<<ម៉ាក់! គឺ...កូនគេងនៅផ្ទះឡាលីយប់មិញ>>
ជេនឆ្លើយប្រាប់ម៉ាក់របស់នាងត្រង់ៗទាំងស្ទាក់ស្ទើរ អ្នកស្រីគីមមើលមុខកូនបន្តិចជាមួយទឹកមុខស្លឺ
<<ប្រាប់ម៉ាក់មកមើលឯងមានទំនាក់ទំនងអីនឹងឡាលី ហ្អាស៎?>>
ជេនអង្គុយចុះក្បែរអ្នកស្រីគីម ហើយក៏ឱនមុខសម្ដែងយ៉ាងសម
<<បើម៉ាក់ចង់ដឹងដល់ថ្នាក់នេះទៅហើយកូនក៏មិនលាក់ទៀតដែរ កូន និងឡាលីទាក់ទងគ្នាយូរហើយ!>>
ឮហើយចង់គាំងបេះដូង។ដំបូងស្មានតែកូនគាត់និយាយតាមកំហឹង បញ្ជួសគាត់ទេ តែនេះកូនគាត់ពិតជាស្រលាញ់ស្រីដូចគ្នាពិតមែនឬ?
<<ឯងថាម៉េច? ក្រែង...>>
មិនឱ្យម្ដាយហាកាត់ទាន់ ជេននីប្រញាប់និយាយកាត់សម្ដីគាត់យ៉ាងរហ័ស
<<ម៉ាក់ជាអ្នកនិយាយដោយខ្លួនឯងទេតើថាម៉ាក់នឹងទទួលយកបើទោះជាគេនោះជាអ្នកណា មកពីណា ឋាន:អ្វី មិនអញ្ចឹង? ពេលនេះម៉ាក់ចង់ក្រលាស់សម្ដីមែនទេ?>>
<<ហ៉ើយ...ឯងនេះទៅស្រលាញ់គ្នាបានយ៉ាងម៉េច? ងាប់ហើយបើគេដឹងម៉ាក់នេះយកមុខទៅទុកនៅឯណា?>>
ជេនហាក់ធ្លាក់ទឹកមុខពេលឮម្ដាយនិយាយដូច្នោះ។អតីតកាលជាច្រើនបានចូលមកក្នុងខួរក្បាលរបស់នាងហាក់ដូចជាគ្រប់យ៉ាងនៅដដែលមិនព្រមទៅមុខ
<<ម៉ាក់ខ្មាសគេឬ? ក្រែងម៉ាក់ក៏ធ្លាប់ឆ្លងកាត់ជាមួយប៉ាច្រើនដែរមិនអញ្ចឹង? លោកយាយក៏ធ្លាប់ប្រើពាក្យនេះដាក់អ្នកម៉ាក់ ថែមទាំងមើលងាយលោកប៉ាច្រើនណាស់តែចុងក្រោយម៉ាក់ក៏នៅតែរើសយកផ្លូវទៅតាមលោកប៉ា ម៉ាក់ជាគម្រូរបស់កូនណា! ឬម៉ាក់ចង់ឱ្យកូនរត់តាមឡាលីដែរ?>>
អ្នកស្រីគីមស្ដាប់ឮសំឡេងអួលៗចេញពីមាត់កូនហើយក៏ស្ងាត់បន្តិច។គាត់គ្រាន់តែបារម្ភ ខ្លាចកូនគ្មានអនាគត ខ្លាចគេផ្ដល់ក្ដីសុខឱ្យកូនមិនបាន ព្រោះតែគាត់ធ្លាប់ឆ្លងកាត់នេះហើយទើបគាត់ប្រាប់កូន ណែនាំកូន
<<ថ្ងៃស្អែកនាំគេមកជួបម៉ាក់!>>
<<ម៉ាក់នឹងមិនថាអីឱ្យគេទេមែនទេ?>>
<<ម៉ាក់ទៅហ៊ានថាស្អីទៅបើគេមិនខុស? តែកុំឱ្យម៉ាក់ដឹងណាថាពួកឯងទាំងពីរគ្រាន់តែសម្ដែងល្ខោនបោកប្រាស់ភ្នែកម៉ាក់នោះ>>
ជេនមុខរីកឡើងវិញបន្តិច
<<ចាស៎! កូនស្រលាញ់គ្នាមិនមែនសម្ដែងទេ ថ្ងៃស្អែកបើគេមិនរវល់កូននឹងនាំគេមក>>
<<អឹម!>>
និយាយដោះស្រាយគ្នាជាមួយអ្នកស្រីគីមរួចហើយ ជេនក៏ឡើងទៅបន្ទប់នាងទាំងក្នុងចិត្តភ័យអរដែលបានរួចខ្លួនមួយគ្រាទៀតហើយ។ថ្ងៃបន្តិចជេនក៏រៀបចំខ្លួនទៅរកឡាលីនៅឯហាងកាហ្វេរបស់គេ។ទៅដល់ក៏ឃើញគេកំពុងតែមមាញឹកមើលការខុសត្រូវលើបុគ្គលិក និងភ្ញៀវ។មើលទៅគេរវល់បែបនោះនាងក៏មិនហ៊ានចូលទៅរំខានបានត្រឹមលួចមើលពីចម្ងាយ គេនៅក្មេងទេតែមើលទៅម៉ត់ចត់ និងចាស់ទុំណាស់ មិនដូចនាងធ្វើអ្វីតាមតែអារម្មណ៍។
ឡាលីដែលកំពុងជាប់រវល់នោះក្រលៀសភ្នែកមកឃើញជេននីកំពុងតែអង្គុយម្នាក់ឯងធ្វើភ្នែកម៉ក់ៗ ក៏អាចមានអារម្មណ៍ដឹងថានាងមករកគេ ទើបគេប្រញាប់បង្ហើយការងារនឹងអាលបានមកនិយាយនឹងស្រីចាស់ម្នាក់នេះ។
<<សួស្ដីបងស្រី!>>
ទៀតហើយ! ស្នាមញញឹមដ៏ស្រស់មួយនេះបានតម្រង់បាញ់មន្តស្នេហ៍មកដាក់នាងទៀតហើយ។ជេនសំឡឹងគេភ្លឹកៗ រាល់ដងស្នាមញញឹមរាយមន្តស្នេហ៍រស់គេហាក់គ្មានប្រសិទ្ធិភាពលើនាងទេ ចម្លែកអីថ្ងៃនេះវាធ្វើឱ្យបេះដូងនាងលោតញាប់ប្លែកម្ល៉េះ?
<<អឹម!>>
<<មានការអីឬ?>>
<<អង្គុយចុះសិនមក!>>
ឡាលីអង្គុយចុះក្បែរជេនយ៉ាងកៀកតែនាងក៏ខិតខ្លួនឆ្ងាយពីគេបន្តិច។កាន់តែក្បែរនាងមានអារម្មណ៍ថាកាន់តែរំជើបរំជួល
<<ហេតុអីខិតចេញ? ខ្ញុំចង់អង្គុយក្បែរបងណា៎>>
ភាសានិយាយត្រង់ៗរបស់គេធ្វើឱ្យជេនមុខក្រហមងាំងដូចម្ទេសទុំ
<<កុំ...កុំអីខ្ញុំផ្ដាសាយមិនចង់ឱ្យឯងឆ្លង!>>
ម្រមស្រឡូនទាំងប្រាំរបស់ឡាលីបានលើកឡើងស្ទាបថ្ងាសនាងស្ទង់កម្ដៅ មុខគេម្ដងតឹងម្ដងធូរហាក់ដូចជាយកចិត្តទុកដាក់នឹងនាងណាស់អញ្ចឹង
<<មិនសូវក្ដៅទេ! នេះបងមានលេបថ្នាំហើយនៅ?>>
<<មិន...មិនអីទេ! បានហើយនិយាយរឿងយើងវិញ ថ្ងៃស្អែកនេះម៉ាក់ខ្ញុំចង់ជួបជាមួយនឹងឯង>>
ឡាលីបើកភ្នែកធំៗមើលមុខនាងក្រមុំគាំងដូចរូបចម្លាក់
<<ហើយបងឆ្លើយយ៉ាងម៉េច?>>
<<គឺមកសួរឯងសិនហ្នឹងហើយ ទៅបានឬអត់?>>
ឡាលីលេចស្នាមញញឹមលើមាត់ឡើងហើយក៏ឧទានជាមួយសម្ដីដ៏ទន់ភ្លន់
<<ប្រាកដជាទៅហើយ ជួបម៉ាក់ក្មេកលើកដំបូងផងបងជួយរើសខោអាវឱ្យខ្ញុំផងបានទេ?>>
ស្ដាប់ហើយចង់គ្រុនក្ដៅ ជេនក្រោកឈរវឹងឆ្លើយតបទាំងរដាក់រដុបធ្វើខ្លួនមិនត្រូវ
<<បើមិនរវល់ទេ អញ្ចឹងចាំខ្ញុំជូនទៅរើសខោអាវ!>>
ឡាលីលួចញញឹមពីក្រោយខ្នងនាងយ៉ាងប៉ប្រិម។មនុស្សស្រីម្នាក់នេះអៀនអញ្ចឹងទៅគួរឱ្យក្នាញ់ដល់ហើយ។
មកដល់ផ្សារទំនើបជេនក៏ជូនឡាលីដើររើសខោអាវ នាងធានាលើគេគ្រប់យ៉ាង ថ្លៃចំណាយទាំងអស់ទុកឱ្យនាងជាអ្នកចេញចាត់ទុកថាជាថ្លៃឈ្នួលក្នុងការជួយសម្ដែងជាមួយនាង។គ្រប់កាយវិការ ការនិយាយស្ដីរបស់ជេនមិនបានរំលងពីក្រសែភ្នែករបស់ឡាលីឡើយ។គេមានអារម្មណ៍ថាមានក្ដីសុខដោយមិនដឹងខ្លួន ពេលមាននាងនៅក្បែរគេក៏សប្បាយចិត្ត ឃើញវត្តមាននាងពេលណាស្នាមញញឹមរបស់គេក៏លេចឡើងដោយហាមមិនបាន។វាហាក់ដូចជាមនុស្សស្រីម្នាក់នេះជាមូលហេតុនៃភាពរីករាយរបស់គេយ៉ាងដូច្នោះ។
ក្រោយពីដើរផ្សារជាងពីរម៉ោងឡាលីក៏អង្គុយចុះទាំងញើសជោកថ្ងាស។អ្នកម្ដាយកូនអើយគេមិនដែលដើរផ្សារយូរដូច្នេះទេ! ជេនឃើញឡាលីអង្គុយដង្ហក់ខ្យល់ បែកញើសជោកខ្លួនដូច្នោះក៏ចាប់ផ្ដើមរអ៊ូទៀត
<<នេះទើបតែទិញបានបន្តិចទេណាឡាលី! ប្រញាប់ឡើងនៅឥវ៉ាន់ច្រើនទៀតណាស់>>
<<ថាម៉េច? តែ...>>
រកតែគេនិយាយតវ៉ាមិនទាន់ ជេនអូសដៃគេដើរទៅមុខបន្តទៀតទាំងឥវ៉ាន់នៅក្នុងដៃរណេងរណោងដូចទីងមោង។ដៃគេមានតែពីរតែស្ពាយផង យួរផងដូចមាតាដៃមួយរយ។ដើរផ្សារម្ដងជាមួយនាងរៀងមួយជីវិត ចាំតែមើលចុះលើកក្រោយបើហៅគេមកស្លាប់ហើយឱ្យតែយ៉ាងៗនេះ។#យមរាជ
YOU ARE READING
រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់
Romansaស្ហេន ឡាលី ជាព្រះនាងតែម្នាក់គត់នៃប្រទេសអ៉ីតាលី ត្រូវបានមនុស្សស្រីម្នាក់ទួញសោកសុំអង្វរឱ្យជួយបន្លំភ្នែកគ្រួសារដោយយកការរៀបការក្លែងក្លាយមកបាំងមុខ។តែនាងមិនបានដឹងឡើយថា ស្ហេន ឡាលីម្នាក់នេះជាអ្នកណា។ការរៀបការក្លែងក្លាយដែលគ្មានអ្នកណាទៅបំពានជីវិតឯកជនក្រោយពីរៀប...