រឿង លោកប្តីក្លែងក្លាយជាទីស្រលាញ់ ភាគទី18

1.2K 48 1
                                    

     ពេលថ្ងៃត្រង់បានមកដល់ឡាលីក៏ទាញយកប្រអប់បាយដែលជេនធ្វើឱ្យគេដោយផ្ទាល់ដៃយកមកញ៉ាំទាំងមុខរីកដូចគ្រាប់ជី។ញ៉ាំរួចក៏លួចញញឹមម្នាក់ឯងទាំងមិនដឹងថាម្ចាស់ស្នាដៃបាយថ្ងៃត្រង់នេះកំពុងតែលួចមើលឡើយ។
     <<មុននេះដូចជាឃើញអ្នកណាទេអង្គុយញញឹមម្នាក់ឯងហ្ន៎!>>
    ឡាលីភ្ញាក់ក្រញ៉ាងពេលដែលជេននីអើកកពីក្រោយគេមកទាំងមិនផ្ដល់ដំណឹងអីបន្តិច
     <<ញញឹមអីទៅ? ខ្ញុំមិនបានញញឹមអីទេ>>
     គេប្រកែកញាប់មាត់ទាំងដែលមុននេះរំភើបចិត្តស្ទើរហោះ។ជេនទាញកៅអីគេឱ្យខិតមកក្រោយបន្តិចរួចឡើងអង្គុយលើភ្លៅគេយ៉ាងស្និទ។ឡាលីបើកភ្នែកធំៗមើលមុខនាងដោយស្មានចិត្តមិនត្រូវ
     <<ឯងនៅខឹងខ្ញុំទៀតឬ?>>
     និយាយបណ្ដើរនាងក៏លើកដៃទាំងពីរតោងកគេបណ្ដើរ។ឡាលីសំឡឹងមើលបបូរមាត់ក្រហមស្រាលរបស់នាងទាំងចិត្តសែនក្នក់ក្នាញ់ចង់តែគ្រញិចតាមចិត្តកំពុងតែរំជើបរំជួលពេលនេះទេ
     <<ខ្ញុំមិនបានខឹងបងទេ!>>
     <<បើមិនបានខឹងហេតុអីក៏ព្រងើយកន្តើយនឹងខ្ញុំម្លេះ?>>
     <<ក្រែងពួកយើងជាអ្នកដទៃមិនអញ្ចឹងឬ? បងខ្វល់ធ្វើអីដែរ?>>
     សម្ដីធ្ងន់ៗដដែលនេះឬដែលថាមិនខឹង?
     <<ក្រែងឯងថាមិនបានខឹងនោះអី? ហេតុអីបានជានិយាយបែបនេះ? មើលមុខចុះក្រញូវដូចអាPug (pugប្រភេទឆ្កែមុខជ្រួញ)>>
     <<នេះ...>>
     ឡាលីលើកដៃម្ខាងរឹតចង្កេះនាងផ្អឹបជាប់នឹងខ្លួនគេ ឯងដៃម្ខាងទៀតទប់ខ្នងនាងជាប់មិនឱ្យរើរួចជាហេតុធ្វើឱ្យស្រស់ស្រីភ័យស្លេកមុខឡើង
     <<ឡាលី...ឯងចង់ធ្វើអីហ្នឹង?>>
     នាងរើខ្លួនចេញពីគេតែក៏ត្រូវឡាលីទាញផ្អឹបទៅវិញរហូតគេប្រថាប់បបូរមាត់បិទមាត់នាងមិនឱ្យនាងនិយាយអ្វីចេញមកបានបន្តទៀត។នាងក្រមុំញាក់ខ្លួនតិចៗពេលដែលគេខាំញេញបបូរមាត់នាងហាក់កំពុងតែជះកំហឹងលើនាងដូច្នោះ
     <<អឹម...>>
     នាងគ្រហឹមដើមកលើកដៃច្រានគេចេញតែឡាលីនៅតែចាប់នាងជាប់ដូចដង្កាប់គាបខ្លួននាងជាប់នឹងគេ។អណ្ដាតគ្រើមព្យាយាមលុកលុយចូលក្នុងក្រអូមមាត់នាងរហូតបានសម្រេច។ម្ខាងច្រានចេញ ម្ចាងទៀតស្រុកចូលរហូតស្ងាត់ស្ងៀមរៀងខ្លួន។មួយសន្ទុះទើបឡាលីលែងខ្លួនជេននីមកវិញយឺតៗជាមួយខ្សែភ្នែកស្រអាប់ដោយមានរឿងមន្ទិលក្នុងចិត្ត
     <<ឡាលី!>>
     <<បងមានអ្នកណាក្នុងចិត្តឬ?>>
     សំឡេងស្រាលៗជាមួយទឹកមុខស្រពោនរបស់គេធ្វើឱ្យនាងមានអារម្មណ៍ថាពិបាកតាម។នួនល្អងជ្រួញចិញ្ចើមចូលគ្នារួចតបទាំងមិនចង់ហើបមាត់
     <<គ្មា...គ្មានទេ!>>
     ឮបែបនេះក៏ធូរទ្រូងបន្តិច ឡាលីលេចស្នាមញញឹមមកវិញប្រឹស មានកម្លាំងកំហែងដូចដំរីឡើងមួយពព្រិចដោយសារសម្ដីរបស់នាងពីរម៉ាត់នេះ
     <<ពិតមែនឬ?>>
     នាងងក់កកបាលជំនួសឱ្យការឆ្លើយតប តែប៉ុណ្ណេះក៏វាគ្រប់គ្រាន់សម្រាប់គេដែរ
     <<ខ្ញុំឈប់ខឹងបងក៏បាន តែបងត្រូវធ្វើអាហារឱ្យខ្ញុំដូចថ្ងៃនេះរាល់ថ្ងៃបានទេ?>>
     ប៉ុណ្ណេះមានអីទៅពិបាក ជេននីឆ្លើយយល់ព្រមទាំងបេះដូងលោកដុកដាក់ៗស្ទើរធ្លាយទ្រូង
     <<បានតើ!>>
     <<ធ្វើឱ្យខ្ញុំញ៉ាំមួយជីវិតបានទេ?>>
      មួយជីវិតឬ? យូរពេកហើយ មិនបានទេ! ក្នុងចិត្តគិតបែបនេះតែមាត់ក៏ធ្លោយទៅឯកឯង
     <<បាន!>>
     <<ហ្អា?>>
     <<អើយមិនបានទេ! មួយជីវិតខ្ញុំត្រូវធ្វើតែបាយឱ្យឯងញ៉ាំឬហ្អាស៎? ធ្វើការបន្តទៅខ្ញុំទៅវិញហើយ កុំភ្លេចឆាប់ទៅផ្ទះផង>>
     ថាហើយនាងក៏ស្ទុះងើបចេញពីគេវឹងរកតែឡាលីស្រវាចាប់មិនទាន់។ដើរចេញមកដល់ខាងក្រៅនាងក៏លើកដៃខ្ទប់ទ្រូងខ្លួនឯងទាំងដកដង្ហើមចេញចូលវែងៗហាក់កំពុងបន្ធូរអារម្មណ៍ឱ្យបេះដូងនាងអាចសម្រួលចលនាត្រឡប់មកធម្មតាវិញបានខ្លះ។គ្រប់ពេលនៅជាមួយគេពេលណាក៏នាងមិនអាចហាមឃាត់ខ្លួនឯងមិនឱ្យរំជើបរំជួលបានដែរ តើអារម្មណ៍ទាំងនេះជាអារម្មណ៍ស្អីទៅម្ដេចក៏រញ៉េរញ៉ៃម្លេះ? គិតបណ្ដើរនាងក៏លើកដៃស្ទាបបបូរមាត់ខ្លួនឯងបណ្ដើរ ការថើបរបស់គេទន់ភ្លន់ខ្លាំងណាស់រហូតដល់នាងមិនអាចប្រកែកនឹងគេបានហើយបែរជាទទួលយកយ៉ាងងាយ។ស្រស់ស្រីគ្រវីក្បាលញាប់ស្អេកដេញគំនិតរវើរវាយទាំងនេះចេញពីខួរក្បាលហើយក៏ធ្វើដំណើរទៅផ្សារដើម្បីរកទិញគ្រឿងផ្សំធ្វើម្ហូបល្ងាចនេះសម្រាប់ឡាលី។
     ដៃម្ខាងកាន់រទេះ ដៃម្ខាងទៀតរើសបន្លែបណ្ដើរ រវល់តែមើលរបស់ដែលត្រូវទិញក៏ភ្លេចមើលផ្លូវធ្វើឱ្យនាងរុញរទេះកន្ត្រកទៅបុកមនុស្សប្រុសម្នាក់ដែលឈររើសសាច់ក្បែរនោះ
     <<អា៎! សុំទោសៗលោក>>
     <<មិនអីទេ!>>
     ពេលអ្នកទាំងពីរងើបមុខឃើញគ្នាច្បាស់ហើយក៏ស្ងាត់ស្រឡាំងកាំងរៀងខ្លួន។ជេននីឃើញគេហើយក៏ច្រាលទឹកភ្នែកឡើងមកសឹងស្រែកយំ បេះដូងនាងប្រែជាឈឺពើតដូចត្រូវអ្នកណាម្នាក់យកឡាមមកវះ របួសចាស់រើឡើងវិញរហូតខួរក្បាលបញ្ជានាងឱ្យស្រក់ទឹកភ្នែកច្រោក
     <<ជេន..ជេននី!>>
     ជុងអ៉ីនហៅឈ្មោះនាងទាំងញ័របបូរមាត់ គេចង់ជួបនាងយូរមកហើយតែគេគ្មានភាពក្លាហាននឹងជួបនាង តែបែរជាមកជួបក្នុងស្ថានភាពបែបនេះទាំងគេមិនបានត្រៀមខ្លួនទៅវិញ។ជេនគ្រវាសទឹកភ្នែកចេញយ៉ាងរហ័សរួចទាញរទេះហៀបចេញពីទីនោះតែក៏ត្រូវទច់មកវិញពេលដែលជុងអ៉ីនស្រវាចាប់ដៃនាងជាប់
     <<ឈប់សិនជេន!>>
     គេឃាត់នាងដោយមិនដឹងថាបើនាងឈប់គេនឹងត្រូវនិយាយអ្វីឡើយ តែគេគ្រាន់តែចង់ឱ្យនាងនៅ
     <<លែងខ្ញុំទៅ!>>
     <<ជេន! ឱ្យពេលបងត្រឹមមួយនាទីក៏បានណា>>
     ពីមុនគេដេញនាងឱ្យទៅ ពេលនេះគេក៏សុំនាងឱ្យនៅតើគេទុកនាងជាស្អីទៅ?
     <<ខ្ញុំគ្មានពាក្យអ្វីដែលត្រូវនិយាយនឹងលោកទេ!>>
     <<តែបងមាន!>>
     គេចាប់ដៃនាងជាប់មិនព្រមលែងទើបនាងព្រមបែរមុខមកនិយាយជាមួយនឹងគេ
     <<បើមានក៏ឆាប់និយាយមកខ្ញុំគ្មានពេលយូរទេ!>>
     បានឱកាសជុងអ៉ីនក៏ស្រវាឱបនាងក្នុងរង្វង់ដៃយ៉ាងណែន កែវភ្នែកគេបង្ហាញនូវពន្លឺសោកសៅស្មានមិនត្រូវដូចវាលលំហរដែលកំពុងតែធ្លាក់ក្នុងទំនាញប្រហោងខ្មៅ។វាងងឹត វាឈឺចាប់ វាពើតផ្សាហាស្ដីមិនចេញ
     <<បងនឹកអូន! បងចង់ជួបអូន! គ្រប់ពេលដែលគ្មានអូននៅក្បែរបងមិនដែលនៅសុខឡើយសូម្បីមួយនាទី បេះដូងនេះវាតែងដង្ហើយរកអូនរហូត រហូតមកដល់ថ្ងៃនេះទើបបងដឹងថាបងមិនអាចរស់ដោយគ្មានអូនបានទេ ជេន!>>
     ត្រូវហើយនាងជាជីវិត និងជាដង្ហើមរបស់គេ។គ្មាននាងមួយរយ:ពេលនេះគេស្ទើតែលែងល្លាយជាខ្លួនឯង ទោះជីវភាព និងឋានៈគេពេលនេះសមនឹងអ្វីដែលគេចង់បានក៏ដោយ តែគេគ្មានក្ដីសុខទេព្រោះបេះដូងគេវាចំហរដោយភាពទទេស្អាត។រាល់យប់ពេលដែលគេបិទភ្នែករង្វង់មុខនាងក៏លេចឡើងជានិច្ចល្នុងសុបិន្តរបស់គេ តើគេអាចរស់យ៉ាងម៉េចបើស្រមោលនាងនៅតែតាមគេគ្រប់ទីកន្លែងយ៉ាងនេះ?

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now