ភាគ៣២

2.4K 109 14
                                    

មិនចម្លែក!!! ភោជនីយដ្ឋានលំដាប់ផ្កាយ ទំនើបកប់ពពកថ្នាក់នេះហើយ មិនថាជាបុគ្គលិករីសឹប ឬអ្នកបម្រើផ្នែកស័រវីស សុទ្ធតែសង្ហាៗមិនចាញ់តារាប៉ុន្មានឡើយ រហូតធ្វើអោយនាងក្រមុំច្រឡំភាន់ភាំងអស់មួយខណៈ ព្រោះស្មានថាជាមនុស្សប្រុសដែលម៉ាដាមបាននិយាយថានឹងមកដល់មុននេះ តាមការពិត គ្រាន់តែជាអ្នកយកម្ហូបអាហារមកបម្រើសោះ។
«ហ្វូ...» ហ្វីយូ យកបាតដៃដាក់នឹងដើមទ្រូងរួចព្រួសដង្ហើមតាមមាត់បែបធូរចិត្ត ស្របពេលបុគ្គលិកសង្ហាកំពុងតែរៀបចំអាហារដាក់នៅចំពោះមុខ ពេលកំលោះម្នាក់នោះដើរចេញទៅ ថេយ៉ុងក៏តាមសង្កេតមើលមួយដង្ហើម មុននឹងបែរមករកនាងតូច
«កើតអីដែរទេ? ឬក៏មិនស្រួលខ្លួន ពូនាំទៅផ្ទះវិញ» លោកពូ ឈ្ងោកមុខសួរក្មួយស្រីដោយការបារម្ភ ពេលឃើញទឹកមុខនាងស្លេកស្លាំងចម្លែក ទើបយកម្រាមដៃអង្អែលថ្ពាល់នាងថើរៗ ហ្វីយូមិនហ៊ានមាត់ បានតែក្រវីក្បាលតតាត់ ខណៈកែវភ្នែកលបលួចសម្លឹងម៉ាដាមតាមកន្ទុយភ្នែក ភ្លាមនោះវ័យចំណាស់ក៏ធ្វើជាក្អកគ្រហែមជាច្រើនលើកច្រើនសារ យ៉ាងគួរអោយរំខាន ទាល់តែថេយ៉ុងដកដៃចេញពីថ្ពាល់ក្មួយ រួចងើបមើលមុខគាត់ ទើបគាត់រហ័សដកក្រសែភ្នែកបែរទៅមើលអ្វីផ្សេងធ្វើមិនដឹង៖
«ហើយចុះឯណាម្នាក់ដែលម៉ាក់ថាបានមកដល់ហើយនោះ?ម៉ាក់មានអ្វីលាក់បាំងពួកយើងមែនទេ?» ថេយ៉ុង ចិត្តសឿងសួរដោយការឌឺដង ព្រោះ អ្នកម៉ាក់កំពុងតែយកដុំរងើកភ្លើងមកដុតរោលពេញទ្រូងកូនប្រុសគាត់មិនឈប់ សម្តីស៊កសៀត ឆ្កឹះឆ្កៀលប្រសាទគេស្ទើរតែឆ្កួតម្តងៗ។

«ហ្វីយូ ម៉ាក់យាយមានរបស់ម្យ៉ាងអោយចៅណា» គាត់មិនតបនឹងសំណួររបស់កូនប្រុស តែក៏លើកយករឿងផ្សេងមកនិយាយ បន្ទាប់មកគាត់ក៏លូកយកប្រអប់រាងការ៉េពណ៌ក្រហមបួនជ្រុង ចេញពីកាបូប ទាំងញញឹមញញែម ស្របពេលហ្វីយូតាមសម្លឹងឥតព្រិច មិនខុសពីថេយ៉ុងប៉ុន្មាន រំពេចនោះ បេះដូងនាងក្រមុំលោតឌុកឌាក់ៗ ទាំងផិតភ័យ ពេលម៉ាដាមបើកប្រអប់នោះ មកបង្ហាញអោយឃើញចិញ្ចៀនរៀបការពីរវង់ដាក់នៅទន្ទឹមគ្នា ដោយមួយវង់ជារបស់មនុស្សស្រី ហើយមួយទៀតជារបស់មនុស្សប្រុស ហើយភ្លាមៗគាត់ក៏និយាយឡើង៖
«នេះជាចិញ្ចៀនភ្ជាប់ពាក្យរបស់ឯង ពាក់វាលោមើល ល្មមឬអត់?» គាត់ដកចិញ្ចៀនតូចមួយ ដែលមានដាំត្បូងពេជ្រភ្លឺចិញ្ចាចមកកាន់ រួចក៏ក្រោកឈរដើរទៅក្បែរមុននឹងចាប់ទាញប្រអប់ដៃតូចមកកាន់យ៉ាងថ្នាក់ថ្នម រួចស៊កចិញ្ចៀនចូលដៃនាងដោយស្នាមញញឹមលម្អ ធ្វើអោយថេយ៉ុងដែលខឹងក្រេវក្រោធ អង្គុយសឹងតែទប់ខ្លួនលែងជាប់ ព្រមទាំងចាប់ទាញដៃហ្វីយូគ្រវាសចេញ ហើយស្រែកគំហកឡើងទាំងកម្រោល៖
«ម៉ាក់ធ្វើបែបនេះមិនបានទេ!!!លុះត្រាតែនាងឆ្លើយថាព្រមឬមួយក៏មិនព្រមសិន»ស្របសម្តីគេដាក់រាងតូចអោយអង្គុយនៅម្ខាងគេចពីអ្នកម៉ាក់ ចំណែក ហ្វីយូ រវល់តែភ្លាំងភ្លឹក ភ្នែកឡើងសស្លាំង ព្រោះគាំងពេញទំហឹង រហូតទាំងភ្លេចដកដៃបដិសេដពេលម៉ាដាមយកចិញ្ចៀនមកពាក់។
«ចុះម៉ាក់សួរពេលនេះបានទេ?»ម៉ាដាមគ្រាន់តែមានបំណងចង់ងាកទៅសាកសួរយោបល់ពីសមីខ្លួន ស្រាប់តែភ្លាមៗ ថេយ៉ុងក៏ឆ្លើយអាកាត់ជំនួស ដោយមិនចាំអោយគាត់បង្ហើបសំណួរទាន់៖
«នាងប្រាប់កូនរួចហើយថាមិនព្រម មិនព្រមដាច់ខាត»គេឆ្លើយផាំងៗទាំងខឹងញ័រទ្រូងជាងហ្វីយូទៅទៀត
«ប្រាកដហើយឬ? ច្បាស់ក្នុងចិត្តហើយមែនទេថានាងនឹងឆ្លើយបែបនោះ?បើនាងមិនទាំងស្គាល់មុខផងថាប្រុសម្នាក់នោះជានរណា?» ម៉ាដាមគីមញញឹមតិចៗ រួចខ្វែងដៃឱបពើងទ្រូងដាក់ដាក់កូនប្រុសយ៉ាងមានអំនួត តែថេយ៉ុង មិនខ្វល់ ហើយក៏មិនអាចរងចាំស្តាប់ចម្លើយអ្វីទៀតដែរ គេចាប់ទាញដៃហ្វីយូមកដកចិញ្ចៀនចេញពីម្រាមដៃនាង រួចគប់ចោលទៅលើកម្រាលឥដ្ឋដោយគ្មានការសោកស្តាយ ហើយសម្លឹងមុខអ្នកម៉ាក់ចំៗដោយប្រើទឹកមុខបញ្ជាក់ការហត់នឿយក្នុងចិត្ត
«ពួកយើងទៅវិញ» ថេយ៉ុង ស្ទុះក្រោកដោយមិនភ្លេចចាប់ទាញរាងតូចអោយក្រោយព្រមជាមួយ បម្រុងថានឹងអូសនាងចេញទៅ ក៏ត្រូវបង្អាក់ភ្លាម៖
«ពូ...» ដៃតូចប្រឹងចាប់ប្រអប់ដៃគេទុក ខណៈលោកពូងាកសម្លក់មុខ ពេលឃើញនាងធ្វើឫកពារដូចជាចង់ដើរតាមគន្លងម៉ាដាមទាំងស្រុង ហើយម៉ាដាមក៏ឆ្លៀតផ្លែផ្លាថែមពីលើ អោយគេរឹតតែចុកទ្រូង៖
«ទើបតែមកដល់មុនដល់មុននេះសោះ តើឯងប្រញាប់ទាន់ហន់ទៅណា? អ្ហេ៎...ឬក៏មិនហ៊ានស្តាប់ការពិតចេញពីចម្លើយរបស់ហ្វីយូ?»គាត់សួរចប់ ស្របពេលដៃតូចត្រូវលោកពូព្រលែងចោលលែងអាល័យ ធ្វើអោយហ្វីយូរលីងរលោង ដង្ហើមស្ទើរតែរលត់ពេលឮសម្តីគេ៖
«សួរមក ព្រោះខ្ញុំក៏ចង់ដឹង!!!ប្រសិនបើនាងយល់ព្រមពិតមែន ខ្ញុំសុខចិត្តកាត់ផ្តាច់ចំណងពូនឹងក្មួយក្នុងពេលនេះ ហើយម៉ាក់ទទួលមើលថែរនាងចុះ» គេនិយាយមុខមាំ ដោយមិនក្រឡេកមើលអ្នកខាងឆ្វេងដៃសូម្បីចុងកន្ទុយភ្នែក
«ហ្វីយូបានឮពូនិយាយហើយមែនទេ?» ម៉ាដាមបែរទៅសួរនាងតូចបញ្ជាក់ការដឹងឮ ព្រោះបើស្តាប់ទៅ គឺគេមិនបានលេងសើចពិតមែន រឹតតែបង្ហាញយ៉ាងច្បាស់ថា គីម ថេយ៉ុង ជាមនុស្សចិត្តដាច់
«...» ហ្វីយូ ពេលនេះក្លាយជាមនុស្សថ្លង់ ពេលនរណាសួរអ្វី នាងបានតែងក់ក្បាលផ្ងក់ៗ ខាំមាត់សង្កត់ចិត្តព្រមទទួលរឿងគ្រប់យ៉ាង ហើយក្រោយមកម៉ាដាមក៏ទម្លាយសំណួរមួយឡើងដែលសមីខ្លួនទាំងពីរនឹកស្មានមិនដល់៖
«ម៉ាក់ឈប់អូសក្រឡាពួកឯងទៀតហើយ! នេះជាសំណួរដំបូងក៏ដូចជាសំណួរចុងក្រោយដែរ គឺម៉ាក់គ្រាន់តែចង់សួរថា តើហ្វីយូយល់ព្រមទទួលកូនថេយ៍ កូនប្រុសម៉ាក់ជាអនាគតប្តីដែរទេ?»

លោកពូសំណព្វWhere stories live. Discover now