សំឡេងកាំភ្លើងលាន់ឮរដឹកមិនផ្តាច់សូរសម្រិបជើងនឹងសម្រែកវេទនារបស់យោធាដែលរង់របួសក៏បន្លឺឡើងយ៉ាងឈឺចាប់ឥតគណនា។ អ័ព្ទផ្សែងពពកខ្មៅចាប់ផ្តើមធ្លាក់មកបាំងបិទស្រទាប់នៃពន្លឺព្រះអាទិត្យដាសដាបនាំឱ្យមានពពកខ្មៅងងឹតខ្មួរខ្មាញ។ គ្រាប់ដំណក់ទឹកភ្លៀងក្លិនដីចាប់ផ្តើមឆួលសាយភាយពេញចុងច្រមុះហុចផលឱ្យដីចាប់មានសភាពជ្រាយចេញជាល្បាប់និងរអិលជាខ្លាំង។
ជុងហ្គុក លើកខ្នងដៃជូតសំណើមជ្រាបប្រតាកប្រឡាក់ត្របកភ្នែកចេញរួចហូតទាញគ្រាប់កាំភ្លើងជាច្រើនស្និតស៊កបញ្ចូលទៅក្នុងកាំភ្លើង ក្រឹក!! សំឡេងអាការកាំភ្លើងបន្លឺឡើង បង្វែរកាណុងទៅកាន់ខ្មាន់សត្រូវ មុនពេលបញ្ជាគ្រាប់ទម្លាយចេញបាញ់ត្រង់មានជំនាញជាអ្នកបំបែកស៊ីបគួរឱ្យខ្លាចព្រឺរអារ។ នាយបោះដៃឆ្វេងក្តោបកាន់ទម្រជើងកាំភ្លើង ជើងស្តាំថយទៅក្រោយបន្តិច ដោយប្រើប្រាស់ខ្សែភ្នែកមុតស្រួចប្រៀបដូចជាអាវុធសម្លឹងមើលទៅចំកាណុងមុនពេញទាញគន្លឹះកាំភ្លើងបាញ់រះគ្មានខុសក្រឡាច់មួយគ្រាប់ណាសោះ។
ផាំង!!!
រាងកាយយោធាជប៉ុនដួលខ្ពោកម្តងមួយៗកាយមាំមានចលនារហ័សរហួនរស់រវើកងាកវឹបបាញ់ផាំង។ ប្រអប់ជើងឈានលឿនស្ទាត់ដូចជាអ្នកជំនាញរត់ម៉ារ៉ាតុងបោះពួយយ៉ាងញាប់ស្អេក ចង្វាក់សំឡេងកាំភ្លើងក៏បន្លឺឡើងប្រៀបដូចជាស្នូររន្ទះ កំឡុងពេលមេឃធ្លាក់ភ្លៀងឥតរាំង។ លំហូរដំណក់ឈាមហូរស្រោចស្រពពេញដីតាមទឹកភ្លៀងដាបពេញថ្លុកសង្គ្រាម។ មនុស្សដេកស្លាប់គជើងគ្នាយ៉ាងអាណោចអធម៌ស្របនឹងពេលដែលសំឡេងផ្គរចាប់ផ្តើមបន្លឺឡើងអមក្នុងព្រឹត្តិការណ៍ដ៏ព្រឺព្រួច។
«ងាប់ទៅ!» ប្រអប់ដៃស្វាហាប់មានទម្ងន់ចាប់ដកឆ្នុកគ្រាប់បែករួចគ្រវីកម្លាំងដៃគប់ចោលមួយទំហឹងទៅកាន់ក្រុមយោធាជប៉ុន ផ្ទុះផូងបំបែកបំណែកខ្លួនពួកនោះ ខ្ជាយសាច់ដាច់ដៃដាច់ជើងត្របាញ់ហូរឈាមជ្រួលច្រាលគួរឱ្យសង្វេគ។ នាយឆ្មក់ពួនក្រោយជញ្ជាំងថ្ម រួចស្រវ៉ាទាញបានគ្រាប់កាំភ្លើងចេញមកបន្ថែម ដាក់គ្រាប់ចូលរួចក៏អើតក្បាលចេញមកបន្តិច..
ផូង!!
«វិះទៅហើយហ្វូស!!» ជុងហ្គុក ងាកមកពួនក្រោយជញ្ជាំងដកដង្ហើមមួយៗ រួចលយខ្លួនចេញបន្តិច បាញ់មួយគ្រាប់យ៉ាងត្រង់ចំដើមទ្រូងរបស់មេបញ្ជារការជប៉ុនលាន់ឮសូរផាំង ធ្លាក់ដាំក្បាលចុះពីលើរថក្រោះផ្កាប់មុខដល់ដី មុននឹងងើបខ្លួនឡើងកន្ត្រាក់កាំភ្លើងញ៉ឹងឡើងបាញ់ប្រហារតបតជាមួយសត្រូវគ្មានភាពភ័យខ្លាចរអារនឹងតស៊ូរហូតឱ្យបានដល់ទីបញ្ចប់។
«ជុងហ្គុក បងគិតថាឯងគួរតែបាញ់ឱ្យចំគ្រាប់បែកធំ នៅត្រង់នោះក្រោមយាបផ្ទះអ្នកភូមិ ពួកវាចូលមកកាន់តែកៀកជិតមែនទេនហើយ!» ស៊ុកជីន បោះសញ្ញាប្រាប់ ជុងហ្គុក ឯណេះងក់ក្បាលរួចយល់ស្រប យ៉ុនហ្គី លើកដៃត្រៀមរាប់តាមរយៈការធ្វើកាយវិការចៀសវាងការស្រែកប្រាប់ដោយទឹកមុខមាំទាំ។ នាយលើកម្រាមដៃបីឡើង មុនគេក៏ទម្លាក់ម្រាមដៃមេ បន្ទាប់មកក៏ទម្លាក់ម្រាមដៃចង្អុល ចុងក្រោយក៏ទម្លាក់ម្រាមដៃកណ្តាល។
«បាញ់!»
ផាំង!!!!
គ្រប់គ្នាលោតអស់មួយទំហឹងកម្លាំងឆ្ពោះទៅរកកន្លែងមានសុវត្ថិភាព ផ្កាភ្លើងដែលខ្ជាយចេញពីការបាញ់បំបែកគ្រាប់បែកមួយគ្រាប់ធំនោះពិតជាមានភាពខ្លាំងក្លា សន្ធឹកសំឡេងរបស់វាលាន់ឮសូរប្រៀបដូចជាសន្ធឹកសំឡេងរន្ទះបាញ់ធំៗយ៉ាងអ៊ីចឹង។
«ខិខិ..!»
«ជីមីន ឯងទៅរួចទេ?» ហូស៊ុក ស្ទុះទៅចាប់លើកជីមីនដែលដួលផ្កាប់មុខក្អកគឃូសឯណោះ។
«មិនអីទេបងខ្ញុំទៅរួច!» ជីមីន រាដៃងក់ក្បាលផ្ងក់ៗ មុននឹងស្ទុះក្រោកឈរឡើងយ៉ាងស្វាហាប់ប្រញាប់ទាញកាំភ្លើងឡើងបន្តប្រយុទ្ធឥតពេលស្រាក់ស្រាន្តព្រមទាំងបានសម្លាប់សត្រូវយ៉ាងក្លាហានពុំរាថយ។ សង្គ្រាមបន្តគ្មានពេលវេលាបញ្ឈប់ ជីវិតរបស់មនុស្សស្លាប់ងាយផុយៗប្រៀបដូចជាអំបិលប៉ះត្រូវទឹកតែបន្តិចក៏រលាយត្រឹមមួយប៉ប្រិចភ្នែកយ៉ាងដូច្នេះ។
•••
«ស្រេកទឹកណាស់!» សំឡេងរអ៊ូរងូវៗបន្លឺក្នុងបំពង់កដ៏ស្អករងុំ ក្មេងតូចច្រម៉ក់បោះដៃម្ខាងច្រត់ទប់នឹងថ្មក្រោកអង្គុយសម្លឹងមើលទៅកាន់ផ្ទៃមុខស្លេកស្លាំងដោយទឹកមុខបារម្ភ។
«ប៉ាតូច..ប៉ាតូចដឹងខ្លួនហើយ?»
«ប៉ាស្រេកទឹកណាស់កូន!» ថេយ៉ុង ប្រឹងនិយាយទាំងត្របកភ្នែកបើកស្ទើរពុំរួច ប៉ុន្តែត្រចៀករបស់គេនៅអាចស្តាប់បានឮពីសំឡេងរបស់កូនប្រុសច្បងខ្លួន។
ចេយ៉ុង ឯណេះស្រវ៉ាចេញទៅដងទឹកស្អាតបានមួយដបតូចរួចដើរសំដៅមករក ថេយ៉ុង នឹងបានបញ្ចុកទឹកដល់គេបន្ទាប់ពីបានផឹករួចកម្លាំងកំហែងក្នុងខ្លួនទាំងអម្បាល់ម៉ានហាក់ដូចជាមានក្នុងខ្លួនខ្លះអាចបានធ្វើឱ្យ ថេយ៉ុង បើកភ្នែកបានស្រឡះចែសម្តងទៀត មុននឹងក្រឡេកទៅសម្លឹងរកមើលកូនដែលខ្លួនបានសម្រាលមុននេះបន្តិចនោះ ប៉ុន្តែបែរជាមិនបានប្រទះឃើញ។
«លោកយាយកំពុងតែងូតទឹកឱ្យប្អូន..ប៉ាតូចកុំបារម្ភអីប្អូនកើតរួចហើយប៉ាតូចគេងសម្រាកយកកម្លាំងឱ្យបានគ្រប់គ្រាន់ចុះណា៎អ្នកឯទៀតកំពុងតែចេញទៅខាងក្រៅដើម្បីស្វែងរកអាហារមកញ៉ាំបន្ថែម!» ចេយ៉ុង និយាយដំណាលនឹងពេលដែលគេដើរចូលទៅចាប់យកសម្ភារៈរបស់របរមកកាន់ស្ពាយជាប់នឹងខ្លួន។
«ហើយចុះកូននោះចង់ទៅណាដែរ?» ថេយ៉ុង បង្ហាញពីទឹកមុខបារម្ភព្រួច សម្លឹងមើលកូនប្រុសដែលមានទឹកមុខក្រៀមស្ងួតនោះ។
«ចេយ៉ុង ជាអ្នកមើលថែប្អូន ចេយ៉ុង នឹងទៅស្វែងរកទឹកដោះគោមកឱ្យប្អូន»
«កុំអីទៅកូនគ្រោះថ្នាក់ខ្លាំងណាស់!» ថេយ៉ុង ស្រដីព្រមទាំងប្រញាប់ប្រញាល់ហាមឃាត់ ចេយ៉ុង ប៉ុន្តែគេក៏បានបដិសេចមិនព្រម។
«ប្អូនអាចនឹងបាក់ទឹកដោះរហូតដល់ឈឺបាន ចេយ៉ុង សន្យាថានឹងត្រលប់មកវិញជាមួយទឹកដោះគោសម្រាប់ប្អូន!» ថេយ៉ុង បានត្រឹមតែនៅស្ងៀមរហូតដល់ពេលដែលកូនប្រុសចាកចេញទៅបាត់។ នៅឯខាងក្រៅរូងភ្នំមានហ្វូងសត្វគោច្រើនណាស់បណ្តើរគ្នាស៊ីស្មៅដែលលាស់ត្រួយបៃតងខ្ចីជាច្រើនក្បាល។
«គោញី..ហិហិទីបំផុតរកឃើញហើយយ៎េ!» ចេយ៉ុង សំដែងភាពត្រេកអរកខិបកខុបរួចស្ទុះដើរចូលទៅរកហ្វូងសត្វគោជាច្រើនក្បាលនោះ ហើយឆ្ពោះទៅរកគោមេញីមុនគេ។
«ខ្ញុំមិនខ្លាចការស្លាប់ទេ ខ្ញុំជាមនុស្សពូកែដូចជាលោកអនុសនីយ៍ឯក ចន ជុងហ្គុក ឪពុកជាទីស្រលាញ់របស់ខ្ញុំ បើខ្ញុំអាចស្វែងរកទឹកដោះគោនិងចំណីអាហារមកឱ្យម្តាយនិងប្អូនប្រុសរបស់ខ្ញុំបាន ខ្ញុំគឺជាកូនច្បងដ៏សែនពូកែ។ គោមេញីមានចិត្តល្អហា..ហាមធាក់ខ្ញុំឮទេ? សុំច្របាច់ដោះ យកទឹកដោះគោឱ្យប្អូនរបស់ខ្ញុំបន្តិច! បើឯងយល់ព្រម ខ្ញុំនឹងដឹងគុណឯងពេលពេញមួយជីវិត..» ចេយ៉ុង និយាយទន្ទឹមនឹងពេលចាប់ទាញបាននូវដបទឹកដោះគោចេញមកដើម្បីត្រងយកទឹកដោះគោដែលគេបានច្របាច់ចម្រាញ់ពីដោះសត្វគោមកទុកក្នុងដបនោះទាល់តែពេញរួចរាល់ទើបដើរបង្ហួសចូលទៅឈរខាងមុខគោញីរួចលើកដៃអង្អែលថ្នមៗលើក្បាលរបស់វាសើរៗ។
«អរគុណមិត្តសំឡាញ់..» និយាយរួចគេក៏បែរខ្លួនប្រញាប់ប្រញាល់ដើរចាកចេញត្រលប់ទៅវិញ។
«ថេយ៉ុង ឃ្លានទេកូន?» លោកស្រី ថេរីណា បីចៅប្រុសតូចវិលត្រលប់ចូលមកក្នុងរូងភ្នំវិញ ប្រទះឃើញ ថេយ៉ុង ភ្ញាក់ដឹងខ្លួនឡើងគាត់ឯណេះនឹកចិត្តបារម្ភស្ទើរតែនៅមិនស្ងប់។
«ម៉ាក់..កូនរបស់ខ្ញុំ..» ថេយ៉ុង ច្រត់ដៃក្រោកឡើងអង្គុយទាំងដែលថ្នេរនៅមិនទាន់ជាសះស្បើយទើបនាំឱ្យគេឈឺចាប់ខ្ទោកៗនៅមិនស្ងៀម។
«ថេយ៍..ថេយ៍ កុំក្រោកអីសំងំសម្រាកចុះកូន!» លោកស្រីថេរីណាជ្រួយច្របល់រត់ទៅប្រាប់កូនប្រុសព្រមទាំងដាក់អាល្អិតតូចក្បែរខ្លួន ថេយ៉ុង ដែលទម្រេតខ្លួនគេងម្តងទៀត មុនពេលសម្លឹងមើលមុខកូនប្រុសមិនបានអម្បាល់ម៉ានទឹកភ្នែកស្រាប់តែធ្លាយហូរច្រាលចេញមកតក់ៗតាមដោយអារម្មណ៍រំជួលចិត្តមិននឹកស្មានកូនដ៏កម្សត់ម្នាក់នេះអាចកើតចេញមកបានឃើញពន្លឺថ្ងៃសោះមើលចុះតូចតែមួយ រាងកាយខ្វះជីវជាតិចំណីអាហារ ថែមទាំងគ្មានកន្លែងសម្រាកនៅសមរម្យទៀតគួរឱ្យអាណិតខ្លោចចិត្តណាស់។
«កូនម៉ែ!» ថេយ៉ុង ស្រវ៉ាចាប់លើកកូនទារកតូចមកដាក់លើដើមទ្រូងយំគគ្រូកឮសូរហ៊ោៗស្រណោះស្រណោកណាស់ មុនពេលឈ្ងោកថើបថ្ងាសកូនប្រុសមួយដង្ហើមយ៉ាងវែងដោយបង្ហាញពីក្តីស្រលាញ់អស់ពីបេះដូង។
«សឺត!!»
«មកវិញហើយៗ មកវិញហើយៗ..» សំឡេងស្រួយស្រែសស្រែកឧទានឡើងវត្តមានក្មេងប្រុសអាយុ៣ឆ្នាំជាងទៅហើយនោះក៏បានរត់ចូលមកដោយមានទឹកដោះគោស្រស់មកជាមួយនឹងស្នាមញញិមដ៏រីករាយ។
«អាអូនអើយ-បងមកវិញហើយ នេះទឹកដោះគោហិហិ..»
«ចេយ៉ុង អ្ហា!!» ថេយ៉ុង ស្រែកយំរហាមនឹកស្មានថាកូនទៅចួបគ្រោះថ្នាក់អ្វីហើយ មុននេះគេបារម្ភស្ទើរស្លាប់ស្ទើររស់មិនដឹងថាកូនយ៉ាងម៉េចទៅហើយទេ បើគេឈឺដេកងើបមិនរួចផង ក្មេងតូចប៉ុនកូនដៃបែរជាហ៊ានក្លាហានចាកចេញទៅស្វែងរកទឹកដោះគោមកផ្គត់ផ្គង់ប្អូនប្រុស សមណាគេជាម្តាយឪពុកក្មេងទៀតប្រាកដជាមានអារម្មណ៍ហេងហាលខ្វាយខ្វល់ស្លាប់ហើយ។
«ចេយ៉ុង អត់បានកើតអីទេ ចេយ៉ុង យកទឹកដោះគោមកឱ្យប្អូន!» អាល្អិតអះអាងទាំងទឹកមុខញញិមញញែម ប៉ុន្តែពោពេញទៅដោយសេចក្តីនឿយហត់ពិតពិបាកនឹងបរិយាយ មុខមាត់របស់គេប្រឡាក់សុះទៅដោយធូលីដីស្រមកស្រមាម រាងកាយស្គមស្គាំង កែវភ្នែកតក់សុទ្ធតែសំណើមសថ្លា ដៃជើងមានដំបៅសុះ សម្លៀកបំពាក់ប្រឡាក់ប្រឡូស ពូកែតស៊ូអត់ធ្មត់ចង់មានជីវិតរស់នៅខ្លាំងណាស់។
«លោកយាយ..ទឹកដោះគោ!» លោកស្រីថេរីណា ងក់ក្បាលទទួលយកទឹកដោះគោពីដៃចៅប្រុសមកកាន់រួចបន្តវាយកទៅច្រោះនឹងក្រណាត់សស្អាតមួយផ្ទាំងដើម្បីច្រោះយកមេរោគចេញពីទឹកដោះគោនោះទោះដឹងថាវាមិនស្អាតគ្រប់គ្រាន់ល្អយ៉ាងណាក៏ដោយ តែក៏គ្រាន់បើជាងការដែលទុកឱ្យចៅប្រុសតូចរបស់គាត់ស្រែកយំព្រោះតែការអត់ឃ្លាននោះដែរ។
«ហេតុអីទើបជើងកូនមានរបួស?» ថេយ៉ុង ក្រឡេកទៅសម្លឹងមើលឃើញស្លាកស្នាមដំបៅជាច្រើនដែលដុះឡើងរញឹកគ្នាលើស្បែករបស់កូនធ្វើឱ្យខ្លួនមានអារម្មណ៍ពិបាកជាខ្លាំងរកថាមិនត្រូវ។
«ចេយ៉ុង ចេញទៅរកទឹកដោះគោមកឱ្យប្អូនបន្ទាប់មកក៏មុតបន្លាប៉ុន្តែកូនមិនឈឺទេ ម៉ោះអាអូនមកបៅទឹកដោះគោណា៎!» ចេយ៉ុង គ្រវីក្បាលបញ្ជាក់ពីការមិនបានកើតអ្វីធ្ងន់ធ្ងរ ថេយ៉ុង ឯណោះក៏ស្រាប់តែយំសោកជ្រាបទឹកភ្នែកដោយបេះដូងចុកអួល ដៃម្ខាងក្រសោបកណ្តៀតកូនប្រុសជាប់ពុំលែង រីឯដៃម្ខាងទៀតក៏លូកចូលទៅចាប់ទាញកូនច្បងមកឱបរឹតយ៉ាងណែន។
«ចេយ៉ុង!!!» ថេយ៉ុង ផ្ងើយមុខឈ្មុលទៅថើបលើថ្ពាល់រលោងស្រិលបង្ហាញពីសេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះកូនប្រុសច្បងមុននឹងអង្អែលត្រដុសលើផែនខ្នងតូចថ្នមៗព្រមទាំងផ្តល់ស្នាមញញិមដ៏កក់ក្តៅទៅកាន់ ចេយ៉ុង ដែលជាកូនប្រកបដោយគន្លងធម៌ល្អម្នាក់។
«កូនពូកែណាស់ ចេយ៉ុង កូនធ្វើឱ្យប៉ាមានក្តីសង្ឃឹមចង់រស់នៅបន្តទៀតណាស់!»
«ចេយ៉ុង នឹងមើលថែប៉ារួមទាំងលោកយាយជាមួយនឹងប្អូន ចេយ៉ុង សន្យាថាមិនធ្វើឱ្យនរណាម្នាក់មកលំបាកដោយសារតែកូនទៀតទេ ចេយ៉ុង មានសំណាងណាស់បានកើតមកជាកូនរបស់អ្នកទាំងពីរនោះ!» ចេយ៉ុង លូកដៃចាប់ក្តោបថ្ពាល់ ថេយ៉ុង ទាំងគូមុននឹងឱនទម្លាក់ស្នាមថើបលើបបូរមាត់ ថេយ៉ុង មួយដង្ហើមយ៉ាងវែង រួចញញិមដោយការពេញចិត្តខ្លាំងបំផុត។
បីថ្ងៃបានកន្លងផុត..
ចលនាសង្គ្រាមដ៏ធំនេះនៅតែមិនទាន់អាចនិយាយបានពីលទ្ធផលឈ្នះចាញ់បាននៅឡើយទេថ្លុកឈាមនៅតែបន្តហូរដាបដាលមិនទាន់រីងស្ងួតនៅឡើយ។ ស្នូរគ្រាប់កាំភ្លើងបន្ទរបន្លឺឡើងបាញ់រះឥតឈប់ឈរញ៉ាំងឱ្យមានមនុស្សដេកដួលស្លាប់បន្តកន្ទុយគ្នាគ្មានទីបញ្ចប់។ គ្រាប់បំផ្លោងធំៗកម្ទេចទីក្រុងប៊ូសានស្ទើរតែខ្ទេចខ្ទីគ្មានសល់ពីយន្តហោះចម្បាំងរបស់យោធាជប៉ុន។ ផ្ទះសំបែង អគារពាណិជ្ជកម្ម ផ្សារ សាលារៀន ព្រមទាំងមន្ទីពេទ្យជាច្រើនទីកន្លែងឯទៀតក៏ទទួលរង់ដោយការបាក់បែកខូចខាតយ៉ាងតំណំ។
ជុំរំទ័ព..
កងទ័ពកូរ៉េខាងត្បូងបានប្រមូលផ្តុំគ្នាមកប្រជុំនៅក្នុងជុំរំទ័ពដោយមាន ជុងហ្គុក ជាអ្នកចាត់ចែងរៀបចំក្បួនអាជ្ញាសឹកដដែល។
«ពួកយើងត្រូវរៀបចំគោលការណ៍បង្ក្រាបថ្មីមានពីចំណុចសំខាន់ រួមមានការក្លែងបន្លំសម្លាប់និងការកម្ចាត់ដោយបើកចំហរ ថ្ងៃនេះជាថ្ងៃចុងក្រោយហើយពួកយើងត្រូវតែឈ្នះ!»
ផែនការពីធំៗមានដូចតទៅ..
១.ការក្លែងបន្លំ ! ពួកយើងត្រូវក្លែងបន្លំខ្លួនជាកងទ័ពយោធាជប៉ុន ការសម្គាល់មានដូចជា: ការបញ្ជាក់ពីការលើកដៃជាសញ្ញាម្រាមដៃចង្អុលឡើង ដើម្បីបង្ហាញប្រាប់ថាពួកយើងគឺជាយោធាកូរ៉េខាងត្បូងបន្លំខ្លួន។
២.ការកម្ចាត់ដោយបើកចំហរ ! ឧទាហរណ៍ : ពួកយើងបែងចែកកម្លាំងមានពីខុសគ្នា ១.កម្លាំងខ្លាំង ២.កម្លាំងខ្សោយ។ កម្លាំងខ្សោយគឺសំដៅលើការប្រើប្រាស់ដោយអាវុធចុងស្រួចទុកជាអាវុធការពារខ្លួនមិនតម្រូវឱ្យប្រើប្រាស់កាំភ្លើងនោះទេគឺសំដៅលើកងទ័ពបន្លំខ្លួន។ កម្លាំងខ្លាំងពួកយើងត្រូវប្រើប្រាស់កាំភ្លើងដើម្បីប្រយុទ្ធក្នុងសមរភូមិមុខជាការកម្ចាត់ដោយបើកចំហរ។
គ្រប់គ្នាយល់សាច់ការណ៍សព្វគ្រប់ជ្រុងជ្រោយហើយ ទើបងក់ក្បាលផ្ងក់ៗគោរពនិងធ្វើតាមបទបញ្ជារ។
«កម្លាំងខ្លាំងដឹកនាំដោយពលបាត ណាមជុន ស៊ុកជីន និង យ៉ុនហ្គី ចំណែកឯកម្លាំងខ្សោយដឹកនាំដោយពលបាត ហូស៊ុក និង ជីមីន អ៊ិនសុង រួមទាំង មីនជុង។ បំបែកជួរ..»
ជុងហ្គុក ស្រែកយោធាទាំងអស់គ្មានភាពអេះអុញក៏ប្រញាប់ប្រញាល់ចាកចេញទៅបំបែកជួរគ្នាធ្វើតាមការបញ្ជារបស់លោកអនុសនីយ៍ឯកឥតរារែកចិត្ត។
«កុំបារម្ភអីបង..លើកនេះជាតួនាទីរបស់ពួកបងហើយ ធ្វើវាកុំរាថយឱ្យសោះ!» ហូស៊ុក ងក់ក្បាលទទួលស្តាប់តាមសម្តីរបស់ ជុងហ្គុក ពុំប្រកែកទោះបីជាយ៉ាងណាក្តីទាំងនេះគឺជាកាតព្វកិច្ចរបស់គេស្រាប់ទៅហើយត្រូវតែខំពុះពារឱ្យដល់ទីបញ្ចប់ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព។ យោធាដែលបែងចែកចេញជាកម្លាំងខ្សោយ ពួកគេអាចប្រើប្រាស់បានត្រឹមតែជា កាំបិត ស្នរ ពូថៅ តែប៉ុណ្ណោះ។ ពួកគេត្រូវស្លៀកពាក់ឯកសណ្ឋានជាយោជប៉ុនដោយគូសមុខធ្យូងខ្មៅលើថ្ពាល់ជាម្រាមដៃបីតាមរបៀបនៃការបន្លំខ្លួនដែលយោធាជប៉ុនបានប្រើប្រាស់មធ្យោបាយទាំងនេះមុនពេលចេញប្រយុទ្ធជារឿយៗដើម្បីសម្គាល់ពីអត្តសញ្ញាណរបស់ពួកគេដូច្នេះ។
នៅពេលដែលបានស្លៀកពាក់រួចរាល់ហូស៊ុក រួមទាំងជីមីន នាំខ្លួនចាកចេញទៅជាមួយដំណើរជំហ៊ានដ៏ស្វាហាប់ដើម្បីចាត់ចែងរឿងដែលត្រូវធ្វើ ជំហ៊ានដំបូងពួកគេត្រូវទៅឱ្យដល់ជុំរំទ័ពជប៉ុនមុនគេបង្អស់។
«ចេញដំណើរ!» ជីមីន ស្រែកដោយនាំមុខទៅមុនគេ។
YOU ARE READING
💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓
Romansគ្រប់យ៉ាងឈរនៅចំប្រយោគថា ស្រលាញ់!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM