ភាគទី១៩

602 5 0
                                    

(គ្រប់យ៉ាងមិនមែនព្រោះស្រលាញ់)

“កូនប្រហែលជាឃ្លានហើយ”សម្លេងគ្រ.លបន្លឺឡើងក្បែរនាងក្រមុំ ដើម្បីបញ្ជាក់អោយនាងធ្វើតួនាទីជាម្ដាយ
“ចាស”ជាលើកទីមួយដែលនាងបំបៅដោះកូនបែបនេះ ថែកទាំងនៅចំពោះមុខរបស់អ្នកកម្លោះថែមទៀតទើបនាងក្រមុំរាក់ស្ទាក់ស្ទើរបន្តិច
“មិនបាច់ខ្មាសទេ ឆាប់អោយកូនបៅទៅតិចកូនយំខ្លាំងជាងនេះ នាំអោយពិបាកលួង”ព្រោះយល់ពីន័យរបស់នាងក្រមុំទើបអ្នកកម្លោះនិយាយឡើងមក ដើម្បីអោយនាងក្រមុំឈប់គិតរឿងឆ្កួតលប់បែបនោះទៀត។
ចំណែកនាងក្រមុំព្រោះបារម្ភពីកូនក៏មិនបានខ្វល់អ្វីច្រើនទៀត ក៏ចាត់ការធ្វើតួនាទីជាម្ដាយរបស់ខ្លួនដោយបំបៅដោះកូនតូចនៅចំពោះមុខរបស់គេដោយមិនគិតខ្មាស់ដូចមុន ព្រោះគិតថារូបរាងរបស់ខ្លួនក៏គ្មានអ្វីជាអាថ៌កំបាំងសម្រាប់គេទៀតដែរ តែមិនដូចជានាងគិតនោះទេព្រោះថាពេលនេះអ្នកកម្លោះមិនត្រឹមតែសម្លឹងមើលមុខកូនតូចរបស់ខ្លួននោះទេ ថែមទាំងនៅសម្លឹងមើលដើមទ្រូងរបស់នាងមិនដាក់ភ្នែកទៀតផង មានរឺដែលព្រាននារីដូចជាគេត្រូវអោយចំណីភ្នែករបូតទៅងាយៗដោយមិនបានមើលបែបនេះ តែទោះយ៉ាងក៏អ្នកកម្លោះមិនអាចធ្វើអ្វីបានក្រៅពីព្យាយាមទប់អារម្មណ៍ខ្លួនឯងអោយអស់ពីសមត្ថភាព មិនអោយខ្លួនធ្វើអ្វីផ្ដេសផ្ដាសព្រោះថានាងក្រមុំនៅទន់ខ្សោយនៅឡើយ។
“ទប់អារម្មណ៍ អាហ្វ្រេង ពេលវេលានៅមានច្រើនទៀត” ហ្វ្រេងកូ បានត្រឹមតែនិយាយដាក់តឿនខ្លួនឯងនៅក្នុងចិត្តតែម្នាក់ឯង
ក្រោយពីបំបៅដោះកូនរួចរាល់ នាងក្រមុំក៏អង្គុយនិយាយលេងជាមួយកូនតូចដែលពេលនេះមិនបានគេងដូចពីដំបូងតែបែរជាបើកភ្នែកសម្លឹងមើលនាងមិនដាក់ទៅវិញ។
“ឆ្អែតហើយរឺកូនសម្លាញ់   ម៉េចក៏មិនគេង ហ៊ឹម”រ៉ូសស៊ីតា  ក៏ញញឹមដាក់កូនដែលនៅក្នុងដៃព្រមទាំងអង្អែលថ្ពាល់ទន់រលោងរបស់កូនលេងតិចៗ ហើយក៏ធ្វើអោយនាងកាន់តែសប្បាយចិត្តនៅពេលកូនប្រុសផ្ដល់ស្នាមញញឹមដល់កក់ក្ដៅមកខ្លួនវិញ។
ជុបៗៗ
រ៉ូសស៊ីតា អោនថើបក្បាលព្រមដោយថ្ពាល់របស់កូនប្រុសជាច្រើនខ្សឺត រូបភាពរបស់នាងក្រមុំធ្វើអោយអ្នកឈរមើលដូចជាអ្នកកម្លោះត្រូវញញឺមតាមយ៉ាងមានក្ដីសុខដូចគ្នា។
“កូនម៉េចនឹងគេងទៅ បើនាំកូនលេងបែបនេះ”អ្នកកម្លោះធ្វើជាស្ដីអោយនាងក្រមុំដែលកំពុងតែសើចសប្បាយជាមួយកូនមិនឃើញក្បាលរបស់គេនៅទីនេះ
ពេលបានលឺសម្ដីរបស់អ្នកកម្លោះ ទឹកមុខដែលញញឹមពព្រាយមុននេះក៏ទៅជាស្រពោនភ្លាមៗព្រោះយល់ថាមកពីខ្លួនទើបកូនមិនព្រមគេង នាងក្រមុំក៏ងាកទៅសម្លឹងមុខគេបែបដឹងខុសនឹងចង់ប្រាប់ថានាងគ្មានបំណងនោះទេ។
“ខ្ញុំនិយាយលេងទេ”ព្រោះឃើញនាងបង្ហាញទឹកមុខមិនសប្បាយចិត្តចេញមក ទើបគេប្រញាប់បកស្រាយដើម្បីអោយនាងក្រមុំបានធូរចិត្ត
“លោកនិយាយត្រូវគឺមកពីខ្ញុំពិតមែន”
“ខ្ញុំនិយាយលេងពិតមែន”
តុក តុក
សម្លេងគោះទ្វារយ៉ាងមានសុជីវធម៌ក៏បន្លឺឡើងពីខាងក្រៅ កាត់រាល់ការសន្ទនារបស់កម្លោះក្រមុំទាំងពីរហើយក៏ងាកទៅមើលតាមប្រភពសម្លេងមុននេះ។
“ចូលមក”
ត្រឹមលឺសម្លេងអនុញ្ញាត ម្ចាស់រាងខ្ពស់សង្ហាព្រមជាមួយរាងកាយតូចច្រឡឹងដ៏ស្រស់ស្អាតដើរចូលមកព្រមគ្នា ដៃរឹងមាំក៏កាន់នូវកន្ត្រងមួយយ៉ាងធំដែលពោពេញទៅដោយសម្ភារៈប្រើប្រាស់តម្លៃថ្លៃសម្រាប់ទារក ហើយពួកគេក៏គ្មានអ្នកណាក្រៅពីមិត្តសម្លាញ់របស់ហ្វ្រេងកូគឺ វីល្លៀម នឹងភរិយារបស់គេនេះឯង។
“សួស្ដី”ត្រឹមចូលមកកម្លោះសង្ហាក៏និយាយរាក់ទាក់ទៅកាន់អ្នកម៉ាក់ថ្មោងថ្មី
“ចាសសួស្ដី”
“ខ្ញុំ វីល្លៀម ចំណែកនេះ យៀកហ្វី ភរិយារបស់ខ្ញុំ”វីល្លៀម ហាក់ស្ទាក់ស្ទើរក្នុងការណែនាំឈ្មោះភរិយាដែលខ្លួនស្អប់អោយអ្នកម្ខាងទៀតបានស្គាល់
“ចាសខ្ញុំ រ៉ូសស៊ីតា”នាងក្រមុំញញឹមផ្អែមតបវិញ កែវភ្នែកតូចក៏សម្លឹងមើលទៅស្រីស្រស់ដែលគិតតែពីឈ្ងោកមុខឈរនៅខាងក្រោយខ្នងរបស់គេ
ចំណែក ហ្វ្រេងកូ ក៏មិនបាននិយាយអ្វីព្រោះថាគ្រប់គ្នាសុទ្ធតែស្គាល់គេទៅហើយទើបគេមិនចាំបាច់ត្រូវណែនាំខ្លួនឯងនាំអោយខាតពេល។
“ជាមហាសេដ្ឋីមួយទាំងមូល ឯងបែរជាទិញរបស់ប៉ុណ្ណឹងមកសួរសុខទុកកូនរបស់យើងទៅវិញ”ពេលគ្រប់គ្នាណែនាំខ្លួនចប់អស់អ្នកកម្លោះក៏និយាយបង្អាប់អ្នកជាមិត្ត
“ចង់អោយយើងទិញផ្ទះអោយកូនឯងរឺយ៉ាង”មិនព្រមចាញ់អ្នកម្ខាងទៀត វីល្លៀម ក៏ចោលសម្ដីបែបចុកៗមកអោយគេវិញ
“បើឯងបានរឹតតែល្អ”ហ្វ្រេងកូ ញាក់ជញ្ចើមឌឺដងដាក់មិត្តវិញ
ពាក្យសម្ដីឌឺដងរបស់ពួកគេធ្វើអោយអ្នកស្ដាប់ដូចជាក្រមុំទាំងពីរត្រូវអស់សំណើច ព្រោះមិនដែលធ្លាប់គិតថាក្រៅពីឬកពាកំណាចហើយពួកគេចេះនិយាយឌឺដងគ្នាលេងបែបនេះ។
“ក្មួយរបស់យើងមានសុខភាពល្អខ្លាំងណាស់”ដៃរឹងកំព្រឹសរបស់ វីល្លៀម ក៏លូកមកអង្អែលថ្ពាល់ក្មេងប្រុសតិចៗដោយក្នងចិត្តក៏គិតដល់អ្វីម្យ៉ាងដែលគ្មានអ្នកណាបានដឹង
“ជាកូនយើងណាត្រូវតែចឹងហើយ”ហ្វ្រេងកូ ក៏និយាយអួតពីខ្លួនឯងភ្លាមដែលប្រយោជន៍របស់គេធ្វើអោយមិត្តសម្លាញ់ពេបមាត់ព្រោះជ្រេញ
“ហ៊ឹស អាចង្រៃនេះ”
មាត់ជេរតែដៃក៏នៅតែអង្អែលកូនតូចមិនឈប់ដដែល    ដែលធ្វើអោយក្មេងតូចដែលគេង
លក់មុននេះទៅជាញញឹមតិចៗឡើងមក។
“ញញឺមបានយ៉ាងគួរអោយស្រលាញ់”យៀកហ្វី ដែលស្ងាត់ជាយូរក៏និយាយឡើងពេលបានឃើញភាពគួរអោយស្រលាញ់របស់ក្មេងតូច
“អរត្រូវហើយអាហ្វ្រេង យើងមានរឿងចង់និយាយជាមួយឯង”
“រឿងស្អី”
“ចេញមកគឺដឹងហើយ”
“ហ៊ឹម”
កម្លោះសង្ហាទាំងពីរក៏ដើរចេញទៅខាងក្រៅដោយមានវីល្លៀមជាអ្នកដើរនាំមុខ បន្ទាប់ពីលែងមានវត្តរបស់កម្លោះទាំងពីរនៅក្នុងបន្ទប់ពេលនេះគឺនៅសល់តែក្រមុំទាំងពីរនេះឯង យៀកហ្វីក៏ចូលមកអង្គុយក្បែរគ្រែអ្នកជម្ងឺព្រមទាំងញញឹមស្រស់ពេលបានពិនិត្យមុខតូចកាន់តែជិត។
“សង្ហាតាំងពីក្មេងហើយនៀក”
“ហ៊ឹសៗ”រ៉ូសស៊ីតា ក៏ញញឹមស្រស់ទៅកាន់អ្នកម្ខាងទៀត
“ឈ្មោះអីដែរ”
“ខ្ញុំនៅមិនទាន់ដាក់អោយទេ ព្រោះចាំសុំយោបល់ប៉ារបស់ក្មេងសិន”
“អរ ចុះអ្នកនាងគិតថាដាក់ឈ្មោះអីអោយគេដែរ”
“បើជាកូនប្រុសឈ្មោះថា ហ្វ្រេងស្គីស៍ អ្នកនាងថាយ៉ាងម៉េចដែរ”នាងក្រមុំក៏ងាកទៅសួរអ្នកម្ខាងទៀតជាការសុំយោបល់
“ឈ្មោះស្រដៀងនឹងលោកប៉ា ស្ដាប់ទៅគឺពិរោះដែរតើ”យៀកហ្វី ញញឹមស្រទន់ព្រមទាំងលើកដៃមកអង្អែលពោះរបស់ខ្លួន
រ៉ូសស៊ីតា អោនសម្លឹងមើលមកមុខកូនតូចតែក៏មិនភ្លេចចាប់អារម្មណ៍នឹងកាយវិការអ្នកនៅចំពោះមុខដូចគ្នា។
“អ្នកនាងមានផ្ទៃពោះមែនទេ”
សំណួរសួរបែបត្រង់ៗរបស់នាងក្រមុំធ្វើអោយ យៀកហ្វី ទៅជាភិតភ័យនឹងប្រញាប់ដកដៃចេញពីពោះព្រមទាំងសម្រួលទឹកមុខរបស់ខ្លួនអោយដូចដើមវិញ។
“អត់ អត់មានទេ”
“ហ៊ឹសៗ ខ្ញុំមានកូនមួយទៅហើយអ្នកនាងបោកខ្ញុំមិនបានទេ”នាងក្រមុំនិយាយហាក់ចង់បញ្ជាក់ពីបទពិសោធន៍របស់ខ្លួនដល់អ្នកម្ខាងទៀតបានដឹង
“ខ្ញុំពិតជាអត់មានមែន អាចមកពីខ្ញុំធាត់ទើបមានក្បាលពោះតែប៉ុណ្ណោះ”យៀកហ្វីនៅតែប្រឹងដោះសារព្រោះមិនចង់អោយអ្នកម្ខាងទៀតបានដឹងការពិត
“ខ្លួនអ្នកនាងតូចតែមួយ តែបែរជាមានក្បាលពោះដូចជាអ្នកមានផ្ទៃពោះចឹងរឺ អ្នកនាងកុហកមិនសមនោះទេសូម្បីតែទឹកមុខអ្នកនាងពេលនេះ ក៏បញ្ជាក់ថាអ្នកនាងកំពុងតែកុហកដូចគ្នា”រ៉ូសស៊ីតា នៅតែនិយាយដេញដោលដោយមិនព្រមចុះចាញ់នឹងអ្នកម្ខាងទៀតចំពោះអ្វីដែលខ្លួនជឿជាក់។
ព្រោះមិនដឹងថាត្រូវដោះសារបែបណាទៀតស្រីទាន់ខ្សោយដូចជា យៀកហ្វី ក៏បានតែទ្រហ៊ោយំពេលត្រូវអ្នកម្ខាងទៀតសួរដេញដោលទាល់តែខ្លួនគ្មានអ្វីត្រូវតបតបាន។
“ហ៊ឹកៗ សូមអង្វរអ្នកនាងកុំប្រាប់រឿងនេះដល់អ្នកណាបានទេ ជាពិសេសលោក វីល្លៀម”យៀកហ្វីសម្រក់ទឹកភ្នែកដោយគួរអោយអាណិតនៅចំពោះមុខអ្នកម៉ាក់ថ្មោងថ្មី។
ត្រឹមបានឃើញទឹកភ្នែករបស់មនុស្សស្រីដូចគ្នា ក៏ធ្វើអោយនាងក្រមុំគិតដល់រឿងរបស់ខ្លួនដែលធ្លាប់កើតឡើងកន្លងមក ទើប រ៉ូសស៊ីតា នឹងអាណិតដល់អ្នកម្ខាងទៀតដែលគិតទៅក៏ជួបរឿងមិនខុសពីខ្លួនប៉ុន្មានដែរទើបមានសភាពបែបនេះ។
“ហេតុអី អ្នកនាងអាចប្រាប់ខ្ញុំបានទេ”
“ហ៊ឹកៗ ខ្ញុំមិនដឹងថាគួរនិយាយបែបណាទេ តែវាចាំបាច់សម្រាប់ខ្ញុំខ្លាំងណាស់ អ្នកនាងអាចសន្យាជាមួយខ្ញុំបានទេថាកុំប្រាប់រឿងនេះដល់លោក វីល្លៀម”
“អូខេៗ ខ្ញុំសន្យា”ហើយនៅទីបំផុត រ៉ូសស៊ីតា ក៏យល់ព្រមតាមសំណើរអ្នកម្ខាងទៀតពញរោះមិនអាចទ្រាំឃើញទឹកភ្នែករបស់មនុស្សស្រីដូចគ្នាមិនបាន ត្រូវហើយរឿងបែបនេះមានតែមនុស្សស្រីទន់ខ្សោយដូចជាពួកនាងទេទើបយល់ មនុស្សប្រុសចិត្តឃោឃៅដូចជាពួកគេម៉េចនឹង
មានថ្ងៃយល់បានទៅ។
“ហ៊ឹក ខ្ញុំអរគុណអ្នកនាងខ្លាំងណាស់”យៀកហ្វី ក៏ញញឹមអរគុណអ្នកម្ខាងទៀតដោយទឹកភ្នែកនៅតែហូរមិនឈប់
“បានហើយៗ ឈប់យំទៅយំបែបនេះពេលលោក វីល្លៀម ត្រលប់មកវិញបានឃើញអាចនឹងសង្ស័យបានណា”រ៉ូសស៊ីតា លោងលួមអ្នកម្ខាងទៀតព្រមទាំងឈោងដៃទៅជូតទឹកភ្នែកអោយនាងក្រមុំដោយការយល់ចិត្ត
“ចាស”
“ហើយនេះប៉ុន្មានខែហើយ”
“បីខែហើយ”យៀកហ្វី ប្រាប់ព្រមទាំងអង្អែលពោះខ្លួនឯងតិចៗដោយបង្ហាញស្នាមញញឹមឡើងមក
“បីខែហើយ ហើយអ្នកនាងចង់លាក់លោក វីល្លៀម ដល់ពេលណាទៅ”ទោះជាមិនដឹងពីហេតុផលអ្នកម្ខាងទៀតម្ចាស់លាស់តែនាងក្រមុំក៏មិនបានសួរដេញដោលអ្វីច្រើនលើសពីនេះ
“ខ្ញុំក៏មិនទាន់ដឹងដែរ”
“បើនិយាយគ្នាបានក៏សាកនិយាយខ្លះទៅ ជួនកាលការលាក់បាំងមិនអាចជួយអ្វីអោយប្រសើរបាននោះទេ”
“បើគ្រប់យ៉ាងដូចអ្នកនាងនិយាយ មិនដឹងជាល្អយ៉ាងណាទេ”យៀកហ្វី និយាយទាំងទឹកមុខស្រពោនព្រោះពីដំបូងនាងក៏គិតថាគ្រប់យ៉ាងនឹងល្អប្រសើរបែបនេះដែរ តែមកដល់ពេលនេះទើបនាងដឹងថាការពិតមិនដូចជាការគិតរបស់នាងនោះទេ
“ហ៊ើយ ឈប់គិតពីរឿងនេះទៅពួកយើងមកនិយាយ ពីរឿងដែលសប្បាយៗវិញទៅ”ព្រោះឃើញទឹកមុខស្រពាប់ស្រពោនរបស់អ្នកចំពោះមុខ ទើបនាងក្រមុំប្ដូរសាច់រឿងដោយនាំអ្នកម្ខាងទៀតនិយាយពីនេះពីនោះ ជាពិសេសរៀងអាថ៌កំបាំងដែលមិនមានអ្នកណាកាលពីក្មេងៗរបស់ខ្លួន។
ក្រមុំទាំងពីរក៏ជជែកគ្នាលេងយ៉ាងសប្បាយរីករាយ     ដោយភ្លេចនៅទុក្ខកង្វល់ពីមុនដែលមានទាំងប៉ុន្មាន     តែពួកនាងបែរជាគិតខុសព្រោះថារឿងរ៉ាវដែលគិតថាជាអាថ៌កំបាងសម្រាប់ពួក
នាងទាំងពីរវាមិនបានដឹងត្រឹងតែនាងពីរនាក់នោះទេ ក៏ព្រោះតែពេលនេះកម្លោះសង្ហាទាំងពីរដែលចាកចេញមកមុននេះគឺកំពុងតែអង្គុយស្ដាប់សន្ទនារបស់ពួកនាងនេះឯង ហើយគ្រប់ពាក្យសម្ដីដែលពួកនាងបានសន្ទនាគ្នាតាំងពីដើមដល់ចប់ពួកគេគឺសុទ្ធតែបានលឺទាំងអស់។
កន្លងផុតទៅមិនយូរប៉ុន្មានកម្លោះទាំងពីរក៏ត្រលប់មកវិញ ដោយម្នាក់មានទឹកមុខធម្មតាដូចពេលដែលចាកចេញទៅ តែម្នាក់ទៀតបែរជាមានទឹកមុខដែលពោពេញទៅដោយកំហឹងហាក់ដូចជាកំពុងតែចងគំនុំនឹងចង់សម្លាប់អ្នកណាម្នាក់អោយបានអញ្ចឹង ហើយម្នាក់នោះក៏គ្មានអ្នកណាក្រៅពី វីល្លៀម មិត្តសម្លាញ់របស់ ហ្វ្រេងកូ នេះឯង។
អ្នកកម្លោះដើរចូលមកខាងក្នុងបន្ទប់ ព្រមទាំងសម្លឹងមើលមុខរបស់ យៀកហ្វី ដោយប្រើគ្រសែភ្នែកបែបចងអាឃាតមើលមកនាងក្រមុំដែលធ្វើអោយនាងទៅជាភ័យខ្លាច មិនមែនមានតែនាងនោះទេសូម្បីតែ រ៉ូសស៊ីតា នឹង ហ្វ្រេងកូ ក៏មានអារម្មណ៍មិនខុសពីនាងក្រមុំប៉ុន្មានដែរ។
“ព្រោះមានកិច្ចការត្រូវធ្វើ ខ្ញុំសុំលាទៅសិនហើយ”វីល្លៀម ដើរចូលមកលានាងក្រមុំដោយភាពរួសរាយរាក់ទាក់ ព្រមទាំងច្បិចថ្ពាល់កម្លោះតូចបន្តិចមុននឹងងាកមកសម្លឹងអ្នកនៅក្បែរខ្លួនដោយគ្រសែភ្នែកកាច
“ចឹងខ្ញុំទៅសិនហើយ”យៀកហ្វី ញញឹមចេញមកទាំងមានអារម្មណ៍ថាចាប់ផ្ដើមមិនស្រួលនៅក្នុងខ្លួនពេលបានឃើញទឹកមុខរបស់អ្នកកម្លោះ
បន្ទាប់ពីលាម្ចាស់បន្ទប់រួចរាល់ទាំង វីល្លៀមនឹងយៀកហ្វី ក៏ចាកចេញទៅព្រមគ្នាតែមិនដើរចេញមិនទាន់បានប៉ុន្មានផង ក៏ត្រូវធ្វើអោយគ្រប់គ្នាជ្រួញជញ្ចើមព្រោះបានលឺសម្លេងស្រែកបន្លឺឡើងពីខាងក្រៅបន្ទប់។
“អូយ”
“មានរឿងអីនឹង”រ៉ូសស៊ីតា សម្លឹងមើលមុខរបស់អ្នកកម្លោះដែលឈរនៅក្បែរគ្រែរបស់ខ្លួនដោយការចម្លែកចិត្ត តែផ្ទុយស្រលះពីនាងក្រមុំព្រោះអ្នកម្ខាងទៀតបែរជាមិនមានប្រត្តិកម្មអ្វីក្រៅពីបង្ហាញទឹកមុខធម្មតាចេញមកទៅវិញ។
“គ្មានអីទេ កុំចេះដឹងរឿងគ្រួសាររបស់អ្នកដទៃ”ហ្វ្រេងកូ និយាយប្រាប់នាងក្រមុំដោយគ្មានបង្ហាញអារម្មណ៍អ្វីក្រៅពីសម្ដីគ្មានទឹកចិត្ត ទាំងដែរគេក៏ដឹងដូចគ្នាថាមនុស្សស្រីដូចជាពួកនាងគ្មានសមត្ថភាពទៅតតាំងនឹងពួកគេបានទេ      តែពួកគេនៅតែធ្វើរឿងឃោឃៅបែបនេះដាក់មនុស្សស្រី
ទៅកើត។
“ប៉ុន្តែ...”សម្ដីដែលប្រុងនិយាយចេញមកមុននេះក៏ត្រូវលេបចូលទៅក្នុងពោះវិញពេលត្រូវអ្នកកម្លោះប្រើគ្រសែភ្នែកកាចសម្លឹងមើលមកនាងមិនដាក់ ត្រឹមបានឃើញភ្នែកកំណាចតាមរយៈកែវភ្នែករបស់គេធ្វើអោយនាងក្រមុំបានត្រឹមតែឈ្ងោកមុខចុះ ដោយមិនហ៊ាននិយាយអ្វីបន្តទៀតព្រោះខ្លាចសម្ដីរបស់ខ្លួនអាចធ្វើអោយគេទៅជាខ្លាកំណាចហាក់មកខាំនាងបាន។
“ប៉ុន្តែស្អី”ព្រោះឃើញនាងក្រមុំលែងនិយាយអ្វីគិតតែពីឈ្ងោកមុខ បូករួមទាំងការចង់ចាប់កំហុសទើបអ្នកកម្លោះធ្វើជាសួរ ព្រមទាំងភ្ងើយចង្ការបស់នាងអោយសម្លឹងមើលមកមុខខ្លួនដោយប្រើគ្រសែភ្នែកដាក់សម្ពាធដល់នាងក្រមុំ
“គ្មាន គ្មានស្អីទេ”
“និយាយទាំងញ័របែបនេះរឺថាមានអ្វីលាក់បាំង រ៉ូសស៊ីតា”
“ពិតជាគ្មានមែន ដែលខ្ញុំនិយាយទាំងញ័របែបនេះក៏ព្រោះតែខ្ញុំភ័យពេលដែលត្រូវលោកសម្លឹងមើលតែប៉ុណ្ណោះ”ព្រោះមិនចង់ត្រូវអ្នកកម្លោះសង្ស័យច្រើនជាងនេះ រ៉ូសស៊ីតា ក៏ព្យាយាមដោះសារតែភិតភ័យនៅក្នុងចិត្ត
“ហ៊ឹស បើគ្មានក៏ល្អហើយ តែកុំអោយដឹងអោយសោះថាមាន មិនចឹងខ្ញុំនឹងដាក់ទោសនាងអោយសាកសម”ហ្វ្រេងកូ និយាយព្រមទាំងប្រើកែវភ្នែកកំណាចរបស់ខ្លួនសម្លឹងតាមរាងកាយរបស់នាងក្រមុំ ដែលធ្វើអោយរាងតូចកាន់តែភ័យខ្លាចលើសដើមដល់ថ្នាកមិនហ៊ានសម្លឹងមើលមុខរបស់គេចំៗ។
ពេលដែលធ្វើអោយរាងតូចខ្លាចឡើងញ័រខ្លួនបានសមចិត្តហើយ ដៃរឹងមាំក៏លូកទៅបីកូនតូចពីដៃរបស់នាងក្រមុំដែលធ្វើអោយ រ៉ូសស៊ីតា ប្រញាប់អោបកូនជាប់ព្រោះខ្លាចអ្នកកម្លោះបំបែកកូនចេញពីខ្លួន។
“លោកចង់យកកូនទៅណា”មាត់សួរទាំងដៃក៏មិនព្រមលែងកូនតូចដូចគ្នា
“យកទៅបន្ទប់ទារក យ៉ាងម៉េចខ្លាចខ្ញុំបំបែកកូនពីនាងរឺ”ឃើញទឹកមុខរបស់នាងក្រមុំអ្នកកម្លោះចង់តែអស់សំណើច តែក៏ប្រឹងទប់អស់ពីសមត្ថភាពព្រោះមិនចង់អោយនាងក្រមុំបានឃើញដោយនៅតែបង្ហាញពីទឹកមុខមាំរបស់ខ្លួនចេញមកដដែល។
“អត់ទេ គ្រាន់តែខ្ញុំចង់នៅក្បែរកូនអោយយូរជាងនេះបន្តិចប៉ុណ្ណោះ”នាងក្រមុំប្រញាប់បដិសេធនូវប្រយោគរបស់អ្នកកម្លោះមុននេះ
“ហ៊ឹស”
“ខ្ញុំសុំនៅជាមួយកូនបន្តិចទៀតបានទេ”
“មិនបានទេ កូនត្រូវគេងនាងក៏ត្រូវសម្រាកដូចគ្នា”មិនមែនថាគេចិត្តអាក្រក់មិនចង់អោយនាងនៅក្បែរកូននោះទេ តែក៏ព្រោះតែគេចង់អោយនាងសម្រាកអោយបានច្រើជាងនេះបើនាងនៅជាមួយកូនច្បាស់ណាស់ថានាងនឹងមិនព្រមគេងនោះទេ មិនមែនអាចថាគេងតែគេងមើលមុខកូននេះឯងហើយបើបែបនេះគេសុខចិត្តធ្វើជាមនុស្សអាក្រក់ក្នុងខ្សែភ្នែកនាងទៅចុះ។
ហ្វ្រេងកូ ក៏មិនបាននិយាយអ្វីជាមួយនាងក្រមុំតទៅទៀតក្រៅពីបីកូនតូចនៅក្នុងដៃបំណងយកទៅបន្ទប់ទារក ស្របពេលនោះមនុស្សចំណាស់ក៏បើកទ្វារចូកមកខាងក្នុងដូចគ្នាស្នាមញញឹមអ្នកជាតាក៏លេចឡើងពេលបានឃើញចៅប្រុសតូចដ៏គួរអោយស្រលាញ់របស់ខ្លួន។
“ដឹងខ្លួនហើយរឺកូន”
“ចាសលោកប៉ា”នាងក្រមុំញញឹមតបមនុស្សចំណាស់ដោយស្នាមញញឹមស្រទន់
“នេះប្រុងយកទៅប៉ាទៅណា ហ្វ្រេងកូ”មនុស្សសួរព្រមទាំងលូកទៅបីចៅប្រុសពីដៃរឹងមាំរបស់កូនប្រុស ត្រឹមបានបីចៅជាទីស្រលាញ់ភ្លាមមនុស្សចំណាស់ក៏អោនទៅថើបថ្ពាល់ក្រអូបរបស់ចៅភ្លាមៗ។
“គិតថាយកទៅអោយគេងនៅបន្ទប់ទារកវិញលោកប៉ា ព្រោះយកចេញមកយូរហើយដែរ”ហ្វ្រេងកូ ប្រាប់ទាំងញញឹមពេលបានឃើញឳពុកសប្បាយចិត្តដែលបានបីចៅបែបនេះ
“ចឹងចាំបន្តិចទៀតទៅ ព្រោះប៉ាចង់នៅជាមួយចៅអោយយូរជាងនេះបន្តិច”សម្ដីរបស់ឪពុកធ្វើអោយអ្នកកម្លោះងាកទៅមើលនាងក្រមុំ ដែលកំពុងតែអង្គុយនៅលើគ្រែដែលពេលនេះក៏កំពុងតែញញឹមពព្រាយដូចគ្នា។
រ៉ូសស៊ីតា ញញឹមបិទមាត់មិនជិតពេលដឹងថាខ្លួនបាននៅជាមួយកូនជាទីស្រលាញ់បានបន្តិច តែហើយនាងក៏ត្រូវបិទស្នាមញញឹមរបស់ខ្លួនភ្លាមពេលត្រូវអ្នកកម្លោះងាកមកមើលមុខរបស់ខ្លួន    តាមពិតទៅបើគេមើលនាងតត្រឹមធម្មតាក៏នាងមិនបានខ្លាចតែនេះគេមើលនាងក្នុងន័យ
ដាក់ទោសទៅវិញទេ។
“ទៅម៉ាក់ទៅចៅ មើលទៅដូចចង់បីកូនខ្លាំងណាស់”មនុស្សចំណាស់និយាយបង្អាប់នាងក្រមុំព្រមទាំងហុចកូនតូចដែលកំពុងតែគេងអោយទៅអ្នកជាម្ដាយបានពរ
នាងក្រមុំទទួលយកកូនទាំងញញឹមមិនឈប់ អ្នកកម្លោះបានត្រឹមតែឈរគ្រវីក្បាលហួសចិត្តនឹងនាងក្រមុំដែលធ្វើខ្លួនដូចជាកូនក្មេងពេលបានរបស់ដែលខ្លួនចង់បាន។
“មើលចៅប៉ាចុះគួរអោយស្រលាញ់ណាស់ គួរអោយស្រលាញ់ដូចជាអ្នកម៉ាក់ចចឹង”
“បែបនេះមិនត្រូវទេប៉ា កូនប្រុសគឺត្រូវតែដូចខ្ញុំទើបត្រូវ”អ្នកកម្លោះក៏ហាឡើងនិយាយកាត់សម្ដីរបស់ឳពុក ត្រូវហើយបើជាកូនប្រុសគេសុំអោយកាត់មកគេដែលត្រូវតែក្លាហ៊ានរឹងមាំ មានអំណាចអង់អាច ត្រូវតែធ្វើអោយគ្រប់គ្នាខ្លាចពេលបានដឹងពីវត្តមានរបស់ខ្លួន ហើយបើជាកូនស្រីសុំអោយតែ ស្រស់ស្អាត ទន់ភ្លន់ គួរអោយស្រលាញ់ ដូចជានាងក្រមុំនេះឯង។
“បើកាត់ដូចកូន ស្រីៗក្នុងលោកនេះត្រូវហូរទឹកភ្នែកគ្រប់គ្នាមិនខាន”មនុស្សចំណាស់ថាអោយកូនប្រុសដោយមិនបានចាប់អារម្មណ៍ពីនាងក្រមុំប៉ុន្មាន ដែលពេលនេះកំពុងតែអង្គុយធ្វើមុខស្រពោន ខុសពីនាងក្រមុំ ហ្វ្រេងកូ ពេលនេះក៏កំពុងតែធ្វើមុខដូចមានអ្វីស្លាក់នៅបំពង់.កពេលត្រូវអ្នកជាឳពុកនិយាយចាក់ដល់ចំណុចរបស់ខ្លួន។
“យ៉ាងក៏ខ្ញុំមិនបានអាក្រក់ដល់ថ្នាក់នោះពេកដែរលោកប៉ា”ហ្វ្រេង ព្យាយាមបកស្រាយអោយឳពុកដឹងពីចំណុចល្អរបស់ខ្លួនបានខ្លះ ដោយភ្នែកក៏មិនភ្លេចងាកទៅមើលមុខនាងក្រមុំដែលចំពេលនាងដែលក៏ងាកមកមើលគេដូចគ្នា។
រ៉ូសស៊ីតា ត្រូវងាកមុខចេញភ្លាមៗពេលត្រូវអ្នកកម្លោះតាមទាន់ថាខ្លួនលួចមើលមុខគេដោយមិនបានដឹងទេថាអ្នកកម្លោះក៏លួចមើលនាងដែរ ថែមទាំងលួចសម្លឹងជាងយូរមកហើយគ្រាន់តែនាងមិនបានដឹងខ្លួនតែប៉ុណ្ណោះ។
“និយាយដល់ស្លាប់ក៏ប៉ាមិនជឿឯងដែរ ត្រូវទេចៅសម្លាញ់តា”
“ហ៊ឹសៗ”
“ហើយនេះពេទ្យថាចេញទៅផ្ទះបានពេលណា”
“ស្រេចតែយើងទេលោកប៉ា ប៉ុន្តែខ្ញុំគិតថាចង់អោយសម្រាកបានពីរបីអាទិត្យទៀត ដើម្បី
អោយបានរឹងមាំទាំងម្ដាយទាំងកូន”អ្នកកម្លោះ និយាយព្រមទាំងធ្វើទឹកមាំដើម្បីបន្លំមិនអោយនាងក្រមុំបានដឹងពីទឹកមុខរបស់ខ្លួនដែលព្រួយបារម្ភចំពោះនាង
“អឹម និយាយចឹងទាំងពីរនាក់ ដាក់ឈ្មោះអោយកូនហើយរឺនៅ”នៅសុខៗមនុស្សចំណាស់ក៏សួរនាំអ្នកទាំងពីរ ដែលជាសំនួរធ្វើអោយពួកគេត្រូវនៅស្ងៀមព្រមទាំងសម្លឹងមើលមុខគ្នាចំៗដោយមិនគិតនឹងបែរចេញដូចលើកដំបូង។
“នៅទេលោកប៉ា គិតថាចាំមកជួយរកនឹកគ្នាដាក់ឈ្មោះអោយគេ”អ្នកកម្លោះនិយាយហាក់បង្កប់ន័យអ្វីម្យ៉ាងដែលគ្មានអ្នកណាម្នាក់បានយល់ ត្រូវហើយដែលគេនិយាយថាចាំមុននេះគឺចាំនាងក្រមុំនេះឯងក៏ព្រោះតែនាងក្រមុំទើបតែដឹងខ្លួននោះអី។
“អឹម ដាក់ឈ្មោះអីអោយចៅតាល្អទៅហ្ន៎”
ត្រឹមបានដឹងថាបានដាក់ឈ្មោះអោយកូនប្រុស នាងក្រមុំក៏ញញឹមបិទមាត់មិនជិតជាលើកទីពីរ តែក៏មិនទាន់បានបញ្ចេញយោគបល់អ្វីព្រោះចង់អោយអ្នកកម្លោះដាក់ឈ្មោះអោយកូនមុននាង យ៉ាងណាឈ្មោះរបស់កូនប្រុសមិនថានាងរឺគេអ្នកណាជាអ្នកដាក់អោយគឺល្អដូចតែគ្នាទាំងអស់នឹង។
“ខ្ញុំថាដាក់ថា   ហ្វ្រេងស្គីស៍   ល្អដែរទេប៉ា”ហ្វ្រេងកូ    បញ្ចេញយោគបល់ព្រមទាំងងាកទៅ
មើលមុននាងក្រមុំចង់ដឹងពីប្រតិ្តកម្មរបស់នាង នៅពេលបានលឺឈ្មោះដែលគេបានដាក់អោយកូនប្រុស។
ហើយក៏ដូចការគិតរបស់អ្នកកម្លោះ ព្រោះតែពេលនេះនាងក្រមុំកំពុងតែធ្វើមុខភ្ញាក់ផ្អើលពេលបានលឺឈ្មោះកូនដែលអ្នកកម្លោះដាក់អោយ រ៉ូសស៊ីតា ញញឹមចេញមកបន្តិចពេលគិតថាអ្នកកម្លោះមានគំនិតដូចជាខ្លួនដែលដាក់ឈ្មោះនេះអោយកូន តែនាងមិនបានដឹងទេថាដែលគេដាក់ឈ្មោះនេះក៏ព្រោះតែគេបានដឹងគ្រប់យ៉ាងដែលនាងបាននិយាយជាមួយនឹង យៀកហ្វី កាលពីមួយសន្ទុះមុននេះឯង។
ហ្វ្រេងកូ ឈរញញឹមពេលបានឃើញស្នាមញញឹមរបស់នាងក្រមុំនៅពេលនេះ មិនដឹងថាព្រោះហេតុអីបានជាគេសប្បាយចិត្តដែលបានឃើញនាងញញឹមសប្បាយចិត្តបែបនេះ ហើយក៏មិនដឹងដូចគ្នាថាហេតុអីបានជាគេព្យាយាមធ្វើរឿងអ្វី ដែលអាចអោយនាងក្រមុំសប្បាយចិត្តទៅវិញទាំងដែលគេមិនចាំបាច់ត្រូវធ្វើតាមនាងក៏បានតែគេបែរជាមិនធ្វើទៅវិញ។
“ឈ្មោះពិរោះណាស់ កូនយល់យ៉ាងម៉េចដែរ រ៉ូសស៊ីតា”មនុស្សចំណាស់ក៏ងាកមកសុំយោគបល់ពីនាងក្រមុំម្ដង ព្រោះគិតថានាងអាចនឹងមានឈ្មោះផ្សេងដែលចង់ដាក់អោយកូនប្រុសដូចគ្នា។
“ចាសពិរោះខ្លាំងណាស់”
“ចុះកូន គ្មានឈ្មោះចង់ដាក់អោយកូនទេរឺ”
“ចាសមាន ប៉ុន្តែខ្ញុំថាដាក់ឈ្មោះនេះក៏ល្អដែលលោកប៉ា”
“មិនបានទេយ៉ាងកូនក៏គួរតែដាក់ឈ្មោះអោយកូនមួយដែរ ក្នុងនាមជាម្ដាយរបស់ក្មេង”ប្រមុខគ្រួសារនៅតែទទូចនឹងនាងក្រមុំដោយគិតថានាងខ្លាចអំណាចរបស់អ្នកកម្លោះ ម្យ៉ាងទោះយ៉ាងណានាងក៏ជាម្ដាយម្នាក់គួរតែមានសិទ្ធលើកូនខ្លះដែរ។
“តាមពិតទៅខ្ញុំក៏ចង់ដាក់ឈ្មោះកូនថា ហ្វ្រេងស្គីស៍ ដូចគ្នាដែលលោកប៉ាតែឃើញថាលោក ហ្វ្រេងកូ ដាក់អោយកូនរួចហើយទើបខ្ញុំមិនចាំបាច់ដាក់អោយគេម្នាក់ទៀត”នាងក្រមុំ ប្រាប់មនុស្សចំណាស់ដោយញញឹមតិចៗ តែក៏មិនហ៊ានសម្លឹងមើលទៅមុខរបស់អ្នកកម្លោះដែលឈរនៅក្បែរនោះ។
“ពិតមែនរឺ នេះបានសមជាគូរនឹងគ្នាមែន ចេះមានគំនិតដូចគ្នាទៅកើត”អ្នកជាឳពុកក៏បង្អាប់កូនទាំងពីរ ហើយក៏មិនបាននិយាយអ្វីទៀតដោយគិតតែពីអង្គុយញញឹមសម្លឹងមើលមុខរបស់ចៅប្រុសរបស់ខ្លួន។
“អាហ្អែម”អ្នកកម្លោះក៏ធ្វើជាគ្រហែមដើម្បីបន្លំ    ពេលបានឃើញនាងក្រមុំញញឹមផ្អែមមិន
ឈប់។
ហ្វ្រេងកូ ឈរសម្លឹងមើលមុខនាងក្រមុំដែលគិតតែពីអង្គុយញញឹមដាក់កូនដែលគេងលក់ទៅហើយ មុខមាំកាចក៏ញញឹមចេញមកតាមផ្ទៃមុខស្រទន់ដោយមិនដឹងខ្លួន។
នៅក្នុងបន្ទប់សម្រាកពេលនេះក៏មិនបានស្ងប់ស្ងាត់ណាស់ណា    ផ្ទុយទៅវិញពេលនេះមាន
តែភាពអ៊ូអរដែលកើតចេញពីការជជែកគ្នារបស់សមាជិកគ្រួសារទាំងបី ដោយម្នាក់ៗនិយាយគ្នាពីនេះពីនោះយ៉ាងសប្បាយរីករាយ ត្រូវតែសប្បាយរីករាយក៏ព្រោះតែពេលនេះបន្ថែមសមាជិកតូចម្នាត់ទៀតនៅក្នុងគ្រួសារនោះអី។
ព្រោះតែនៅទន់ខ្សោយមិនទាន់រឹងមាំ ទើបធ្វើអោយរាងតូចត្រូវគេងលក់ទាំងកំពុងតែនិយាយគ្នាលេងតាំងពីពេលណាក៏មិនដឹង មិនដឹងថាអ្នកណាបានធ្វើអ្វីខ្លះដឹងត្រឹមតែពេលភ្ញាក់មកម្ដងទៀតក៏មិនបានឃើញកូនតូចនៅក្បែរខ្លួនទៅហើយ តែនាងក៏មិនបានភ្ញាក់មកដោយខ្លួនឯងដែរដែលភ្ញាក់នេះគឺពេលដែលអ្នកកម្លោះហៅនាងនេះឯង។
“រ៉ូសស៊ីតា ភ្ញាក់ឡើង”ដៃរឹងមាំរបស់អ្នកកម្លោះលូកទៅប៉ះរាងកាយតូចតិចៗ ដើម្បីដាស់នាងក្រមុំអោយក្រោកពីដំណេកក៏ព្រោះតែពេលនេះជាពេលល្ងាចទៅហើយដែរ។
“អឹ្ហម”កែវភ្នែកតូចបើកឡើងព្រមទាំងសម្លឹងមើលមុខគេមិនដាក់
ក្រោយពីសម្លឹងមើលបានមួយសន្ទុះ រ៉ូសស៊ីតា ក៏ប្រញាប់ងាកមុខចេញពីបានដឹងថាខ្លួនភ្លឹកសម្លឹងមើលគេយូរគួរសមដែរ នាងក្រមុំប្រឹងងើបខ្លួនចេញពីពូកទន់ៗទាំងលំបាកក៏ព្រោះតែនៅឈឺចាប់់ត្រង់កន្លែងខ្លះនៃរាងកាយ។
មិនទុកអោយរាងតូចលំបាកយូរជាងនេះ អ្នកកម្លោះក៏ចូលទៅគ្រារាងតូចអោយក្រោកឡើងបានស្រួល បន្ទាប់ពីជួយសម្រួលភាពលំបាករបស់នាងរួចរាល់ហើយអ្នកកម្លោះក៏ទៅចាត់ការរៀបចំម្ហូបមកដាក់នៅពីមុខនាងក្រមុំ។
កែវភ្នែកតូចតាមសម្លឹងមើលគ្រប់កាយវិការរបស់គេ ទាំងក្នុងចិត្តមិនដឹងថាគួរសប្បាយចិត្តរឺមួយយ៉ាងណា តែយ៉ាងណាក៏នាងសប្បាយចិត្តបានបន្តិចដែរដែលអ្នកកម្លោះធ្វើល្អដាក់នាងបែបនេះ ដូចជាពេលនេះទាំងដែលការងារទាំងនេះគេមិនចាំបាច់ត្រូវធ្វើខ្លួនឯងគ្រាន់តែបញ្ជាអោយអ្នកបម្រើធ្វើជំនួសក៏បានតែគេបែរជាជ្រើសរើសធ្វើដោយខ្លួនឯងទៅវិញ។
“ញ៉ាំបាយសិនទៅ ចាំទៅងូតទឹក”ហ្វ្រេងកូ និយាយហាក់ដូចបញ្ជានាងក្រមុំក្រោយពីចាត់ចែងអាហារអោយនាងរួចរាល់
“ចាស តែថាលោកមិនញ៉ាំទេរឺ”ព្រោះឃើញអ្នកកម្លោះរៀបនឹងដើរចេញទៅក្រៅទើបនាងក្រមុំសួរគេដោយការចង់ដឹង
“ខ្ញុំមិនទាន់ឃ្លានទេ នាងញ៉ាំមុនទៅ”
“ចាស តែថាលោកចង់ទៅណា”
“ទៅយកកូន”ហ្វ្រេងកូ តបតែប៉ុណ្ណឹងក៏ចាកចេញពីបន្ទប់ដោយមិនរងចាំស្ដាប់សំណួររបស់
នាងក្រមុំបន្ត តាមពិតទៅដែលគេចេញទៅក៏ព្រោះតែបានដឹងដូចគ្នាថានាងក្រមុំច្បាស់ជាមិនសួរនាំអ្វីបន្តទៀតទេបន្ទាប់ពីបានដឹងថាគេទៅកូនមកនោះ ទើបគេមិនចាំបាច់ត្រូវនិយាយអ្វីច្រើនក្រៅពីចាកចេញទុកអោយនាងនៅធ្វើមុខស្រពោនតែម្នាក់ឯង។
“គ្រប់យ៉ាងព្រោះឯងជាម្ដាយរបស់កូនគេប៉ុណ្ណោះ មិនមែនព្រោះក្ដីស្រលាញ់នោះទេនាង   រ៉ូស គួរតែឈប់ស្រម៉ៃបានហើយ”នាងក្រមុំ និយាយតិចៗតែម្នាក់ឯងពេលលែងមានវត្តមានរបស់អ្នកកម្លោះនៅក្នុងបន្ទប់ជាមួយ។
កែវភ្នែកតូចក៏សម្លឹងមើលទៅថាសអាហារដែលអ្នកកម្លោះរៀបចំអោយមុននេះ ដៃតូចក៏ដួសអាហារញ៉ាំយ៉ាងស្ងៀមស្ងាត់ហើយទឹកភ្នែកនៃការខូចចិត្ត ក៏ស្រក់ចុះមកមួយដំណក់ចូលទៅក្នុងចានបាយនៅចំពោះមុខ ហើយវាក៏បន្តស្រក់ចុះមកមិនឈប់មួយដំណក់ហើយមួយដំណក់ទៀតដោយនាងក៏មិនគិតនឹងជូនវាចេញដូចគ្នា។

ត្រាបាបចងចិត្តWhere stories live. Discover now