ភាគទី៣៤៖ចេយ៉ុង នៅទីនេះ

580 56 2
                                    

     «តោងឱ្យជាប់!» ជេហ៊ុន ស្រែកប្រាប់ ជុងហ្គុក ខំប្រឹងអស់ពីលទ្ធភាពចាប់ដៃនាយយ៉ាងណែនទាល់តែអស់កម្លាំងកំហែង។
     «បានឱកាសហើយ ថ្ងៃនេះពួកឯង..ងាប់» យោធាជប៉ុនរំញោចស្នាមញញិមចុងមាត់ ត្រៀមបាញ់បំផ្លោងគ្រាប់សម្លឹងមើលសភាពត្រដាបត្រដួសរវាងបងប្អូនប្រុសពីរនាក់ដែលខិតខំព្យាយាមគេចវេះពីសេចក្តីស្លាប់យ៉ាងវេទនា។
     «តោងដៃយើងឱ្យជាប់!» រាងកាយដែលយោលយោកនៅក្នុងរណ្តៅត្រដរប្រឹងក្រសោបប្រអប់ដៃមាំក្រាស់តោងជាប់មិនរបេះ អ្នកនៅខាងលើព្យាយាមចាប់ញ៉ឹងដៃប្អូនប្រុសយ៉ាងជាប់មិនព្រលែង ចំណែកឯសំឡេងភ្ជង់គ្រាប់បានបន្លឺឡើងកាន់តែរសាត់កៀកចូលទៅមកក្នុងត្រចៀកអ្នកទាំងពីរ។
     «ត្រៀមបាញ់!» មេបញ្ជាការជប៉ុនថ្មីម្នាក់ចាប់ផ្តើមស្រែកបញ្ជាជាសញ្ញា ហើយកងទ័ពដែលនៅលើយន្តហោះចម្បាំងបានត្រៀមខ្លួនរួចរាល់សម្រាប់បំពេញនូវកាតព្វកិច្ចស្រេច។
     «លោកមេបញ្ជាការ..មានអ្វីម្យ៉ាងធ្វើឱ្យខ្ញុំមើលមិនឃើញពួកគេទេ!» មេឃស្រាប់តែចុះអាប់បែកផ្សែងពាសពេញទីតាំងក្នុងភូមិ រកឃើញឱកាសភ្លាម ជេហ៊ុន ប្រញាប់ប្រញាល់ស្រវាចាប់ដៃ ជុងហ្គុក អស់មួយទំហឹងកម្លាំងដៃរួចក៏កន្ត្រាក់លើកគេឡើងមកខាងលើ ផ្សែងសក្បុសដែលហ៊ុយហោះឡើងទ្រលោមនេះភាយចេញពីគ្រាប់បែកផ្សែងដែល ណាមជុន ជាអ្នកបញ្ជាចេញសម្រាប់កែប្រែស្ថានការណ៍មានភាពច្របូលច្របល់ ចំណែកអ្នកឯទៀតបានគប់គ្រាប់បែកផ្សែងលាន់ឮសូរក្ឌុងក្ឌាំងដោយប្រជ្ញាឆ្លាតខ្លាំងផងនោះ មានទាហានកូរ៉េខាងត្បូងម្នាក់ បានផ្ញើសារតាមរយៈវិទ្យុទាក់ទងយោធាជប៉ុនជាភាសាជប៉ុនដោយនិយាយថា៖
     «ពួកយើងបានចូលកាន់កាប់វាយប្រហារសម្លាប់យោធាកូរ៉េខាងត្បូងម៉ដ្ឋខ្ទេចគ្មានសេសសល់ទេសូម្បីតែមេបញ្ជាការពីររូបក៏ត្រូវបានសម្លាប់ចោលដែរ!» ក្រោយសារសំឡេងនេះបានបញ្ចប់ទៅយន្តហោះចម្បាំងដែលទទួលបានការផ្ញើសារស្តាប់ចប់ យោធាជប៉ុនស្រាប់តែក្រឡេកទៅសម្លឹងមើលឃើញពន្លឺយាន្តដែលហោះខ្ពស់ត្រដែតស្មើនឹងខ្លួនមានពន្លឺចាំងផ្លាតមួយនោះគឺជាយន្តហោះចម្បាំងរបស់ប្រទេសកូរ៉េខាងត្បូង។
     ផូង!!!
     ផ្កាភ្លើងបែកខ្ជាយចេញព្រៀកៗ សំណយាន្តធ្លាក់ចុះសុះពេញដីនៃទីតាំងខាងក្រោមសល់តែគ្រោងឆ្អឹងនឹងសំណល់ផ្សែងដែលត្រូវបានកម្ទេចដោយយន្តហោះចម្បាំងពិសេសកូរ៉េខាងត្បូង។
     ខ្ពោកៗ...
     គ្រឿងចក្រធ្លាក់ចុះខ្ពាកៗពីចំណោទដែនអាកាស ខណៈសំឡេងបាញ់ប្រហារក៏បន្លឺរដឹកជាប់គ្នាមិនដាច់កន្ទុយ។
     «រត់ទៅ!» ជេហ៊ុន ស្ទុះច្រាន ជុងហ្គុក មួយទំហឹង ចំណែកឯគេប្រឹងដើរទាំងអូសជើងកំពុងរង់របួសទៅចាប់យកកាំភ្លើងមកកាន់ជាប់នឹងដៃ ស្របពេលដែលសំឡេងសន្ធឹកជើងកងទ័ពយោធាជប៉ុនកំពុងតែសម្រុកចូលមក។ អ័ព្ទត្រជាក់កាន់តែចុះច្រើនឡើងៗរបួសជើងរបស់ ជេហ៊ុន ចាប់ផ្តើមឈឺស្ពឹកខ្លាំងទៅៗ ដោយសារតែពេលគ្រាប់ធ្លាក់បណ្តាលឱ្យមានកម្ទេចកម្ទីរបស់របរខ្លះប៉ើងខ្ជាត់មកបុកជើងរបស់គេបង្កឱ្យមានមុខរបួសយ៉ាងជ្រៅធ្ងន់ធ្ងរ។ ជុងហ្គុក មិនគិតដូចដែល ជេហ៊ុន បានគិតនោះទេ គេពិបាកសម្លឹងមើលឃើញពីសភាពរបស់ ជេហ៊ុន ណាស់។ នៅពេលដែលការវាយប្រហារខ្នាតធំបានចាប់ផ្តើមកងទ័ពយោធាកូរ៉េខាងត្បូងចាប់ផ្តើមមានសម្ពាធខ្លាំងទៅៗដោយសារតែនេះជាល្បិចសង្គ្រាមវាយឆ្មក់នៅពេលរាត្រីកំឡុងដែលពួកគេភ្លេចខ្លួនហើយក៏បានធ្វើឱ្យកងទ័ពខ្លះស្លាប់បាត់បង់ជីវិតពីមួយនាក់ទៅមួយនាក់ទៀតឥតឈប់ឈរ។
     ផាំងៗៗ!!
     កាំភ្លើងចាប់ផ្តើមលាន់រន្ទឺសំឡេងខ្លាំងឡើងៗ ជេហ៊ុន ប្រដាប់អាវុធតែម្នាក់ឯងបាញ់តតាំងជាមួយទាហានជប៉ុនរាប់សិបនាក់ដែលសំដៅគោលដៅតាមប្រមាញ់គេមិនឱ្យដាច់ជំហ៊ាន។ ជើងហូរឈាមស្ទើរតែខ្សោះចាប់ផ្តើមធ្វើឱ្យគេវិលមុខខ្ញាល់នឹងមានអារម្មណ៍ញ័រខ្លួនធីងធោងអស់ស្មារតី ប៉ុន្តែដៃរបស់គេនៅតែព្យាយាមឱបក្រសោបក្តោបកាំភ្លើងបាញ់តតាំងជាមួយពួកយោធាជប៉ុនទាល់តែត្រចៀកហឹងស្តាប់លែងសូវដឹងឮពីហេតុការណ៍អ្វីៗដែលកំពុងតែមានចលាចលឡើយ។
     ផាំង!!!
     ជេហ៊ុន ថយជើងរំកិលថយក្រោយដោយទ្រាំកាន់តែលែងបានគេស្រាប់តែដួលដាច់ផ្ងាកក្រោយតូង។
     «សម្លាប់វា!» ប្រយោគសំឡេងចុងក្រោយដែលគេបានស្តាប់ឮ ខណៈត្របក់ភ្នែកក៏ចាប់ផ្តើមទន់ល្អូករហូតដល់បិទងងឹតសូន្យសុងមើលអ្វីក៏លែងឃើញក្រៅតែពីភាពងងឹតស្លុបឈឹង។
     “♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩ -♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩-....”
     ចង្វាក់ភ្លេងអ្វីម្យ៉ាងបានលេចឮលាន់សូរឡើងរហឹមៗ ក្លិនចម្លែកចាប់ផ្តើមសាយភាយកាន់តែខ្លាំងឆួលពេញចុងច្រមុះ ក្លិននោះក្រអូបពិដោរ ក្រអូបរហូតដល់ធ្វើឱ្យអ្នកដែលបានហិតក្លិនរបស់វាចាប់ផ្តើម ទន់ត្របក់ភ្នែក អមដោយសំឡេងច្រៀងបំពេរកំដររាត្រីប្រគុំឡើងកាន់តែឮខ្លាំងទៅៗនឹងបានធ្វើឱ្យយោធាជប៉ុនព្រមទាំងយោធាកូរ៉េខាងត្បូងទាំងអស់ទន់ដៃទន់ជើងទន់ជង្គង់របូតជ្រុះធ្លាក់កាំភ្លើងពីដៃផ្តួលខ្លួនសន្លប់សន្លិនស្តូកស្តឹងទៅលើដីម្នាក់ម្តងៗរហូតដល់លុងលក់អស់គ្មានសេសសល់។
      “♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩ -♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩- ♬♫♪♩♩-....”
      សំឡេងភ្លេងលាន់រណ្តំខ្លាំងឡើងៗ ក្លិនក្រអូបក្លាយជាការសណ្តំដ៏មានឥទ្ធិពល។
      ផាំង!! ផាំង!! ផាំង!!
      ◎◎◎
     ព្រឹក...
     សំឡេងទឹកហូរប្រដេញតាមកម្លាំងរលកបក់បោកផ្ទប់គ្នារន្ទឺបានជាចង្វាក់លាន់រណ្តំក្នុងត្រចៀក។ រាងកាយដែលទន់ខ្លួនល្អូកកាលពីយប់មិញចាប់ផ្តើមកម្រើក។ កែវភ្នែកខ្មៅនិលចោលសម្លឹងមើលឡើងទៅកាន់ផ្ទៃមេឃដ៏សក្បុសដោយមានអារម្មណ៍នៅតែឈឺក្បាលខ្ទោកៗពិបាកប្រមូលផ្តុំកម្លាំងទាំងអម្បាល់ម៉ាននៅក្នុងខ្លួនរកថាមិនត្រូវ។
     «ថេយ៉ុង!» ជុងហ្គុក ស្ទុះក្រោកអង្គុយស្រែករក ថេយ៉ុង មុនគេដោយទឹកមុខស្លេកគាំង។
     «អូននៅទីនេះ!» ថេយ៉ុង ឧទានរួចដើរចូលមករក ជុងហ្គុក គ្រាន់តែឃើញរាងតូចភ្លាមនាយស្រវ៉ាចាប់ទាញ ថេយ៉ុង មកឱបភ្លែត។
     «អូនមិនកើតអីទេមែនទេ?» ជុងហ្គុក សំដែងការបារម្ភលើសពីបារម្ភ ព្រមទាំងចាប់ក្រសោបថ្ពាល់ ថេយ៉ុង ស្ទាបអង្អែលទាំងអារម្មណ៍ព្រួយភ័យ។
     «អូនមិនអីទេ!» ថេយ៉ុង ងក់ក្បាល ជុងហ្គុក បានធូរស្បើយចិត្តមួុយកម្រិត ប៉ុន្តែចិត្តរបស់គេនៅបារម្ភដល់ ជេហ៊ុន ដដែល។
     «ជេហ៊ុន? ពេលនេះគេនៅឯណាទៅអូន?»
     «គាត់នៅសម្រាកខាងណោះ គ្រូពេទ្យកំពុងតែព្យាបាលជើងឱ្យគាត់!» យប់មិញគ្មាននរណាម្នាក់ចងចាំបានទេថាមានរឿងអ្វីខ្លះកើតឡើងដឹងត្រឹមថាពួកគេអស់កម្លាំងខ្លាំងពេករហូតដល់សន្លប់លែងដឹងស្មារតី នៅពេលក្រោកឡើងមកក៏មកនៅលើនាវាចម្បាំងរបស់កូរ៉េខាងត្បូងដោយមិនដឹងថាមកទីនេះបានដោយវិធីណាតាំងពីថ្មើរមាណ។ គ្រូពេទ្យបានជួយព្យាបាលរបួសជើងឱ្យ ជេហ៊ុន ដែលដេកស្ងៀមមានទឹកមុខស្លេកស្លាំង យប់មិញគេហូរឈាមច្រើនពេក ហើយថែមទាំងមិនបានហូបអាហារពេញមួយថ្ងៃទៀតទើបបានជាបណ្តាលឱ្យរាងកាយរបស់គេខ្វះថាមពលទប់ទល់។ 
     «យប់មិញមានរឿងអ្វីកើតឡើងទៅ? ខួរក្បាលរបស់បងចងចាំហេតុការណ៍អ្វីមិនបានសោះ ក្រែងយប់មិញយោធាជប៉ុនបានវាយប្រហារមកកាន់ពួកយើងតើមែនទេ?» ជុងហ្គុក លើកដៃស្ទាបអង្អែលលើក្បាលផ្នែកខាងក្រោយដែលមានអារម្មណ៍ថាឈឺស្ពឹកខ្ទោកៗនៅឡើយ ថេយ៉ុង ឯណេះហុចថ្នាំដែលខ្លួនបានធ្វើរួចទៅឱ្យ ជុងហ្គុក ហូបក្រែងបានព្យាបាលអាការៈឈឺក្បាលរបស់គេមួយគ្រា។
    «យប់មិញនេះ..អូនប្រើរុក្ខជាតិសណ្តំដើម្បីដាំធ្វើឱ្យឆួលក្លិនសណ្តំស្មារតីពួកគេរហូតដល់សន្លប់អស់ស្របពេលដែលពួកគេបម្រុងនឹងបាញ់សម្លាប់បងព្រមទាំង ជេហ៊ុន ដែរ ក្រោយមកទៀតក៏មានទាហានយោធាជើងទឹករបស់កូរ៉បានមកដល់ទីនេះល្មម បន្ទាប់ពីទទួលបានការស្វែងរកជំនួយរួចមកហើយ ពួកគេក៏បានបាញ់សម្លាប់យោធាជប៉ុនហើយនាំទាហានកូរ៉េទាំងអស់ឡើងមកលើវានានេះដោយសារតែមានអ្នកខ្លះរង់របួសធ្ងន់សូម្បីតែបង..»
     «អ៊ូយ!» ជុងហ្គុក ទើបតែចាប់នឹកឃើញដល់អារម្មណ៍ឈឺចាប់នៅត្រង់ក្បាលពោះចុកសៀតស្ទើរតែអួលណែនក្នុងដើមទ្រូងស្លាប់។ យប់មិញមានរបស់ស្រួចម្យ៉ាងហោះមកបុកទម្លុះក្បាលពោះរបស់គេសំណាងហើយដែលមិនត្រូវចំចំណុចសំខាន់កុំអីមានបញ្ហាឱ្យ ថេយ៉ុង នឹកលែងដឹងបាយទឹកឆ្ងាញ់ ដេកក៏មិនលក់រៀងរាល់យប់ជាក់ជាមិនខាន។ គេដោះអាវព្រលែងខ្លួនទទេស្អាតនឹងបានរុំរបួសក្បាលពោះដែលរុំទៅដោយបង់ពណ៌សជាច្រើនជាន់។
     «អូនឆ្លាតណាស់ថេយ៍! យប់មិញបងស្មានថាអូនមានបញ្ហាធំហើយតើស បងបារម្ភណាស់!» ជុងហ្គុក សំដែងនូវទឹកមុខអាណិតដល់ភរិយាខ្លួនកំពុងតែមានផ្ទៃពោះពិបាកផងត្រូវរត់គេចពីចលនាសង្គ្រាមកំណាចយ៉ាងវេទនាទៀត។
     «នៅក្នុងភូមិនោះមានជំនឿចាស់បុរាណដែលមានគម្ពីចាស់ៗសរសេររៀបរាប់អំពីការផ្សំថ្នាំសណ្តំ ទើបអូនសាកធ្វើតាមក្រែងលោអាចជួយដល់ពួកយើងបាន ហើយអូនក៏បានច្រៀងចម្រៀងចង្វាក់ភ្លេងលន្លងលន្លោចមួយបទដែលម៉ាក់ធ្លាប់បានបង្រៀន កាន់តែស្តាប់ កាន់តែល្វើយ នឹងមានអារម្មណ៍លុងលក់ដោយមិនដឹងខ្លួន! អូនក៏មិននឹកស្មានដែរថាវិធីសាស្រ្តបែបនេះអាចជួយដល់ពួកយើងបាន!» ថេយ៉ុង លើកអាហារមកបញ្ចុកដល់មាត់ ជុងហ្គុក មើលថែទាំឱ្យគេឆាប់បានហូបអាហារ ឆាប់មានកម្លាំងអាចនឹងបានបន្តដំណើរទៅមុខទៀត។
     «ចុះពេលនេះពួកយើងកំពុងតែទៅណា?»
     «ទៅប៊ូសាន ពួកយើងត្រូវផ្លាស់ទីតាំងទៅកាន់ទីនោះ ដោយជំនួសមកវិញនូវយោធាមកពីតំបន់ផ្សេងជាអ្នកការពារច្រកព្រំដែនជំនួសវិញ ដោយសារតែពួកយើងត្រូវការការព្យាបាលជំងឺមួយរយៈពេលសិនទម្រាំជាសះស្បើយ ពួកយើងត្រូវនៅរង់ចាំការពារប៊ូសានជំនួសវិញ!» នាវាយោធាកូរ៉េខាងត្បូងបានរំកិលចលនាធ្វើដំណើរទៅមុខឥតឈប់ឈរ ខណៈខ្យល់អាកាសដ៏បរិសុទ្ធក៏បានធ្លាក់រសាត់ចុះមកត្រជាក់ស្រឹប។ មិនយូរប៉ុន្មាននាវាក៏បានធ្វើដំណើរឆ្លងកាត់ផុតពីផ្ទៃទឹកហើយមានរថយន្តយោធាកូរ៉េជាច្រើនគ្រឿងរង់ចាំដឹកពួកគេធ្វើដំណើរទៅកាន់ប៊ូសានដោយសុវត្ថិភាព។

💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓Where stories live. Discover now