ផ្តើមរឿង
ឡានសេរីទំនើបពណ៌ខ្មៅបរចេញព្រវិហារមួយកន្លែង ដែលទើបនឹងប្រារព្ធពិធីបញ្ចុះសព្វរួចរាល់។ ប្រុសកម្លោះវ័យ២៥ឆ្នាំ ឈ្មោះគីម ថេយ៉ុង ដែលគេកំពុងបញ្ជាឡាន ទាំងក្នុងចិត្ត នៅអាឡោះអាល័យស្រណោះស្រណោកនៅឡើយ ដែលថ្មីៗនេះ មិត្តរបស់គេត្រូវបាត់បង់ជីវិត ព្រោះតែគ្រោះថ្នាក់ចរាចរណ៍ ដោយហេតុការណ៍ក្រឡាប់ឡាន បន្ទាប់ពីពួកគេចេញពីពិធីជប់លៀងមួយ នាពេលយប់។
សម្លេងដំណកដង្ហើមធំ ចេះតែបន្លឺឡើងជារឿយៗ កាលបើរំលឹកដល់ ក្មេងស្រីតូចដែលទើបតែមានអាយុពីរខួប មិនទាន់ស្គាល់ថាអ្វីជាការស្លាប់ អ្វីជាការបាត់បង់មនុស្សជាទីស្រឡាញ់ នាងនៅតូច ចេះនិយាយបានមួយម៉ាត់ពីរ អឺអើស្តាប់មិនយល់ភាសា គ្រាន់តែចំណាំមុខបានថានរណាជាអ្នកបីបាច់មើលថែ នឹងនៅក្បែរនាងរាល់ថ្ងៃ ប៉ុន្តែពេលនេះ អ្នកដែលមានឈ្មោះប៉ាម៉ាក់របស់នាងក៏បានលាចាកពីពិភពលោកនេះ ដោយបន្សល់ទុកតំណក់ឈាមមួយគ្រាប់ ដែលមិនដឹងរឿងអ្វី រំលឹកពេលណា ធ្វើអោយគេមានអារម្មណ៍ខ្លោចផ្សាចិត្តជំនួស ទាំងលួចគិតនៅថ្ងៃតទៅមុខទៀតថា តើនាងល្អិតម្នាក់នេះ អាចទទួលយករឿងរ៉ាវដ៏គួរអោយសង្វេគដែលកើតឡើងមកលើប៉ាម៉ាក់របស់នាងបានដែរឬទេ?
នៅថ្ងៃបន្ទាប់ ថេយ៉ុងក៏សម្រេចចិត្តទទួលក្មេងស្រីតូចអាយុពីរខួបយកមកចិញ្ចឹម ក៏ប្រសើជាជាងទុកនាងអោយរស់នៅជាមួយម្តាយមីងជាបងស្រីបង្កើតរបស់ម៉ាក់ក្មេងតូច ដែលមិនព្រមទទួលស្គាល់ថានាងជាក្មួយ ព្រោះទំនាក់ទំនង ប៉ានឹងម៉ាក់ របស់ក្មេងតូចម្នាក់នេះ ជាស្នេហាបែបលួចលាក់ ដោយសារមិនមានការគាំទ្រពីក្រុមគ្រួសារទាំងសងខាងឡើយ។
___
3ឆ្នាំកន្លងផុតទៅមីន ហ្វីយូ ជានាមត្រកូលរបស់អតីតក្មេងស្រីដែលថេយ៉ុងយកមកចិញ្ចឹមនោះ មកទល់នឹងពេលនេះ នាងមានអាយុទើបតែ៥ឆ្នាំ ហ្វីយូ លូតលាស់ធំធាត់ឡើង ក្រោមការចិញ្ចឹមបីបាច់មើលថែពីថេយ៉ុងរួមទាំងម្តាយរបស់គេផងដែរ ។មុខមាត់កំពស់ ពាក្យសម្តី ក៏ចេះតែប្រែប្លែកពីមួយឆ្នាំទៅឆ្នាំ ទោះបីនាងនៅតូច ប៉ុន្តែសម្តីមិនចេះចាញ់ច្រាបអ្នកណា មួយម៉ាត់ទៅ ប្រាំម៉ាត់មកដូចច្នេះឯង។