ភាគទី០៤៖គេងបន្ទប់រួម

1.6K 84 0
                                    

យប់ម៉ោង ៧:៣២ នាទី
នៅពេលវិលត្រលប់មកពីមូលដ្ឋានការងារវិញអ្នកកំលោះក្នុងឫកពាអស់កម្លាំងនឿយហត់មកពេញមួយថ្ងៃប្រញាប់ប្រញាល់ដើរចូលទៅក្នុងបន្ទប់ទាញយកកន្សែងមកផ្លាស់រៀបចំចូលងូតទឹកសម្អាតខ្លួនប្រាណក្រោយមកទើបស្លៀកពាក់រហ័សរហួនដើរចុះទៅជាន់ខាងក្រោម ដើម្បីស្រុះស្រូបម្ហូបអាហារពេលរាត្រីជាមួយនឹងគ្រួសារខាងម្តាយឪពុកក្មេក។
ជាន់ខាងក្រោម..
«ថេយ៍ ឆាប់រៀបចំដួសបាយទឹកឱ្យបងទៅកូន គេចុះមកដល់ហើយ!»
ថេយ៉ុង ឮសូរសម្តីម្តាយថាអ៊ីចឹងប្រញាប់ប្រញាល់ឡើងទៅរៀបចំដួសបាយទឹកទទួល ជុងហ្គុក ហើយក៏មិនភ្លេចចាក់ទឹកក្រូចស្រស់ៗប៉ូវកម្លាំងឱ្យនាយបន្ថែមមួយកែវទៀតផងដែរ។
«អង្គុយចុះសិនមកក្មួយ!» លោក ដេស៊ុក ហៅ ជុងហ្គុក ឱ្យអង្គុយចុះ ខណៈការបរិភោគម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ក៏ចាប់ប្រព្រឹត្តទៅដោយរលូន។
«ញ៉ាំឱ្យបានច្រើនៗទៅក្មួយ ជិតដល់ថ្ងៃរៀបការប្រយ័ត្នបាក់កម្លាំងស្គមស្គាំងធ្វើអ្វីមិនរួច ព្រោះថ្ងៃនោះហត់នឿយណាស់ តាមពូដឹងមក មានអ្នកកាសែតជាជនជាតិបាំរាំងមកចូលរួមដែរ!»
«លោកប៉ាអញ្ជើញពួកគាត់មកតើមែនទេ?» ថេយ៉ុង ឆ្លើយឆ្លងនិយាយនិងសម្តីរបស់ឪពុក។
«ត្រូវតែអញ្ជើញមកហើយកូន ព្រោះជាមិត្តរួមការងារជាមួយគ្នានៅឯស្ថាប័នការងារតែមួយ!»
«ដល់ថ្ងៃនោះភ្ញៀវច្រើនមមាញឹកណាស់កូន ថេរីន រកមើលកាត់ឈុតស្អាតៗទុកស្លៀកពាក់ថ្ងៃរៀបការប្អូនឯងឱ្យសមរម្យច្រើនកុមភ្លេបន្ថែមទៅ ព្រោះអាពាហ៍ពិពាហ៍អាចកើតមានឡើងតែម្តងនៅក្នុងជីវិតទេ ធ្វើអី្វឱ្យចេះគិតមុខមាត់ម៉ែឪគិតគូរដល់កិត្តិយសរបស់ប្អូនប្រុសឯងឱ្យបានមែនទេន!» លោកស្រី ថេរីណា ថារួចចាប់ដួសម្ហូបអាហារចូលទៅក្នុងចានឱ្យកូនស្រីច្បងរបស់ខ្លួន ខណៈនាងក្រមុំក៏ងក់ក្បាលផ្ងក់ៗយល់ព្រមនឹងសំណើររបស់អ្នកជាម្តាយ។
«ចាសអ្នកម៉ាក់..អ៊ីចឹងស្អែកនេះខ្ញុំទៅរកមើលទិញក្រណាត់!»
«ទិញរកពណ៌ណាសមៗនិងស្បែករបស់ឯងផង កុំយកពណ៌ស្រស់ខ្លាំងពេក អង្កាល់ពីមង្គលការពូឯងកាលពីលើកមុនយកពណ៌ស្រស់ពេក ស្លៀកពាក់ទៅមិនឃើញសមទេ ស្អែកនេះទាល់តែម៉ាក់ទៅជាមួយហើយទើបបាន!»
«កូនស្រលាញ់អីឱ្យស្លៀកហ្នឹងទៅអូន រើសច្រើនពេក មិនត្រូវចិត្ត នាងច្បងនេះពូកែងរង៉ក់ណាស់!»
«បងកុំចេះតែទម្រើសវាខ្លាំងពេក មើលចុះឈុតខោអាវវាស្លៀកពាក់មិនបានស្មើកូនគេអ្នកផ្សារលក់ត្រីផងមើលមិនយល់!»
«ហិហិ!» ថេយ៉ុង លាន់មាត់សើចកក្អឹកសម្លឹងមើលមុខបងស្រីអង្គុយទំពារបាយធ្វើដូចជាមិនឆ្ងាញ់។
«និយាយឱ្យតែកូនក្នក់ចិត្តខ្មាសកូនប្រសារប្រុសឯណោះផង អូនឯងនេះ!»
«ថ្ងៃស្អែកនេះខ្ញុំទំនេរដែរព្រោះជាថ្ងៃសៅរ៍ អូនថេយ៍ ចង់ទៅទិញរបស់របរសម្ភារៈបន្ថែមទេ ពួកយើងទៅផ្សារទាំងអស់គ្នាក៏បានឱ្យថេយ៍ ជួយរើសជួយមើលក្រណាត់ឱ្យបងថ្លៃក៏បាន!» ជុងហ្គុក ស្កាត់និយាយចូលកិច្ចសន្ទនារវាងពួកគេ ចំណែកឯ ថេរីន ស្រាប់តែលួចអររំភើបញញិមញញែម ចាប់អង្រួនដើមដៃ ថេយ៉ុង តិចៗឱ្យប្រញាប់ប្រញាល់ឆ្លើយយល់ព្រមចំពោះគំនិតនាយ។
«ល្អតើសកូន ឧស្សាហ៍ទៅណាមកណាជាមួយគ្នាល្អហើយ ចាំស្អែក ថេរីន ទៅមើលហាងមាសទិញខ្សែក ខ្សែដៃ ទុកពាក់ឱ្យហើយចុះ ព្រោះម៉ាក់រវល់ទៅជួយប៉ាឯងរៀបចំការងារនៅឯរោងពុម្ពដែរ!»
«តែក្រែងមុននេះម៉ាក់ថាស្អែកទៅផ្សារជាមួយកូនមែនទេ?» នាងក្រមុំធ្វើមុខឆ្ងល់ឡើងមួយទំហឹង មុនពេលនេះបន្តិចគាត់ប្រកាសឡូងៗសោះថាចង់ទៅផ្សារជាមួយនាងដើម្បីរើសមើលក្រណាត់កាត់ដេរដែរតើស។
«ម៉ាក់ភ្លេចរឿងបោះពុម្ពកាសែត ស្អែកក៏ត្រូវទៅពិនិត្យមើលដោយផ្ទាល់ព្រោះកញ្ចប់អីវ៉ាន់វាច្រើន!»
«ចាសអ៊ីចឹងខ្ញុំទៅជាមួយប្អូនក៏បានដែរ ថេយ៍ ស្អែកកុំភ្លេចដាស់តឿនបងឱ្យចូលហាងលក់មាសផងណា»
«បាទ!»
«អ៊ីចឹងនាំគ្នាស្រូតហូបបាយទឹកទៅន្អាលនឹងបានទៅសម្រាកកូន ក្មួយ ជុង ហូបបាយឱ្យបានច្រើនៗទៅប្រយ័ត្នបាក់កម្លាំង!»
«បាទលោកពូ!»
ឈូរ!!!
«យិះ!អាចោរមេឃចង្រៃនេះភ្លៀងអត់ឱ្យដំណឹងបន្តិចសោះ!» កាលបើភ្លៀងមួយមេធំត្រូវបានបង្អុរធ្លាក់ចុះមកផ្សើមស្រោចស្រពដី លោកស្រី ថេរីណា ត្រូវបង្ខំចិត្តបង្អាក់ការហូបចុកមួយអន្លើរត់ស្ទុះស្ទាវឹងទៅសាលខោអាវដែលហាលនៅឯស្នួរខាងក្រោយផ្ទះ ខណៈនាងក្រមុំ ថេរីន ក៏ជួយម្នាក់មួយដៃមួយជើងជាមួយម្តាយឆាប់បានបង្ហើយការងារទាំងអស់គ្នា។
«លោកប្រុសធំៗ!»
«មានការអីម៉ែដោះ?» លោក ដេស៊ុក ក្រឡេកទៅនិយាយជាមួយស្ត្រីចំណាស់ដែលរត់ស្ទុះស្ទាចុះមកពីជាន់ខាងលើឯណោះ។
«អូយខ្ញុំភ្លេចតាមជាងឱ្យមកជួសជុលដំបូលបន្ទប់ឱ្យអ្នកប្រុស ជុងហ្គុក ឱ្យឈឹងទៅឥឡូវនេះធ្លាក់ភ្លៀងបន្ទប់នោះលិចសាចទឹកភ្លៀងចូលសើមពេញទាំងអស់ ខ្ញុំខំប្រមែប្រមូលអីវ៉ាន់ស្ទើរតែមិនចង់ទាន់!»
«ម៉ែដោះឯងនេះយ៉ាប់ណាស់ ដឹងថាបន្ទប់នោះលិចដំបូលដែរ ម្តេចមិនព្រមតាមជាងមកធ្វើកាលពីម្សិលមក?»
«ខ្ញុំភ្លេចត្រចៀកឱ្យឈឹងទៅហ្នឹងណាលោកប្រុស!»
«ប្រមូល..ប្រមូលសម្ភារៈរបស់ក្មួយជុង ដាក់ចូលបន្ទប់កូន ថេយ៍ ទៅគេងជាមួយគ្នាបណ្តោះអាសន្នសិនទៅកូន ចាំស្អែកខានស្អែកប៉ាហៅជាងឱ្យមកជួសជុល!» ថេយ៉ុង បើកភ្នែកសស្លែត ចំណែកឯនាងក្រមុំ ថេរីន លួចលើកដៃខ្ទប់លើមាត់សើចញ័រស្មាទទ្រើក សើចទាល់តែរឹងពោះប្រកាច់ប្រកិនម្នាក់ឯងញ័រឮសូរកក្អឹក។
«ថេរីន!!!» បុរសចំណាស់ស្រែកឧទាន។
«ចាសលោកប៉ា!»
«ទៅជួយម៉ែដោះប្រមូលរបស់របរមក! យកមកដាក់បន្ទប់ប្អូនប្រុសរបស់ឯងឱ្យឆាប់ឡើងនៅរេរាអីទៀតប្រយ័ត្នសើមសម្ភារៈរបស់គេអស់!»
«ចាសលោកប៉ា!» ថារួចនាងក្រមុំរូតរះរន្ថាន់រត់ចេញទៅវឹងជួយម៉ែដោះប្រមូលរបស់របរទៅទុកក្នុងបន្ទប់ ថេយ៉ុង ខណៈកំលោះតូចយើងស្រាប់តែម្នីម្នារត់វឹងទៅតាមពួកគេដោយទុកចានបាយចោលភ្លាមៗ។
«បងស្រី..កុំឱ្យគាត់គេងគ្រែជាមួយអូន!»
«ថាយ៉ាងម៉េចអ្ហះ ថេយ៍? អ៊ីចឹងចង់ឱ្យប្អូនថ្លៃគេងត្រង់ណា?»
«គេងខាងក្រោម រៀបចំកម្រាលនិងពូកភួយឱ្យគាត់គេងលើឥដ្ឋ!»
«អ្ហឺ? តែគាត់ជាអនាគតប្តីអូន ឱ្យគាត់គេងខាងក្រោមម្តេចនឹងសម?»
«បើគាត់មិនព្រមឱ្យគាត់វិលត្រលប់ទៅគេងនៅផ្ទះគាត់ក៏បានដែរ!»
ថេយ៉ុង ប្រកែកយ៉ាងដាច់អហង្ការ កាលបើបងស្រីខ្លួនមិនព្រមធ្វើតាមគំនិតរបស់គេដូច្នេះ បើគង់តែផ្ទះនេះមានបន្ទប់ត្រឹមតែចំនួន ៦ បន្ទប់ទេ កុំអីក៏គេមិនអាចអនុញ្ញាតឱ្យ ជុងហ្គុក ចូលមកគេងរួមបន្ទប់ជាមួយនឹងគេដែរ។
«អ៊ីចឹងយកសាឡុងអង្គុយចុងគ្រែមករៀបកន្លែងឱ្យប្អូនថ្លៃសម្រាកក៏បាន មិនដឹងជាខ្មាសអៀនអី បន្តិចទៀតគង់តែគេងគ្រែជាមួយគ្នាសោះ!»
«ចាំតើសអូនឱ្យគេងបែកគ្រែគ្នាសោះ!» ថេយ៉ុង វាចាទាំងខឹងច្រឡោតតោងតូងគ្រោតគ្រាតដាក់នាង ធ្វើឱ្យនាងបើកភ្នែកធំៗមានអារម្មណ៍ថាភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលបើឃើញរាងតូចបង្ហាញពីអាកប្បកិរិយាចរិតរឹងខឹងមានះ មិនគួរឱ្យជឿសោះថាគេអាចនឹងមានចរិតរឹងរូសបែបនេះចំពោះនាងឡើយ។
«អូនថេយ៍!» ថេរីន ឧទានព្រមទាំងសង្កៀតជើងធ្មេញដាក់ប្អូន។
«បងចង់ឈ្លោះជាមួយអូនទៀតអ្ហេ? បើបងមិនព្រមធ្វើតាមដេញឱ្យគាត់ទៅគេងបន្ទប់បងទៅអ៊ីចឹង!»
«អាក្រក់ណាស់!»
«អ្ហាៗ..កុំនៅឈ្លោះប្រកែកគ្នាជាមួយប្អូន ឆាប់រៀបចំរបស់របរទៅ កុំនៅសូញសាញយូរពេកយប់ជ្រៅហើយ!» លោក ដេស៊ុក ឧទានព្រមទាំងប្រាប់ឱ្យនាងឆាប់រៀបចំទុកដាក់កន្លែងគេងត្រឹមត្រូវឱ្យ ជុងហ្គុក។
«ប៉ាជួយខ្ញុំរុញសាឡុងបន្តិច!» អ្នកទាំងពីរដើរទៅចាប់យកសាឡុងដាក់ចុងគ្រែមករៀបទន្ទឹមជិតនឹងគ្រែដេករបស់ ថេយ៉ុង។
«ខិតទៅរកជញ្ជាំងបន្តិចកុំដាក់ជិតគ្នាពេក ប៉ា..ដាក់ជិតជញ្ជាំង!»
«ចុះបើឱ្យបងគេងក្បែរផងមិនបាន?»
«អត់ទេ!» ថេយ៉ុង ខាំមាត់គ្រវីក្បាលញ័រតតាត់តន្រ្តំជើងដាក់ឪពុក ធ្វើខ្លួនងរង៉ក់ជាងបងស្រីខ្លួនទៅទៀត ទាំងនេះមកពីអារម្មណ៍របស់គេខឹងខ្លាំងពេក គេមិនចូលចិត្តឱ្យនរណាម្នាក់មកជំទាស់អារម្មណ៍របស់គេឡើយសូម្បីតែលោកឪពុករបស់ខ្លួនក៏ដោយ។ បុរសចំណាស់ឃើញហើយគ្រវីក្បាលទើបរុញបង្ខិតសាឡុងទៅជិតអឹបជាប់នឹងជញ្ជាំងហើយរៀបចំដាក់ភួយនិងខ្នើយបន្ថែមទុកឱ្យ ជុងហ្គុក ប្រើប្រាស់។
«យប់នេះគេងរៀងពិបាកបន្តិចហើយណា ជុង ដោយសារតែប្អូនគេមិនព្រមគេងគ្រែជាមួយក្មួយ ពូខំនិយាយបញ្ចុះបញ្ចូលដែរ តែវានេះរឹងណាស់!» លោក ដេស៊ុក បែរមកនិយាយជាមួយនឹង ជុងហ្គុក ចំណែកឯបុរសសង្ហាយើងបានត្រឹមតែញោចមាត់សើចញឹមៗដាក់គាត់ មិនចាំបាច់គាត់រៀបរាប់វែងឆ្ងាយក៏គេដឹងថាអាល្អិតនោះខ្លាចគេប៉ះពាល់ខ្លួនប្រាណដល់កម្រិតណាដែរព្រោះកាលពីកន្លងមកសូម្បីតែចាប់ដៃចាប់ជើងបន្តិចបន្តួចគេចវេះធ្វើមើលដូចគេជាជនចាប់ជម្រិតទាំងដែលបន្តិចទៀតក៏ក្លាយទៅជាប្តីប្រពន្ធគ្នាស្របច្បាប់ទៅហើយ។
«មិនអីទេលោកពូ ខ្ញុំគេងបាន!»
«គេងបានមែនឬក្មួយ?» គាត់សួរបែបនេះសំដែងធ្វើដូចជាខ្លាចចិត្ត ទាំងដែលការពិតគាត់ក៏ខ្លាចចិត្តនាយពិតមែន។
«បាទ! ខ្ញុំគេងបាន លោកពូកុំបារម្ភអី..»
«អ៊ីចឹងឆាប់ចូលគេងទៅក្មួយ យប់ជ្រៅណាស់ហើយ ចាំស្អែកពូហៅជាងគេមកជួសជុល គេងចុះក្មួយគេងចុះ..» គាត់ថាចប់ម្នីម្នានាំកូនស្រីដើរចេញទៅមុនពេលចាប់ទាញទ្វារបិទរីឯ ថេយ៉ុង ចាប់ទូរសម្លៀកបំពាក់ដកបានកន្សែងស្អាតមួយចេញមកហុចទៅឱ្យ ជុងហ្គុក។
«បងចូលងូតទឹកមុនខ្ញុំទៅ!»
«ចុះហេតុអីទើបអូនមិនងូតទឹកមុនបង?»
«តែខ្ញុំចង់ឱ្យបងងូតមុន!» រាងក្រាស់គ្រាន់តែងក់ក្បាលផ្ងក់ៗរួចចាប់យកកន្សែងនោះពីដៃរបស់ ថេយ៉ុង សន្សឹមដើរចូលទៅរកងូតទឹករាងតូចយើងឯណេះចាប់ដើរចូលទៅប្រមូលបានភួយក្រាស់ៗពីបីជាន់យកមកគគ្នាដាក់លើពូកធ្វើមុខភិតភ័យញ័រដៃញ័រជើងតតាត់រហូតដល់អង្គុយលែងស្ងប់ខាងលើគ្រែ។ បេះដូងគេលោតញាប់ញ័រចង្វាក់ណាស់ មានអារម្មណ៍ថាយប់នេះបន្ទប់គេងរបស់គេរាល់ថ្ងៃបែរជាមានសភាពតូចចង្អៀតជាងសព្វមួយដង។ ចាប់តាំងតែពីវ័យកុមារភាពមកគេមិនដែលគេងរួមបន្ទប់ជាមួយមនុស្សប្រុសប្លែកមុខណាឡើយ ក្រៅពីប៉ាម៉ាក់និងបងស្រីខ្លួនឯងឡើយតែថ្ងៃនេះវាបែរជាបានកើតឡើងមកលើគេពិតមែន។
ក្រាក!!
រាងកាយអាក្រាតមួយល្វែងខាងលើ ស្រាប់តែបង្ហាញខ្លួនឡើងជាមួយនឹងទឹកមុខផ្សើមទៅដោយសំណើមសថ្លា ចុកកន្សែងចង្កេះពណ៌ស រាងក្រាស់ស្វាហាប់មាំមួនបានបោះជំហ៊ានមួយៗ ដើរចូលទៅឈរកណ្តាលបន្ទប់បង្អួតខ្លួនប្រាណសម្បុរសខ្ចីល្វក់ សាច់ដុំក្បាលពោះកង់ៗនិងស្មាធំរីកក្រអាញញ៉ាំងឱ្យកែវភ្នែកខ្មៅនិលកំលោះតូច ឆួលញោចកម្តៅទាល់តែស្រឡាំងកាំងនិងការបង្ហាញមួយនោះដោយទឹកមុខស្រឡឺកឺ។
«បងងូតទឹករួចហើយ អូនទៅងូតចុះ..ថេយ៍..ថេយ៍ ឮបងនិយាយទេ?» ជុងហ្គុក ស្រដីផ្ទួនៗជាន់កន្ទុយប្រយោគគ្នាញ័របបូរមាត់ចំប្រប់ លូកដៃទៅចាប់អង្រួនស្មារាងតូចដែលអង្គុយរឹងខ្លួនដូចដុំថ្ម ពេលភ្ញាក់ស្មារតីមកវិញ ថេយ៉ុង បែរជាស្ទុះចាប់កន្សែងមួយថ្មីទៀតដែលដាក់ជិតខ្លួនមកកាន់ជាប់ណែនកណ្តាប់ដៃឫកពាសំដែងពីការភិតភ័យខ្លាចរហូតដល់ត្រូវស្ទុះភ្ញាក់ក្រញាងបះដៃបះជើង។
«ប..បាទ..» ថេយ៉ុង ឆ្លើយញ័រសំឡេងត្រដិតជិតខ្លួននាយ។
«ទៅងូតទឹកចុះ បងងូតរួចហើយ!»
«ហ្អឹម..បាទ!» កំលោះតូចឈានប្រអប់ជើងដើរចេញទៅផុតពីមុខគេបន្តិចរួចលូកដៃចាប់កញ្ឆក់សម្លៀកបំពាក់ទុកផ្លាស់គេងយប់មកកាន់ក្រសោបជាប់យកទៅផ្លាស់ក្នុងបន្ទប់ទឹក មុនពេលដើរចេញទៅទាំងឫកពាស្លក់ស្លើត។
«អូនកើតអី?» មិនអស់ចិត្ត ជុងហ្គុក លូកដៃប៉ះស្មាគេម្តងទៀត។
«ម-មិនបានកើតអីទេ..» ម្តងនេះលែងនៅសុញសាញយូរអាល្អិតកញ្ជ្រោលដើរចេញទៅវឹង "គ្រាំង" ទ្វារបន្ទប់ទឹកបានបិទជិតស្លប់ សូរសំឡេងចាក់គន្លឹះក៏បន្លឺក្រោកក្រាកតាមជាក្រោយ។
«កើតអីនេះ?» ជុងហ្គុក លើកដៃអែសក្បាលរួចប្រញាប់ប្រញាល់ទាញសម្លៀកបំពាក់មកស្លៀកពាក់ឱ្យបានត្រឹមត្រូវឡើងវិញ។
បន្ទាប់ពីបានងូតទឹកជម្រះខ្លួនរួចរាល់ ប្រអប់ជើងស្រឡូនរហ័សឈានដើរសំដៅចូលទៅរកគ្រែគេងមុនពេលទម្លាក់បង្គុយចុះទៅលើគ្រែដ៏ប្រណីតទាញយកភួយមកគ្របដណ្តប់លើខ្លួនជាច្រើនជាន់ ហើយដេកបែរមុខទៅរកបង្អួច។
«ស្អុះណាស់! មិនអីទេ បន្តិចទៀតគេងលក់ហើយ គេងលក់ទៅៗ ថេយ៍ គេងលក់ភ្លាមទៅ!» ថេយ៉ុង និយាយខ្សឹបខ្សៀវៗម្នាក់ឯង កាលបើសំឡេងស្រួយដូចចង្រិតស្រែកបន្លឺសូរដូច្នេះធ្វើឱ្យអ្នកកំលោះដែលអង្គុយអានសៀវភៅឯណោះលបចាំស្តាប់មុននឹងពោលសួរឡើង៖
«អូននិយាយអីរងូវៗ?»
«អត់ទេបង ខ្ញុំសូត្រធម៌! នមោតាសះៗៗៗ!»
«ស្អុះអត់អូនដណ្តប់ភួយច្រើនយ៉ាងហ្នឹង?»
«អត់ទេបង រងារណាស់តើស មេឃធ្លាក់ភ្លៀងអ៊ីចឹងខ្យល់បក់មករងារណាស់ខ្លាចផ្តាសាយ!» ជុងហ្គុក បែរជាធ្វើមុខងឿងឆ្ងល់អស់មួយទំហឹងឡើង។ ក្រោយមេឃរាំងភ្លៀងខ្យល់ប្រែជាហ៊ប់ឈឹង សូម្បីតែគេក៏នៅតែបែកញើសសស្រាក់ដែរ ចុះទម្រាំ ថេយ៉ុង វិញនោះ មិនបែកញើសជោកខ្លួនទៅហើយទេអីបើដណ្តប់ភួយច្រើនយ៉ាងហ្នឹងដាច់ខ្យល់ស្លាប់ហើយ។
នៅទីបំផុត ថេយ៉ុង ពិតជាបានគេងលក់ពិតមែន ទាំងដែលក្បាលរបស់គេបែកញើសជោកសើមសក់ជោកជាំពពិច។ អ្នកកំលោះរូបស្រស់ឥតគ្រវីក្បាលញាប់ស្អេកមិនបាន ទើបម្នីម្នាក្រោកឡើងដើរចូលទៅចាប់ទាញភួយទាំងនោះចេញហើយដាក់បង្គុយចុះលើគ្រែរាងតូច មុនពេលចាប់ទាញយកផ្លិតមកអង្គុយបក់រាងកាយដែលសើមញើសជោកខ្លួនឱ្យស្ងួត ខណៈរាងតូចក៏សំងំគេងលក់ស្រួលយ៉ាងរំផើយ បកមកនិយាយពីអ្នកដែលអង្គុយបក់ផ្លិតឯណេះវិញស្ងាបហាមាត់ធំៗព្រោះអារម្មណ៍ល្វើយ កាលបើយប់យន់កាន់តែជ្រៅណាស់ណាទៅហើយ។
«បងសូមទោសណា..» ជុងហ្គុក និយាយរួចសម្លឹងមើលមុខ ថេយ៉ុង មួយស្របក់ធំ សន្សឹមឱនឈ្ងោកយឺតៗទៅរកផ្ទៃមុខតូចច្រឡឹង។
(ខ្ញុំមិនចូលចិត្តឱ្យនរណាម្នាក់មកនិយាយលេបខាយដាក់ខ្ញុំទេ ទោះបងជាអនាគតប្តីរបស់ខ្ញុំក៏ដោយកុំនិយាយវាម្តងទៀត!)
ស្តាប់សម្តី ថេយ៉ុង និយាយកាលពីថ្ងៃមុននោះមក ធ្វើឱ្យអ្នកកំលោះយើងផ្តើមមានអារម្មណ៍រអៀសចិត្ត ដ្បិតគ្រាន់តែផ្តោះផ្តងវាចាសារសងត្រឹមពាក្យសម្តីសោះក៏ ថេយ៉ុង ប្រកាន់ខឹងចំពោះគេដែរ ទើបគេមិនអាចធ្វើអ្វីផ្តេសផ្តាសក្រៅតែពីអង្គុយសម្លឹងមើលមុខរាងតូចរួចក៏ដកខ្លួនចូលទៅគេងសម្រាកវិញ។ បន្ទាប់មកក៏សម្លឹងមើលកាយតូចមួយស្របក់ម្តងទៀត ទើបដាច់ចិត្តបិទភ្នែកគេងដកដង្ហើមហឹមៗ ក្រោយមកក៏លក់រលីវៗទៅរហូតដល់ស្ងាត់បាត់សំឡេងដង្ហើមធំៗសូន្យស្ងាត់ឈឹង។


💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓Where stories live. Discover now