រឿង លោកប្តីក្លែងក្លាយជាទីស្រលាញ់ ភាគទី31

1.4K 36 0
                                    

     <<ឆូរ៉ុង!>>
     <<អឹ...ចា...ចាស៎?>>
     <<នែ! ហេតុអីក៏មិនឆ្លើយនឹងបង?>>
      ឆូរ៉ុងរើបម្រះចេញពីការឱបក្រសោបរបស់គេទាំងក្ដៅមុខភាយៗ។នាងមិនដឹងថាអារម្មណ៍បែបនេះកើតឡើងដោយសារអ្វីឡើយ វាជាលើកទីមួយក្នុងជីវិតនាងដែលបេះដូងប្រែជាញាប់ញ័រពេលក្បែរគេដូច្នេះ
      <<គ្មានអីទេ! តោះយើងទៅវិញទៅ>>
      <<ឈប់លេងហើយ?>>
      នាងអូសដៃគេឡើងគោកវិញធ្វើឱ្យឡាលីឆ្ងល់តែម្នាក់ឯង ប្ដូរចិត្តលឿនដូចរន្ទះ ទើបនឹងចុះលេងមិនទាន់បានប៉ុន្មានផង។
      ស្រស់ស្រីនាំគេទៅបន្ទប់ទឹកងូតទឹកសាបជម្រះខ្លួន លុះរួចរាល់ឡាលីក៏ចង់ពង់នឹងកន្សែងហើយដើរចេញមកក្រៅទាំងប្រើដៃជាជំនួយក្នុងការដើរ។គេរាវចុះឡើងៗបណ្ដាលឱ្យទាក់កន្សែងនឹងជ្រុងតុធ្វើឱ្យរបូតជ្រុះចេញបន្សល់តែរាងកាយននលគកកណ្ដាលបន្ទប់
      <<ស្លាប់ហើយ! ឯណាកន្សែងរបស់ខ្ញុំ?>>
      ឡាលីប្រឹងឱនចុះរាចរកកន្សែងមកវិញតែមិនដឹងទិសតំបន់ មួយសន្ទុះឆូរ៉ុងក៏ដើរចូលមកឃើញសភាពរបស់ឡាលីហើយនាងក៏ស្រែកចាចលាន់ដូចកញ្ចែព្រៃ
      <<អាយ!!! ប្រេត!!!>>
     នាងក្រមុំស្លន់ស្លោបិទភ្នែកស្រែកមួយទំហឹងធ្វើឱ្យឡាលីលើកដៃមកខ្ទប់បិទបាំងខ្លួនប្រាណទាំងភិតភ័យ
      <<ប្រេត? ប្រេតឯណាទៅឆូរ៉ុង?>>
      <<ខ្ញុំឃើញប្រេតស្រាត! ហ៉ឺ...>>
      ឡាលីជ្រួញចិញ្ចើមរួចក៏រាវប៉ះចំកន្សែងល្មម នាងល្អិតនេះចេះមកថាគេជាប្រេតទៅកើត
      <<ជួយយកខោអាវឱ្យបងបន្តិចមក!>>
      ឆូរ៉ុងបង្ហើបម្រាមដៃតិចៗលួចមើលថាគេមានអ្វីបិទបាំងខ្លួនហើយឬនៅ។លុះឃើញថាត្រឹមត្រូវហើយទើបហ៊ានដើរមករកគេនិងជួយស្លៀកពាក់ឱ្យទាំងមុខក្រហមដូចប៉េងប៉ោះទុំ
      <<ហើយៗ!>>
      នាងសំឡឹងមើលឡាលីដែលស្ថិតនៅចំពោះមុខទាំងភ្លឹក នាងអាចមើលគេដោយមិនបាច់ខ្មាសអៀនថាគេដឹងនោះឡើយ
      <<ចង់ចេញទៅក្រៅមែនទេ?>>
      <<អឹម! ទៅទិញម្ហូប និងរបស់ញ៉ាំតិចតួច>>
      <<តោះអ៉ីចឹង!>>
      ពួកគេទាំងពីរបណ្ដើរគ្នាចេញទៅដោយមានប៊ុនផាកជាអ្នកបើកឡានជូនដំណើរ។ត្រឡប់មកមើលជេននីឯណេះវិញនាងបោះជំហានមួយៗមកកាន់ផ្ទះដែលទុកចោលរបស់ឡាលី នាងដើរយឺតៗចូលទៅក្នុងផ្ទះក៏ឃើញថាបំណែកកញ្ចក់កាលពីថ្ងៃដែលនាងបោករូបថតនោះនៅរាយប៉ាយដដែល បញ្ជាក់បានថាឡាលីបានចាកចេញទៅតាំងពីថ្ងៃនោះមកម្ល៉េះ។គ្រប់យ៉ាងគឺមកពីនាងទាំងអស់ កំហុសដែលនាងបង្កើតឡើងមិនអាចលើកលែងឱ្យទេ នាងមិនសាកសមនឹងទទួលបានការលើកលែងទោសពីគេឡើយ តែនាងគ្រាន់តែចង់សុំទោសគេដោយផ្ទាល់មាត់។នាងគ្រាន់តែចង់ឱបគេឱ្យណែនហើយប្រាប់គេថានាងក៏ស្រលាញ់គេដូចដែលគេស្រលាញ់នាងដែរ តើនាងអាចមានឱកាសនោះដែរទេ?
      <<ហឹកៗ...តើ...តើខ្ញុំអាចជួបឯងម្ដងទៀតបានទេ? ហឹក...ខ្ញុំ...ខ្ញុំពិតជានឹកឯងខ្លាំងណាស់ឡាលី>>
      នាងពិតជានឹកគេខ្លាំងពិតមែន បើអាចនាងសុំជួបគេតែម្ដងទៀតក៏អស់ចិត្តដែរ។ស្នាមថើបដែលគេបន្សល់ទុកក្នុងជីវិតនាងគឺជាការចងចាំដ៏ល្អបំផុត ស្នាមញញឹមដែលនាង និងគេធ្លាប់មានកន្លងមកជាអានុស្សាវរីយ៍ដ៏គួរឱ្យចងចាំ និងមានន័យខ្លាំងណាស់។ហេតុអីពេលនោះនាងមើលមិនឃើញគេ? ហេតុអីពេលនោះនាងធ្វើឱ្យឈឺចាប់រួចគិតថាវាជារឿងល្អទៅវិញ? នាងពិតជាល្ងង់ខ្លាំងណាស់!
      ជេននីចាប់ផ្ដើមបោសសម្អាតក្នុងផ្ទះ និងរៀបចំអ្វីៗគ្រប់យ៉ាងក្នុងផ្ទះរបស់ឡាលីដោយសង្ឃឹមថាថ្ងៃណាមួយគេនឹងត្រឡប់មកវិញ។នាងនឹងរង់ចាំគេបើទោះជាគ្មានសង្ឃឹមក៏ដោយ នាងសាកសមនឹងទទួលបែបនេះហើយ។ចំពោះជុងអ៉ីននាងនឹងត្រូវបញ្ចប់ទំនាក់ទំនងមួយនេះព្រោះនាងទើបនឹងប្រាកដក្នុងចិត្ត ច្បាស់ក្នុងបេះដូងខ្លួនឯងថា នាងមិនបានស្រលាញ់គេដូចកាលពីមុនឡើយ តាមពិតនាងបាត់បង់ក្ដីស្រលាញ់នោះតាំងតែពីមានឡាលីចូលក្នុងជីវិតនាងមកម្ល៉េះតែនាងមិនដឹងខ្លួន។ចំពោះជុងអ៉ីននាងបែរជាសល់ត្រឹមក្ដីអាណិត នាងយល់ច្រឡំចំពោះរឿងទាំងពីរនេះទើបធ្វើឱ្យរឿងរ៉ាវប្រែជារញ៉េរញ៉ៃចាក់ស្រេះស្រាយមិនចេញដូចជាពេលនេះ។
      ភាពមិនច្បាស់លាស់របស់នាងបង្កើតជាភាពឈឺចាប់ និងស្នាមរបួសក្នុងបេះដូងរបស់មនុស្សដល់ទៅពីរនាក់ ថែមទាំងធ្វើឱ្យបេះដូងខ្លួនឯងត្រូវឈឺផ្សាព្យាបាលមិនជាថែមទៀត។
      ល្ងាចបន្តិចជុងអ៉ីនក៏បើកឡានមកទទួលនាងត្រឡប់ទៅវិញ។នៅតាមផ្លូវស្រស់ស្រីស្ងាត់មាត់ និងស្រងូតស្រងាត់បំផុតរហូតជុងអ៉ីនទទួលបានអារម្មណ៍មិនស្រួលកើតឡើងក្នុងចិត្តគេ
      <<អូនកើតអីដែរទេ?>>
      នាងស្ងាត់ ព្រោះកំពុងតែរៀបពាក្យដើម្បីនិយាយជាមួយគេ។នាងមិនដឹងថាត្រូវចាប់ផ្ដើមពីចំណុចណាទៅនោះទេ
      <<ជុងអ៉ីន!>>
      <<បាទ?>>
      <<បងគិតថាពួកយើងដូចពីមុនដែរទេ?>>
      <<....>>
      អ្នកកម្លោះស្ងាត់បាត់មាត់ព្រោះតែគេដឹងច្បាស់ថានាងកំពុងនិយាយពីអ្វី។តាំងពីថ្ងៃដែលនាងមករស់នៅជាមួយនឹងគេ គេអាចដឹងបានថានាងគ្មានក្ដីសុខឡើយ ទឹកមុខ កាយវិការបញ្ជាក់ច្បាស់ៗថានាងគ្មានសល់សេចក្ដីស្រលាញ់ចំពោះគេដូចមុនឡើយ
      <<មែនហើយ! ពួកយើងមិនដូចពីមុនទេ>>
      គេព្យាយាមយកចិត្តនាងណាស់តែទំនាក់ទំនងពួកគេទាំងពីរបែរជាកាន់តែឃ្លាតឆ្ងាយលែងស្និទស្នាល
      <<សុំទោស...ជុងអ៉ីន!>>
      <<អូនឈប់ស្រលាញ់បងហើយមែនទេ?>>
      សំណួរជាមួយទឹកភ្នែកបានធ្វើឱ្យបេះដូងគេអួលណែនឈឺពើតមួយរំពេច
      <<តើអូន...ពិតជាមិនអាច...ស្រលាញ់បងម្ដងទៀតទេ មែនទេ?>>
      គេខាំធ្មេញសង្កត់ចិត្តថាមិនយំទេរហូតធ្វើឱ្យសំឡេងគេប្រែទៅជាញ័រអស់។ជេននីលើកដៃគ្រវាសទឹកភ្នែកចេញហើយតបទាំងក្នុងចិត្តក៏ឈឺដូចគ្នាតែនាងពិតជាគ្មានជម្រើសក្រៅពីត្រូវបញ្ចប់ទំនាក់ទំនងដែលមានក្ដីស្រលាញ់តែម្ខាងបែបនេះពិតមែន
      <<អូនសុំទោស...តែអូនបានព្យាយាមហើយ ពួកយើងបញ្ចប់វាត្រឹមនេះទៅ បងអាចស្អប់អូន បងអាចជេរឬធ្វើយ៉ាងម៉េចក៏បាន អូនដឹងថាអូនធ្វើឱ្យបងឈឺចាប់ តែអូនពិតជាមិនអាចបន្តពិតមែន អូន...អូនមានអ្នកដែលអូនស្រលាញ់ហើយ>>
      សម្ដីនាងប្រៀបដូចកំពុងតែសម្លាប់គេទាំងរស់ នាងធ្វើឱ្យគេឈឺចាប់និងយំដោយគ្មានសំឡេងហើយ
      <<គេជាអ្នកណា?>>
      <<គេឈ្មោះឡាលី! គេ និងខ្ញុំរៀបការរួចហើយ ហឹក...>>
      និយាយចប់ជុងអ៉ីនសឹងតែធ្លាក់ថ្លើម នាយសួរបញ្ជាក់ទៅជេននីទាំងញ័របបូរមាត់
      <<ស្ហេន ឡាលីមែនទេ?>>

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now