រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់ ភាគទី12

1.2K 44 0
                                    


     <<បងរៀបចំខោអាវទៅ! ថ្ងៃស្អែកពួកយើងនឹងត្រឡប់ទៅវិញតែម្ដង>>
     ឡាលីនិយាយប្រាប់ជេននីដោយមុខញញឹមរីកដូចគ្រាប់ជី។លោកស្ហេនបានយល់ព្រមតាមគេដោយសារតែបញ្ចុះបញ្ចូលគេមិនឈ្នះ ការដាក់ដំណែងជាព្រះនាងរបស់គេបានធ្វើឱ្យមនុស្សដែលពេញចិត្តជាងគេត្រេកអរមិនស្ទើរ។ព្រះនាងម្ចាស់ឡានចង់ឱ្យកូនរបស់ខ្លួនទទួលបានតំណែងជារជ្ជទាយាទគ្រប់គ្រងប្រទេសនេះដោយលើកពាក្យអះអាងតវ៉ានិងលោកស្ហេនជារឿយៗថាឡាលីមិនសាកសមដោយសារចរិតធ្វើតាមតែចិត្ត គិតអ្វីឆេវឆាវ និងអំនួត។
     <<លឿនថ្នាក់នេះផងឬ?>>
     <<ពេលនេះខ្ញុំមិនមែនជាព្រះនាងទៀតទេ បងមិនបាច់បារម្ភថាត្រូវធ្វើយ៉ាងណាៗជាមួយឡើយ>>
     និយាយបណ្ដើរគេក៏រៀបចំឥវ៉ាន់គេបណ្ដើរ ក្រោមការសំឡឹងមើលរបស់ជេននី។មើលទៅគេស្រស់ស្រាយណាស់ ស្នាមញញឹមលើមាត់របស់គេតែងមានជានិច្ច ហេតុអ្វីក៏គេគួរឱ្យស្រលាញ់យ៉ាងនេះហ្ន៎?
     គិតខ្លួនឯងហើយក៏ហួសចិត្តនឹងខ្លួនឯង នាងមានអារម្មណ៍ថានៅក្បែរគេយូរៗទៅនាងកាន់តែមានអារម្មណ៍ល្អៗជាមួយនឹងគេ។គ្រប់សម្ដី គ្រប់ទង្វើរបស់គេធ្វើឱ្យនាងកក់ក្ដៅ និងទទួលបាននូវក្ដីសុខដែលមិនធ្លាប់មាន។
     <<រៀបហើយឬនៅ? បើហើយតោះ! យើងទៅដើរលេងខាងក្រៅបន្តិចហ្អីមុននឹងត្រឡប់ទៅវិញ>>
     <<អឹម!>>
    ឡាលីដើរចុះមកក្រោមជាមួយនឹងជេននីដោយបំណងគិតថានឹងនាំនាងទៅក្រៅដើរលេង តែចុះមកភ្លាមក៏ជួបនឹងម្ចាស់អ៊ំរបស់គេភ្លែត
     <<មិនស្មានសោះថាឯងក៏មានថ្ងៃនេះ!>>
     ជេននីមានអារម្មណ៍មិនស្រួលទៀតហើយ នាងមើលមុខម្ចាស់អ៊ំរបស់ឡាលីទាំងមិនយល់
     <<ម្ចាស់អ៊ំមានការអីដែរទេ? បើគ្មានទេខ្ញុំសុំចេញទៅក្រៅហើយ>>
     <<មើលឋាន:ខ្លួនឯងនៅពេលនេះផងមុននឹងហាសម្ដីរបស់ឯងបែបនេះមកកាន់យើង ប្រយ័ត្នយើងទះជ្រុះធ្មេញណា>>
     ឡាលីក្ដោបដៃជេននីជាប់មិនឱ្យនាងតក់ស្លុត គេរក្សាទឹកមុខស្មើធេងតបទៅកាន់ព្រះនាងឡានដោយគ្មានក្រែង
     <<នេះឬជាសម្ដីរបស់ព្រះនាងម្ចាស់? ម្ចាស់អ៊ំគួរតែដឹង បើសិនខ្ញុំមិនបោះបង់ដំណែងនេះម្ចាស់អ៊ំគិតថាកូនៗរបស់ទ្រង់មានឱកាសទេ? ហើយម្យ៉ាងទៀតកុំអាលអរ ម្ចាស់អ៊ំគួរតែបង្រៀនកូនៗឱ្យមានចរិតជាអ្នកដឹកនាំ និងមានភាពម្ចាស់ការលើខ្លួនឯងសិនទៅចាំលើកគេឱ្យក្លាយជាជម្រើសនៃការឡើងគ្រងរាជ្យ>>
     ថាចប់គេក៏អូសដៃជេននីចេញទៅវឹងដោយមិនចាំម្ចាស់អ៊ំរបស់គេនិយាយបន្តទៀត។មកដល់ភោជនីយដ្ឋានមួយកន្លែងនៅកណ្ខាលក្រុង ឡាលីក៏នាំជេននីចូលទៅ។ឃើញវត្តមានរបស់ឡាលីភ្លាមអ្នកចាត់ការក្នុងហាងក៏ទទួលគេយ៉ាងរាក់ទាក់
     <<ឡាលី! គ្រប់គ្នានៅទីនេះសុទ្ធតែស្គាល់ឯងឬ?>>
     គេលើកចិញ្ចើមម្ខាងឡើងទំនងជាគិតបន្តិចមុននឹងតប
     <<គឺមិនដឹងដែរ!>>
     <<ចុះឯងមានមិត្តភក្តិដែរទេ?>>
     <<មិត្តភក្តិឬ? គ្មានទេ! ជីវិតកើតមកគឺគ្មានទំនាក់ទំនងជាមួយអ្នកណាឡើយ កាលពីនៅតូចទំនាក់ទំនងរវាងខ្ញុំ លូស៉ី និងអាល់ដាន់គឺល្អខ្លាំងណាស់ តែពេលធំឡើងក៏ប្រែជាមើលមុខគ្នាមិនចំអញ្ចឹងទៅ ខ្ញុំស្អប់ការរស់នៅក្នុងវាំងណាស់!>>
     សម្ដីគេជាមួយស្នាមញញឹមធ្វើឱ្យជេននីដឹងច្បាស់ថាគេមិនបានញញឹមចេញពីចិត្តទេ។គិតទៅកើតក្នុងគ្រួសារខ្ពស់ពេកក៏ពិបាកដែរ។
     <<ឈប់និយាយរឿងហ្នឹងទៅ! តោះញ៉ាំអីវិញល្អជាង>>
     <<ចាស៎! អេ៎? ស្ពៃនេះ?>>
     ឡាលីចាប់យកស្ពៃតឿឡើងហើយក៏សើចធ្វើឱ្យជេនឆ្ងល់ មើលមុខគេភ្លឹះៗ
     <<កើតអី?>>
     <<ហិហិ! បងដូចស្ពៃតឿនេះអញ្ចឹង>>
     ឮហើយក៏អស់អារម្មណ៍អាណិតគេរលីង មុននេះខំតែគិតនឹកក្នុងចិត្តគេជាក្មេងគូរឱ្យអាណិត តែពេលនេះនាងប្ដូរចិត្តហើយ
     <<នែ! ឯងមើលមកខ្ញុំដូចស្ពៃតឿនេះត្រង់ណា?>>
     <<ហាសហា! ស្ពៃតឿហើយក្រិនទៀតផង>>
     ផាច់!
     <<អូយ!>>
     ជេនទះស្មាគេមួយដៃមុននឹងកាយស្ពៃតឿទាំងនោះដាក់ចូលមាត់ទំពារដោយការខឹងពន់ពេក។នៅតែជាក្មេងមាត់ដាចមិនប្រែដដែល
     <<ឯងនេះឱ្យខ្ញុំអាណិតមួយថ្ងៃមិនបានមែន!>>
     <<ខ្ញុំមិនចង់ឱ្យបងអាណិតខ្ញុំទេ!>>
     <<ហេតុអី?>>
     <<ព្រោះខ្ញុំចង់ឱ្យបងស្រលាញ់ខ្ញុំ! ហិហិ>>
     ជេនក្អកខុងៗឈ្លក់បាយឡើងក្រហមមុខ។ឃើញបែបនោះឡាលីក៏ប្រញាប់ហុចទឹកមកឱ្យនាង
     <<ខ្ញុំនិយាយលេងទេកុំអញ្ចឹងអីបង!>>
     គេសើចបណ្ដើរអង្អែលខ្នងនាងបណ្ដើរ មាត់ប្រាប់ថានិយាយលេងតែក្នុងចិត្តក៏សូមឱ្យវាក្លាយជាការពិត។ពេលនេះគេលង់នឹងនាងខ្លាំងមែនទែនហើយ គេសូមសារភាពពីក្នុងចិត្តអស់ពីពោះថាខ្លួនឯងឆ្លងព្រំដែនអារម្មណ៍ដែលនាងបានដាក់ខណ្ឌហើយ។ក្រោយពីរៀបការរួចគេនឹងព្យាយាមយកឈ្នះចិត្តនាងឱ្យស្រលាញ់គេឱ្យបាន គេនឹងធ្វើឱ្យមនុស្សស្រីម្នាក់នេះក្លាយជារបស់គេយ៉ាងពេញសិទ្ធ និងស្របច្បាប់ចាំតែមើលចុះ។បើទោះជាចង់គេចក៏គេចមិនផុតដែរ ខ្ញុំនឹងតាមបងរហូតជើងមេឃតែម្ដង ស្ពៃតឿចាស់!
     ជេនមើលមុខគេឃើញគេញញឹមចិងមាត់ដូចកញ្រ្ជោងក៏ដឹងភ្លាមថាក្នុងចិត្តក្មេងល្អិតម្នាក់នេះច្បាស់ជាកំពយងតែគិតរឿងអីអកា្រក់ៗទៀតហើយ នាងមិនទុកចិត្តទេ កែវភ្នែកមុតស្រួចដូចពស់វែក បបូរមាត់លេចស្នាមញញឹមដូចកញ្រ្ជោង សម្បូរល្បិចកលដល់ហើយ។កុំសង្ឃឹមថាអាចប្រើល្បិចកលដាក់យើងបាននោះ ក្មេងកញ្រ្ជោងល្អិត!

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now