ភាគទី០៧៖គេងជាមួយគ្នាណា

2.1K 131 3
                                    

   ប្រអប់ជើងស្រឡូនឈានចាប់ដើរចូលទៅខាងក្នុងបន្ទប់ត្រជាក់ល្ហឹមតាមដោយដំណើរសកញ៉កបង្ហាញទឹកមុខគួរឱ្យអាណិត ក្នុងដៃឱបក្រសោបភួយខ្នើយដោយកែវភ្នែកចាប់ក្រហមរលីងរលោងមិនទាន់ស្ងួតសំណើមនៅឡើយ បណ្តាលឱ្យផ្ទៃមុខមាំសង្ហារាបស្មើក្រឡេកមកសម្លឹងមើលវត្តមានភរិយារបស់ខ្លួនជាមួយកែវភ្នែកមានពន្លឺជាងមុនបន្តិចមុននឹងវាចា៖
   «ហេតុអី្វទើបបានជាវិលត្រលប់មកវិញ? ក្រែងទៅគេងជាមួយនឹងម៉ាក់ក្មេកអ្ហេស?»
   «ម៉ាក់ដេញមកវិញ ម៉ាក់ថាមានប្តីហើយ គេងជាមួយប្តីទៅ!» ថេយ៉ុង ថាចប់ ជុងហ្គុក ស្ទើរតែផ្ទុះអស់សំណើច ប៉ុន្តែគេបែរជាព្យាយាមខំទប់ព្រោះមិនចង់ឱ្យប្រពន្ធខឹងច្រឡោតតូងដាក់ខ្លួន ទើបគេបានត្រឹមតែធ្វើមុខស្ងាត់ស្ងៀមជៀសវាងបង្កបញ្ហារវាងគ្នានិងគ្នា សម្លឹងមើលអ្នកដែលឈររេរាឱបភួយឱបខ្នើយមិនមាត់មិន.កតែនាយក៏អាចប៉ាន់ស្មានដឹងយ៉ាងច្បាស់ណាស់ថាប្រពន្ធមានគម្រោងទាមទារចង់បានអ្វីនោះដែរ។
   «អ្ហា..ចាំបងរៀបកន្លែងគេងលើឥដ្ឋក៏បាន!» ជុងហ្គុក ទម្លាក់ប្រអប់ជើងចុះ ដើរសំដៅទៅចាប់យកកម្រាលនិងពូកខ្នើយមកក្រាលគេងលើឥដ្ឋ ដ្បិតតែភរិយានៅតែមិនព្រមផ្លាស់ប្តូរចិត្តឡើយ ទោះបីជាបានរៀបចំអាពាហ៍ពិពាហ៍ជាមួយគ្នាតាមរយះផ្លូវច្បាប់ប្រពៃណីត្រឹមត្រូវក៏ដោយ ប៉ុន្តែនាយនៅតែមិនអាចមានឱកាសទទួលបានការគេងគ្រែរួមកៀកកើយក្បែរ ថេយ៉ុង ដដែល។ កំលោះតូចបានត្រឹមតែដើរសំដៅចូលទៅរកគ្រែគេងដូចដើមទៅតាមទម្លាប់ចាស់មិនថាអ្នកផ្ទះព្យាយាមនិយាយលួងលោមឱ្យគេរៀនទម្លាប់គេងជាមួយស្វាមីបែបណា ក៏គេនៅតែមិនអាចយល់ព្រម ចិត្តរឹងមានៈប្រៀបដូចជាដុំថ្មមិនអាចពត់បាន ធ្វើយ៉ាងណាបើគេមិនមានអារម្មណ៍ល្អ មិនទាន់ត្រៀមចិត្តត្រៀមកាយបានយ៉ាងពេញលេញពេញចិត្ត សម្រាប់ទទួលយកនាយបានមួយរយភាគរយនៅឡើយផង ទោះបង្ខិតបង្ខំបញ្ចុះបញ្ចូលយ៉ាងណាក៏មិនអាចបានការដែរ។
    ជុងហ្គុក បន្ទាប់ពីបានរៀបចំកន្លែងត្រូវសម្រាករួចរាល់អស់ នាយក៏ទម្លាក់ខ្លួនអង្គុយចុះ ក្រឡេកទៅសម្លឹងមើលប្រពន្ធគេងបែរខ្នងដណ្តប់ភួយយ៉ាងជាប់ខ្លួនប្រាណ ហាក់បីដូចជាកំណាញ់ខ្លួនប្រាណមិនចង់ឱ្យគេប៉ះពាល់សូម្បីតែមួយសរសៃសក់ មិនដឹងត្រូវធ្វើខ្លួនភ័យខ្លាចចំពោះគេរបៀបនេះដល់ពេលណាទៀតឡើយ មកទល់នឹងពេលនេះក៏ក្លាយទៅជាប្តីប្រពន្ធគ្នាស្របច្បាប់ ចាស់ទុំសងខាងក៏បានដឹងឮសូម្បីតែញាតិមិត្តដ៏ទៃទៀតក៏ទទួលដឹងឮជ្រាបថារវាងពួកគេទាំងពីរនាក់គឺជាប្តីប្រពន្ធគ្នាស្របតាមច្បាប់ត្រឹមត្រូវមិនខ្វះចន្លោះប្រហោងណាដែរ ហេតុអ្វីក៏នៅតែខ្លាច ខ្លាចថាគេប៉ះពាល់ ធ្វើឱ្យខ្លួនមានអារម្មណ៍មិនល្អបែបនេះដល់អង្កាល់ណាទៀត?
    «ពួកយើងរៀបការជាមួយគ្នារួចហើយ ហេតុអ្វីទើបបងមិនហ៊ានគេងក្បែរខ្ញុំ?» ថេយ៉ុង ដឹងថានាយមិនហ៊ានដៃដល់ក៏ព្រោះតែមិនទាន់ទទួលបានការអនុញ្ញាតសម្រេចចិត្តពីគេផង ម្យ៉ាងវិញទៀត នាយក៏ជាសុភាពបុរសដែលរក្សានូវច្បាប់ប្រកាន់ភ្ជាប់ក្នុងចិត្តជានិច្ចដែរ។
    «ទាល់តែអូនអនុញ្ញាតទើបបងអាចធ្វើដូច្នេះបាន!»
    «មែនហើយព្រោះខ្ញុំមិនទាន់ទម្លាប់ជាមួយជីវិតមានប្តីនោះទេ!»
    «ចាំអូនទម្លាប់សិនក៏បាន..បងស្រលាញ់អូនណា!»
    «...» ថេយ៉ុង បិទភ្នែកសំងំគេងដោយមិននិយាយតបតវាចានឹងស្វាមីបន្តឡើយខណៈអ្នកម្ខាងទៀតបានត្រឹមតែលួចញញិមដោយទឹកមុខសោមនស្សដ៏រីករាយមិនព្រមឈប់ ដ្បិតមិនអាចទទួលបានតំណែងយ៉ាងច្រើនពីភរិយា សុំត្រឹមតែឱ្យមានឈ្មោះថាខ្លួនជាស្វាមីរបស់ ថេយ៉ុង ពេញសិទ្ធក៏ខ្លួនយល់ព្រមពេញចិត្តនិងសប្បាយចិត្តជាទីបំផុតដែរ។ កាលបើកំលោះតូចគេងលុងលក់រុំព័ទ្ធទៅដោយស្បៃអន្ធិកាគ្របដណ្តប់ងងឹតសូន្យសុងរលត់ភាពឆើតឆាយរបស់ពិភពលោកទាំងមូលទៅហើយនោះ។ បង្អួចបើកចំហស្រាប់តែនាំយកខ្យល់អាកាសជះផាត់រសាត់ចូលមកព្រឺព្រួចរងាររណ្តំកាយដែលទម្រេកលើគ្រែចាប់ផ្តើមទទួលបានសីតុណ្ហភាពត្រជាក់ ទើបបណ្តាលឱ្យចិត្តប្រុសកំលោះសង្ហាជាស្វាមីក្រោកដើរចូលទៅឈោងដៃចាប់យកភួយកម្រាស់ក្រាស់មកគ្របដណ្តប់លើខ្លួនប្រាណតូចច្រឡឹងសន្សឹមៗលូកដៃទៅបិទអំពូលភ្លើងអគ្គីសនីបន្ថែមដល់រលត់ឈឹប មុនពេលបែរដើរត្រលប់ទៅសម្រាកកន្លែងដើមវិញ ទន្ទឹមនឹងទ្រនិចនាឡិកាបារាំងក៏ចរត្រឹមម៉ោង ១២ យប់រំលងអាធ្រាត្រល្មម។

💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓Where stories live. Discover now