សម្តីក្នុងទឹកមុខពិរុទ្ធរបស់ ថេយ៉ុង ធ្វើអោយហ្វីយូបាញ់កែវភ្នែកភ្លឹះ ព្រិចញ៊ាំៗ សម្លឹងលោកពូដែលពុំទាន់ក្រោកចេញទៅណា គេលេបទឹកមាត់ផ្សើមបំពង់កមួយក្អឹក ហើយធ្វើជាវាសដៃបក់ ប៉ផាត់ៗទៅមកៗ ក្បែរត្រចៀកនាងក្រមុំ ថែមទាំងប្រទេចដាក់ខ្យល់ចោល៖
«អាមូសថោកទាប យើងនឹងតាមទះឯងទាល់តែកំពៀតអាចម៍» ល្បិចខ្ពស់មិនងាយអោយនរណាតាមទាន់ តែគិតឬថាហ្វីយូនាងមិនដឹងពីអ្វីដែលលោកពូធ្វើមកលើពេលនាងកំពុងគេងនោះ?
«ពូជេរខ្លួនឯងធ្វើអី?» ហ្វីយូ ចងចិញ្ចើមសួរចំៗមិនបញ្ឆៀង កែវភ្នែកទាំងគូក៏មិនព្រមងាករេទៅណា សម្លឹងចំផ្ទៃមុខលោកពូតែមួយមុខ រហូតធ្វើអោយអ្នកដែលត្រូវគេដេញជើងទាន់ ញ័រមាត់រដិករដុប រៀបឆ្លើយសឹងមិនត្រូវពាក្យ ព្យាយាមបកស្រាយដដែលៗ ដោយសម្តែងទឹកមុខយ៉ាងប្រាកដប្រជា បន្លប់កុំអោយនាងមើលចិត្តធ្លុះ៖
«មិន...មិនមែនទេ...កុំយល់ច្រឡំលើពូអោយសោះណា មិញនេះគឺមូសវា...អ៊ុប!!!» ពាក្យសម្តីទាំងប៉ុន្មានដែលគិតក្នុងចិត្តថានឹងត្រៀមលើកមកបកស្រាយបំភ្លៃទៅហើយ ស្រាប់តែ ហ្វីយូ យកដៃទាំងគូទៅក្រសោបមុខលោកពូឱ្យបន្ទាបចុះភ្លាមៗ បន្ទាប់ នាងក៏ផ្ងើយ.កឡើង ថើបផ្តិតបបូរមាត់លោកពូដោយប្រើមាត់របស់នាងផ្ទាល់ៗ លែងមានអារម្មណ៍អៀនខ្មាស ព្រោះនាងត្រូវការបែបនេះ នឹងរងចាំឱកាសនេះជាយូរមកហើយ គ្រាន់តែមិនហ៊ានប្រាប់លោកពូតែប៉ុណ្ណោះ។
ខណៈនេះផ្ទៃមុខអ្នកទាំងពី កៀកគ្នាបង្កើយ បបូរមាត់ស្រទន់ទាំងគូក៏ពិតប្រសព្វគ្នាជាប់ ស្របពេលម្ចាស់កែវភ្នែកកំពុងលួចបាញ់ក្រសែភ្នែកសម្លឹងរកគ្នាទៅវិញទៅមក រហូតភ្លេចធ្វើចលនាថើបមាត់ដូចជាគូស្នេហ៍ដទៃ ព្រោះនាងមិនធ្លាប់ ហើយលោកពូ ក៏នៅស្រឡាំងមិនទាន់បាត់នៅឡើយ គេបើកភ្នែកធំៗដោយការភ្ញាក់ផ្អើលពេញមួយទំហឹង មិនធ្លាប់នឹកស្មានទាល់តែសោះថានាងហ៊ានថើបគេដោយខ្លួនឯង ដោយមិនចាំគេប្រាប់ ឬ គេទៅលួចថើបនាងដូចអម្បាញ់មិញនេះ។«ខ្ញុំមានរឿងក្នុងចិត្តខ្លះចង់ប្រាប់លោកពូ!!!» នាងតូច បន្លឺប្រយោគនេះឡើង ក្រោយពេលដកបបូមាត់ ចេញពីមាត់លោកពូយឺតៗ រួចសម្លឹងក្នុងចក្ខុថ្លាយ៉ង់របស់លោកពូចំៗ៖
«បាទ!!!ពូនឹងចាំស្តាប់សម្តីក្មួយស្រីពូគ្រប់ម៉ាត់» សម្តីផ្អែមមិនខុសទំនង ដែលបញ្ជាក់កាន់តែច្បាស់តាមរយៈកាយវិការ ខណៈគេយកលូកម្រាមដៃក្នុងសសៃសក់ទន់រលោងរបស់ក្មួយ ហើយប្រើម្រាមមេដៃវាសអង្អែលថើៗលើថ្ពាល់ក្រពុំខ្ចី ក្រហមព្រឿងៗម៉ត់ខៃដូចសាច់កូនង៉ែត ដែលធ្វើអោយគេលួចសង្កៀតធ្មេញគ្រឺត ចង់តែចាប់ក្រញិចអោយទក់