ឡាលីអង្គុយសញ្ជប់សញ្ជឹងម្នាក់ឯងហើយដកដង្ហើមធំមុននឹងក្រោកសំដៅទៅបន្ទប់របស់ជេននី។គេគោះទ្វារបន្ទប់ជាច្រើនដងតែនៅតែមិនឮនាងឆ្លើយតបធ្វើឱ្យគេភ័យក្នុងចិត្តព្រួច
<<បងស្រី! បើកទ្វារឱ្យខ្ញុំបន្តិចមក>>
ជេននៅខាងក្នុងឮហើយក៏ប្រញាប់គេចទៅម្ខាងព្រោះមិនចង់ឱ្យគេចូលមកក៏សុខចិត្តនៅស្ងៀមមិនឆ្លើយតបដោយមិនដឹងថាអ្នកនៅខាងក្រៅឯណោះកំពុងតែបារម្ភនោះឡើយ
<<ជេននី! បងឮខ្ញុំហៅទេហ្នឹង?>>
<<....>>
<<បងបើកទ្វារមកមិនអ៉ីចឹងខ្ញុំទម្លុះទ្វារចូលទៅហើយ>>
គេស្រែកម្ដងទៀតមុននឹងថយក្រោយយកកម្លាំងប្រុងបុកទ្វារចូលទៅពិតមែនតែភ្លាមនោះជេននីក៏បើកទ្វារឱ្យគេល្មម
<<យ៉ាងម៉េច?>>
ឡាលីឃើញហើយក៏ប្រញាប់ច្រាននាងចូលទៅក្នុងទាំងមុខក្រហមដោយកំហឹង
<<ហេតុអីក៏មិនព្រមឆ្លើយដឹងទេថាខ្ញុំបារម្ភ?>>
<<ទុកការបារម្ភរបស់ឯងវិញទៅខ្ញុំមិនត្រូវការទេ>>
នាងសំឡឹងគេចំៗហើយនិយាយគំហកដាក់គេទាំងទឹកភ្នែកបន្តស្រក់តក់ៗ។តំណក់ទឹកភ្នែកនាងធ្វើឱ្យឡាលីអួលក្នុងទ្រូងនិយាយអ្វីមិនចេញ ពេលនៅក្បែរគេហេតុអីនាងចេះតែយំបែបនេះ?
<<ខ្ញុំជាប្ដីរបស់បងពេញលេញហើយមិនចាំទេឬ?>>
ស្រស់ស្រីខាំមាត់ពេលដែលឮគេរំលឹករឿងនោះឡើងមក នាងស្អប់ដែលគេក្លាយជាបែបនេះ។គេមិនមែនជាមនុស្សដែលនាងស្គាល់ដូចពីមុនឡើយ
<<នោះជាការគិតរបស់ឯង តែសម្រាប់ខ្ញុំឯងគ្រាន់តែជាអ្នកដទៃប៉ុណ្ណោះ>>
ពាក្យថាអ្នកដទៃហាក់ដូចជានាងកំពុងតែព្យាយាមកាត់ផ្ដាច់ចំណងមួយនេះរវាងគេដូច្នោះ។ឡាលីប្រឹងសំឡឹងចូលទៅក្នុងកែវភ្នែកនាងតែអ្វីដែលគេឃើញគឺគ្រាន់តែជាតំណក់ទឹកភ្នែក ជាមួយនឹងភាពទទេស្អាតប៉ុណ្ណោះ
<<មកតាមខ្ញុំ!>>
ឡាលីអូសដៃស្រស់ស្រីឱ្យចុះមកខាងក្រោមតាមខ្លួន តែជេននីព្យាយាមរើបម្រះគេចចេញ
<<ចង់នាំខ្ញុំទៅណា? លែង...លែងទៅ>>
ឡាលីមិនមាត់តែគេក៏ឈប់ពេលដែលគេមកដល់កន្លែងដែលព្យួររូបថតរៀបការរបស់ខ្លួន និងជេននី
<<បងមើលទៅ! នេះជាចំណងចងខ្ញុំ និងបងណា>>
ជេនព្រិចភ្នែកញាប់ៗព្រោះទឹកភ្នែកចេះតែហូរធ្វើឱ្យនាងស្រវាំងមើលមិនចង់ឃើញ។តែពេលដែលនាងឃើញរូបថតនោះហើយខួរក្បាលក៏រំលឹកទៅដល់រូបភាពកាលកន្លងដែលនាងនិងគេធ្លាប់សាងជាមួយគ្នា។នឹកឃើញហើយបេះដូងក៏រំភើបចម្លែក តែពេលនេះឡាលីមិនមែនជាឡាលីដូចពីពេលនោះទេ។គេពេលនេះជាមនុស្សគួរឱ្យខ្លាច គេពេលនេះជាមនុស្សដែលនាងស្អប់បំផុត
<<តែឯងក៏ដឹងថាវាគ្រាន់តែជារូបភាពបំភ័ន្តប៉ុណ្ណោះ>>
<<តែសម្រាប់ខ្ញុំវាមិនមែនទេ!>>
<<តើពេលណាទើបឯងយល់ឡាលី? ខ្ញុំមិនបានស្រលាញ់ឯង ហឹកៗ...មិនបានស្រលាញ់បន្តិចទេ...ហឹក ខ្ញុំស្រលាញ់ជុងអ៉ីនឯងឮទេ? ខ្ញុំស្រលាញ់ជុងអ៉ីន>>
ជេននីស្រែកទ្រហ៊ោរយំខ្លាំងៗនិយាយថាខ្លួនស្រលាញ់ជុងអ៉ីនដោយមិនបានខ្វល់ពីអ្នកម្ខាងទៀតដែលកំពុងឈឺចាប់យ៉ាងស្ងៀមស្ងាត់នោះទេ
<<តែបងជាប្រពន្ធខ្ញុំ ជេននី!>>
<<ប្រពន្ធហ្អេស?>>
ប្រាវ!
ជេននីចាប់កញ្ឆក់រូបថតនៅលើជញ្ជាំងនោះមកបោកដោយកំហឹង។បំណែកកញ្ចក់ខ្ទាតត្រូវដៃនាងមុតហូរឈាមតែស្រស់ស្រីមិនខ្ចីឈឺចាប់នឹងរបួសនោះឡើយ នាងចង់ឱ្យគេស្វាងពីក្ដីបំណងដែលមិនអាចទៅរួចមួយនេះ។នាងក្រមុំដើរចេញទៅបន្ទប់វិញទាំងមិនមាត់កអ្វីទាំងអស់ទុកឱ្យឡាលីនៅឈរម្នាក់កណ្ដាលបន្ទប់ស្ងាត់ជ្រងំ។
ផាំង!
ផ្គរនៅខាងក្រៅចាប់ផ្ដើមបន្លឺឡើង ភ្លាមនោះភ្លៀងក៏ចាប់ផ្ដើមធ្លាក់ហាក់កំពុងតែកំដរបេះដូងដែលកំពុងប្រេះស្រាំរបស់ឡាលី។គេឈរស្រឡាំងកាំងមើលទៅបំណែកកញ្ចក់ដែលបែកខ្ចាត់ខ្ចាយរាយប៉ាយលើឥតទាំងហូរទឹកភ្នែកយ៉ាងស្ងៀមស្ងាត់។រាងខ្ពស់លុតជង្គង់ចុះហើយប្រមូលបំណែកកញ្ចក់ចេញឱ្យស្រឡះពីលើរូបថតគេ និងជេននី តែកញ្ចក់ទាំងនោះបានធ្វើឱ្យដៃគេរបួសមុតហូរឈាមកក្លាក់ស្របពេលដែលតំណក់ទឹកភ្នែកគេស្រក់លើរូបថតមួយតំណក់ហើយមួយតំណក់ទៀត។
រូបថតនោះគឺបង្ហាញពីស្នាមញញឹមរបស់គេ និងជេននី តែហេតុអីពេលនេះគេបែរជាហូរទឹកភ្នែកពោរពេញដោយភាពឈឺចាប់ដូច្នេះទៅវិញ?
<<ហឹកៗ...ហឹក...ហេតុអី? ហេតុអីក៏វាឈឺចាប់យ៉ាងនេះ?>>
គេយកបានគ្រប់យ៉ាងពីនាងហើយតែបេះដូង និងចិត្តបែរជាយកមិនបាន ថែមទាំងទទួលបាមការស្អប់ខ្ពើមពីនាងទៀត។នេះឬស្នេហា? ស្នេហាវាអាក្រក់ហើយមានតែភាពឈឺចាប់បែបនេះឬ? មែនហើយជេននី និងជុងអ៉ីនពួកគេស្រលាញ់គ្នា ប្រុសម្នាក់នោះជាអ្នកមកមុនគេដូច្នេះបានន័យថាគេឈ្នះខ្លួនដែលជាអ្នកមកក្រោយនេះបាត់ទៅហើយ។ទោះគេធ្លាប់បោះបង់នាងតែដែលសំខាន់គឺនាងស្រលាញ់គេ។ឡាលីចាប់ឱបរូបថតឡើងហើយដើរទាំងព្រលឹងមិននៅក្នុងខ្លួន។គេចេញមកក្រៅទាំងភ្លៀងកំពុងតែធ្លាក់យ៉ាងខ្លាំង។គេចង់ឱ្យភ្លៀងលាងចិត្តគេដែលកំពុងតែឈឺផ្សារពេលនេះ លាងស្នាមរបួសដែលកំពុងតែបង្ករភាពអួលណែនក្នុងទ្រូងរបស់គេ។គេចុះចាញ់ហើយ គេអស់លទ្ធភាពហើយ គេលះបង់ហើយ ទីបំផុតអ្នកដែលបាត់បង់គឺជាគេ នាងជាអ្នកចាប់ផ្ដើមហើយទាញគេឱ្យធ្លាក់ចូលស៊ងស្នេហាមួយនេះហើយក៏ជានាងដែលជាអ្នកដែលផ្ដាច់ចំណងនេះដូចគ្នា។
ទីត! ទីត!
សំឡេងឡានឡាំបូហ្គីនីពណ៌ខ្មៅរលោងមួយបើកក្នុងល្បឿនលឿនមកពីចម្ងាយស៉ីផ្លេលាន់ឮទ្រហឹង។ឡាលីបិទភ្នែកគេចពីភ្លើងហ្វាដ៏ភ្លឺចេញពីឡានទំនើបមួយគ្រឿងនោះតែគេមិនបានគេចផុតពីការបុកដ៏ខ្លាំងរបស់ឡាននោះឡើយ
ផាំង!
រាងកាយខ្ពស់ជ្រងោប៉ើងឡើងទៅលើបុកក្បាលនឹងកញ្ចក់ឡានខាងមុខបែកកញ្ចក់ប្រាវមុននឹងខ្ទាតចេញពីឡានដួលបួនប្រាំត្រឡប់ទៀត។ក្បាលរបស់ឡាលីបោកទង្គិចនឹងកញ្ចក់ឡានផង ទង្គិចនឹងថ្នល់ផងបណ្ដាលឱ្យបែកច្រើនកន្លែងហូរឈាមស្រោចខ្លួន។គេដឹងស្មារតីតិចៗតែដោយសារតែទទួលបានការឈឺចាប់ខ្លាំងពេកគេក៏រលត់បាត់ស្មារតីត្រឹមនោះ តែមុននឹងបិទភ្នែកគេក៏ថតបានរូបភាពមួយដែលជារង្វង់មុខនារីម្នាក់ពាក់អាវសឺមីពណ៌សទម្លាក់សខ្មៅក្រិបកំពុងតែទ្រហ៊ោរយំលើកត្រកងក្បាលគេដាក់លើភ្លៅ។#យមរាជ
YOU ARE READING
រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់
Lãng mạnស្ហេន ឡាលី ជាព្រះនាងតែម្នាក់គត់នៃប្រទេសអ៉ីតាលី ត្រូវបានមនុស្សស្រីម្នាក់ទួញសោកសុំអង្វរឱ្យជួយបន្លំភ្នែកគ្រួសារដោយយកការរៀបការក្លែងក្លាយមកបាំងមុខ។តែនាងមិនបានដឹងឡើយថា ស្ហេន ឡាលីម្នាក់នេះជាអ្នកណា។ការរៀបការក្លែងក្លាយដែលគ្មានអ្នកណាទៅបំពានជីវិតឯកជនក្រោយពីរៀប...