ភាគទី៣២៖អូនចេះធ្វើថ្នាំដែរ?

873 84 3
                                    

     ក្រោយពីទទួលបានសេចក្តីរាយការណ៍អំពីមរណៈភាពរបស់មេបញ្ជាការជប៉ុនពីររូបរួចមកហើយបានធ្វើឱ្យលោកសេនាប្រមុខ សានស៊ូគិ មានសេចក្តីខឹងគ្រោតគ្រាតព្រោះតែការមើលស្រាលដល់សត្រូវទើបបណ្តាលឱ្យមានការថ្លោះធ្លោយរបូតជីវិតអ្នកខ្លាំងពូកែរបស់ខ្លួនរហូតដល់ទៅពីរនាក់ព្រមទាំងយោធាដទៃទៀតដែលស្ទើរតែមិនអាចនឹកស្មានដល់ថាការគ្រប់គ្រងកងទ័ពរបស់យោធាកូរ៉េខាងត្បូងមានឥទ្ធិពលសាយភាយយ៉ាងខ្លាំងក្លាពិតមិនធម្មតាដែលបានធ្វើឱ្យពួកគេហាក់បីមានអារម្មណ៍ចាប់ពិបាកទប់ទល់អ្វីដែលពួកគេត្រូវគិតស្វែងយល់បន្ថែមគឺការរៀបចំគោលដៅថ្មីដើម្បីបំផ្លិចបំផ្លាញចំណុចខ្លាំងរបស់កូរ៉េខាងត្បូងនោះគឺត្រូវតាមបរបាញ់ប្រមាញ់ជីវិតលោកមេបញ្ជាការពីររូបដែលបានប្រើប្រាស់យុទ្ធសាស្ត្រជំនាញយ៉ាងសំខាន់របស់ពួកគេសម្លាប់មកលើមេបញ្ជាការយោធាជប៉ុនផ្តាច់យកជីវិតយ៉ាងងាយផុយស្រួយ។
     «ស្ទើរតែមិនគួរឱ្យជឿ ពួកវាប្រើប្រាស់យុទ្ធសាស្ត្រចម្បាំងខ្លាំងពូកែណាស់ ខ្មាន់របស់ពួកវាមានថ្វីដៃល្អពិតមិនធម្មតាទេ រីឯតំបន់វាយលុកក៏ត្រូវបានរៀបចំយ៉ាងល្អដែលមិនអាចនឹកស្មានដល់ទៀតផង!» លោកសេនាប្រមុខ សានស៊ូគិ ចាប់ផ្តើមគិតស្រពិចស្រពិលទ័លគំនិត មិនដឹងត្រូវគិតរៀបចំក្បួនអាជ្ញាសឹកបែបណា ទើបអាចយកឈ្នះលើការច្បាំងលើកចុងក្រោយបាន នៅឯតំបន់នាយសមុទ្រខាងកើតព្រោះទាំងនេះជាឱកាសចុងក្រោយហើយដែលលោកប្រមុខ សានស៊ូគិ អាចមានរយៈពេលស្តួចស្តើងខ្លីបំផុតសម្រាប់កែខៃបញ្ហាគ្រប់យ៉ាង ប៉ុន្តែប្រសិនបើនៅតែទទួលបានលទ្ធផលបរាជ័យម្តងទៀតមុខតំណែងព្រមទាំងយសសិក្ត័នឹងត្រូវបានដកហូតចេញបន្ទាប់ពីការចូលនិវត្តន៍បានឈានមកដល់នៅចុងឆ្នាំនេះ។
     ◎◎◎
     ពន្លឺភ្លើងចន្លុះដុតបំភ្លឺឡើងនាវេលាទាបភ្លឺ។ ទាហានទាំងអស់ខ្លះសម្រាក ខ្លះនៅយាមកាមមិនភ្លេចទម្លាប់។ មេឃនៅតែបន្តធ្លាក់ភ្លៀងរអឹកដដែល ធ្វើឱ្យក្លិនដីនិងក្លិនស្លឹកឈើក្រៀមៗសាយភាយឡើង ឆួលដល់ចុងច្រមុះកំលោះតូចឱ្យភ្ញាក់ស្ទុះក្រោកទាំងអារម្មណ៍ចង់ចង្អោរ។
     អ៊ួក!! អ៊ួក!!
     «ថេយ៍!» ជុងហ្គុក បែរខ្លួនដើរចេញពីតំបន់យាមកាមម្នីម្នាទៅរក ថេយ៉ុង ពេលដែលឮសូរសំឡេងចង្អោរភ្លាមបេះដូងនាយស្ទើរតែលោតមិនដល់គ្នាទៅហើយ។
     «អូន..អូនយ៉ាងម៉េចទៅហើយ?» ជុងហ្គុក ស្ទុះស្ទាចាប់រឹតខ្នងឱ្យ ថេយ៉ុង ដែលចាញ់កូនទាល់តែបែកញើសផ្សើមជោកថ្ងាសសស្រាក់សស្រាំឃើញប្រពន្ធបែបនេះនាយសែនអាសូរណាស់ ថេយ៉ុង ប្រឹងក្អួតអស់កម្លាំងទន់ដៃជើងល្វិរល្វក់រួចផ្តួលកាយលើដើមទ្រូងហាប់ណែនទាំងកែវភ្នែកព្រិលស្រវាំងរកថាមិនត្រូវ។
     «អូនពិបាកក្នុងខ្លួនណាស់!»
     «បើពិបាកអូនសម្រាកទៅ មិនចាំបាច់ចេញទៅច្បាំងទេ!»
     «អូនអាណិតបង ខំដើម្បីអូនច្រើនមកហើយណា ជុងហ្គុក!»
     «អាណិតបងធ្វើអី? អូនគួរតែអាណិតខ្លួនឯងច្រើនជាងណា ថេយ៉ុង កុំគិតបែបនេះអីបងមិនចង់ឃើញអូនពិបាកទេ!» គេសឹងតែប្រគល់ជីវិតទាំងមូលមួយនេះជូនចំពោះ ថេយ៉ុង គ្រប់យ៉ាង គេមិនដែលគិតអាណិតខ្លួនឯងម្តងណាទេ ឱ្យតែជីវិតភរិយាហើយនិងកូនមានក្តីសុខគេព្រមលះបង់ទាំងសាច់ញើសហើយនិងឈាមដើម្បីតែភរិយាមិនសោកស្តាយ។
     «អូននឹងទ្រាំជម្នះចំពោះរឿងគ្រប់យ៉ាងឱ្យបានអូននឹងតស៊ូរហូតដល់សង្គ្រាមបានបញ្ចប់ទៅ អូនស្រលាញ់បងណា ជុងហ្គុក!» ថេយ៉ុង បានញញិមស្រាលៗលើកដៃក្រសោបលើផ្ទៃមុខស្វាមី ព្រមទាំងបាននិយាយស្តីធ្វើឱ្យ ជុងហ្គុក មានមោទនភាពចំពោះខ្លួនទៀត។
     «ក្រោកមក បងជូនអូនទៅសម្រាក!» ជុងហ្គុក លើកគ្រាហ៍ ថេយ៉ុង ឡើងនាំគេដើរសំដៅទៅរកបន្ទប់សម្រាកក្នុងផ្ទះអ្នកភូមិ។ ថេយ៉ុង ទម្លាក់ខ្លួនអង្គុយលើគ្រែ ស្របពេលក្រឡេកទៅសម្លឹងឃើញរូបភាពគ្រួសារម្ចាស់ផ្ទះនេះពីមុន ធ្វើឱ្យគេនឹកដល់ ចេយ៉ុង ណាស់គ្រាន់តែអារម្មណ៍ចាប់ផ្តើមផុសឡើងភ្លាមទឹកភ្នែករបស់គេបានស្រក់ហូរចុះមកដោយមិនបានព្រៀងទុក។
     «ចេយ៉ុង ពេលនេះមិនដឹងយ៉ាងណាទៅហើយទេបង អូននឹកកូនណាស់ អូនចង់ចួបមុខកូន អូនបារម្ភពីប៉ាម៉ាក់ហើយនិងបងស្រីព្រមទាំងម៉ែដោះម្នាក់ទៀត!»
     «ពេលបញ្ចប់សង្គ្រាមនៅទីនេះបានសម្រេចជោគជ័យ បងសន្យាថានឹងជូនអូនទៅរកកូនយើងព្រមទាំងស្វែងរកសាច់ញាតិរបស់យើងដែលនៅសេសសល់បន្ថែមដែរ ថេយ៍ កុំបារម្ភអី បងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអូន មិនឱ្យអូនខកចិត្តចំពោះបងទេ!»
     «ហ៊ឹកៗ..ប្តីសំឡាញ់!» ថេយ៉ុង ងាកមកចាប់ក្រសោបថើបបបូរមាត់ ជុងហ្គុក ជាបុរសល្អដែលតែងតែយល់ចិត្តខ្លួនច្រើនជាងនរណាៗទាំងអស់ មិនថាឋិតកនៅក្នុងគ្រាលំបាក ស្ថានភាពជីវិតប្រែប្រួលយ៉ាងណាក៏បេះដូងនាយនៅតែបន្តស្ម័គ្រស្មោះស្រលាញ់អស់ពីដួងចិត្ត ថ្នាក់ថ្នមមើលថែភរិយាប្រៀបដូចជាកែវភ្នែក រក្សាចិត្តស្មោះ មានបេះដូងតែមួយប្រគល់ជូនប្រពន្ធអស់ពីសេចក្តីស្នេហា មិនសាវ៉ា គេចកែ ឬបែកបែរ មិនបំភ្លេចដានស្នេហ៍ដែលខំសាងមកជាមួយគ្នានាគ្រាកន្លងនោះទេ។ ពិភពលោកនេះស្រស់ស្អាតណាស់ ប្រសិនបើមាន ថេយ៉ុង។ បេះដូងមួយនេះកក់ក្តៅខ្លាំងណាស់ ប្រសិនបើបានរស់ក្បែរ ថេយ៉ុង។ កែវភ្នែករបស់គេនឹងមានពន្លឺជានិច្ច ប្រសិនបើអាចសម្លឹងមើលឃើញវត្តមាន ថេយ៉ុង។ ស្នេហាបរិសុទ្ធរបស់គេមានន័យណាស់ មានន័យស្ទើរតែគ្មានអ្វីដែលអាចវាល់វែងបាននោះគឺក្តីស្រលាញ់ដែលគេមានចំពោះ ថេយ៉ុង តែម្នាក់គត់ គេមិនដឹងថាត្រូវបរិយាយបែបណាស័ក្តិសម តែកន្លងមកគេបានខំប្រឹងទាល់តែអស់ពីលទ្ធភាពដើម្បីបានរស់ដង្ហើមនៅក្បែរ ថេយ៉ុង មិនថាវេលានោះមានតិចឬច្រើន តែគេពិតមានក្តីសុខរកថាមិនត្រូវឡើយ។ អ្វីដែលគេបានលះបង់ចំណាយទៅក៏ព្រោះតែគេមិនដែលមានគំនិតគិតសោកស្តាយម្តងណាទេ គេច្បាស់ជាចង់លះបង់រហូតដល់អស់ពីលទ្ធភាព ទោះអាចក្លាយខ្លួនទៅជាមនុស្សល្ងង់នៅក្នុងខ្សែភ្នែកអ្នកដទៃ ប៉ុន្តែសម្រាប់មនុស្សដែលគេស្រលាញ់គឺពិតមានន័យណាស់។
     ជុងហ្គុក បន្តថើបតបតនឹង ថេយ៉ុង វិញដោយគ្មានអារម្មណ៍ជិនណាយ បបូរមាត់មួយនេះកាន់តែប៉ះពាល់រឹតតែទន់ភ្លន់ក្រអូបផ្អែមជានិច្ច។ ប្រអប់ដៃមាំលើកក្តោបលើ.កញ្ចឹងកស្រឡូនពីផ្នែកក្រោយដោយនាយក៏ព្យាយាមច្រានមុខសង្ហារបស់ខ្លួនឈ្មុសឈ្មុលទៅនេបនិត្យផ្ទៃមុខស្រឡូនមិនអែអង់យូរ។ ការថើបស្និទ្ធស្នាលប្រដេញស្ទើរតែគ្មានវិនាទីបញ្ឈប់ ប៉ុន្តែវានៅតែអាចរកទីចរឈប់ចលនាបានដដែល។
      «អូនសម្រាកទៅ ក្រែងអូនឈឺ!» ជុងហ្គុក ខិតខ្លួនថយចេញបន្តិច ប្រញាប់ទាញភួយមកដណ្តប់លើខ្លួនប្រាណ ថេយ៉ុង គេក្រឡេកទៅសម្លឹងមើលនាឡិកា ដែលចរត្រឹមម៉ោង ៥:៤៤ នាទីព្រឹក។
      នាយក្រោកឈរចាប់យកកាំភ្លើងមកកាន់ជាប់នឹងដៃដោយសារតែថ្ងៃនេះជាថ្ងៃដែលត្រូវប្រយុទ្ធនៅថ្ងៃចុងក្រោយ ប្រសិនបើពួកគេឈ្នះ លោកសេនាប្រមុខ សានស៊ូគិ នឹងត្រូវបានដកហូតមុខតំណែងចេញហើយសង្គ្រាមក៏ត្រូវបានបញ្ចប់ ព្រោះសង្គ្រាមដែលបានកើតឡើង កើតចេញពីការភ្នាល់គ្នារវាងនាយករដ្ឋមន្ត្រីទាំងពីរប្រទេស ប្រសិនបើកងទ័ពយោធាជប៉ុន អាចគ្រប់គ្រងលើខេត្តនិងទីក្រុងធំៗដ៏ពិសេសរបស់កូរ៉េខាងត្បូងទាំង ៥ បាន។ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនឹងយល់ព្រមអនុញ្ញាតឱ្យប្រជាជនជប៉ុនមករស់នៅក្នុងប្រទេសរបស់ខ្លួនដោយសេរី ព្រមទាំងផ្តល់អភ័យឯកសិទ្ធឱ្យទៅជាជនជាតិជប៉ុន រស់នៅក្នុងប្រទេសជាតិខ្លួន អាចធ្វើបានទាំងការស្នើសុំចូលសញ្ជិត ការប្រកបមុខរបររកស៊ី ប្រើប្រាស់អត្តសញ្ញាណក្នុងប្រទេសមួយនេះយ៉ាងទូលំទូលាយដោយស្របច្បាប់ ប៉ុន្តែបើមិនអាចឆ្លងកាត់ដំណាក់កាលដ៏ពិបាកទាំងអស់នេះបានទេ ពួកគេនឹងត្រូវថ្កោលទោស សងថ្លៃខូចខាតលើការបំផ្លិចបំផ្លាញប្រទេសជាតិមួយនេះ ប៉ះប៉ូវនូវសំណងថ្លៃ បាត់បង់ការអភិវឌ្ឍន៍ បាត់បង់ស្ថេរភាពក្នុងការរស់នៅរបស់ប្រជាជនគ្មានសិទ្ធសេរីភាព និងការបង្កកំហុសជម្រុញឱ្យមានការធ្លាក់ចុះនៃវិបត្តិសេដ្ឋកិច្ច ការបង្កសង្គ្រាមដែលធ្វើឱ្យបាត់បង់នូវធនធានមនុស្ស។ល។ ខណៈខេត្តនិងទីក្រុងធំៗដែលពួកគេចង់វាយប្រហារដើម្បីដណ្តើមអំណាចចង់គ្រប់គ្រងនោះរួមមាន៖
- ប៊ូសាន
- ដេហ្គូ
- កោះជេជូ
- ទីក្រុងសែលអ៊ូល
- ដេចន។
     ◎◎◎
     ម៉ោង ៦:៣២ នាទីព្រឹក
     ព្រះអាទិត្យរះឡើងខ្ពស់ត្រដែត យើងអាចសង្កេតមើលឃើញបានតាមរយៈពន្លឺពណ៌ទឹកក្រូចដែលចរនៅទីដ៏ឆ្ងាយពីខ្សែភ្នែកសន្លឹម។ រាងកាយមាំអមដោយអាវយឺតយោធាពណ៌ខ្មៅអង្គុយលើគល់ឈើធំមួយកំណាត់កាន់ដបស្រា.សលើកអកផឹករម្ងាប់អារម្មណ៍ស្ត្រេសទាំងព្រឹកព្រលឹម។ ធាតុអាកាសនៅតែរងារព្រឺព្រួចមិនទាន់រសាត់ឆ្ងាយទៅណានៅឡើយ ខណៈដែលសំឡេងខ្យល់ និងទឹករលកបក់បោក ចាប់ផ្តើមបង្ករន្ទឺសំឡេងឡើង អមក្នុងបរិយាកាសទាំងនេះ មិនស្ងប់ពីត្រចៀក។
     ប្រាវ!!!
     ជេហ៊ុន ទម្លាក់ដបស្រាចុះ ក្រឡេកទៅសម្លឹងមើលអ្នកដែលដើរចូលមកទាត់តុស្រារបស់គេខ្ជាយខ្ទេចអស់ សុខៗក៏បង្ករករឿងដាក់គ្នា គេនៅតែគេសោះក៏នាំអាតឱ្យមានរឿងឈ្លោះគ្នាដែរ។
     «ថ្ងៃនេះជាថ្ងៃប្រយុទ្ធចុងក្រោយ ឯងមកអង្គុយផឹកស្រាធ្វើដូចគ្មានរឿងដែលត្រូវធ្វើយ៉ាងអ៊ីចឹងអ្ហេស?» ជុងហ្គុក ឈរច្រត់ចង្កេះសំដែងទឹកមុខមាំទាំសួរដេញដោលទៅកាន់ ជេហ៊ុន ដោយឫកពាគ្រហើរ។
     «ខ្លាចចាញ់គេក៏ថាទៅ បើអត់ពីយើងម្នាក់ បែបឯងរៀបចំផែនការដឹកនាំទ័ពមិនទៅមុខហើយមើលទៅ!» ជេហ៊ុន ញោចចុងបបូរមាត់ញញិមចំអកញ៉ាំងឱ្យ ជុងហ្គុក ឆួលកំហឹងមួយរំពេច។
     «ឆ្កែអាចប្តូរម្ចាស់ចិញ្ចឹមបាន តែឆ្កែមិនអាចប្តូរសន្តានរបស់វាបានទេ!»
     «ប៉ុន្តែ! ឆ្កែដែលរង់ចាំលបខាំពេលកំពុងស្ថិតនៅក្នុងទ្រុងតែមួយទើបពិបាកចុះសម្រុងទោះបីជាម្ចាស់ខំបញ្ចុះបញ្ចូលឱ្យស៊ីចំណីរស់នៅស្ងាត់ស្ងៀមយ៉ាងណាក៏មិនអាចផ្លាស់ប្តូរនិស្ស័យថោកទាបរបស់វាបានដែរ!»
     «ព្រោះតែអាឆ្កែដែលមកនៅជាមួយវាមិនបានស្មោះត្រង់ហេតុអីត្រូវស្ងៀមស្ងាត់ជាមួយអាសត្វតរិច្ឆានបែបនោះ?» ដោយត្រូវស្រាស្រវឹងស្រឿងៗខ្លាំងផងនោះ ជេហ៊ុន ស្រាប់តែស្ទុះឡើងដោយជំហរក្តាប់ដៃណែនមុននឹងដាល់ទៅលើមុខមាត់ ជុងហ្គុក "ឌឹប" រួចក៏ដួលខ្ពោកផ្ងាកក្រោយទៅលើដី។
     «អាចង្រៃយ៍!» ជេហ៊ុន មិនអស់ចិត្តតាមទៅឡើងជិះពីលើ ជុងហ្គុក ក្តាប់ដៃរឹតតែណែនក្តន់ហើយដាល់យកៗវាយទៅលើផ្ទៃមុខរបស់ ជុងហ្គុក ទាល់តែហូរឈាមកក្លាក់។
     «ជេហ៊ុន..ជេហ៊ុន ឈប់! ឈប់បានហើយ!» ណាមជុន កញ្ជ្រោលចូលទៅចាប់ ជេហ៊ុន ទាញចេញបានឱកាស ជុងហ្គុក ក្រោកឡើងវឹងស្ទុះទៅធាក់ទ្រូង ជេហ៊ុន ឱ្យដួលផ្ងាកក្រោយតូងរួចស្ទុះឡើងជិះ ជេហ៊ុន ដោយដាល់នាយតបតមិនឱ្យតដៃរួចយ៉ាងចាស់កម្លាំង។ ជុងហ្គុក ដាល់តាមកំហឹង ដាល់ហើយ ដាល់ទៀត ដាល់តែ ជេហ៊ុន បែកមុខបែកមាត់ហូរឈាមច្រមុះ បន្ទាប់មកពួកគេក៏វាយប្រតាយប្រតប់គ្នាឃាត់លែងឈ្នះ ខណៈ ជុងហ្គុក ក៏បែកចិញ្ចើមហូរឈាមដាបតាមគែមថ្ពាល់ច្រោកៗ។
     «ជុងហ្គុក ឈប់..បានហើយ!» ឮសូរសំឡេងស្រែកឆោឡោ ថេយ៉ុង ដើរចេញមកស្រែកហាមឃាត់នាយ តែនាយពុំប្រើត្រចៀកស្តាប់នៅតែប្រឹងត្បុលទៅវាយ ជេហ៊ុន ដាល់គ្នាត្រលប់ទៅត្រលប់មកហូរឈាមគ្មានទាំងអារម្មណ៍ឈឺចាប់។
     «ស្លាប់ហើយឃាត់មិនឈ្នះទេ!» ណាមជុន ព្យាយាមឃាត់ចំណែកឯនាយត្រូវពួកគេទាំងពីរនាក់រុញប៉ើងខ្ទាតចេញហោះដូចសំឡីដួលទីងណាត់ទីងណែងរីឯអ្នកដទៃទៀតបានមកហាមឃាត់ក៏ឃាត់មិនឈ្នះដដែល។
     «អ្ហាយ..ចន ជុងហ្គុក ស៊ុង ជេហ៊ុន!!» ថេយ៉ុង ស្រែកមួយទំហឹង ឱនឈ្ងោករើសចាប់យកដុំថ្មគប់ពួកគេបែកក្បាលម្នាក់មួយដុំហូរឈាមច្រោក។
     «អ៊ូយ!!!» វាយគ្នាមិនឈឺ មកឈឺនឹង ថេយ៉ុង គប់បែកក្បាល។
     «មើលសភាពដូចឆ្កែខាំគ្នាអ៊ីចឹង!» ទាហានដទៃលេបទឹកមាត់ក្អឹកៗ ឮសូរ ថេយ៉ុង ស្រែកជេរ មេបញ្ជាការរបស់ពួកគេកោកៗដោយគ្មានភាពកោតក្រែងសោះ។
     ជុងហ្គុក លើកខ្នងដៃជូតឈាមរួចងាកមុខចេញសភាពរបស់គេនិង ជេហ៊ុន មើលមិនយល់ដូចគ្នា ម្នាក់ហូរឈាមច្រមុះ ម្នាក់ហូរឈាមតាមចិញ្ចើម ក្បាលក៏ពកឡើងធំដោយត្រូវ ថេយ៉ុង គប់ម្នាក់មួយដុំថ្មទៀត។
     «សឺត!!» សំឡេងសង្កៀតជើងធ្មេញ។
     «នៅឱ្យស្ងៀម!» ថេយ៉ុង ឧទានស្របពេលកំពុងលាបថ្នាំលើមុខរបួសឱ្យ ជុងហ្គុក ខណៈ ជេហ៊ុន ឯណោះបានកូនទាហានជូតឈាមឱ្យឈឺស្ពឹកអស់ពេញមុខមាត់ហើមស្ពល់ទាំងសងខាង។
     «ថ្ងៃនេះគ្មានការប្រយុទ្ធទេតាមរយៈវិទ្យុទាក់ទងគ្មានការប្រកាសអាសន្នអ្វីឡើយ ហើយក៏បានឮដំណឹងមកថាយោធាជប៉ុនតែកំពុងរៀបចំក្បួនយុទ្ធសាស្ត្រថ្មីដើម្បីកែសម្រួលច្បាប់ទម្លាប់ក្នុងជួរកងទ័ពរបស់ពួកគេបន្ថែមដែរ!» ហូស៊ុក រាយការណ៍កំឡុងពេលពួកគេអង្គុយជុំគ្នាលើមាត់ឆ្នេរ កែវភ្នែករបស់រាបស្មើធេងបើទោះបីមិនសួរនរណាក៏នាយអាចស្មានដឹងថាពីរនាក់នេះវាយគ្នាខ្លាំងដល់កម្រិតណាដែរ។ បន្ទាប់ពីបានជូតមុខរបួសរួចស្រាក៏ស្វាងចែស ជេហ៊ុន ក្រោកឡើងដើរចេញទៅពីទីនេះដើម្បីវិលត្រលប់ទៅកាន់ជំរុំវិញ ហើយក៏ព្យាយាមសម្រាកឱ្យបានគ្រប់គ្រាន់ចៀសវាងបង្កហេតុរញេររញៃជាមួយនឹង ជុងហ្គុក ទៀត។
     «អស់ថ្នាំហើយ..អូនចង់ចូលទៅក្នុងព្រៃស្វែងរករុក្ខជាតិមកធ្វើថ្នាំ!» ថេយ៉ុង ឧទានខណៈដែល ជុងហ្គុក បែរជាលើកចិញ្ចើមចងឡើងខ្វង់។
     «អូនចេះធ្វើថ្នាំដែរ?»
     «ចេះមកពីលោកយាយ!» ថេយ៉ុង ក្រោកឈរបែរទៅស្រវាចាប់បានចបជីកហើយនិងកាំបិតយកមកកាន់ជាប់ដៃរួមជាមួយនឹងកន្ត្រកឈើឫស្សីចាស់គំរឹលជារបស់អ្នកភូមិដែលបានបោះបង់ចោល ឃើញថាវាអាចនៅប្រើការបានកើតទើបគេរើសយកមកប្រើបណ្តោះអាសន្នសិន។
     នៅក្នុងព្រៃសម្បូរទៅដោយដើមឈើរុក្ខជាតិច្រើនណាស់ ដែលអាចយកទៅចម្រាញ់ធ្វើថ្នាំបាន។ មានតែ ថេយ៉ុង តែប៉ុណ្ណោះដែលអាចមើលដឹងថាដើមណាអាចប្រើប្រាស់ សម្រាប់កែច្នៃធ្វើថ្នាំបានតែប៉ុណ្ណោះ កាលបើ ជុងហ្គុក ឯណេះជាអ្នកកាន់ចបជីកនិងកាំបិតរង់ចាំជីកឬកាប់ដើមណាដែលភរិយាបានប្រាប់។
     «ដើមស្លែង!» ថេយ៉ុង រត់លឿនចូលទៅឈរជិតដើមស្លែងម្យ៉ាងដែលមានផ្លែដុះរីកពន្លកចេញជាច្រើន គេស្រវ៉ាបេះផ្លែរបស់វាមកទុកណែនៗពេញក្នុងកន្ត្រក ជុងហ្គុក ឃើញប្រពន្ធស្រវេស្រវ៉ាយ៉ាងនេះ ទើបគេឆាប់ចូលទៅជួយបេះ ថេយ៉ុង ដែរ។
     «អូនបេះផ្លែនេះធ្វើអី?»
     «គ្រាប់ស្លែងអាចយកធ្វើទៅជាថ្នាំព្យាបាលបានហើយក៏អាចបំបែកបានទៅជាថ្នាំពុលស្លាប់បានដូចគ្នា នៅមានដើមរុក្ខជាតិជាច្រើនទៀតណាស់ ដែលអូនចង់ស្វែងរក!» ថេយ៉ុង ប្រមែប្រមូលបេះរហូតដល់ពេញកន្ត្រកទើប ជុងហ្គុក ជាអ្នកយួរហើយពួកគេក៏បន្តទៅរកទឹកសមុទ្រដើម្បីលាងសម្អាតរុក្ខជាតិទាំងអស់នោះឱ្យបានស្អាត។
     នៅលើផ្ទាំងថ្មធំៗ ពួកគេនាំគ្នាមកអង្គុយលាងសម្អាតរុក្ខជាតិនៅទីនេះ ប៉ុន្តែស្រាប់តែបានប្រទះឃើញថាមានឧបករណ៍ប្រើប្រាស់ទំនើបៗរបស់យោធាជប៉ុនជាច្រើនដែលនៅមានសេសសល់ពីពួកយោធាទាំងអស់នោះមុនពេលដែលពួកគេបានច្បាំងចាញ់របស់ប្រើប្រាស់ក៏ដូចជាចំណីអាហារឧបករណ៍សព្វាវុធ រួមទាំងវិទ្យុទាក់ទងនិងឧបករណ៍កែវយិតរបស់ពួកគេថែមទៀត។
      «របស់ទាំងអស់នេះអាចផ្តល់ជាផលប្រយោជន៍ឱ្យពួកយើងបាន បងគួរតែប្រមូលវាទុកណា!» ថេយ៉ុង និយាយកំឡុងពេលដែល ជុងហ្គុក បានងក់ក្បាលនឹងឆាប់ប្រមែប្រមូលសម្ភារៈទាំងអស់នោះមកទុកប្រើប្រាស់ ខណៈ ថេយ៉ុង ក៏ចាប់ផ្តើមលាងសម្អាតដើមរុក្ខជាតិបណ្តើរៗ ស្របពេលសំឡេងរាយការណ៍ជាភាសាជប៉ុនក៏បានបន្លឺឡើង ដែលធ្វើឱ្យអ្នកទាំងពីរចាប់ផ្តើមជ្រាបដឹងអំពីសាច់ការណ៍បញ្ហារង្គោះរង្គើក្នុងច្បាប់យោធាជប៉ុន។
      (ពួកយើងស្ថិតនៅក្នុងស្ថានភាពដ៏តានតឹង ការច្បាំងចុងក្រោយនៅច្រកព្រំដែនសមុទ្រខាងកើតមានការរាំងស្ទះដោយមេបញ្ជាការកូរ៉េខាងត្បូងនិងខាងជើងពីររូប មានដូចជា ចន ជុងហ្គុក និង ស៊ុង ជេហ៊ុន ដែលជាមេបញ្ជាការដ៏ពូកែ ពួកគេបានសម្លាប់មេបញ្ជាការរបស់ពួកយើងគឺ ហារ៉ូគិ ជាស្នាដៃរបស់មេបញ្ជាការ ចន ជុងហ្គុក ព្រមទាំង ហារ៉ូតុ ដែលបានស្លាប់ក្រោមដៃមេបញ្ជាការ ស៊ុង ជេហ៊ុន ពួកយើងកំពុងតែរកដំណោះស្រាយបន្ថែមនឹងពង្រឹងចំពោះការរឹតបន្តឹងច្បាប់យោធាឱ្យកាន់តែមានឥទ្ធិពលខ្លាំងក្លាជាងនេះបន្ថែម។ តំបន់ដែលពួកយើងអាចគ្រប់គ្រងបានបណ្តោះអាសន្នមានដូចជា ដេហ្គូ / ដេចន / ហើយគោលដៅចម្បងនោះគឺ ប៊ូសាន។ ផ្សាយចេញថ្ងៃទី ១២ ខែ មករា ឆ្នាំ ១៩៨៨)
      «ដេហ្គូ? ដេហ្គូ ត្រូវបានពួកគេវាយលុកហើយមែនទេ? ម៉ាក់នឹង ចេយ៉ុង? ហើយនិងម៉ែដោះនោះ ហ៊ឹកៗ..» ថេយ៉ុង ស្ទុះក្រោកឈរនិយាយទាំងទឹកភ្នែកស្រក់ហូររហាម ខណៈអូប័រមួយគ្រឿងស្រាប់តែបានបរចូលមកនោះគឺជា អូប័ររបស់កូរ៉េខាងត្បូងដែលមានទាហានម្នាក់បានបញ្ជាវាចូលមកព្រមទាំងហុចនូវសំបុត្រមួយច្បាប់ប្រគល់ទៅឱ្យ ជុងហ្គុក។
      «សូមគោរពលោកអនុសនីយ៍ឯក! សំបុត្រមកទីក្រុងសែលអ៊ូល!»
      «អរគុណ!» ជុងហ្គុក ចាប់ទទួលយកសំបុត្រ ស្របពេលដែលទាហានម្នាក់នោះបានបញ្ឆេះម៉ាស៊ីនអូប័រចាកចេញទៅ។ កែវភ្នែកខ្មៅងិតឱនឈ្ងោកសម្លឹងមើលលើស្រោមសំបុត្រ ដោយមានប្រយោគមួយឃ្លាបានសរសេរថា “ដល់ពេលស្វែងរកការពិតហើយកូនប្រុសត្រកូល ចន”។
     
    
   
    
   

    
     

💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓Where stories live. Discover now