រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់ ភាគទី36

1.5K 47 0
                                    

     ជេននីអង្គុយបញ្ចុកបាយឡាលីយ៉ាងស្ងៀមស្ងាត់ មិនហ៊ានមាត់កឡើយ។នាងបានត្រឹមតែលួចនៅក្បែរគេបែបនេះប៉ុណ្ណោះព្រោះមិនចង់អោយគេគិតច្រើន នាងមិនចង់អោយគេមានអារម្មណ៍ថាខ្លួនឯងគ្មានបានការឡើយ នាងមិនចង់អោយគេគិតថាពិភពលោកនេះតូចចង្អៀតគ្មានកន្លែងសម្រាប់គេនោះទេ។វេលាយប់ឡើងនាងត្រូវនាំគេទៅបន្ទប់គេង ជេននីផ្ដេកខ្លួនគេថ្នមៗយឺតៗរួចក៏ទាញភួយដណ្ដប់អោយ តែភ្លាមៗឡាលីក៏ស្រាប់តែចាប់ដៃនាងជាប់ធ្វើអោយស្រស់ស្រីភ័យបាត់ព្រលឹង
     <<ឆូរ៉ុង! នេះអូនប្ដូរក្លិនទឹកអប់ឬ?>>
     ជេននីមិនដឹងឆ្លើយយ៉ាងណាឡើយខ្លាចគេចំណាំសំឡេងនាងបាន តែគ្មានជម្រើស
      <<មិនបានប្រើទឹកអប់ទេ!>>
      ឡាលីជ្រួញចិញ្ចើមបន្តិចរួចក៏ស្រាយមកវិញមុននឹងដាក់ខ្លួនដេក
      <<ក្លិនក្រអូបដូចជាជេននីណាស់!>>
      ស្រស់ស្រីញញឹមក្បួចមាត់ពេលឮគេនិយាយពីខ្លួនបែបនោះ នាងទាញភួយដណ្ដប់អោយគេរួចក៏ប្រុងនឹងដើរចេញតែក៏ត្រូវទុចដំណើរដោយសារពាក្យសម្ដីរបស់គេ
     <<សូម្បីតែសំឡេងក៏ដូចជេននីដែរ!>>
     មិនអោយដូចជេននីយ៉ាងម៉េចបើនាងជាជេននីដូច្នេះ? នួនល្អងគិតក្នុងចិត្តតែក៏បានត្រឹមតែលាក់ក្នុងទ្រូងមុននឹងងាកមកតបសម្ដីជាមួយឡាលីវិញ
      <<គឺខ្ញុំមិនសូវស្រួលខ្លួនមានអារម្មណ៍ថាចង់ផ្ដាសាយទើបប្លែកសំឡេងបែបនេះ>>
      ឡាលីបើកភ្នែកសំឡឹងទៅពិដានទោះគេមើលមិនឃើញតែគេក៏អាចមានអារម្មណ៍ដឹង។គេមានអារម្មណ៍ថាជេននីនៅក្បែរៗគេ ឬមួយគេគ្រាន់តែគិតពីនាងច្រើនពេកទេដឹង?
      <<ហើយរកថ្នាំលេបឬនៅ?>>
      <<លេបហើយៗ បងមិនបាច់បារម្ភទេ>>
      <<នៅកំដរបងនិយាយគ្នាលេងបន្តិចបានទេ?>>
      ឡាលីហៅនាងមកនិយាយគ្នាកំដរពេលគេគេងមិនលក់ ជេននីក៏ដើរមកជិតរួចក៏ចាប់ផ្ដើមការសន្ទនា
      <<បានចាំខ្ញុំកំដរ!>>
      <<នេះកាន់តែស្ដាប់កាន់តែដូចមែនទែនហើយ!>>
      ឡាលីនៅតែទន្ទេញជាប់មាត់ថាសំឡេងនេះជាសំឡេងរបស់ជេននី តែស្រស់ស្រីក៏នៅតែប្រកែកជារឿយៗថាមិនមែនទើបឡាលីឈប់និយាយរឿងនេះទៅ
      <<បងនឹកគាត់ឡើងសរសៃប្រសាទហើយទេដឹង?>>
      គេធ្វើមុខស្រពោនហើយកែវភ្នែកក៏រកកលចង់រលីងរលោង ទោះភ្នែកខ្វាក់ តែបេះដូងមិនមែនខ្វាក់ឯណា?
      <<មែនហើយ បងនឹកនាងឡើងចង់ឆ្កួតទៅហើយ សង្ឃឹមថានាងអាចនឹងរកអ្នកថ្មីដែលល្អជាងបងហើយគេស្រលាញ់មើលថែនាងបានល្អជាងបង>>
      ជេននីឮហើយក៏ចង់អួលដើមក គេគិតបែបនេះឬ?
      <<ចុះបងមិនគិតទេហ្អេសថាអត់ពូបងទៅគាត់អាចនឹងមិនយកអ្នកណាផ្សេងទៀតក៏ថាបាន>>
      <<ឯងនិយាយដូចជានៅក្នុងចិត្តនាងអ៉ីចឹង ថាមិនត្រូវជួនកាលនាងអាចជួបអ្នកដែលគេអាចធ្វើអោយនាងមានក្ដីសុខជាងបងហើយនាងក៏ស្រលាញ់គេអីបែបនោះទៅណា ពេលវេលាយលងមើលមិនឃើញទេឆូរ៉ុង វាកាន់តែដើរ ជីវិតយើងក៏កាន់តែជួបមនុស្សថ្មីៗប្លែកៗច្រើន ហើយគេក៏មិននៅត្រាំត្រែងនឹងភាពឈឺចាប់យូរអង្វែងធ្វើអីដែរ>>
     ជេននីស្ដាប់ហើយក៏ច្រាលទឹកភ្នែកឡើងពេញរង្វង់ភ្នែក នាងសួរត្បកទៅគេវិញម្ដងទៀតដោយមិនអស់ចិត្ត
     <<ចុះបងនឹងរស់បែបណាក្នុងពេលខាងមុខទៀត?>>
     <<បងហ្អេស? ហឹមមែនហើយបងត្រូវរស់បែបណា? បើបងបាត់បេះដូងទៅហើយនោះ>>
      ស្នាមញញឹមដ៏សោះកក្រោះបានលេចឡើងលើគែមមាត់របស់គេ មិនប្រាប់ក៏ដឹងថាឈឺយ៉ាងណាដែរ។ជេននីសែនឆ្ងល់ក្នុងចិត្តតើគេអាចទ្រាំទ្រនឹងភាពឈឺចាប់ទាំងអស់នេះបានយ៉ាងម៉េចទៅ? គេធ្វើដូចជារឿងធម្មតាទាំងដែលបេះដូងដាច់រហែកខ្ទេចខ្ទីអ៉ីចឹងឬ?
      <<បងឆាប់គេងទៅណាកុំនៅយូរពេកវាមិនល្អទេ សម្រាកទៅថ្ងៃស្អែកត្រូវទៅពេទ្យពិនិត្យផង>>
      <<អឹម! អរគុណហើយដែលកំដរបងនិយាយគ្នា រាត្រីសួស្តី>>
      <<ចាស៎! រាត្រីសួស្តី>>
     នាងនិយាយរួចក៏ដើរចេញពីបន្ទប់គេទៅកាន់បន្ទប់ខ្លួនឯងវិញ។ស្រស់ស្រីចេញស្ទើរតែមិនទាន់ ទឹកភ្នែកច្រាលស្រក់ចុះដូចទឹកបាក់ទំនប់ ភាពឈឺចាប់ដែលខំទប់យូរណាស់មកហើយបានទម្លាយចេញមកខ្ទេចខ្ទី។ទប់ទឹកភ្នែកមិនអោយហូរពេលថ្ងៃតែបែរជាមកហូរពេលយប់ ការខូចចិត្តដែលគ្មានសំឡេងបានចាក់សម្លាប់នាងម្ដងបន្តិចៗអោយក្លាយជាមនុស្សពិការអារម្មណ៍ តើទាំងនេះមែនទេជាស្នេហា? ហេតុអីក៏ស្នេហាមានតែកាឈឺចាប់របៀបនេះទៅវិញ? ក្នុងកុនដែលនាងធ្លាប់មើលស្នេហាមើលទៅស្រស់បំព្រងណាស់ មានតែសំណើច មានតែភាពរីករាយ ឬមួយវាគ្រាន់តែជាការសម្ដែងតែការពិតវាជាទឹកភ្នែក?
     តើអាចមានថ្ងៃដែលនាងគេងលក់ស្រួលដោយមិនយំបានទេ? ជេននីសួរខ្លួនឯងម្ដងហើយម្ដងទៀត នាងនឹកខ្លួនឯងពីមុនណាស់ ទោះឯកាតែក៏គ្មានអ្វីដែលត្រូវអោយនាងគិតស្មុគស្មាញបែបនេះដែរ។នាងពិតជាចង់ដកខ្លួនណាស់តែបេះដូងនាងជ្រុលឆ្លាក់រូបគេជាប់ទៅហើយ បើរលុបលុះត្រាតែនាងស្លាប់បាត់។ទុកថាអ្វីដែលនាងកំពុងតែជួបនេះគឺជាកម្មរស់នាងទៅចុះ។
     ឆូរ៉ុងឯណេះវិញយប់ថ្មើនេះទៅហើយនាងនៅតែមិនទាន់ទៅរកកន្លែងគេងទៀត។ស្រស់ស្រីអង្គុយស្មឹងស្មាធម្នាក់ឯងមិនដឹងអារម្មណ៍ហោះហើរហេលហាលដល់ណាឡើយ។ជួយអោយឡាលី និងជេននីត្រូវគ្នាវិញជារឿងត្រឹមត្រូវហើយ តែហេតុអ្វីក៏នាងមានអារម្មណ៍ថាឈឺក្នុងទ្រូងទៅវិញ? ភាពស្និទ្ធស្នាលរវាងនាង និងឡាលីមិនបានលើសពីពាក្យថាមិត្តភាពទេតែពេលឃើញគេនៅក្បែរស្រីផ្សេងនាងក៏បែរជាមានកូនចិត្តលួចអន់ចិត្តម្នាក់ឯងទៅវិញ
      <<ហ៉ើយ! នេះជាអារម្មណ៍ស្អីទៅ?>>
      <<អ្នកនាងកំពុងធ្វើអីហ្នឹង?>>
      សំឡេងគ្រលៗរបស់ប៊ុនផាកបានបន្លឺឡើងនៅពីក្រោយនាងក្រមុំ។ស្រស់ស្រីងាកទៅរកគេរួចក៏បែរមុខចេញមកវិញ
      <<កំពុងអង្គុយបងមិនឃើញទេឬ?>>
      <<យប់ថ្មើនេះទៅហើយមិនព្រមទៅគេងទេ? នៅយប់ជ្រៅបែបនេះមិនល្អទេមុខឆាប់ចាស់ណាស់>>
      នាងងាកមកសម្លក់នាយថ្មែរមុននឹងតបទៅវិញដោយភាពឆ្នាស់ឆ្នើម
      <<បងប្រហែលជាគេងយប់ជ្រៅរាល់ថ្ងៃហើយមើលទៅបានជាមុខចាស់យ៉ាងនេះ!>>

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now