ភាគទី២១

653 8 0
                                    

(មនុស្សក្រៅបេះដូង)

ពេលវេលាកាន់តែដើរទៅមុខជារឿយៗ ដែលវិនាទីប្រែទៅនាទី នាទីក៏ប្រែទៅជាម៉ោង ម៉ោងប្រែទៅថ្ងៃ ថ្ងៃក៏បន្តប្រែទៅជាសប្ដាហ៍ ហើយក៏បន្តប្រែទៅជាខែ ហើយដែលពេលនេះពេលវេលាក៏កន្លងផុតទៅអស់រយៈពេលបីខែដូចគ្នា។
កូនតូចក៏ចាប់ផ្ដើមលូតលាស់ធំធាត់ទៅតាមពេលវេលាដែលបានកន្លងផុតទៅ ដែលពេលនេះកូនតូចក៏មានអាយុប្រាំខួបទៅហើយដែរ ហើយអ្វីដែលកាន់តែពិសេសនោះគឺគ្រប់គ្នានៅក្នុងផ្ទះដែលអ្នកណាៗក៏លង់ដកចិត្តមិនរួចនឹងកម្លោះតូច ដែលធ្វើអោយគ្រប់គ្នាសឹងតែមិនអាចធ្វើអ្វីបានព្រោះតែភាពគួរអោយស្រលាញ់របស់កូនតូចជាពិសេសគឺអ្នកជាឳពុកម្ដាយតែម្ដង ដែលមួយថ្ងៃៗនៅតែជាមួយនឹងកូនតូចដោយមិនព្រមចេញទៅណា។
មិនអោយគ្រប់គ្នាស្រលាញ់ឈ្លក់វង្វេងនឹងកម្លោះតូចយ៉ាងម៉េចនឹងបាន បើភាពសង្ហាអង់អាចរបស់គេដែលដូចទៅនឹងឳពុកចាប់មានតាំងពីតូចបណ្ដើរៗទៅហើយ ដែលធ្វើអោយអ្នកជាឳពុកដូចជា ហ្វ្រេងកូ ពេញចិត្តជាខ្លាំងដែលកូនប្រុសដំបូងកាត់មកខ្លួនសឹងតែគ្មានកន្លែងខុសសូម្បីតែបន្តិច។
“កូនប្រុសរបស់ប៉ាគួរអោយស្រលាញ់ដល់ហើយ”អ្នកកម្លោះលើកកូនតូចនៅក្នុងឡើងលើខ្ពស់ផុតទៅក្បាលរបស់ខ្លួន
“ខឹក ខឹក”ទង្វើរបស់អ្នកជាឳពុកធ្វើអោយកូនប្រុសតូចសើចកក្អឹកមិនឈប់
សកម្មភាពរបស់ឳពុកកូនទាំងពីរ ធ្វើអោយអ្នកជាម្ដាយឈរមើលពីចម្ងាយត្រូវសើចតាមដោយមិនខ្លួន។
“អ្នកប្រុសតូចពិតជាដូចលោក ហ្វ្រេងកូ ខ្លាំងណាស់ មិនថាជាមុខមាត់រឺអត្តចរឹកនៅពេលនេះទេ ខ្ញុំហ៊ានធានាថាដូចទាំងអស់”មេការចំណាស់ដែលឈរជិតនាងក្រមុំក៏បន្លឺឡើងជាសម្ដីធ្វើអោយនាងក្រមុំត្រូវសម្លឹងមើលឳពុកកូនទាំងពីរកាន់តែខ្លាំងជាងមុន ហាក់ចង់បញ្ជាក់អោយកាន់តែច្បាស់ពីសម្ដីរបស់មេការមុននេះ តែតាមពិតទៅមិនថាតែគ្រប់គ្នានោះទេសូម្បីក៏នាងក៏យល់ឃើញថាកូនប្រុសរនស់នាងដូចអ្នកកម្លោះដែរ ដែលវាដូចសឹងតែរកកន្លែងអោយខុសគ្នាមិនបាន។
“ជាឳពុកកូននឹងគ្នា ត្រូវតែដូចគ្នាចឹងហើយអ៊ំ”នាងក្រមុំងាកមកញញឹមស្រទន់ដាក់មនុស្សចំណាស់
“តែក៏សង្ឃឹមថាអ្នកប្រុសតូចជាមនុស្សល្អដូចស្ងៀមស្ងាត់ជាអ្នកនាង មិនឆេវឆាវដូចជាលោក ហ្វ្រេងកូ ទៅចុះ”
“ហ៊ឹសៗ កាត់ទៅលោក ហ្វ្រេងកូ ក៏ល្អហើយអ៊ំ ព្រោះខ្ញុំមិនមែនជាមនុស្សល្អអីណាស់ណានោះទេ”
“អ្នកណាថា អ្នកនាងជាមនុស្សល្អខ្លាំងណាស់តាំងពីខ្ញុំបានជួប”មេការចំណាស់ប្រឹងនិយាយលើកទឹកចិត្តនាងក្រមុំដើម្បីកុំអោយនាងពិបាកចិត្តជាងនេះ
“មនុស្សល្អឯណា គេទៅសម្លាប់មនុស្សបែបនេះទៅអ៊ំ”ទោះជាគ្រប់យ៉ាងបានកន្លងផុតទៅជាច្រើនឆ្នាំក៏ពិតមែនតែអតីតកាលនៅតែតាមលងបន្លាចនាងក្រមុំមិនឈប់ គ្រប់យ៉ាងនៅតែធ្វើអោយនាងក្រមុំចងចាំមិនភ្លេចពីកំហុសឆ្គងរបស់ខ្លួន ដែលបានធ្លោយធ្វើខុសមួយពេលដោយអចេតនាហើយគ្រប់យ៉ាងក៏គ្មានថ្ងៃអាចកែប្រែអោយដូចដើមបាន។
“កុំនិយាយបែបនេះអីអ្នកនាង គ្មានអ្នកណាដែលមិនធ្លាប់ធ្វើខុសនោះទេ រាល់អតីតកាលដែលកន្លងផុតទៅហើយអោយវារលាយទៅតាមពេលវេលាទៅចុះ រឿងអតីតនឹងបច្ចុប្បន្នជារឿងពីរផ្សេងអ្នកនាងមិនត្រូវយកវាមកលូកឡំគ្នាបែបនេះទេ អ្នកនាងគួរតែរស់នៅក្នុងបច្ចុប្បន្នអោយបានល្អបំផុត ជឿចុះយ៉ាងណាក៏ទេវតាមិនចិត្តអាក្រក់ដាក់មនុស្សល្អៗដូចជាអ្នកនាងនោះទេ”
“ខ្ញុំអរគុណដែរអ៊ំស្រីព្យាយាមយល់ពីខ្ញុំ”ជាលើកទីមួយហើយ ដែលនាងមានអារម្មណ៍ថាមានមនុស្សដែលយល់ពីចិត្តរបស់ខ្លួនបានដល់ថ្នាក់នេះ
“ហ៊ឹសៗ មិនមែនមានតែខ្ញុំនោះទេ ខ្ញុំជឿថាលោក ហ្វ្រេងកូ ក៏យល់ពីអ្នកនាងដូចគ្នា”
“គ្មានថ្ងៃនោះទេអ៊ំ”ទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះមកដោយមិនដឹងខ្លួន
“បានហើយឈប់គិតពីរឿងមិនសប្បាយចិត្តទៀតទៅ នាំអោយបរិយាកាសអាប់អួលនោះទេ”ព្រោះបានឃើញទឹកភ្នែករបស់នាងតូចមេការក៏ប្រញាប់និយាយបន្លំ ដើម្បីកុំអោយនាងយំច្រើនជាងនេះតទៅទៀត។
ដៃតូចលើកមកជូតទឹកភ្នែកចេញពីថ្ពាល់របស់ខ្លួន ដើម្បីបណ្ដេញរាល់រឿងមិនសប្បាយចិត្តចេញអោយអស់។
“ខ្ញុំសុំទៅយកកូនសិនហើយអ៊ំ”
“ចាស”
រាងតូចស្ដើងរបស់នាងក្រមុំដើរសម្ដៅទៅរកឳពុកកូនទាំងពីរ ពេលបានឃើញកូនប្រុសដ៏ទ្រលុកទ្រលន់របស់ខ្លួនគេងលក់នៅស្មារបស់អ្នកកម្លោះទៅហើយ។
“ម៉ោះខ្ញុំនាំកូនទៅគេងសិន”ដៃតូចក៏លូកទៅយកកូនប្រុសពីក្នុងដៃរបស់អ្នកកម្លោះ
ហ្វ្រេងកូ ក៏ហុចកូនទៅអោយនាងក្រមុំថ្នមៗព្រោះខ្លាចថាធ្វើអោយរំខានដល់ដំណេករបស់កូនប្រុសដែលទើបតែលង់លក់មុននេះ។
“អឹម ធ្ងន់ដល់ហើយឥលូវនេះ”មាត់តូចក៏រអ៊ូតិចៗដោយស្នាមញញឹមពេលប៉ះបានភាពខុសប្លែករបស់កូនប្រុស
“រួចទេ ចាំខ្ញុំជួយ”ហ្វ្រេងកូ ប្រុងលូកដៃទៅយកកូនពីដៃនាងក្រមុំតែត្រូវនាងបដិសេធបានមុនទើបគេបានត្រឹមតែធ្វើតាមសម្ដីរបស់នាង
“មិនអីទេ ខ្ញុំពរគេបាន”ថាហើយនាងក្រមុំក៏បែរខ្នងដាក់អ្នកកម្លោះដោយមិនស្រណោះដោយនាំកូនតូចនៅក្នុងដៃទៅគេងនៅក្នុងបន្ទប់
ហ្វ្រេងកូ បានត្រឹមតែឈរសម្លឹងមើលផែនខ្នងរបស់នាងក្រមុំដែលចាកចេញទៅមុននេះដោយមិនងាកក្រោយមើលមកគេសូម្បីតែបន្តិច តែវាក៏ជាទម្លាប់របស់ពួកគេទាំងពីរទៅហើយក៏ព្រោះតែរយៈពេលកន្លងមកនេះ ទោះបីជាអ្នកកម្លោះមិនបានធ្វើបាបនាងក្រមុំតទៅទៀតតែរវាងពួកគេទាំងពីរគឺមានតែភាពសោះកក្រោះបែពនេះឯង ហើយគ្រប់យ៉ាងអាចមកដល់ពេលនេះក៏ព្រោះតែមានកូនជាចំណងតែប៉ុណ្ណោះ។
ទឺត ទឺត
សម្លេងទូរស័ព្ទក៏រោទ៌បន្លឺ ដាស់ស្មារតីរបសើអ្នកកម្លោះអោយវិលត្រលប់មកវិញ ហ្វ្រេងកូ ដកខ្សែភ្នែកចេញពីរាងកាយតូចដែលទើបតែដើរផុតទៅមុននេះ មកចាប់អារម្មណ៍ទូរស័ព្ទដែលកំពុងតែរោទ៌វិញ។
“អាឡូ”
(ចៅហ្វាយលោក ឡាយអិន នឹងភរិយារបស់លោកធ្វើដំណើរមកដល់ហើយទាន) ត្រឹមបានលឺសម្លេងរបស់ចៅហ្វាយអ្នកចុងខ្សែក៏និយាយសាច់ការចេញមកតែម្ដង
“អឹម រៀបចំឡានទៅទទួលពួកគេមក”សម្ដីកាចក៏បន្លឺឡើងបញ្ជាកូនចៅតាមទូរស័ព្ទ
(បាទទាន)
“នាំពួកគេមកទីនេះសិនមក”
(បាទ)
ក្រោយពីបញ្ចប់សន្ទនាជាមួយកូនចៅរួចរាល់អ្នកកម្លោះក៏ដាក់ទូរស័ព្ទ ព្រមទាំងបោះជំហ៊ានដើរចូលទៅក្នុងភូមិគ្រឹះដោយឬកពារអង់អាច រាងក្រាស់ដើរសម្ដៅឡើងទៅលើបន្ទប់ដែលមាននាងក្រមុំនឹងកូនរបស់ខ្លួននៅក្នុងនោះ។
“បន្តិចទៀតមិត្តរបស់ខ្ញុំនឹងភរិយារបស់គេមកលេងទីនេះ”អ្នកកម្លោះ ក៏និយាយសាច់ការជាមួយនាងក្រមុំភ្លាមៗត្រឹមបានចូលមកដល់ក្នុងបន្ទប់
“ចាស”រ៉ូសស៊ីតា ដែលកំពុងតែអង្គុយមើលកូនប្រុសក៏ងាកមកសួរបញ្ជាក់ពីសម្ដីរបស់គេម្ដងទៀតព្រោះមិនយល់ អោយនាងយល់បានយ៉ាងម៉េចបើសុខៗគេក៏ប្រាប់បែបគ្មានក្បាលកន្ទុយបែបនេះអ្នកណាស្ដាប់យល់ ម្យ៉ាងទៀតត្រឹមមិត្តរបស់គេមកលេងសោះហេតុអីក៏ត្រូវមកប្រាប់នាងដែរ។
“មិនចាំបាច់ត្រូវភ្ញាក់ផ្អើលស្អីទេ”
“ដែលខ្ញុំសួរព្រោះមិនយល់ គ្រាន់តែមិត្តរបស់លោកហេតុអីត្រូវប្រាប់ខ្ញុំដែរ”
“ដែរខ្ញុំប្រាប់ព្រោះចង់អោយនាងបានត្រៀមខ្លួនទៅទទួលគេជាមួយខ្ញុំ”
“ខ្ញុំ ខ្ញុំថាមិនបាច់ល្អជាងព្រោះមិនត្រូវជាអ្វីនឹងគ្នា មិនចាំបាច់ទៅទទួលទាំងពីរបែបនេះទេ នាំអោយមិត្តរបស់លោកយល់ច្រឡំ”ត្រូវហើយនេះជាគំនិតរបស់នាង ដែលនាងមិនចង់ទៅព្រោះមិនចង់អោយមានអ្នកយល់ច្រឡំពីរទំនាក់ទំនងរបស់ពួកនាង ហើយអ្វីដែលនាងខ្លាចនោះគឺសំណួរដែលធ្វើអោយនាងពិបាកនឹងឆ្លើយតបទៅវិញ។
“ហ៊ឹសៗ បើដឹងពីឋានៈរបស់ខ្លួនក៏ល្អហើយ ដែលខ្ញុំបបួលមុននេះគឺព្រោះចង់សាកចិត្តនាងតែប៉ុណ្ណោះ តែតាមមើលទៅនាងដូចជាដឹងពីតួនាទីរបស់ខ្លួនឯងច្បាស់ថាតូចទាបប៉ុណ្ណានៅក្នុងផ្ទះនេះ”ក៏ព្រោះតែខឹងនឹងនាងក្រមុំដែលនិយាយអ្វីមិនចេះគិត ទើបអ្នកកម្លោះបានតែនិយាយបញ្ឈឺឌឺដងដាក់នាងវិញបានយ៉ាងសមចិត្ត។
តែគេមិនបានដឹងនោះទេថាសម្ដីរបស់គេ វាមុតជាកាំបិតទៅទៀតដែលធ្វើអោយអ្នកស្ដាប់ដូចជានាងក្រមុំត្រូវខាំមាត់សង្កត់ចិត្តព្រោះតែភាពឈឺចាប់ រ៉ូសស៊ីតា ប្រឹងទប់ទឹកភ្នែកនៃភាពឈឺចាប់របស់ខ្លួនមិនអោយស្រក់ចុះមកចំពោះមុខរបស់គេ។
“ហើយបើនាងមិនចេញពីបន្ទប់នេះគឺរឹតតែល្អ”ថាហើយអ្នកកម្លោះ ក៏ដើរចាកចេញពីបន្ទប់ដោយមានកំហឹងនៅជាប់នឹងផ្ទៃមុខសង្ហា
“ហ៊ឹកៗ”ត្រឹមលែងមានវត្តមានរបស់អ្នកកម្លោះ នាងក្រមុំក៏ទ្រហ៊ោយំចេញមកខ្លាំងបញ្ចេញរាល់ភាពឈឺចាប់ដែលប្រឹងទប់មុននេះ
រាល់សម្លេងយំខ្សឹបខ្សួល ភាពឈឺចាប់របស់នាងក្រមុំត្រូវបានអ្នកកម្លោះដែលឈរនៅខាងក្រៅបន្ទប់ទទួលដឹងលឺទាំងអស់ តែគេក៏មិនបានធ្វើអ្វីផ្សេងក្រៅពីឈរស្ដាប់ទាំងក្នុងចិត្តនៅមិនស្រណុក ចិត្តដែលចង់ចូលទៅលួងលោមនាងក៏ត្រូវបានរារាំងដោយអារម្មណ៍ដែលកំពុងតែខឹងរបស់គេនាពេលនេះ ហើយនេះក៏ជាវិធីដាក់ទោសរបស់អ្នកកម្លោះចំពោះនាងក្រមុំដែលក្បាលរឹងចូលចិត្តធ្វើអ្វីប្រឆាំងនឹងបញ្ជារបស់គេ។
“នេះជាទោសដែលនាងហ៊ានប្រឆាំងនឹងខ្ញុំ រ៉ូសស៊ីតា”ក្រៅពីឈរនិយាយម្នាក់ឯងនៅមុខបន្ទប់រួច ជើងរឹងមាំរបស់អ្នកកម្លោះក៏បោះជំហ៊ានចុះមកជាន់ខាងក្រោមដើម្បីរងចាំភ្ញៀវរបស់ខ្លួនដែលនឹងមកដល់នាពេលបន្តិចទៀតនេះ។

ត្រាបាបចងចិត្តWhere stories live. Discover now