ព្រឹកថ្ងៃថ្មី
សូរ្យសែងបំភ្លឺជះចាំងផ្លាតពន្លឺពាសពេញផ្ទៃទី្វបទាំងមូល នៅក្រោមលម្អងធូលីដីដែលហោះហ៊ុយឡើងទ្រលោមក្រោមអំណាចវាយោបក់បោក។ ផ្ទៃមុខមាំសង្ហាដែលកៀកឈមក្បែរកាយតូចស្រឡូនស្រឡៅទម្រេតលើពូកទន់ល្មើយចាប់បម្រះចលនារវើកថ្នមៗទង្គិចចង្កានឹងស្មាតូចដាស់ញាណកំលោះវ័យ ១៩ ឆ្នាំ ឱ្យតឿនភ្ញាក់រហ័សរហួនងាកក្រឡេកទៅសម្លឹងមើលរាងក្រាស់ដែលគេងខកពេលវេលារហូតដល់ថ្ងៃរះចាំងចំស្រទាប់កែវភ្នែកខ្មៅនិលទាំងគូធ្វើឱ្យកាយតូចញាប់ញ័រខ្លួនប្រញាប់ប្រញាល់លើកខ្នងដៃមកបាំងពន្លឺរំខាននោះភ្លាមៗ មុនពេលទម្លាក់ផ្ទៃមុខចុះឱនសម្លឹងមើលផ្ទៃមុខស្វាមីដែលកៀកកិតក្បែរខ្លួនប្រាណខ្លួនមិនព្រមគេចចាកចេញទៅណា។ សំឡេងគ្រហឹមក្នុងបំពង់កស្រាប់តែបន្លឺឡើងហឹមៗកៀកបង្កើយជិតទម្រង់មុខទ្រវែងគ្រញិចឱ្យថ្ពាល់សរលោងម៉ដ្ឋខៃឡើងពណ៌ក្រហមព្រឿងៗញោចឱ្យចង្វាក់បេះដូងសំងំក្នុងទ្រូងឆ្វេង លោតស្ទើរតែខុសចង្វាក់យ៉ាងញាប់ស្មេម្តងម្កាល់ទៅហើយ។
«...» ភាពស្ងៀមស្ងាត់របស់គេកាន់តែធ្វើឱ្យអ្នកម្ខាងទៀតខិតចូលមកកាន់តែកៀកស្និទ្ធស្នាលនឹងបានរុញខ្លួនប្រាណរំកិលចូលមកក្នុងប្រឡោះដៃស្រឡូនទាំងគូកាន់តែជិតស្និទ្ធ។ កម្តៅកម្សួលដង្ហើុមក្តៅងុំសាយភាយចេញជះលើផ្ទៃ.ករាងតូចឱ្យមានអារម្មណ៍ញាប់ញ័រចម្លែក ទម្ងន់ដៃរបស់លោកប្តីស្ទាបអង្អែលលើខ្នងតូចស្រឡូនប្រៀបដូចជាការថ្នាក់ថ្នមដួងកែវពេជ្រចរណៃយ៉ាងប្រុងប្រយ័ត្នណាស់ណាអ៊ីចឹង ទាំងទន់ភ្លន់ ផ្អែមល្ហែម ដែលមិនដូចជាចរិតសុភាពបុរសកាលពីកន្លងទៅដែលរាងតូចធ្លាប់បានប្រទះឃើញដូច្នោះឡើយ។
«បងភ្ញាក់ឡើងភ្លឺហើយ?» ជុងហ្គុក មមៃបើកត្របក់ភ្នែកឡើងតាមការដាស់ មុនពេលសម្លឹងមើលផ្ទៃមុខដ៏ស្រស់ស្អាតរបស់ភរិយាតាមដោយកែវភ្នែកមានពន្លឺមន្តស្នេហ៍។ នាយបន្ធូរដកដង្ហើមវែងៗតាមរបៀបមនុស្សមិនទាន់អស់ងងុយគេងនៅឡើយ ប៉ុន្តែនាយនៅតែព្យាយាមក្រោកហើយនិយាយពាក្យផ្អែមល្ហែមទៅកាន់ភរិយាដូចដើមដដែល៖
«អរុណសួស្តីប្រពន្ធសំឡាញ់ចិត្ត!» ថេយ៉ុង ទប់ដៃក្រោកអង្គុយឡើងទាំងថ្ពាល់ទទួលនូវរង់ឥទ្ធិពលសភាពក្រហមមិនទាន់ជ្រះរលុបទៅណាសោះ ស្នាមញញិមរបស់ប្តីធ្វើឱ្យខ្លួនកន្ត្រាក់បេះដូងឆ្លេឆ្លាពិបាកបរិយាយណាស់ កាលបើក្រឡេកទៅសម្លឹងកែវភ្នែកដែលកំពុងបាញ់តម្រង់សំដៅមករកខ្លួនឯណេះវិញក៏ហាក់បីដូចជាមុតស្រួចប្រៀបដូចជាព្រួញស្នេហ៍ដែលត្រៀមបាញ់ទម្លុះប្រអប់បេះដូងគេរៀងរាល់លើក។
«យប់មិញអូនគេងលក់ស្រួលទេ?» ជុងហ្គុក វាចាសួរទាំងស្នាមញញិមមិនផ្លាស់ប្តូរដដែល គេសប្បាយចិត្តណាស់ ព្រោះកាលពីយប់មិញនេះទទួលបានឱកាសពិសេសពីភរិយាជាទីស្រលាញ់ ធ្វើឱ្យបេះដូងគេញាប់ញ័ររំភើបពេញមួយយប់ ខ្លួនប្រាណមួយនោះក្រអូបណាស់ រាងកាយតូចស្រួលឱបក្រសោប ពេលបានប៉ះពាល់នឹងសរសៃដ៏ទន់ល្មើយទៀត រឹតតែធ្វើឱ្យនាយឈ្លក់វង្វេងឥតវេចវេរចិត្តគំនិត។
«ហ្អឹម! ខ្ញុំគេងលក់ស្រួលណាស់»
«យប់មិញអូនកើតអី? សុខៗក៏ស្រាប់តែយំផ្អើល?» ពេលនិយាយដល់រឿងនេះ ថេយ៉ុង ព្រឺព្រួចខ្លួនមិនបាត់សោះ មុនពេលខិតចូលទៅជិតនឹងស្វាមីលើកប៉ះស្មាមាំទាំងគូយ៉ាងណែន។
«ខ្ញុំឃើញខ្មោច!»
«អូនឃើញខ្មោច?» ជុងហ្គុក ជ្រួញចិញ្ចើមភ្ញាក់ផ្អើលយ៉ាងខ្លាំង មកពីមូលហេតុបែបនេះសោះ ទើបបណ្តាលឱ្យ ថេយ៉ុង ដាច់ចិត្តហៅគេឡើងមកដេកជាមួយ បើតាមការពិតមិនមែនចិត្តចង់ហៅប្តីដោយស្មោះត្រង់ផង គិតរួច ជុងហ្គុក រៀងបង្ហាញទឹកមុខស្រងូតស្រងាត់បន្តិចដែរ។
ថេយ៉ុង បានដឹងទើបប្រញាប់ប្រញាល់លើកប្រអប់ដៃទៅខ្ទប់លើថ្ពាល់ ជុងហ្គុក នៅពេលដឹងថានាយអាចនឹងមានអារម្មណ៍ក្នក់ចិត្តចំពោះខ្លួនណាស់ ដែលហៅគេមកដើម្បីលុបបំបាត់ភាពភ័យខ្លាចរបស់ខ្លួន ប៉ុន្តែវាមិនដូច្នោះទេ គេបានអនុញ្ញាតរួចជាស្រេចចាប់តាំងពីបាននិយាយគ្នាជាមួយម្តាយមកម្ល៉េះ ដូច្នេះហើយ ជុងហ្គុក ស័ក្តិសមនឹងទទួលបានឱកាសទាំងអស់នេះ ជាប្តីប្រពន្ធនឹងគ្នា មិនមែនស្គាល់គ្នាត្រឹមតែរយៈពេលដ៏ខ្លីនោះទេ ប៉ុន្តែពួកគេត្រូវតែបន្តដំណើរជីវិតទៅមុខដ៏វែងឆ្ងាយទៀតណាស់។
«តែយប់បន្ទាប់បងអាចគេងលើគ្រែតែមួយជាមួយខ្ញុំរហូតបានហើយ!» ថេយ៉ុង និយាយទាំងសំឡេងអួលអាក់ហាក់បីដូចជាពិបាកថ្លែងរៀបរាប់វាចាណាស់ ខណៈអ្នកម្ខាងទៀតបានត្រឹមរំលេចចេញនូវស្នាមញញិមសប្បាយចិត្តតែប៉ុណ្ណោះ។
ជុងហ្គុក ងក់ក្បាលទទួលយកការអនុញ្ញាតទាំងអស់នេះ មុនពេលចាប់ទាញ ថេយ៉ុង មកឱបជាប់នឹងដើមទ្រូង លើកដៃឈ្លីអង្អែលក្បាល ថេយ៉ុង ធ្វើដូចគេជាកូនឆ្មាតូចមួយក្បាលយ៉ាងអ៊ីចឹង។
«បងស្រលាញ់អូនខ្លាំងណាស់ ថេយ៉ុង បងសប្បាយចិត្តណាស់!» ថេយ៉ុង លេបទឹកមាត់ក្អឹកៗ មានអារម្មណ៍រំភើបចិត្តផ្ទុយខុសស្រឡះកាលពីលើកមុនឆ្ងាយខ្លាំងណាស់ គេមានអារម្មណ៍ថាចាប់ផ្តើមចូលចិត្ត ជុងហ្គុក ខ្លាំងជាងមុន នៅក្បែរនាយរំភើបញាប់ញ័រអារម្មណ៍ជាងមុន សប្បាយចិត្តជាងមុនទ្វេដងទៅទៀត។
«ខ្ញុំឃ្លានហើយបង!» និយាយរួច ថេយ៉ុង បញ្ជារាងកាយរហ័សស្ទុះស្ទាទម្លាក់ប្រអប់ជើងចុះ ដើរទៅចាប់បើកទូរសម្លៀកបំពាក់យកឈុតដែលត្រូវស្លៀកពាក់ព្រមទាំងកន្សែងទុកសម្រាប់ផ្លាស់មកកាន់ជាប់នឹងដៃ ខណៈប្តីសំឡាញ់ស្រាប់តែដើរចូលទៅនឹងបានចាប់ឱបកញ្ឆក់រាងកាយតូចពីខាងក្រោយយ៉ាងណែនជាថ្មីម្តងទៀត រួចញញិមសម្លឹងមើលកញ្ឆក់ឃើញច្បាស់ពីផ្ទៃមុខក្រហមងាំងដែលភរិយាលួចអឹមអៀនជាមួយខ្លួនគួរឱ្យចង់ខាំគ្រញិចថ្ពាល់ម៉ដ្ឋរលោង បានត្រឹមតែគិត តែមិនហ៊ានប្រព្រឹត្តនោះទេ។
«ថ្ងៃនេះបងសុំឱបអូន ឱ្យបានយូរបានទេ?»
«យប់មិញបងឱបខ្ញុំមិនឆ្អែតទេអ្ហេស?»
«បងមិនងាយនឹងទទួលបានឱកាសដូច្នេះទេ សូមអូនកុំប្រកែកអី!»
«តែថ្ងៃនេះខ្ញុំត្រូវទៅវត្តជាមួយម៉ាក់និងបងស្រី បងប្រញាប់ប្រញាល់ងូតទឹកស្លៀកពាក់ទៅឆាប់បានចុះទៅហូបបាយទឹក!» ថេយ៉ុង ចាប់ដកដៃនាយបម្រុងទាញចេញ ប៉ុន្តែនាយបែរជារឹតរង្វង់ដៃកាន់តែណែនជាងមុនបន្តិចទៀត។
«ថ្ងៃនេះកុំហាមបង..»
«ខ្ញុំត្រូវទៅវត្តពិតមែន ម៉ាក់អាចនឹងស្តីបន្ទោសថាឱ្យខ្ញុំយឺតយ៉ាវ»
«ប្រពន្ធសំឡាញ់ចិត្ត!» ជុងហ្គុក លើកដៃចាប់កាន់ចុងចង្កា ថេយ៉ុង ហាក់ដូចជាចង់ប៉ះពាល់ផែនថ្ពាល់ដ៏ម៉ដ្ឋរលោងមួយនោះណាស់ បើបានប្រើមាត់បង្អូសថែថើបគ្រញិចក្នក់ក្នាញ់មិនដឹងថាខ្លួនបានស្ងប់ចិត្តខ្លាំងប៉ុណ្ណានោះទេ។
«ខ្ញុំប្រញាប់ប្រញាល់ងូតទឹកផ្លាស់ឈុត!» ថេយ៉ុង លើកដៃកៀសខ្លួនស្វាមីចេញ សន្សឹមស្ទុះដើរសំដៅចូលទៅខាងក្នុងបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួន។
ក្រឹក!!
«សម្តីផ្អែមណាស់!» ថ្ងៃនេះពិភពលោកហាក់ដូចជាមានពណ៌ស៊ីជម្ពូសម្រាប់គេយ៉ាងអ៊ីចឹង មើលចុះថ្ងៃនេះគេញញិមអឹមអៀនម្នាក់ឯង ចង្វាក់បេះដូងក៏លោតបោកលឿនស្ទើរតែមិនគួរឱ្យជឿថាគេអាចទទួលបានអារម្មណ៍ទាំងនេះដូចជាមនុស្សទូទៅដែលកំពុងតែប្រឡូកខ្លួនចូលទៅក្នុងរឿងស្នេហាដំបូងដូច្នេះដែរ។
«ថេយ៍ហា..» សម្តីធ្ងន់ៗរបស់ស្ត្រីចំណាស់ស្រាប់តែបានបន្លឺឡើង។
«បាទម៉ាក់!!!» កំលោះតូចត្រូវបង្ខំចិត្តស្រែកពីខាងក្នុងបន្ទប់ទឹកទៅកាន់ម្តាយដូច្នេះវិញ។
«ជិតរសៀលហើយកូនឱ្យលឿនឡើងពូឯងចាំនៅខាងក្រោមយូរហើយ!»
«បាទខ្ញុំនឹងប្រញាប់ប្រញាល់ឥឡូវនេះ!» ថេយ៉ុង ស្រូតរូតរះងូតទឹករៀបចំសម្អាតខ្លួនន្អាលនឹងបានឆាប់ចាកចេញទៅវត្តអារ៉ាមជាមួយម្តាយនិងបងស្រី។
រថយន្តធុនតូចមួយគ្រឿងបានបរចាកចេញទៅ នៅក្នុងផ្ទះនេះសល់តែវត្តមានកូនប្រសារប្រុសនិងអ៊ំស្រីម៉ែដោះតែពីរនាក់ប៉ុណ្ណោះ។ ថ្ងៃទំនេរសម្រាកពីការងារ ជុងហ្គុក ជួយគាត់កាប់ឧសនិងរែកទឹកដាក់ពាងទុកសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ជួយកាប់ដីឆាយស្មៅ សម្អាតភូមិដ្ឋានរស់នៅជារៀងរាល់ថ្ងៃ ឱ្យមានរបៀបរៀបរយស្អាតបាតនិងបានធ្វើទ្រុងមាន់ សាងសង់មកពីឈើឫស្សី សម្រាប់ទុកដាក់សត្វចិញ្ចឹមឱ្យមានរបៀបរៀបរយ។
«មិនដឹងថា ថេយ៉ុង ស្រលាញ់អ្នកប្រុស ជុង ខ្លាំងប៉ុណ្ណាទេ បើចំណាប់ខ្លាំងយ៉ាងនេះនោះ!»
«គេមិនសូវស្រលាញ់ខ្ញុំទេអ៊ំ កុំនិយាយអ៊ីចឹងអី!» ជុងហ្គុក ធ្វើទ្រុងមាន់បណ្តើរនិយាយលលេងសើចសប្បាយជាមួយនឹងម៉ែដោះកាច់កកាច់ស្រង់ជាមួយគាត់បណ្តើរ។
«អ៊ំជាអ្នកមើលថែ ថេយ៉ុង ចាប់តាំងតែពីគេនៅតូចៗ ថេយ៉ុង ជាក្មេងគួរឱ្យស្រឡាញ់ណាស់ គេចេះស្តាប់បង្គាប់ដំបូន្មានឪពុកម្តាយប្រកបដោយគន្លងធម៌ ជាក្មេងស្លូតបូត មិនរឹងរូស ចចេស មានៈ រករឿង ធ្វើឱ្យម្តាយឪពុកគេឈឺក្បាលនោះឡើយ គ្រាន់តែថាគេមិនដែលប្រឡូកខ្លួនក្នុងរឿងស្នេហាអ៊ីចឹងហើយទើបបានជាគេមិនសូវមានអារម្មណ៍រំភើបញាប់ញ័រជាមួយក្មួយអ្វីប៉ុន្មាន តែកុំបារម្ភអីណាយូរៗទៅគេគង់តែចេះមានអារម្មណ៍ជ្រួលច្រាល ទន់ចិត្តមើលឃើញពីទង្វើល្អរបស់ក្មួយនៅថ្ងៃណាមួយជាក់ជាមិនខានឡើយ!» សម្តីស្ត្រីចំណាស់ទាំងអម្បាលម៉ានរសាត់ចូលត្រចៀកធ្វើឱ្យអ្នកស្តាប់ដូចជាគេនេះជ្រួបជ្រាបអារម្មណ៍រំភើបដល់ថ្នាក់ញញិមលើបបូរមាត់ឥតរួយមាត់មិនព្រមឈប់។
«បាទអ៊ំខ្ញុំក៏សង្ឃឹមថាអ៊ីចឹងដែរ!» ជុងហ្គុក និយាយចំពោះគាត់ឡើងព្រមទាំងសម្លឹងមើលស្នាមញញិមស្ត្រីចំណាស់ដែលញ៉ាំងឱ្យគេដឹងថាគាត់មានរឿងជាច្រើនចង់បង្ហើបប្រាប់ដល់គេបន្ថែមទៀត។
«ថេយ៉ុង នៅពីក្មេងគួរឱ្យស្រឡាញ់ខ្លាំងទេអ៊ំ?» មុនពេលគាត់និយាយទើបនាយនឹកចង់សួរនាំគាត់បន្ត គាប់ជួនពេលប្រពន្ធមិននៅចង់ដឹងរឿងកុមារភាពរបស់ ថេយ៉ុង ឱ្យកាន់តែបានច្រើនលើសដើម។
«ហ្អឹម..គេគឺឱ្យស្រឡាញ់ខ្លាំងណាស់ កាលពីគេនៅមានអាយុ ៧ ឆ្នាំ គេជាក្មេងប្រុសម្នាក់ដែលស្រលាញ់ចូលចិត្តការច្រៀងរាំខ្លាំងមែនទេន ដោយសារតែម្តាយរបស់គេជាអ្នកចម្រៀងស្រាប់ ទើបគេមាននិស្ស័យមានដុងមកពីកំណើតបានមកពីម្តាយរបស់ខ្លួនដូច្នេះ ឪពុករបស់គេបានបញ្ចូនគេឱ្យទៅច្រៀងសមឆាកតន្រ្តីកម្សាន្ត ដែលស្ថិតនៅក្នុងមន្ទីសារព័ត៌មានបារាំងមួយកន្លែង កាលណោះគេនៅតូចផង សំឡេងស្រួយស្រែសប្រៀបដូចជាសំឡេងចង្រិតស្រែកយ៉ាងអ៊ីចឹង ច្រៀងផង រាំផង រហូតដល់មានចាងហ្វាងកាសែតជាជនជាតិបារាំងម្នាក់បានសរសេររៀបរាប់អំពីទេពកោសល្យដ៏ប៉ិនប្រសប់របស់គេបានធ្វើឱ្យកេរ្តិ៍ឈ្មោះគ្រួសារមួយនេះកាន់តែរីកលូតលាស់ថ្កុំថ្កើននិងទទួលបានផ្លែផ្កាល្អៗជាច្រើន ព្រមទាំងមានការកោតសរសើរស្ញប់ស្ញែងពីប្រជាជនក្នុងប្រទេសបន្ថែមទៀតដែរ តែពេលចូលដល់វ័យ ១៥ ឆ្នាំគេក៏ផ្អាករៀនច្រៀងដោយសារតែចង់ផ្តោតអារម្មណ៍លើការសិក្សារៀនសូត្រជំនួសវិញ!» ម៉ែដោះថ្លែងរៀបរាប់ពីដំណាលរឿងដល់ត្រឹមណេះ ជុងហ្គុក ស្រាប់តែញញិមងក់ក្បាលចំពោះគាត់ ដ្បិតគេពិតជាមានមោទនភាពស្ងើចសរសើរចំពោះការខំប្រឹងប្រែងដែល ថេយ៉ុង បានខិតខំពុះពារកាលពីកន្លងមកខ្លាំងណាស់ នៅពេលខ្លះគេសឹងតែមិនជឿជាក់ថា ថេយ៉ុង បានប្រើប្រាស់ពេលវេលាច្រើនដល់ម្លឹង សម្រាប់បំពេញបំណងនៃក្តីស្រម៉ៃរបស់ខ្លួនឯងឡើយ តែបើសិនជាគិតបន្ថែមទៀត មនុស្សម្នាក់ៗនរណាៗក៏តែងតែមានគោលដៅរៀងៗខ្លួន ប្រសិនបើពួកគេអាចធ្វើបានសម្រេចផែនការនៃជីវិតក្នុងផ្លូវដ៏ល្អប្រសើរជោគជ័យបានគឺជារឿងដ៏អស្ចារ្យខ្លាំងណាស់។ នាយបានត្រឹមតែសើចញឹមបង្ហាញដល់ស្ត្រីចំណាស់មុននឹងបកត្រលប់មកសម្រេចកិច្ចការការងាររបស់ខ្លួនវិញ។ នាយប្រញាប់ដំដែកគោលបញ្ចូលទៅក្នុងឈើទ្រុងមាន់រួលរាល់ ដែលគេបានខិតខំសម្អិតសម្អាងធ្វើមកអស់រយៈពេលមួយព្រឹកជាងមកនេះទីបំផុតវាក៏បានធ្វើហើយជាស្ថាបពរផងដែរ។
ឈានចូលដល់ពេលថ្ងៃបាក់រសៀល សំឡេងរថយន្តបានបរចូលមកក្នុងទីធ្លាបរិវេណផ្ទះវិឡាលោកចាងហ្វាងកាសែតសារជាថ្មីម្តងទៀត។ បន្ទាប់ពីបានវិលត្រលប់មកពីវត្តអារ៉ាមវិញ ថេយ៉ុង ជួយយួរចានស្រាក់ម្តាយដើរសំដៅចូលទៅខាងក្នុងផ្ទះ ខណៈដែលម៉ែដោះ ដេហា កំពុងតែរៀបចំបាយទឹកសម្រាប់ទទួលទានពេលថ្ងៃត្រង់ល្មម។
«ជូនបុណ្យផងម៉ែដោះ!» ថេយ៉ុង រត់វឹងទៅឱបក្រសោបគាត់វិះតែខ្ជាយសម្លដែលគាត់កាន់ជាប់នឹងដៃ ខណៈកំលោះតូចក៏ធ្វើជាសើចកាច់កកាច់ស្រង់រួចជួយទទួលចានសម្លពីដៃរបស់គាត់មកដាក់ខាងលើខ្នងតុ។
«ប្រញាប់ប្រញាល់ទៅផ្លាស់ឈុតទៅណា ន្អាលនឹងបានចុះមកហូបបាយ!»
«បាទម៉ែដោះ!» ម៉ែដោះ ដេហា សើចស្ញេញសម្លឹងមើលអ្នកដែលរត់ទ្រុយគ្រវីដៃជើងប្រៀនដូចកូនក្មេងអាយុ ៧ ឆ្នាំ ដែលគាត់ធ្លាប់បានមើលថែកាលពីនៅតូចរត់ឡើងទៅជាន់ខាងលើបន្ទប់ មើលទៅ ថេយ៉ុង នៅក្មេងខ្ចីមិនកែប្រែទម្លាប់ទាល់តែសោះ។
ក្រាក!!
«អូនមកវិញហើយអ្ហេស?» ជុងហ្គុក បង្ហាញស្នាមញញិមឡើងមុននឹងក្រោកដើរចូលទៅចាប់ទាញភរិយាមកឱបយ៉ាងណែន។
«ម៉ែដោះប្រាប់ឱ្យមកផ្លាស់សម្លៀកបំពាក់ប្រញាប់ហូបបាយ!» ថេយ៉ុង ប្រកែកទទូចដាក់ស្វាមីម្តងហើយម្តងទៀត ជុងហ្គុក ដែលកំពុងតែឱបគេនោះក៏ប្រញាប់លួចឆ្មក់ហិតស្រង់ក្លិនដ៏ក្រអូបពិដោរដែល ថេយ៉ុង បានប្រើប្រាស់ប្រេងក្រអូបដែលនាយបានទិញជូនប្រពន្ធក្លិនខ្លួនរាងតូចពិតជាក្រអូបទន់ភ្លន់ស្រទន់តក់ជាប់ក្នុងចិន្តារបស់គេណាស់។
«បងនឹកណាស់..»
«នឹកអីព្រឹកមិញទើបតែបានចួបគ្នាសោះ?»
«បាត់តែមួយនាទីក៏បងនឹកដល់អូនដែរ!»
«លែង..ខ្ញុំឃ្លាន ខ្ញុំចង់ហូបបាយ!» ថេយ៉ុង រើបម្រះរហូតដល់បានសម្រេចនិងបានគេចទៅរកបើកទូរសម្លៀកទាំងលួចលាក់ស្នាមញញិមនិងថ្ពាល់ដ៏ក្រហមរបស់ខ្លួន។ មិនមែនគេចង់គេចវេះព្រោះតែភាពធុញទ្រាន់នោះទេ ផ្ទុយទៅវិញគេបែរជាលួចអឹមអៀន រាល់ពេលសម្លឹងមើលមុខនាយនិងស្តាប់ឮសូរសម្តីដែលស្វាមីបាននិយាយដាក់ខ្លួនដ៏ពីរោះរណ្តំចិត្តតែប៉ុណ្ណោះ។
YOU ARE READING
💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓
Romanceគ្រប់យ៉ាងឈរនៅចំប្រយោគថា ស្រលាញ់!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM