ព្រះទិនករលិចលុងបាត់ទៅ មេឃចាប់ផ្តើមធ្លាក់ស្រទាប់ងងឹតស្លុប ប៉ុន្តែក្នុងរាត្រីនេះបែរជាមានមនុស្សអ៊ូអរម្នីម្នាទៅចូលរួមកម្សាន្តក្នុងពិធីបង្ហោះគោមយ៉ាងសប្បាយរីករាយ។ បកមកសម្លឹងមើលរាងតូចដែលស្លៀកពាក់ក្នុងឈុតដ៏សមរម្យសមសួនឯណេះវិញ។
ថេយ៉ុង ច្រកអាវក្រណាត់យឺតពណ៌ប្រផេះ ទឺនុយស៊កជាមួយខោកាត់ពណ៌ទឹកដោះគោ អមមកជាមួយស្បែកជើងផ្ទាត់ពណ៌ស បណ្តើរគ្នាជាគូរត្រសងត្រសៅជាមួយនឹងអ្នកកំលោះសង្ហា ជុងហ្គុក ពាក់អាវកាត់ពណ៌សំបកឳឡឹកទឺនុយស៊កក្នុងខោសាច់គគីពណ៌ខ្មៅអមទៅដោយស្បែកជើងផ្ទាត់ពណ៌ខ្មៅបានបណ្តើរគ្នាដើរចូលទៅក្នុងពិធីបង្ហោះគោម។
«មនុស្សច្រើនណាស់!» ថេយ៉ុង ស្រដីចាប់តោងកាន់ដើមដៃ ជុងហ្គុក យ៉ាងណែន ដ្បិតមនុស្សច្រើនពេកខ្លាចវង្វេងវង្វាន់បាត់គ្នា ខណៈអ្នកកំលោះយើងសប្បាយចិត្តណាស់បានបណ្តើរអនាគតភរិយាជាទីស្រលាញ់មកលេងខាងក្រៅអ៊ីចឹងមានអារម្មណ៍រៀងមានភាពស្និទ្ធស្នាលជាងមុនបន្ថែម។
«តស់អូនពួកយើងទៅទិញគោមបង្ហោះជាមួយគ្នា!»
«តស់បង!» និយាយស្រុះស្រួលគ្នាត្រូវរូវហើយអ្នកទាំងពីរក៏បានម្នីម្នាដើរចូលទៅរកទិញគោមមកបង្ហោះជាមួយគ្នានិងបានសរសេរពីបំណងប្រាថ្នារៀងៗខ្លួនទៅលើគោមមួយនោះដោយស្នាមញញិមនិងសេចក្តីទៀងត្រង់នៅក្នុងចិត្ត។ បន្ទាប់មកក៏បានធ្វើការអធិស្ឋានជាមួយគ្នា រួចហើយក៏បង្ហោះវាឡើងទៅខាងលើនៃដែនអាកាសដើម្បីសុំក្តីសុខសប្បាយ។
«គោមហោះបានខ្ពស់ដាច់ឆ្ងាយណាស់ ស្អាតខ្លាំងណាស់..»
«ស្អាតដូចជាសម្រស់របស់អូនអ៊ីចឹង!» ថេយ៉ុង ទម្លាក់កែវភ្នែកនិងស្នាមញញិមចុះពេលស្តាប់ឮ ជុងហ្គុក ពោលពាក្យសរសើេររូបសម្រស់ខ្លួនធ្វើឱ្យគេមានអារម្មណ៍រំជើបរំជួលក្នុងចិត្ត សម្រស់របស់គេនៅពេលយប់កាន់តែស្រស់ស្អាត ពេលមានពន្លឺចាំងផ្លាតភ្លឺរះត្រចង់លើផ្ទៃមុខធ្វើឱ្យ ជុងហ្គុក អាចសម្គាល់មើលឃើញពីផ្ទៃមុខដ៏ស្រស់ស្អាតផូរផង់រួមជាមួយនឹងកែវភ្នែកខ្មៅនិលគួរឱ្យទាក់ទាញ ស្នាមញញិមផ្អែមល្ហែម និងទម្រង់មុខស្លូតបូត អង្រួនចង្វាក់បេះដូង ជុងហ្គុក ឱ្យលោតបោកលឿនគ្រប់ពេលវេលានាពេលរាត្រីកាលដ៏ផ្អែមល្ហែម។
«កុំខឹងបងណា បងសុំសរសើរអូនចេញពីចិត្ត! អូយ!» ជុងហ្គុក ស្ញូញមុខញោចបញ្ចេញអាការៈឈឺ នៅពេលដែល ថេយ៉ុង ចាប់មួលសាច់ក្បាលពោះរបស់ខ្លួនព្រោះតែអារម្មណ៍អៀនប្រៀនក្នាញ់នឹងសម្តីប្រុសបបូរមាត់ផ្អែម។
«តស់អូនទៅមើលការសម្តែងរបាំបុរាណ!» ជុងហ្គុក ថាចប់ចាប់បង្អូសប្រអប់ដៃ ថេយ៉ុង ដើរបន្តទៅរកទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ការសំដែងរបាំបុរាណជាមួយគ្នា ដោយមានអ្នកចូលរួមទស្សនាជាច្រើនកុះករឯទៀតផងដែរ។
ក្រុមរាំជាអ្នកសំដែងគ្រងឈុតសម្លៀកបំពាក់បុរាណបានបង្ហាញខ្លួនរួមជាមួយនិងឧបករណ៍វង់តន្ត្រី។ សំឡេងទុងស្គរបន្លឺឡើងទុងឆាំងៗ ក្បាច់រាំរបាំបុរាណក៏បានសំដែងឡើងជាមួយនឹងសមាជិកក្រុមរាំនារី ៨ នាក់។ ព្រឹត្តិការណ៍ដ៏កម្រប្រទះចួបទាំងអស់នេះ តែងតែប្រារព្ធធ្វើឡើងបានត្រឹមតែមួយឆ្នាំម្តង សម្រាប់រដូវកាលបុណ្យទានទៅតាមប្រណីប្រទេសជាតិតែប៉ុណ្ណោះ។ ចង្វាក់រាំដ៏រស់រវើក សូរតូរ្យតន្រ្តី ដែលបានចាក់បន្លឺរន្ទឺឡើងមិនដាច់សូរសៀងនោះកាន់តែពីរោះរណ្តំលន្លង់លន្លោចពង្វក់ស្មារតីអ្នកដែលបានស្តាប់និងទទួលបានអារម្មណ៍ជក់ចិត្តក្នុងទិដ្ឋភាពដ៏អស្ចារ្យនារាត្រីកាលនេះ។ អ្នកបានចូលរួមទស្សនាសុទ្ធសឹងតែបានពោលពាក្យស្ងើចសរសើរពីពិធីបុណ្យជាតិ ដែលបានរៀបចំប្រារព្ធធ្វើឡើងទាំងមូលនៅក្នុងឆ្នាំនេះ។ មិនថាមានពិធីបង្ហោះគោម ឬការសំដែងនូវរបាំបុរាណប៉ុន្តែក៏មានលាយឡំបូកផ្សំបញ្ចូលគ្នាដោយការបង្ហាញពីអរិយធម៌ វប្បធម៌ជាតិនៅក្នុងស្រុកផ្សេងៗទៀតដែរ ដែលញ៉ាំងឱ្យចិត្តអ្នកបានចូលរួមក្នុងពិធីបុណ្យជាតិរដូវកាលនេះហាក់បីដូចជាទទួលបានអារម្មណ៍សប្បាយរីករាយ ពេញចិត្ត ព្រមទាំងរំភើបចិត្ត មានមោទនភាព ក្នុងនាមជាជនជាតិដែលមានឈាមជ័រផ្សារភ្ជាប់សញ្ជាតិជាកូរ៉េ បានរស់រានមានជីវិតជ្រកកោនក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសជាតិមួយដ៏រុងរឿងនិងសម្បូរសប្បាយនាពេលបច្ចុប្បន្ន។
ហ៊ូ!!!!
បន្ទាប់ពីការសំដែងត្រូវបានបញ្ចប់ទៅដោយលទ្ធផលជោគជ័យ ស្នូរទះដៃស្រាប់តែបន្លឺឡើងពីទស្សនិកជនគ្រប់ៗគ្នាហើយក្នុងនោះក៏មានអ្នកកំលោះគូស្នេហ៍មួយគូយើងបានទះដៃអបអរសាទរជាមួយអ្នកដទៃដែរ ដែលបានបង្ហាញពីអាកប្បកិរិយាដ៏សប្បាយរីករាយពេញចិត្តចំពោះព្រឹត្តិការណ៍ទាំងមូលនៅកំឡុងពេលនេះ។
«អស្ចារ្យខ្លាំងណាស់!» ថេយ៉ុង បញ្ចេញស្នាមញញិមដ៏រីករាយ ពេលកន្លងមកគេមិនសូវបានចូលរួមពិធីបុណ្យជាតិធំៗអ៊ីចឹងមិនដឹងថាតាមការពិតទស្សនីយ៍ភាពទាំងមូលមានភាពអស្ចារ្យខ្លាំងដូច្នេះទាល់តែសោះមើលទៅកាន់មនុស្សគ្រប់ស្រទាប់វ័យមានចាស់ មានក្មេង គ្រប់គ្នាសុទ្ធតែទទួលបានភាពរីករាយទាំងអស់ ប្រសិនបើគេមិនបានមកចូលរួមនៅថ្ងៃនេះទេ មិនដឹងថាជីវិតមួយនេះធ្លាប់បានភ្លក្សរសជាតិសប្បាយដូច្នេះឬអត់ឡើយ។
«បានដើរលេងលំហែអារម្មណ៍បែបនេះធូរស្រឡះក្នុងចិត្តខ្លះទេអូន?»
«ប្លែកអារម្មណ៍ណាស់បង ថ្ងៃនេះខ្ញុំរីករាយជាមួយទស្សនីយ៍ភាពគ្រប់យ៉ាង!» ថេយ៉ុង ឆ្លើយតបទៅកាន់ ជុងហ្គុក បន្តិចក្រោយមកក៏ឃើញមានក្មេងប្រុសមានសម្បុរស្រអាប់មុខមាត់ប្រឡាក់សុះទៅដោយធូលីដីអាយុជាង ១០ឆ្នាំម្នាក់ បានដើរចូលមកដោយក្នុងដៃមានកាន់យួរកន្ត្រកលក់ផ្កាធូលីបពណ៌សដើម្បីធ្វើការដាក់លក់។
«ទិញផ្កាទេបង!» ក្មេងប្រុសម្នាក់នោះសួរឡើង ចាប់ទាញចំណាប់អារម្មណ៍របស់ ថេយ៉ុង ឱ្យងាកទៅរកគេភ្លាមៗ គេជាអ្នកចូលចិត្តផ្កាណាស់កាលបើឃើញថាផ្កាស្អាតមានអារម្មណ៍ពេញចិត្តចង់បានភ្លាមៗ។
«មួយបាច់តម្លៃប៉ុន្មានដែរអាល្អិត?» ថេយ៉ុង មិនសុញសាញយូរប្រញាប់សួរភ្លាម រីឯ ជុងហ្គុក ខាងណេះដឹងថារាងតូចចង់បានផ្កាក៏សម្រេចចិត្តថានឹងទិញឱ្យគេដោយមិនរារែកចិត្ត។
«មួយបាច់តម្លៃ ៣៥០០ វ៉ុនបង!»
«ឱ្យបងមួយបាច់មកអ៊ីចឹង!» កំលោះតូចហៀបនឹងដកប្រាក់ចេញពីហោប៉ាវខោ ខណៈរាងក្រាស់ស្រាប់តែហុចប្រាក់ទៅឱ្យក្មេងប្រុសនោះបានមុន។
«យកទៅ!» ជុងហ្គុក ថាចប់ក្មេងប្រុសលក់ផ្កាបែរជាបង្ហាញទឹកមុខស្រពាប់ស្រពោនក្រៀមក្រំដាក់នាយភ្លាមៗមុននឹងស្រដី៖
«ពេញមួយថ្ងៃនេះខ្ញុំលក់ផ្កាដាច់ទើបតែបានមួយបាច់នេះទេបង បងឱ្យប្រាក់ខ្ញុំដល់ទៅ ១០០០០ វ៉ុន ខ្ញុំបានប្រាក់មកពីណាអាប់ជូនបង?»
«ប្រាក់នៅសល់ប្អូនយកចុះមិនបាច់អាប់ទេ!» អាល្អិតស្រាប់តែបង្ហាញទឹកមុខភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលបើឮសម្តីរបស់ ជុងហ្គុក បានពោលពាក្យថាដូច្នេះចំពោះគេ ប្រាក់ដែលនៅសល់សម្រាប់គេគឺច្រើនគួរសម បើធៀបនឹងការដើរលក់ផ្កាពេញមួយថ្ងៃ គេមិនងាយរកបានកម្រៃច្រើនដល់ម្លឹងទេ។
«កុំអីបង ម៉ែខ្ញុំប្រាប់មកថាមិនឱ្យកេងប្រវញ្ចញើសឈាមមនុស្សចាស់ដោយទទេៗបានទេ ចាំខ្ញុំសាកសួរគេឯងជិតៗនេះ ខ្ញុំយកប្រាក់ទៅប្តូរអាប់ជូនបងវិញ!»
«មិនអីទេ បងចង់ឱ្យឯងដោយខ្លួនឯង យប់ថ្មើណេះទៅហើយលក់ផ្កាមិនដាច់អស់មួយកន្ត្រកនេះផង ទៅដល់ផ្ទះច្បាស់ជាត្រូវមាត់ម៉ែឯងស្តីបន្ទោសឱ្យជាក់ជាមិនខាន យកទៅហើយផ្កាដែលនៅសល់ទុកលក់ទៀតចុះ!» ជុងហ្គុក រហ័សរហួននិយាយប្រកែក ចំណែកឯអាល្អិតតូចក៏នឹកចង់តបស្នងទៅកាន់គេវិញឱ្យស័ក្តិសមនឹងតម្លៃដែលនាយបានផ្តល់ជូនគេ។
«បាទ!អ៊ីចឹងចាំខ្ញុំថែមឱ្យបង ៥ ទងទៀត!»
«មិនបាច់ទេ!» ថេយ៉ុង គ្រវីប្រអប់ដៃហាមឃាត់ក្មេង មុនពេលចាប់យកផ្កាត្រឹមតែមួយបាច់នោះមកកាន់ជាប់នឹងដៃ ហើយក៏មិនភ្លេចឱនចាប់បើកកូនកាបូបសាច់ចាក់របស់ខ្លួនបើកយកនំមួយកញ្ចប់ចេញមកដាក់ចូលទៅក្នុងកន្ត្រកផ្កាក្មេងនោះវិញ។
«យកទៅញ៉ាំចុះ..»
«អរគុណបង!» អាល្អិតនឹកទឹកភ្នែករលីងរលោងរហ័សឱនលំទោននិយាយពាក្យអរគុណសឹងតែក្រាបក្បាលដល់ដី។
«មុនពេលឯងចេញទៅលក់បន្តបងសុំសួរបន្តិចបានទេ?» រាងក្រាស់ថាឡើងដែលធ្វើឱ្យចិត្តកាយតូចហាក់ជ្រួយច្របល់ចម្លែក ស្រាប់តែងាកសម្លឹងមើលមុខគេដោយខ្សែភ្នែកមានពន្លឺ។
«បាទ! សួរមកចុះបង!»
«ផ្កាធូលីបពណ៌សមួយប្រភេទនេះមានន័យដូចម្តេច?»
«បាទ! ផ្កាធូលីបពណ៌ស មានអត្ថន័យនៃការ អភ័យទោស ការគោរព ភាពបរិសុទ្ធព្រមទាំងកិត្តិយស តែអត្ថន័យបន្ទាប់វាអាស្រ័យលើចិត្តគំនិតរបស់បងជាអ្នកផ្តល់អត្តសញ្ញាណឱ្យវាបន្ថែម សម្រាប់មនុស្សដែលបងស្រលាញ់បន្តទៀតតែប៉ុណ្ណោះ ខ្ញុំសុំលាសិនហើយ អរគុណច្រើនណាស់បងៗសម្រាប់ថ្ងៃនេះ!» ក្មេងប្រុសនោះចាប់យួរកន្ត្រកផ្កាដើរចេញទៅ ឯ ជុងហ្គុក ស្រាប់តែញញិមនិងបានក្រឡេកមកសម្លឹងមើលផ្ទៃមុខ ថេយ៉ុង តាមដោយស្នាមញញិមផ្អែមជានិច្ច។
«អ៊ីចឹងបងសុំបន្ថែមអត្ថន័យទៅក្នុងផ្កាមួយនេះដោយខ្លួនឯង!» ថេយ៉ុង សម្លឹងមើលមុខរបស់នាយធ្វើភ្នែកធ្មេចម៉ក់ៗរួចបន្ទរសម្តីសួរសំណួរទៅកាន់ ជុងហ្គុក ឡើង៖
«បងដាក់អត្ថន័យឱ្យវាថាយ៉ាងម៉េច?»
«បងចង់ដាក់អត្ថន័យឱ្យវាថា ផ្កាមួយទងនេះតំណាងឱ្យភាពដ៏ស្រស់ស្អាត ភាពស្មោះត្រង់ ក្តីស្រលាញ់ដ៏ជ្រាលជ្រៅនិងមានភាពអំណត់ព្យាយាមតស៊ូទៅថ្ងៃខាងមុខជាមួយគ្នាជារៀងរហូត ហើយក៏សូមឱ្យចិត្តដែលស្រលាញ់ភក្តីចំពោះអូនកន្លងមកនៅតែបន្តស្ថិតស្ថេរជានិច្ច មិនថាក្នុងជាតិនេះ ឬជាតិណាៗ ផ្សងសុំឱ្យស្នេហាយើងនៅតែជាគ្រឹះដ៏រឹងមាំក្នុងបេះដូងយើងទាំងពីរនាក់គ្មានថ្ងៃបាត់បង់ឡើយ!»
«បាទបង!» ថេយ៉ុង ញញិមដាក់នាយស្អាតណាស់ក្តោបកាន់ផ្កាមួយបាច់រុំដោយក្រដាសកាសែតយ៉ាងណែនជាប់ សម្លឹងមើលកែវភ្នែកបុរសជាអនាគតស្វាមីតាមដោយក្តីរំភើបរំជើបរំជួលគ្រប់ពេលវេលា។
«ពិធីបានបញ្ចប់ហើយ តស់អូនត្រលប់ទៅផ្ទះវិញ!» ជុងហ្គុក ថាចប់ងើបឡើងចាប់ក្រសោបប្រអប់ដៃរាងតូចដើរចាកចេញទៅក្រោយពេលពិធីបុណ្យជាតិមួយនេះត្រូវបានបញ្ចប់ទៅដោយរលូនសុខសាន្ត។

YOU ARE READING
💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓
Romantiekគ្រប់យ៉ាងឈរនៅចំប្រយោគថា ស្រលាញ់!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM