ភាគទី២៧

730 10 0
                                    

(ពេលវេលាដែលសាកសម)

៥ឆ្នាំកន្លងផុតទៅ
វាលធំល្វឹងល្វើយពណ៌បៃតងខៀវខ្ចី ស្រស់បរិសុទ្ធបក់ផាត់មកបូករួមទាំងក្លិនក្រអូមនៃផ្កាចម្រុះពណ៌នៅក្នុងសួនច្បារ ធ្វើអោយបរិយាកាសនៅទីនេះកាន់តែស្រស់ស្រាយអាចអោយមនុស្សដែលមានទុក្ខកង្វល់មកកម្សាន្តអារម្មណ៍នឹងកាត់បន្ថយស្រ្តេសបាន។
រាងតូចច្រឡឹងរបស់ រ៉ូសស៊ីតា អង្គុយនៅលើរទេះរុញរបស់ខ្លួន កែវភ្នែកសម្លឹងមើលទៅឆ្ងាយនៃរូបភាពចំពោះមុខ ទោះជាទេសភាពនៅជុំវិញខ្លួនស្រស់ស្អាតល្អទាក់ទាញអារម្មណ៍យ៉ាងណាក៏នាងក្រមុំពេលនេះមិនបានចាប់អារម្មណ៍អ្វីទាំងអស់។ ខួរក្បាលពេលនេះកំពុងតែវិលវល់នឹងគំនិតដែលខ្លួនបានគិតអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
កែវភ្នែកតូចសម្លឹងភ្លឹកមើលទៅត្រង់ តែគ្រប់យ៉ាងមិនបានស្ថិតនៅក្នុងខួរក្បាលរបស់នាងទាំងអស់ ព្រោះតែខួរក្បាលតូចមួយនេះកំពុងតែស្មុគស្មាញនឹងរឿងជាច្រើដែលសូម្បីតែទេសភាពចំពោះមុខ ក៏មិនអាចកាត់បន្ថយភាពតានតឹងនៅក្នុងខ្លួនរបស់នាងដែលមាននាពេលនេះបានដូចគ្នា។
“អ្នកម៉ាក់”សម្លេងស្រទន់តូចរបស់កូនប្រុស បន្លឺឡើងពីខាងក្រោយខ្នងរបស់អ្នកកំពុងតែអង្គុយភ្លឹក ត្រឹមបានលឺសម្លេងដ៏គួរអោយស្រលាញ់របស់កម្លោះតូចនាងក្រមុំក៏បំភ្លេចបានរាល់់ទុក្ខសោកដែលមានមុននេះបានភ្លាមៗ រាងស្ដើងបែរខ្លួនងាកមករកកូនប្រុសជាទីស្រលាញ់ព្រមទាំងញញឹមផ្អែមដាក់កម្លោះតូចដើម្បីបន្លំមិនអោយគេបានដឹងថាខ្លួនកំពុងតែកើតទុក្ខ។
“កូនសម្លាញ់មកវិញហើយរឺ យ៉ាងម៉េចដែរដើរលេងជាមួយលោកពូថ្ងៃនេះសប្បាយដែរទេ”នាងក្រមុំអោបកូនប្រុសក្នុងរង្វង់ដៃ ព្រមទាំងញញឹមងាកទៅមើលមុខ    ប្រាយស៍តុន    ដើម្បី
ជាអរគុណដល់អ្នកម្ខាងទៀតដែលបានយកចិត្តទុកដាក់នឹងមើលថែកូនប្រុសក្បាលខូចរបស់ខ្លួន។
ដៃតូចស្រឡូនលើកមកអង្អែលក្បាលកូនប្រុសថ្នមៗ កែវភ្នែកថ្លាយង់ក៏សម្លឹងមើលកូនប្រុសមិនដាក់ នាងក្រមុំសម្លឹងមើលកម្លោះតូចមិនព្រិចភ្នែកហាក់ដូចជាការមើលនេះជាការមើលជាលើកចុងក្រោយសម្រាប់នាងអញ្ចឹង។
“សប្បាយណាស់អ្នកម៉ាក់ លោកពូនាំកូនទៅដើរលេងច្រើនកន្លែងណាស់ ថែមទាំងស្របតាមចិត្តកូនគ្រប់យ៉ាងទៀតផង” កម្លោះតូចសង្ហាដែលពេលនេះកាន់តែសង្ហាទៅតាមវ័យរបស់ខ្លួន ឆ្លើយតបអ្នកជាម្ដាយទាំងញញឹម តែនិយាយមិនបានប៉ុន្មានក្មេងតូចក៏រត់់ចេញពីរង្វង់ដែអ្នកជាម្ដាយដោយរត់លេងបន្តតែម្នាក់ឯងនៅក្នុងសួនធំទូលាយ។
“អរគុណលោកណាស់ដែលបានមើលថែគេ”មាត់និយាយអរគុណអ្នកកម្លោះ តែកែវភ្នែកក៏មិនព្រមដកចេញពីរាងកាយរបស់់កូនប្រុសដែរកំពុងតែរត់លេងនៅចំពោះមុខ
“មិនអីទេអ្នកនាង នេះជាតួនាទីរបស់ខ្ញុំស្រាប់ទៅហើយ”
នាងក្រមុំមិនបានឆ្លើយតបអ្វីក្រៅពីអង្គុយសម្លឹងមើលទៅកូនប្រុសដដែល ចំណែក ប្រាយស៍តុន ព្រោះមិនចង់រំខានពេលវេលាផ្ទាល់ខ្លួនរបស់នាងក្រមុំអ្នកកម្លោះក៏បានត្រឹមតែចាកចេញដោយដឹងតួនាទីរបស់ខ្លួន។
នាងក្រមុំប្រើក្រសែភ្នែកដោយក្ដីស្រលាញ់សម្លឹងទៅកម្លោះតូច ព្រមទាំងព្យាយាមចងចាំរាល់កាយវិការរូបភាពរបស់កូនប្រុសរបស់ខ្លួនទុកនៅក្នុងការចងចាំនឹងបេះដូងរបស់ខ្លួន ត្រូវហើយព្រោះសល់ពេលមិនប៉ុន្មានម៉ោងទៀតនាងនឹងចាកចេញពីទីនេះហើយ នាងនឹងចាកចេញដោយស្ងៀមស្ងាត់ដោយមិនទាមទារអ្វីទាំងអស់ សុំត្រឹមតែអានុស្សាវរីយ៍ដែលធ្លាប់មានកន្លងមកនៅទីនេះជាមួយដែលនាងស្រលាញ់អស់ពីបេះដូងទៅជាមួយ។
ត្រូវហើយគ្រប់គ្នាឆ្ងល់ណាស់មែនទេ ថាហេតុអ្វីរយៈពេលបីឆ្នាំកន្លងមកនេះនាងនៅតែមិនអាចដើរបានទៀត តាមពិតទៅនាងអាចដើរបានតាំងពីកន្លះឆ្នាំដំបូងមកម្ល៉េះតែដែលនាងលាក់រឿងនេះមិនអោយអ្នកណាដឹងជាពិសេសគឺអ្នកកម្លោះ ក៏ព្រោះតែហេតុផលមួយនេះ ហេតុផលដែរអាចអោយនាងនៅក្បែរកូនប្រុសរហូតបានបីឆ្នាំកន្លងមកនេះ។ ព្រោះតែមិនចង់ឃ្លាតឆ្ងាយពីកូនប្រុសទើបនាងសុខចិត្តស៊ូទ្រាំធ្វើជាមនុស្សពិការដើរមិនបាន សុខចិត្តលាក់បាំងគ្រប់យ៉ាងចំពោះអ្នកកម្លោះទាំងដែរដឹងហើយថាបើការពិតត្រូវលាងត្រដាតនាងនឹងត្រូវជួបទុក្ខធ្ងន់ក៏នាងសុខចិត្ត ហេតុផលព្រោះតែកូនប្រុសតែម្នាក់គត់របស់ខ្លួន។ តែពេលនេះនាងបានសម្រេចចិត្តច្បាស់ហើយថានឹងចាកចេញពីទីនេះ ទោះបីជាមិនដាច់អាល័យពីកូនប្រុសក៏ដោយ តែនាងជឿថាអ្នកកម្លោះច្បាស់ជាអាចមើលថែកូនប្រុសបានល្អហើយវាកាន់តែល្អបើសិនជាគ្មានវត្តមានរបស់នាងនៅទីនេះ។
នាងមិនបានចង់ចាកចេញប៉ុន្មានទេ តែបើទោះជានាងបន្តនៅក៏គ្មានប្រយោជន៍ក៏ព្រោះតែអ្នកកម្លោះមិនបានសូម្បីតែផ្ដល់តម្លៃអោយនាងសូម្បីតែបន្តិច ទោះជាគេមិនបានធ្វើបាបដាក់ខ្លួនដូចដែរធ្លាប់ធ្វើកន្លងមក តែនាងក៏មិនចង់បានបែបនេះអ្វីដែរនាងចង់បានគឺបេះដូងរបស់គេ តែកុំថាតែបេះដូចដ៏សោះកក្រោះរបស់គេ សូម្បីតែរាងកាយរបស់គេក៏នាងគ្មានថ្ងៃបានធ្វើជាម្ចាស់ផងលើកលែងតែរឿងដែរគេត្រូវការពីនាងតែប៉ុណ្ណោះទើបនាងមានសិទ្ធិបានផ្ទាល់គេ។
ដៃតូចលើកមកអង្អែលក្បាលពោះរាបស្មើររបស់ខ្លួន ដែលពេលនេះកំពុងតែមានវត្តមានរបស់មានតម្លៃសម្រាប់នាងនៅក្នុងនេះ តែប្រហែលមានតែនាងទេដែលគិតថាមានតម្លៃទើបនាងក្រមុំជ្រើសរើសលាក់អាថ៌កំបាំងមួយនេះ ព្រមទាំងចាកចេញទៅយ៉ាងស្ងៀមស្ងាត់ជាមួយកូនតូចដោយមិនអោយអ្នកណាម្នាក់បានដឹង។
“ហត់ហើយរឺកូន”រ៉ូសស៊ីតា ញញឹមស្រស់ដាក់កូនតូចដែលរត់មិនត្រង់ផ្លូវសម្ដៅមកខ្លួនទាំងត្រហេបត្រហបព្រោះហត់
“បាទ”
“តោះចឹងចូលទៅខាងក្នុងទៅ ចាំម៉ាក់ងូតទឹកអោយកូនណា”ទាំងពីរនាក់ម្ដាយកូនក៏បណ្ដើរគ្នាចូលទៅខាងក្នុងផ្ទះដោយនាងកូនតូចដើរតាមរទេះរុញរបស់ម្ដាយតិចៗ ព្រមទាំងសើចលឺៗពេលត្រូវអ្នកម្ដាយនិយាយបង្អាប់
នាងក្រមុំងូតទឹកអោយកូនប្រុសយ៉ាងយកចិត្តទុកដាក់ ព្រោះតែពេលនេះជាឪកាសចុងក្រោយរបស់ខ្លួនដែលបានថ្នាក់ថ្នមកូនប្រុសបែបនេះ ក្រោយពីអ្នកម្ដាយងូតទឹកអោយរួចរាល់កម្លោះតូចក៏គេងលក់ព្រោះតែអស់កម្លាំងដោយការលេងហត់កាលពីរសៀល។
នាងក្រមុំអង្គុយសម្លឹងមើលកូនប្រុសដែរគេងលក់មិនដឹងអីនៅលើគ្រែ ស្នាមញញឹមក៏បង្ហាញឡើងនៅលើផ្ទៃមុខស្រទន់តែមិនមែនជាស្នាមញញឹមមានសេចក្ដីសុខនោះទេ វាជាស្នាមញញឹមដែរបង្កប់ទៅដោយភាពទុក្ខសោកទៅវិញទេ។
“អោយម៉ាក់សុំទោសដែរទៅចោលកូនមែននេះ      តែទាំងអស់នេះម៉ាក់ធ្វើក៏ព្រោះតែដើម្បី
កូនម្នាក់គត់ ហើយម៉ាក់សន្យាថានឹងមើលថែប្អូនរបស់កូនម្នាក់នេះអោយបានល្អបំផុត កូនសម្លាញ់”ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមកនៅលើថ្ពាល់របស់កូនប្រុស នាងក្រមុំព្យាយមជូតទឹកភ្នែករបស់ខ្លួនមិនអោយស្រក់ចុះមកតែនាងរឹតតែជូតទឹកភ្នែកកាន់តែជន់ហូរមកលើសដើម។
ជុប
រ៉ូសស៊ីតា អោយថើបថ្ពាល់តូចកូនប្រុសជាលើកចុងក្រោយនាងផ្ដិតយកក្លិននៃរាងកាយរបស់កម្លោះតូចយ៉ាងយូរទើបព្រមដកចេញពីផែនថ្ពាល់តូច អង្គុយសម្លឹងមើលបានមួយសន្ទុះទើបនាងក្រមុំបង្វែររទះរុញរបស់ខ្លួនចេញពីបន្ទប់របស់កូន ព្រោះនាងខ្លាចថាបើសម្លឹងកូនយូរជាងនេះទៀតនាងអាចមិនដាច់ចិត្តចាកចេញទៅក៏ថាបាន។
រ៉ូសស៊ីតា រៀបចំរបស់របរដែរខ្លួនគិតថាសំខាន់ដាក់ក្នុងកាបូបតូចរបស់ខ្លួនទាល់តែរួចរាល់ កែវភ្នែកតូចក៏សម្លឹងមើលទៅសម្លៀកបំពាក់អ្នកបម្រើដែលនៅក្បែរនោះ ដែរខ្លួនបានសុំពីអ៊ំមេការមុននេះ។ ជើងតូចបោះជំហ៊ានចេញពីរទេះរុញមួយៗដើរទៅយកសម្លៀកបំពាក់មកផ្លាស់ត្រូវហើយព្រោះមានតែវិធីមួយនេះទេដែរអាចនាំនាងចេញពីកន្លែងនេះបានដោយសុវត្តិភាព។
ក្រោយពីផ្លាស់រួចរាល់នាងក្រមុំក៏ប្រញាប់ប្រញាល់យករបស់របរ ដែរខ្លួនរៀបចំមុននេះចេញទៅតែនឹកឃើញអ្វីម្យ៉ាងទើបធ្វើអោយនាងក្រមុំត្រូវបង្អាក់ដំណើររបស់ខ្លួនភ្លាមៗ រ៉ូសស៊ីតា ចាប់កាន់ប៊ិចមកសរសេរអ្វីម្យ៉ាងដូចមានបំណងបន្សល់ទុករបស់ចុងក្រោយអោយអ្នកកម្លោះ។
“ម៉ាក់សុំទោសដែរចិត្តអាក្រក់ពង្រាត់កូនចេញពីលោកប៉ាបែបនេះ តែបើម៉ាក់មិនធ្វើបែបនេះម៉ាក់នឹងត្រូវឈឺខ្លាំងជាងនេះមិនខាន ម៉ាក់សង្ឃឹមថាកូននឹងអត់ទោសអោយម៉ាក់ណាកូនសម្លាញ់”ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះនៅលើសំបុត្រដែរខ្លួនបានសរសេរមុននេះ ដៃតូចក៏ប្រញាប់លើកមកជូតទឹកភ្នែកចេញ ព្រមទាំងទុកសំបុត្រមួយច្បាប់មុននេះនៅលើតុក្បែរក្បាលដំណេក។
នាងក្រមុំសម្លឹងមើលវាជាលើកចុងក្រោយមុននេះប្រញាប់យករបស់របរចាកចេញទៅ ក៏ព្រោះតែថ្ងៃនេះអ្នកកម្លោះត្រលប់មកពីធ្វើការវិញយឺតជាងរាល់ដង ទើបវាជាឪកាសដ៏ល្អសម្រាប់ការចាកចេញរបស់នាងក្រមុំ។
អគារធំស្កឹមស្កៃឈរខ្ពស់ត្រដែតកណ្ដាលទីក្រុង ដែរមនុស្សគ្រប់គ្នាសុទ្ធតែស្គាល់ថាជាអគារក្រុមហ៊ុនជំនួញគ្រឿងពេជ្រធំជាងគេក្នុងប្រទេស អេស្ប៉ាញ តួអគារទាំងមូលមានសភាពងងឹតឈឹងលើកលែងតែបន្ទប់មួយដែលមានភ្លឺបើកបំភ្លឺចាំងជញ្ចេកជញ្ចាញពេញបន្ទប់ ដែរបញ្ជាក់ថាម្ចាស់បន្ទប់កំពុងតែធ្វើការងារនៅឡើយ ហើយម្ចាស់បន្ទប់មួយនេះក៏គ្មានអ្នកណាក្រៅពីកម្លោះសង្ហា ហ្វ្រេងកូ នេះឯង។
អ្នកកម្លោះយកចិត្តទុកដាក់ធ្វើការងាររបស់ខ្លួនដោយមិនបានចាប់ងារម្មណ៍អ្វីទាំងអស់ សូម្បីតែពេលវេលានៃម៉ោងការងារ តាមពិតទៅទោះបីជាគេព្យាយាមផ្ដោតអារម្មណ៍លើការងាររបស់ខ្លួនប៉ុណ្ណាតែនៅក្នុងខ្លួនរបស់គេពេញមួយថ្ងៃនេះបែរជានៅមិនស្ងប់ទៅវិញ ហ្វ្រេងកូ ព្យាយាមមិនគិតពីអ្វីផ្សេងក្រៅពីការងាតែមួយមុខគត់តែអារម្មណ៍របស់គេហាក់ចម្លែកខុសពីធម្មតា ហាក់ចង់ប្រាប់គេថាគ្រប់យ៉ាងមានអ្វីដែរមិនស្រួលកំពុងតែរងចាំគេ។
តុក តុក
ថូម៉ាស៍ គោះទ្វារបន្តិចមុននឹងរុញចូលមកខាងក្នុងដោយមិនរងចាំការអនុញ្ញាតជាមុនសិន រាងខ្ពស់សង្ហារបស់មនុស្សជំនិតចូលមកដល់ខាងក្នុងព្រមទាំងអោនគំនាបបន្តិចដោយដឹងតួនាទី។
“ចៅហ្វាយ ពេលនេះម៉ោងប្រាំបីហើយទាន”មិនមែនថាគេចង់រំខានពេលវេលារបស់ចៅហ្វាយរឺចង់គេចវេសពីការងារនោះទេ តែដែលគេប្រាប់អ្នកកម្លោះនេះក៏ព្រោះតែបារម្ភពីសុខភាពរបស់អ្នកកម្លោះទៅវិញទេ។
“អ្ហឹម”ហ្វ្រេងកូ មិនបាននិយាយអ្វីក្រៅពីងក់ក្បាលទទួលដឹងដល់ការរាយការណ៍របស់កូនចៅមុននេះ
ដៃរឹងមាំរៀបចំឯកសាចំពោះមុខដែរទើបតែបបង្ហើយរួចរាល់មុននេះ អ្នកកម្លោះដកដង្ហើមធំបន្តិចមុននឹងក្រោកឈរពេញកម្ពស់របស់ខ្លួន ហ្វ្រេងកូ ចាកចេញពីបន្ទប់ធ្វើការងាររបស់ខ្លួនដោយឬកពាអង់អាចដូចរាល់ដង។
តាមផ្លូវធ្វើដំណើរ កែវភ្នែកកំណាចក៏សម្លឹងមើលទៅតាមដងវិថីមិនដាក់ភ្នែកខួរក្បាលដែលស្មុគស្មាញតាំងពីព្រឹកពេលនេះក៏បានស្រឡះបន្តិចពេលបានគយគន់ទេសភាពនៅតាមដងវិថី មិនត្រឹមតែដងវិថីតែប៉ុណ្ណោះទេតែ ហ្វ្រេងកូ នៅសម្លឹងមើលទៅគ្រប់ហាងដែរបើកលក់នៅតាមដងវិថីជាប់គ្នាមិនដាច់។
“ឈប់សិន”
ង៉ឺត
ឡានទំនើបត្រូវបានកកិតនឹងផ្លូវថ្នល់បន្លឺសម្លេងខ្លាំងៗផ្អើលអស់មនុស្សម្នា ដែលកើតចេញពីការជាន់ហ្វ្រាំងយ៉ាងទាន់ហន់តាមសម្ដីបញ្ជារបស់អ្នកកម្លោះមុននេះ។
មិននិយាយអ្វីច្រើន ហ្វ្រេងកូ ដើរចុះពីឡានទំនើបរបស់ខ្លួនសម្ដៅទៅហាងមួយកន្លែងដែលនៅចំពោះមុខដោយខ្លួនឯងផ្ទាល់ក្រោមការភ្ញាក់ផ្អើលរបស់អង្គរក្សជាច្រើន អ្វីដែរធ្វើអោយពួកគេភ្ញាក់ផ្អើលនោះមិនមែនគ្មានបញ្ជាពីអ្នកកម្លោះនោះទេ គឺភ្ញាក់ផ្អើលនឹងហាងដែរអ្នកកម្លោះកំពុងតែដើរចូលទៅវិញទេ។
ហ្វ្រេងកូ ដើរចូលមកខាងក្នុងហាងលក់ផ្កាចម្រុះមួយកន្លែង ដែរទិដ្ឋភាពនៅក្នុងហាងទាក់ទាញការចាប់អារម្មណ៍របស់គេទើបមុននេះគេត្រូវបញ្ជាអោយឡានឈប់ភ្លាម អ្នកកម្លោះដើរសម្លឹងមើលផ្កានៅក្នុងហាងដោយការពិចារណា ត្រូវហើយព្រោះតាំងពីកើតមកគេមិនដែលមកទិញផ្កាដោយខ្លួនឯងនោះទេរាល់លើកបើមិន ថូម៉ាស៍ ក៏ ប្រាយស៍តុន ដែលជាអ្នកទិញអោយគេមិនថាជាផ្កាដែរទិញទៅសួរសុខទុក្ខអ្នកម្ដាយរឺក៏អតីតសង្សាចាស់របស់កេក៏ដោយ តែថ្ងៃនេះត្រឹមបានឃើញហាងផ្កាមួយនេះធ្វើអោយគេដឹងដល់មុខស្រទន់របស់នាងក្រមុំភ្លាមៗ ទើបមិនដឹងថាមូលហេតុអ្វីជំរុញអោយគេចុះមកហាងនេះដោយខ្លួនឯង ដឹងត្រឹមតែថាគេចង់រើសផ្កាមួយនេះជាពិសេសសម្រាប់នាងក្រមុំដោយផ្ទាល់ដៃ។
“ត្រូវការមួយណាដែរលោក”បុគ្គលិកនៅក្នុងហាងដើរមករាក់ទាក់អ្នកកម្លោះ ព្រោះតែឃើញគេឈរសម្លឹងយូរហើយតែនៅតែមិនទាន់រើសបានផ្កាមួយណាដែរត្រូវចិត្ត
“អឹម យកមួយនោះចុះ”ដៃរឹងមាំក៏ចង្អុលទៅកុលាបក្រហមមួយបាច់ធំដែរដាក់តាំងនៅក្នុងទូក្បែរបុគ្គលិកម្នាក់នោះ
“សូម្បីចាំមួយភ្លែត ខ្ញុំនឹងរៀបចំជូនលោក”
មិនយូរប៉ុន្មាន ហ្វ្រេងកូ ក៏ដើរចេញពីហាងផ្កាព្រមជាមួយផ្កាមួយបាច់ធំនៅក្នុងដៃ ឡានទំនើបក៏ចាប់ចេញដំណើរពេលបានទទួលការបញ្ជាពីអ្នកកម្លោះ អ្នកកម្លោះអង្គុយសម្លឹងមើលបាច់ផ្កាដែរដាក់នៅក្បែរខ្លួនដោយញញឹមមិនឈប់ គេមិនដឹងថាហេតុអ្វីបានជាគេហ៊ានធ្វើរឿងដែរមិនធ្លាប់ធ្វើពីមុនមក ដឹងត្រឹមថាគេអាចនឹងសប្បាយចិត្តពេលនាងក្រមុំព្រមទទួលយកផ្កាមួយបាច់ដែរគេជាអ្នករើសអោយនាងដោយផ្ទាល់ដៃមួយនេះ។
ហ្វ្រេងកូ ដើរចូលមកខាងក្នុងភូមិគ្រឹះដោយអោបបាច់ផ្កានៅក្នុងដៃយ៉ាងថ្នមដៃបំផុត ស្នាម
ញញឹមស្រទន់ខុសពីរាល់ក៏បង្ហាញនៅលើផ្ទៃមុខសង្ហាមាំ ជើងរឹងមាំបោះជំហ៊ានវែងៗឡើងមកបន្ទប់របស់ខ្លួននៅជាន់ទីពីរយ៉ាងប្រញាប់ប្រញាល់។ ដៃរឹងកំព្រឹសបើកទ្វារចូលទៅខាងក្នុងបន្ទប់ដែរគិតថាតែងតែមានវត្តមានរបស់នាងក្រមុំដូចរាល់ដង តែគ្រប់យ៉ាងខុសពីការគិតរបស់គេព្រោះតែពេលនេះគេមិនបានឃើញនាងក្រមុំដូចរាល់ដងក្រៅពីភាពទទេស្អាតនៃបន្ទប់ទាំងមូល។
“រ៉ូសស៊ីតា”ទោះជាមិនបានឃើញវត្តមានរបស់នាងក្រមុំក៏ពិតមែន តែក៏មិនបានធ្វើអោយស្នាមញញឹមដែរមានមុននេះរលត់ទៅវិញភ្លាមៗដូចគ្នា
អ្នកកម្លោះដាក់ផ្កានៅលើតុក្បែរក្បាលដំណេក កែវភ្នែកមុតស្រួចក៏រេរកមើលនាងក្រមុំពេញបន្ទប់ទើបមិនបានចាប់អារម្មណ៍ថាមានអ្វីនៅពីក្រោមបាច់ផ្កាមួយនោះ ព្រោះគិតថានាងក្រមុំនៅក្នុងបន្ទប់ទឹកទើបអ្នកកម្លោះដើរទៅគោះទ្វារបន្ទប់ទឹក តែគេក៏មិនបានទទួលបានអ្វីក្រៅពីភាពស្ងប់ស្ងាត់មកវិញ។
“រ៉ូសស៊ីតា រ៉ូសស៊ីតា នៅក្នុងនេះដែរទេ”ទោះជាមិនទទួលបានសម្លេងឆ្លើយតបអ្វីតែអ្នកកម្លោះក៏នៅតែប្រឹងគោះហៅនាងក្រមុំមិនឈប់ បន្ទាប់ពីគោះយ៉ាងណាក៏នៅតែគ្មានសម្លេងឆ្លើយតបទើបអ្នកកម្លោះសម្រេចចិត្តបើកទ្វារបន្ទប់ទឹកចូលទៅខាងក្នុង តែក្រៅពីភាពទទេស្អាតគេក៏នៅតែមិនឃើញនាងក្រមុំដដែល ភាពល្ហល្ហេវនៅក្នុងបន្ទប់ទឹកធ្វើអោយទឹកមុខដែរញញឹមមុននេះទៅជាធ្លាក់ចុះបន្តិច ក្នុងចិត្តក៏ចាប់ផ្ដើមគិតអ្វីដែរមិនល្អឡើងមកតែគេក៏នៅតែព្យាយាមបន្លំអារម្មណ៍របស់ខ្លួនឯង
ព្រោះគិតថានាងក្រមុំអាចនៅក្នុងបន្ទប់របស់កូនប្រុស ទើបរាងខ្ពស់សង្ហាបង្វែរទិសដៅចេញពីបន្ទប់ទឹកដើម្បីសម្ដៅទៅបន្ទប់របស់កូនប្រុស តែដើរមិនបានប៉ុន្មានជំហ៊ានផងអ្នកកម្លោះត្រូវបញ្ឈប់ជើងរបស់ខ្លួនអោយនៅមួយកន្លែង កែវភ្នែករឹងកំព្រឹសសម្លឹងមើលទៅរូបភាពចំពោះមុខជើងដែរគិតថានឹងដើរទៅមុខមុននេះទៅជាលែងមានកម្លាំង ហើយគ្រប់យ៉ាងដែរគេព្យាយាមគេចវេសមុននេះក៏ចាប់ផ្ដើមបង្ហាញអោយគេដឹងថាគ្រប់យ៉ាងដូចការគិតរបស់ខ្លួន។
ហ្វេ្រងកូ បោះជំហ៊ានទៅមុខតិចៗទាំងគ្មានកម្លាំងហាក់ដូចជាមនុស្សផុតដង្ហើមជិតស្លាប់ដៃរឹងមាំលូកទៅប៉ះរទះរុញដែរទុកចោលនៅក្បែរទ្វារ ដែរនាងក្រមុំតែងតែអង្គុយនៅត្រង់នោះ តែពេលនេះលែងមានវត្តមានរបស់នាងទៀតហើយមានត្រឹមតែរទេះមួយនេះតែប៉ុណ្ណោះ។
“មិនអាចទេ នាងមិនអាចចាកចេញពីខ្ញុំនឹងកូនបានទេ”មិននិយាយអ្វីច្រើនទៀតអ្នកកម្លោះក៏ប្រញាប់ចាកចេញពីបន្ទប់របស់ខ្លួនចុះទៅជាន់ខាងក្រោម
ហ្វ្រេងកូ ចុះមកដល់ជាន់ខាងក្រោមទាំងអារម្មណ៍ខ្វល់ខ្វាយអោយគេធ្វើយ៉ាងណាបើអារម្មណ៍របស់គេពេលនេះកំពុងតែច្របូកច្របល់ខ្លាំងដល់ថ្នាក់ធ្វើអ្វីមិនត្រូវទៅហើយ។
“អ៊ំមានឃើញ រ៉ូសស៊ីតា ដែរទេ”អ្នកកម្លោះសួរអ៊ំមេការដែរដើរកាត់នោះ ដោយទឹកមុខខ្វល់ខ្វាយព្រមទាំងបង្ហាញពីភាពស្រ្តេសដែរកំពុងតែមាននាងពេលនេះ
“អត់ទេអ្នកប្រុស ក្រែងអ្នកនាងនៅក្នុងបន្ទប់មិនចឹង”
“នាងមិនបាននៅក្នុងបន្ទប់ទេអ៊ំ នាងបាត់ខ្លួនហើយ”
“នេះអ្នកប្រុសចង់និយាយពីអី អ៊ំមិនសូវយល់នោះទេ”មេការជ្រួញជញ្ចើមព្រោះប្រឹងព្យាយាមយល់ពីសម្ដីរបស់អ្នកកម្លោះ
“នាងមិននៅទេ អត់ទេនាងទៅបាត់ហើយអ៊ំនាងទៅហើយ នាងចាកចេញពីខ្ញុំនឹងកូនហើយ”អ្នកកម្លោះនិយាយទាំងរវើយរវាយចេញមកដល់ថ្នាក់អ្នកម្ខាងទៀតស្ដាប់មិនបានថាគេចង់និយាយពីអ្វីអោយប្រាកដ
“ថាម៉េច នេះអ្នកនាង រ៉ូសស៊ីតា ទៅណាហើយនាងអាចទៅណាបានបើនាងដើរមិនរួចផងនឹង”សម្ដីស្រែកឆោឡោរបស់អ៊ំមេការធ្វើមនុស្សក្នុងផ្ទះទៅជាភិតភ័យនាំគ្នាដើររកនាងក្រមុំ
គ្រប់គ្នាកំពុងតែវក់វីក្នុងការរកនាងក្រមុំសព្វទីកន្លែង លើកលែងតែអ្នកកម្លោះប៉ុណ្ណោះដែរពេលនេះអង្គុយធ្មឹងនៅក្នុងបន្ទប់របស់ខ្លួនដោយមិនកម្រើកទៅណា គេមិនដឹងថាគួររកនាងដោយរបៀបណា អត់ទេពេលនេះគេកំពុងតែស្មុគស្មាញមិនអាចទទួលយកបានពីការចាកចេញភ្លាមៗរបស់នាងក្រមុំបែបនេះ គេចង់តាមនាងមកចង់អោបនាងអោយណែនក្នុងរង្វង់ដៃមួយនេះ។
ហ្វ្រេងកូ អង្គុយមើលទៅកាមេរ៉ាសុវត្ថិភាពដែលបានភ្ជាប់នៅជាមួយទូរស័ព្ទដៃរបស់ខ្លួនរាល់ដងគេតែងតែលួចមើលសកម្មភាពនាងក្រមុំតាមរយៈនេះ តែថ្ងៃនេះត្រឹមគេមិនបានមើលមួយថ្ងៃក៏មានរឿងបែបនេះកើតឡើងទៅវិញ។
កែវភ្នែកមុតស្រួចសម្លឹងមើលទៅក្នុងរូបភាពក្នុងវីឌីអូ ដែរបង្ហាញអោយឃើញនារីអ្នកបម្រើម្នាក់ធ្វើខ្លួនលឹបលខុសប្រក្រតី ដែរអាចអោយអ្នកកម្លោះមើលដឹងថានោះគឺជានាងក្រមុំនេះឯង ព្រោះតែគ្រប់គ្នាគិតថានាងពិការជើងទើបមិនបានចាប់អារម្មណ៍ថាស្រីបម្រើនោះគឺជានាងក្រមុំទើបបណ្ដោយអោយនាងក្រមុំចេញទៅយ៉ាងស្រួលបានដោយបែបនេះ។
ត្រូវហើយក្រៅពីគេនឹងនាងគ្មានអ្នកណាបានដឹងទេថានាងអាចដើរបានវិញនោះ ត្រូវហើយគេដឹងថានាងអាចដើរបានយូរមកហើយ ក៏ព្រោះតែរាល់សកម្មភាពរបស់នាងគឺស្ថិតនៅក្រោមក្រសែភ្នែករបស់គេនោះអី បើនាងតាំងចិត្តលាក់បាំងរឿងនេះជាមួយនឹងគេ គេក៏សុខចិត្តធ្វើជាមិនដឹងមិនលឺ ធ្វើគ្រប់យ៉ាងដើម្បីអោយបាននាងមកនៅក្បែរខ្លួនរបស់គេមិនថានាងពិការរឺទៅជាយ៉ាងណានោះទេគេក៏ព្រមនៅក្បែរខ្លួននាងជានិច្ច។ 
តែអ្នកណាទៅដឹងថារឿងដែរគេមិនខ្វល់ខ្វាយធ្វើអោយគេត្រូវបាត់បង់នាងបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួនបែបនេះទៅវិញត្រូវហើយគេស្រលាញ់នាង ស្រលាញ់ដល់ថ្នាក់ធ្វើល្ងង់ដើម្បីបាននៅក្បែរនាងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តែនាងនៅតែដាច់ចិត្តចាកចេញពីគេទាំងមិនស្ដាយស្រណោះទៅវិញ។
“បើការចាកចេញនេះជាក្ដីសុខរបស់នាង ខ្ញុំនឹងដោះលែងនាង រ៉ូសស៊ីតា ខ្ញុំសន្យាថានឹងមិនទៅរញ៉េរញ៉ៃនឹងជីវិតរបស់នាងចាប់ពីពេលនេះទៅ” ទោះជាព្យាយាមនិយាយធ្វើចិត្តដាច់ដាក់នាងក្រមុំតែក្នុងបេះដូងរបស់គេពេលនេះកំពុងតែឈឺចាប់ប្រេះបែកទៅហើយ។
ហ្វ្រេងកូ អង្គុយសម្លឹងមើលរូបនាងក្រមុំនៅក្នុងទូរស័ព្ទដៃរបស់ខ្លួន ទឹកភ្នែកកូនប្រុសក៏ស្រក់ចុះមកមួយតំណក់ហើយមួយតំណក់ទៀតមិនឈប់។
“ប៉ាប៉ា”កម្លោះតូចដែរទើបតែភ្ញាក់ដឹងខ្លួនមុននេះ ក៏ដើរចូលមកក្នុងបន្ទប់របស់ឳពុកម្ដាយដែលបើកទ្វារចំហចោល
កូនតូចដើរចូលមកកាន់តែជិតអ្នកជាឪពុក ជំហ៊ានតូចបោះមកមុនញាប់ស្មេរដើម្បីអោយដល់គោលដៅ ត្រឹមឃើញវត្តមានរបស់កូនប្រុសដៃក្រាស់ក៏លើកមកជូតទឹកភ្នែកចេញពីថ្ពាល់អោយតែបានៗដើម្បីកុំអោយកម្លោះតូចបានដឹងថាខ្លួនកំពុងតែយំ ម្យ៉ាងគេក៏មិនចង់អោយកូនប្រុសបានឃើញពីភាពទន់ជ្រាយរបស់ខ្លួន នៅចំពោះមុខកូនគេត្រូវតែរឹងមាំធ្វើជាសសរដើម្បីជាគគំរូដល់កូនប្រុស។
“ប៉ា ប៉ា យំមែនទេ”ដៃតូចលើកមកប៉ះថ្ពាល់គ្រើមរបស់ឳពុកតិចៗ មុខតូចក៏អោនទៅដាក់កាន់ផ្អឹបនឹងថ្ពាល់សង្ហារបស់អ្នកកម្លោះ
“អត់ទេ ប៉ាមិនបានយំទេគ្រាន់តែដីហុយចូលភ្នែកតែប៉ុណ្ណោះ”ហ្វ្រេងកូ ព្យាយាមដោះសារនឹងកូនប្រុសព្រោះមិនចង់ត្រូវអោយកូនសង្ស័័យ
“ចឹងចាំកូនផ្លុំដីចេញពីភ្នែកលោកប៉ាណា”
ភាំង
សម្លេងស្រទន់គួរអោយស្រលាញ់ក៏បន្លឺឡើង ដៃតូចក៏ចាប់មុខឳពុកដើម្បីធ្វើដូចមាត់និយាយមុននេះ កាយវិការរបស់កូនប្រុសធ្វើអោយអ្នកកម្លោះសឹងតែទប់ទឹកភ្នែកមិនបាន ហ្វ្រេងកូ ញញឹមឡើងស្រទន់ដាក់កូនប្រុស កូនប្រុសរបស់គេគួរអោយស្រលាញ់បែបនេះគេមិននឹងដាច់ចិត្តប្រាប់ការពិតដល់កូនរបស់គេបានគេ។ តើគេគួរធ្វើយ៉ាងណាបើគ្រប់យ៉ាងត្រូវបានលាតត្រដាងទៅកូនរបស់គេអាចទទួលយកបានទេ បើដឹងថាអ្នកម៉ាក់ជាទីស្រលាញ់របស់គេបានទៅចោលគេហើយតើគេនឹងខូចចិត្តយ៉ាងណា ត្រូវហើយគេម៉េចនឹងអាចឃើញកូនតូចរបស់គេខូចចិត្តបានទៅគេនឹងលាក់រឿងនេះរហូតដល់គ្រប់យ៉ាងគេអាចទទួលយកបាន ដល់ពែលនោះគេនឹងព្រមទទួលយកការស្ដីបន្ទោសគ្រប់យ៉ាងពីកូនប្រុស។
“បាត់ឈឺហើយនៅលោកប៉ា”ដៃតូចអង្អែលមុខឪពុកថ្នមៗ ព្រមទាំងញញឹមស្រទន់ដាក់គេដែលធ្វើអោយគេកាន់តែចង់យំខ្លាំងលើសដើម
“បាត់ហើយកូនសម្លាញ់ កូនប៉ាពិតជាពូកែណាស់”
“លោកប៉ា អ្នកម៉ាក់ទៅណាម៉េចមិនឃើញ”
ឌឹប
សំណួររបស់កម្លោះតូចដូចជាកណ្ដាប់ដៃដាល់ចំកណ្ដាលមុខរបស់គេ ធ្វើអោយអ្នកប្រឹងញញឹមមុននេះទៅជាទម្លាក់មុខចុះ តើអោយគេឆ្លើយយ៉ាងណាបើនេះគឺជាអ្វីដែលគេព្យាយាមគេចវេសពីកូនប្រុស តើគេអាចធ្វើអី្វបានបើពេលនេះគេជាឳពុកមិនបានការម្នាក់ដែលសូម្បីតែម្ដាយរបស់កូនក៏គេមិនអាចការពារបានផង។
“អឺ អ្នកម៉ាក់មានការចេញទៅខាងក្រៅ”ព្រោះមិនដឹងថាត្រូវដោះស្រាយបែបណាទើប ហ្វ្រេងកូ បានត្រឹមតែនិយាយប្រយោគមិនច្បាស់លាស់ប្រាប់កូនប្រុស
“អ្នកម៉ាក់ទៅជាមួយអ្នកណាលោកប៉ា ហេតុអីលោកប៉ាមិនទៅជាមួយអ្នកម៉ាក់ ក្រែងអ្នកម៉ាក់ដើរមិនបានមិនចឹង”កម្លោះតូចនៅតែសួរដេញដោលមិនឈប់ ដែលធ្វើអោយអ្នកកម្លោះកាន់តែពិបាកក្នុងការឆ្លើយតបនូវសំណួរមិនដឹងអីរបស់កូនប្រុស រាល់ពាក្យគ្រប់ម៉ាត់សុទ្ធតែជាពាក្យដែរចាក់ដោតអារម្មណ៍របស់គេ
“អ្នកម៉ាក់ទៅជាមួយលោកតារបស់កូននោះអី”ហ្វ្រេងកូ ចេះតែឆ្លើយអោយតែបានៗព្រោះពេលនេះខួរក្បាលរបស់គេគិតអ្វីមិនទាន់ចេញនោះទេ គេបានត្រឹមតែសង្ឃឹមថាកូនប្រុសរបស់គេនឹងលែងសួរនូវសំនួរដែរចាក់ដល់បេះដូងរបស់គេម្ដងទៀតទៅចុះ
តែខុសពីការគិតរបស់គេ ម្ដងនេះកម្លោះតូចនៅតែសួរតបទៅគេវិញដដែលថែមទាំងចាសំនួរដែលធ្វើអោយគេពិបាកនឹងទទួលយកតែម្ដង។
“ចុះអ្នកម៉ាក់ ទៅជាមួយលោកតាយូរដែរទេ”កម្លោះតូច ងើយមុខមកសួរឳពុកម្ដងទៀតព្រមទាំងបង្ហាញនូវទឹកមុខបែបមិនដឹងអីចេញមកជាមួយ
ត្រឹមលឺសំនួរបន្ទាប់របស់កូនគេសឹងតែលែងដកដង្ហើមទៅហើយ តើអោយគេត្រូវឆ្លើយយ៉ាងណាបើសូម្បីតែគេក៏មិនដឹងផងថាក្រោយដែលនាងចាកចេញទៅ នាងនឹងវិលត្រលប់មករកគេនឹងកូនវិញរឺក៏អត់ ហើយគេក៏មិនដឹងថានាងនឹងចាកចេញទៅយូរប៉ុណ្ណារឺក៏នាងអាចនឹងចាកចេញទាំងមិនវិលត្រលប់មករកគេវិញក៏ថាបាន។
“អ្ហឹម ប៉ាក៏មិនដឹងដូចគ្នា តែមិនយូរទេអ្នកម៉ាក់នឹងមករកកូនវិញជាមិនខាន”អ្នកកម្លោះព្យាយាមនិយាយគ្រប់យ៉ាងអោយកូនប្រុសបានស្ងប់ចិត្ត
“ពិតមែនរឺលោកប៉ា”
“បាទ ម៉ោះកូនសម្លាញ់របស់ប៉ាមកគេងមកចាំប៉ាបំពេណា”ព្រោះឃើញកូនប្រុសលែងសួរនាំអ្វីទៀត ទើបអ្នកកម្លោះឆ្លៀតឪកាសប្ដូររឿងនិយាយដើម្បីកុំអោយកូនប្រុសបានចាប់អារម្មណ៍នឹងរឿងមុននេះទៀត
ដូចការគិតរបស់អ្នកកម្លោះ កូនប្រុសសង្ហាមិនខុសគ្នាប៉ុន្មានពីឳពុកក៏មិនបានសួរនាំពីអ្នកម្ដាយតទៅទៀត កម្លោះតូចក៏ដាក់ខ្លួនគេងក្នុងរង្វង់ដៃដ៏កក់ក្ដៅរបស់អ្នកកម្លោះដើម្បីអោយអ្នកជាឳពុកបានបំពេខ្លួន។
បន្ទាប់ពីលួងកូនអោយគេងរួចរាល់ អ្នកម្លោះក៏បីកូនតូចមកគេងលើគ្រែរបស់ខ្លួននឹងនាងក្រមុំកាលពីមុនដែលពេលនេះលែងមានវត្តមានរបស់នាងទឿតហើយ កែវភ្នែកមុតស្រួចសម្លឹងមើលទៅកូនប្រុសដែរគេងលក់ដោយមិនដឹងខ្យល់អី មិនដឹងសូម្បីតែពេលនេះថាមានរឿងអ្វីកើតឡើងចំពោះគេជាមួយម្ដាយរបស់គេ។
“ហេតុអី  អូនដាច់ចិត្តទៅចោលបងបែបនេះ   រ៉ូសស៊ីតា   ហេតុអីអូនចាកចេញទៅទាំងមិន
ប្រាប់បងបែបនេះ ហេតុអីអូនចេញទៅស្របពេលដែរជីវិតរបស់បងរស់គ្មានអូនមិនបាន ហេតុអី ហេតុអីអូនចិត្តអាក្រក់ដាក់បងនឹងកូនបែបនេះ រ៉ូសស៊ីតា”បបូរមាត់ក្រាស់បង្ហើបឡើងនិយាយតិចៗតែម្នាក់ឯងព្រោះខ្លាចលឺដល់កូនប្រុសដែរទើបតែគេងលក់មុននេះ។
ដៃរឹងមាំលូកមកអង្អែលក្បាលកូនប្រុសថ្នមៗ កែវភ្នែកក៏ងាកសម្លឹងទៅចំបាច់ផ្កាដែលខ្លួនបានទិញមកអោយនាងក្រមុំតែពេលនេះវាក៏គ្មានប្រយោគទៀតដែរ ព្រោះនាងក្រមុំលែងនៅទៅហើយទើបគេមិនដឹងថាត្រូវទុកវាធ្វើអីទៀត ដៃរឹងមាំដែរអង្អែលក្បាលកូនមុននេះក៏លូកមកបម្រុងនឹងយកបាច់ផ្កាបោះចោល តែកែវភ្នែកមុខស្រួចក៏ងាកទៅចំរបស់អ្វីម្យ៉ាងដែរនៅពីក្រោមបាច់ផ្កាទើបអ្នកកម្លោះប្ដូរទិសដៅទៅទាញសំបុត្រនៅលើតុមកអាន ជំនួសអោយការយកបាច់ផ្កាទៅបោះចោលមុននេះ។
“ខ្ញុំដឹងថាការចាកចេញរបស់ខ្ញុំជាក្ដីសុខនឹងជាអ្វីដែរលោកចង់បាន ទើបខ្ញុំចាកចេញទៅដោយមិនសុំការអនុញ្ញាតពីលោកជាមុន តែខ្ញុំសង្ឃឹមថាលោកនឹងមិនខឹងរឺតាមមកដាក់ខ្ញុំត្រឹមកំហុសដ៏តូចមួយនេះទៅចុះ ហើយក៏សូមអរគុណរយៈពេលកន្លងមកដែលលោកបានអនុញ្ញាតអោយខ្ញុំបាននៅមើលថែកូនរហូតដល់ពេលនេះ។ អរ ត្រូវហើយនៅមានរឿងមួយទៀតដែរខ្ញុំធ្លាប់បានលាក់បាំងនឹងលោក តាមពិតទៅខ្ញុំអាចដើរបានយូរហើយតែគ្រប់យ៉ាងដែរខ្ញុំកុហកព្រោះតែខ្ញុំចង់នៅក្បែរកូនអោយបានយូរតែប៉ុណ្ណោះ សង្ឃឹមថាលោកនឹងយោគយល់ពីទឹកចិត្តអ្នកជាម្ដាយផងចុះ។ កំហុសដែរខ្ញុំបានសាងកន្លងមកខ្ញុំក៏មិនសង្ឃឹមថានឹងអោយលោកលើកលែងទោសអោយខ្ញុំដែរ តែខ្ញុំក៏បានទទួលបាបកម្មគ្រប់យ៉ាងរួចរាល់ហើយដែរខ្ញុំសង្ឃឹមថារវាងយើងទាំងពីរនឹងមិនមានកម្មអ្វីជាប់ជំពាក់គ្នាទៀតទៅចុះ ហើយខ្ញុំសង្ឃឹមថាលោកនឹងអាចផ្ដល់ឪកាសអោយពួកខ្ញុំក្នុងការចាកចេញមួយនេះ។
ពីខ្ញុំ រ៉ូសស៊ីតា គីម
តេ អាម៉ារ៉េ ពរ សៀមប្រេ
អ្នកកម្លោះអរគុណអានសំបុត្រដែរនាងក្រមុំសរសេរទុកអោយខ្លួនទាំងក្ដុកក្ដួលចិត្ត គេមិននឹកស្មានថានាងក្រមុំចិត្តដាច់ទៅទាំងបែបនេះថែមទាំងក្នុងសំបុត្រព្យាយាមមិនចង់ជួបគេទៀតផងហើយអ្វីដែលធ្វើអោយគេកាន់តែក្ដុកក្ដួលទៀតនោះគឺឃ្លាចុងក្រោយនៃសំបុត្រដែលវាមានន័យថានាងស្រលាញ់គេជារាងរហូត ត្រូវហើយនាងស្រលាញ់គេហេតុអីថាគេមិនដឹងនាងស្រលាញ់ដូចដែរគេស្រលាញ់នាងអញ្ចឹង តែអោយធ្វើយ៉ាងណាបើនេះជាកំហុសរបស់គេដែរមាត់រឹងមិនព្រមនិយាយគ្រប់យ៉ាងពីអារម្មណ៍របស់ខ្លួនប្រាប់ដល់នាង ពេលនេះគេក៏បានត្រឹមតែអង្គុយសោកស្ដាយបែបនេះឯង ព្រោះទោះយ៉ាងណាក៏គ្រប់យ៉ាងមិនអាចត្រលប់ក្រោយបានដូចគ្នាក៏ព្រោះតែពេកនេះនាងបានចាកចេញពីគេបាត់ទៅហើយ។ ហ្វ្រេងកូ អង្គុយអានសំបុត្រដែលមានដាមដោយទឹកភ្នែករបស់នាងក្រមុំម្ដងហើយម្ដងទៀតទាំងមិនអស់ចិត្ត ទើបកែវភ្នែកទាំងគូរពើបប្រទះនឹងពាក្យមួយឃ្លាដែលគួរអោយសង្ស័យ។
“ពួកខ្ញុំ”ជញ្ចើមក្រាស់ខ្មៅក្រឹបចាប់ផ្ដើមជ្រួញចូលគ្នាដោយការសង្ស័យ
ព្រោះមិនអស់ចិត្តទើបអ្នកកម្លោះ ព្យាយាមរំលឹកពាក្យនៅក្នុងសំបុត្រម្ដងហើយម្ដងទៀតព្រោះគិតថាខ្លួនអាចនឹងអានច្រឡំតែគ្រប់យ៉ាងមិនមែនបែបនោះ។
“រឺមួយក៏នាងមានផ្ទៃពោះ”ត្រឹមគិតដល់ចំណុចនេះ អ្នកកម្លោះក៏បង្ហាញនូវទឹកមុខហាក់មិនចង់ជឿនឹងការស្មានរបស់ខ្លួនឡើងមក
ទោះជាមិនប្រាកដចិត្តមួយរយភាគរយនូវសម្ដីរបស់ខ្លួន តែគំនិតដែរគិតចង់ដោះលែងអោយនាងក្រមុំមានសេរីភាពមុននេះក៏លែងមាននៅក្នុងគំនិតរបស់គេតទៅទៀត។
“បងមិនព្រមដោះលែងអូនទៅណាចោលបងទាំងអស់ ហើយអូនក៏គ្មានសិទ្ធមកពង្រាត់កូនពីបងដូចគ្នា រ៉ូសស៊ីតា”ស្នាមញញឹមបែបមានល្បិចក៏កើតឡើងមក ដៃរឹងមាំក៏បត់សំបុត្ររបស់នាងក្រមុំទុកនៅក្នុងថតតុ កែវភ្នែកមុតស្រួចក៏សម្លឹងមើលទៅកូនប្រុសសំណព្វចិត្តរបស់ខ្លួនដោយមានក្ដីសង្ឃឹម ត្រូវហើយទោះជាយ៉ាងណាមិនថាត្រូវប្រើវិធីណាគេនឹងយកនាងក្រមុំនឹងកូនមកក្រសោបទុកនៅក្នុងរង្វង់ដៃរបស់គេមិនអោយបានហោះហើរទៅណាជារាងរហូត។

ត្រាបាបចងចិត្តWhere stories live. Discover now