ថ្ងៃនេះ ជេហ៊ុន ធ្វើការម៉ឺងម៉ាត់យកចិត្តទុកដាក់ជាមួយកងទ័ពទាហានកូរ៉េខាងត្បូងដ៏គួរឱ្យស្ញប់ស្ញែង។ កាន់តែស្តែងឱ្យយើងអាចសង្កេតឃើញពីសមត្ថភាពដ៏ខ្លាំងពូកែរបស់នាយ។ សម្រឹបសន្ធឹកជើងកងទ័ពរត់ថ្មើរជើងលើដីហ៊ុយទ្រលោមឡើងញ៉ាំងឱ្យសម្រែករបស់លោកអនុសនីយ៍ឯក ស៊ុង ជេហ៊ុន កាន់តែស្រែកបន្តឿនពួកគេឱ្យរូតរះក្នុងការហ្វឹកហ្វឺនពីគោលដៅមួយទៅមួយទៀត។ បន្ទាប់ពីបានរត់កម្តៅសាច់ដុំជើងរួចពួកគេត្រូវរត់និងលូនកាត់ក្រោមបន្លាលួសដែលមានកម្ពស់ទាបហើយបានសម្រូតខ្លួនលោតចុះពីចំណោតទីខ្ពស់តាមរយៈខ្សែពួរនិងរៀនបាញ់កាំភ្លើងទៅតាមគោលដៅនីមួយៗដែលបានរៀបចំទុករួចជាស្រេចបាច់។
ព្រូស!!!
«អ្ហះ!» ថេយ៉ុង ទន់អស់កម្លាំងក្បាលជង្គង់ស្ទើរតែក្រោកដើរមិនចង់រួចខណៈ ជេហ៊ុន ក៏បានស្ទុះស្ទាចូលមកចាប់ញ៉ឹងដៃរបស់គេឱ្យក្រោកឈរឡើង។
«អត់ធ្មត់បន្តិចទៅ!» ថេយ៉ុង ដកដង្ហើមញាប់ស្អេកទឹកមុខរបស់គេខ្មៅអែលបបូរមាត់ស្ងួតក្រៀមផ្អេះដំណក់ញើសស្រក់ហូរតក់ៗហូររហាមជ្រាបជ្រាំពពិចពេញថ្ងាស។
«បាទ!» ថេយ៉ុង ងក់ក្បាលព្យាយាមដើរទាំងដៃជើងគ្មានកម្លាំង។
«ថេយ៍ កាន់តែយ៉ាប់ឡើងហើយ!» ណាមជុន ស្រដីព្រមទាំងគ្រវីក្បាលរីឯជុងហ្គុក សម្លឹងមើលសភាពវេទនារបស់ភរិយាទាំងអារម្មណ៍នៅលែងស្ងប់គេចង់ជួយថេយ៉ុង និងរ៉ាប់រង់ចំពោះបញ្ហាទាំងអស់នៅពេលនេះខ្លាំងណាស់ តែនាយមិនអាចធ្វើបាន មិនអាចសូម្បីតែឱ្យ ជេហ៊ុន ដឹងពីទំនាក់ទំនងរវាងពួកគេឡើយ។
«ចេយ៉ុង មកណេះ..» ជុងហ្គុក ថាចប់ចាប់ដឹកដៃកូនប្រុសដើរទៅឈរក្រោយឃ្លាំងមួយកន្លែង។
«បាទប៉ា!»
«កូនស្តាប់ប៉ាណា!» ចេយ៉ុង ងក់ក្បាលទាំងទឹកភ្នែកហូរស្រក់ចុះតក់ៗរហាមព្រោះអាណិតដល់ ថេយ៉ុង ពេលដែលបានឃើញសភាពរបស់នាយរួចមកហើយ។
«កូនកុំហៅ ថេយ៉ុង ថាប៉ាតូចអី ដើម្បីកុំឱ្យ ថេយ៉ុង មានគ្រោះថ្នាក់កូនត្រូវហៅថាបងប្រុសឮទេ?»
«ហេតុអីទៅប៉ា?» ចេយ៉ុង សំដែងទឹកមុខស្ងួតហែង។
«ព្រោះមេបញ្ជាការម្នាក់នោះជាសត្រូវរបស់ប៉ាហើយគេក៏ជាទាហានរបស់កូរ៉េខាងជើងគេអាចនឹងបង្កគ្រោះថ្នាក់ដល់ពួកយើងបានគ្រប់ពេល!»
«ចេយ៉ុង យល់ហើយ!»
«ឆ្លាតកូន!» ជុងហ្គុក លើកដៃជូតដំណក់ទឹកភ្នែកឱ្យ ចេយ៉ុង ចេញថ្នមៗព្រមទាំងចាប់ទាញអាល្អិតមកផ្អឹបបបូរមាត់លើថ្ពាល់ម៉ដ្ឋរលោងមួយដង្ហើមយ៉ាងវែង។
«ចេយ៉ុង ស្រលាញ់ប៉ាធំ ចេយ៉ុង នឹកប៉ាប៉ា!»
«ប៉ាក៏ស្រលាញ់កូនដែរ ប៉ានឹកកូនជានិច្ចណា!»
«ចេយ៉ុង ចង់ចួបប៉ាតូចហើយ ចេយ៉ុង ត្រលប់ទៅវិញហើយ ចេយ៉ុង ចាំប៉ាសម្រាកពីការងារនឹងទៅលេងកូននៅឯផ្ទះណា!»
«បាទប៉ាសន្យាជាមួយកូន!» ថ្ពក់ដៃសន្យាគ្នារួច ជុងហ្គុក ក៏នាំកូនប្រុសចាកចេញដើរសំដៅមករកកង់ទីន ដល់ម៉ោងសម្រាកបាយថ្ងៃត្រង់ កងទ័ពយោធាទាំងអស់បាននាំគ្នាសម្រាកហូបអាហារយកកម្លាំងបន្ថែម។
«នៅត្រង់នេះហើយប៉ាទៅហៅអាហារមកឱ្យញ៉ាំ!» ចេយ៉ុង ងក់ក្បាលស្តាប់បង្គាប់ ជុងហ្គុក បានដើរចេញទៅបាត់ ចំណែកឯអាល្អិតក៏ខំព្យាយាមតាមស្វែងរកមើល ថេយ៉ុង ពេលកងទ័ពទាំងអស់បានបំបែកជួរគ្នាដើរចេញមក។
«ពូឃើញប៉ាខ្ញុំអត់?» ចេយ៉ុង ស្ទុះទៅចាប់កដៃទាហានម្នាក់ដែលដើរចូលមកជាមួយនឹងទឹកមុខកាចណាស់។
«ក្មេងមកពីណា? អាល្អិតឯងម្តេចក៏មកកាន់ទីនេះបាន?»
«មកពីណាមិនសំខាន់ សំខាន់ចង់ចួបម៉ែឪខ្ញុំ!»
«នរណាអនុញ្ញាតឱ្យក្មេងចូលមករញ៉េរញ៉ៃនៅទីនេះ? ឆាប់ចេញភ្លាម!» ទាហាននោះស្រែកសម្លុតដាក់ចេយ៉ុង ខ្លាំងៗរហូតដល់ចេយ៉ុង ខឹងនិងបានច្រឡោតនិយាយឮៗដាក់នាយវិញ។
«ក្រៅពីម៉ែឪខ្ញុំ ខ្ញុំមិនស្តាប់សម្តីនរណាម្នាក់ទេ កុំព្យាយាមស្រែកសម្លុតខ្ញុំ ព្រោះខ្ញុំមិនខ្លាចសំឡេងស្រែកដូចសំឡេងចង្រិតយំរបស់លោកទេ!»
«យករំពាត់មកនេះយើងវាយអាក្មេងនេះម្តង!»
ឌឹប!!!!
«អូយ!!!»
«ហាហា ដាល់ឱ្យបែកពងមើល៍!»
«អាក្មេងចង្រៃ!!!»
«ប៉ាធំជួយកូន ប៉ាធំជួយ!!!» ចេយ៉ុង រត់កាត់កង់ទីនលឿនដូចជាកូនឈ្លុសដែលបានព្យាយាមរត់គេចចាកចេញពីការតាមប្រមាញ់បំបោលលឿនដេញតាមចាប់ពិរុទ្ធមិនទាន់។
ប៊ឹប!! ព្រូស!!
«អូយយ៎!!!» ចេយ៉ុង ដួលអុកគូទលើដី រត់សុខៗស្រាប់តែបុកត្រូវនឹងរាងកាយមាំមួនរបស់នរណាម្នាក់ធ្វើឱ្យគេទប់ស្មារតីលែងនឹងនរ។
«យ៉ាងម៉េចហើយអាល្អិត?» ជេហ៊ុន ស្រដីរួចបន្ទន់ជង្គង់ចុះចាប់លើកក្រសោបពរ ចេយ៉ុង ឡើងមិនទាន់បានប៉ុន្មាន ជុងហ្គុក ក៏ស្ទុះមកចាប់ដើមកញ្ឆក់ ចេយ៉ុង ចេញពីដៃរបស់ ជេហ៊ុន មកពរយ៉ាងណែនក្នុងរង្វង់ដៃ។
«កុំប៉ះពាល់កូនប្រុសរបស់យើង!» ក្រសែភ្នែកហួងហែងនិងឫកពាដែលសំដែងឡើងដោយការមិនពេញចិត្តពី ជុងហ្គុក ធ្វើឱ្យ ជេហ៊ុន លុបជ្រះនូវមន្ទិលសង្ស័យក្នុងចិត្តអស់ទៅហើយ តាមពិតក្មេងនេះជាកូនប្រុសរបស់ ជុងហ្គុក ពិតមែន។
«ក្មេងរត់បុកយើង យើងគ្រាន់តែជួយលើក!» ជេហ៊ុន សម្រួលអារម្មណ៍ខំប្រឹងនិយាយទាំងចិត្តក្តៅប្រៀបដូចជាភ្លើងឆេះ។
«ចេយ៉ុង ប៉ាប្រាប់ឱ្យនៅស្ងៀមម្តេចក៏រត់ឆ្វេចឆ្វាច?» នេះជាលើកទីមួយហើយដែល ជុងហ្គុក ស្តីបន្ទោសចំពោះកូន ចំណែកឯ ចេយ៉ុង បានត្រឹមតែរលីងរលោងពេបមាត់តិចៗ។
«ពូនោះដេញចាប់កូន គាត់ចង់វាយកូន បានកូនរត់!»
«នរណា? ចេះមកលលេងជាមួយក្មេងមិនដឹងអីទៅកើត!» ជុងហ្គុក សំដែងការមិនពេញចិត្ត រួចចាប់ពរកូនដើរចេញ ដោយមិនខ្ចីនិយាយពាក្យអរគុណចំពោះ ជេហ៊ុន សូម្បីតែមួយម៉ាត់ទាំងដែលបានដឹងហើយថានាយជាអ្នកជួយលើក ចេយ៉ុង ឡើង។
YOU ARE READING
💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓
Storie d'amoreគ្រប់យ៉ាងឈរនៅចំប្រយោគថា ស្រលាញ់!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM