រឿង លោកប្តីក្លែងក្លាយជាទីស្រលាញ់ ភាគទី22

1.2K 46 0
                                    

      ផ្ទៃមេឃងងឹតស្លុតជាមួយនឹងអាកាសធាតុត្រជាក់ស្រេប ឡាលីឈរដូចរូបចម្លាក់ក្រោមពន្លឺបង្គោលភ្លើងមួយដើមបំភ្លឺក្នុងសួនច្បារ។ទឹកភ្នែកពីរតំណក់បានស្រក់ចុះសន្សឹមៗកាត់ផែនថ្ពាល់ទាំងសងជាមួយអារម្មណ៍វិលវល់មិនដឹងថាគួរត្រូវធ្វើអ្វីបន្ត។គេមានអារម្មណ៍ថាក្បាលរបស់ខ្លួនពេលនេះកំពុងតែធ្ងន់ចម្លែក បេះដូងក្នុងទ្រូងខាងឆ្វេងហាក់កំពុងតែត្រូវបានញាំញីឱ្យប្រេះបែករាប់រយចម្រៀក វាឈឺរហូតស្ពឹកលែងដឹងថាខ្លួនត្រូវការអ្វីបន្តទៀត។ឡាលីដាក់ខ្លួនអង្គុយចុះរំលឹកសម្ដីរបស់ជេននីដែលនិយាយដាក់គេមុននេះម្ដងហើយម្ដងទៀត។ការពិតទៅនាងមិនបានស្រលាញ់គេដូចដែលគេស្រលាញ់នាងទេ នាងមិនដែលមានចិត្តបែបនោះមកលើគេសោះឡើយ។ការត្រឡប់មកវិញរបស់អ្នកចាស់គឺជាការបញ្ចប់រវាងគេនិងនាងដូចគ្នា។គេគ្រាន់តែជាមនុស្សម្នាក់ដែលនៅក្បែរនាងពេលគ្មានប្រុសម្នាក់នោះ គេគ្រាន់តែជាមនុស្សជំនួសមួយពេលប៉ុណ្ណោះ។គ្រប់យ៉ាងគឺមកពីគេល្ងង់ខ្លួនឯងដែលយកបេះដូងទៅប្រថុយជាមួយកិច្ចសន្យារៀបការជាស្វាមីក្លែងក្លាយ គេគ្រាន់ខ្ចីសម្ដែងលេងសោះ ឆ្កួតខ្លួនឯងដែលស្រលាញ់គេមែន លទ្ធផលបែបនេះវាសាកសមនឹងអ្វីដែលគេត្រូវទទួលបានហើយ។
     ព្រឹកឡើងឡាលីរៀបចំខ្លួនទៅហាងដោយមុខស្ងួត ឃើញជេននីហើយគេក៏មិនដឹងថាត្រូវនិយាយអ្វីជាមួយនាងក្រៅពីញញឹមដាក់តិចៗទាំងបង្ខំ តែមើលទៅស្រស់ស្រីហាក់មិនបានខ្វល់ខ្វាយជាមួយស្នាមញញឹមគេឡើយ។នាងដើរចេញទាំងមិនបាននិយាយអ្វីមួយម៉ាត់ជាមួយគេ បែបនេះនាងចង់សម្លាប់គេទាំងរស់ឬ?
     <<បងស្រី!>>
     គេដាច់ចិត្តហៅនាងបញ្ឈប់ដំណើរ មិនអើពើនឹងគ្នាបែបនេះគេពិបាកទ្រាំណាស់
     <<មានការអី?>>
     នាងឈប់ហើយសួរគេបកមកវិញ ពីមុនមិនមែនបែបនេះឡើយ។តែពេលនេះចង់និយាយជាមួយនាងទាល់តែមានហេតុផលច្បាស់ទើបនិយាយជាមួយបានឬ?
     <<គឺ...ខ្ញុំគ្រាន់តែចង់និយាយលេងជាមួយបង>>
     <<ខ្ញុំរវល់ហើយ សុំទោសផង!>>
     ថាចប់នាងក៏ដើរចេញវឹងទុកឱ្យឡាលីឈរតែម្នាក់ឯងនៅក្នុងផ្ទះ។នាងធ្វើបែបនេះក៏ព្រោះតែចង់ឱ្យគេកាត់ចិតហតបានឆាប់តែប៉ុណ្ណោះ។នាងកាន់តែព្រងើយ គេក៏ប្រហែលជាអាចកាត់ចិត្តបានកាន់តែឆាប់ តែជេននីហាក់មិនបានដឹងឡើយថាពេលនាងធ្វើបែបនេះអារម្មណ៍អ្នកម្ខាងទៀតប្រៀបដូចជាកំពុងតែណែនស្ទះទៅដោយការឈឺចាប់។
     ឡាលីឈរមើលរហូតដល់ជេននីបើកឡានចេញទៅបាត់ទើបគេទៅតាមក្រោយ។គេមិនបានទៅហាងកាហ្វេឡើយតែគេទៅមាត់ទន្លេដើម្បីលំហែខួរចេញខ្លះ។រាងខ្ពស់អង្គុយលើជណ្ដើរដែលស្ថិតនៅប្របមាត់ទឹក ខ្យល់បក់បំប៉ើងសក់គេឱ្យស្រឡះចេញពីផ្ទៃមុខ តែមិនបានបក់ការឈឺចាប់ក្នុងចិត្តគេចេញនោះឡើយ។គេសណ្ដូកជើងចុះក្រោមសំឡឹងទៅកាន់រលកទឹកទាំងកែវភ្នែកស្រអាប់
     <<តើយើងមកទីនេះដើម្បីអ្វី?>>
     គេសួរខ្លួនឯងរងូវៗ សំណួរដដែលបានសួរម្ដងហើយម្ដងទៀតមុននឹងគេក្រោកឈរសំឡឹងទៅកាន់ស្ពានដែលហាក់កំពុងមានមនុស្សចង់សម្លាប់ខ្លួន។មនុស្សគ្រប់គ្នាស្រែកឆោឡោស្របពេលដែលរាងកាយមនុស្សស្រីម្នាក់បានធ្លាក់ចូលទឹក។ឡាលីស្ទុះលោតហើយហែលទៅជួយនារីម្នាក់នោះដោយមិនគិតច្រើន។រាងកាយតូចស្ដើងមួយបានធ្លាក់ចុះកាន់តែជ្រៅបើទោះជានាងខំស្រវេស្រវាយ៉ាងណាក៏មិនអាចឱ្យខ្លួនអណ្ដែតឡើងបានព្រោះមិនចេះហែលទឹក តែភ្លាមនោះឡាលីក៏ក្រសោបរាងកាយនាងបានល្មមហើយព្យាយាមទធាក់ជើងទាញនាងក្រមុំឱ្យអណ្ដែតមកលើផ្ទៃទឹកវិញ
     <<អា! ជួយ...ជួយខ្ញុំផង>>
     មកដល់ផ្ទៃទឹកស្រស់ស្រីស្រែកស្លន់ស្លោធ្វើឱ្យឡាលីហួសចិត្តជាខ្លាំង។មុននេះចិត្តសឿងណាស់ដល់ថ្នាក់ហ៊ានលោតពីលើស្ពានដ៏ខ្ពស់ទម្លាក់ខ្លួនចូលទឹកទន្លេបំណងចង់សម្លាប់ខ្លួនដល់ពេលនេះបែរស្រែកឆោឡោសុំឱ្យគេជួយទៅវិញ
     <<នាងឆ្កួតទេឬ?>>
     <<អាយ! កុំនិយាយច្រើនឆាប់ជួយខ្ញុំឡើងលើគោកវិញទៅខ្ញុំលែងចង់ស្លាប់ហើយ>>
     ឡាលីឮសំឡេងនាងហើយគេក៏ចាប់បង្វែរខ្លួននាងឱ្យបែរមុខមករកគេ។ទឹកមុខភ្ញាក់ផ្អើលដែលមានលើមុខពួកគេទាំងពីរបានបង្ហាញឡើងពេលពួកគេមើលមុខគ្នាចំរៀងខ្លួន។ឡាលីស្រឡាំងកាំងភាំងអស់និយាយស្ដីអ្វីក៏មិនចេញរហូតនាងក្រមុំរូបស្រស់ដែលកំពុងតោងកគេនិយាយឡើងមុន
     <<ម្ចាស់...ម្ចាស់បងឡាលី?>>
     <<គឺអូនមែនទេ? អូនគឺវីលៀន?>>
     គេមើលមិខនាងដោយយកចិត្តទុកដាក់។ឡាលីលើកដៃម្ខាងអង្អែលថ្ពាល់នាងទាំងញ័រទទ្រើក មិននឹងស្រវាឱបនាងក្នុងដៃ
     <<វីលៀនគឺជាអូនពិតមែន!>>
     វីលៀនគឺជាហេតុផលដែលគេមកដល់ប្រទេសកូរ៉េនេះ។នាងក្រមុំរូបស្រស់សម្រស់ឆើតវីលៀន ជាក្មួយរបស់ព្រះអង្គម្ចាស់ស្ហេនដែលបានបាត់ខ្លួនកាលពី4ឆ្នាំមុននៅកោះជេជូពេលគ្រួសាររាជវង្សធ្វើដំណើរកម្សាន្តមកលេងទីនោះ។ទំនាក់ទំនងរវាងឡាលី និងវីលៀនគឺលើសពីពាក្យថាបងប្អូន។តាំងពីតូចមកពួកគេទាំងពីរលេងជាមួយគ្នា ញ៉ាំជាមួយគ្នា គេងជាមួយគ្នារហូតដល់ថ្ងៃដែលវីលៀនបានបាត់ខ្លួន ឡាលីស្ទើរតែឆ្លួតទៅហើយ។តែពេលបានជួបជេននីគេក៏ស្ទើរយែចង់បោះបង់ការតាមស្វែងរកនាងហើយទីបំផុតបែរជាមកជួបនាងក្នុងស្ថានភាពដូច្នេះទៅវិញ។
     <<យ៉ាងម៉េចហើយ?>>
     ឡាលីហែលទឹកបណ្ដើរសួរនាងបណ្ដើរ ភ្លាមនោះគេក៏របូតដៃធ្វើឱ្យវីលៀនស្លន់ស្លោប្រញាប់តោងកគេជាប់ផ្អឹបខ្លួនជាមួយឡាលីស្អិតបេះមិនចេញ
     <<អាៗ...ចាប់ខ្ញុំឱ្យជាប់បងឡាលី ហឹកៗខ្ញុំមិនចេះហែលទឹកទេ>>
     <<ក្រែងចង់សម្លាប់ខ្លួនហ្អី? នេះបងថាឯងឆ្កួតមែនទែនហើយ ចង់ស្លាប់បែរជាខ្លាចស្លាប់>>
     គេស្ដីឱ្យនាងតែក្នុងចិត្តក៏បារម្ភស្ទើរស្លាប់ដូចគ្នា តើនាងរស់នៅឯណា រស់នៅដោយរបៀបម៉េចក្នុងប្រទេសមួយដែលគ្មានសាច់ញាតិបែបនេះ? ហើយដែលសំខាន់តើនាងកើតអីទើបបានជាដល់ថ្នាក់មកលោតសម្លាប់ខ្លួនដូច្នេះ? ដែលសំខាន់គឺនាងមិនបានត្រឡប់ទៅអ៉ីតាលីវិញបែរជាសម្ងំរស់នៅប្រទេសកូរ៉េឱ្យគេតាមរកស្ទើឆ្កួតទៅហើយ។កំពូលមនុស្សតែម្ដង ស្ហេន វីលៀន!

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now