រឿង លោកប្តីក្លែងក្លាយជាទីស្រលាញ់ ភាគទី16

1.2K 47 0
                                    

     <<កូនប្រាកដទេថាមិនអីហ្អាស ជេននី?>>
     អ្នកស្រីគីមសួរកូនបញ្ជាក់ តែជេនក៏ញញឹមតបមកវិញដោយលាក់ទឹកមុខ
     <<គឺមិនអីពិតមែនណាម៉ាក់! ខ្ញុំមកយកអីវ៉ាន់ខ្លះហ្នឹងណាបន្តិចទៀតក៏គិតថានឹងទៅវិញហើយ>>
     នាងរើទៅនៅជាមួយនឹងឡាលីហើយដូច្នេះក៏ត្រូវការយករបស់របរមួយចំនួនទៅដែរ។អ្នកជាម្ដាយមិនបានគិតច្រើនបន្តទៀតក៏ងក់ក្បាលហើយដើរទៅធ្វើការគាត់បន្តទៅ។
     ល្ងាចឡើងឡាលីក៏ត្រឡប់មកពីហាងកាហ្វេរបស់គេវិញជាមួយមុខស្មើដូចកាលពីព្រឹកមិញមិនបាត់។ទាំងពីរបាក់អង្គុយញ៉ាំបាយជាមួយគ្នាដោយភាពស្ងៀមស្ងាត់រៀងខ្លួន។ជេននីទើសទាល់ខ្លាំងណាស់ នាងហាមាត់សួរទៅកាន់ឡាលីម្ដងទៀតដោយមិនអស់ចិត្ត
     <<ឡាលី! នេះឯងកើតអី?>>
     នាងសួរគេថាកើតអីមែនទេ? ត្រូវហើយតើគេកើតអី? ម្ដេចមានអារម្មណ៍ថាឈឺក្នុងដើមទ្រូងផ្នែកខាងឆ្វេងម្លេះ?
     <<បងស្រី! អ្នកគេជាជុងអ៉ីន?>>
     ឮសំណួរគេភ្លាមនាងក៏ភាំងធ្មឹងឆ្លើយមិនចេញ ឮឈ្មោះនេះហើយនាងក៏រឹងអណ្ដាត ទឹកភ្នែកក៏ច្រាលឡើងដោយភាពផ្សាក្រហាយ
     <<ឯងឮឈ្មោះនេះមកពីណា?>>
     ឡាលីញញឹមខ្សោះទម្លាក់ស្លាបព្រាចុះសំឡឹងចានបាយជំនួសឱ្យការមើលមុខស្រស់ស្រីចំៗ
     <<គឺបងជាអ្នកនិយាយដោយខ្លួនឯង!>>
     នាងជាអ្នកនិយាយឬ? នាងនិយាយពីពេលណា កន្លែងណា ហេតុអីនាងមិនចាំ?
     <<ខ្ញុំមិនដែលនិយាយឡើយឡាលី!>>
     <<តែយប់មិញបងមមើហៅឈ្មោះគេពេញៗមាត់ នេះបងគិតថាខ្ញុំជាស្អី? ដេកស្ដាប់បងហៅឈ្មោះគេរហូតនេះគិតថាខ្ញុំសប្បាយចិត្តមែនទេ?>>
     ឡាលីស្រែកឡើងទាំងកំហឹងធ្វើឱ្យជេននីស្រឡាំងកាំងនឹងការខឹងសម្បាររបស់គេ
     <<បើទោះជាខ្ញុំហៅឈ្មោះគេក៏មិនទាក់ទងនឹងឯងដែរហេតុអីក៏ចាំបាច់ខឹង?>>
     សម្ដីនាងបានធ្វើឱ្យគេស្ងាត់ដោយគ្មានពាក្យតវ៉ា នាងហៅឈ្មោះអ្នកណក៏មិនពាក់ព័ន្ធនឹងគេដែរ ដូច្នេះវាជារឿងរបស់នាងគេមិនត្រូវក្ដៅក្រហាយជាមួយឡើយ។ឡាលីក្រោកឈរហើយក៏ដើរចេញទាំងមិននិយាយអ្វីមួយម៉ាត់ទុកឱ្យជេននីអង្គុយគិតម្នាក់ឯងដោយភាពងឿងឆ្ងល់។
     យប់ឡើងឡាលីស្ពាយកាបូបដើរចេញទៅក្រៅជាមួយអាវក្រៅដ៏ក្រាស់។គេបើកទ្វារចេញមកក៏វាក់អឺនឹងជេននីល្មម
     <<ឯងចង់ទៅណា?>>
     <<ទៅក្រៅ!>>
     <<យប់ថ្មើនេះហើយទៅក្រៅធ្វើអី?>>
     <<វាជារឿងរបស់ខ្ញុំបងកុំចង់ដឹងអី!>>
     ថាហើយគេក៏ដើរចេញវឹងតែបានពីរបីជំហានគេក៏ឈប់ រួចងាកក្រោយឆ្លៀតបង្ហើយសម្ដីមួយប្រយោគមកកាន់នាងក្រមុំ
     <<ការរៀបការនេះគ្រាន់តែជាឆាកល្ខោន ពួកយើងរស់នៅជាមួយគ្នាពិតមែនតែខ្ញុំនឹងមិនបំពានជីវិតឯកជនរបស់បងនោះទេ ពួកយើងនៅតែជាអ្នកដទៃដដែល>>
     និយាយចប់គេក៏ដើរចេញបាត់ទៅដោយជេននីឈរមើលគេដោយយកសម្ដីនោះមកគិតរហូតគេងលែងលក់។ប្រយោគនោះធម្មតាប៉ុណ្ណោះតែវាហាក់មានឥទ្ធិពលលើចិត្តរបស់នាងបង្ករជាអារម្មណ៍ភ័យខ្លាច និងរងារដោយហាមមិនបាន។នាងមិនចង់បែបនេះជាមួយគេឡើយ តែក្រែងវាជាការពិតមិនអញ្ចឹង? ពួកនាងទាំងពីរគ្រាន់តែជាប្ដីប្រពន្ធលក្ខខណ្ឌ គេគ្រាន់តែជាស្វាមីក្លែងក្លាយរបស់នាងប៉ុណ្ណោះ។អកវីដែលគេនិយាយគឺត្រឹមត្រូវហើយ ពួកគេមិនត្រូវឈ្លានពានជីវិតឯកជនរវាងគ្នានឹងគ្នាឡើយ។
     ឡាលីឯណេះគេចេញមកក្រៅផឹកកាត់ភាពមិនសប្បាយចិត្តចេញ។កំពុងតែអង្គុយក្រេបវីស្គីក្រោមភ្លើងពណ៌ព្រោងព្រាតក៏ស្រាប់តែមានមនុស្សប្រុសម្នាក់រាងខ្ពស់ មុខសង្ហាខាបព្រលឹងស្រីៗដើរមកអង្គុយក្បែរគេព្រមទាំងហៅស្រាវីស្គីដូចជាឡាលីមកផឹកទៀត
     <<សួស្ដី!>>
     ឡាលីលើកស្រាមកក្រេបរួចបោះសម្ដីទៅដោយភាពក្រអឺតក្រទមត្បិតមិនចូលចិត្តគេ
     <<ខ្ញុំស្រលាញ់ស្រី មិនស្រលាញ់ប្រុសទេ!>>
     បុរសម្នាក់នោះសើចស្រស់ហាក់អស់សំណើចនឹងគេ នាយក្រេបស្រាបន្តិចរួចតបទាំងមាត់មានស្នាមញញឹម
     <<ហើយឯងគិតថាយើងចាប់អារម្មណ៍ក្មេងដូចជាឯងឬ?>>
     ឡាលីមើលមុខគេបន្តិចទាំងជ្រួញចិញ្ចើម
     <<កុំមករញ៉េរញ៉ៃនឹងខ្ញុំ!>>
     <<យើងរញ៉េរញ៉ៃឯងអង្កាល់? គ្រាន់តែរាក់ទាក់ព្រោះអង្គុយតុជាមួយគ្នា>>
     ឡាលីក៏ឈប់ស្ដីងាកមកផឹកស្រាគេវិញទាំងត្រចៀកក្ដៅងំ
     <<ខូចចិត្តរឿងអីបានជាមុខស្ងួតយ៉ាងនេះ?>>
     អ្នកកម្លោះព្យាយាមសួរទៅកាន់ឡាលីដោយខ្សែភ្នែកស្រអាប់ព្រោះគេក៏មានរឿងក្នុងចិត្តដែលខូចចិត្តដែរ
     <<មិនមែនរឿងលោក!>>
     <<ហិហិ មើលទៅឯងមិនចង់ឱ្យអ្នកណាដឹងរឿងក្នុងចិត្តទេ តែយើងចង់ប្រាប់ឯងថាលាក់ទុកតែឯងច្រើនពេកប្រយ័ត្នស្ទះទ្រូងទៅ យើងក៏មានរឿងពិបាកចិត្តដែរ និយាយទៅក៏គួរឱ្យអស់សំណើចណាស់>>
     ឡាលីស្ងាត់តែគេក៏ចាំស្ដាប់នាយនិយាយដោយយកចិត្តទុកដាក់
     <<មនុស្សប្រុសគួរណាតែរឹងមាំមិនទន់ជ្រាយត្រូវទេ? តែយើង...បែរជាហាមខ្លួនឯងមិនបានទៅវិញ មនុស្សស្រីម្នាក់ធ្វើឱ្យយើងឈឺចាប់ស្ទើរស្លាប់ស្ទើររស់>>
     លើកនេះឡាលីក៏ព្រមនិយាយជាមួយនឹងគេដោយយល់តាមអ្វីដែលគេនិយាយស្ដាប់ទៅស្រដៀងនឹងគេដែរ
     <<តើស្រីម្នាក់នោះក្បត់លោកឬ?>>
     នរ:សើចតិចៗរួចគ្រវីក្បាល
     <<អត់ទេ!>>
     បើអត់ចុះហេតុអីក៏គេត្រូវឈឺចាប់ដោយសារនាង?
     <<គឺយើង! យើងជាអ្នកបោះបង់នាង>>
     <<ហេតុអីក៏លោកបោះបង់នាង?>>
     <<ព្រោះតែគ្រួសារ! នាងជាកូនអ្នកខ្ពង់ខ្ពស់ មានឋានៈមានអំណាចដូចជាព្រះច័ន្ទ ឯយើងប្រៀបដូចជាសត្វឆ្កែមួយក្បាលប្រៀបមិនបាននឹងនាងសូម្បីបន្តិច>>
     <<ហើយលោកក៏ចាកចេញពីនាងដោយសារតែរឿងនេះ?>>
     <<យើងមិនចង់ឱ្យនាងត្រូវអ្នកដទៃសើចចម្អកមើលងាយព្រោះតែយើងនោះទេ ជាមនុស្សគ្មានការងារធ្វើ នៅក្រុមបងធំបងតូចនាំតែរឿងក្ដៅក្រហាយឱ្យនាង ធ្វើឱ្យនាងយំមិនលោះថ្ងៃដោយសារតែយើង ឯងថាទៅមើលយើងសាកសមនឹងឱ្យនាងលះបង់ដើម្បីយើងដែរទេ?>>
     ឡាលីស្ដាប់ទាំងភ្លឹក តែបើមើលរូបរាងគេពេលនេះមិនដូចអ្នកលេងអីបន្តិចណាឡើយ
     <<តែមើលទៅលោកពេលនេះដូចជាមិនដូចពីមុនទេ!>>
     <<ត្រូវហើយ! ពេលនេះយើងមានគ្រប់យ៉ាងហើយ តែយើងគ្មានមុខនឹងទៅជួបនាងនោះទេ ឯងដឹងទេថាយើងនឹកនាងប៉ុណ្ណាចង់ជួបមុខនាងប៉ុណ្ណា? តែយើងខ្លាចថានាងនឹងស្អប់យើង បើដូច្នោះដដែលយើងសុំមិនជួបនាងវិញល្អជាងដឹងថានាងស្អប់យើង>>
     <<មិនទាន់នឹងបានជួបនាងផងលោកគិតបែបនេះបានយ៉ាងម៉េច?>>
     គេញញឹមតិចហើយសួរបកមកឡាលីវិញ
     <<ចុះឯងចង់ឱ្យយើងធ្វើយ៉ាងម៉េច?>>
     <<ទៅជួបនាងហើយនិយាយពីអារម្មណ៍របស់លោកពិតប្រាប់ទៅនាងទៅ!>>
     <<យើងនឹងធ្វើតាមឯង! អរគុណដែលផ្ដល់យោបល់យើងទៅសិនហើយ>>
     នាយក្រោកដើរចេញទាំងញញឹមដាក់ឡាលី តែគេក៏ងាកមកវិញនិយាយទៅកាន់ឡាលីជាលើកចុងក្រោយ
     <<ភ្លេចប្រាប់ទៅ! យើងឈ្មោះគីម ជុងអ៉ីន បើមានឱកាសលើកក្រោយយើងអញ្ជើញឯងផឹកស្រាទៅចុះណា>>

#យមរាជ
    

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now