រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់ ភាគទី24

1.2K 50 2
                                    

     <<ជុងអ៉ីន! បងហត់នឿយដែរទេ?>>
     ជេននីងាកទៅសួរអ្នកកម្លោះបន្ទាប់ពីឱនទៅបេះផ្កាកុលាបមួយទងមកកាន់ក្នុងដៃ។នាយញញឹមស្រស់ហើយលើកដៃទៅវាសសក់ដែលរសាត់លើផ្ទៃមុខនាងក្រមុំឱ្យស្រឡះហើយតបដោយសំឡេងផ្អែមត្រជាក់
     <<ហត់នឿយរឿងអីទៅ?>>
     <<ហត់នឿយនឹងស្រលាញ់អូន!>>
     ឮដូច្នោះគេក៏លើកដៃទៅញីក្បាលនាងថ្នមៗដោយការហួសចិត្ត
     <<ហេតុអីសួរសំណួរបែបនេះ? ស្រលាញ់អូនបងមិនបានប្រើខួរក្បាលមកស្រលាញ់ទេ តែបងប្រើបេះដូងមួយនេះមកស្រលាញ់យល់ទេ?>>
     និយាយផងជុងអ៉ីនក៏លើកដៃជេននីមកស្ទាបទ្រូងខាងឆ្វេងរបស់គេផង។ថ្ពាល់នាងឡើងក្រហមតិចៗដោយសារឈាមធ្វើដំណើរមកបុកនឹងថ្ពាល់ដោយសារត្រចៀកស្ដាប់ឮសម្ដីដ៏សែនកក់ក្ដៅរបស់គេ
     <<ស្រលាញ់អូនជារឿងតែមួយគត់ដែលបងមិនចេះហត់នឿយ កុំបារម្ភថាបងនឹងសម្រាកហើយចាកចោលអូននោះ បើបងទៅក៏បេះដូងនិងចិត្តវិញ្ញាណរបស់បងនេះនៅជាមួយអូនរហូតដែរ>>
     នាងមានអារម្មណ៍ថាក្ដៅភ្នែកនិងចង់យំ។តែមិនមែនព្រោះសម្ដីគេទេ គឺមកពីនាងឆ្ងល់នឹងខ្លួនឯង។កាលពីមុនបើជុងអ៉ីនធ្វើបែបនេះដាក់នាង នាងប្រាកដជារំភើប បេះដូងលោតកញ្ជ្រោលបោលបោកដូចព្យុះ តែពេលនេះបែរជាគ្មានអារម្មណ៍អ្វីសោះហាក់ដូចនេះគ្រាន់តែជារឿងធម្មតាៗ
     <<អូនយំហ្អេស? ក្មេងឆ្កួតយំធ្វើអី?>>
     ដៃគ្រើមបានលូកមកជូតទឹកភ្នែកដែលកំពុងតែហូររបស់នាងទាំងស្នាមញញឹមហួសចិត្ត ត្បិតនាយមិនដឹងថាក្នុងចិត្តតូចតន់ពេលនេះកំពុងតែជ្រួលច្របល់ប៉ុណ្ណាឡើយ។គេដឹងត្រឹមថាពេលនេះនាងបាននៅក្បែរគេហើយ ពេលនេះនាងត្រឡប់មករកគេ ផ្ដល់ឱកាសមួយដែលគេមិនអាចរំលង និងឱ្យវារបូតពីដៃទៅម្ដងទៀតនោះទេ
     <<តោះចូលក្នុងទៅ ឈប់យំបានហើយ!>>
     ជេននីងក់ក្បាលហើយដើរទៅក្នុងផ្ទះរបស់ជុងអ៉ីនយ៉ាងស្ងៀមស្ងាត់។ក្រលេកមកមើលឡាលីដែលទើបនឹងត្រឡប់មកពីជូនវីលៀនទៅផ្ទះនាងវិញឯណេះ គេអង្គុយញីសៀតផ្កាលើសាឡុង ក្នុងខួរក្បាលពោរពេញដោយភាពរញ៉េរញ៉ៃវាបានបង្ហាញឡើងតាមរយ:ផ្នត់ជ្រួញលើចិញ្ចើមរបស់គេយ៉ាងច្បាស់
     <<ចង្រៃយក៍!>>
     គេកំពុងតែគិតថាគួរធ្វើអ្វីបន្តពេលដឹងថាជេននីបានរើខោអាវ និងអីវ៉ាន់នាងចេញអស់ទៅហើយ។នាងមិនបានទៅផ្ទះអ្នកស្រីគីមវិញតែមិនដឹងថាទៅណានោះហើយជាហេតុដែលធ្វើឱ្យគេឈឺក្បាលវិលមុខបែបនេះ។មួយសន្ទុះទើបគេចាប់ទូរស័ព្ទឡើងខលទៅកាន់លេខមួយដែលគេសរសេរឈ្មោះបញ្ជាក់ថា "បងប្រុសជុងអ៉ីន"
     ទូត...ទូត...
     សំឡេងភ្ជាប់ទំនាក់ទំនងទូរស័ព្ទបានបន្លឺឡើងមួយស្របក់ទើបជុងអ៉ីនបានទទួល
     <<សួស្ដីឡាលី! មានការអីមែនទេ?>>
     <<បងទំនេរទេ? ខ្ញុំចង់ណាត់បងទៅកន្លែងចាស់!>>
     <<បានតើ! ម៉ោង5ជួបគ្នាចុះណា>>
     <<ចាស៎!>>
     តាំងពីមករស់នៅទីនេះជុងអ៉ីនជាមនុស្សទីមួយហើយដែលគេយកខ្លួនបៀតជាមួយ ហើយវាក៏ជាលើកទីមួយដែលគេមានអារម្មណ៍ថាកក់ក្ដៅដែលមានមិត្តម្នាក់ជាខ្នងបង្អែកពេលគេមានបញ្ហា។
     សំឡេងភ្លេងប្រគំឡើងលាន់រងំលាយឡំនិងភ្លើងពណ៌ភ្លឹបភ្លែតកំដរអារម្មណ៍មនុស្សជាច្រើននៅក្នុងក្លឹបដែលជារបស់ជុងអ៉ីន។អ្នកខ្លះរាំ អ្នកខ្លះច្រៀង អ្នកខ្លះក៏អង្គុយផឹកនិយាយសើចក្អាកក្អាយជាមួយមិត្តប្លែកតែឡាលីម្នាក់ដែលអង្គុយស្មុគ្រស្មាញម្នាក់ឯងយ៉ាងស្ងប់ស្ងាត់
     <<នែ! កើតអីហ្អាស?>>
     ជុងអ៉ីនទះស្មាគេតិចៗសួរដោយការបារម្ភ
     <<បងថាទៅមើល តើខ្ញុំសាកសមនឹងក្លាយជាស្វាមីគេដែរទេ?>>
     សួរចម្លែកៗ ជុងអ៉ីនលើកចិញ្ចើមបន្តិចមិនដឹងសោះថាឡាលីជាមនុស្សស្រលាញ់ភេទដូចគ្នា
     <<ឯងស្រលាញ់មនុស្សស្រីឬ?>>
     <<អឹម!>>
     ឡាលីងក់ក្បាលបញ្ជាក់ថាមែន
     <<បងគិតថាបើអ្នកណាបានឯងគឺសំណាងហើយ!>>
     <<ហ៉ើយ! ការពិតទៅខ្ញុំរៀបការរួចហើយ>>
     គេដកដង្ហើមធំរួចលើកដៃឆ្វេងបង្ហាញម្រាមដែលពាក់ចិញ្ចៀនរៀបការទៅកាន់ជុងអ៉ីន។អ្នកកម្លោះបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល
     <<រៀបការរួចហើយឬ? ហើយឯងមានអីមិនសប្បាយចិត្តទៀតទៅហ្អាស៎?>>
     ឡាលីលើកស្រាមកអកផ្ដាច់អស់មួយកែវមុននឹងនិយាយបន្តទៀត
     <<រៀបការរួចមែន តែនោះជាការរៀបការក្លែងក្លាយដែលគេសុំដើម្បីតែយកខ្ញុំធ្វើជាដំបងវាយឆ្កែប៉ុណ្ណោះ!>>
     វាជាការពិតព្រោះជេននីយកគេមកគឺដើម្បីការពារមិនឱ្យប្រុសផ្សេងចូលជិត និងហេតុផលមួយទៀតគឺគេចពីការរៀបការដែលអ្នកស្រីគីមបង្ខំ។ជុងអ៉ីនធ្វើភ្នែកស្លឺមុននឹងទាញកែវស្រាមកក្រេបទាំងភ្នែកសស្លែត
     <<បែបនេះមិនស្រួលចិត្តទេឡាលី!>>
     <<ពេលនេះខ្ញុំស្រលាញ់គេពិតមែនណាបង! ពីដំបូងគិតថាមិនអាចតែអ្នកណាទៅដឹងថានៅក្បែរយូរទៅខ្ញុំក៏ធ្លាក់ចូលអន្ទាក់ស្នេហានេះដោយឯកឯង ដឹងហើយ ឮហើយថាវាមិនអាចទៅរួចតែ...>>
     <<នែ! កុំបែបនេះអី>>
     ជុងអ៉ីនអង្អែលខ្នងឡាលីថ្នមៗដោយការបារម្ភព្រោះការដែលស្រលាញ់មនុស្សម្នាក់តែម្ខាងវាឈឺចាប់ណាស់។គេយល់តែក៏ធ្វើអ្វីមិនបានក្រៅតែពីអង្គុយលួងលោម និងធ្វើជាអ្នកកំដរគេតែប៉ុណ្ណោះ
     <<បងដឹងថាឯងខូចចិត្តណាស់ហើយ បើគេមិនស្រលាញ់ឯង ក៏ដោះលែងគេឱ្យទៅៗ ត្បិតដំបូងវាឈឺបន្តិចមែន តែយូរទៅយើងក៏ស៉ាំហើយនឹងលែងអី>>
     អ្វីដែលធ្វើឱ្យប្រសើរគឺមានតែដោះលែងប៉ុណ្ណោះ។បើចាប់ខ្សែមួយណែនពេកវានឹងធ្វើឱ្យយើងឈឺចាប់ និងមានរបួស បើដឹងថាឈឺហើយមិនព្រមលែងនោះគឺជាមនុស្សល្ងង់ច្បាស់ណាស់
     <<បងដឹងទេថាហេតុអីខ្ញុំត្រូវមកអង្គុយខូចចិត្តដូច្នេះ?>>
     <<ហេតុអី?>>
     <<គឺនាង...នាងត្រឡប់ទៅរកសង្សាចាស់ដែលធ្លាប់បោះបង់នាង បើនាងទៅជាមួយអ្នកថ្មីដែលគេល្អនឹងនាងខ្ញុំក៏មិនបាច់អីត្រូវឈឺចិត្ត និងបារម្ភ តែនេះ...ខ្ញុំមិនស្មើនឹងប្រុសដែលធ្វើឱ្យនាងឈឺចាប់នោះមែនទេ?>>
     ឡាលីស្រែកគំហគបណ្ដើរហូរទឹកភ្នែកបណ្ដើរ គេគ្មានបំណងនឹងយំទេតែពេលនឹកឃើញហើយភ្នែកគេក៏ចេះតែក្ដៅផ្សាធ្វើឱ្យទឹកភ្នែកចេះតែច្រាលបុកហូរចេញមកគ្មានប្រណី។ជុងអ៉ីននៅស្ងៀមបន្តិចហាក់កំពុងតែសញ្ជឹងគិត មួយសន្ទុះគេក៏មើលមុខឡាលីដោយខ្សែភ្នែកនឹងធឹង
     <<ឡាលី!>>
     <<ហឹម?>>
     <<បងគាំទ្រឱ្យឯងដណ្ដើមនាងចេញពីមនុស្សអាក្រក់ម្នាក់នោះ>>
     គេនឹងជួយឡាលីដណ្ដើមប្រពន្ធក្លែងក្លាយហើយទាមទារសិទ្ធជាស្វាមីពេញសិទ្ធឱ្យទាល់តែបាន
     <<បងថាម៉េច?>>
     <<គិតទៅមើល! ឯងនឹងប្រុសម្នាក់នោះអ្នកណាល្អជាង? មនុស្សដែលឯងស្រលាញ់នៅក្បែរឯងយូរដែរហើយរឿងអីថាគ្មានចិត្តលើឯងបន្តិចសោះនោះ? នាងប្រហែលជាវង្វេងចិត្តមួយគ្រាប៉ុណ្ណោះ ឯងគួរតែព្យាយាមយកចិត្តនាង ធ្វើល្អនឹងនាងបន្តិចទៀតទៅថាមិនត្រូវនាងនឹងស្រលាញ់ឯងក៏ថាបាន>>
     ជុងអ៉ីននិយាយផ្ដល់យោបល់ពេញទំហឹងដោយមិនដឹងថាមនុស្សស្រីម្នាក់នោះគឺជាគីម ជេននី ស្រីដែលគេស្រលាញ់ស្មើកែវភ្នែកប្រៀបដូចជាដង្ហើមនៃជីវិតរបស់គេនោះឡើយ។តើរឿងរ៉ាវនឹងទៅជាយ៉ាងណាប្រសិនបើពួកគេទាំងពីរនាក់នេះដឹងថាខ្លួនកំពុងតែស្រលាញ់មនុស្សស្រីតែម្នាក់ដូចគ្នានោះ?

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now