ភាគទី២៤

667 8 0
                                    

(គ្រប់យ៉ាងដែលមិនអាចទទួលយកបាន)

ហ្វ្រេងកូ អង្គុយនៅលើកៅរងចាំនៅមុខបន្ទប់សង្រ្គោះបន្ទាន់ ដៃរឹងមាំបីកូនតូចនៅក្នុងដៃជាប់ព្រមទាំងលើកមកអោបជាប់ដើមទ្រូងរឹងមាំ សម្លៀកបំពាក់ពោពេញទៅដោយឈាមក្រហមឆ្អាលរបស់នាងក្រមុំ ទឹកមុខដែលធ្លាប់តែរងឹមាំពេលនេះក៏ទៅជាស្រងូតស្រងាត់ខុសពីធម្មតា។
ដៃរឹងមាំលើកមកអង្អែលមុខកូនប្រុសយ៉ាងថ្នមដៃបំផុត កែវភ្នែកនៃពន្លឺសោកស្ដាយក៏បង្ហាញឡើងដោយមិនលាក់លៀម ស្នាមញញឹមសោះកក្រោះយ៉ាងជូរចត់ក៏មាននៅលើផ្ទៃមុខមាំសង្ហាដែលធ្វើអោយអ្នកមើលបានត្រឹមតែអាណិត។
“ម៉ាក់នឹងមិនអីទេកូនសម្លាញ់ កូនមិនខឹងប៉ាទេមែនទេ”សម្ដីសោះកក្រោះគ្មានជាតិបន្លឺស្រាលៗដោយការដឹងខុសចំពោះកំហុសរបស់ខ្លួន ទឹកភ្នែកនៃកូនប្រុសក៏ស្រក់ចុះមកលើថ្ពាល់តូចរបស់កូនប្រុស។
“អឺក អឺ”ហាក់យល់ពីអារម្មណ៍របស់ឳពុក កម្លោះតូចក៏បម្រាស់តិចៗព្រមទាំងសើចបានយ៉ាងគួរអោយស្រលាញ់ហាក់ចង់ផ្ដល់កម្លាំងចិត្តដល់អ្នកកម្លោះ
អ្នកកម្លោះនៅតែបន្តអង្គុយយ៉ាងស្ងៀមស្ងាត់ ដោយមិននិយាយអ្វីមួយម៉ាត់ក្រៅពីសម្លឹងមើលកូនប្រុសឆ្លាស់គ្នានឹងទ្វារបន្ទប់នៅចំពោះមុខ ចំណែកកូនតូចក៏មិនបានរករឿងអ្វីច្រើនក្រៅពីគេងស្ងៀមសម្លឹងអ្នកជាឳពុកវិញ។ គ្រប់យ៉ាងធ្លាក់ទៅក្នុងសភាពស្ងប់ស្ងាត់ព្រោះគ្មានអ្នកណាហ៊ាននិយាយអ្វីរឺបញ្ចេញសម្លេងអ្វីទាំងអស់ ក៏ព្រោះពេលនេះតែម្នាក់ៗបារម្ភពីសុវត្តិភាពរបស់នាងក្រមុំដែលកំពុងតែនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។
ហើយមិនយូរប៉ុន្មានទ្វារបន្ទប់ដែលគ្រប់គ្នាសម្លឹងក៏ត្រូវបើកឡើង ព្រមជាមួយគ្រូពេទ្យក៏ដើរចេញមកដោយទឹកមុខស្រពោនជាប់ហាក់គ្មានពន្លឺលេងសេចអ្វីទាំងអស់ ដែលធ្វើអោយអ្នករងចាំដូចជាអ្នកកម្លោះត្រូវធ្វើមុខខ្វាយខ្វល់តាមដែរ។ អ្នកកម្លោះស្ទុះក្រោកពីកៅអីរបស់ខ្លួនសម្ដៅទៅរកគ្រូពេទ្យដែលទើបតែចេញមកពីបន្ទប់មុនេះ។
“លោកគ្រូពេទ្យ ភរិយារបស់ខ្ញុំយ៉ាងម៉េចហើយ”ពាក្យភរិយាចេញពីមាត់របស់អ្នកកម្លោះធ្វើអោយមនុស្សជំនិតទាំងពីរធ្វើមុខភ្ញាក់ផ្អើលចេញមក ព្រោះមិននឹកស្មានថាបានលឺពាក្យនេះចេញពីមាត់របស់អ្នកកម្លោះ
“អឺ នាងផុតពីគ្រោះថ្នាក់ហើយ”លោកគ្រូ ញញឹមប្រាប់អ្នកកម្លោះតែជាស្នាមញញឹមបែបស្ទាក់ស្ទើរនៅក្នុងចិត្ត
“ខ្ញុំ អរគុរណខ្លាំងណាស់លោកគ្រូពេទ្យ លឺទេកូនសម្លាញ់អ្នកម៉ាក់អស់អីហើយ”អ្នកកម្លោះនិយាយទាំងសប្បាយចិត្ត ហើយចុងប្រយោគក៏ងាកមកនិយាយជាមួយនឹងកូនប្រុសនៅក្នុងដៃដែលពេលនេះនៅតែមើលមកគេមិនដាក់ភ្នែកដដែល
“នៅមានរឿងមួយទៀតដែរខ្ញុំចង់និយាយ គឺដោយសារតែជើងភរិយារបស់លោកធ្វើការប៉ះទង្គិចខ្លាំង អាចនឹងធ្វើអោយនាងពិការបាន”លោកគ្រូបញ្ឈប់សម្ដីរបស់ខ្លួនមួយខណពេលអ្នកម្ខាងទៀតមិនបានតបតអ្វីក្រៅពីនៅស្ងៀម
ហ្វ្រេងកូ ស្ដាប់អ្នកនៅចំពោះរៀបរាប់ពីស្ថានភាពរបស់នាងក្រមុំទាំងស្លុតចិត្ត ក្រៅពីភាពស្ងៀមស្ងាត់អ្វីក៏គេមិននិយាយទាំងអស់ អ្នកកម្លោះស្ដីបន្ទោសអោយខ្លួនឯងនៅក្នុងចិត្តព្រោះតែខ្លួនទើបនាងក្រមុំត្រូវមករងទុក្ខវេទនាម្ដងហើយម្ដងទៀត ក្នុងចិត្តក៏នឹកអាណិតដល់រាងតូចរបស់នាងក្រមុំមិនឈប់បើអាចទាញពេលថយក្រោយបានគេសុំជាអ្នកនៅក្នុងនោះជំនួសនាងវិញ។
“លោកបានលឺខ្ញុំនិយាយទេ”ព្រោះអ្នកកម្លោះនៅតែភ្លឹកមិននិយាយាអ្វី ទើបលោកគ្រូពេទ្យហៅដើម្បីដាស់ស្មារតីគេមកវិញ ហើយក៏បនាផលពេលត្រូវអ្នកកម្លោះឆ្លើយតបទាំងទឹកមុខសោះកក្រោះមកវិញ។
“បាទ តែភរិយារបស់ខ្ញុំអាចជាដូចដើមវិញទេ លោកគ្រូពេទ្យ”ហ្វ្រេងកូ សួរតបទាំងគ្មានសង្ឃឹមថានឹងទទួលបានចម្លើយដ៏រីករាយពីអ្នកចំពោះមុខ
លោកគ្រូពេទ្យក៏ទាន់បានតបនឹងអ្នកកម្លោះភ្លាមៗ ពេលនេះទើបគាត់ដឹងថាមូលហេតុនៃភាពស្ងៀមស្ងាត់របស់អ្នកកម្លោះគឺបែបនេះឯង សំនួររបស់អ្នកកម្លោះធ្វើអោយគាត់អស់សំណើចបន្តិចដែរធ្វើអោយអ្នកកម្លោះជ្រួញជញ្ចើមឆ្ងល់។
“ហ៊ឹកៗ កុំបារម្ភអីអ្នកកម្លោះ អោយតែអ្នកជម្ងឺព្យាយមធ្វើកាយសម្បទានអោយបានច្រើនពួកគេនឹងអាចដើរបានដូចធម្មតាវិញជាមិនខាន”
“ពិតមែនរឺលោកគ្រូពេទ្យ នាងមិនបានពិការទេមែនទេ”ព្រោះបារម្ភពីនាងក្រមុំខ្លាំងពេកធ្វើអោយមនុស្សដែលធ្លាប់តែឆ្លាតដូចជាគេទៅជាលែងគិតឃើញអ្វីទាំងអស់ ក្រៅពីពាក្យថា វិប្បដិសារី ចំពោះនាងក្រមុំ។
“នាងគ្រាន់តែពិការមួយរយៈប៉ុណ្ណោះ លោកអស់បារម្ភបានហើយ”លោកគ្រូពេទ្យទះស្មាអ្នកកម្លោះតិចៗរួចញញឹមបន្តិចហើយក៏ដើរចេញទៅ ទុកអោយអ្នកកម្លោះនៅញញឹមបែបរអៀសចិត្តតែម្នាក់ឯង។
ទោះជាដឹងថានាងក្រមុំមិនអីក៏អ្នកកម្លោះមិនព្រមទៅណាឆ្ងាយពីបន្ទប់វះកាត់ ហ្វ្រេងកូ នៅតែឈររងចាំទាល់តែក្រុមគ្រូពេទ្យរុញរាងកាយសន្លប់ស្ដូកស្ដឹងរបស់នាងក្រមុំចេញពីបន្ទប់ អ្នកកម្លោះដើរតាមរាងកាយតូចដែលត្រូវក្រុមគ្រូពេទ្យរុញចូលបន្ទប់សម្រាកធម្មតា។
អ្នកកម្លោះអង្គុយសម្លឹងនាងក្រមុំយ៉ាងស្ងៀមស្ងាត់ ដៃក៏ក្ដោបដៃតូចជាប់យ៉ាងណែនហាក់ចង់សុំការលើកលែងទោសពីអ្នកម្ខាងទៀត កែវភ្នែកដែលធ្លាប់តែកំណាចពេលនេះក៏ទៅជាស្រទន់ខុសពីធម្មតា ហ្វ្រេងកូ សម្លឹងមុខនាងក្រមុំឆ្លាស់គ្នានឹងកូនដែលកំពុងតែគេងនៅក្បែរនោះដោយក្រសែភ្នែកព្រួយបារម្ភទាំងម្ដាយទាំងកូន។
“សុំទោស ខ្ញុំសុំទោស”ជាច្រើនម៉ោងហើយដែលអ្នកកម្លោះនៅតែនិយាយពាក្យដដែលៗមិនព្រមឈប់ មិនត្រឹមតែនិយាយតែទឹកភ្នែកក៏ស្រក់ចុះមកដោយការដឹងខុសពីកំហុសរបស់ខ្លួនដៃរឹងកំព្រឹសប្រឹងចាប់ព្រមទាំងច្របាច់ដៃតូចតិចៗ នៅក្នុងចិត្តក៏នឹកសោកស្ដាយចំពោះទង្វើរបស់ខ្លួនតែចាប់ពីពេលនេះទៅមិនថាមានរឿងអ្វី គេមិនព្រមអោយនាងក្រមុំឈឺចាប់ដោយសារគេទៀតឡើយ។ មិនថារាងកាយរឺក៏ផ្លូវចិត្ត ហើយគេនឹងប្រើពេលវេលាពេញមួយជីវិតរបស់គេដើម្បីប៉ះប៉ូវរាល់ទោសកំហុសដែលខ្លួនបានសាង ទោះបីជានាងក្រមុំលើកលែងរឺមិនលើកលែងទោសអោយគេក៏ដោយក៏គេនៅតែព្យាយមធ្វើគ្រប់យ៉ាងដើម្បីនាងនឹងកូន សុំត្រឹមមានពួកគេទាំងពីរនៅក្បែរខ្លួនរបស់គេគឺគ្រប់គ្រាន់ហើយក្នុងមួយជីវិតនេះ។
កន្លងផុតទៅមួយអាទិត្យទៅហើយ តែនាងក្រមុំក៏នៅតែគេងនៅលើគ្រែមិនព្រមកម្រើកទៅណាទាំងអស់ ដែលធ្វើអោយគ្រប់គ្នាទាំងអន្ទះសាក្នុងការទទឹងរងចាំការដឹងខ្លួនរបស់នាងជាពិសេសគឺអ្នកកម្លោះនេះឯង ដែលមិនព្រមទៅណាឆ្ងាយពីនាងក្រមុំមួយថ្ងៃៗក៏មកសម្ងំអង្គុយធ្វើការតែក្នុងបន្ទប់ជាមួយកូនប្រុសតូចដើម្បីរងចាំនាងក្រមុំដឹងខ្លួន សូម្បីតែភ្ញៀវសំខាន់ក៏គេបដិសេធមិនព្រមណាត់ជួប ព្រោះតែពេលនេះសម្រាប់គេគ្មានអ្វីសំខាន់ដូចជាប្រពន្ធកូនរបស់គេនោះទេ។
ក្នុងបន្ទប់សម្រាកដែលពេលនេះមានតែភាពស្ងប់ស្ងាត់ ព្រោះតែគ្មានអ្នកណានៅក្រៅពីអ្នកជម្ងឺដែលសន្លប់មិនទាន់ដឹងខ្លួន ពន្លឺព្រះអាទិត្យចាំងចូលក្នុងបន្ទប់តាមវាំងននបង្អួចដែលធ្វើអោយសភាព.សនៅក្នុងបន្ទប់កាន់តែភ្លឺជញ្ចាំងជញ្ចះពេញបន្ទប់ទាំងមូល។
កែវភ្នែកមូលក្លំចាប់បើកឡើងតិចៗ តែហើយក៏ត្រូវបិទទៅវិញភ្លាមៗព្រោះមិនទាន់ស៊ាំនឹងពន្លឺដែលខានមើលជាច្រើនថ្ងៃ កន្លងផុតទៅមួយសន្ទុះទើបកែវភ្នែកស្រទន់ធ្វើការបើកម្ដងទៀតពេលគិតថាស៊ាំនឹងពន្លឺគ្រប់គ្រាន់ហើយ។ រ៉ូសស៊ីតា សម្លឹងមើលទៅពិដានពណ៌សរបស់បន្ទប់ដោយការសង្ស័យព្រោះនេះមិនមែនជាបន្ទប់របស់ខ្លួនដែរធ្លាប់គេងនោះទេ។
“ខ្ញុំនៅទីណានឹង ហេតុអីខ្ញុំនៅទីនេះ”ដៃតូចក៏លើកមកវាយក្បាលខ្លួនឯងតិចៗក៏ព្រោះតែពេលនេះវាមានអាការឈឺរិចៗពេលនាងព្យាយាមគិត
តែទោះជាឈឺយ៉ាងណាក៏នាងនៅតែព្យាយាមគិតពីមូលហេតុ ដែលធ្វើអោយនាងត្រូវមកគេងនៅទីនេះ ខួរក្បាលក៏ចាប់ផ្ដើមសើរើរឿងរ៉ាវដែលបានកើតឡើងចំពោះខ្លួន តែទោះជានាងព្យាយាមគិតយ៉ាងណាក៏នៅតែនឹងមិនឃើញ មានតែកាន់តែធ្វើអោយនាងឈឺក្បាលលើសដើមតែនាងក្រមុំក៏នៅតែព្យាយាមគិតមិនឈប់ ហើយយូរប៉ុន្មានគ្រប់រូបភាពនៃរឿងរ៉ាវដែលបានកើតឡើងក៏លេចឡើងនៅក្នុងខួរក្បាលរបស់នាងក្រមុំ។ ទឹកភ្នែកជាការស្វាគមន៍នៃការដឹងខ្លួនក៏ស្រក់ចុះមកមួយតំណក់ហើយមួយតំណក់ទៀត ពេលខួរក្បាលរំលឹកដល់រូបភាពដែលអ្នកកម្លោះចិត្តដាច់បណ្ដេញនាងចេញពីជីវិតរបស់គេ តែមិនយូរប៉ុន្មានកែវភ្នែកតូចក៏បើកឡើងធំៗពេលគិតដល់រឿងអ្វីម្យ៉ាង។
“កូន កូនរបស់ខ្ញុំ”ត្រឹមរំលឹកដល់កូនប្រុស រ៉ូសស៊ីតា ក៏ស្ទុះពីចេញពីគ្រែយ៉ាងលឿនដោយការបារម្ភ
តែគ្រប់យ៉ាងហាក់មិនសមតាមបំណងរបស់នាង ក៏ព្រោះតែមិនទាន់បានឈានចុះពីគ្រែផងរាងកាយទាំងមូលក៏ត្រូវធ្លាក់ចុះទៅខាងក្រោមមួយទំហឹង នាងក្រមុំព្យាយាមកម្រើកជើងរបស់ខ្លួនដែលពេលនេះហាក់គ្មានវិញ្ញាណ ដែលទោះជានាងប្រឹងកម្រើកយ៉ាងណាក៏វានៅតែស្ងៀមទ្រឹងមិនកម្រើកតាមការបញ្ជារបស់នាងទាល់តែសោះ។ តែយ៉ាងណាក៏នាងមិនបោះបង់រាងកាយតូចនៅតែប្រឹងវារទៅមុខយ៉ាងលំបាកដែលគោលដៅគឺទ្វានៅចំពោះមុខរបស់ខ្លួន ក៏ព្រោះតែភាពយឺតយ៉ាវរបស់ខ្លួនដោយសារតែជើងទាំងគូរកម្រើកមិនបាន ទើបធ្វើអោយនាងក្រមុំទៅជាមួម៉ៅដៃតូចក៏លើកមកវាយជើងរបស់ខ្លួនមិនឈប់ ក្នុងគោលបំណងអោយវាអាចកម្រើកបានដើម្បីអោយខ្លួនបានទៅជួបកូនប្រុស តែទោះជានាងប្រឹងវាយយ៉ាងណាក៏ជើងរបស់នាងមិនអាចកម្រើកបានដដែល។
“ជើង ជើងរបស់ខ្ញុំ ហេតុអីបានជាមិនកម្រើក កម្រើកទៅអាជើងចង្រៃកម្រើកទៅ ហ៊ឹកៗ”ដៃតូចនៅតែលើកមកវាយជើងរបស់ខ្លួនមិនឈប់ ដោយសារតែការវាយរបស់នាងក្រមុំក៏ធ្វើអោយហូរឈាមតាមមុខរបួសដែរមិនទាន់ជាសះស្បើយ។
“រ៉ូសស៊ីតា”ហ្វ្រេងកូ រត់ចូលសម្ដៅមកចាប់ដៃនាងក្រមុំដែលគិតតែពីវាយរបួសរបស់ខ្លួនមិនដកដៃ អ្នកកម្លោះទាញអោបនាងក្រមុំជាប់ដើមទ្រូងដើម្បីមិនអោយនាងបានធ្វើអ្វីដូចមុននេះទៀត។
មុននេះពេលដែលគេកំពុងតែនិយាយទូរស័ព្ទក៏បានលឺសម្លេងស្រែកឡូឡា ទើបរត់មកមើលតែមិននឹកស្មានថាបានឃើញរូបភាពបែបនេះសោះ រូបភាពដែលនាងក្រមុំវាយធ្វើបាបរាងកាយខ្លួនឯងយ៉ាងគួរអោយអាណិត នៅមានឈាមជាច្រើនដែរហូរចេញមកពីរបួសនោះទៀតដែលធ្វើអោយគេឃើញហើយសឹងតែស្លុតចិត្ត។
នាងក្រមុំរើបម្រាស់នៅក្នុងដៃអ្នកកម្លោះមិនឈប់សឹងតែគេចាប់មិនចង់ជាប់ តែអ្នកកម្លោះក៏ប្រឹងរារាំងនាងក្រមុំមិនអោយធ្វើអ្វីបានដូចចិត្ត បើគេបណ្ដោយនាងច្បាស់ជាវាយទាល់តែរបួសទៅជាធ្ងន់ធ្ងរជាងនេះជាងមិនខាន។ តែហើយមិនយូរប៉ុន្មាននាងក្រមុំក៏នៅស្ងៀមមិនរឹងទទឹងដូចមុននេះ ទើបអ្នកម្លោះត្រូវអោយទៅមើលក៏ដឹងថានាងសន្លប់បាត់ទៅហើយ មិនរងចាំយូរ ហ្វ្រេងកូក៏លើកបីរាងតូចដាក់លើគ្រែវិញ ហើយក៏ប្រញាប់ទាក់ទងទៅគ្រូអោយមកពិនិត្យសុខភាពនាងក្រមុំព្រោះខ្លាចនាងមានគ្រោះថ្នាក់។
“នាងនឹងមិនអីទេ រ៉ូសស៊ីតា”អ្នកកម្លោះឈរនៅខាងក្រៅបន្ទប់រងចាំលទ្ធផលពិនិត្យអាការរបស់នាងក្រមុំពីលោកគ្រូពេទ្យ អ្នកកម្លោះដើរទៅដើរមកមុខបន្ទប់ដោយមិនចេះហត់ក្នុងចិត្តក៏បន់ស្រន់ពីនាងក្រមុំមិនឈប់។
ទ្វាបន្ទប់ក៏ត្រូវបើកឡើងដោយលោកគ្រូពេទ្យផ្ទាល់របស់នាងក្រមុំ ត្រឹមបានឃើញវត្តមានរបស់លោកគ្រូ អ្នកកម្លោះក៏ប្រញាប់ស្ទុះទៅរកភ្លាមៗដោយបង្ហាញទឹកមុខព្រួយបារម្ភចេញមក ដែលមិនបាច់និយាយក៏អាចដឹងថាអ្នកកម្លោះបារម្ភពីនាងក្រមុំកម្រិតណា។
“យ៉ាងម៉េចហើយលោកគ្រូពេទ្យ”
“អ្នកជម្ងឺគ្រាន់តែស្លុតចិត្តបន្តិចបន្តួចតែប៉ុណ្ណោះ ពេលនេះយើងចាក់ថ្នាំរំងាប់អារម្មណ៍អោយរួចហើយសម្រាកបន្តិចនឹងអស់អីហើយ”លោកគ្រូពេទ្យនិយាយដាក់ញញឹមដាក់អ្នកកម្លោះ តែម្ដងនេះញញឹមហាក់ជឿជាក់នឹងសម្ដីរបស់ខ្លួន
“បាទអរគុណ”
ហ្វ្រេងកូ ចូលមកក្នុងបន្ទប់ម្ដងទៀតដោយចិត្តស្ទាក់ស្ទើរ ព្រោះខ្លាចថាគេអាចចូលមមកឃើញរូបភាពរបស់នាងក្រមុំដូចមុននេះទៀត តែហើយគេក៏ត្រូវដកដង្ហើមធូរទ្រូងព្រោះតែនាងក្រមុំកំពុងតែគេងស្ងៀមនៅលើគ្រែអ្នកកម្លោះដើរមករកគ្រែអ្នកជម្ងឺទាំងទឹកមុខខ្វល់ខ្វាយ ហ្វ្រេងកូ អង្គុយក្បែរនាងក្រមុំព្រមទាំងសម្លឹងមើលនាងយ៉ាងស្ងៀមស្ងាត់ ដៃរឹងមាំក៏លើកទៅវាសសក់ដែលធ្លាក់បាំងមុខចេញពីផ្ទៃមុខតូច។
“មិនថាមានរឿងអ្វីខ្ញុំនឹងនៅក្បែរនាងជានិច្ច មិនថាទោះនាងត្រូវការរឺក៏អត់ខ្ញុំនឹងមិនទៅណាចោលនាងទាំងអស់”អ្នកកម្លោះចាប់ដៃតូចរបស់នាងក្រមុំណែន កែវភ្នែកក៏សម្លឹងមើលនាងដោយការឈឺចាប់ជំនួសនាងទឹកភ្នែកជាច្រើនតំណក់ក៏ស្រក់ចុះមកមិនដាច់
ជុប
បបូរមាត់ក្រាស់អោនមកថើបដៃតូចរបស់ រ៉ូសស៊ីតា ថ្នមៗព្រមទាំងយកមកអឹបនឹងថ្ពាល់គ្រើមរបស់ខ្លួន អង្គុយសម្លឹងនាងបានមួយសន្ទុះអ្នកកម្លោះក៏ធ្វើការចាត់ការជូតខ្លួនអោយនាងក្រមុំដែលខ្លួនតែងតែធ្វើជាប្រចាំពេលនាងមិនទាន់ដឹងខ្លួន។
ព្រឹកថ្ងៃថ្មី
រាងកាយតូចរបស់នាងក្រមុំបើកភ្នែកឡើងនៅព្រឹកថ្ងៃថ្មី កែវភ្នែកតូចបើកឡើងម្ដងបន្តិចៗទទួលពន្លឺនៅព្រឹកថ្ងៃថ្មី រ៉ូសស៊ីតា ក្រោកឡើងពីគ្រែយឺតៗទាំងលំបាកលំបិនព្រោះតែរាងកាយនៅមិនទាន់រឹងមាំណាមួយនៅមានជើងដែលកម្រើកមិនបានរបស់នាងទៀត ទើបធ្វើអោយរាងតូចត្រូវចំណាយពេលបន្តិចទើបក្រោកបាន។
ជាថ្មីម្ដងទៀតនៅពេលដែលនាងក្រោកឡើងដោយគ្មានអ្នកណានៅក្បែរសូម្បីតែម្នាក់ ទោះ ជាស៊ាំនឹងរឿងបែបនេះតែក្នុងចិត្តក៏មានអារម្មណ៍អន់ចិត្តយ៉ាងចម្លែក ពេលនេះនាងគ្រាន់តែចង់អោយអ្នកណាម្នាក់នៅក្បែរនឹងចាំលើកទឹកចិត្តនាង តែពេលនេះគ្មានអ្នកណាសូម្បីតែម្នាក់ជាពិសេសមនុស្សដែលនាងត្រូវការបំផុតហើយគេគឺ ហ្វ្រេងកូ នេះឯង។ កែវភ្នែកតូចសម្លឹងមើលទៅទ្វារបន្ទប់តែហើយក៏ត្រូវងាកមកវិញពេលឃើញមនុស្សដែលខ្លួនគិតដល់មុននេះចូលមក ត្រូវហើយទោះបីជាពេលនេះនាងត្រូវការគេយ៉ាងណាក៏ដោយ តែទង្វើរបស់គេនៅថ្ងៃនោះធ្វើអោយនាងខ្លាច ខ្លាចរហូតដល់ចងចាំមិនអាចភ្លេចបាន។
ហ្រេងកូ ដែលចូលមកដល់ដោយទឹកមុខញញឹមមុននេះក៏ត្រូវទម្លាក់ទឹកមុខរបស់ខ្លួនចុះវិញពេលបានឃើញទង្វើរបស់នាងក្រមុំមានចំពោះខ្លួន គេដឹងថាខ្លួនខុស ខុសរហូតដល់មិនអាចលើកលែងបានហើយគេក៏មិនសង្ឃឹមថានាងនឹងលើកលែងទោសអោយគេបានដែរ តែហេតុអីគេស្រាប់តែមានអារម្មណ៍ថាឈឺចាប់ ឈឺពេលដែលឃើញនាងក្រមុំព្រងើយកន្តើយដាក់ខ្លួនបែបនេះ។
“ភ្ញាក់ហើយរឺ”ដៃរឹងមាំក៏លើកមកស្ទាបលើថ្ងាសរបស់នាងក្រមុំដើម្បីវាស់កម្ដៅ ព្រោះតែរាងកាយតូចនៅចំពោះមុខរបស់គេយប់មិញក្ដៅខ្លួនពេញមួយយប់ ដែលធ្វើអោយគេព្រួយបារម្ភដល់ថ្នាក់មិនអាចគេងបានព្រោះនៅចាំមើលថែនាង
ដៃរឹងមាំដែលលើកទៅស្ទាប់ថ្ងាសរបស់នាងមិនទាន់បានប៉ុន្មានផង ក៏ត្រូវដៃតូចគ្រវាសចេញមួយទំហឹងដោយមិនស្រណោះសូម្បីតែបន្តិច ទង្វើរបស់នាងធ្វើអោយអ្នកកម្លោះកាន់តែមានអារម្មណ៍ថាឈឺចាប់លើសដើម ត្រង់ដើមទ្រូងខាងឆ្វេងរបស់គេពេលនេះស្ទើរតែប្រេះបែកទៅហើយព្រោះតែភាពសោះអង្គើយដែរនាងមានចំពោះខ្លួន។
“ឃ្លានទេ ចាំខ្ញុំយកអីមកអោយញ៉ាំ”ទោះជាដឹងថានាងក្រមុំមិនរវល់នឹងខ្លួន ក៏អ្នកកម្លោះនៅតែព្យាយាមយកមើលថែនាងក្រមុំដោយគ្មានលក្ខខណ្ឌដដែល
“ចេញទៅ”សម្លេងតូចក៏បន្លឺឡើងក្រោយពីមិននិយាយអ្វីជាយូរ
ផ្ទៃមុខតូចនៅតែមិនព្រមងាកទៅមើលមុខអ្នកម្ខាងទៀតដដែល កាយវិការរបស់នាងហាក់សម្ដែងថាស្អប់អ្នកកម្លោះខ្លាំងប៉ុណ្ណា តែពេលនេះក្នុងចិត្តរបស់នាងក៏មិនខុសពីអ្នកកម្លោះប៉ុន្មានដែលគឺឈឺ ឈឺជាងមុខរបួសនៅលើខ្លួនប្រាណរបស់នាងរាប់រយរាប់ពាន់ដងទៅទៀត តែនាងក៏បានតែទ្រាំលាក់ការឈឺចាប់មួយនេះ ហើយកប់វាអោយជ្រៅបំផុតនៅក្នុងបេះដូងរបស់នាង នាងមិនបានខឹងរឺក៏ស្អប់គេនោះទេ គ្រាន់តែអារម្មណ៍របស់នាងពេលនេះកំពុងតែច្របូកច្របល់ខ្លាំងទើបនាងចង់នៅម្នាក់ឯងដោយគ្មានគេតែប៉ុណ្ណោះ។
“រ៉ូសស៊ីតា”
“ខ្ញុំប្រាប់អោយចេញ      លោកមិនលឺរឺយ៉ាងម៉េច”ហើយព្រោះតែភាពរឹងទទឹងរបស់អ្នកកម្លោះក៏ធ្វើអោយមុខតូចរបស់នាងក្រមុំងាកមកសម្លក់គេដោយក្រសែភ្នែកកាច
ទោះបីជាព្យាយាមប្រាប់ខ្លួនឯងអោយស្អប់អ្នកកម្លោះខ្លាំងប៉ុណ្ណា តែបេះដូងរបស់នាងនៅតែមិនអាចស្អប់គេបានអោយដូចចិត្តគិត ហើយកាន់តែមិនអាចស្អប់ពេលបានឃើញទឹកមុខរបស់គេនៅពេលនេះដែលប្រៀបបីដូចជាដឹងកំហុសរបស់ខ្លួន កាន់តែបានឃើញកាន់តែធ្វើអោយអារម្មណ៍របស់នាងមិនស្ងប់លើសដើម ឃើញគេកាន់តែខ្វាយខ្វល់ចំពោះខ្លួនអារម្មណ៍របស់នាងកាន់តែពិបាកលើសដើម។
“ខ្ញុំ...”
“ចេញទៅមនុស្សចង្រៃ ខ្ញុំប្រាប់អោយចេញទៅ ខ្ញុំមិនចង់ឃើញមុខលោកទេ ចេញទៅ”រាងតូចដែលអង្គុយនៅលើគ្រែក៏ស្រែកគំហកអោយគេ ដៃតូចក៏លើកមកវាយដើមទ្រូងរឹងមាំខ្លាំងៗដោយអារម្មណ៍ឈឺចាប់
“រ៉ូសស៊ីតា ស្ងប់អារម្មណ៍សិនទៅ”ហ្វេ្រងកូ មិនបានតបតនាងក្រមុំបានត្រឹមតែឈរស្ងៀមអោយដៃតូចវាយធ្វើបាបរាងកាយខ្លួនតាមអំពើចិត្ត
ព្រោះមិនចង់ឃើញនាងក្រមុំធ្វើបាបដៃរបស់ខ្លួនឯងទៀត ទើបអ្នកកម្លោះទាញរាងកាយរបស់នាងមិនអោបរឹតជាប់ដើមទ្រូងណែនដៃមិនព្រមលែង រ៉ូសស៊ីតា ព្យាយាមរើបម្រាស់ពីការអោបរបស់អ្នកកម្លោះព្រោះមិនចង់អោយខ្លួនឯងចិត្តទន់ ពេលបាននៅក្នុងរង្វង់ដៃដ៏កក់ក្ដៅមួយនេះ។
“ស្ដាប់ខ្ញុំ រ៉ូសស៊ីតា ស្ដាប់ខ្ញុំសិន”ហ្វ្រេងកូ នៅតែអោបនាងក្រមុំជាប់មិនលែងដដែលហាក់ខ្លាចរបូតនាងចេញពីដៃទៅជារៀងរហូតអញ្ចឹង
រាងកាយដែលរើកញ្រោ្ជលមុននេះនៅឈប់ស្ងៀមមួយខណៈមិនកម្រើកទៅណា ឬកពារបស់នាងក្រមុំធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល តែក៏មានអារម្មណ៍ថាធូរចិត្តពេលនាងលែងរឹងទទឹងទៀត តែមិនយូរប៉ុន្មានគេក៏ព្រមលែងនាងចេញពីដើមទ្រូងរបស់ខ្លួនពេលបានលឺប្រយោគរបស់នាងក្រមុំ។
“ល្អ  បើលោកមិនចេញ  ទុកអោយខ្ញុំជាអ្នកចេញ”ស្របពេលមានសេរីភាពពីរង្វង់ដៃរបស់
អ្នកកម្លោះ កែវភ្នែកមូលក្លំក៏ងាកមកសម្លឹងអ្នកដែលនៅចំពោះខ្លួនដោយគ្មានពន្លឺថានឹងលេងសើចនូវសម្ដីរបស់ខ្លួនមុននេះ
“អូខេ ខ្ញុំនឹងចេញ នាងនៅទីនេះចុះ”ហើយនៅទីបំផុតអ្នកកម្លោះក៏ព្រមចុះចាញ់នាងក្រមុំព្រោះមិនចង់ធ្វើអោយនាងខឹងខ្លួនកាន់តែខ្លាំងជាងនេះ
រាងក្រាស់របស់អ្នកម្លោះក៏ដើរចេញពីបន្ទប់ទាំងសោកស្ដាយតែក៏ព្រមដើរចេញទៅ កែវភ្នែកតូវបានត្រឹមតែតាមសម្លឹងមើលផែនខ្នងរបស់អ្នកកម្លោះទាំងចិត្តឈឺចាប់ ដៃតូចក៏លើកមកខ្ទប់ដើមទ្រូងរបស់ខ្លួនព្រោះតែមានអារម្មណ៍ថាឈឺខ្លាំង នាងក៏មិនចង់ធ្វើបែបនេះដែរ នាងចង់អោយគេយកចិត្តទុកដាក់ចំពោះនាងដូចជាពេលនេះ តែនោះគឺជាអារម្មណ៍របស់នាងកាលពីមុនតែប៉ុណ្ណោះ តែពេលនេះមិនមែនទេនាងមិនចង់បានគ្រប់យ៉ាងដែលគេបានផ្ដល់អោយនោះទេ នាងខ្លាចថាដល់ថ្ងៃណាមួយដែលត្រូវចាកចេញពីគេនាងមិនអាចធ្វើចិត្តបាន ព្រោះចាប់ពីពេលនេះតទៅនាងនឹងធ្វើចិត្តបំភ្លេចគេអោយបានទោះជាត្រូវឈឺចាប់ក៏ដោយ គ្រប់យ៉ាងនាងនឹងចាប់ផ្ដើមពីពេលនេះរហូតដល់ថ្ងៃដែលនាងចាកចេញពីជីវិតរបស់គេ ហើយថ្ងៃនោះវានឹងមកដល់ឆាប់ៗនេះឯង។
តាំងពីថ្ងៃកើតរឿងមកដល់ពេលនេះក៏កន្លេងផុតទៅជាច្រើនថ្ងៃមកហើយ ហើយក៏ជាច្រើនថ្ងៃដូចគ្នាដែល ហ្វ្រេងកូ បានត្រឹមតែលួចសម្លឹងមើលនាងក្រមុំពីខាងក្រៅបន្ទប់ដោយមិនហ៊ានបង្ហាញខ្លួននៅចំពោះមុខរបស់នាង ព្រោះខ្លាចថានាងនឹងខឹងពេលបានឃើញមុខរបស់ខ្លួន គេអាចចូលទៅក្បែរនាងបានគឺមានតែពេលដែលនាងគេងលក់តែប៉ុណ្ណោះ។ អ្នកកម្លោះបានត្រឹមតែឈរញញឹមពេលបានឃើញរាងតូចប្រលែងលេងជាមួយកូនប្រុស ទោះជាចង់ចូលទៅថ្នាក់ថ្នមនាងប៉ុណ្ណាតែគេក៏មិនអាចធ្វើបានដូចចិត្តគិត។
“យ៉ាងម៉េចហើយកូនប្រុស”មនុស្សចំណាស់ដើរមករកកូនប្រុស ដែលកំពុងតែឈរញញឹមនៅក្រៅបន្ទប់តែម្នាក់ឯង
“លោកប៉ា”ហ្វ្រេងកូ ងាកមកមើលឳពុកបន្តិចហើយក៏ងាកសម្លឹងទៅក្នុងបន្ទប់វិញ ដែលធ្វើអោយអ្នកទើបតែមកដល់ក៏ត្រូវងាកទៅសម្លឹងតាម ទើបដឹងពីមូលហេតុដែលធ្វើអោយកូនប្រុសត្រូវមកឈរញញឹមតែម្នាក់ឯងបែបនេះ
“មិនទាន់ត្រូវគ្នាទៀតរឺ”នៅសុខៗអ្នកជាឳពុកក៏សួរនូវសំនួរ ដែលចាក់ដោតដល់បេះដូងរបស់កូនប្រុស
“នៅទេប៉ា”
“ហ៊ើយ មានអ្វីក៏និយាយគ្នាខ្លះទៅ បើនៅតែស្ងៀមរាងខ្លួនមិននិយាយគ្នាបែបនេះពេលណាចៅប៉ាមានគ្រួសារដែលកក់ក្ដៅដូចគេឯងបានទៅ”មនុស្សចំណាស់និយាយឡើង ព្រមទាំងគ្រវីក្បាលហួសចិត្តនឹងឬកពារបស់កម្លោះក្រមុំទាំងពីរ
“រងចាំនាងប្រសើរឡើងជាងនេះ ខ្ញុំនឹងសាកនិយាយជាមួយនាងម្ដងទៀត”អ្នកកម្លោះតបទាំងកែវភ្នែកមិនព្រមដកចេញទៅណាឆ្ងាយពីនាងក្រមុំ ហាក់ខ្លាចថាពេលមិនបានសម្លឹងនាងមួយវិនាទីគេអាចនឹងមិនបានឃើញជារៀងរហូត
“អឺម តែកុំទៅនិយាយបែបបញ្ឈឺឌឺដងអោយសោះ”ព្រោះដឹងពីចារឹករបស់កូនប្រុសម្នាក់នេះទើបអ្នកជាឳពុកនិយាយបង្ការទុកមុខ
“ហ៊ឹសៗ បាទប៉ា”
ព្រោះយល់ពីចិត្តរបស់កូនប្រុសនៅពេលនេះ ទើបអ្នកជាឳពុកមិនបានចូលទៅខាងក្នុងដោយបានតែឈរនិយាយគ្នាលេងនៅខាងក្រៅជាមួយអ្នកកម្លោះ ហើយយសម្លឹងមើលទៅនាងក្រមុំដែលកំពុងតែប្រលែងលេងជាមួយចៅរបស់ខ្លួន ដោយស្នាមញញឹមមិនខុសពីអ្នកកម្លោះប៉ុន្មាន ដែលទោះជាមិនបានចូលទៅក្បែរនាងក្រមុំតែអ្នកកម្លោះក៏អាចញញឹមយ៉ាងមានសេចក្ដីសុខបានពេលបានឃើញអ្នកម្ខាងទៀតមានសេចក្ដីសុខ។

ត្រាបាបចងចិត្តWhere stories live. Discover now