ្តើមវេទនាខ្លាំងម្លេ៉ះ ចង់តូចចិត្ត ចង់ខឹងនឹងព្រហ្មលិខិតណាស់តែមិនអាចសូម្បីតែគិតផង។
     «ហ៊ឹកៗ..ប៉ាតូច..ប៉ាតូចទ្រាំបន្តិចណា..បន្តិចទៀតប៉ាធំរបស់ពួកយើងត្រលប់មកវិញហើយ កុំយំអី ចេយ៉ុង នៅជាមួយប៉ាតូចហើយ» ចេយ៉ុង ខំនិយាយលើកទឹកចិត្តតាមចូលទៅឈរជិតស្រាក់ដៃឱបខ្លួនប្រាណ ថេយ៉ុង ទាំងដំណក់ទឹកភ្នែកបោលស្រក់ហូរសស្រាក់សស្រាំព្រោះតែអាណិតដល់ថេយ៉ុង រហូតដល់មិនអាចទ្រាំទប់នូវអារម្មណ៍ក្តុកក្តួលបានទេ។ នៅពេលដែលឈាមដើរស្រួលហើយអារម្មណ៍ធីងធោងវិលមុខបន្តិចនោះក៏បានបាត់ទៅមួយកម្រិត។ វត្តមានបុរសមាឌធំដំបងបានបង្ហាញឡើងក្រោយអង្គជំនួបប្រជុំជាមួយថ្នាក់លើត្រូវបានបញ្ចប់។
      ជុងហ្គុក បោះជំហ៊ានយ៉ាងស្វាហាប់តាមរយៈទឹកមុខមាំទាំ តែកែវភ្នែកប្រែជាសម្លឹងមើលទៅឧបករណ៍សព្វាវុធដោយភ្លើងកំហឹង។ មិនដឹងថាពេលនៅឯអង្គប្រជុំមានការលើកឡើងពីស្ថានការណ៍បែបណាខ្លះនោះទេ ប៉ុន្តែ ជុងហ្គុក អាចទទួលបានអារម្មណ៍តប់ប្រមល់ដូច្នេះ។
      «ជុងហ្គុក!» ថេយ៉ុង ឧទានដោយខ្សែភ្នែកមានពន្លឺត្រចង់សម្លឹងទៅកាន់ ជុងហ្គុក។
      «អូនយ៉ាងម៉េចទៅហើយ?» នាយបន្ទន់ជង្គង់ចុះចាប់លូកប្រអប់ដៃស្រឡូនរបស់ភរិយាមកក្រសោបថ្នមៗ។
      «អូនគ្រាន់តែវិលមុខតិចតួច ប៉ុន្តែពេលនេះអស់អីហើយ ចុះ..បងទៅប្រជុំបានការយ៉ាងណាហើយ?»
      «ពួកយើងត្រូវមានកាតព្វកិច្ចច្បាំងជាលើកចុងក្រោយសង្គ្រាមធំបំផុតដែលយោធាជប៉ុនត្រូវវាយលុកដណ្តើមយកប៊ូសានឱ្យបាន ប៉ុន្តែប្រសិនបើមិនទទួលបានពួកគេនឹងប្រឈមមុខចំពោះការថ្កោលទោសហើយត្រូវផ្តល់សំណងថ្លៃខូចខាតដោយការបំផ្លិចបំផ្លាញសល់ពីភ្លើងសង្គ្រាមមកកាន់កូរ៉េជាច្រើនសន្ធឹកសន្ធាប់ នេះជាតួនាទីចុងក្រោយដែលលោកសេនាប្រមុខ សានស៊ូគិ បានធ្វើកិច្ចសន្យាចំពោះប្រទេសជាតិរបស់ពួកគេ តំបន់ដែលពួកគេអាចកាន់កាប់បានមានតែដេហ្គូមួយតែប៉ុណ្ណោះ ប៉ុន្តែទីនោះត្រូវបានចាត់ទុកជាមោក្ខៈ ប្រសិនបើពួកគេដណ្តើមយកតំបន់សំខាន់ៗទាំង ៥ មិនបានពួកគេនឹងត្រូវបណ្តេញចេញឬក៏អាចសម្លាប់ចោលដោយច្បាប់ថ្កោលទោសពីកូរ៉េខាងត្បូង!» ជេហ៊ុន និង ថេយ៉ុង ចោលក្រសែភ្នែកសម្លឹងមើលមុខគ្នា ពេលទទួលបានដំណឹងដ៏ឃោឃៅលើកចុងក្រោយរួចមកហើយធ្វើឱ្យពួកគេមានការបារម្ភណាស់ ហើយអ្នកដែលបារម្ភខ្លាំងជាងគេនោះគឺអាយុជីវិតប្រជាជនស្លូតត្រង់ដែលមិនដឹងអ្វីទាំងមនុស្សចាស់ជរាព្រមទាំងកុមាររួមទាំងថេយ៉ុង ដែលកំពុងតែពរពោះកូនក្នុងផ្ទៃម្នាក់ទៀត។
      «ថេយ៍!» ជុងហ្គុក លូកម្រាមដៃទៅស្ទាបអង្អែលកាន់ថ្ពាល់ ថេយ៉ុង ដែលយំញ័រស្មារលីងរលោងព្រមទាំងលើកដៃមកអង្អែលលើក្បាលពោះខ្លួនឯងដោយមានភាពស្តាយស្រណោះ។
      «ហ៊ឹកៗ..កូន!» បបូរមាត់ក្រៀមស្ងួតញ័រតតាត់ប្រដេញចលនាមិនឈប់រហូតដល់ហៅដំណក់ទឹកភ្នែកថ្លាយ៉ង់ឱ្យជ្រាបហូរចេញមកច្រោកៗឃាត់មិនបាន។
      «ពេលនោះពួកយើងនឹងកម្សត់យ៉ាងណាទៅកូន? ហ៊ឹកៗកូន..» ដល់ពេលសំដែងភាពព្រួយបារម្ភនឹងទឹកភ្នែកដ៏សោកសៅអារម្មណ៍អួលដើមកក៏ទទួលបានភ្លាមៗធ្វើឱ្យអ្នកដែលឈរក្បែរនេះទទួលបានចិត្តសៅហ្មងមិនចាញ់គ្នានោះដែរ។ ភាពតម្អូញតម្អែរដែលសំដែងឱ្យមនុស្សគ្រប់គ្នាបានឃើញ សុទ្ធសឹងតែជាការឈឺចាប់ចាក់ដោតពេញក្រអួនក្រអៅក្នុងបេះដូង ឥតស្រាក់ស្រាន្ត គ្មាននរណាម្នាក់ចង់ទទួលបានរសជាតិជីវិតសូញសាញវេទនាយ៉ាងនេះនោះទេ គ្មាននរណាម្នាក់ចង់យកជីវិតទៅប្រឡែងនឹងសេចក្តីស្លាប់យ៉ាងឃោឃៅសាមាន្យទាំងនោះឡើយ។
      «បងសន្យាថានឹងការពារគ្រួសារយើងឱ្យបានដល់ទីបញ្ចប់ណ៎ា!» រាងក្រាស់ពោលពាក្យសំដែងនូវទឹកមុខប្រាកដប្រាជារួចចាប់ទាញដងខ្លួនប្រាណស្រឡូនមកឱបរឹតយ៉ាងណែនក្នុងរង្វង់ដៃដោយមិនភ្លេចលើកដៃកាន់អង្អែលផែនខ្នងស្តើងបង្អូសចលនាចុះក្រោមរឿយៗព្រមទាំងថើបលើស្នាមទឹកភ្នែកទន់ជ្រាយកំពុងហូរបន្ថែមនូវដំណក់ថ្មីមួយដង្ហើមយ៉ាងវែង។ 
      «មនុស្សពូកែរបស់បងកុំបារម្ភអីផុតសង្គ្រាមលើកនេះពួកយើងបានរស់នៅជួបជុំគ្នាវិញហើយ!» ថេយ៉ុង ជឿជាក់តាមអ្វីដែល ជុងហ្គុក បានអះអាង ព្រោះកន្លងមកនាយមិនដែលធ្វើឱ្យខ្លួនខកបំណងទេ ដូច្នេះមានតែក្តីសង្ឃឹមតែមួយគត់ដែលគេមានជាប់ខ្លួននោះគឺសូមបួងសួងដល់ព្រះ សូមឱ្យពួកគេឆ្លងកាត់សង្គ្រាមព្រៃផ្សៃយង់ឃ្នងលើកនេះឆ្លងផុតគ្រោះអាក្រក់បានផងទៅចុះ។

💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓Where stories live. Discover now