ថេយ៉ុង យកអណ្តាតទល់ថ្ពាល់ដោយការផ្ចាញ់ផ្ចាល ថែមទាំងចិត្តសឿងដើរទៅជិតក្មួយស្រី ហើយឱនមុខសម្លឹងសំពត់ខើចខ្លីដែលឆែកប៉ុនពីរធ្នាប់ដៃ យកដៃទៅចាប់ច្បិចស្នាមឆែកនោះតិចៗ ក្នុងបំណងលោលេង តែក៏បន្លំមែន ដើម្បីអោយនាងរៀងចាល ព្រមទាំងងើបមុខសម្លឹងរាងតូច ហ្វីយូ ខឹងនឹងលោកពូឡើងក្រហមមុខ ហើយឈានជើងថយក្រោយគេចចេញពីគេយ៉ាងលឿន រួចស្ទុះទៅកញ្ឆក់កាបូបនឹងសៀវភៅពីស្រីបម្រើ មុននឹងកញ្ឆក់ខ្លួនដើរចេញពីបន្ទប់ ទៅខាងមុខភូមិគ្រឹះបាត់ មិនខ្វល់ពីក្រសែភ្នែកមួយគូ ដែលកំពុងតាមសម្លក់នាងពីក្រោយខ្នងទាំងក្តៅក្រហាយពេញទ្រូង អ្វីដែលគេហាមប្រាម នាងចូលចិត្តបំពាន បែបនេះគេនឹងរឹតតែហួងហែងនាងជាងមុនទៅទៀត។
«ហ្វីយូឈប់ភ្លាមណា៎!!!»ថេយ៉ុង ចេញទៅតាមយ៉ាងរហ័ស ខណៈម្ចាស់ម្លេងខំបោះជំហ៊ានញាប់ៗ ដើម្បីតាមអោយទាន់ស្រីច្រម៉ក់ដែលគិតតែខឹងងរខ្ទឺត រត់ចេញពីផ្ទះ មិនខ្វល់ពីការស្រែកហៅរបស់លោកពូ
«ហ្វីយូ កុំរឹងដាក់ពូបានទេ???»ថេយ៉ុង តាមទាន់ដំណើរ រហ័សចាប់កដៃក្មួយស្រីទុក តែក៏ត្រូវហ្វីយូរលាស់ចេញហើយបែរមកខាំមាត់សម្លក់ភ្នែកថ្មែរដាក់លោកពូ៖
«មកតាមខ្ញុំធ្វើអី ក្រែងពូចង់ឃើញខ្ញុំដើរស្រាតទៅរៀន?» នាងសួរបញ្ជួសទាំងមុខក្រញ៉ូវ ធ្វើអោយលោកពូយកដៃមកទះថ្ងាស់ខ្លួនឯងទាំងល្វីងខួរ ដែលមានក្មួយស្រីមហាកំពូលឌឺរឹងក្បាល គេថាយ៉ាងណា នាងក៏ចង់ធ្វើបែបនោះបញ្ឈឺចិត្តគេ ទាំងដែលដឹងហើយថាគ្រាន់តែជាសម្តីផ្គើនរបស់លោកពូក៏ដោយ ហើយខណៈនេះ នាងបម្រុងដើរទៅសាលាតាមសម្តីពូពិតមែន តែសំណាងហើយដែលគេតាមទាន់ត្រឹមច្រកទ្វារមាត់របងភូមិគ្រឹះទាន់៖
«អូខេៗ ស្លៀកចុះពូឈប់ហាមហើយ ស្លៀកចុះណា៎...» ថេយ៉ុង ថ្នមសម្លេងលួងលោមក្មួយស្រីដោយការហត់ចិត្ត ហើយព្យាមយាមបោះដៃទាំងគូ លាចាំអោយក្មួយស្រីចូលមកជ្រកក្នុងទ្រូងគេ ទើប ហ្វីយូ ព្រមនាំខ្លួនចូលក្រសោបឱបផែនទ្រូងកក់ក្តៅលោកពូដោយការសុខចិត្ត ទាល់តែបែបនេះទើបនាងស្ងប់ចិត្ត ព្រោះសម្តីគេលែងមានប្រសិទ្ធភាពហើយ ម្តងនេះគេសុខចិត្តចាញ់ទៅចុះ។
ពេលទទួលបានក្មួយមកឱបរឹតក្នុងរង្វង់ដៃ រំពេចនោះ ស្នាមញញឹមលើរង្វង់មុខលោកពូក៏ផុសឡើង ខណៈគេលួចសើចគ្រវីក្បាលតិចៗ ព្រោះហួសចិត្តនឹងក្មួយស្រីដែលពេញក្រមុំស្តូកទៅហើយ នៅប្រកាន់ឫកពារងរងក់ដូចក្មេង តែគេមិនលួងគឺមិនបានឡើយ បើមិនដូច្នោះ នាងខឹងដាច់ក្បាលដាច់កន្ទុយ នឹងរឹតតែធ្វើអោយលោកពូឈឺក្បាលក្រពុលមុខឥតល្ហែរាល់ថ្ងៃមិនខាន។
«ពីតៗ!!!» ពូនឹងក្មួយកំពុងតែឱបគ្នាផ្អេមល្ហែមសុខៗ ស្រាប់តែនរណាម្នាក់ចុចស៊ីផ្លេឡានផ្ទួនៗគ្នាពីរដង នាំសំឡេងដែលលាន់ឮខ្លាំងហោះចូលត្រចៀកអ្នកទាំងពីរអោយភ្ញាក់ក្រញ៉ាង បបួលអោយនាងច្រម៉ក់បែរទៅរកប្រភពសម្លេងយ៉ាងងាយនឹងភ្ជាប់ជាមួយស្នាមញញឹម៖
«ខ្ញុំត្រូវទៅសាលាហើយលោកពូ» ហ្វីយូ ដែលពិតក្បាលលើទ្រូងលោកពូ ក៏រហ័សងើបចេញពីទ្រូង នឹងរំសាយខ្លួនចេញពីរង្វង់ដៃលោកពូក្នុងកិរិយាប្រញ៉ាប់ប្រញ៉ាល់ រួចឱបសៀវភៅអឹបនឹងទ្រូង បង្វែរខ្លួនដើរសំដៅទៅឡានសេរីទំនើបពណ៌ខ្មៅមួយគ្រឿង ដែលសំចតចាំនៅមុខច្រកចូលនោះ«ហ្វីយូ ឈប់សិន!!!» ដោយសារនាងដើរទៅទាំងកញ្ឆក់កញ្ឆែង ឡាក់ឡើកៗ ដូចទឹកកន្លះក្អមដែលកំពុងឃ្លីងឃ្លោង ទើបលោកពូអត់មិនបាននឹងស្រែកហៅ ហើយរហ័សនាំខ្លួនទៅតាមរហូតដល់ក្បែរឡានទំនើបដែលនាងសំដៅទៅរកនោះ
«មិនបាច់ជិះឡានជាមួយគេទេ ចាំពូជាអ្នកជូនឯងទៅសាលា» មួយប្រយោគនេះ បបួលក្មួយក្រមុំអោយងាកបែរមករកលោកពូដោយខានពុំបាន ព្រមទាំងតបតវិញដោយការឃ្នើសចិត្តជាខ្លាំង៖
«ខ្ញុំធំហើយណា៎ពូ មិនមែនមិនចេះមើលឡានមើលម៉ូតូ ចាំអោយលោកពូដឹកដៃឆ្លងថ្នល់ដូចពីមុនទេ» ហ្វីយូ ឆាបឆួលអារម្មណ៍មួម៉ៅឡើងម្តងទៀត ពេលមានអារម្មណ៍ថាលោកពូកំពុងតែបំបិទសិទ្ធផ្ទាល់ខ្លួនរបស់នាងគ្រប់យ៉ាង សូម្បីតែជិះឡានជាអ្នកដទៃ ប៉ុន្តែថេយ៉ុងមិនបានគិតដូច្នោះ ដែលគេហាមប្រាមមិនអោយជិះ ក៏ព្រោះមានអារម្មណ៍មិនស្រួល នឹងមិនមានសុវត្ថិភាពទាល់តែសោះចំពោះហ្វីយូ ពេលគេដៀងក្រសែភ្នែកទៅកាន់ប្រុសកំលោះម្នាក់ដែលអង្គុយក្នុងឡាន ពាក់វ៉ែនតាកញ្ចក់ពណ៌ខ្មៅបិទបាំងកែវភ្នែក ញាត់អ៊ែរផតក្នុងត្រចៀកទាំងសងខាង ហើយអង្គុយទន្រ្ទើកជើងក្នុងឡានដោយឫកពារឡូយឆាយ ទាំងម្ចាស់រាងកាយដែលកំពុងរៀបរាប់ ស្ថិតក្នុងឯកសណ្ឋាជានិស្សិត បែបនេះតើគួរអោយទុកចិត្តដែរទេ ដែលត្រូវបណ្តោយអោយក្មួយស្រីក្រមុំបណ្តូលចិត្តតែមួយ ដែកគេមើលថែ ថ្នមថ្នាក់ដូចមានគ្រាប់ពេជ្យមានតម្លៃមួយគ្រាប់ក្នុងដៃ អោយទៅជិះឡានជាមួយប្រុសកំលោះដែលចម្លែកមុខ នឹងមានអាកប្បកិរិយាឆ្មើងកន្ទ្រើងបែបនេះ
«ចូលផ្ទះវិញ» ថេយ៉ុង កញ្ឆក់ដៃនាងតូ ស្របដោយសម្លេងបញ្ជាកំបុតកំបុយ ដោយគ្រាន់តែឮក៏អាចស្រម៉ៃឃើញថាគេមុខមាំកម្រិតណា តែនាងនៅក្រាញននៀលមិនព្រមទៅ ថែមទាំងដើរទៅគោះកញ្ចក់ឡាន ប៉ឹកៗ ហើយស្រែកហៅអ្នកខាងក្នុងឡានជាជំនួយអោយបើកទ្វារ៖
«បងជុង....បង...ជុងហ្គុក...»
«ហឹស!!!ហៅគេបងៗ អោយរលួយ!!!»នៅដើមប្រយោគ ថេយ៉ុងសើចគ្រហឹម ចម្អកអោយខ្លួនឯង ដែលគ្មានសមត្ថភាពអាចឃាត់ក្មួយស្រី បានត្រឹមឈរស្កៀតធ្មេញក្រេតក្រតដោយអារម្មណ៍ក្តៅក្រហាយពេញទ្រូង ដែលត្រូវមកឈរមើលក្មួយរឹងទទឹងចង់ជិះឡានជាមួយប្រុសដទៃជាងពូខ្លួនឯង គួរអោយខឹងណាស់។
«បងជុង!!!»
«អាវវវ៎» កំលោះតូចដែលអង្គុយក្នុងឡាន ភ្ញាក់ព្រើត នឹងស្ទុះងើបចេញពីបង្អែកសាឡុង ចាប់ដកកាស់ចេញពីត្រចៀក ហើយងាកមកម្ខាងកញ្ចក់ ដែលបង្ហាញអោយឃើញ ហ្វីយូ ដែលកំពុងតែឈរគោះទ្វា ហើយភ្លាមគេក៏លាន់មាត់តិចៗម្នាក់ឯងទាំងគួរអោយអស់សំណើចនឹងខ្លួនឯង៖
«ពុទ្ធោហ្អើយ៎.... ខំតែសម្ងំ!!! ស្មានតែពូមីងណាមកច្រឡំថាឯងអ្នករត់តាក់ស៊ីតើ!!»