(ក្ដីសុខដែលតែងតែចង់បាន)
មួយខែកន្លងផុតទៅ
រយៈពេលមួយខែហើយដែលកូនប្រុសរបស់នាង បានចាប់កំណើតមកឃើញពិភពលើកមួយនេះហើយក៏ជាពេលដែលធ្វើអោយនាងមានតែស្នាមញញឹម នឹងទទួលបានក្ដីសុខដែលមិនធ្លាប់នៅក្នុងជីវិតបែបនេះ។
ហើយក៏មិនមែនមានតែនាងដែរ សូម្បីតែអ្នកកម្លោះក៏មានអារម្មណ៍មិនខុសពីនាងក្រមុំប៉ុន្មនាដែរ ដែលគ្រប់យ៉ាងហាក់ដូចស្រស់បំព្រងនៅពេលមានជីវិតក្មេងតូចដែលជាសាច់ឈាមរបស់ខ្លួនមកចាប់កំណើតបែបនេះ មិនលើកលែងតែសមាជិកក្នុងផ្ទះទាំងអស់ក៏មានអារម្មណ៍មិនខុសពីពួកគេដូចគ្នាដែរ។
ផ្ទៃមេឃចាប់ផ្ដើមងងឹតទៅតាម ពន្លឺរបស់ព្រះអាទិត្យដែលរៀបនឹងអស់ស្ដង្គត់ទៅតាមធម្មជាតិដែលបានកំណត់មក រយៈកាលនៃពេលឈប់សម្រាកពីការងារក៏ឈានចូលមកដល់លើកលែងតែនាងក្រមុំដែលមិនបានធ្វើការងារអ្វីក្រៅពីមើលថែកូន ដែលពីនេះក៏មិនបានឈប់សម្រាកដូចមនុស្សទូទៅក៏ព្រោះតែកំពុងតែធ្វើតួនាទីជាម្ដាយយ៉ាងល្អជាមួយនឹងកូនប្រុសតូច។
ពន្លឺនៃអំពូលភ្លើងបានជះចែងចាំងពាសពេញផ្ទៃបន្ទប់ធំទូលាយ ដែលបង្ហាញអោយឃើញផ្ទៃមុនស្រទន់របស់អ្នកជាម្ដាយដែលពេលនេះកំពុងតែញញឹមពព្រាយ សម្លឹងមើលទៅមុខតូចគួរអោយស្រលាញ់របស់កូនប្រុស ដែលកំពុងតែបៅដោះរបស់ខ្លួនដោយការស្រែកឃ្លានទៅតាមទម្លាប់របស់ក្មេង។
ដៃតូចលើកមកអង្អែលមុខរបស់កូនតូចម្ដងហើយម្ដងទៀត ដោយមិនចេះជិនណាយនាង
ក្រមុំញញឹមស្រទន់នៅពេលបានឃើញកូនប្រុសរបស់ខ្លួនញញឹម ដែលកើតចេញពីការប៉ះពាល់ដោយម្រាមដៃរបស់ខ្លួន។
“ញញឹមបានគួរអោយស្រលាញ់ណាស់កូនប្រុសម៉ាក់”ដៃស្រឡូនត្រូវបានដៃតូចៗរបស់កូន
ប្រុសចាប់ជាប់មិនលែង ដែលនាងក៏គ្រវីលេងតិចហើយរឹតតែធ្វើអោយកូនតូចញញឹមដាក់មិនឈប់លើសដើម។
“អឹក អឺ”សម្លេងតូចបន្លឺឡើងទាំងកំពុងតែបៅដោះម្ដាយហាក់ចង់និយាយអ្វីម្យ៉ាងជាមួយអ្នកជាម្ដាយវិញ
ទោះបីជាមានតែគ្នាពីរនាក់ជាមួយកូនប្រុស ប៉ុន្តែបន្ទប់ទាំងមូលក៏មិនបានស្ងប់ស្ងាត់ទៅទាមចំនួនមនុស្សដែរ ក៏ព្រោះតែនាងក្រមុំនៅតែនិយាយលេងសើចតែម្នាក់ឯងជាមួយនឹងកូនប្រុសតូចជានិច្ច ទោះបីជាគ្មានការឆ្លើយតបអ្វីក្រៅពីភាសាស្ដាប់គ្នាមិនបានរបស់កូនតូចតែក៏មិនបានធ្វើអោយនាងក្រមុំអផ្សុកណាស់ណាដែរ តែកាន់តែធ្វើអោយនាងមានសេចក្ដីសុខខ្លាំងលើសដើមនៅពេលបាននៅជាមួយកូនប្រុសបែបនេះហើយក៏ជាក្ដីសុខដែលនាងតែងតែចង់បាន។
ក្រឹប
ទ្វារបន្ទប់ត្រូវបានបើកឡើងដោយស្នាដៃរបស់ជនទីបី ដែលគ្មានអ្នកណាក្រៅពីឳពុករបស់ក្មេងនេះឯង អ្នកកម្លោះដើរចូលមករកនាងក្រមុំដែលកំពុងតែអង្គុយបំបៅដោះកូននៅលើគ្រែដោយទឹកមុខញញឹមពព្រាយ រាល់ភាពហត់នឿយដែលបានមកពីការងារក៏ត្រូវបានរលាយទៅអស់គ្មានសល់នៅពេលបានមកឃើញមុខកូនប្រុសតូច។
ក្នុងបន្ទប់ធំទូលាយពេលនេះក៏ត្រូវបានបន្ថែមដោយសមាជិកម្នាក់ទៀត ដែលនោះហើយធ្វើអោយនាងក្រមុំសើចលែងសមដូចមុនពេលបានឃើញវត្តមានរបស់គេ កែវភ្នែកកាចសម្លឹងមើលមកមុខនាងក្រមុំដែលពេលនេះកំពុងតែធ្វើមុខអឹមអៀន ព្រោះខ្មាសដែលគេមកទាន់ពេលនាងកំពុងតែបំបៅដោះកូនបែបនេះ តែមានរឺដែលមនុស្សដូចជាគេត្រូវមកខ្វល់ពីអារម្មណ៍របស់នាងនោះ មានតែធ្វើអោយគេកាន់តែចង់ធ្វើបាបអោយនាងខ្មាសលើសដើមតែប៉ុណ្ណោះ។
“បៅឆ្អែតហើយនៅកូនប្រុសប៉ា”ដៃរឹងមាំក៏ចាប់ដោះអាវក្រៅរបស់ខ្លួនចេញ ដោយកែវភ្នែកក៏សម្លឹងមើលមកមុខកូនប្រុសនឹងនាងក្រមុំឆ្លាស់គ្នាម្នាក់ម្ដង
ជើងវែងៗបោះជំហ៊ានយ៉ាងអង់អាចមករក កូនតូចដែលនៅក្នុងដៃនាងក្រមុំដោយទឹកញ
ញឹមមិនឈប់ ហើយក៏ជាស្នាមញញឹមដែលគេមិនដែលធ្លាប់បង្ហាញអោយបានឃើញពីមុនមកមិនមែនមិនធ្លាប់បង្ហាញទេហៅថាមិនធ្លាប់មានទើបវាត្រឹមត្រូវជាង។
“នឹកខ្លាំងណាស់នៀក”
ជុប
ហ្វ្រេងកូ ប្រើបបូរមាត់ក្រាស់របស់ខ្លួនអោនមកថើបថ្ពាល់កូនតូច ដែលវាក៏ធ្វើអោយចុងច្រមុះរបស់គេទៅប៉ះនឹងសាច់ទ្រូងរបស់នាងក្រមុំដែលវារីកមាឌជាងមុនព្រោះតែការមានកូន។
“អូយ”រ៉ូសស៊ីតា ស្រែកបន្តិចព្រោះភ្ញាក់នឹងការប៉ះពាល់ដោយទន់ហន់គ្មានសញ្ញាអោយជាមុនបែបបនេះ។
“សុំទោសផងគិតថាថើបកូន តែមិននឹកស្មានថាវាប៉ះបែបនេះ”អ្នកកម្លោះនិយាយហាក់ដូចជាដឹងកំហុសរបស់ខ្លួន
“ចាសមិន មិនអីទេ”នាងក្រមុំតបទាំងទឹកមុខក្រហមអឹមអៀន
ព្រោះរវល់តែឈ្ងោកមុខអឹមអៀន ទើបបានជានាងមិនបានសង្កេតទេថាពេលនេះអ្នកកម្លោះកំពុងតែឈរញញឹមពេញចិត្តនឹងរឿងដែលកើតឡើងមុននេះ ត្រូវហើយវាមិនមែនកើតឡើងព្រោះអចេតនានោះទេតែវាជាចេតនារបស់គេទៅវិញទេ គ្រាន់តែមនុស្សស្រីស្លូតបូតដូចជានាងតាមមិនទាន់ល្បិចរបស់គេតែប៉ុណ្ណោះឯង។
រាងក្រាស់ចូលមកអង្គុយក្បែររាងតូចដែលគិតតែពីសម្លឹងមើលទៅកូនមិនឈប់ ដោយមិនហ៊ានមើលមកគេសូម្បីតែបន្តិចធ្វើហាក់គេគ្មានរូបរាងនៅទីនេះអញ្ចឹង ហ្វ្រេងកូ សម្លឹងមើលមុខតូចដោយការពិចារណា នឹងព្យាយាមស្វែងយ់់ពីអារម្មណ៍របស់ខ្លួនឯងនាពេលនេះដែលមានចំពោះនាងក្រមុំ។
“កូនបៅយូរហើយនៅ”ព្រោះមិនចង់អោយខួរក្បាលគិតពីរឿងរបស់នាងក្រមុំ ទើបអ្នកកម្លោះប្ដូរសំនួរដើម្បីបន្លំការគិតរបស់ខ្លួនដែលមាននាពេលនេះ
“មុនលោកមកដល់បន្តិច”
“ប្រហែលជាឃ្លានខ្លាំងហើយ បានពេលនេះហើយនៅមិនព្រមឈប់បៅទៀត”អ្នកកម្លោះសើចញឹមៗព្រមទាំងសម្លឹងមើលមុនកូនប្រុសដដែល
“ចាសប្រហែលហើយ ព្រោះពេលភ្ញាក់ឡើងក៏ស្រែកយំខ្លាំងៗតែម្ដង”
បន្ទប់ទាំងមូលក៏ធ្លាក់ទៅក្នុងសភាពស្ងប់ស្ងាត់ តែវាក៏អប់ទៅដោយក្លិននៃសេចក្ដីសុខនឹងសុភមង្គលជំនួសមកវិញ កែវភ្នែកពីរគូរសម្លឹងមើលទៅមុខរបស់កូនប្រុសព្រមគ្នាដោយមិនមានអ្នកណានិយាយអ្វីក្រៅពីបង្ហាញតែស្នាមញញឹមចេញមក។
“អឹ អឺ”មុខតូចរបស់កូនប្រុសដកចេញពីដើមទ្រូងរបស់ម្ដាយព្រមទាំងមានកំអែចេញមកតាមមាត់ដែលកើតឡើងព្រោះតែឆ្អែតខ្លាំង
“ភើហើយ”អ្នកកម្លោះក៏ហុចកន្សែងដែលដាក់នៅក្បែរនោះមកអោយនាងក្រមុំ ដើម្បីជូតមាត់អោយកូនប្រុស
“ឆ្អែតហើយរឺកូនសម្លាញ់”ដៃតូចជូតមាត់អោយកូនបណ្ដើរ ព្រមទាំងញញឹមសួរកូនប្រុសបណ្ដើរដែលរូបភាពរបស់នាងធ្វើអោយអ្នកកម្លោះដែលនៅក្បែរនោះត្រូវញញឹមតាមដែរ។
“អឺ អឺក”ដៃជើងតូចៗក៏លើកឡើងលើខ្វៃៗដោយការសប្បាយចិត្ត ហ្វ្រេងកូ ក៏ចាប់ជើងតូចទាំងពីររបស់កូនប្រុសមកផ្អឹបនឹងថ្ពាល់គ្រើមរបស់ខ្លួន ព្រមទាំងត្រដុសតិចៗដែលធ្វើអោយកូនតូចបម្រាស់កាន់តែខ្លាំងព្រោះរសើប។
“ហ៊ឹសៗ”សម្លេងសើចយ៉ាងសប្បាយរីករាយ លាយឡំនឹងសុភមង្គលក៏លាន់លឺចេញពីនាងក្រមុំដែលនៅក្បែរនោះ
“ម៉ោះកូនសម្លាញ់អោយប៉ាសុំបីបន្តិច”
ដៃរឹងកំព្រឹងក៏លូកទៅបីកូនប្រុសតូចពីដៃរបស់នាងក្រមុំ រ៉ូសស៊ីតា ក៏ហុចកូនប្រុសអោយទៅអ្នកកម្លោះដោយកាយវិការទន់ភ្លន់នឹងប្រុងប្រយ័ត្នជានិច្ច ដែលមិនខុសពីនាងក្រមុំអ្នកជាឳពុកក៏ទទួលយកកូនប្រុសដោយការប្រុងប្រយ័ត្នដូចគ្នា។
ត្រឹមបានមកដល់លើដៃដ៏កក់ក្ដៅរបស់ឳពុក សញ្ជាតិញ្ញាណជាសាច់ឈាមតែមួយក៏ធ្វើអោយកូនប្រុសសើចសប្បាយក្អាកក្អាយដាក់អ្នកកម្លោះ ស្នាមញញឹមដ៏បរិសុទ្ធរបស់កូនប្រុសធ្វើអោយអ្នកទាំងពីរត្រូវញញឹមតាមដូចគ្នា។
“នឹកប៉ាមែនទេកូនប្រុស បានជាសប្បាយចិត្តយ៉ាងនេះ ហ៊ឹម”ហ្វ្រេងកូ សួរនាំកូនប្រុសព្រមទាំងអោនថើបថ្ពាល់ទន់រលោងរបស់កូនដោយការគ្រឺតក្នាញ់
“អឹក អឺ”សម្លេងតបរបស់កូនប្រុសហាក់ចង់បញ្ជាក់ពីអ្វីម្យ៉ាងដល់អ្នកជាឳពុកវិញ
កែវភ្នែកកាចដែលសម្លឹងមើលទៅកូនប្រុសមុននេះ ក៏ដកចេញពីមុខតូចមកសម្លឹងមមុខស្រទន់របស់នាងក្រមុំវិញ មិនមែនត្រឹមតែមុខរបស់នាងក្រមុំនោះទេតែអ្នកកម្លោះក៏សម្លឹងមើលតាមរាងកាយរបស់នាងដូចគ្នា ហើយគំនិតអ្វីម្យ៉ាងក៏ផុសនៅក្នុងខួរក្បាលដ៏ឆ្លេវឆ្លាតរបស់គេបានភ្លាមៗតែម្ដង។
“នេះមិនទាន់ងូតទឹកទេមែនទេ”
“អរចាស មុននេះរៀបនឹងងូតហើយតែចៃដន្យកូនក៏ភ្ញាក់ទើបដាក់អោយគេបៅសិន”
“ហ៊ឹម ចឹងក៏ឆាប់ទៅងូតទៅចាំខ្ញុំជាអ្នកមើលកូន”
“មិនអីទេ គិតថាចាំងូតអោយកូនរួចចាំទៅងូតតាមក្រោយ”
“ចឹងចាំខ្ញុំជាអ្នកងូតអោយកូនចុះ នាងទៅងូតខ្លួនឯងទៅមើលកូនហត់ពេញមួយថ្ងៃហើយ”ហ្វ្រេងកូ និយាយព្រមទាំងងាកមកមើលកូនប្រុសដែលនៅមិនស្ងៀមនៅក្នុងដៃរបស់ខ្លួន
រ៉ូសស៊ីតា មិនទាល់យល់ព្រមភ្លាមៗព្រោះហាក់នៅស្ទាក់ស្ទើរនឹងសំណើររបស់អ្នកកម្លោះមិនមែនថានាងមិនទុកចិត្តគេនោះទេ តែនាងមិនចង់អោយគេត្រូវមកហត់នឹងមើលការកូនត្រឹមការងារក៏ធ្វើអោយគេហត់ណាស់ទៅហើយទើបនាងមិនចង់អោយគេហត់ជាងនេះ។
“មិនទុកចិត្តខ្ញុំរឺយ៉ាងម៉េច”ព្រោះឃើញទឹកមុខស្ទាក់ស្ទើររបស់នាងក្រមុំ ទើបអ្នកកម្លោះដោយការអន់ចិត្តដែលនាងមិនទុកចិត្តខ្លួនដែលជាឳពុករបស់កូនម្នាក់ដែរ។
“មិនមែនចឹងទេ ខ្ញុំគ្រាន់តែមិនចង់អោយលោកមកហត់នឹងការមើលកូនតែប៉ុណ្ណោះ”រ៉ូសស៊ីតា ប្រញាប់បកស្រាយដើម្បីកុំអោយអ្នកកម្លោះយល់ច្រឡំនឹងគំនិតរបស់ខ្លួន
“ហត់ស្អីទៅ ហ្វ្រេងស្គីស៍ ក៏ជាកូនរបស់ខ្ញុំដែរ ក្នុងនាមជាឳពុកត្រូវតែមើលថែកូនជារឿងធម្មតាទៅហើយ ត្រូវទេកូនសម្លាញ់”ចុងប្រយោគអ្នកកម្លោះក៏ងាកមកនិយាយដាក់កូនប្រុសនៅក្នុងដៃ នៅក្នុងចិត្តរបស់គេពេលនេះហាក់សប្បាយខុសពីធម្មតាពេលដឹងថានាងក្រមុំបារម្ភនឹងយកចិត្តទុកចំពោះខ្លួន
“អឺ អឺក”ត្រឹមចប់ប្រយោគរបស់ឳពុកកូនប្រុសក៏តបមកវិញហាក់យល់ស្របនឹងសម្ដីរបស់អ្នកកម្លោះមុននេះ
“យល់ស្របតាមប៉ាដែរមែនទេកូនប្រុស”
រូបភាពនៅចំពោះមុខធ្វើអោយនាងក្រមុំលែងហ៊ាននិយាយអ្វីទៀត ដោយបានត្រឹមតែអង្គុយសើចទាំងហួសចិត្ត ដែលបានឃើញកូនប្រុសត្រូវដងត្រូវផ្លែគ្នាជាមួយឳពុកតាំងពីមិនទាន់ដឹងអីបែបនេះ។
“ខ្ញុំយកកូនទៅងូតទឹកហើយ”
“ចាស”
អ្នកកម្លោះក៏បីកូនតូចនៅក្នុងដៃក្រោកចេញពីបន្ទប់សម្ដៅទៅបន្ទប់ក្បែរនេះ ដើម្បីបានងូតទឹកអោយកូនប្រុសសំណព្វចិត្ត នាងក្រមុំតាមសម្លឹងមើលផែនខ្នងរបស់អ្នកកម្លោះទាល់តែបាត់ពីកែវភ្នែក។
នៅក្នុងបន្ទប់ធំទូលាយដែលពេលនេះវាក៏រឹតតែធំជាងមុន ព្រោះតែលែងមានវត្តមានរបស់អ្នកកម្លោះនឹងកូនប្រុសនៅទីនេះបន្តទៀត នាងក្រមុំអង្គុយសញ្ជឹងគិតតែម្នាក់ឯងដោយកែវភ្នែកក៏នៅតែសម្លឹងមើលទៅមាត់ទ្វារមិនឈប់ នាងក្រមុំអង្គុយនៅលើគ្រែធំទូលាយដោយគិតនៅក្នងចិត្តតែម្នាក់ ស្នាមញញឹមក៏លេចឡើងមកនៅលើផ្ទៃមុខដ៏ស្រស់ស្រទន់តែកែវភ្នែកបែរជាមានដក់ទៅដោយទឹកភ្នែក ដែលបញ្ជាក់ថាស្នាមញញឹមរបស់នាងមិនមានជាស្នាមញញឹមដែលកើតចេញពីក្ដីសុខនោះទេតែវាកើតចេញពីក្ដីទុក្ខទៅវិញទេ។
“នេះជាក្ដីសុខដែលឯងតែងតែចង់បាន តែវាក៏មិនបានស្ថិតស្ថេរយូរអង្វែងដែរ នាងរ៉ូស”ទឹកភ្នែកមួយដំណក់ហូរកាត់មកលើផែនថ្ពាល់ទន់រលោង
ដៃតូចប្រញាប់លើកមកជូតទឹកភ្នែកចេញពីថ្ពាល់ ហើយក៏ប្រឹងញញឹមសារជាថ្មីម្ដងទៀតក៏
ព្រោះតែមិនចង់អោយក្ដីទុក្ខមករារាំងរាល់ក្ដីសុខដែលខ្លួនកំពុងតែមាននាពេលនេះ ក្រោយពីជូតទឹកភ្នែកទាល់តែស្ងួតពីថ្ពាល់ រ៉ូសស៊ីតា ក៏ពង្រឹងស្មារតីរបស់ខ្លួនជាថ្មីម្ដងទៀតហើយក៏រៀបចំខ្លួនទៅសម្អាតរាល់ភាពហត់នឿយនឹងទុក្ខសោកចេញពីខ្លួនប្រាណអោយអស់។
“ង៉ា ង៉ា”
សម្លេងទារកក្នុងវ័យមួយខួបស្រែកយំផ្អើលពេញបន្ទប់់ទាំងមូល ដាស់អោយមនុស្សពីរនាក់ដែលកំពុងតែគេងមុននេះ ត្រូវស្ទុះភ្ញាក់ឡើងដោយការភិតភ័យនឹងសម្លេងស្រែកយំរបស់ក្មេង
តូច។
រាងតូចស្ដើងស្ទុះក្រោកឡើងបម្រុងនឹងចុះទៅមើលកូនតូច តែមិនទាន់បានឈានជើងចុះស្រួលបួលផងក៏ត្រូវដៃរឹងមាំលូកមកចាប់ពីខាងក្រោយមុនបាត់ទៅហើយ។ ដៃរឹងកំព្រឹសរបស់អ្នកកម្លោះចាប់ទាញរាងតូចអោយគេងចុះមកលើគ្រែវិញ។
“នាងគេងទៅចាំខ្ញុំជាអ្នកមើលគេ”ហ្វ្រេងកូ ប្រាប់នាងក្រមុំដោយបង្ហាញនូវទឹកមុនស្មើរធេងដែលបញ្ជាក់ថាគេមិនបាននិយាយលេង
រាងក្រាស់របស់ ហ្វ្រេងកូ ងើបចុះពីលើគ្រែនឹងដើរទៅបីកូនតូចដែលដាក់នៅក្នុងអង្រឹងក្បែរនោះ ដៃក្រាស់លើកកូនប្រុសឡើងមកព្រមទាំងរលាក់តិចៗដើម្បីបំពេរកូនប្រុសអោយបាត់យំ តែគេបែរជាគិតខុសព្រោះគេកាន់តែលួងលោមកូនក្បាលខូចគឺកាន់តែយំលើសដើម។
“ឈប់យំទៅកូនសម្លាញ់ ម៉ោះចាំប៉ាបំពេរណា”មិននិយាយតែមាត់តែអ្នកកម្លោះក៏ថែមទាំងរលាក់កូនតូចនៅក្នុងដៃតិចៗ តែវាហាក់គ្មានបានផលអ្វីសោះក៏ព្រោះតែពេលនេះកូនរបស់គេក៏យំកាន់តែខ្លាំងឡើងៗ
“ង៉ា ង៉ា”
រ៉ូសស៊ីតា ក៏បានតែដាក់ខ្លួនគេងចុះវិញតាមសម្ដីបញ្ជារបស់អ្នកកម្លោះ តែក៏មិនបានបិទភ្នែកគេងវិញភ្លាមៗក៏ព្រោះតែនៅចាំមើលពីវិធីដែលអ្នកកម្លោះលួងកូនអោយគេង ព្រោះតែដឹងថាកូនរបស់នាងមិនងាយលួងបាត់ទើបនាងបានតែគេងស្ងៀមមិនមាត់ ដោយមានតែរងចាំមើលតែប៉ុណ្ណោះ ហើយគ្រប់យ៉ាងក៏ដូចការគិតរបស់នាងព្រោះតែពេលនេះកូនមិនបានបាត់យំគឺមានតែយ៉ខ្លាំងលើសដើម មានរឺមនុស្សដែលមិនសូវចេះលួងក្មេងអាចលួងកូនក្បាលខួចអោយបាត់ឈប់យំបាននោះ។
“អោយកូនមកនេះមក”ព្រោះទ្រាំមើលមិនបានតទៅទៀត ទើបរាងតូចស្ទុះក្រោកពីលើគ្រែព្រមទាំងលូកយកកូនពីអ្នកកម្លោះមកបីនៅក្នុងដៃ
ចំណែកអ្នកកម្លោះក៏បានតែហុចកូនទៅអោយនាងក្រមុំដោយទឹកមុខរអៀសចិត្ត ដែលខ្លួនមិនអាចជួយអ្វីដល់នាងក្រមុំបានដោយសូម្បីតែលួងកូនក៏គេមិនអាចធ្វើបាន រ៉ូសស៊ីតា អង្គុយចុះនៅលើគ្រែព្រមទាំងដាក់អោយកូនក្បាលខូចបានបៅ ត្រឹមបានអ្វីតាមបំណងកូនតូចក៏សម្ងំស្ងៀមដោយមិនបានស្រែកយំខ្លាំងៗដូចពីមុនទៀត។
“ឃ្លានបែបនេះទើបបានលួងមិនព្រមបាត់សោះ”អ្នកកម្លោះ ចូលមកអង្គុយជិតនាងក្រមុំព្រមទាំងអង្អែលក្បាលរបស់កូនប្រុសតិចៗ
“អឹក អឺ”សម្លេងតូចបន្លឺបន្ទាប់ពីត្រូវរំខានដោយដៃរបស់ឳពុក
“ហ៊ឹសៗ”រ៉ូសស៊ីតា សំណើចនឹងឬកពារគួរអោយស្រលាញ់របស់កូនប្រុស
“ហ៊ឹស ក្បាលខូចមិនណយទេយើងនេះ”ចុងច្រមុះស្រួចក៏អោយទៅថើបសក់ក្បាលដ៏ក្រអូបប្រហើររបស់កូនប្រុស
អ្នកកម្លោះក៏អង្គុយមើលនាងក្រមុំបំបៅដោះកូន ដោយមិននិយាយអ្វីផ្សេងទៀតក្រៅពីញញឹមតែម្យ៉ាងគត់ ក្រៅពីបៅឆ្អែតតាមចិត្តចង់ហើយកូនតូចក៏ដេកលក់យ៉ាងស្កប់ស្កល់ទៅវិញនៅក្នុងដៃរបស់អ្នកជាម៉ាក់។
“ចាំខ្ញុំដាក់អោយគេគេង”ព្រោះឃើញរាងតូចប្រុងងើបពីគ្រែ ទើបអ្នកកម្លោះជួយយកអាសានាងក្រមុំដោយយកកូនតូចពីក្នុងដៃ រ៉ូសស៊ីតា
“អឹ អឺ”ទារកតូចបម្រាស់តិចៗពេលមានអារម្មណ៍ដល់ការរំខាន
“សុបិន្ដល្អកូនប្រុសសម្លាញ់”
ជុប
អ្នកកម្លោះក៏អោយទៅថើបថ្ពាល់កូនតូចមុននឹងដើរមករកគ្រែគេងវិញ ហ្វ្រេងកូ ឡើងមកគេងក្បែររាងកាយតូចរបស់ រ៉ូសស៊ីតា ដៃរឹងមាំលើកមកអោបចង្កេះតូចពីខាងក្រោយដែលធ្វើអោយម្ចាស់រាងកាយញោចបន្តិចព្រោះភ្ញាក់តែក៏មិនបាននិយាយអ្វីក្រៅពីនៅស្ងៀម ហើយមិនយូរប៉ុន្មានទាំងពីរនាក់ក៏លង់លក់យ៉ាងស្កប់ស្កល់នៅក្នុងរាត្រីកាល។
YOU ARE READING
ត្រាបាបចងចិត្ត
Romanceភាពឈឺចាប់ ភាពគុំគួន ការធ្វើបាបបានកែប្រែអោយនារីដ៏ស្លូតបូតម្នាក់ប្រែក្លាយទៅជាមនុស្សស្រីដ៏កាចសាហាវមួយរំពេចហ៊ានធ្វើរឿងដែលខ្លួនមិនធ្លាប់ធ្វើពីមុន ក៏ព្រោះតែកំហឹងមួយពេលបានដែលមិនចេះគិតរបស់នាងបានសាងជាត្រាបាបរុំជាប់ខ្លួនរបស់នាងអស់មួយជីវិត តែទីបំផុតត្រាបាបរបស់...