ភាគ១៩

3.6K 120 2
                                    

ជុងហ្គុក ឈានចុះចេញពីឡានក្នុងឫកពារឡូយឆាយ ជាកូនអ្នកមានស្តុកស្តម្ភ ចុះទៅឈរទល់មុខ ថេយ៉ុង នឹង ហ្វីយូ
«គោរពគាត់ទៅ!!!» ហ្វីយូ ខំធ្វើមាត់ម្ហបៗ ខ្សឹបៗ ព្រមទាំងសសៀខ្លួនទៅកៀកៗក្បែរ ហើយលូកដៃក្តិចមួលសាច់ភ្លៅជុងហ្គុកជាការដាស់តឿនអោយគេ ឱនគោរពលោកពូរបស់នាង ភ្លាមនោះ ជុងហ្គុក លួចថ្ងូរតិចៗក្នុងបំពង់កដោយការឈឺក្រហាយ ហើយរហ័សដោះវ៉ែនតាមកសៀតក្នុងអាវចន្លោះទ្រូង ធ្វើការឱនគំនាបកៅសិបដឺក្រេតាមទំនៀមទម្លាប់ជនជាតិកូរ៉េ យ៉ាងគួរសមដាក់អ្នកដែលឈរឱបដៃធ្មឹងៗ ធ្វើមុខងាប់នៅចំពោះមុខ ដែលកិរិយារបស់កំលោះតូច ផ្ទុយពីការគិតរបស់ថេយ៉ុងទាំងស្រុង៖
«សួស្តី លោកប៉ា!!!» នៅចុងប្រយោគ ជុងហ្គុក ងើបមុខញញឹមយកចិត្តភ្លាម ទាំងមិនដឹងទេថាមួយឃ្លានេះ ធ្វើអោយហ្វីយូដែលឈរនៅពីក្រោយខ្នងចំហរមាត់ធ្លុងធ្លាក់ថ្លើមខ្ពាកដល់ដី ហើយអ្នកដែលត្រូវបានគេហៅថាប៉ា ឈ្លក់ទឹកមាត់ ក្អកឃុងៗ ទាំងងាកមុខចេញបន្តិច មុននឹងបែរឈរសម្លក់សម្លឹងកំលោះតូច សឹងតែលានគ្រាប់ភ្នែកចេញមក នឹងលួចគិតក្នុងចិត្ត ដោយអារម្មណ៍ជាច្រើន៖
(ស្អីគេ? ប៉ាអ៉ីចឹងឬ? នេះគេមុខចាស់ ថ្នាក់គេហៅថាប៉ាហើយមែនទេ?) ថេយ៉ុង បានត្រឹមតែលួចគិត ឃ្នើសចិត្ត កើតសៅហ្មងតែម្នាក់ឯង គេខាំគុម្ពថ្គាមសឹងតែបែក ក្រព័ទ្ធដៃទាំងពីរទៅខាងក្រោយ ខំទប់អារម្មណ៍ មិនបង្ហាញឫកពារអោយគេដឹងថាខ្លួនកំពុងតែខឹង ទើបបោះសំណួរឡើង
«យើងជាប៉ាឯងពីពេលណា?» ថេយ៉ុង សួរបែបសោះអង្គើយ ក្នុងទឹកមុខមាំ មិនទាំងខ្ចីសម្លឹងមុខអ្នកដែលត្រូវសួរ តែបែរជាបាញ់ក្រសែភ្នែកទៅរក ហ្វីយូ ដែលឈរពួនអើតលើមៗពីក្រោយខ្នងជុងហ្គុក នាងក្រឡេកប៉ះកែវភ្នែកក្តៅរបស់លោកពូភ្លាម ក៏ប្រញាប់លូកដៃក្តិចខ្នង ជុងហ្គុកពីក្រោយ ព្រមទាំងលួចខ្សឹបតិចៗ
«ប៉ាខ្មោចយក៍អី គាត់ជាពូរបស់ខ្ញុំណា ពូៗៗ» នាងក្រមុំក្តាប់មាត់ស្តីបន្ទោស បង្គាប់អោយកំលោះតូចហៅលោកពូរបស់នាងថាពូដូចជានាងហៅដែរ ប្រាប់ដដែលជាដដែល អោយរហ័សប្តូរសព្វនាម បើមិនដូច្នោះទេ លោកពូនឹងខឹងដោយទាំងនាងមិនខាន ទម្រាប់តែសម្រេចចិត្តហើបមាត់ហៅពូ ហ្វីយូឈរក្តិចគេឡើងក្រហាយសាច់ទៅហើយ ទើប ជុងហ្គុកដែលឈរអេះក្បាលខ្វោកៗសឹងដាច់លលាដ៏ក្បាល ធ្វើមុខស្ញេញដាក់លោកពូសង្ហា ហើយឱនគំនាបគោរពគេសារជាថ្មី តាមបង្គាប់នាង៖
«សួស្តី លោកពូ» ជុងហ្គុក ងើបមុខមកសើចស្ញាញចេញអញ្ចាញធ្មេញសស្ញាចដាក់ ក្រោមការសម្លក់បែបមិនពេញចិត្តមួយទំហឹងពីថេយ៉ុង ដែលកំពុងតែបៀមកំហឹងឡើងមុខក្រហមងាល ខណៈដែលទ្រូងក្តៅងំដូចគេយកដុំភ្លើងមកស្អំ
«អ្ហឹក...ហិសៗ ពួកយើងដល់ពេលត្រូវទៅហើយ តោះលឿនឡើង!!!» ដោយមើលទៅសភាពការណ៍ពេលនេះហាក់មិនសូវស្រួល ទើបនាងតូចរហ័សបបួល នឹងលូកអង្រួនដៃ ជុងហ្គុក តិចៗជាការដាស់តឿន អោយចាកចេញជាប្រញាប់ ទោះបីមិនចាំបាច់ តែពេលនេះក៏ត្រូវតែចាំបាច់យ៉ាងដាច់ខាត ព្រោះពេលសម្លឹងឃើញទឹកមុខមាំៗរបស់ពូ ធ្វើឲ្យនាងព្រឺសម្បុរខ្ញាកៗ ចង់គាំងបេះដូងម្តងៗ ពេលកែវភ្នែកទៅប្រទះចំ ចក្ខុកំណាចរបស់គេដែលតម្រង់មកយ៉ាងផ្តាច់ការ គេឈរធ្មឹងដូចរូបចម្លាក់ ប៉ុន្តែចំហាយចេញពីឈាមត្រជាក់របស់គេសាយចេញមក ធ្វើឲ្យហ្វីយូ ដឹងដល់ចិត្តលោកពូថាកំពុងតែគិតអ្វីមកលើនាង ទើបនាងចេះតែខំតឿនអូសដៃជុងហ្គុក ប៉ុន្តែគេឌឺក្បាលមិនព្រមស្តាប់នាងសោះ៖
«ជាសង្សានឹងគ្នាមែនទេ?» មិនចង់ជីកកកាយ តែក៏អត់សួរមិនបាន កាលបើឃើញក្មួយស្រីរបស់ខ្លួន ហាក់ស្និតស្នាលនឹងកំលោះតូចម្នាក់នេះ ដល់ដាក់ហ៊ានប៉ះដៃប៉ះជើងគេនៅចំពោះមុខលោកពូ ហើយស្របនឹងសំណួរនេះ ហ្វីយូ ខំញញឹមញញែមពីក្រោយខ្នង ដោយគិតថាបន្ទាប់ពីជុងហ្គុកបកស្រាយថាគេគ្រាន់តែសិស្សច្បងដែលជិតដិតនឹងនាង រឿងរ៉ាវយល់ច្រឡំដែលនាងបានទស្សយ៍ទាយពីចិត្តលោកពូ នឹងត្រូវបានលុបលាង!
«បាទ!!!មែន...»
តែចង្រៃអី ជុងហ្គុក ជាមនុស្សមាត់ឆៅ ចូលចិត្តបញ្ជួស ឬក៏ផ្គើនអីបែបនេះ ទើបគ្រាន់តែឮសំណួរភ្លាម គេក៏ឆ្លើយភ្លែត ទាំងមិនបានគិតអ្វីច្រើន ខណៈនោះ ហ្វីយូក៏ស្ទុះទៅខ្ទប់មាត់ ជុងហ្គុក ដើម្បីកុំអោយគេខ្ជាក់ពាក្យផ្តេសផ្តាស ហើយបន្លំដោយការសើចញញឹមលែងដាក់លោកពូ ចំណែក ថេយ៉ុង ងក់ក្បាលតិចៗដោយទឹកមុខរាបស្មើ កែវភ្នែកគ្មានពន្លឺរីករាយ ស្ងប់ស្ងៀមដូចសមុទ្រដែលស្ងប់ខ្យល់ ហាក់យល់ដល់ទំនាក់ទំនងជ្រាលជ្រៅរវាងពួកគេ ច្បាស់ជាងសមីខ្លួនគេយល់ទៅទៀត។
«លោកពូ តាមពិតទៅគឺ...» ហ្វីយូ រៀបនឹងបកស្រាយទៅហើយ ស្រាប់តែមានសម្លេងមួយចូលមកកាត់ចង្វាក់ ដែលធ្វើឲ្យនាងចាប់ផ្តើមភ័យបុកពោះ៖
«មិនអីទេចឹង តែល្ងាចនេះឆាប់ត្រឡប់មកផ្ទះវិញណា!!! ពូចាំ!!!» ថេយ៉ុង បន្លឺឡើងស្រាលៗក្រោមទឹកមុខត្រជាក់ស្រេបទៅកាន់ជុងហ្គុក តែនៅចុងប្រយោគគេសង្កត់សម្លេងយ៉ាងធ្ងន់ ស្របពេលផ្ទៃមុខងាប់មិនរាប់ញាតិ បែរទៅបញ្ជូនស្នាមញញឹមលាក់ពិសពល់ដាក់ក្មួយស្រីបណ្តូលចិត្តតែមួយ ដែលក្នុងចិត្តសឹងស្ទុះទៅចាប់ផ្ញាច់នឹងឡានក្រញិចអោយណាណី
«មិនបាច់ចាំក៏បានដែរពូ ព្រោះខ្ញុំបម្រុងនឹងថាខ្ចីហ្វីយូបណ្តើរមួយយប់» គ្មាននរណាយកស្កុតមកបិទមាត់គេសោះអ៉ីចឹងម្ចាស់ថ្លៃអើយ!!! គ្រាន់តែបណ្តោយមាត់ភ្លាម ជុងហ្គុក ក៏បោះសម្តីយ៉ាងច្រលើមដាក់ ថេយ៉ុង មានដឹងទេថាខ្លួនកំពុងតែនាំទុក្ខមកសង្កត់ពីលើហ្វីយូបន្ថែម
(សម្លាប់ខ្ញុំចោលតែម្តងទៅ) ប្រយោគនេះបន្លឺឡើងក្នុងចិត្តនាងតូច ព្រោះអស់ពាក្យនឹងត្រូវថ្លែង បានត្រឹមយកដៃមកទះថ្ងាស់ខ្លួនឯងដោយអារម្មណ៍ហត់នឿយ ស្ពឹកក្បាលចង់ផ្ទុះ ចង់តែជ្រែកខ្លួនលាក់ក្នុងកំហែងដីអោយបាត់ៗ
«ហិស!!! ល្អតើ!!!» ថេយ៉ុង លាន់មាត់ ព្រមទាំងក្រញែងខ្លួនបន្តិច បញ្ចើចជាមួយនឹងស្នាមញញឹមចុងមាត់! ចង់ឌឺ? មានអី គេក៏រីករាយនឹងឌឺតបវិញដូចគ្នា៖
«មកវិញពេលណា?»
«ប្រហែលជាយប់បន្តិចហើយ» ជុងហ្គុក មិនត្រឹមតែនិយាយ នៅមុខក្រាស់ទៅចាប់កាន់ដៃក្មួយស្រីគេមកបញ្ឈឺចិត្តអោយចុកឈាម ព្រោះគ្រាន់តែក្រឡេក ក៏គេស្មានដឹងពីចិត្តថ្លើមរបស់ ថេយ៉ុង សង្កេតមើលទៅលោកពូកំលោះមិនត្រឹមហួងហែង ហ្វីយូ ត្រឹមជាក្មួយ ប៉ុន្តែទង្វើរនឹងពាក្យសម្តី ហាក់បញ្ជាក់យ៉ាងច្បាស់ថា គេកំពុងតែច្រណែន ពិសេសជាងនេះគឺ ប្រចណ្ឌ ទើបគេប្រើសម្តីបែបនេះមកផ្ចាញ់ ចង់ឈ្នះ
«យប់ហ្អែស៎???» ថេយ៉ុង សួរបញ្ជាក់ក្នុងន័យបញ្ជួសចិត្ត ស្របពេលក្រសែភ្នែករេទៅសម្លឹងចំមុខនាងក្រមុំ ដែលធ្វើឲ្យនាងមានអារម្មណ៍ញញើតខ្លបខ្លាច នឹងព្រឺសម្បុរខ្ញាកៗ ពេលបានឮប្រយោគចុងក្រោយចេញពីមាត់លោកពូ៖
«មិនថាយប់ប៉ុណ្ណា...ពូចាំបាន! កាន់តែយប់កាលណា គឺល្អកាលនោះ!!»

លោកពូសំណព្វWhere stories live. Discover now