<<ជេន! កូនភ្ញាក់ឬនៅ?>>
អ្នកស្រីដើរទៅមុខបន្ទប់កូនស្រីទាំងដៃមានកាន់ថាសដាក់ម្ហូបអាហារទៅជាមួយផង ព្រោះតាំងពីល្ងាចនាងក្រមុំគិតតែពីសម្ងំគេងដោយសារតែវិលមុខពេក។ស្រស់ស្រីដើរមកបើកទ្វារទាំងសក់ក្បាលស៉ើងមមើង មើលមិនយល់
<<មានការអីម៉ាក់?>>
<<ម៉ាក់យកបបរមកឱ្យ ឆាប់ងូតទឹកទៅក្រែងបានស្រាលក្បាលធូរក្នុងខ្លួនខ្លះ>>
<<ចាស៎!>>
ជេនអូសខ្លួនចូលបន្ទប់ទឹកទាំងខ្ជិលច្រអូសក្រោមការឃ្លាំមើលពីម្ដាយ។លុះរួចរាល់នាងក៏ចេញមកវិញឃើញអ្នកស្រីគីមនៅអង្គុយចាំនាងទៀតទើបស្រីប្រញាប់សួរទៅម្ដាយដោយដឹងច្បាស់ក្នុងចិត្តថាគាត់ច្បាស់ជាមានអ្វីចង់និយាយមិនខាន
<<ម៉ាក់មានអីចង់និយាយមែនទេ?>>
អ្នកស្រីគីម មើលមុខកូនបន្តិចក្នុងន័យច្បាស់លាស់
<<ជេន! កូនអាយុ28ហើយ ដល់ពេលដែលត្រូវរៀបការហើយដឹងទេ>>
<<ម៉ាក់! ឈប់បង្ខំខ្ញុំពីរឿងនេះបានទេ? ខ្ញុំចង់រស់នៅម្នាក់ឯងជាង មិនចង់មានអ្នកណាមកគាបសង្កត់សេរីភាពរបស់ខ្ញុំទេ>>
<<ហេតុអី? ឬមួយកូនមានអ្នកណាក្នុងចិត្តហើយ ប្រាប់ម៉ាក់មកមិនថាគេនោះជាអ្នកណា មកពីណា ឋាន:អ្វីនោះទេ ម៉ាក់ទទួលយកទាំងអស់>>
គាត់ណែនាំមនុស្សប្រុសច្រើនណាស់ទៅឱ្យជេន តែនាងបដិសេធរាល់តែលើកអញ្ចឹងមានតែនាងមានមនុស្សក្នុងចិត្តហើយទើបប្រកែក? ដល់ដំណាក់កាលនេះទៅហើយគាត់មានតែស្របតាមចិត្តកូនធ្វើយ៉ាងណាឱ្យតែបានកូនប្រសារម្នាក់ទុកគ្រាន់អួតដូនតា
<<ម៉ាក់និយាយស្អីហ្នឹង? ខ្ញុំគ្មានអ្នកណាទេ>>
នាងធ្វើមុខឡេងឡង់មិនយល់ពីម្ដាយ
<<លើកនេះម៉ាក់មិនព្រមតាមឯងទេណា៎ជេន! បើរកកូនប្រសារឱ្យម៉ាក់មិនបាន ម៉ាក់ចាប់ឯងការហើយ>>
សំឡេងច្បាស់ៗបែបនេះប្រាកដជាគេចមិនផុតឡើយ
<<ម៉ាក់! ខ្ញុំស្រលាញ់ស្រី!>>
អឺស! ឱ្យវាអញ្ចឹងតែម្ដងទៅពូកែចាប់ការពេក ចាំមើលនិយាយថាម៉េចទៀត។
អ្នកស្រីគីមបែរមុខងាកខ្វាប់មកកូនស្រីបណ្ដូលចិត្តតែមួយគ្រាប់ដែលប្ដីបន្សល់ទុកឱ្យមុនពេលចែកឋានទៅទាំងមុខស្មើ
<<ស្រីមួយណាដែលឯងស្រលាញ់? ម៉ាក់មិនខ្វល់ទេថាស្រីឬប្រុស អាទិត្យក្រោយនាំគេមកជួបម៉ាក់>>
តម្រិះជិះកឯង ជេនអង្គុយចុះទាំងធ្លាក់ថ្លើមក្ដុក។ឆ្លើយប៉ុណ្ណឹងហើយនៅគាត់ចាក់បណ្ដោយតាមទៀត? ឱ្យនាងទៅរកស្រីឯណាមកធ្វើកូនប្រសារគាត់? តែប៉ុណ្ណេះចប់ហើយ ងាប់គ្មានរស់ទេ!
រាត្រីកាលឈានចូលមកដល់ ជេនលួចចេញក្រៅម្នាក់ឯងទាំងសភាពត្រមង់ត្រមោចដូចមនុស្សគ្មានវិញ្ញាណ។នាងដើរតែលតោលកាត់ចំណោមហ្វូងមនុស្សជាច្រើន មើលទៅពួកគេទាំងនោះមានមនុស្សនៅក្បែរ និយាយលេងសើចសប្បាយក្អាកក្អាយមិនដូចជានាងដែលមានតែខ្លួនមួយម្នាក់ឯង គ្មានអ្នកណាយល់ចិត្តសូម្បីតែម្ដាយ។នាងមិនចង់រៀបការ មិនចង់ឱ្យអ្នកណាចូលមកក្នុងជីវិតនាងឡើយ ព្រោះពួកមនុស្សប្រុសទាំងនោះសំឡឹងឃើញតែទ្រព្យសម្បត្តិរបស់នាង កិត្តិយស អំណាច។បើរស់នៅក៏គ្មានក្ដីសុខនោះដែរ
<<ហឹកៗ...>>
នាងទប់អារម្មណ៍ឈឺចាប់ក្នុងចិត្តម្នាក់ឯងច្រើនពេកហើយ នៅពីក្រោយភាពឆ្នាស់ឆ្នើមរបស់នាងគឺសុទ្ធតែជាភាពទន់ខ្សោយទាំងអស់
<<ហឹកៗ...>>
ភ្លាមនោះក៏មានដៃមួយគូចាប់ក្រសោបរាងកាយនាងមកឱបក្នុងដៃ គេចចេញពីការដើរប្រជ្រៀតរបស់មនុស្សជាច្រើន។
<<បងស្រី! កើតអីបានជាយំនៅទីនេះ?>>
ឡាលី សួរនាងតិចៗទាំងបារម្ភ ព្រោះមើលតាមសភាពនាងពេលនេះហាក់មិនប្រសើរទេ។ជេនងើបមុខទាំងដាមដោយទឹកភ្នែកលើថ្ពាល់សំឡឹងឡាលីទាំងស្រវាំង ឃើញគេហើយនាងក៏គ្មានអារម្មណ៍ភ័យខ្លាចបន្តទៀត តែនាងគ្រាន់តែចង់យំ យំឱ្យធូរក្នុងទ្រូងខ្លះប៉ុណ្ណោះ។បើគេសួរនាងឆ្លើយប្រាប់គេមិនបានទេពេលនេះ
<<ហឹកៗ...>>
<<មិនឆ្លើយក៏បាន ឥឡូវយំឱ្យអស់ចិត្ត យំឱ្យធូរសិនចុះ>>
ឮសម្ដីគេហើយនាងកាន់តែយំខ្លាំងឡើង។ក្មេងស្រីម្នាក់នេះនាងទើបនឹងស្គាល់គេប៉ុណ្ណោះថែមទាំងជាសត្រូវទៀតតែហេតុអីគេបែរជាយល់ពីនាងជាងអ្នកណាទាំងអស់បែបនេះ? គេនិយាយហាក់ចាក់ដោតចំ ចំណុចនៃភាពត្រូវការរបស់នាងច្រើនណាស់
<<ទៅអង្គុយខាងនោះសិនទៅ!>>
ឡាលី អូសដៃជេនទៅអង្គុយលើកៅអីសាធារណ:មួយក្បែរនោះមុននឹងហុចកូនកន្សែងមួយទៅឱ្យនាងជូតទឹកភ្នែក
<<អរគុណ!>>
<<បងធំហើយ កុំយំច្រើនពេកមិនល្អទេ>>
<<ឯងទៅដឹងស្អីទៅ? យ៉ាងម៉េចមនុស្សធំអត់ភ្នែកយំមិនបានឬ?>>
<<ខ្ញុំមិនមែនបានន័យបែបហ្នឹងទេ តែបងមិនគួរមកឈរយំម្នាក់ឯងកណ្ដាលហ្វូងមនុស្សច្រើនអញ្ចឹងទេ ដូចក្មេងវង្វេងផ្ទះ!>>
<<បិទមាត់ទៅ!>>
<<ឥឡូវសម្រេចថាប្រាប់បានឬនៅ? បងកើតអី? បើមិនប្រកាន់បងអាចយកខ្ញុំធ្វើជាអ្នកស្ដាប់របស់បងបាន>>
ជេនមើលមុខឡាលីបន្តិច គ្មានអ្នកណាធ្លាប់និយាយពាក្យនេះដាក់នាងឡើយ នាងទើបតែជួបគេម្នាក់នេះគត់។ស្នាមញញឹមលើមុខរបស់គេមើលទៅស្រស់ស្រាយណាស់ វាធ្វើឱ្យនាងធូរក្នុងចិត្តបានមួយចំណែកធំ
<<ម៉ាក់ខ្ញុំបង្ខំឱ្យខ្ញុំរៀបការ!>>
<<អឹម! ចុះបងបដិសេធឬ?>>
ជេនងក់ក្បាលបញ្ជាក់ថាពិតមែន
<<ហេតុអីបងមិនចង់រៀបការ?>>
<<ព្រោះខ្ញុំមិនបានស្រលាញ់គេ ខ្ញុំគ្រាន់តែចង់បានគ្រួសារមួយដែលកើតចេញពីការស្រលាញ់គ្នាមិនមែនព្រោះមាសប្រាក់ ឬរបស់ក្រៅខ្លួន>>
ឡាលីងក់ក្បាលតិចៗចាំស្ដាប់នាងនិយាយបន្ត
<<អាទិត្យក្រោយម៉ាក់ឱ្យខ្ញុំណែនាំកូនប្រសារទៅគាត់ ព្រោះខ្ញុំជ្រុលមាត់ថាខ្ញុំស្រលាញ់ស្រីដូចគ្នា ហឹកៗ...>>
ឡាលីប្រឹងទប់មិនសើច មនុស្សស្រីស្អីចូលចិត្តដោះស្រាយបញ្ហាតាមអារម្មណ៍ ឱ្យស្រឡះអញ្ចឹងចុះ
<<ហើយបងស្រលាញ់អ្នកណា? មនុស្សស្រីណាទៅហ្ន៎ សំណាងអាក្រក់បានរៀបការជាមួយបង?>>
ជេនងើបមិខសំឡឹងគេយ៉ាងយូរ។មួយសន្ទុះកែវភ្នែកនាងក៏ប្រែជាភ្លឺថ្លាឡើងវិញ បបូរមាត់តូចស្រាប់តែលេចស្នាមញញឹមហាក់គិតឃើញរឿងអ្វីមួយ។ឡាលីឃើញស្នាមញញឹមនោះហើយក៏សើចលែងសម គេបែរមុខចេញគេចពីក្រសែភ្នែកជេននីវក់វី។មិនអាចទេ! មនុស្សស្រីសំណាងអាក្រក់នោះមិនមែនជាគេឡើយ!#យមរាជ
YOU ARE READING
រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់
Lãng mạnស្ហេន ឡាលី ជាព្រះនាងតែម្នាក់គត់នៃប្រទេសអ៉ីតាលី ត្រូវបានមនុស្សស្រីម្នាក់ទួញសោកសុំអង្វរឱ្យជួយបន្លំភ្នែកគ្រួសារដោយយកការរៀបការក្លែងក្លាយមកបាំងមុខ។តែនាងមិនបានដឹងឡើយថា ស្ហេន ឡាលីម្នាក់នេះជាអ្នកណា។ការរៀបការក្លែងក្លាយដែលគ្មានអ្នកណាទៅបំពានជីវិតឯកជនក្រោយពីរៀប...