ជុងហ្គុក សម្លឹងមើលសំបុត្រដោយសេចក្តីមិនអស់ចិត្តនាយក៏ដាក់បង្គុយចុះលើច្រាំងថ្ម រួចបញ្ឈរក្បាលជង្គង់ឡើង សំបុត្រមួយនេះមានក្រដាសពណ៌ត្នោតចាស់ សរសេរដោយស្លាបប៉ាកកា។ ម្រាមដៃមាំក្រាស់ចាប់ចុងមាត់សំបុត្ររួចបើកឡើងមុនពេលចាប់ដកហូតសំបុត្រដែលដាក់នៅក្នុងស្រោមពណ៌ត្នោតចាស់ទាញចេញមកដោយអារម្មណ៍កាន់តែចម្លែកចិត្ត មុនពេលបើកឡើងរូបថតសមាជិកគ្រួសារមួយសន្លឹកដែលនាយពុំដែលបានចួបប្រទះឃើញកាលពីមុនមកបានធ្លាក់ជ្រុះខ្ពោកនៅចំពីមុខនាយគឺរូបថតសមាជិកគ្រួសារដែលមាន ម្តាយ ឪពុក និង កូនប្រុសពីរនាក់។ កូនប្រុសម្នាក់មានអាយុ ២ឆ្នាំនិងកូនប្រុសម្នាក់ទៀត មានអាយុទើបតែបាន ៥ ខែជាង។ រូបភាពមួយសន្លឹកនេះ ថតឡើងនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ១៥៥៦។
◎◎◎
កំណត់ត្រានៅឆ្នាំ ១៩៥៧..
ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ១៩៥៥
សំឡេងអបអរសាទរដល់ក្រុមគ្រួសារយោធាមន្ត្រីរាជការដ៏ល្បីល្បាញមួយបានប្រារព្ធធ្វើឡើងនៅឯគេហដ្ឋានស្ថិតក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃនៃត្រកូល ចន។ សំឡេងសាទរបានបន្លឺឡើងបណ្តាលមកពីមិត្តរួមការងារ ដែលបានចូលរួមជាច្រើននាក់បានបន្ទរស្រែកហ៊ោជារឿយៗផ្តល់កិត្តិយសទៅកាន់លោកស្រីធំ សូ យ៉ុងសាន ដែលបង្កើតបានកូនប្រុសពៅម្នាក់ ខណៈស្វាមីដែលមានឈ្មោះថា ចន ជុងអ៊ុន កំពុងតែទទួលបានការផ្តល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដំឡើងមុខតំណែងថានន្តរសក្កិជាមេបញ្ជាការនៃកងទ័ពជើងគោក។ គ្រប់គ្នាបានសំដែងសេចក្តីសោមនស្សរីករាយនៅកំឡុងពេលដែលគ្រួសារ ចន បានរៀបចំពិធីបង្កក់កូនប្រុសពៅដែលពួកគាត់ជឿជាក់កូនប្រុសម្នាក់នេះជាកូនប្រុសដែលនាំមកនូវលាភសំណាងមកកាន់គ្រួសារ។ គ្រាន់តែគេកើតបានមួយសប្តាហ៍ភ្លាមដំណឹងល្អៗក៏តែងតែកើតឡើងមានជាហូរហែរដែលតែងតែធ្វើឱ្យឪពុកម្តាយទាំងពីរនាក់មានការសប្បាយចិត្តហើយមានសេចក្តីសុខគ្រប់ពេលវេលាជាកូនប្រុសដែលនាំមកនូវភោគផល ទ្រព្យធន់ ជាច្រើនសន្ធឹកសន្ធាប់ផ្តល់ទាំងស្នាមញញិមនិងកិត្តិយសមិនឱ្យម្តាយឪពុកហ្មងសៅម្តងណាឡើយ។
គេហាក់ខុសប្លែកពីកូនប្រុសច្បងដែលកើតមកចំពេលឪពុកម្តាយកំពុងមានរឿងស្មុគស្មាញ ចួបប្រទះតែបញ្ហា មិនចេះចប់ មិនចេះហើយ ការងារក៏ត្រូវគេប្រកួតប្រជែងចង់ផ្តួលរលំ ទ្រព្យសម្បត្តិក៏បាត់រលេះទៅម្តងបន្តិចៗ មានតែបញ្ហាច្របូលច្របល់កើតឡើងបន្តកន្ទុយគ្នារៀងរាល់ថ្ងៃ។ ប៉ុន្តែគំនិតរបស់លោកស្រី យ៉ុងសាន និង លោក ជុងអ៊ុន ពុំដែលបានគិតថាកូនប្រុសច្បងជាកូនដែលនាំមកនូវភាពឧបទ្រពចង្រៃដល់ជីវិតពួកគាត់ឡើយ។ កាលណោះក្រោយពីបានរៀបការរួចហើយថ្មីថ្មោង លោក ជុងអ៊ុន គ្រាន់តែជាយោធាម្នាក់ដែលមានឋានៈតូចតាច កើតក្នុងគ្រួសារកសិករធ្វើស្រែធ្វើចម្ការសាមញ្ញ រីឯលោកស្រី យ៉ុងសាន ជាកូនស្រីអ្នកដែលមានជីវភាពធូរធាររកស៊ីលក់ដូរ មានហាងឆេងធំគ្រាន់បើនៅឯប៊ូសាន ជាអ្នករួមស្រុកកំណើតនឹងស្វាមីដែរ។ ដោយភាពតស៊ូ ខិតខំប្រឹងប្រែង លត់តំទាំងកាយ ទាំងចិត្ត ជាបុរសដែលមានប្រជ្ញាឆ្លាតវាងវៃមានភាពអត់ធ្មត់និង ហ្មត់ចត់ ម៉ឺងម៉ាត់ ចំពោះការងារទាំងថ្ងៃទាំងយប់ទើបលោក ជុងអ៊ុន ត្រូវបានថ្នាក់លើដំឡើងតំណែងឱ្យជាមន្ត្រីផ្កាយមាសមួយ។ ព្រោះតែបានឃើញថាគាត់មានការងារល្អ ជាមនុស្សពូកែទាំងរឿងការងារ និងមានភាពស្មោះត្រង់ចេះជួយយកអាសារដល់មនុស្សជុំវិញខ្លួនហើយឮសូរដំណឹងរហៀងៗមកថាគាត់ចាប់ចិត្តស្រលាញ់នារីម្នាក់ជាកូនអ្នករកស៊ីស្រូវអង្ករក្នុងខេត្តប៊ូសានជាមួយគ្នាដែរ ទើបថ្នាក់លើជួយចូកជួយចេវចូលស្តីដណ្តឹងនាងតាមប្រពៃណីឱ្យគាត់បានរៀបការជាមួយគ្នាតាមច្បាប់។ ប៉ុន្តែជីវិតក្រោយអាពាហ៍ពិពាហ៍មិនដូចជាការគិត ឧបសគ្គជាច្រើនតែងតែរុញចូលមកមិនចេះចប់មិនចេះហើយ។
លោកស្រី យ៉ុងសាន ជានារីស្រស់ស្អាត ដែលមានកំលោះៗធ្វើការ ជាប៉ូលិស ទាហាន ចៅហ្វាយខេត្ត អ្នកធ្វើការមុខជំនួញ ចាប់ចិត្តស្រលាញ់ តែពេលដែលបានដឹងថាគាត់បានរៀបការជាមួយមន្ត្រីរាជការផ្កាយមាសមួយរួចមកហើយ មនុស្សនៅក្នុងចង្កោមការងាររាជរដ្ឋាភិបាលខ្លះក៏តាមកាច់កុង ម៉ាកងាយ រារាំងមិនឱ្យប្តីគាត់ បានក្តីសុខ ចាក់រុក អុជអាល់ ទៅដល់ថ្នាក់លើឱ្យដកមុខតំណែងរបស់គាត់ចេញ ចោទថាគាត់មិនសូវចូលមកបំពេញតួនាទីកាតព្វកិច្ចយោធា ដៀលត្មិះប្រពន្ធគាត់ថាជាស្រីភិតប្តី ចោទប្រកាន់ថាគាត់លួចលាក់រកស៊ីខុសច្បាប់ជាមួយឈ្មួញជួញដូរទំនិញតាមផ្លូវងងឹត។ នៅមានមូលហេតុជាច្រើនទៀតណាស់ ដែលប្តីប្រពន្ធគាត់រស់នៅត្រូវគេឯងស្អប់ខ្ពើមតាមជិះជាន់ឈ្លី ជេរដៀមដាមប្រមាថទាំងកិត្តិយសនិងកេរ្តិ៍ឈ្មោះ ពេលកំពុងពរពោះកំណើតកូនប្រុសដំបូងទៀត។ ហើយអាជីវកម្មលក់ដូររកស៊ីក៏មិនសូវជាមានអ្នកផងជួយគាំទ្រច្រើនដូចកាលពីមុន ដោយសារតែមនុស្សសម័យនោះរើសអើសគ្នាណាស់ គេថាស្រីណាមានរឿងអាស្រូវភិតប្តី គេស្អប់ គេឆ្អើម ទាំងដែលគាត់គ្មានកំហុស មិនបានប្រព្រឹត្តនូវរឿងរ៉ាវអបលក្ខណ៍ទាំងអស់នោះផង អ្នកដែលដឹងរឿងគ្រប់យ៉ាងមានតែប្តីគាត់ម្នាក់គត់តែប៉ុណ្ណោះ។ អ៊ីចឹងហើយទើបពួកគេពិបាកគ្រប់សព្វបែបយ៉ាង តាំងពីសម្បិត្តហិរញ្ញវត្ថុក៏ធ្លាក់ចុះ ស្វាមីទៅបម្រើការងារតែងតែត្រូវមាត់ថ្នាក់លើរាល់ថ្ងៃ ចំណែកឯប្រពន្ធត្រូវនៅផ្ទះមើលថែទាំកូន ចង់ចេញទៅរកចំណូលនៅឯខាងក្រៅបន្ថែមក៏មិនទទួលបានកម្រៃកាក់កបទៀត។
«អូន!» នារីក្នុងរ៉ូបពណ៌ស្វាយ ក្រឡេកបែរមុខចេញពីអង្រឹងយោលកូនក្រឡេកទៅសម្លឹងមើលផ្ទៃមុខស្វាមីដោយខ្សែភ្នែកសោកសៅរលីងរលោង។
«ចាស៎?» លោក ជុងអ៊ុន ដកដង្ហើមធំមុននឹងដាក់បង្គុយចុះក្បែរភរិយា លូកដៃទៅជូតសំណើមទឹកភ្នែកថ្លាឆ្វង់ យ៉ុងសាន ថ្នមៗ។
«ពួកយើងកំពុងតែពិបាកណាស់ គ្មានប្រាក់កាស មើលថែទាំកូនបានដិតដល់ទេ!»
«អ៊ីចឹងបងគិតចង់ធ្វើយ៉ាងម៉េច?»
«បើបងនិយាយទៅអូនអាចនឹងខឹងបង ប៉ុន្តែគ្មានអ្វីពិបាកជាងភាពទីទ័លទេ!»
«បងគិតចង់យកកូនទៅណា? ទេអូនមិនព្រមដាច់ខាត!» លោកស្រី យ៉ុងសាន ខឹង ច្រឡោតតោតតូងទឹកភ្នែកប្រដេញគ្នាហូរស្រក់ចុះមកដាបរហាមគាត់ស្រលាញ់កូនណាស់ ទោះលំបាកទោះបីជាវាសនាជីវិតពេលនេះកំពុងតែធ្លាក់ដល់សូន្យក៏គាត់មិនអាចបំផ្លាញក្តីស្រលាញ់ដែលគាត់មានចំពោះកូនព្រោះតែភាពចង់មានបានមួយគ្រាដែរ។
«បើអូនមិនធ្វើដូច្នេះម្តេចនឹងអាចកែប្រែរឿងរ៉ាវដែលពួកយើងកំពុងតែពិបាកបានទៅ? អ្នកដែលចង់បានកូនប្រុសយើងយកទៅជួយចិញ្ចឹមគេគ្រាន់តែជួយជាលទ្ធភាពចិញ្ចឹមបណ្តោះអាសន្នសិននៅពេលពួកយើងរឹងដៃរឹងជើងហើយចាំគេប្រគល់កូនមកឱ្យពួកយើងវិញ គាត់ជាគឺមន្ត្រី ឆយ ដែលមេធំរបស់បង គាត់ដឹងរឿងរបស់ពួកយើងគ្រប់យ៉ាង ហើយក៏ដឹងថានៅពេលនេះពួកយើងកំពុងតែពិបាកដែរ ទើបគាត់សម្រេចចិត្តជួយ អូនកុំគិតច្រើនអីគ្មានរឿងអ្វីកើតឡើងធ្ងន់ធ្ងរទេ!»
«ផ្ញើកូនគេជាមួយគេមិនដូចជាដៃដែលម្តាយបានថែទាំទេបង..អូនមិនគិតថាវាពិបាកដល់ម្លឹងទេព្រោះពួកយើងជាម្តាយឪពុកគួរតែមានទំនួលខុសត្រូវជាងនេះ!»
«ប៉ុន្តែបងកំពុងតែប្រឈមមុខនឹងការដកហូតមុខតំណែង បើអូនអាចគិតបានវែងឆ្ងាយជាងនេះ ពួកយើងនៅមានច្រកចេញ!» លោកស្រី យ៉ុងសាន ធ្វើមុខមិងមាំង ដឹងរឿងថាស្វាមីកំពុងមានរឿងរកាំរកូសនៅឯមូលដ្ឋានការងារ ទើបបានជាគាត់ស្នើសុំឱ្យយកកូនទៅផ្ញើនឹងមេធំរបស់គាត់សិន ព្រោះការស្វែងរកប្រាក់កាសនៅពេលនេះកំពុងមានភាពតានតឹងពិបាកណាស់ បើអាចគិតបានគិតសន្សឹមៗសិនក្រោយពេលរួចផុតគ្រោះអាក្រក់ហើយអ្វីៗប្រាកដជាអាចត្រលប់មករកសភាពដើមវិញ។ ក្រោយពិភាក្សាគ្នាជាច្រើនដង លោក ជុងអ៊ុន សម្រេចចិត្តយកកូនប្រុសច្បងទៅផ្ញើនឹងលោក ឆយ ដែលជាមេបញ្ជាការធំរបស់គាត់នៅពេលដែលគ្រប់យ៉ាងចាប់ផ្តើមកែប្រែឱ្យមានភាពល្អប្រសើរឡើងវិញអស់រយៈពេលជាងពីរឆ្នាំអ្វីៗក៏អាចស្តារឡើងវិញបានយ៉ាងល្អ។ គ្រប់គ្នាបានដឹងការពិតថាគ្រប់យ៉ាងគ្រាន់តែជាពាក្យចចាមរ៉ាមប្រតិដ្ឋឡើងដោយសារតែលោក ជុងអ៊ុន បានដាក់ពាក្យបណ្តឹងទៅកាន់អ្នកដែលចោទប្រកាន់ប្រពន្ធគាត់។ គាត់ក្លាហានហ៊ានធ្វើគ្រប់យ៉ាងដើម្បីក្រុមគ្រួសាររបស់គាត់រស់នៅបានសុខ។ រហូតដល់ពីឆ្នាំក្រោយគាត់ក៏បានស្នើសុំយកកូនពីលោក ឆយ មកចិញ្ចឹមវិញ ស្របពេលកំពុងមានដំណឹងល្អមកថាប្រពន្ធកូនកំពុងតែពរពោះកូនទីពីរ។ គាត់ចាប់ផ្តើមខិតខំចំណាយពេលវេលាធ្វើការយ៉ាងល្អរហូតដល់បានដំឡើងឋានៈ មុខរបររកស៊ីរបស់ប្រពន្ធគាត់កាន់តែរីកលូតលាស់ក្រោយមកក៏លោកស្រី យ៉ុងសាន ក៏បានសម្រេចចិត្តចូលបម្រើការងារយោធាក្រោយសម្រាលកូនប្រុសពៅរួចមកហើយដែរ។
មិនយូរប៉ុន្មានសេចក្តីសុខទាំងអម្បាល់ម៉ានត្រូវបានបាត់បង់ទៅបន្តិចម្តងៗ។ កូនប្រុសច្បងដែលពួកគាត់ស្រលាញ់ស្ទើរតែស្មើនឹងជីវិតព្យាយាមឱបក្រសោបត្រូវបានគេលួចយកទៅនៅក្នុងមន្ទីពេទ្យព្យាបាលមួយកន្លែង ដោយសារតែគេត្រូវការសង្គ្រោះបន្ទាន់ បន្ទាប់ពីមានជំងឺរលាកទងសួតធ្ងន់ធ្ងរ។
«កូនរបស់ខ្ញុំ..កូនប្រុសរបស់ខ្ញុំនៅឯណា?» លោក ជុងអ៊ុន ឆោឡោស្រែកទាំងទឹកមុខក្រហមប្រៀបដូចជាកម្លាំងភ្លើងរោលត្រូវ គាត់រត់អស់កម្លាំងដៃជើងតាមស្វែងកូនប្រុសច្បងពីមួយកន្លែងទៅមួយកន្លែងទៀតគ្មានពេលធូរស្បើយឡើយ។ ជាអកុសលគ្មានដំណឹងល្អពីកូនប្រុសគាត់វិលត្រលប់មកវិញទេ គឺមានតែភាពស្ងប់ស្ងាត់នឹងការសោកស្តាយជាទីបំផុតតែប៉ុណ្ណោះ។
សំណេរបច្ចុប្បន្ន
សំបុត្រពីលោក ចន ជុងអ៊ុន..
(នៅពេលដែលកូនបានអានសំបុត្រនេះ មិនដឹងថាប៉ានឹងម៉ាក់ឯងអាចមានជីវិតនៅរស់ដែរឬមួយក៏អត់ទេ ជុងហ្គុក។ ប៉ុន្តែអត្ថបទនៃការរៀបរាប់ខាងលើសបញ្ជាក់បានថាកូនមិនមែនជាកូនទោលក្នុងគ្រួសារតែម្នាក់ទេកូននៅមានបងប្រុសម្នាក់ទៀត។ ប៉ានឹងម៉ាក់ខំចំណាយពេលអស់រយៈពេលជាង ៣៣ ឆ្នាំ ដើម្បីតាមស្វែងរកបងប្រុសកូនគ្រប់ទីកន្លែង ប៉ុន្តែលទ្ធផលនៅតែអាសាបង់ម្តងហើយម្តងទៀត។ ប៉ាគ្រាន់តែសង្ឃឹមថាគេអាចនៅមានជីវិតរស់រានហើយសង្ឃឹមថាភ្លើងសង្គ្រាមមួយនេះនឹងបានបញ្ចប់ទៅក្នុងពេលឆាប់ៗនេះ។ បើអត់ពីប៉ាម៉ាក់ទៅ ប៉ាសង្ឃឹមថាកូនអាចស្វែងរកសាច់ញាតិដែលនៅសេសសល់ចុងក្រោយគេម្នាក់នោះបានណាកូនប្រុស..ប៉ានឹងម៉ាក់សូមបួងសួងដល់ព្រះ សូមឱ្យកូននៅមានជីវិតរស់ព្រមទាំងបងប្រុសកូនម្នាក់ទៀត។ ប៉ានឹងម៉ាក់ប្រហែលជាមិនអាចបន្តជីវិតបានទៀតទេព្រោះពេលនេះយោធាជប៉ុនកំពុងតែចាប់ខ្លួនអតីតមន្ត្រីរាជការចូលនិវត្តន៍ដើម្បីសម្លាប់ចោល ហើយករណីអ្នកកាសែតដែលបានចងក្រងរឿងរ៉ាវប្រវិត្តសាស្ត្រក៏ត្រូវបានពួកគេសម្លាប់ចោលដែរ។ មើលថែខ្លួនឯងឱ្យបានល្អផងណា ប៉ាស្រលាញ់កូន!)
◎◎◎
«បងប្រុស? ប៉ាម៉ាក់? អ្នកកាសែត!» ជុងហ្គុក ក្រោកឈរបែរមុខទៅសម្លឹងមើលនាវាកូរ៉េខាងត្បូងដែលចរអណ្តែតលើផ្ទៃទឹកដាច់ឆ្ងាយពីកន្ទុយភ្នែក។
«តោះអូនទីនេះមិនស្រួលទេ ឆាប់ត្រលប់ទៅវិញ!» ថេយ៉ុង រូតរះប្រមូលរបស់របរប្រញាប់ប្រញាប់ទៅឱ្យទាន់មុនថ្ងៃរសៀល។
ជំរុំទ័ព..
«ថ្ងៃនេះលោកដូចជាតានតឹងណាស់!» ស៊ុកជីន លាន់មាត់និយាយ ខណៈ ជេហ៊ុន បានត្រឹមតែងាកផ្ទៃមុខចេញមុននឹងឆ្លើយតបដោយសំឡេងកំបុតៗ៖
«គេមករករឿងខ្ញុំមុន!» ជេហ៊ុន តបទាំងមិនភ្លេចលើកដៃស្ទាបអង្អែលលើច្រមុះដែលហើមនៅមិនទាន់ជាសះស្បើយនៅឡើយ។
«លោកនឹងគេពេលណាទើបអាចត្រូវគ្នារូវគ្នាវិញ?»
«ខ្ញុំមិនដែលរករឿងវា បើនៅស្ងៀមរៀងខ្លួនម្តេចនឹងអាចកើតមានបញ្ហាបានទៅ?»
«ជុងហ្គុក អាចមានមូលហេតុរបស់គេ លោកធ្លាប់មានរឿងជាមួយគេ គេប្រហែលជាគុំរករឿងលោក ដឹងត្រឹមថាថ្ងៃនេះខ្ញុំត្រូវការឱ្យពួកលោកចេះសាមគ្គីភាពគ្នា ព្រោះមានរឿងជាច្រើនទៀតណាស់ដែលពួកយើងត្រូវធ្វើជាមួយគ្នា!»
«ខ្ញុំយល់ពីគោលបំណងរបស់លោក..» ជេហ៊ុន ស្ទុះក្រោកឈរ ខណៈ ជុងហ្គុក ក៏ស្រាប់តែបង្ហាញខ្លួនឡើង មុននឹងពេលដើរចូលមករក ជេហ៊ុន ទាំងទឹកមុខមាំស្មើបែបគ្មានអារម្មណ៍ចង់ឈ្លោះបន្ត ប៉ុន្តែកែវភ្នែករបស់នាយនៅតែអាចបង្កប់ភាពស្អប់ខ្ពើមចំពោះ ជេហ៊ុន ដដែល។
«ជុងហ្គុក..ថ្ងៃនេះ..» ស៊ុកជីន ហៀបនឹងហើបមាត់និយាយបន្ត ស្របពេលដែល ជុងហ្គុក ក៏ស្កាត់សម្តីនាយ៖
«ខ្ញុំមិនសម្រួលជាមួយវាទេបង..ខ្ញុំមិនព្រមស្រាប់ហើយ ទោះបងខំប្រឹងប្រែងនិយាយបញ្ចុះបញ្ចូលយ៉ាងណាក៏ខ្ញុំគ្មានអារម្មណ៍ស្តាប់ដែរ!» ជុងហ្គុក តបឆ្លើយទាំងឫកពាឈ្លើយគ្រហើមុននឹងបោះជំហ៊ានដើរចេញទៅទាំងអារម្មណ៍នៅតែឆាបឆួលមិនទាន់ផុតរលត់សាបរលាបនៅឡើយ បើសួរថាគេស្អប់ ជេហ៊ុន ខ្លាំងប៉ុណ្ណាគឺស្អប់ណាស់ បើសិនជាអាចសម្លាប់គេចោលនៅពេលនេះបានគេច្បាស់ជាធ្វើវាឥឡូវនេះជាក់ជាមិនខាន។ ជេហ៊ុន នៅស្ងៀមទ្រឹងតាមរបៀបមនុស្សស្ងៀុមស្ងាត់តែហ្មត់ចត់ម៉ឺងម៉ាត់នឹងការងារ។
«ហ៊ើយពិបាកណាស់!» ស៊ុកជីន បានត្រឹមតែដកដង្ហើមធំៗគ្រវីក្បាល បើសិនជាគេ គេប្រហែលជាមិនមកខាតពេលឈ្លោះគ្នានាំតែបង្កើតសត្រូវខាតពេលឥតប្រយោជន៍អ៊ីចឹងទេ។

YOU ARE READING
💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓
Romanceគ្រប់យ៉ាងឈរនៅចំប្រយោគថា ស្រលាញ់!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM