ភាគទី២២៖បងជាអ្នកដឹកនាំអូនដោយខ្លួនឯង

902 51 0
                                    

     មួយសប្តាហ៍បន្ទាប់
     សេចក្តីប្រកាសអំពីច្បាប់យោធា!!
     សំឡេងឧបករណ៍ប្រើប្រាស់របស់វិទ្យុបានបន្លឺឡើង លាន់ឮសូរកោកៗស្ថិតក្នុងបន្ទប់ទទួលភ្ញៀវ ដែលញ៉ាំងឱ្យសមាជិកគ្រប់គ្នាហាក់បីទទួលបានអំពីសារដំណឹងទាំងនោះភ្លាមនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពិតមិនធម្មតា។ សារបញ្ជាក់ពីមន្ត្រីយោធាគ្រប់ជាន់ថ្នាក់ដែលចែងមកអំពីបញ្ហាចម្រូកចម្រាស់ទំនាស់វិវាទរវាង កូរ៉េខាងត្បូងនិងជប៉ុន ឈានដល់ការបង្កជម្លោះដោយសារតែកិច្ចចរចារព្រមព្រៀងរវាងលោកនាយករដ្ឋមន្ត្រីទាំងពីរនាក់ប្រព្រឹត្តទៅដោយភាពល្អក់កករចំពោះការទាមទារឱ្យបើកច្រកព្រំដែនកូរ៉េ-ជប៉ុនដើម្បីស្នើសុំសិទ្ធអនុញ្ញាតឱ្យប្រជាជនជប៉ុនចូលមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអាស្រ័យលើការ ប្រកបមុខរបររកស៊ីស្របច្បាប់ ការសុំដាក់បញ្ចូលសញ្ជាតិ និងលទ្ធភាពក្នុងការរស់នៅផ្តល់សិទ្ធស្មើភាពគ្នាដូចជាប្រជាជនកូរ៉េដែលរស់នៅក្នុងប្រទេសមួយនេះ។ ទាមទារឱ្យមានតម្លាភាពស្មើគ្នានិងមានបរិមាណប្រជាជនជប៉ុនរស់នៅក្នុងប្រទេសកូរ៉េច្រើនជាង ៣សែននាក់។
      ប៉ុន្តែកិច្ចចរចារទាំងអស់នេះមិនបានបើកចំហរត្រឹមត្រូវនិងព្រមព្រៀងទាំងស្រុងពីលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនោះទេហើយក៏គ្មានករណីយោគយល់លើកលែងអាធ្រាស្រ័យដល់ប្រជាជនជប៉ុនដែរ ដែលបានមករស់នៅជ្រកកោនក្រោមអំណាចដឹកនាំដោយរាជរដ្ឋាភិបាលកូរ៉េខាងត្បូងយ៉ាងទូលំទូលាយនោះផងដែរ។ អាជីវករដែលចូលមករស់នៅប្រទេសកូរ៉េខាងត្បូងចម្រុះជាតិសាសន៍ក្នុងមួយឆ្នាំៗត្រូវតែបង់ពន្ធជូនដល់រាជរដ្ឋាភិបាល។ ការសុំចូលសញ្ចាតិលុះត្រាតែជាតិសាសន៍ផ្សេងអាចរៀបការជាមួយនឹងជនជាតិកូរ៉េបាន ទើបអាចស្នើសុំចុះកិច្ចព្រមព្រៀងឱ្យសុំចូលសញ្ជាតិបាននិងរស់នៅក្នុងប្រទេសកូរ៉េជារៀងរហូត។ តែបើទោះបីជាយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីរបស់ជប៉ុន នៅតែបានព្យាយាមទទូចទាមទារសុំឱ្យមានការផ្តល់សិទ្ធស្មើភាពគ្នារវាងប្រជាជាតិទាំងពីរដដែល។
     មិនថាស្ថិតក្នុងកិច្ចព្រមព្រៀងដោះដូរផលប្រយោជន៍រួមដល់ប្រទេសជាតិមួយណាក៏ដោយក៏មិនអាចគ្របដណ្ដប់លើប្រព័ន្ធទំនាក់ទំនងនយោបាយនិងពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរនេះដែរ។ ដូច្នេះហើយដោយសារតែបញ្ហាប្រវិត្តសាស្ត្រសម័យអាណានិគមរវាងប្រទេសជាតិទាំងពីរធ្លាប់បានកើតឡើងចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ របស់ប្រទេសជប៉ុនគ្របដណ្តប់មកលើប្រទេសកូរ៉េអតីតកាលនៅតែជារឿងដ៏ឈឺចាប់និងបានផ្តល់មេរៀនគួរឱ្យភ័យខ្លាចម្តងរួចទៅហើយ ភាពតានតឹង​មិនចេះចប់ រវាង​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដែល​បង្កឡើង​ដោយ​ស្នាម​របួស​ចាស់​សម័យ​សង្រ្គាមតាំង​ពី​ជិត​មួយ​សតវត្សរ៍​មុននេះគឺ​កើតមានឡើងដោយសារ​តែ​ប្រទេស​ទាំងពីរ​មាន​ទស្សនៈ​ផ្ទុយគ្នា​ស្រឡះ។ ទើបបានជាប្រទេសជាតិកូរ៉េខាងត្បូងមិនអាចផ្តល់សិទ្ធនិងសេរីភាពពេញលេញសម្រាប់ប្រជាជនជប៉ុនដែលស្នើសុំការចូលមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូងដោយស្របច្បាប់ត្រឹមត្រូវតាមការអំពាវនាវពីរាជរដ្ឋាភិបាលជប៉ុនបានឡើយ។
     [សូមជម្រាបសួរ លិខិតថ្លែងការណ៍មកពីប្រព័ន្ធផ្សព្វផ្សាយយោធានៅក្នុងប្រទេស យើងខ្ញុំទាំងអស់សូមអំពាវនាវដល់គ្រួសារប្រជាជនកូរ៉េដែលមានកូនៗទាំងពីរភេទ ចាប់ពីអាយុ ១៨ ឆ្នាំដល់ ៤០ ឆ្នាំ តម្រូវឱ្យមានការចូលបំពេញកាតព្វកិច្ចយោធា ដោយក្នុងមួយនាក់មានរយៈ ២ឆ្នាំ ទន្ទឹមនឹងការបម្រើការងារយោធាដើម្បីប្រទេសជាតិទាំងមូល។ យើងខ្ញុំមានការព្រួយបារម្ភ ចំពោះការកង្វះនូវធនធាន ប្រព័ន្ធដំណើរការសេដ្ឋកិច្ចយោធាមិនសូវមានឥទ្ធិពលខ្លាំងក្លាទើបឈានដល់ការជម្រុញឱ្យប្រជាជនក្នុងប្រទេសទាំងមូល មានស្មារតីរឹងប៉ឹងក្នុងការបំពេញកាតព្វកិច្ចជាតិបន្ថែម ដោយពឹងផ្អែកលើការបណ្តុះបណ្តាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ដែលមានចំណេះដឹង មានសមត្ថភាព និងគោលនយោបាយដ៏រឹងមាំ។ ជាចុងក្រោយយើងខ្ញុំសូមផ្តល់នូវព័ត៌មានដ៏ជាក់លាក់សម្រាប់ប្រជាជនក្នុងប្រទេសជាតិទាំងមូលឱ្យបានដឹងជ្រាបច្បាស់ថាបន្ទាប់ពីការផ្សព្វផ្សាយមួយនេះបានកន្លងផុតទៅ។ នៅតាមតំបន់នីមួយៗដែលមានមូលដ្ឋានកងទ័ពនឹងមានការជ្រើសរើសសំណើរបំពេញបែបបទសុំចូលបម្រើកាតព្វកិច្ចយោធាជារៀងរាល់ឆ្នាំនិងមានកាលបរិច្ឆេទច្បាស់លាស់ដូចតទៅ។ សូមអរគុណ ដោយក្តីគោរព ពីលោកនាយករដ្ឋមន្ត្រី អាន ស៊ុងហ្កាន។]
     «អ្ហះ?» បន្ទាប់ពីបានស្តាប់ការផ្សព្វផ្សាយចប់ លោកស្រី ថេរីណា ស្ទើរតែដួលបាត់ជំហរ ដោយសារតែកូនៗរបស់គាត់ត្រូវមានកាតព្វកិច្ចចូលបម្រើយោធាកុំប្បីអាក់ខានដែលជាហេតុធ្វើឱ្យគាត់មានអារម្មណ៍ក្តុកក្តួលនឹងសេចក្តីព្រួយបារម្ភចំពោះកូនៗព្រមទាំងសេចក្តីចលាចលដែលប្រទេសជាតិកំពុងតែចួបប្រទះ។
     «អូន!» លោក ដេស៊ុក ជួយគ្រាហ៍ប្រពន្ធមករកសាឡុងនឹងបានដាក់គាត់ឱ្យអង្គុយចុះថ្នមៗព្រមទាំងជួយរឹតដើមទ្រូងឱ្យភរិយាដែលមានបញ្ហាសុខភាពមិនសូវល្អជានោះថ្នមៗ។
     «បង ថេយ៍ និង ថេរីន? ហ៊ឹកៗ..កូនៗរបស់អូន មិនអាចទេ!» កាតព្វកិច្ចយោធានរណាៗក៏សុទ្ធសឹងតែបានដឹងដែរថាការងារមួយនោះពិបាកខ្លាំងប៉ុណ្ណា កូនៗរបស់ពួកគាត់មិនដែលស្គាល់ទុក្ខលំបាកហើយនឿយហត់ដល់ម្លឹងឡើយ គាត់ក៏មិនដែលបានគិតឃើញថាពួកគេអាចនឹងមានថ្ងៃនេះចូលមកដល់ដែរសម្លឹងមើលទៅ ថេយ៉ុង ជាមនុស្សទន់ខ្សោយ ឆាប់ភ័យនិងខ្លាចជាង ថេរីន ទៅទៀត តើឱ្យគាត់អាចមានអារម្មណ៍ធូរស្បើយបែបណា បើដឹងថាកូនទៅប្រឈមមុខចំពោះរឿងដែលពិបាក។
     «ប៉ាម៉ាក់..ហ៊ឹកៗ..ថេយ៍!» ថេយ៉ុង ក្រោយទទួលបានដំណឹងទាំងនេះភ្លាម ហាក់បីមានអារម្មណ៍អួលណែនព្រោះតែគេធ្លាប់បានចូលទៅកាន់បន្ទាយទាហាននឹងសម្លឹងមើលឃើញពីភាពលំបាករបស់មនុស្សម្នាក់ៗនៅក្នុងទីនោះដោយផ្ទាល់ភ្នែកទិដ្ឋភាពស្ថិតក្រោមកម្តៅថ្ងៃ ធ្វើការដូចជាគោក្របី មិនទាន់រសាត់បាត់ពីកែវភ្នែករបស់គេនៅឡើយទេ។
     «ប្រឹងប្រែងណាកូន!» បើសួរបុរសជាឪពុកឯណេះវិញ គាត់អាចជួយអ្វីបានច្រើនទេ? គឺមិនអាចនោះទេ ព្រោះទាំងអស់នេះជាច្បាប់ក្នុងប្រទេស ពួកគាត់គ្មានសិទ្ធតវ៉ានឹងអំណាចរាជរដ្ឋាភិបាលបានឡើយ។ គាត់បានត្រឹមតែដកដង្ហើមធំៗរួចក៏ដើរចាកចេញទៅទាំងគ្មានពាក្យអ្វីនិយាយបន្តស្មើនឹងគាត់គ្មានវិធីអាចជួយកូនៗឱ្យរួចផុតពីច្បាប់ចូលបម្រើយោធានោះទេ។
     «ម៉ាក់!» លោកស្រី ថេរីណា ងើបផ្ទៃមុខឡើងរួចហើយសម្លឹងមើលមុខកូនប្រុសដោយការស្ងប់ស្ងាត់ គាត់បានត្រឹមតែងក់ក្បាលនឹងជួយផ្តល់សារលើកទឹកចិត្តឱ្យគេបានចូលទៅបម្រើយោធាតែប៉ុណ្ណោះ គ្មាននរណាម្នាក់ដែលអាចចៀសផុតទេ ច្បាប់នៅតែជាច្បាប់ ការផ្លាស់ប្តូរមានតែលោកនាយករដ្ឋមន្ត្រីតែម្នាក់ប៉ុណ្ណោះដែលអាចធ្វើវាបាន។

💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓Where stories live. Discover now