ពេលល្ងាចបានមកដល់ជេននីធ្វើម្ហូបរួចរាល់អង្គុយចាំឡាលីត្រឡប់មកពីធ្វើការវិញទាំងមិនភ្លេចខ្ចប់អាហារមួយប្រអប់ទៀតសម្រាប់យកទៅឱ្យជុងអ៉ីន។យ៉ាងណាៗក៏នាងត្រូវតែទៅមើលគេ ទោះនៅសល់ចិត្តខឹងតែចិត្តបារម្ភពេលនេះច្រើនជាង។
មួយសន្ទុះឡាលីក៏ដើរចូលមកដល់ទាំងមុខញញឹមស្រស់។មើលតាមទឹកមុខប្រហែលជាបន្ថយការខឹងបានច្រើនហើយ
<<ឯងមកវិញហើយហ្អេស? ហត់ទេ?>>
នាងដើរទៅទទួលកាបូបគេយកមកទុកហើយសួរនាំយ៉ាងយកចិត្តទុកដាក់ធ្វើឱ្យឡាលីកក់ក្ដៅបេះដូងចម្លែក
<<មិនហត់ប៉ុន្មានទេ!>>
<<ទៅងូតទឹកទៅនឹងអាលបានមកញ៉ាំបាយ!>>
<<អ៎! ចាស៎>>
ឡាលីឡើងទៅបន្ទប់ហើយងូតទឹកប្រញាប់ចុះមកវិញ។ថ្ងៃនេះរវល់ស្ទើរពេញមួយថ្ងៃមិនទាន់បានមើលមុខនាងឆ្អែតផង។ក្រោយងូតទឹករួចគេក៏ចុះមកវិញចូលអង្គុយក្នុងតុបាយយ៉ាងស្រស់ស្រាយ។ជេននីក្រោកដួសបាយឱ្យគេដោយរុញប្រអប់បាយសម្រាប់ជុងអ៉ីនទៅម្ដុំសិនក្នុងចិត្តគិតថាចាំកំដរឡាលីញ៉ាំបាយហើយចាំទៅមើលជុងអ៉ីន
<<ប្រអប់បាយមែនទេបង?>>
ឡាលីសួរទៅនាងដោយការងឿងឆ្ងល់ពេលឃើញប្រអប់បាយនោះ
<<អឹម!>>
<<បងយកឱ្យអ្នកណា?>>
<<ថ្ងៃមិញមិត្តភក្តិខ្ញុំមានគ្រោះថ្នាក់ហើយត្រូវចូលមន្ទីរពេទ្យទើបខ្ញុំចង់ទៅមើលគេហ្នឹងណា>>
<<អូ! ធ្ងន់ធ្ងរដែរទេ?>>
<<មិនអីទេរបួសតិចតួចប៉ុណ្ណោះ តែគេគ្មានសាច់ញាតិទើបខ្ញុំត្រូវយកអាហារឱ្យគេញ៉ាំបែបនេះ>>
<<ខ្ញុំជូនទៅទេ?>>
ឮហើយក៏ភ័យតិចតួចព្រោះនាងមិនចង់ឱ្យឡាលីបានជួបនឹងជុងអ៉ីននោះទេខ្លាចថាគេនឹងអន់ចិត្តទើបនាងជ្រើសរើសការកុហក
<<មិនអីទេ ឯងហត់ពេញមួយថ្ងៃហើយសម្រាកយកកម្លាំងចុះ>>
ឡាលីងក់ក្បាលរួចប្រញាប់ញ៉ាំបាយព្រោះមិនចង់ឱ្យជេននីចាំយូរ។ក្រោយញ៉ាំរួចរាល់គេក៏ដើរជូននាងទៅកាន់ឡានរួចផ្ដែផ្ដាំដោយទឹកមុខស្ងួត
<<ប្រញាប់មកវិញណា!>>
<<ដឹងហើយខ្ញុំមិនគេងនៅទីនោះទេ!>>
<<បើកឡានស្រួលបួល!>>
<<ចាស៎!>>
ជេននីចូលអង្គុយក្នុងឡានរួចឡាលីក៏គោះកញ្ចក់ នាងទម្លាក់កញ្ចក់ចុះមើលមុខគេទាំងចងចិញ្ចើមស្មានថាមានរឿងអីធំដុំ។ឡាលីឱនឆ្មក់ថើបថ្ពាល់នាងមួយខ្សឺតរួចនិយាយលានាងម្ដងទៀត
<<បាយៗ! ឆាប់មកវិញ>>
ស្រស់ស្រីមិនបានមាត់តប តែនាងរឹងខ្លួនឡើងជាន់ហ្គែលែងចង់ទៅមុខទៅហើយ។ក្មេងម្នាក់នេះមាត់រហ័ស ដៃដល់ណាស់ ប្រហែសបន្តិចចប់ក្រោមស្នាដៃគេមិនខាន។
ឡាលីឈរគ្រវីដៃលានាងរហូតស្រស់ស្រីបើកឡានចេញទៅផុតទើបគេដើរទៅបិទរបងផ្ទះទាំងមិនបានដឹងថាមានកែវភ្នែកមួយគូកំពុងតែលួចសំឡឹងមើលមកពួកគេទាំងពីរឡើយ។អ្នកស្រីគីមតែងតែលួចតាមដានពួកគេទាំងពីរជានិច្ច ឃើញឡាលីស្រលាញ់កូនស្រីគាត់បែបនេះគាត់ក៏សប្បាយចិត្ត។ស្នាមញញឹមលើផ្ទៃមុខគាត់លេចឡើងដោយការពេញចិត្តមុននឹងដើរចេញពីបង្អួចដែលបែរមករកផ្ទះរបស់ឡាលី។
ឡាលីបោះជំហានទៅក្នុងផ្ទះតែមកដល់មាត់ទ្វារគេក៏បែរក្រោយបន្តិចរួចញោចចុងមាត់មុននឹងដើរចូលទៅក្នុងវឹង។
ក្រលេកមកមើលជេននីឯណេះ នាងមកដល់បន្ទប់អ្នកជម្ងឺដែលជាជុងអ៉ីនភ្លាម នាងក៏ស្រែកឡើងភ្លាមព្រោះឃើញនាយកំពុងតែដោះអាវបង្ហាញល្វែងលើមានសាច់ទាំងកង់
<<អ្ហាយ!>>
នាងស្រែកចាចធ្វើឱ្យអ្នកកម្លោះភ្ញាក់ព្រើតស្ទុះទាញភួយមកបាំងទាំងធ្វើភ្នែកស្លឺ
<<អូនមកតាំងពីពេលណាហេតុអីមិនគោះទ្វារអ៉ីចឹង?>>
នាងគោះហើយតែគេមិនឮខ្លួនឯង ដែលសំខាន់នាងមិននឹកស្មានថាគេនេះធ្វើរឹកផ្ដេសផ្ដាសផ្លាស់អាវកណ្ដាលវាលបែបនេះទេ
<<ពាក់អាវឱ្យលឿនៗទៅ! ខូចភ្នែកខ្ញុំអស់ហើយ>>
ជុងអ៉ីនប្រញាប់ប្រញាល់ទាញអាវមកពាក់វិញតែដោយសារនៅឈឺដៃទើបមិនរហ័សរហួន
<<អូយ!>>
គេស្រែកឡើងពេលដែលអាវទាញប៉ះមុខរបួសកន្លែងដែលដាច់រលាត់។ជេនដាច់ចិត្តទុកប្រអប់អាហារទៅលើតុហើយដើរទៅក្បែរនាយពាក់អាវឱ្យគេទាំងមុខក្រហម
<<បងសុំទោសដែលធ្វើឱ្យអូនលំបាក!>>
អ្នកឈរចំពោះមុខនិយាយដោយមុខស្មើ ហើយសំឡឹងមុខជេនដោយខ្សែភ្នែកស្រទន់ហាក់ចង់ចងនាងដោយការសំឡឹងមើលនេះ។ជេនលួចមើលគេម្ដងៗតែនាងក៏គ្មានភាពក្លាហានគ្រប់គ្រាន់។ពេលពាក់អាវរួចនាងក៏យកប្រអប់អាហារមកឱ្យគេ
<<នេះឆាប់ញ៉ាំទៅ!>>
ជុងអ៉ីនដាក់មួយម៉ាត់ចូលមាត់ហើយគេក៏ច្រាលទឹកភ្នែកឡើងមក។រសជាតិអាហារដែលធ្វើឡើងពីមនុស្សដែលគេស្រលាញ់ជាអាហារដែលឆ្ងាញ់បំផុត គេចងចាំរសជាតិនេះតាំងពីពេលនាងធ្វើឱ្យគេញ៉ាំលើកដំបូង។តាំងពីបែកពីនាងគេមិនដែលនឹកគិតសោះថាគេអាចមានឱកាសបានញ៉ាំម្ហូបដែលជាស្នាដៃនាងម្ដងទៀតដូចជាពេលនេះ
<<ហេតុអីក៏ឈប់ញ៉ាំ?>>
ជេននីសួរទៅគេទាំងឆ្ងល់ព្រោះឃើញដាក់ចូលមាត់បានតែមួយម៉ាត់ក៏អង្គុយភ្លឹក
<<អត់ទេ! បងគ្រាន់តែរំភើប>>
<<រឿងអី?>>
<<បងមិនស្មានថាបងអាចញ៉ាំម្ហូបដែលអូនធ្វើដោយផ្ទាល់បានដូចជាពេលនេះទៀតទេ>>
ស្នាមញញឹមរួមនឹងភាពរលីងរលោងរបស់គេធ្វើឱ្យជេននីច្របូកច្របល់ញ័រទ្រូងភ្លាមៗ។នាងមានអារម្មណ៍ថាអាណិតគេខ្លាំងណាស់ បេះដូងនាងកំពុងតែរលាយទោរទន់ដោយសារការវិលត្រឡប់មកវិញរបស់គេហើយ
<<បានហើយឆាប់ញ៉ាំទៅ!>>
<<អូននឹងធ្វើឱ្យបងញ៉ាំមួយជីវិតដែរទេ?>>
ជេនភ្ញាក់ព្រើតងាកសំឡឹងមុខនាយចង់គ្រេចក។ពាក្យសម្ដីនេះគឺឡាលីជាអ្នកនិយាយហេតុអ្វីជុងអ៉ីនស្រាប់តែនិយាយដូចទៅនឹងគេម្លេះ?
<<ហេតុអីក៏មើលមុខបងបែបនេះ?>>
<<គ្មានអីទេ! ឆាប់ញ៉ាំទៅ>>
<<តែអូនមិនទាន់ឆ្លើយសំណួរបងផងហ្នឹង? ធ្វើឱ្យបងញ៉ាំរហូតបានទេ? ពេលបងជាបងនឹងទៅជួបម៉ាក់អូនហើយសុំអូនរៀបការតែម្ដង អូនគិតយ៉ាងម៉េចដែរ?>>
ពាក្យសម្ដីគេបញ្ជាក់ថាមិនបានលេងសើចឡើយ នាងមិនទាន់ប្រាប់គេពីការរៀបការរបស់នាងទេ ហើយនាងក៏មិនបានប្រាប់ឡាលីថាមនុស្សដែលនាងស្រលាញ់បានត្រឡប់មកវិញដែរ។វាហាក់អាត្មានិយមណាស់សម្រាប់ពួកគេទាំងពីរតែនាងត្រូវតែធ្វើអ្វីម្យ៉ាងហើយ នាងមានខ្លួនតែមួយមិនអាចជិះទូកពីរបានឡើយ គួរតែធ្វើការសម្រេចចិត្តឱ្យបានច្បាស់និងជ្រើសរើសថានាងនឹងដើរទៅផ្លូវណាបន្ត។
YOU ARE READING
រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់
Romanceស្ហេន ឡាលី ជាព្រះនាងតែម្នាក់គត់នៃប្រទេសអ៉ីតាលី ត្រូវបានមនុស្សស្រីម្នាក់ទួញសោកសុំអង្វរឱ្យជួយបន្លំភ្នែកគ្រួសារដោយយកការរៀបការក្លែងក្លាយមកបាំងមុខ។តែនាងមិនបានដឹងឡើយថា ស្ហេន ឡាលីម្នាក់នេះជាអ្នកណា។ការរៀបការក្លែងក្លាយដែលគ្មានអ្នកណាទៅបំពានជីវិតឯកជនក្រោយពីរៀប...