ភាគទី១៩៖ថេរីន លេបថ្នាំសម្លាប់ខ្លួន

1.4K 102 3
                                    

     នៅពេលដែលបានបញ្ចប់ការញ៉ាំអាហារពេលល្ងាចរួចរាល់ ថេរីន ក៏ត្រលប់ចូលទៅកាន់បន្ទប់សម្រាកដោយមានអារម្មណ៍ថា នៅស្ពឹកមុខនិងខួរក្បាលព្រមទាំងបេះដូងដែលឈឺចុកចាប់មិនទាន់បាត់អាការរបស់វា នាងស្ទើរតែញ៉ាំបាយមិនដឹងអំពីរសជាតិឆ្ងាញ់ទេនៅថ្ងៃនេះ។ នាងមានអារម្មណ៍ល្វីងជូរចត់គ្រប់យ៉ាង ជុំវិញខ្លួននាងពោរពេញទៅដោយសម្ពាធដែលនាងគ្មានសូម្បីតែសេរីភាពសម្រាប់ខ្លួនឯងអាយុច្រើនប៉ុណ្ណេះទៅហើយអ្វីដែលនាងអាចធ្វើទៅបានគឺការស្តាប់បង្គាប់បញ្ជាទទួលយកដំបូន្មានពីឪពុកម្តាយតែម្យ៉ាងគត់។ អង្គុយគិតសុខៗទឹកភ្នែកនាងហូរមិនដាច់ពីថ្ពាល់សោះ កន្លងមកនាងកម្រនឹងបានយំណាស់ ព្រោះគិតថាតួនាទីជាបងគេ ជាកូនច្បងបន្ទាប់ដែលត្រូវទទួលយកបន្ទុកពីគ្រួសារមកគ្រប់គ្រង នាងត្រូវតែរឹងមាំ មិនត្រូវទន់ជ្រាយ ឬបង្ហាញពីភាពសោកសៅនិងដំណក់ទឹកភ្នែកឱ្យនរណាម្នាក់បានឃើញឡើយ។ មិនថានាងចួបរឿងឈឺចាប់ខ្លាំងប៉ុណ្ណាក៏ដោយ នាងគ្មានសិទ្ធ សូម្បីតែបង្ហាញឱ្យគ្រប់គ្នាបានឃើញថានាងក៏ជាមនុស្សដែលចេះពិបាកចិត្តដូចដែលគ្រប់គ្នាបានចួបប្រទះការឈឺចាប់គ្រប់ៗគ្នាកន្លងមកដែរ។ ប៉ុន្តែថ្ងៃនេះនាងលាក់ទុកវាទៀតលែងបានហើយ ការឈឺចាប់មួយនេះស្ទើរតែធ្វើឱ្យនាងអង្គុយលែងស្ងប់ចិត្តមួយនៅនឹងកន្លែង។ ថ្ងៃនេះនាងបានចាកចេញទៅខាងក្រៅបបួលមិត្តស្រីដែលខ្លួនឯងស្រលាញ់ចាកចេញទៅធ្វើរឿងល្អៗជាមួយគ្នា ពួកគេបានទៅវត្តអារ៉ាម ធ្វើបុណ្យ ដាក់ទាន បន្ទាប់មកក៏ទៅដើរលេងនៅឯសួនឧស្យាន ហើយបានដាក់ទានដល់ជនទីទាល់ក្រនិងទៅជិះសេះជាមួយគ្នា នាងរីករាយពេញមួយថ្ងៃជាមួយមនុស្សដែលខ្លួនឯងស្រលាញ់។ តែពេលនេះទំនាក់ទំនងគ្រប់យ៉ាងបានចប់ស្រេចបាច់អស់ទៅហើយ នាងគ្មានសូម្បីតែឱកាសទៅនិយាយលាគ្នាជាមួយមនុស្សស្រីដែលខ្លួនឯងស្រលាញ់និងព្យាយាមសុំឱកាសសម្រាប់បកស្រាយបញ្ហារឿងរ៉ាវដើម្បីបានឱ្យអតីតដៃគូរបស់ខ្លួនដឹងពីហេតុផលគ្រប់យ៉ាងផង។
     ថេរីន គ្រវីក្បាលរួចលើកខ្នងដៃមកជូតកៀសដំណក់ទឹកភ្នែកចេញទាំងទ្រូងដង្ហក់មួយទំហឹង នាងឈឺចាប់ណាស់ នាងឈឺចាប់ដែលខ្លួនឯងមិនអាចទទួលបានអ្វីដូចដែលប្អូនរបស់នាងអាចទទួលបានពីប៉ាម៉ាក់។ ពេលខ្លះនាងក៏ចង់បានជីវិតដែលប្រសើរក្នុងផ្លូវមួយដែលនាងជ្រើសរើសដូច្នោះដែរហើយមានពេលខ្លះទៀតនាងក៏ចង់មានសុភមង្គលដូចមនុស្សទូទៅដែរ ដែលអាចរួមរស់នៅបានជាមួយមនុស្សដែលពួកគេស្រលាញ់ដូចគ្នា។
     ក្រាក!!
     នាងក្រមុំប្រញាប់ជូតទឹកភ្នែកចេញយ៉ាងឆាប់រហ័ស រួចបែរទៅសម្លឹងមើលអ្នកដែលរុញទ្វារដើរចូលមកខាងក្នុងដោយមិនបានហុចដំណឹងប្រាប់ទុកជាមុន។
     «ថេយ៍!» ថេយ៉ុង ងក់ក្បាលពេលឮបងស្រីហៅឈ្មោះខ្លួន មុននឹងដើរចូលទៅអង្គុយក្បែរអ្នកដែលបន្លឺសូរតែសំឡេងខ្សឹកខ្សួរបន្សល់ទុកត្រឹមកែវភ្នែកក្រហមតែតមួយគូនោះ។
     «បងបានធូរខ្លះទេ?» ថេរីន ប្រឹងលេបទឹកភ្នែកទាំងអារម្មណ៍ល្ហិតល្ហៃ មើលនាងជាមនុស្សពូកែអត់ធ្មឹងដល់ម្លឹងមែនទេ?
     «បងមិនអីទេ»
     «បើបងពិបាកចិត្តណាស់ បងអាចនិយាយអ្វីដែលបងចង់និយាយចេញមកបានណា ថេរីន» ស្ថានភាពប្រៀបដូចជាទទួលរង់ថ្មបាក់សង្កត់រាប់រយពាន់ម៉ឺនគីឡូឱ្យនាងនិយាយអ្វីចេញមករួចបានទៅ? បើមនុស្សកំពុងតែមានក្តីសុខសុខៗក៏ស្រាប់តែមកចួបប្រទះរឿងឈឺចាប់ផ្សារយ៉ាងនេះទៅវិញ នាងក៏ជាមនុស្សដែរ នាងមិនមែនជារូបចម្លាក់ទេ។
     «ថេរីន!» ថេយ៉ុង ហៅនាងជាថ្មីរួចខិតចូលទៅឱបបងស្រីពីក្រោយយ៉ាងណែន។
     «ហ៊ឹកៗថេយ៍!!» នាងលែងទប់ទល់អារម្មណ៍ទាំងនោះរួចទៀតហើយ ម្តងនេះនាងស្រាប់តែយំយ៉ាងគគ្រូកងាកមកផ្អែកក្បាលកើយលើស្មាប្អូនទាំងអារម្មណ៍ក្ដុកក្តួលណែនក្នុងទ្រូងណាស់។
     «យំទៅ យំឱ្យអស់ចិត្ត ក្រោយមកចាំនិយាយវាចេញមកក៏បាន» មែនហើយនាងពិតជាចង់យំខ្លាំងណាស់ យំខ្លាំងៗរហូតដល់អស់ចិត្ត ទើបនាងអាចបានធូរស្បើយក្នុងចិត្តបាន។
     «វាមិនមែនជាកំហុសរបស់បងទេ ថេរីន ព្យាយាមកុំដាក់សម្ពាធឱ្យខ្លួនឯងអី!»
     «បងមិនដឹងថាត្រូវសម្រេចចិត្តបែបណា បងគ្មានជម្រើសទេ ថេយ៍ បងអស់សង្ឃឹមលើខ្លួនឯងណាស់» ថេយ៉ុង ស្តាប់ឮសម្តីនាងនិយាយគ្រប់ម៉ាត់សូម្បីតែគេក៏ទទួលបានអារម្មណ៍ឈឺចាប់មិនចាញ់នាងដែរ។
     «អ្វីៗគ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយ អូនជឿថាប៉ាម៉ាក់អាចយោគយល់ដល់បងបាន!»
     «មិនអាចទេ កន្លងមកបងមិនអាចមានសិទ្ធសូម្បីតែទទួលបានឱកាសដែលខ្លួនឯងចង់ធ្វើតាមបំណងរបស់ខ្លួនឯងម្តងណាឡើយ បងចង់ទៅរៀនបន្តនៅឯអាមេរិកក៏ពួកគាត់ហាម បងចង់ក្លាយជាអ្នកនិពន្ធម្នាក់ក៏ពួកគាត់មិនព្រម បងចង់រៀន បងចង់ពូកែ បងចង់ឱ្យគ្រប់គ្នាមើលឃើញថាបងជាមនុស្សដែលមានសមត្ថភាពម្នាក់ហេតុអ្វីក៏បងមិនអាចសូម្បីតែទទួលបានឱកាសទាំងអស់នេះ?» នាងមិនមែនទើបតែទទួលបានការហាមឃាត់កំឡុងពេលនេះ នាងមិនមែនទើបតែទទួលរង់នូវសម្ពាធដ៏ឈឺចាប់ក្នុងពេលនេះឡើយ។ នាងតែងតែហត់នឿយ និងព្យាយាមអស់ពីលទ្ធភាពរបស់ខ្លួនឯង ដើម្បីធ្វើតាមប៉ាម៉ាក់នាងគ្រប់យ៉ាង សូម្បីតែឱកាសតូចតាចមួយ នាងចង់ធ្វើតាមបេះដូងរបស់ខ្លួនឯងម្តងក៏មិនអាចទៅរួចដែរ នាងធំហើយ នាងមានអាយុច្រើនណាស់ នាងក៏អាចគ្រប់គ្រងភាពពេញវ័យដោយខ្លួនឯងបាន មិនចាំបាច់សុំការមើលថែផ្តល់ភាពយកចិត្តទុកដាក់ពីឪពុកម្តាយទាំងស្រុងទៀតនោះទេ ពេលខ្លះនាងយល់ថាវាមានសម្ពាធណាស់។
     «បងគ្មានតម្លៃអីសោះក្នុងកែវភ្នែកប៉ាម៉ាក់កន្លងមក បងគ្រាន់តែត្រូវពឹងដង្ហើមពួកគាត់ដើម្បីបានរស់នៅពីមួយថ្ងៃទៅមួយថ្ងៃទៀត បងកាន់តែយល់ថាខ្លួនឯងគ្មានបានការអ្វីសោះ បងមិនចង់ទទួលបានជីវិតបែបនេះទេ ថេយ៉ុង!»
     «តែបងសំខាន់ណាស់ក្នុងកែវភ្នែកនិងបេះដូងរបស់អូន បងកុំនិយាយដូច្នេះអី បងមិនមែនគ្មានបានការទេបងជាមនុស្សពូកែណាស់ ថេរីន!» ថេយ៉ុង លួងលោមបងស្រីមិនឈប់ ដំណក់ទឹកភ្នែករបស់គេក៏ហូរស្រក់ចុះមិនចាញ់គ្នាប៉ុន្មានដែរ អាចនឹងមានពេលខ្លះដែលបងប្អូនទាំងពីរនាក់ឈ្លោះប្រកែកគ្នា ប៉ុន្តែពួកគេស្រលាញ់គ្នាណាស់ មិនថាស្ថិតនៅក្នុងកាលៈទេសៈណាទេពួកគេពុំដែលបោះបង់គ្នាចោលសោះឡើយ។
     «ហ៊ឹកៗបងហត់នឿយណាស់ ហត់នឿយរាល់ថ្ងៃ» ថេរីន បញ្ចេញអារម្មណ៍ទាំងប៉ុន្មានមានក្នុងចិត្តបង្ហាញចេញមកទាំងអស់ នាងក៏ជាមនុស្សចេះចង់រស់ ចេះចង់សប្បាយ នាងមិនមែនជាគ្រាប់កូនអុក ដែលនរណាៗក៏អាចមានសិទ្ធលើកដាក់ទុកត្រង់ណាក៏បាន មិនថាឪពុកម្តាយនាងឡើយ ពួកគាត់អាចចិញ្ចឹមនាងមកបានឱ្យធំធាត់លូតលាស់រាងកាយ មានជីវិតរស់រានបានដោយការមើលថែ ផ្តល់ចំណីអាហារហូបចុក ព្រមទាំងកន្លែងស្នាក់នៅ ប៉ុន្តែពួកគាត់ក៏មិនអាចចិញ្ចឹមចិត្តថ្លើមនិងបេះដូងរបស់នាងបានទេ នាងមានគោលដៅជារបស់ខ្លួន នាងស្រលាញ់នរណាដែលនាងពេញចិត្តនិងត្រូវការ។
     «បើហត់ណាស់បងសម្រាកសិនទៅ សម្រាកឱ្យបានគ្រប់គ្រាន់ចុះ រឿងទាំងប៉ុន្មានទុកឱ្យអូនជាអ្នកទៅនិយាយជាមួយប៉ាម៉ាក់!» ថេយ៉ុង ប្រមូលភាពក្លាហានដើម្បីការពារបងស្រីទោះបីជាកន្លងមកគេមិនធ្លាប់ធ្វើទង្វើបែបនេះក៏ដោយ ប៉ុន្តែឥឡូវនេះគេធំហើយ គេក៏មានកូនដែលខ្លួនស្រលាញ់ គេយល់ច្បាស់អារម្មណ៍ជាឪពុកម្តាយរបស់គេមានន័យបែបណាខ្លះ មិនថាសេចក្តីស្រលាញ់ទាំងអស់នោះធំធេងខ្លាំងយ៉ាងណា ត្រូវចាំថាវាមិនអាចលេបត្របាក់ជីវិតរបស់កូនឱ្យរត់តាមគន្លងរបស់ខ្លួនឯងគ្រប់យ៉ាងអស់រយៈពេលពេញមួយជីវិតដែរ។ នៅពេលដែលបានប្រាប់ឱ្យនាងឆាប់ចូលគេង ថេយ៉ុង ក៏ត្រលប់ចាកចេញមកវិញដោយដើរសំដៅចូលទៅរកបន្ទប់ទទួលភ្ញៀវ ខណៈលោកស្រី ថេរីណា ក៏កំពុងតែអង្គុយសំណេះសំណាលគ្នាជាមួយម៉ែដោះរឿងរៀបចំពិធីភ្ជាប់ពាក្យឱ្យ ថេរីន ដែរ។
     «ម៉ាក់!» ស្ត្រីចំណាស់ងើបផ្ទៃមុខងាកមកសម្លឹងមើលមុខកូនប្រុសដែលបានដង្ហោយហៅខ្លួន។
     «មានការអី!»
     «ខ្ញុំសុំពេលម៉ាក់បន្តិច!» ម៉ែដោះយល់ការហើយគាត់ក៏ក្រោកដើរចេញទៅបាត់ ជំនួសមកវិញដោយ ថេយ៉ុង ក៏ដើរចូលទៅដាក់គូទអង្គុយចុះទល់មុខម្តាយ។
     «រឿងអី?» លោកស្រី ថេរីណា វាចាទាំងទឹកមុខមាំស្មើ។
     «រឿងបងស្រី!» ឮដូច្នេះហើយគាត់ស្រាប់តែដកដង្ហើមធំវែង ព្រោះបានទាយដឹងមុនថាកូនប្រុសខ្លួនប្រាកដជាមកនិយាយរឿងទាំងអស់នេះជាក់ជាមិនខាន។
     «ទោះបី ថេយ៍ ជួយមកនិយាយយ៉ាងណាក៏ម៉ាក់ពុំប្តូរចិត្តដែរ!» ថេយ៉ុង មិនទាន់បាននិយាយដល់សាច់រឿងសំខាន់ផង គាត់បែរជាស្កាត់ហាមឃាត់ចិត្តគំនិតរបស់គេមុនរួចរាល់បាត់ទៅហើយ។
     «បងស្រីក៏ជាមនុស្សមានបេះដូងដែរណាម៉ាក់!»
     ផាច់!!
     ថ្ពាល់ម៉ដ្ឋទន់រលោងត្រូវងាកទៅម្ខាងដោយកម្លាំងទះ ស្ត្រីចំណាស់សង្កៀតជើងធ្មេញទាំងកំហឹងមិនស្ងប់ក្នុងចិត្ត គិតថាខ្លួនឯងជានរណា រាល់ថ្ងៃពួកគាត់ខំចិញ្ចឹមឱ្យបាយឱ្យទឹកចម្អែតក្រពះមករហូត ម្តេចក៏ហ៊ានពោលពាក្យទាំងនេះនៅចំពោះមុខគាត់ទៅរួច?
     «មានឬគ្មានបេះដូងក៏យើងជាអ្នកសម្រេចចិត្តគ្រប់យ៉ាងដែរ យ៉ាងម៉េច ធំឆ្អឹង ធំខ្លួន នាំគ្នាប្រឆាំងតបតចំពោះគំនិតម៉ែឪហើយចេញមុខមាត់ជំទាស់នឹងយើង? ដែលឯងមានសព្វថ្ងៃមកនេះ ក្រែងបានម៉ែឪជួយទំនុកបម្រុងតាំងតែពីដើមដល់ចប់មិនអ៊ីចឹងអ្ហេស? រកស៊ីចិញ្ចឹមក្បាលពួកឯងមកមួយៗនេះ ក៏ព្រោះតែពួកយើងខំណាស់ ខំយប់ ខំថ្ងៃ ដើម្បីតែកូន ពេលកូនពេញវ័យ ធ្វើអ្វីដើម្បីម៉ែឪវិញមិនបានឬ?» កម្លាំងដៃដែលគាត់បានវាយគេអម្បាញ់មិញ ឈឺមិនស្មើនឹងពាក្យសម្តីដែលគាត់បាននិយាយទេ គេដឹងហើយថាគាត់បានប្រឹងប្រែងទាំងកម្លាំងកាយចិត្ត នឿយហត់មកគ្រប់យ៉ាង ប៉ុន្តែគេក៏ចង់រស់នៅប្រើជីវិតឱ្យមានន័យបំផុតដែរ។
     «កន្លងមកដែលកូនៗបានខំព្យាយាមធ្វើតាមប៉ាម៉ាក់គ្រប់យ៉ាងមិនគ្រប់គ្រាន់ទៀតមែនទេ? ខ្ញុំមិនដែលសុំអ្វីពីម៉ាក់ម្តងទេ ទោះបីជារឿងរៀបការដែលប៉ាម៉ាក់បានរៀបចំធ្វើសម្រាប់ខ្ញុំ ក៏ខ្ញុំគ្មានសិទ្ធនឹងជំទាស់ដែរ។ ខ្ញុំគ្រាន់តែសុំត្រឹមលើកនេះម្តងតែប៉ុណ្ណោះសុំឱ្យម៉ាក់គិតដល់ចិត្តថ្លើមបងស្រីតែម្តងគត់ក៏បាន គាត់ពិតជាឈឺចាប់ណាស់ គ្រប់យ៉ាងដែលគាត់ចង់ធ្វើ ចង់បាន សុទ្ធតែទទួលបានការបិទសិទ្ធនិងហាមឃាត់ទាំងអស់។ នេះមែនទេសេចក្តីសុខដែលប៉ាម៉ាក់ព្យាយាមតាមស្វែងរកឱ្យកូនៗទាំងដែលពួកខ្ញុំមិនបានពេញចិត្តនោះ?»
     «ថេយ៍?» លោកស្រី ថេរីណា មានការភ្ញាក់ផ្អើល ថេយ៉ុង ហ៊ានជំទាស់នឹងគំនិតរបស់ពួកគាត់ថែមទាំងបានបន្ទោសថាពួកគាត់ជាម្តាយឪពុកដែលយល់តែចិត្តថ្លើមរបស់ខ្លួនឯងទៀត។
     «ម៉ាក់ចង់វាយខ្ញុំដល់ស្លាប់ទៀត ម៉ាក់វាយមកចុះ ព្រោះខ្ញុំទ្រាំឃើញបងស្រីឈឺចាប់បន្តមិនបានទេ!»
     «អាចង្រៃ!!»
     «លោកយាយ!» សំឡេងស្រួយស្រែសឧទានឡើងកាត់ចង្វាក់និងអារម្មណ៍ខឹងគ្រោតគ្រាតដែលស្ត្រីចំណាស់កំពុងមាន។
     ចេយ៉ុង រត់សំដៅចូលទៅរក ថេយ៉ុង ដែលស្រក់ហូរទឹកភ្នែកចំពោះម្តាយខ្លួនតក់ៗ មុននឹងស្រវាចាប់ក្តោបប្រអប់ដៃស្រឡូនមកកាន់យ៉ាងណែន។
     «ប៉ាតូចធ្វើអ្វីឱ្យលោកយាយខឹង ប៉ាតូចកុំតមាត់លោកយាយណា ខ្លាចមានបាប!» ថេយ៉ុង លើកខ្នងដៃជូតដំណក់ទឹកភ្នែកចេញ ថ្ងៃនេះគេប្រហើនហ៊ានតមាត់ម្តាយ គេដឹងច្បាស់ថាខ្លួនឯងដើរលើសតួនាទីជាកូនរួចទៅហើយ តែបើគេមិនបាននិយាយពាក្យអ្វីចេញមកខ្លះគេអាចនឹងស្ទះក្នុងដើមទ្រូងស្លាប់ជាក់ជាមិនខាន។
     «ឯងហ៊ានណាស់ ឯងហ៊ានកាន់ជើងបងរបស់ឯង? ឯងដឹងទេថាការដែលវាទៅស្រលាញ់ស្រីដូចគ្នាវាទទួលបានលទ្ធផលយ៉ាងម៉េចខ្លះ?»
     «ចុះខ្ញុំ? ម៉ាក់បង្ខំឱ្យខ្ញុំរៀបការជាមួយមនុស្សប្រុសដូចគ្នាបាន? ហេតុអ្វីក៏បងស្រីមិនអាចធ្វើដូចជាខ្ញុំបាន?» អ្នកទាំងពីរចាប់ផ្តើមដំឡើងសរសៃកតឹងដាក់គ្នាឮសូរឡូងៗរហូតដល់គ្រប់គ្នាដើរចេញមកមើល ប៉ុន្តែអវត្តមានតែ ថេរីន ម្នាក់តែប៉ុណ្ណោះ ព្រោះនាងបានដឹងទុកមុនរួចទៅហើយថានឹងមានរឿងដូច្នេះកើតឡើងមកបាន។
     «មានរឿងអីអូន?» លោក ដេស៊ុក ចោលសំណួរទៅកាន់ភរិយាដែលជ្រាបហូរទឹកភ្នែកសស្រាក់ចំពោះកូនប្រុស។
     «វានេះ? ហ៊ានជំទាស់ចិត្តពួកយើងបង វាកាន់ជើងបងវា ដើម្បីឱ្យបងវាបានស្រលាញ់ស្រីដូចគ្នា!» ជុងហ្គុក យល់រឿងប្រញាប់ប្រញាល់ដើរទៅហាមឃាត់ប្រពន្ធកំពុងតែឈរហូរស្រក់ទឹកភ្នែកចំពោះម្តាយវិញយ៉ាងសស្រាក់សស្រាំដូចគ្នា។
     «អូន..កុំអី!» ថេយ៉ុង គ្រវីក្បាលដាក់ស្វាមីរួចប្រឹងវាចាទាំងកែវភ្នែកក្រហមនិងបបូរមាត់ដ៏ញ័រតតាត់។
     «ម៉ាក់ប៉ាកុំរង់ចាំដល់ពេលវេលាកាន់តែហួសពេល ទើបនឹកឃើញស្តាយក្រោយ ខ្ញុំគ្រាន់តែចង់និយាយប៉ុណ្ណឹងនោះទេ!» ថេយ៉ុង ប្រកាសស្រែកក្តែងៗស្រាប់តែម៉ែដោះឆោឡោស្រែកចាចមកពីជាន់ខាងលើ។
     «ជួយផង..ជួយ..!»
     «មានរឿងអ្វីទៅម៉ែដោះ?» ជុងហ្គុក លែងខ្លួនប្រពន្ធចេញ ងាកទៅសួរនាំម៉ែដោះដែលកំពុងតែស្រែកឆោឡោស្លន់ស្លោរភ័យស្លេកមុខមាត់ដូចមាន់ស្ងោរ។
     «អ្នកនាង ថេរីន លេបថ្នាំសម្លាប់ខ្លួន!»
     «បងស្រី!!!» ថេយ៉ុង ច្រឡោតពួយរត់ដាច់ជើងចោលទៅរកបងស្រីទាំងទឹកភ្នែកហូរជោកថ្ពាល់រហាម មុននេះទើបតែបាននិយាយគ្នាសោះ ហេតុអ្វីៗស្រាប់តែកើតមានរឿងបែបនេះទៅរួច?
     ក្រាក!!!
     «អ្ហាយ ថេរីន!!» ថេយ៉ុង ស្រែកចាច ស្ទុះទៅចាប់អង្រួនរាងកាយបងស្រីដែលដេកបែកពពុះមាត់ស្កល់ក្នុងសភាពយ៉ាប់យឺន ជុងហ្គុក គ្រាន់តែឡើងមកដល់ភ្លាម ប្រញាប់ចាប់ក្រសោបបីរាងកាយបងថ្លៃស្រីឡើងរត់ចេញទៅវឹងដើម្បីទៅរករថយន្តនឹងបានបញ្ចូននាងទៅកាន់មន្ទីពេទ្យអមដោយ ថេយ៉ុង ក៏បានទៅជាមួយគ្នាដែរ។ ចំណែកឯម្តាយឪពុកពួកគេក៏ប្រើប្រាស់រថយន្តមួយគ្រឿងទៀតដើម្បីបានចេញដំណើរទៅតាមក្រោយនៅសល់តែម៉ែដោះនិងចេយ៉ុង តែប៉ុណ្ណោះដែលត្រូវរង់ចាំនៅផ្ទះ។
    
     មន្ទីពេទ្យក្រុង
     ក្រុមគ្រូពេទ្យ ខ្វែងដៃ ខ្វែងជើង រត់ឆ្វែលឆ្វាត់ ដើម្បីបានជួយសង្គ្រោះជីវិតរបស់ ថេរីន នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់យ៉ាងល្អិតល្អន់។
     នៅពេលដែលមកដល់ទីនេះភ្លាម ថេយ៉ុង គិតតែពីអង្គុយធ្មឹងៗ ស្រក់ទឹកភ្នែកបារម្ភពីបងស្រីហូរហែសូម្បីតែមាត់កនិយាយស្តីចូលឪពុកម្តាយខ្លួនមួយម៉ាត់ក៏គ្មាន។ ខណៈម្តាយឪពុករបស់គេទាំងពីរនាក់ក៏បារម្ភពីកូនស្រីច្បងមិនចាញ់ចិត្តរបស់គេអ្វីប៉ុន្មានដែរ លោកស្រី ថេរីណា គិតតែទួញសោកយំយែកគគ្រូករហូតគ្មានពេលស្រាក់ស្រាន្ត បើមិនទាន់ទទួលបានដំណឹងល្អអ្វីពី ថេរីន ឆ្លងផុតគ្រោះថ្នាក់នៅឡើយទេ គាត់យំបន្ទោសខ្លួនឯងដាច់ខ្យល់ស្លាប់មិនឈប់ឡើយ។
     អស់រយៈពេលទៅជាងមួយស្របក់ធំក្រោយមក គ្រូពេទ្យម្នាក់ក៏បានដើរចេញមក។
     «លោកគ្រូពេទ្យ កូនស្រីរបស់ខ្ញុំយ៉ាងម៉េចទៅហើយ?» លោក ដេស៊ុក ធ្វើជាស្ទុះស្ទាក្រោកឡើងទៅសួរនាំលោកគ្រូពេទ្យ។
     «អ្នកជំងឺអស់អីហើយពេលនេះកំពុងសម្រាកព្យាបាលបន្ថែម ព្រោះជាតិថ្នាំមានប្រសិទ្ធិភាពខ្ពស់គួរសម បើបណ្តោយទៀតខ្លាចក្រែងជួយសង្គ្រោះមិនទាន់!» សម្តីរបស់លោកគ្រូពេទ្យអាចជួយឱ្យចិត្តគំនិតគ្រប់គ្នាបានធូរស្បើយមួយរយៈ។
     «អរគុណច្រើនណាស់លោកគ្រូពេទ្យ!»
     «បាទ!» សំណេះសំណាលគ្នាចប់គ្រូពេទ្យក៏បានដើរចាកចេញទៅ នៅពេលដែលបានជួយសង្គ្រោះរួចរាល់មកហើយបុគ្គលិកក្នុងមន្ទីពេទ្យក៏បានជួយផ្លាស់បន្ទប់ឱ្យ ថេរីន ទៅសម្រាកនៅឯបន្ទប់ព្យាបាលទូទៅធម្មតាវិញ។

💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓Where stories live. Discover now