ភាគ៥

5.2K 161 2
                                    

ថេយ៉ុង កាន់ប្រអប់ដៃតូចៗជាប់ ហើយទាញកន្សែងពោះគោមកជូតអោយក្មួយដើម្បីអោយស្ងួត បន្ទាប់ក៏លើកពរកាយតូចច្រម៉ក់របស់ហ្វីយូ ចេញពីបន្ទប់ ចុះតាមកាំជណ្តើរទៅជាន់ផ្ទាល់ដី សំដៅទៅបន្ទប់ទទួលភ្ញៀវ ដែលម៉ដាមគីមជាម្តាយ បានរៀបចំអាហារពេលព្រឹក ដាក់លើតុយ៉ាងរៀបរយ ជាស្រេចសម្រាប់ពួកគេ។
ថេយ៉ុង ដាក់ហ្វីយូអោយអង្គុយលើកៅអី ដែលនៅទល់មុខតុប្រណីត ជាកញ្ចក់រាងចតុកោណកែង ខណៈនោះ ចិញ្ចើមក្រាស់ស្អាតទាំងគូ ស្រាប់តែជ្រីវជ្រួញចូលគ្នា ពេលប្រទះឃើញថា អាហារថ្ងៃនេះ ខុសប្លែកពីរាល់ដង តើប្លែកត្រង់ណាទៅ?
«ម៉ាក់ ហេតុអីថ្ងៃនេះមានម្ហូបច្រើនមុខម្ល៉េះ?» គេងាកសួរអ្នកម៉ាក់ ដែលកំពុងរៀបចំចាននៅលើតុ ម្តងមួយៗ ហើយបង្វែរត្រឡប់មកមើល អាហារជាច្រើនមុខនៅពាសពេញតុ នេះបើមិនមែនជាអាហារពេលព្រឹក គេប្រហែលជាគិតថាថ្ងៃនេះមានភ្ញៀវមកលេងផ្ទះជាមិនខាន។
«នេះជាអាហារដែលហ្វីយូចូលចិត្តញ៊ាំ ទើបលោកស្រីលី ជាអ្នកធ្វើដោយផ្ទាល់ដៃ យកមកផ្ញើហ្វីយូនឹងណា៎ ហើយម៉ាក់ក៏ដាក់អោយពួកឯងញ៊ាំនឹងហើយ តើប្លែកអ្វីទៅ?» ម៉ាដាមគីម បកស្រាយប្រាប់កូនយ៉ាងក្បោះ ព្រមដោយស្នាមញញឹម ហាក់ពេញចិត្ត ពេលដែលគាត់ដឹងថា គ្រួសារនោះ ព្យាយាមចូលមកជិតស្និតនឹងគ្រួសារគាត់ ប៉ុន្តែផ្ទុយទៅវិញ គ្រាន់តែថេយ៉ុងឮឈ្មោះត្រកូលនោះភ្លាម ស្រាប់តែមានអារម្មណ៍ក្តៅក្រហាយភ្លែត៖
«មិនថាជាអំណោយអ្វីក៏ដោយ ម៉ាក់គួរតែឈប់ទទួលពីគេទៅ ដែលគេធ្វើបែបនេះ ច្បាស់ជាមានចេតនាអ្វីមួយមកលើពួកយើងហើយ» ថេយ៉ុង ស្រាប់តែស្រែកគំហកដោយការមិនពេញចិត្ត ធ្វើអោយម៉ាដាមលីឈរសម្លក់ភ្នែកដាក់ដោយការឃ្នើសចិត្ត ព្រោះកូនប្រុសគាត់ស្រាប់តែបញ្ចេញកំហឹងទាំងគ្មានហេតុផល តើខុសខាតអ្វីទៅ បើគ្រាន់តែទទួលអំណោយពីមនុស្សដែលធ្លាប់រាប់អានគ្នានោះ!
«តើកូនចាំបាច់ស្រែកអីថ្នាក់នេះ ឆាប់អង្គុយចុះហើយញ៊ាំបាយទៅ» វ័យចំណាស់ ខំនិយាយបន្លប់ដោយ លួងលោមគេអោយញ៊ាំអាហារ ទាំងដែលកូនប្រុស កំពុងតែក្តៅទ្រូងរងំពុំទាន់រសាយ ចំណែកហ្វីយូ អង្គុយបូញមាត់ស្រួចៗបែបកូនក្មេងឡិកឡក់ បើកភ្នែកភ្លឹសៗ សម្លឹងទៅរកលោកពូ ហើយឆ្លាស់គ្នានឹងបែរទៅមើលម៉ាដាមគីមដូចគ្នា សម្លឹងចុះឡើងៗ ក៏យកសមចាក់សាច់ពីក្នុងចានមកញុកមាត់ធ្វើមិនដឹង ព្រោះមិនយល់ពីមនុស្សចាស់ មិនដឹងជាប្រកែកគ្នារឿងអី បានជាស្រែកអីស្រែកយ៉ាងនេះ។
«ហ្ហឹមមម!!!» រាងខ្ពស់ ដាក់គូថអង្គុយចុះលើកៅអីមួយទំហឹងដោយការធុញថប់ តប់ប្រមល់ទ្រូង ព្រមទាំងព្រួសខ្យល់ដង្ហើមធំចេញមក ធ្វើអោយអ្នកជាម្តាយ បានត្រឹមតែគ្រវីក្បាលហួសចិត្ត តែគាត់ក៏លួចញញឹមញញែមម្នាក់ឯង ហាក់បញ្ជាក់ថាគាត់កំពុងតែមានដំណឹងល្អអ្វីមួយចង់និយាយប្រាប់កូនប្រុសគាត់
«ម៉ាក់ញញឹមរឿងអី?» ថេយ៉ុង ចិត្តសឿង បោះសំណួរទៅកាន់គាត់ទាំងទឹកមុខឌឺៗ ពេលគេប្រទះឃើញអាការៈគាត់សប្បាយអរ ចម្លែកខុសពីរាល់ដង ទើបសួរអោយអស់សង្ស័យ
«ម៉ាក់មានរឿងចង់ប្រាប់ឯង! គឺលោកស្រីលី មានកូនប្រុសអាយុ១០ឆ្នាំ គាត់ចង់ភ្ជាប់សាច់ភ្ជាប់ឈាម ជាមួយនឹងហ្វីយូចៅស្រីម៉ាក់»
«ហេតុអីម៉ាក់មិនឆាប់ប្រាប់ខ្ញុំអោយលឿនជាងនេះ?» សម្តីដែលថេយ៉ុងគេគ្រាន់តែគិតស្មានក្នុងចិត្ត នៅទីបំផុតក៏ត្រូវម៉ាដាមគីមដែលជាម៉ាក់ បន្លឺចេញមក នាំអោយគេកាន់តែមួម៉ៅបន្ថែមពីលើ រហូតស្ទុះក្រោកឈរពេញកម្ពស់ គំហកតឹងសសៃក សួរទាំងក្តៅចិត្ត ខណៈផ្ទៃមុខសង្ហារ ក៏ប្រែជាឡើងក្រហមងៀល
«ចុះពេលនេះម៉ាក់កំពុងតែប្រាប់ហើយតើ» គាត់បង្អូសសម្លេងបែបស្រទន់រាបស្មើ ស្របពេលដាក់បង្គុយក្បែរហ្វីយូ គាត់មិនបានខឹងក្រោធអ្វីឡើយ ព្រោះដឹងច្បាស់ថាចរឹកកូនប្រុសគាត់បែបណានោះ
«ចុះម៉ាក់បានព្រម ឬជាប់ខសន្យានឹងគេដែលទេ?» មើលទៅលោកពូហាក់ខ្វល់ខ្វាយពីរឿងនេះខ្លាំង ទើបបានជាខំសួរជីកឬសជីកគល់មិនឈប់
«ម៉ាក់មិនបានសន្យាអ្វីផង គ្រាន់ឆ្លើយតបនឹងគេថាព្រមតាមសំណើរតែប៉ុណ្ណោះ» ម៉ាដាមគីម ញាក់មុខតប ដោយឥតលាក់លាម ព្រោះជារឿងធម្មតាសម្រាប់គាត់ ណាស់តែកូនប្រុសកំពូលរបស់គាត់ទេតើ ដែលគ្រាន់តែឮដូចច្នោះភ្លាម ហាក់អន្ទះសារចិត្ត ក្រេវក្រោធខុសទំនង៖
«ពុទ្ធោហ្អើយ ម៉ាក់!!! រឿងគូស្រករ អាចគិតគូពេលក្រោយបាន តែហេតុអីម៉ាក់សម្រេចចិត្តភ្លាៗម ដោយមិនពិភាគ្សាជាមួយខ្ញុំអញ្ចឹង? ឬម៉ាក់បារម្ភខ្លាចចៅអត់ប្តី?» ប្រុសកម្លោះ យកដៃទំងគូមកច្រត់ចង្កេះច្រង៉េងង៉ាងដាក់អ្នកម៉ាក់ ធ្វើដូចជាគេនឹងជាសមីខ្លួនហ្វីយូយ៉ាងអញ្ចឹង
«មិនខ្វល់ទេ សំខាន់ម៉ាក់ព្រមនឹងគេរួចហើយ» ម្តងនេះម៉ាដាមគីមបោះប្រយោគទៅកាន់កូនប្រុស ដោយទឹកមុខនឹងធឹង ដែលបញ្ជាក់ថាគាត់មិនបាននិយាយលេងសើចជាមួយ ធ្វើអោយអ្នកកម្លោះបង្ហាញកែវភ្នែកមិនពេញចិត្តមកកាន់គាត់ ថែមទាំងធ្វើឬកពារងរងក់ដូចកូនក្មេងអាយុបីខួប គេដើរចេញពីតុអាហារដោយមិននិយាយស្តីអ្វីរកគាត់មួយម៉ាត់ សូម្បីតែហ្វីយូជាក្មួយបណ្តូលចិត្តគេ ក៏មិនងាកមើលសូម្បីប្រើចុងកន្ទុយភ្នែក នាងធ្វើមុខជូរៗ ទាំងបង្ខិតខ្លួនទៅក្បែរម៉ាដាមគីមហើយសួរ៖
«ម៉ាក់យាយ... មិញនេះពូថេយ៍កើតអី?»
«ពូថេយ៍គ្រាន់តែអារម្មណ៍មិនល្អ គេមិនបានកើតអីទេ កុំបារម្ភអីណាហ្វីយូ! ឆាប់ញ៊ាំអាហាររបស់ចៅអោយឆ្អែតណា៎» វ័យចំណាស់ យកប្រអប់ដៃជ្រីវជ្រួញរបស់គាត់ ទៅអង្អែលសសៃសក់ក្មេងតូច ដោយសម្តីលួងលោម ព្រមទាំងញញឹមតិចៗ ហ្វីយូ ក៏ងក់ក្បាលតិចៗទទួលដឹងនូវសម្តីរបស់គាត់ រួចក៏បន្តញ៊ាំអាហាររបស់នាងដោយក្តីរីករាយ។

មួយសន្ទុះក្រោយមក បន្ទាប់ពីនាងញ៊ាំរួចរាល់ ហ្វីយូ តោងបង្កាន់ដៃ ត្របាញ់ជើងរត់ឡើងតាមកាំជណ្តើរញាប់ៗ សំដៅទៅរកបន្ទប់របស់លោកពូ ពេលទៅដល់មុខបន្ទប់ភ្លាម ក៏ប្រទះឃើញទ្វាបន្ទប់ចំហរស្រាប់ ធ្វើអោយស្រីតូចច្រម៉ក់ ញញឹមខ្ជឹបមាត់ ប្តូរជាបោះជំហ៊ានលបៗចូលទៅ ក្នុងទឹកមុខក្រមិចក្រម៉ើម ស្របពេលលោកពូ អង្គុយផ្ទាល់លើកម្រាលឥត បែរខ្នងដាក់ ខណៈម្រាមមេដៃក៏វាសលើអេក្រង់ទូរស័ព្ទចុះឡើងៗ ទាំងខួរក្បាលកំពុងស្មុគស្មាញខ្លាំង ស្រាប់តែសុខៗ ក៏មានប្រអប់ដៃតូចៗមួយគូចេញមកពីក្រោយខ្នង មកផ្ទប់លើភ្នែករបស់គេទាំងសងខាង បិទជិតឈឹង៖
«ចង់អោយពូទាយទៀតហើយមែនទេ?»
«ចាស៎» ទោះបីលោកពូសួរដោយភាសាសោះកក្រោះ ប៉ុន្តែហ្វីយូនៅតែមានស្នាមញញឹម ថែមទាំងតបមួយម៉ាត់ដោយសម្លេងស្រួយស្រេះ ទៅកាន់លោកពូយ៉ាងពិរោះ
«ពូមិនលេងចូលទេ»
«ហេតុអីទៅពូ» ការដែលគេធ្វើឬកពារមិនចង់អើរពើរនងអ្នកណា ធ្វើអោយហ្វីយូដែលស្តាប់ឮ ឈរពេបមាត់ កែវភ្នែករលីងរលោងពីក្រោយខ្នង ព្រមទាំងទម្លាក់ដៃតូចៗទាំងគូ អោប.កលោកពូយ៉ាងជាប់ស្អិត៖
«ពូខឹងនឹងម៉ាក់យាយមែនទេ?»
«អត់ទេ!!!» មុននេះគេទទួលស្គាល់ថាខ្លួនរៀងច្រលោតសម្តីបន្តិច ប៉ុន្តែបន្ទាប់ពីទទួលការអោបពីក្មួយ កំហឹងទាំងប៉ុន្មានក៏រសាយបាត់បង់ ថែមទាំងលួចញញឹមមិនអោយនាងដឹង ហើយឆ្លើយពីរម៉ាត់កំបុត ធ្វើដូចមិនចង់និយាយជាមួយនាង!!! ខឹងម៉ាក់លើកក្មួយអោយកូនគេ នៅមិនទាន់បាត់ផង ឥលូវសុំងរអោយយូរបន្តិច
«ចុះហេតុអីពូមិនញ៊ាំបាយ?» ហ្វីយូបន្តសួរ ស្របពេលចុងច្រមុះបន្លំសង្កត់ថើបសសៃសក់ទន់ ក្រអូបៗរបស់លោកពូពីក្រោយ
«មិនឃ្លាន ឈឺពោះ» គេឆ្លើយឆ្កុយៗ ទាំងខំទប់សំណើច ព្រោះចង់ធ្វើងរងក់ អោយក្មួយជាអ្នកលួងម្តង!!!
«ឈឺពោះ រាគមែនទេពូ?»

លោកពូសំណព្វWhere stories live. Discover now