«ថេយ៍!!!» វ័យចំណាស់ហៅកូនប្រុសដោយសម្លេងដាក់កំហិត ហើយគាត់ដើរចូលទៅជិតពួកគេ ខណៈថេយ៉ុងនៅតែដើរថយៗ គេចទៅជ្រុងតុម្ខាងទៀត ដៃដែលពរហ្វីយូ ក៏ធ្វើជាអោបក្រសោបកាយតូចថ្នមៗ ហួងហែងក្មួយពីអ្នកម៉ាក់លើសដើម
«ម៉ាក់កូនងងុយមែនទែនហើយ មែនទេហ្វីយូ? តោះយើងឡើងទៅបន្ទប់វិញ» លោកពូអោនមុខមកសួរ រួចក៏ប្រញាប់ឆ្លើយដោយខ្លួនឯង ទាំងដែលហ្វីយូមិនទាន់ថាអីមួយម៉ាត់ផង តែជាក់ស្តែង នាងនៅតែពេញចិត្តពាក្យសម្តីរបស់លោកពូដដែល ហើយក៏រឹតតែត្រេកអរថែមទៀតពេលឮលោកពូប្រាប់ថានឹងឡើងទៅបន្ទប់ ព្រោះគេមិនមែនត្រឹមតែនិយាយ ថែមទាំងពរនាងឡើងទៅពិតមែន ទុកអោយម៉ាដាមគីមឈរគ្រវីក្បាលទាំងហួសចិត្ត ដោយគាត់អស់សម្ថតភាពទៅហាម នឹងដណ្តើមហ្វីយូពីកូនគាត់វិញបាន ទើបវ័យចំណាស់ត្រឡប់ទៅបន្ទប់របស់គាត់សម្រាកវិញ។ថេយ៉ុងពរនាងតូចឡើងតាមកាំជណ្តើរជារឿយៗ រហូតទៅបន្ទប់ផ្ទាល់ខ្លួន ដោយរហ័សដាក់ក្មេងតូចអោយគេងលើពូក ទើបគេឡើងទៅគេងក្បែរតាមក្រោយ។
«ដណ្តប់ភួយផង» ហ្វីយូ និយាយដាស់តឿនលោកពូដោយសម្លេងខ្សិបៗ លោកពូក៏ញាក់ចិញ្ចើមញញឹមបន្តិច មុននឹងលូកដៃទាញភួយមកគ្របពីលើខ្លួនទាំងពីរនាក់
«ពូ តោះផ្សំដំណេក»
«ថាម៉េច?» ថេយ៉ុង លាន់មាត់តិចៗ មិនហ៊ានអោយឮ ព្រោះខ្លាចអ្នកម៉ាក់ឡើងមកស្តីបន្ទោស គេបានត្រឹមតែយកដៃខ្ទប់មាត់សើច ចុកពោះចង់គាំងទៅហើយ បន្ទាប់ពីឮក្មួយស្រីបបួលផ្សំដំណេក មិននឹងស្មានថានាងចាំសម្តីគេបានល្អយ៉ាងនេះសោះ ឆ្កួតមែនហើយ មិនគួរណាបង្គាប់ក្មួយចំពាក្យនឹងទាល់តែសោះហើយ។
«ហេតុអីក៏លោកពូសើច?» ហ្វីយូ ធ្វើមុខក្រញេវក្រញូវ សម្លក់ភ្នែកចោទដាក់លោកពូដោយការងងងក់ ទើបថេយ៉ុងរហ័សទាញនាងមកអោប សុខចិត្តលួចសើចក្មួយពីក្រោយខ្នង ចង់ងាប់ចង់រស់
«ពូឈប់សើចក៏បាន គេងទៅណា គេង!!!» ពេលឃើញនាងនៅតែងើយមើលមុខរបស់ខ្លួន ក៏ធ្វើជាយកដៃអង្អេកខ្នងតូចថើរៗ ជាការលួងលោម ហ្វីយូ ក៏ត្បុលខ្លួនតូចតែមួយ ត្រសុលចូលក្នុងទ្រូងកក់ក្តៅរបស់លោកពូ ព្រមទាំងលើកដៃអោបយ៉ាងណែនៗ រួចក៏ធ្មេចជិតឈឹង សង្ងំគេងទាំងពូទាំងក្មួយ មិនយូរប៉ុន្មាន ពួកគេក៏លង់លក់បាត់ទៅ។
