ខេត្ត Gyeonggi
យប់ម៉ោង ៩:៣១ នាទី..
យប់ស្ងាត់មេឃងងឹតសំឡេងជជែកវែកញែកក៏បាត់សូរឈឹងទៅមួយកម្រិតដោយជំនួសមកវិញស្តាប់ឮសូរតែសំឡេងសម្រិបប្រអប់ជើងក្រុមយោធាកូរ៉េខាងត្បូងដែលដើរយាមកាមទៅមកនៅទីនេះ។ មនុស្សម្នាទាំងអស់នៅក្នុងរូងភ្នំអ្នកខ្លះក៏កំពុងតែសម្រាក ប៉ុន្តែអ្នកខ្លះទៀតក៏អង្គុយសំកុកព្រោះតែភាពភ័យខ្លាចនៅមិនទាន់រសាត់ឆ្ងាយពីខួរក្បាលនៅឡើយ។
«ចេយ៉ុង ម្តេចក៏មិនទាន់ចូលគេងទៀត?» ជេហ៊ុន ត្រលប់មកពីខាងក្រៅវិញរួចបានដើរចូលទៅសួរនាំអាល្អិតដែលអង្គុយច្របាច់ដៃជើងធ្វើសរសៃឱ្យ ថេយ៉ុង ទាំងទឹកមុខមានភាពស្រពាប់ស្រពោនក្រៀមក្រំព្រមទាំងសំណើមទឹកភ្នែករលីងរលោងតក់ដានជាប់ពេញលើថ្ពាល់មិនទាន់រលុបជ្រះ។
«ប៉ាតូចថាពិបាកក្នុងខ្លួនណាស់ ចេយ៉ុង ខ្លាចថាប៉ាតូចអាចនឹងឈឺ!» និយាយចប់ប្រយោគភ្លាមដំណក់ទឹកភ្នែកថ្លាយ៉ង់ក៏រមៀលហូរស្រក់ច្រោកៗអាចធ្វើឱ្យនាយសម្លឹងមើលឃើញតាមរយៈពន្លឺភ្លើងចង្កៀងដែលអុជបំភ្លឺពន្លឺឡើងនៅក្នុងរូងភ្នំទាំងមូលបាន។
ជេហ៊ុន ស្ងាត់មាត់បន្តិច រួចបែរទៅចាប់រ៉ូតកាបូបបង្វិចធំរបស់ខ្លួន ដកចេញមកបានភួយដែលយោធាបានផ្តល់ឱ្យសម្រាប់ប្រើប្រាស់យកទៅដណ្តប់លើខ្លួនប្រាណ ថេយ៉ុង អាចជួយឱ្យគេធូរស្បើយពីអាកាសធាតុរងារនៅពេលយប់បាន ព្រោះថ្មនៅក្នុងរូងភ្នំនេះអាចនឹងទទួលបានកម្រិតត្រជាក់ពីសន្សើមរាត្រីដូច្នេះពួកគេអាចនឹងទទួលរង់ការប៉ះពាល់ដល់សុខភាពបាន។
«មកណេះមក!» ជេហ៊ុន បោយដៃបក់ដង្ហោយហៅអាល្អិតតូចឱ្យដើរចូលមករកខ្លួន ចេយ៉ុងឡើងអង្គុយច្រកគៀវលើភ្លៅមាំមួនទាំងគូរួចដាក់ក្បាលផ្តេកលើដើមទ្រូងដ៏ហាប់ណែន ហាក់បីដូចជាកំពុងតែទទួលបានកម្តៅដ៏កក់ក្តៅមួយពីឪពុករបស់គេយ៉ាងអ៊ីចឹងបាតដៃក្រាស់ក៏ស្រវ៉ាឱបក្រសោបលើកាយតូចច្រម៉ក់ រួចចាប់ទាញត្រដាងអាវយោធាធំក្រាស់ល្មមមកគ្របដណ្តប់លើខ្លួនប្រាណរងារញ័រញ៉ាក់តតាត់នោះសន្សឹមប្រើប្រអប់ដៃអង្អែលថ្នមៗលើខ្នងក្មេងតូចលួងលោមឱ្យគេឆាប់លុងលក់ដកដង្ហើមក្បែរខ្លួនបន្លឺសូរខ្សាវៗ។
«ហ៊ឹកៗៗ!!!» សុខៗសំឡេងយំខ្សឹកខ្សួរអណ្តឺតអណ្តក់បានបន្លឺឡើងដែលញ៉ាំងឱ្យចិត្តថ្លើមប្រុសកំលោះហាក់ដូចជាទទួលបាននូវអារម្មណ៍ចម្លែកជាថ្មីម្តងទៀត។
«ចេយ៉ុង..»
«ចេយ៉ុង ខ្លាចប៉ាធំមិននៅ ហ៊ឹកៗ ចេយ៉ុង ខ្លាចប៉ាតូចនិងលោកយាយពិបាកណាស់!» ចេយ៉ុង ននៀលផ្ទៃមុខត្រដុសលើដើមទ្រូងហាប់ណែនទាំងយំអណ្តឺតអណ្តក់ដង្ហក់គួរឱ្យអាណិត ជីវិតរបស់គេចួបតែរឿងព្រាត់ប្រាស់បែបនេះតើពេលណាវាបញ្ចប់ទៅ? គេនៅតូចណាស់គេត្រូវរស់នៅទាំងឃ្លានអាហារ ហើយត្រូវរត់គេចខ្លួនប្រៀបដូចជាអ្នកទោសដែលគេមិនបានធ្វើខុសអ្វីទៀត ជីវិតមួយនេះពិតជានឿយហត់ណាស់ជីវិតដែលមានតែការលំបាកលំបិននិងការភិតភ័យខ្លាចមកគ្រប់យ៉ាង។
«ហ៊ឺៗៗ..ចេយ៉ុង ពិបាកណាស់!» ជេហ៊ុន ឱបក្រសោបគេយ៉ាងណែនបន្តទះដៃថ្នមៗលើខ្នងតូចរលោងស្រិលនោះបន្ថែម។
«ចេយ៉ុង ត្រូវតែរឹងមាំផុតមួយលើកនេះទៀត ចេយ៉ុង លែងលំបាកហើយ!» ចេយ៉ុង ងើយមុខឡើងសម្លឹងមើលមុខ ជេហ៊ុន បន្តិច មុននឹងចាប់ដករូបថតមួយសន្លឹកហូតចេញពីហោប៉ាវអាវខ្លួនមកសម្លឹងមើលរួចពោលពាក្យដោយសំឡេងយំអណ្តឺតអណ្តក់។
«ចេយ៉ុង នឹកលោកយាយលោកតាខាងប៉ាធំណាស់ ចេយ៉ុង ក៏នឹកលោកតាប៉ាខាងតូចដែរ ហ៊ឹកៗ ពេលនេះមិនដឹងថាពួកគាត់យ៉ាងម៉េចទៅហើយទេ ចេយ៉ុង ពិបាកចិត្តណាស់!» គេនិយាយរៀបរាប់ដំណាលនឹងដំណក់ទឹកភ្នែកកាន់តែរមៀលស្រក់ហូរជោកជាំមិនលុះពេលដដែលគេយំខ្លាំងណាស់នៅថ្ងៃនេះ គេយំរហូតដល់ហើមភ្នែកធ្វើឱ្យ ជេហ៊ុន សន្មតដឹងពីការឈឺចាប់ដែលមាននៅក្នុងចិត្តរបស់គេទាំងប៉ុន្មានតាមដោយក្តីអាណិតអាសូរ។
«លោកយាយខាងប៉ាធំកម្របានមកលេង ចេយ៉ុង ណាស់ ព្រោះលោកយាយរវល់យូរៗម្តងទើបលោកយាយអាចបានមករក ចេយ៉ុង ហ៊ឹកៗ..ចេយ៉ុង ពិតជានឹកនាដល់លោកយាយណាស់!» ឃើញគេសំដែងភាពឈឺចាប់ដល់ថ្នាក់នេះនាយពិបាកមើលនឹងក្រសែភ្នែកណាស់ទើបបានជាព្យាយាមនិយាយលួងលោមគេម្តងទៅជាពីរដងមិនចេះចប់មិនចេះហើយរហូតទាល់តែទុកពេលឱ្យគេយំអស់ចិត្តក៏គេងលុងលក់ទាំងទឹកភ្នែកនៅសើមពេញថ្ពាល់រលាក់។
«ហ្អឹម!» សំឡេងដកដង្ហើមធំៗដែលនាយបានបន្ធូរវាចេញមកខាងក្រៅបានបង្ហាញពីសេចក្តីអាណិតអាសូរដល់ក្មេងប្រុសតូច។ ចេយ៉ុង គេងលក់ដោយដៃរបស់គេខ្ញាំលើទ្រូង ជេហ៊ុន មិនរបេះនៅពេលដែលនាយឱនឈ្ងោកសម្លឹងមើលទើបឃើញថាមានរូបថតដែលក្មេងប្រុសតូចបានហូតចេញមកមើលអម្បាញ់មិញធ្លាក់ជ្រុះកៀកក្បែរខ្លួននាយ។ ជេហ៊ុន ឈោងដៃចាប់រើសរូបថតនោះមកកាន់ជាប់នឹងដៃ ខណៈដែលវាបានជ្រុះផ្កាប់មុខចុះ ទើបគេមិនអាចមើលឃើញច្បាស់ពីសមាជិកដែលមាននៅក្នុងរូបថតមួយសន្លឹកនេះ នាយដកដង្ហើមធំៗបន្តិច រួចក៏ផ្ងាររូបថតឡើងអ្វីដែលគេបានឃើញធ្វើឱ្យគេស្លុតចិត្តមួយទំហឹងរហូតដល់គាំងទ្រឹងគំនិតមួយរំពេច។ រូបថតដែលតំណាងឱ្យពិធីមង្គលការត្រូវបានលេចឡើងនៅចំពោះកែវភ្នែកខ្មៅនិលរបស់នាយទាំងគូ នោះគឺរូបថតលោកស្រី សូ យ៉ុងសាន និង លោក ចន ជេអ៊ុន ត្រូវជាម្តាយឪពុករបស់គេឈរឈមគ្នានៅខាងស្តាំដៃ ជុងហ្គុក ខណៈវត្តមានលោកស្រី ចាង ថេរីណា និង លោក គីម ដេស៊ុក ត្រូវជាឪពុកម្តាយ ថេយ៉ុង ឈរនៅខាងឆ្វេងដៃ ព្រមទាំងមានវត្តមានមនុស្សស្រីម្នាក់ទៀតដែលគេស្គាល់ថាជា ថេរីន ឯណោះទៀត។ រូបថតមួយសន្លឹកនេះធ្វើឱ្យកម្សួលក្នុងខ្លួនគេក្តៅឡើងមួយទំហឹង មិនយូរប៉ុន្មានទឹកភ្នែកក្តៅឧណ្ហៗរបស់គេប្រែជាហូរស្រក់ចុះមកកាត់ក្តីឈឺចាប់លាយឡំនឹងអារម្មណ៍រំភើបដែលផុសឡើងចាកចេញពីក្នុងជម្រៅចិត្តមកតែម្តង។ ពេលវេលាដែលគេបានទន្ទឹងរង់ចាំមនុស្សដែលគេប្រាថ្នាចួប រឿងរ៉ាវដែលមិនអាចស្មានដល់ធ្វើឱ្យគេយំយ៉ាងខ្លាំងមិនអាចព្រៀងទុក។
«ម៉ាក់ប៉ា..ជុង..ជុងហ្គុក?..ហ៊ឹកៗ..» ជេហ៊ុន ទ្រហោយំក្នុងចិត្តតែមិនអាចបន្លឺសំឡេងហូរច្រាលពីដែនអារម្មណ៍ក្តុកក្តួលទាំងអស់នោះបានទេ។ បេះដូងរបស់គេលោតញាប់ខ្លាំងរកថាមិនត្រូវ គេត្រូវសំដែងអារម្មណ៍សប្បាយចិត្តបែបនេះពីត្រង់ណាទៅមុន? គេត្រូវនិយាយបែបណាទើបស័ក្តិសម? វិលចួបគ្នាពេលប្រទេសជាតិមានសង្គ្រាមយល់ថាវាជារឿងអាក្រក់ពេកទៅហើយទេអ្ហេស? គ្រាន់តែគិតចប់គេយំមួយប្រាវ គ្រាន់តែគិតជារឿយៗសោះបេះដូងរបស់គេក៏ឈឺចាប់ស្ទើរតែប្រេះរហែកដាច់ពីគ្នាពីបីចម្រៀកទៅហើយ។ ចុងសំបុត្រមួយសន្លឹកស្រាប់តែធ្លាក់ជ្រុះខ្ពោកពីហោប៉ាវអាវយោធារបស់នាយដែលមិនដឹងថាវាទៅនៅក្នុងនោះចាប់តាំងពីពេលណាមក។
ជេហ៊ុន ចាប់សំបុត្រមកបើកមើល ពាក្យពេចន៍ប៉ុន្មានបន្ទាត់ដែលកត់ចំណាំលើក្រដាសពណ៌ពងមាន់ស្រាលនោះធ្វើឱ្យគេទទួលបាននូវអារម្មណ៍អួលអាក់ក្នុងដើមទ្រូងរហូតដល់មានដុំអ្វីមកជាប់ទើរក្នុងបំពង់ក ទឹកភ្នែកក៏ប្រដេញហូរឥតដាច់សស្រាក់សស្រាំ។
(បងប្រហែលជាមិនទាន់បានដឹងទេអំពីទំនាក់ទំនងរវាងពួកយើងទាំងពីរនាក់នោះទេ ជេហ៊ុន ប៉ាម៉ាក់មិនដែលគិតចង់បោះបង់បងម្តងណាឡើយ គាត់នៅតែងតែតាមស្វែងរកបងទាំងដែលបានដឹងហើយគ្មានដំណឹងអ្វីវិលត្រលប់មករកពួកគាត់វិញ ប៉ុន្តែពួកគាត់ក៏នៅតែសង្ឃឹមថាបានចួបបងនៅវិនាទីចុងក្រោយនៃជីវិតរបស់ពួកគាត់។ ខ្ញុំមិនដឹងថាពេលដែលបងបានអានសំបុត្រនេះរួចបងនឹងមានអារម្មណ៍បែបណាទេ ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានចួបបង នឹងធ្វើរឿងដែលពួកយើងត្រូវធ្វើរួមគ្នានាពេលកន្លងមក។ ខ្ញុំសង្ឃឹមថាបងបានដឹងអំពីរឿងរ៉ាវទាំងអស់ហើយបងនឹងបានអភ័យទោសចំពោះរឿងគ្រប់យ៉ាងដែលបានកើតឡើង ទាំងនោះមិនមែនជាគោលបំណងរបស់ប៉ាម៉ាក់នោះទេ ពួកគាត់ស្រលាញ់បងណាស់ ពួកគាត់ទន្ទឹងរង់ចាំបងវិលត្រលប់មកវិញ ពួកគាត់ត្រូវការបងណាស់! ហើយខ្ញុំ..ខ្ញុំចង់ប្រាប់ថា ខ្ញុំស្រលាញ់បងណាស់ បងប្រុស!)
ទឹកភ្នែកដែលមិនបានត្រៀមក៏បែរជាហូរស្រក់ផ្ទួនៗចុះមកម្តងទៀត គេមិនបានដឹងរឿងអ្វីដែលបានកើតឡើង ពេលដែលបានសំបុត្រមួយច្បាប់នេះចប់អ្វីដែលគេនឹកឃើញមុនគេនោះគឺពាក្យសម្តីដែល ជុងហ្គុក បាននិយាយលើកចុងក្រោយជាមួយខ្លួន។
(បងគួរតែទៅទីនោះ)
(ពួកគេត្រូវការបង)
(បងឆាប់ទៅ!)
នាយគ្រវីក្បាលញ័រញាប់រន្ថើនស្ទើរតែមិនអាចនឹកស្មានថារឿងបែបនេះកើតឡើងមកបានដោយរបៀបណា គេគិតថាវាប្រៀបដូចជាការយល់សប្តិមួយយ៉ាងអ៊ីចឹង គេមិនអាចទាយដឹងថាជីវិតរបស់គេអាចនឹងរសាត់អណ្តែតមកចួបបញ្ហាបែបនេះសោះ។ បងប្អូនសាច់ញាតិម្តាយឪពុករបស់គេតែងតែទន្ទឹងរង់ចាំវត្តមានរបស់គេជានិច្ច មិនថាទោះលទ្ធផលនោះអាចឆ្លើយតបនឹងការរង់ចាំរបស់ពួកគេបែបណាក្តីក៏នៅតែស្ម័គ្រចិត្តរង់ចាំឥតប្រកែកតវ៉ា។ ពេលខ្លះគេក៏អាចមានអារម្មណ៍ចម្លែកដែលមិនអាចសូម្បីតែធ្វើចិត្តខឹងចំពោះ ជុងហ្គុក ឱ្យបានយូរសូម្បីតែម្តង។ គេមិនអាចមានអារម្មណ៍គុំគួនជាមួយនាយ គេមិនអាចនឹកគិតចង់បង្កើតសត្រូវជាមួយ ជុងហ្គុក បានដោយរបៀបណាទេដឹងត្រឹមថាគេទទួលបានអារម្មណ៍កក់ក្តៅចម្លែក នៅពេលបាននៅក្បែរ ជុងហ្គុក ដ្បិតមិនអាចដឹងថាឈាមជ័ររបស់ពួកគេដូចគ្នាបែបណាខ្លះក៏ដោយ។ ក្រោយអានសំបុត្រ ជុងហ្គុក ដែលសរសេរចប់គេយំដូចទឹកបាក់ទំនប់ បន្ទាប់មកក៏មានសំបុត្រមួយច្បាប់ទៀតស្រោបដោយស្រោមពណ៌ត្នោតចាស់លយចេញពីហោប៉ាវគេមកបន្ថែម។ សំបុត្រដែលឪពុកម្តាយពួកគេបានផ្ញើមកកាលពីលើកមុនហើយ ជុងហ្គុក ក៏បានអានវាមុន ជេហ៊ុន រួចទៅហើយគ្រាន់តែគេគ្មានពេលវេលាបានបកស្រាយប្រាប់ដោយសារតែកំឡុងពេលគេស្រាវជ្រាវដឹង។ ពេលវេលាទាំងប៉ុន្មានក៏មិនបានហុចផលមកមិនល្អទាល់តែសោះដូច្នេះទើបគេដកឃ្លាពេលវេលារៀងវែងបន្តិច ទម្រាំអាចរកបានឱកាសល្អគេនឹងអាចបកស្រាយតាមក្រោយ ដ្បិតមិនបាននិយាយដោយផ្ទាល់មាត់ តែក៏សុំឱ្យនាយបានដឹងការពិត ជុងហ្គុក ក៏បានអស់ចិត្ត។
«កន្សែង!» ជេហ៊ុន ផើតពោះដកដង្ហើមខ្សុលរួចងើយសម្លឹងមើលវត្តមានម្ចាស់កន្សែងដែលបានហុចចូលមកឱ្យខ្លួននោះគឺ សូយ៉ុន។
«អរគុណ!» នាយសើចញឹមៗហេតុអ្វីក៏មកអង្គុយយំឱ្យមនុស្សស្រីមើលឃើញបែបនេះវាពិតជាគួរឱ្យអាម៉ាស់ខ្លាំងណាស់។ នាយលូកដៃចាប់យកកន្សែងមកជូតសំណើមទឹកភ្នែកចេញឱ្យបានជ្រះស្អាតផ្លាស់ប្តូរឥរិយាបទភ្លាមៗខណៈ សូយ៉ុន ក៏ដាក់ខ្លួនអង្គុយចុះក្បែរនាយ។
«ក្មេងនេះជាកូនប្រុសរបស់លោកមែនទេ? មើលទៅគេដើរតាមលោកជាប់លាប់ណាស់?» នាងផ្តោតសំណួរសួររួចក្រឡេកទៅសម្លឹងមើលផ្ទៃមុខរបស់ ចេយ៉ុង ដែលមានភិនភាគប្រហាក់ប្រហែលទៅនឹង ជេហ៊ុន ខ្លះៗដែរ។
«អត់ទេ ! គេជាក្មួយប្រុសរបស់ខ្ញុំ!» ជេហ៊ុន តបព្រមទាំងឈ្ងោកថើបថ្ងាស ចេយ៉ុង មួយដង្ហើមវែង លើកដៃត្រដុសអង្អែលក្បាលគេថ្នមៗ មកពីពួកគេមានឈាមដូចគ្នាទើប ចេយ៉ុង ចេះតែដើរតាមនាយមិនឈប់ដោយសារតែឪពុករបស់គេជាមួយ ជេហ៊ុន គឺជាសាច់ឈាមបង្កើត។
«លោកសំណាងដែលនៅមានសាច់ញាតិ ចំណែកខ្ញុំត្រូវព្យាយាមរស់នៅម្នាក់ឯងរហូតទាល់តែអស់ពីលទ្ធភាព!» ឮនាងនិយាយស្តីបែបនេះ គេយល់អារម្មណ៍បែបនេះច្បាស់ណាស់ អារម្មណ៍ដែលឯកោ មានសម្ពាធច្រើននៅក្នុងជីវិត តែក៏សរសើរដែលនាងជាមនុស្សស្រីមានចិត្តក្លាហានតស៊ូជម្នះចង់នៅមានជីវិតរស់បន្ត។
«ខ្ញុំក៏ធ្លាប់ឆ្លងកាត់ជីវិតដូចជានាងដែរ សូយ៉ុន ភាពឯកោពិតជាងងឹតងងុលណាស់ គ្មាននរណាម្នាក់ចង់បានជីវិតដូចនេះទេ ជួនកាលពេលវេលាអាចនាំយើងឆ្លងកាត់រឿងជាច្រើនហើយក៏មានរឿងជាច្រើនទៀតណាស់ដែលមិនអាចនឹកស្មានដល់នោះ!»
«ពិតមែនហើយ..គ្រប់គ្នាគ្មាននរណាម្នាក់ ចង់ឆ្លងកាត់រឿងលំបាកទេ មានតែភាពអត់ធ្មត់នឹងតស៊ូបន្តតែប៉ុណ្ណោះដែលអាចជួយដល់ពួកយើងបាន!» នាងខំប្រឹងញញឹមទាំងទឹកភ្នែកហូរដាប នាងកម្សត់ណាស់ អាចនឹងពិបាកជាងគេជាមនុស្សប្រុសទៅទៀត តែនាងមានគំនិតតស៊ូវែងឆ្ងាយទៀតណាស់ ឱ្យតែមានការប្តេជ្ញាចិត្តនិងសេចក្តីអត់ធ្មត់តទៅថ្ងៃមុខពួកគេនឹងមិនស្លាប់នោះទេ។
YOU ARE READING
💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓
Romanceគ្រប់យ៉ាងឈរនៅចំប្រយោគថា ស្រលាញ់!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM