ឡាលី និងជេនដើរចូលមកដល់ក្នុងបន្ទប់ ពួកគេក៏នៅតែបន្តនិយាយគ្នាដោយតឹងសរសៃកពីរឿងរៀបការមិនដាច់។
<<ឡាលី! ឯងគិតអីខ្លីៗបែបនេះហ្អាស៎?>>
<<បងមិនសប្បាយចិត្តឬដែលបានខ្ញុំរៀបការជាមួយ? ក្រែងបងមែនទេជាអ្នកមកសុំខ្ញុំឱ្យរៀបការជាមួយនោះ? ហេតុអីពេលនេះបែរជាធ្វើមុខបែបនេះទៅវិញ?>>
មែនហើយពីដំបូងគឺនាងចង់សុំឱ្យគេមករៀបការជាមួយ ដោយសារនាងគិតថាគេជាក្មេង ស្រួលនិយាយគ្នា អាចយល់ពីនាងច្រើនមិនពិបាកចុះសម្រុង តែពេលដឹងពីវង្សត្រកូលគេហើយនាងក៏មានអារម្មណ៍ខ្លាចរអា នាងកាន់តែមិនស្រណុកចិត្តថែមទៀតពេលដឹងថាគេគឺជាព្រះនាងមានតួនាទីធំមហិមាត្រូវរ៉ាប់រងសុខទុក្ខរាស្ត្រមួយប្រទេស
<<តែដែលឯងសុខចិត្តលះបង់ដំណែងមកធ្វើជារាស្ត្រសាមញ្ញដើម្បីតែការរៀបការក្លែងក្លាយនេះតើវាសមតម្លៃដែលទេ? ម្យ៉ាងទៀតឯងមានអំរែកលើស្មាទាំងសងខាងកុំធ្វើដូច្នេះអី ឡាលី!>>
ឡាលីប្រែទឹកមុខទៅជាមាំ គេតបមកកាន់នាងវិញទាំកែវភ្នែករឹងកំព្រឹស
<<ខ្ញុំមិនចង់បានដំណែងនេះសូម្បីតែបន្តិច បងដឹងទេថាហេតុអីទើបខ្ញុំទៅរស់នៅឯកូរ៉េបើកហាងកាហ្វេដូចមនុស្សសាមញ្ញជន? ព្រោះតែខ្ញុំនឿយណាយនឹងការរស់នៅក្នុងឋាន:ដ៏ខ្ពង់ខ្ពស់មួយនេះ ខ្ញុំធុញទ្រាន់នឹងរស់នៅក្នុងគ្រួសារដែលពោរពេញដោយភាពច្រណែនឈ្នានីសតាមជាន់ពន្លិចចាប់កំហុសដូចដែលបងបានឃើញ! ដោយសារតែដំណែងជារជ្ជទាយាទបងប្អូនក៏ក្លាយជាសត្រូវ មីងពូក៏ប្រើខ្សែភ្នែកធ្វើដូចខ្ញុំជាអ្នកដទៃ ខ្ញុំគ្រាន់តែចង់ប្រើជីវិតមួយនេះរស់នៅឱ្យបានសុខខ្លះមិនបានទេឬ?>>
គេសំឡឹងមុខជេននីដោយភាពស្ងៀមស្ងាត់បន្ទាប់ពីនិយាយហូរហែរនូវពាក្យក្នុងចិត្តជាច្រើនចេញទៅ។គ្រប់គ្នាមើលមកគេដូចជាមនុស្សម្នាក់ដែលសំណាងណាស់ កើតក្នុងត្រកូលខ្ពង់ខ្ពស់ ថ្លៃថ្នូរ មានទ្រព្យសម្បត្តិហូរហៀរ មានអំណាចលើសលប់ តែគ្មានអ្នកណាដឹងឡើយថានៅពីក្រោយរឿងទាំងនេះក្ដីសុខផ្លូវចិត្តគេវាបែបណា។សេរីភាពខ្លួនឯងក៏គ្មាន គ្រប់យ៉ាងត្រូវធ្វើតាមតែច្បាប់វិន័យដ៏តឹងរឹង ទម្រាំតែគេអាចចាកចេញរយ:ពេលបីឆ្នាំនោះគេត្រូវទទួលរងនូវសម្ពាធ និងបទពិសោធន៍យ៉ាងច្រើន។ហើយការវិលត្រឡប់មកវិញរបស់គេវាក៏អាចនឹងសើរើឱ្យរឿងចាស់ៗកើតឡើងមកវិញក៏ថាបាន
<<ឯងយំឬ?>>
ជេននីសួរគេ ពេលដែលឃើញតំណក់ទឹកថ្លាៗជ្រាបចេញសន្លឹមៗតែមិនស្រក់ព្រោះម្ចាស់គេមិនព្រម។ឡាលីគ្រវីក្បាលហើយសើចស្រស់
<<អត់ទេ! មិនបានយំទេ ខ្ញុំមិនទន់ជ្រាយដល់ម្លឹងទេ ខ្ញុំគ្រាន់តែចង់ឱ្យបងធ្វើតាមខ្ញុំប៉ុណ្ណោះ ការពិតទៅអ្នកដែលអាចទទួលដំណែងជារជ្ជទាយាទមិនមែនមានតែខ្ញុំម្នាក់ទេ បើអត់ពីខ្ញុំក៏នៅមានលូស៉ី និងអាល់ដាន់ដែរ>>
<<អ្នកណាគេអាល់ដាន់?>>
<<អាល់ដាន់ជាបុត្រពៅរបស់ម្ចាស់មីងឡាន ប្អូនប្រុសលូស៉ីនឹងហើយ!>>
<<តែខ្ញុំមិនបានឃើញវត្តមានគេទេ>>
<<វាតែងតែបែបនេះឯង មិនចូលចិត្តរញ៉េរញ៉ៃនឹងអ្នកណាទេ ចូលចិត្តតែដើរលេងអត់ប្រយោជន៍ ថ្ងៃណាដែលគេនៅផ្ទះក៏ទុកថាសំណាងហើយ សូម្បីតែខ្ញុំក៏មិនសូវបានឃើញមុខវាច្បាស់ដែរ!>>
ជេនក៏នឹកហួសចិត្តម្នាក់ឯង គិតទៅកើតមកជាកូនស្ដេចបែបនេះក៏មិនស្រួលប៉ុន្មានដែរ ងាកទៅណាក៏គ្មានអ្នកនៅក្បែរ ច្បាប់របស់គេគឺមិនអាចទុកចិត្តអ្នកណាបានឡើយ គ្មានមិត្ត គ្មានញាតិ។
<<ចុះឯងគិតច្បាស់មែនឬដែលថានឹងរៀបការជាមួយខ្ញុំ>>
<<ប្រាកដហើយ! ខ្ញុំចង់រស់នៅប្រទេសកូរ៉េជាងព្រោះវាស្ងប់សុខសម្រាប់ខ្ញុំជាងរស់នៅទីនេះឆ្ងាយណាស់>>
បើបែបនេះទៅហើយក៏មានតែសម្រេចចិត្តធ្វើតាមគេ។លុះរំលងបានមួយយប់ទៅ ព្រឹកឡើងក៏ឈានចូលមកដល់។ដំណឹងនៃការចង់ដាក់ដុះណែងជារាស្រ្តសាមញ្ញបានឮទៅដល់ព្រះអង្គម្ចាស់ស្ហេន ទ្រង់ក៏កោះហៅបុត្រីម្នាក់នេះមកសួរនាំភ្លាម
<<ឡាលី! ប្រាប់ប៉ាមកមើលថាអ្វីដែលម្ចាស់ម៉ាក់ឯងនិយយាមិនមែនជាការពិត>>
ឡាលីតាំងជំហរមាំក្នុងចិត្ត ភ្នែកសំឡឹងមុខឪពុកឥតព្រិច
<<ចាស៎! ជាការពិតម្ចាស់ប៉ា! ខ្ញុំនឹងដាក់ដំណែងជាព្រះនាង ហើយរស់នៅជាសាមញ្ញជន>>
<<ផ្ដេសផ្ដាស! ប៉ាព្រមអនុញ្ញាតិឱ្យឯងរស់នៅតាមអ្វីដែលចង់បានដល់ទៅបីឆ្នាំដោយសន្យាថាគ្រប់បួនឆ្នាំឯងនឹងត្រឡប់មកវិញទទួលដំណែងជារជ្ជទាយាទ តែហេតុអីក៏ឯងបែរជាមកនិយាយបែបនេះទៅវិញ ឡាលី?>>
គេឥតមានតក់ស្លុតនឹងការស្រែកគំហគរបស់អ្នកជាបិតាឡើយ តែឡាលីរក្សាទឹកមុខស្មើតបដោយឥតស្ទាក់ស្ទើរ
<<អត់ពីខ្ញុំក៏នៅមានលូស៉ី មានអាល់ដាន់ ដែលអាចទទួលដំណែងនេះ!>>
<<ឯងមើលអាល់ដាន់រាល់ថ្ងៃនេះទៅមើល គិតតែរឿងស្រីញី ដើរហើរ ហ៉ឺហាសប្បាយ ផ្ទះក៏មិនចង់ចូលតើចង់ឱ្យប៉ាប្រគល់ប្រទេសជាតិឱ្យវាគ្រប់គ្រងបានយ៉ាងម៉េច? ងាកមកលូស៉ី! ប្រជារាស្ត្រមិនពេញចិត្ត សឹងតែត្រូវបំភ្លេចចោល គឺមានតែឯងនេះហើយដែលសាកសម>>
<<កូនសុំទោស!>>
ព្រះអង្គម្ចាស់អស់សង្ឃឹមនឹងបញ្ចុះបញ្ចូលគេក៏បានត្រឹមសំឡឹងមុខកូនដោយភាពខកចិត្ត
<<គ្រប់យ៉ាងដោយសារតែស្រីម្នាក់នោះមែនទេឡាលី?>>
<<មិនទាក់ទងនឹងជេននីឡើយ! តែគឺមកពីខ្ញុំហត់នឿយនឹងរស់នៅក្នុងសភាពគេចពួនឆ្វេងស្ដាំ ស្អប់មុខស្អប់ក្រោយ ច្រណែនឈ្នានីសពីគ្រួសារឯងទៅវិញទេម្ចាស់ប៉ា មើលតែម្សិលមិញពេលដែលខ្ញុំណែនាំជេននីទៅគ្រប់គ្នាចុះ សូម្បីតែការនិយាយស្ដី ទង្វើរខ្លះក៏បង្ហាញចេញមកយ៉ាងច្បាស់ដែរ!>>
ថាហើយគេក៏ដើរចេញដោយទុកឱ្យព្រះអង្គម្ចាស់ស្ហេនអង្គុយគិតតែម្នាក់ឯងយ៉ាងស្មុគ្រស្មាញ។អ្វីដែលឡាលីនិយាយវាជាការពិតតែគាត់ក៏គ្មានជម្រើសពិតមែន មុនពេលដែលឡាលីទៅកូរ៉េមានឃាតកច្រើនណាស់ដែលតាមសម្លាប់គេ តែក្រោយពេលដែលឡាលីចាកចេញហើយដំណឹងដែលគាត់គិតមើលពីតំណែងរជ្ជទាយាទបានផ្សាយចេញទៅ ការតាមសម្លាប់ឡាលីក៏បានផ្អាក ហាក់ដូចជាមានអ្នកណាម្នាក់ដឹងយ៉ាងច្បាស់គ្រប់គម្រោងក្នុងវាំងនេះអញ្ចឹង។#យមរាជ
YOU ARE READING
រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់
Romanceស្ហេន ឡាលី ជាព្រះនាងតែម្នាក់គត់នៃប្រទេសអ៉ីតាលី ត្រូវបានមនុស្សស្រីម្នាក់ទួញសោកសុំអង្វរឱ្យជួយបន្លំភ្នែកគ្រួសារដោយយកការរៀបការក្លែងក្លាយមកបាំងមុខ។តែនាងមិនបានដឹងឡើយថា ស្ហេន ឡាលីម្នាក់នេះជាអ្នកណា។ការរៀបការក្លែងក្លាយដែលគ្មានអ្នកណាទៅបំពានជីវិតឯកជនក្រោយពីរៀប...